សេចក្តីថ្លែងការណ៍

នៅថ្ងៃទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ លីកាដូ​ស្នើសុំ​ឱ្យអាជ្ញាធរ​អនុវត្តច្បាប់ស្ដី​អំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព

ចេញផ្សាយ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ២០១៩
F T M

កុមារលេងល្បែងកំសាន្ត ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ នៅសិប្បកម្មផលិតឥដ្ឋត្បូងពេជ្រ​ ស្ថិតក្នុងខេត្តកណ្ដាល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

ថ្ងៃនេះ​ អង្គការ​លីកាដូ​បានចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្មកុមារ​ ដោយមាន​រៀបចំសកម្មភាព​មួយចំនួន​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ចំនួនពីរ​រួមមាន សិប្បកម្ម​ផលិតឥដ្ឋ​ ខេង ហុក ស្ថិត​ក្នុងស្រុកខ្សាច់កណ្ដាល​ និង​សិប្បកម្ម​ផលិតឥដ្ឋ​ ត្បូងពេជ្រ​ ស្ថិតក្នុង​​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល។​ មនុស្ស​ប្រមាណជា​ ២០០​នាក់ បានចូលរួម​ប្រារព្ធ​ទិវានេះ ក្នុងនោះ​មាន​ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​ កម្មករ-កម្មការិនី​ និងកុមារ។ ​ការប្រារព្ធ​ទិវានេះ​ធ្វើឡើង​ ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិតឥដ្ឋ​ ពាក់ព័ន្ធ​នឹងបទល្មើស​ព្រហ្មទណ្ឌ​ និងផលវិបាក​នៃការប្រើប្រាស់​ពលកម្ម​កុមារ​ និងទាសភាព​បំណុល​ ក៏ដូចជា​សារៈសំខាន់​នៃសុវត្ថិភាព​នៅកន្លែង​ធ្វើការជាដើម។

ការប្រារព្ធ​ទិវា​ទាំងពីរ​ទីតាំង​ខាងលើនេះ​ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ធានាថា​ ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​ទាំងពីរ​ និង​នយោជិត​ទាំងអស់​ដែល​ធ្វើការ​នៅទីនោះ​ ទទួល​បានការយល់ដឹង​ប្រសើរ​ជាងមុន​ស្ដីពី ​ហានិភ័យ​នៃការ​ប្រើប្រាស់​ពលកម្ម​កុមារ​ និង​ទាសភាព​បំណុល។​ ក្រៅពីនេះ​ ក៏មានការ​ធ្វើបទ​បង្ហាញ​ និង​ចែកខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ ដល់​ម្ចាស់​សិប្បកម្ម​ និង​កម្មករ​ ពាក់ព័ន្ធ​នឹងបទ​បញ្ញត្តិ​មួយចំនួន​នៅក្នុង​ច្បាប់ស្ដីពី​ការងារ​ និង​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាមួយ​នឹងអនុសញ្ញា​លេខ ១៨២​ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ដើម្បី​បញ្ឈប់​រាល់ទម្រង់​អាក្រក់​បំផុត​នៃពលកម្ម​កុមារ​។

លីកាដូ ​ជឿជាក់ថា​ ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ អាជ្ញាធរ ​ម្ចាស់​សិប្បកម្ម​ផលិតឥដ្ឋ​ កម្មករ​-កម្មការិនី​ និង​កូនៗ​របស់​អ្នកទាំងនោះ​ គឺជា​មធ្យោបាយ​មួយប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បីលើក​កម្ពស់​ការយល់ដឹង​ស្ដីពី ​ការបម្រើ​ពលកម្ម​ដើម្បី​ដោះបំណុល​ និង​កម្មករ​ជាអនីតិជន​ ដែលត្រូវ​បានប្រទះ​ឃើញជារឿយៗ​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ក្នុងប្រទេស​កម្ពុជា។​ ប៉ុន្តែនេះ​ជារឿង​សំខាន់​សម្រាប់​អាជ្ញាធរ​កម្ពុជា​ ដែលមាន​ទំនួលខុសត្រូវ​ក្នុងការ​អនុវត្ត​បទបញ្ញត្តិ​ផ្សេងៗ​ដែលមាន​ស្រាប់​ ដើម្បីបញ្ឈប់​ជាបន្ទាន់​នូវពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​ និង​ធានាថា​ គ្មានកុមារ​ណាម្នាក់​ ត្រូវរងរបួស​នៅសិប្បកម្ម​ទាំងនេះ​បន្តទៀត។​

ថ្មីៗនេះ​ ក្នុងខែមីនា​ ឆ្នាំ២០១៩​ ក្មេងស្រី​អាយុ១០ឆ្នាំម្នាក់​ ត្រូវបាន​រងរបួស​ដាច់ដៃស្ដាំ​ម្ខាង​នៅក្នុង​សិប្បកម្ម​ផលិតឥដ្ឋ។​ ទោះបីជា​នាងជា​អនីតិជន​ ប៉ុន្តែ​នាងបាន​ជួយ​ឪពុកម្ដាយ​ដាក់ដី​ចូលក្នុង​ម៉ាស៊ីន​កាត់ឥដ្ឋ​ ដែលទទួល​បានប្រាក់​កម្រៃ​តាម​ចំនួន​ផលិតកម្ម។​ ជាទម្លាប់​នៃសិប្បកម្ម​ផលិតឥដ្ឋ​ ដែល​មាន​កម្មករ​ជំពាក់​បំណុល​ម្ចាស់សិប្បកម្ម​ផលិតឥដ្ឋ​ ប្រាក់កម្រៃ​បែបនេះ​ អាចផ្ដល់​ជាមធ្យោបាយ​លើកទឹកចិត្ត​ដល់គ្រួសារ​ ដើម្បី​បង្កើន​ចំនួន​ផលិតកម្ម​ដោយ​ឱ្យសមាជិក​គ្រួសារ​ចូលរួម​ជួយធ្វើការ។​

ភ្លាមៗ​បន្ទាប់ពី​ហេតុការណ៍នេះ​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​សម្រេចផាក​ពិន័យ​ម្ចាស់សិប្បកម្ម​ និង​បិទដំណើរការ​របស់​សិប្បកម្ម។​ ប៉ុន្តែ ​គិតត្រឹមថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៩​ លីកាដូ​ បាន​សង្កេត​ឃើញថា​ សិប្បកម្ម​ផលិតឥដ្ឋ​មួយនេះ​គឺនៅដំណើរការ​នៅឡើយ ​ទោះបីជា​មានចំនួន​ផលិតកម្ម​តិចជាងមុន​ក៏ដោយ។ ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ​និងមន្រ្តីពាក់ព័ន្ធ​មាន​កាតព្វកិច្ច ​ដើម្បី​ចាត់វិធាន​ការឱ្យមាន​ប្រសិទ្ធភាព​ជាងនេះ ​ក្នុងការ​បញ្ឈប់​ពលកម្ម​កុមារ​ និងទាសភាព​បំណុល​នៅក្នុង​សិប្បកម្មផលិតឥដ្ឋ។​

នៅក្នុងរបាយការណ៍​ចុះផ្សាយឆ្នាំ២០១៦ ​ដែលមានចំណងជើងថា ​ការ​អភិវឌ្ឍ​លើ​ទាសភាព​ “ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិតឥដ្ឋ​នៅ​កម្ពុជា”​ លីកាដូបាន​ឃ្លាំមើលដំណើរការ​ផលិតឥដ្ឋ​ចំនួន១១ ទីតាំងធំៗ​ នៅភាគខាងជើង​រាជធានីភ្នំពេញ​ ក្នុងនោះ​មាន​សិប្បកម្ម​ផលិតឥដ្ឋជាង១០០​ និងកម្មកររាប់ពាន់នាក់។​ របាយការណ៍នេះ​បានពណ៌នាលម្អិត​ពីមធ្យោបាយដែល​ម្ចាស់សិប្បកម្មជ្រើសរើសកម្មករ​ ផ្ដល់ប្រាក់បំណុលឱ្យខ្ចី​ និងកន្លែងស្នាក់នៅ​ដោយដោះដូរគ្នាថា ​កម្មករនឹងធ្វើការ​រហូតដល់អ្នកទាំងនោះ​ដោះបំណុលទាំងអស់នោះរួច។​ ប្រាក់កម្រៃ​ទាបមានន័យថា​ កម្មករជារឿយៗតែងតែតស៊ូ​ធ្វើការរកប្រាក់ដើម្បីដោះបំណុល​ និងស្នើសុំ​ឱ្យកូនៗ​ជួយធ្វើការ ​ដើម្បីបង្កើនចំនួន​ផលិតកម្ម និងប្រាក់កម្រៃ។ ​របាយការណ៍ក៏បានរៀបរាប់​ពីករណីចំនួន៣​ដែលកុមារត្រូវបានរងគ្រោះដាច់ដៃ​ដោយម៉ាស៊ីនកាត់ឥដ្ឋ​ ក្នុងនោះមានកុមារម្នាក់​បាន​ស្លាប់បាត់បង់ជីវិត​ដោយសាររបួសធ្ងន់ធ្ងរ​ពេក។

ទោះបីជាមានបទបញ្ញត្តិ​មួយចំនួន និងការលើកឡើង​ជាច្រើនឆ្នាំលើបញ្ហានេះ ​ការរីករាលដាល​នៃពលកម្មកុមារនៅក្នុង​សិប្បកម្មផលិតឥដ្ឋ​បានបង្ហាញថា ​អាជ្ញាធរមិនទាន់​បានចាត់វិធានការ​សមស្រប​ក្នុងការបញ្ឈប់​ពលកម្មកុមារ​ និងទាសភាពបំណុល​នៅក្នុងសិប្បកម្មផលិតឥដ្ឋ​នៅឡើយទេ។ ​នៅក្នុង​របាយការណ៍​ឆ្នាំ២០១៦​ លីកាដូបានដាក់ចេញ​អនុសាសន៍​ជាច្រើនជូនទៅ​រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បី​ស្នើសុំឱ្យអនុវត្ត​ឱ្យមានប្រសិទ្ធភាព​នូវច្បាប់ស្ដីពី ​ទាសភាពពលកម្ម​ និងដើម្បីលុបបំបាត់​រាល់ទម្រង់​នៃទាសភាព​បំណុល។ ធនធាន​ និងថវិកាគ្រប់គ្រាន់​ គួរត្រូវបានផ្ដល់​សម្រាប់អាជ្ញាធរ ​ដើម្បីឃ្លាំមើល ​និងស៊ើបអង្កេត​ទៅលើករណីពលកម្មកុមារ​ និងអនុវត្តឱ្យមាន​ប្រសិទ្ធភាពនូវការដាក់ទោស​ប្រឆាំងនឹង​ជនប្រព្រឹត្ត​បទល្មើស ដូចមានចែង​ក្នុងច្បាប់ស្ដីពីការងារ​ និងសេចក្ដីណែនាំ​ផ្សេងៗ។​ ដូចគ្នាផងដែរ ​រាជរដ្ឋាភិបាល​ និងម្ចាស់សិប្បកម្ម​គួរមានទំនួលខុសត្រូវ​ និងគណនេយ្យភាព ​ចំពោះភាពខ្វះចន្លោះ​ក្នុងការបញ្ឈប់ទម្រង់​ណាមួយ ឬទាំងអស់​នៃពលកម្មកុមារ។

កាលពីថ្ងៃទី០៥​ ខែមិថុនា ឆ្នាំ២០១៩​ ក្រសួងការងារបានចេញ​សេចក្ដីណែនាំដោយ​មានវិធានការ៥ចំណុច​ក្នុងការហាមក្មេងចូលទៅ​ក្នុងបរិវេណខ្សែសង្វាក់​ផលិតកម្មនៃសិប្បកម្ម​ផលិតឥដ្ឋ។ វិធានការទាំងនេះរួមមាន​ ការធ្វើស្លាកសញ្ញាហាមឃាត់​ ការហាមឃាត់​ជាដាច់ខាត​នូវការ​ប្រើប្រាស់​ទាសភាពបំណុល​ ការឃ្លាំមើលជាប្រចាំ​នៃខ្សែសង្វាក់ផលិតកម្ម​ ការរៀបចំកន្លែង​ស្នាក់នៅ​ឱ្យឃ្លាតឆ្ងាយ​ពីខ្សែសង្វាក់ផលិតកម្ម​ និងការហាមឃាត់​ជាដាច់ខាតនូវរាល់ទម្រង់​នៃការកេងប្រវ័ញ្ច​ពលកម្មលើកុមារ​។

អ្វីដែលសំខាន់ជាងការ​ចេញសេចក្ដីណែនាំទៅទៀតនោះ​គឺ អាជ្ញាធរគួរតែអនុវត្ត​វិធានការ​ផ្លូវច្បាប់​ឱ្យបានហ្មត់ចត់​រួមមាន ការធ្វើអធិការកិច្ច​ឱ្យបានតឹងរឹង​ និងទៀងទាត់​ ការធ្វើការជាមួយ​ម្ចាស់សិប្បកម្មផលិតឥដ្ឋ ​និងការអប់រំកម្មករ​អំពីហានិភ័យ ​និងបទល្មើសព្រហ្មទណ្ឌ​នៃពលកម្មកុមារ​ និងទាសភាព​បំណុល។ អនុសាសន៍​ទាំងនេះ និង​មួយចំនួនទៀត​ ត្រូវបានរៀបរាប់​លម្អិត​នៅក្នុង​របាយការណ៍​លីកាដូឆ្នាំ២០១៦ហើយ។

ជាថ្មីម្ដងទៀត​ លីកាដូ សូមស្នើសុំដោយ​ទទូចថា មិនគួរ​មានពលកម្មកុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក្មេងមិនទាន់​គ្រប់អាយុ ​មិនគួរត្រូវបាន​រងរបួស ឬស្លាប់បាត់បង់​ជីវិត​នៅកន្លែងធ្វើការ​ក្នុងវិស័យណាមួយនោះទេ។​ អាជ្ញាធរកម្ពុជា​គួរចាត់វិធានការ​ឱ្យមានប្រសិទ្ធភាព​ ដើម្បីប្រឆាំង​រាល់ទម្រង់​នៃការប្រើប្រាស់ពលកម្មកុមារ​ និងទាសភាពបំណុល។​ ប្រសិនបើចំណាត់ការ​ទាំងនេះ មិនត្រូវបាន​ធ្វើឡើងនោះទេ ទម្រង់អាក្រក់​នៃទាសភាពសម័យទំនើប​នេះនឹងបន្តរីករាលដាល​នៅក្នុង​ប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត​ នាយករង​ផ្នែកឃ្លាំមើល និងការពារ​សិទ្ធិមនុស្ស​នៃអង្គការលីកាដូ​, Signal: +85510327770 (ភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា