សេចក្តីថ្លែងការណ៍

ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៩
F T M

អង្គការសម្ព័ន្ធខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​សមាគម​ធាងត្នោត ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុនៅកម្ពុជា។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពីអ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ។

ប្រទេស​កម្ពុជា ​​​បាន​ក្លាយ​ជា​ប្រទេស​មួយ ​ដែល​មាន​វិស័យមីក្រូ​ហិរញ្ញវត្ថុ​រីកចម្រើន​លឿន​ជាង​គេ​ក្នុង​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​កម្ពុជា ​ប្រមាណជា ២,៣៨​លាន​នាក់​ បានខ្ចីប្រាក់ពីឥណទានខ្ចាតតូចដែលសរុបជាទឹកប្រាក់ប្រមាណ​ជាង​ ៨.០០០លាន​ដុល្លារ ហើយជាប្រ​ទេស​មួយដែលមាន​មធ្យម​ភាគឥណទានខ្ពស់​ជាង​គេ ដែលមានចំនួនប្រមាណជា ៣.៣៧០ដុល្លារ ក្នុងមួយកម្ចី។ ​មធ្យមភាគ​នេះគឺលើសពី​​ចំណូលជា​មធ្យម​សម្រាប់​មនុស្សម្នាក់ក្នុងប្រទេស​ ដែល​មានចំនួន​ត្រឹមតែ ១.៣៨៤ដុល្លារ ក្នុងឆ្នាំ២០១៧។

គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ធ្វើប្រតិបត្តិការកម្ចីដោយ​អត្រា​ការប្រាក់​ខ្ពស់​ ដែលតម្រូវឱ្យ​ដាក់បញ្ចាំប្លង់ដី​ជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះ​ដាក់​គោល​ដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់​បង់ដីធ្លី។ ទម្រង់​នៃ​ប្រាក់កម្ចី​ដែល​មានសភាព​ធ្ងន់​ធ្ងរ​នេះ​ បានជួយបង្កើនប្រាក់​ចំណូល​យ៉ាង​ច្រើន​សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំង​នោះ ប៉ុន្តែវាបាន​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃសិទិ្ធ​កាន់​កាប់ដីធ្លី​របស់ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ដែលងាយ​រងគ្រោះ។​ ការកំណត់​ពិដានអត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ ត្រឹម​១៨%​ សម្រាប់​កម្ចី​ថ្មី​ ដែលបាន​កំណត់​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​កាលពីខែ​មីនា ឆ្នាំ២០១៧ មិនបានកាត់​បន្ថយ​ការកើន​ឡើង​នៃទំហំការប្រាក់​ ឬជួយដោះស្រាយ​បញ្ហាប្រជាពលរដ្ឋបានឡើយ។ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗចំនួន ៧នៅក្នុង​ប្រទេស​កម្ពុជា​រកប្រាក់​ចំណូល​បានច្រើន​ជាង​ ១៣០លានដុល្លា​រក្នុង​ឆ្នាំ២០១៧។


មើល​វីដេអូ​នេះ
ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

វិធីសាស្រ្តមួយចំនួនដែលមានហានិភ័យខ្ពស់ ហើយត្រូវបានប្រជាពលរដ្ឋ​យកទៅអ​នុវត្ត ​ដើម្បីសងបំណុលនោះ បានក្លាយវិធីសាស្ត្រទូទៅមួយ។ កសិករកំពុង​តែ​បាត់​បង់​ដីស្រែចំការសម្រាប់ដាំដំណាំ​កសិកម្ម​របស់ខ្លួន​ តាមរយៈ​ការលក់ដីដោយបង្ខំ ឬទទួលរងសម្ពាធ។ ការ​លក់​ដីទាំងអស់​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សារតែ​មាន​សម្ពាធយ៉ាងខ្លាំង​ពីសំណាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដែលជាអ្នកកាន់កាប់​ប្លង់​ដីរបស់​ប្រជាពលរដ្ឋដែលបានដាក់​បញ្ចាំ និង​ប្រើ​ប្រាស់​ប្លង់ដីទាំងអស់នោះ ​ដើម្បីបង្ខំ​ឱ្យ​ប្រជា​ពលរដ្ឋ​សងប្រាក់ទៀតទាត់​ពេលវេលា។ បន្ថែមពីនេះទៀត​ មន្ត្រីជាន់ខ្ពស់​ពីររូប ដែលម្នាក់ជា​អតីត និង​ម្នាក់ទៀត​បច្ចុប្បន្នជា​ នាយកប្រតិ្តបត្តិ​នៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ បានលើកឡើងថា​ នេះជាគោលនយោបាយ​សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ក្នុងការ​ស្នើ​ឱ្យ​អាជ្ញាធរភូមិឃុំ​ ជួយដាក់សម្ពាធដល់​ប្រជាពលរដ្ឋឱ្យ​លក់ដី។​ អ្នកស្រាវជ្រាវ​បានរកឃើញថា​ អតិថិជន​មានការភ័យខ្លាច​ក្នុងការ​ដែលត្រូវ​បានគេ​ហៅជួប​នៅសាលាឃុំ​ ឬសាលាស្រុក​ ដើម្បីនិយាយ​ជាមួយអាជ្ញាធរ​ ជាអ្នក​ដែលពលរដ្ឋ​ទាំងនោះដឹងថា​ នឹងធ្វើការបង្ខំ​ឱ្យពួកគេ​ ជំនួសឱ្យ​គ្រឹះស្ថានហិរញ្ញវត្ថុ​ ក្នុងការលក់​ដីធ្លីដើម្បី​ដោះបំណុល។

ពលរដ្ឋ​ដែលជំពាក់​បំណុលជាច្រើន​ ក៏បានខ្ចី​ប្រាក់ពីអ្នកចង​ការប្រាក់​ឯកជន​ផងដែរ​ ដើម្បីយកប្រាក់​ទៅសងបំណុល​របស់​អ្នកទាំងនោះ​ជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។​ នេះ ជាហានិភ័យ​មួយដែល​គួរឱ្យព្រួយបារម្ភ។​ បញ្ហានេះ​ ក៏បានធ្វើឱ្យ​ក្រុមគ្រួសារ​របស់ពួកគេ​ ដូចជា​កូនរបស់​អ្នកទាំងនោះ​ សម្រេចចិត្តឈប់រៀន​ ដើម្បីធ្វើការងារ​រកប្រាក់​ ជួយដោះបំណុល​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។​ រីឯអតិថិជន​មួយចំនួនទៀត​ ត្រូវបង្ខំ​ចិត្តទទួលទាន​ម្ហូបអាហារ​តិចជាងមុន​ ឬមិនមាន​ជីវជាតិ​គ្រប់គ្រាន់​ ដើម្បី​សន្សំប្រាក់ដោះបំណុល។​

ទីភ្នាក់ងារ​អភិវឌ្ឍន៍​មួយចំនួន​ និង​ធនាគារ​រដ្ឋ​របស់​បណ្តា​ប្រទេស​មួយចំនួន​ គឺជាម្ចាស់​ភាគហ៊ុន​ ឬដៃគូកម្ចី​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗនៅកម្ពុជា។​ ស្ថាប័ន​ទាំងនេះ​រួមមាន​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​ ឬធនាគារ​រដ្ឋរបស់ប្រទេស​អេស្ប៉ាញ​ អូទ្រីស​ បារាំង​ អាឡឺម៉ង់​ ហូឡង់​ ចក្រភព​អង់គ្លេស​ ធនាគារវិនិយោគ​អឺរ៉ុប ក៏​ដូចជាការវិនិយោគ​មួយចំនួន​មកពីទីភ្នាក់ងារ​សហប្រតិបត្តិការ​បារាំង ធនាគារ​អភិវឌ្ឍន៍​អាស៊ី និងធនាគារ​ពិភពលោក។

កសិករក្រីក្រ​ គួរតែ​មិនត្រូវបាន​ក្លាយជាកម្មវត្ថុ​នៃសកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌នោះទេ ​ប៉ុន្តែគួរតែ​ទទួលបាន​ការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ​តាមបែប​សហគមន៍​ និងប្រកប​ដោយនិន្តរភាព។​ អង្គការ​ លីកាដូ និង​សមាគមធាងត្នោត​ សូមអំពាវនាវ​ដល់រាជរដ្ឋាភិបាល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងអ្នកវិនិយោគ​ឯកជន​ សូមមេត្តា​ធ្វើកំណែទម្រង់​ការអនុវត្ត​អវិជ្ជមាន​ទាំងនេះ ​និងធានា​ថាពលរដ្ឋកម្ពុជា​ នឹងមិនត្រូវបាន​គេបង្ខំឱ្យ​លក់ដីធ្លី​ និងទទួលរងគ្រោះ​ពីការរំលោភបំពាន​សិទិ្ធមនុស្ស​របស់អ្នកទាំងនោះ​ ដើម្បីដោះបំណុល​ដែលពួកគេ​ជំពាក់នោះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង ណាលី ពីឡូក, ​នាយិកាអង្គការ លីកាដូ​, Wire @nalypilorge ឬ Signal៖ +៨៥៥ ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 លោក អំ សំអាត, ​នាយករងផ្នែកឃ្លាំមើល​ការរំលោភសិទិ្ធមនុស្ស​, Wire @samatham ឬ Signal៖ +៨៥៥ ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)
 លោក សឿង សារ៉ន, ​នាយកប្រតិបត្តិ​នៃសមាគមធាងត្នោត​, Signal៖ +៨៥៥ ៨៩ ៦៦៦ ០១៣

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា