របាយការណ៍ និងឯកសារ
របាយការណ៍ | ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋនៅកម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋ នៅកម្ពុជា ខណៈដែលអាជ្ញាធររដ្ឋនៅតែបន្តភាពអសកម្មអស់ជាច្រើនទសវត្សរ៍ ហើយវិស័យសំណង់ និងអចលនទ្រព្យ បានអនុញ្ញាតឱ្យអំពើរំលោភបំពានលើសិទ្ធិមនុស្សនៅតែបន្តមានដោយគ្មានការត្រួតពិនិត្យក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន ។
ថ្ងៃនេះ ជាទិវាកុមារពិភពលោកឆ្នាំ២០២៣ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) សូមស្នើសុំសារជាថ្មីដល់តួអង្គទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់នូវការអនុវត្តអវិជ្ជមានទាំងនេះ ។ កម្មករត្រូវរួចផុតពីការផ្តល់កំលាំងពលកម្មដើម្បីតែដោះបំណុល ។ ច្បាប់ទាក់ទងពលកម្មកុមារត្រូវ តែពង្រឹង និងអនុវត្តឱ្យបានត្រឹមត្រូវ ។ ម៉ាកសម្លៀកបំពាក់អន្តរជាតិត្រូវបញ្ឈប់ការដុតកាកសំណល់ របស់ពួកគេនៅតាមសិប្បកម្មឡឥដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពកម្មករ និងកូនៗរបស់ពួកគេ ។
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយស្ដីពី ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ ។ របាយការណ៍នេះ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ ។
ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ ។ អ្នកខ្ចីប្រាក់ កំពុងធ្វើការលះបង់ដោយមិនសមស្របជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានានូវប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពីប្រាក់ចំណូល និងសមត្ថភាពរបស់អ្នកខ្ចី ក្នុងការបង់សង ។
ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
នៅថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា “គ្មានច្រកសុវត្ថិភាព៖បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល” ស្ដីពីករណីឃាតកម្មទៅលើស្ត្រី ២៦ នាក់ និងកុមារ ៥ នាក់ ដែលប្រព្រឹត្តឡើងដោយដៃគូស្និទ្ធស្នាលបច្ចុប្បន្ន ឬអតីតដៃគូរបស់ពួកគេ នៅចន្លោះខែមករា ឆ្នាំ២០២0 ដល់ខែមិថុនា ឆ្នាំ២០២២ នេះ ។
អំពើហិង្សាលើស្ត្រីជាការរំលោភសិទ្ធិមនុស្សដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ហើយភាពចន្លោះប្រហោង និងការខកខានជារឿយៗនៃការអនុវត្តក្របខ័ណ្ឌច្បាប់ ជាញឹកញាប់បានអនុញ្ញាតឱ្យអំពើហិង្សានេះ បន្តកើតមានឡើង និងកើនឡើងជាលំដាប់ ។ ជារឿយៗ ករណីនេះ ក្លាយទៅជាអំពើឃាតកម្ម ។ នៅថ្ងៃនេះ អង្គការ លីកាដូ សូមសំណូមពរឱ្យមានកំណែទម្រង់ចំពោះបញ្ហានេះ ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ក្នុងឱកាសនៃយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ អង្គការ លីកាដូ សូមធ្វើការកោតសរសើរយ៉ាងខ្លាំងក្លាដល់ស្ត្រីទាំងឡាយ ដែលក្លាហានក្នុងការក្រោកឈរដើម្បីសិទិ្ធការងារ និងតស៊ូទាមទារឱ្យបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការងារ ។ នៅក្នុងរបាយការណ៍សង្ខេបដែលមានចំណងជើងថា “ស្ត្រីរួមគ្នាដើម្បីសិទិ្ធការងារនៅកម្ពុជា” អង្គការ លីកាដូ នឹងធ្វើការលើកឡើងនូវរឿងរ៉ាវតស៊ូ និងការផ្តល់យោបល់មួយចំនួនរបស់សកម្មជនជាស្ត្រីចំនួន ៦ រូប ដែលបានតស៊ូក្នុងនាមជាអ្នកដឹកនាំ និងសមាជិកសហជីព សមាគម និងសហព័ន្ធសហជីព ។
អ្នកទាំងនោះ ជាអ្នកតំណាងឱ្យកម្មកររោងចក្រ អ្នកប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើករ៉ឺម៉កកង់បី (តុតុ) អ្នកធ្វើការងារតាមផ្ទះជាច្រើននាក់ និងកម្មករក្នុងវិស័យផ្សេងៗទៀត ។ ពួកគេអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ ដែលសមាជិករបស់អ្នកទាំងនោះតែងតែទទួលរងនៅកន្លែងធ្វើការងារ ។
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹតត្បិត បានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិដីធ្លី សហជីព និងប្រជាពលរដ្ឋផ្សេងទៀត នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបែបរើសអើងរបស់អាជ្ញាធរលើវិសាលភាព និងអំណាចដ៏ទូលំទូលាយនៃច្បាប់នេះ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរហួសហេតុមួយចំនួន ។ អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ-១៩ ថយចុះក៏ដោយ ។ ការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវដែលអាចកើតមាន ក្នុងគោលបំណងគាបសង្កត់ការរិះគន់ និងសេរីភាពជាមូលដ្ឋាន គឺជាការគំរាមកំហែង ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ ហើយនេះបង្ហាញជាឧទាហរណ៍នៃភាពគ្រោះថ្នាក់ដែលបណ្តាលមកពី ការបង្កើតច្បាប់ថ្មីប្រញាប់ប្រញាល់ពេក ដែលផ្ដល់សិទ្ធិអំណាចមិនសមស្របទៅរដ្ឋាភិបាល ។
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២
នៅក្នុងឱកាសគម្រប់ខួប១០ឆ្នាំ នៃការបាញ់សម្លាប់នេះ យើងទាំងអស់គ្នាដែលជា សមាគម អង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន សូមធ្វើការស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលជារួម និងដោយឡែកសូមជំរុញឱ្យក្រសួងពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង ធ្វើការស៊ើបអង្កេតដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ដើម្បីយកអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី ។
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២
តបតាមកម្មវត្ថុខាងលើ យើងខ្ញុំទាំងអស់គ្នាជា សហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឈន៍សង្គម សកម្មជនបរិស្ថាន ដូចមានរាយនាមក្នុងបញ្ជីឈ្មោះខាងក្រោម ដែលធ្វើការងារផ្នែកលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិការងារសិទ្ធិដីធ្លី បរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ក្រឡាហោម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជ្រាបថា យើងខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានចាប់ឃុំខ្លួន និងចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជន ៨ រូប និងការបន្តចាប់ខ្លួនកូដករជាបន្តបន្ទាប់ ដោយបំពានទៅលើក្របខ័ណ្ឌច្បាប់កម្ពុជា ដោយសារតែការអនុវត្តសេរីភាពខាងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ដែលសិទ្ធិសេរីភាពទាំងពីរនេះត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
អាស្រ័យហេតុនេះយើងខ្ញុំជាសហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិល សូមស្នើ សម្តេច និងឯកឧត្តមរដ្ឋមន្ត្រី មេត្តាអន្តរាគមន៍ឱ្យមានការដោះលែង និងទម្លាក់ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង ៨ រូប និងការដោះស្រាយឈានទៅរកការបញ្ចប់វិវាទការងារនេះ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១
ហ្វេសប៊ុក គឺជាបណ្តាញទំនាក់ទំនងសង្គមលើប្រព័ន្ធអ៊ីនធឺណិតធំបំផុតនៅកម្ពុជា ប៉ុន្តែដោយសារការមិនអើពើ និងភាពអសកម្មរបស់ខ្លួនក្នុងការការពារអ្នកប្រើប្រាស់ វាបានក្លាយជាកន្លែងមួយដែលអាចអនុញ្ញាតឱ្យអាជ្ញាធររដ្ឋធ្វើការត្រួតពិនិត្យចាប់ពិរុទ្ធ និងរំលោភបំពានលើអ្នកប្រើប្រាស់បាន និងអនុញ្ញាតឱ្យបុគ្គលឯកជនធ្វើការរំលោភបំពានផ្លូវភេទ បង្កការរើសអើង គំរាមកំហែង និងការរំលោភបំពានផ្សេងៗមកលើអ្នកប្រើប្រាស់ផ្សេងទៀតបានជាញឹកញាប់ ។
នៅក្នុងរបាយការណ៍ថ្មីមួយនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (អង្គការលីកាដូ) អំពាវនាវដល់ក្រុមហ៊ុនហ្វេសប៊ុក អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត សូមឱ្យបង្កើនការការពារសិទិ្ធមនុស្សនៅលើប្រព័ន្ធអ៊ីនធឺណិត ។ “បច្ចុប្បន្នភាពស្ថានភាព៖ ការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា” គឺជារបាយការណ៍មួយ ដែលបង្ហាញអំពីការរកឃើញជាច្រើននៃការស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងជាមួយប្រជាពលរដ្ឋប្រមាណជាង ៧០០ នាក់ ដោយអង្គការ លីកាដូ ។ ជាងមួយភាគបី (៣៨%) នៃអ្នកចូលរួមស្ទង់មតិ ធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទិ្ធមនុស្ស ជាក្រុមមនុស្សដែលទទួលរងការរំលោភបំពានខ្លាំងជាងគេ ។ លើសពីនេះ ២០% នៃស្ត្រីដែលបានចូលរួមស្ទង់មតិ បាននិយាយថាអ្នកទាំងនោះធ្លាប់ទទួលរងការបៀតបៀនតាមប្រព័ន្ធអនឡាញ ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១
សិទ្ធិទទួលបានការអនុគ្រោះ គឺជាការស្នើសុំឱ្យចាត់វិធានការជាបន្ទាន់ពីសំណាក់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមានធនាគារអភិវឌ្ឍន៍របស់រដ្ឋ នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីស៊ើបអង្កេតទៅលើទំហំនៃការរំលោភសិទ្ធិមនុស្ស និងផ្ដល់ការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងគ្រោះដោយការផ្ដល់កម្ចី និងការប្រមូលឥណទានបែបកេងចំណេញ ។ ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងនៅក្នុងខេត្តចំនួន ៨ ដោយកម្រងព័ត៌មានសហគមន៍នីមួយៗ មានបង្ហាញព័ត៌មានអំពីការបង្កើតសហគមន៍ ដើម្បីឆ្លើយតបទៅនឹងវិវាទដីធ្លី និងការគំរាមកំហែងចំពោះសុវត្ថិភាពកម្មសិទ្ធិដីធ្លី និងបញ្ហាសិទ្ធិមនុស្សផ្សេងទៀត ដែលបង្កឡើងដោយភាពជំពាក់បំណុលច្រើនលើសលុប ។
គេហទំព័របង្ហាញពីផ្នែកសំខាន់ៗនៃកម្រងព័ត៌មានសហគមន៍ចំនួន១៤ ខណៈដែលរបាយការណ៍ជាទម្រង់ PDF បង្ហាញព័ត៌មានលម្អិតជាង ក៏ដូចជាព័ត៌មានបន្ថែមអំពីការសិក្សាស្រាវជ្រាវនេះ ។
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
នៅថ្ងៃនេះ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា “ការតស៊ូដើម្បីសេរីភាព ៖ ការរំលោភបំពានអ្នកការពារសិទិ្ធមនុស្ស ២០១៨-២០២០” ។ របាយការណ៍នេះ មិនបានរៀបរាប់ឱ្យអស់នូវព្រឹត្តិការណ៍នៃការរំលោភបំពានលើអ្នកការពារសិទិ្ធមនុស្សចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។ ក៏ប៉ុន្តែរបាយការណ៍នេះបានលើកឡើងនូវករណីសំខាន់ៗជាច្រើន ដែលអ្នកការពារសិទិ្ធមនុស្សត្រូវបានគេគំរាមកំហែង ចាប់ ឬឃុំខ្លួន ដោយសារអ្នកទាំងនោះអនុវត្តនូវសិទិ្ធសេរីភាពរបស់ពួកគេលើការជួបជុំ ប្រមូលផ្តុំ និងបញ្ចេញមតិ ដោយអហិង្សា ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ។
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០
ស្ដ្រី និងក្មេងស្រី ដែលត្រូវបានរំលោភសេពសន្ថវៈដោយសមាជិកគ្រួសារ ជារឿយៗតែងជួបផលលំបាកជាខ្លាំងក្នុងការទទួលបានតម្រូវការសុវត្ថិភាព និងយុត្តិធម៌ដែលពួកគាត់មានសិទ្ធិទទួលបាន ។ នៅក្នុងខែធ្នូនេះ អង្គការលីកាដូចេញផ្សាយរបាយការណ៍មួយស្ដីពី “ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌” ដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃប្រឆាំងនឹងអំពើហិង្សាផ្នែកយែនឌ័រ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ។
ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០
ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ដោយសារតែគម្រោងអភវិឌ្ឍន៍ អាយ អិន ជី ស៊ីធី (ING City) និងគម្រោងផ្សេងៗទៀតដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯកដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
កម្មករ កម្មការិនីរោងចក្រកាត់ដេរ រាប់ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំង ក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការ ត្រូវផ្អាកដំណើរការដោយសារបញ្ហាកូវីដ១៩ ។ បញ្ហានេះបង្កើតឱ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឱ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឱ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ប្រសិនបើគ្មានកម្មវិធីសម្រាលបន្ទុកបំណុលភ្លាមៗទេ នោះកម្មករ កម្មការិនីទាំងនេះ នឹងត្រូវប្រឈមនឹងការលក់ដីឬផ្ទះ កាត់បន្ថយការបរិភោគអាហារ ឬខ្ចីប្រាក់កម្ចីកាន់តែច្រើនឡើង ដើម្បីយកទៅសងបំណុលដែលមានស្រាប់ ។
នៅក្នុងរបាយការណ៍ “ការធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក” ដែលជារបាយការណ៍សង្ខេបរួមគ្នាមួយ រវាងសម្ព័ន្ធសហជីពកម្ពុជា (CATU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិជាមួយកម្មករ កម្មការិនី ច្រើនជាង១៥០នាក់ (ភាគច្រើនជាស្ដ្រី) មកពីរោងចក្រកាត់ដេរចំនួន៣ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាពីផលលំបាកនៃការជាប់ជំពាក់បំណុលរបស់ពួកគាត់ ខណៈដែលរោងចក្ររាប់រយបានផ្អាកដំណើរការ ដោយសារការរីករាលជាសកលនៃវីរុសកូវីដ១៩នេះ ។
ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០
“ផលប្រយោជន៍បានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតិច តែភ័យខ្លាចខ្លាំង”
នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ការកើតឡើងនៃបំណុលមីក្រូហិរញ្ញវត្ថុគ្រប់ទីកន្លែងគឺកំពុងជំរុញមនុស្សជាច្រើនគ្រួសារឱ្យចេញពីផ្ទះរបស់ពួកគាត់ទៅធ្វើការនៅក្នុងប្រទេសថៃ ។ នៅក្នុងរបាយការណ៍សង្ខេប “ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន” អង្គការលីកាដូផ្ដោតសំខាន់ទៅលើភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទំនាក់ទំនងរវាងបំណុលមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកនៅតំបន់ព្រំដែនក្នុងប្រទេសកម្ពុជា ។ តាមរយៈការធ្វើបទសម្ភាសន៍ជាមួយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះចំនួន៣០គ្រួសារ អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ បានរកឃើញថា ការជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលុប គឺជាកត្តាចម្បងលើកទឹកចិត្ត នាំឱ្យមានការធ្វើចំណាកស្រុកចេញពីភូមិ ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា៖ “គ្រួសារជាច្រើនបានចាកចេញពីផ្ទះ និងប្រទេសកំណើតរបស់ពួកគាត់ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ។ អ្នកនាងបានបន្តទៀតថា៖ “ពេលនេះ អតីតពលករចំណាកស្រុករាប់សែននាក់ មិនអាចធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ ដោយសារបញ្ហាវីរុសកូវីដ១៩ ដូច្នេះអង្គការលីកាដូសង្ឃឹមថា រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះដោយផ្អាកការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ” ។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាជាង ២លាននាក់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ដោយយោងតាមរបាយការណ៍រួមរបស់អង្គការ លីកាដូ និងសមាគមធាងត្នោត បានរកឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃបំណុលរបស់ប្រជាពលរដ្ឋបានកើនឡើងកាន់តែខ្លាំងឡើងៗ ដែលនេះបណ្តាលឱ្យអាចកើតមានការរំលោភបំពានសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យលក់ដី ការកេងប្រវ័ញ្ចកំលាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយសារបំណុល និងការបញ្ចាំខ្លួនដើម្បីដោះបំណុល។
ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់ព័ត៌មានលម្អិតអំពីទំហំនិងវិសាលភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបង្ហាញពីការរំលោភបំពានសិទ្ធិមនុស្សដែលអ្នកស្រាវជ្រាវបានរកឃើញ។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងក្នុងឃុំចំនួន១០ ក្នុងខេត្តចំនួន ៤ រួមទាំងរាជធានីភ្នំពេញ ហើយការសិក្សាស្រាវជ្រាវនេះរួមបញ្ចូលទាំង ករណីសិក្សាលម្អិតចំនួន៧ នៃការរំលោភបំពានសិទ្ធិមនុស្ស បន្ទាប់ពីអ្នកស្រាវជ្រាវបានសម្ភាសន៍ជាមួយនឹងអតិថិជនចំនួន២៨នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
ជនជាប់ចោទពីបទល្មើសព្រហ្មទណ្ឌនៅកម្ពុជា ទទួលបាននូវសិទិ្ធសន្មត់ជាមុនថាគ្មានទោស រហូតដល់ពេលរកឃើញថាមានទោស ដោយយោងតាមច្បាប់កម្ពុជា និងអន្តរជាតិ។ សម្រាប់ជនជាប់ចោទភាគច្រើន នេះមានន័យថា ជាការផ្តល់ឱកាស ដល់ពួកគេជៀសវាងពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ តាមរយៈនីតិវិធីដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
របាយការណ៍សង្ខេបនេះ ដោយផ្អែកលើការងាររបស់អង្គការ លីកាដូ នៅក្នុងការឃ្លាំមើលប្រព័ន្ធពន្ធនាគារ បង្ហាញអំពីលក្ខណៈទូទៅនៃការមិនទាន់បានអនុវត្តនូវ នីតិវិធីដោះលែងជនជាប់ចោទឲ្យនៅក្រៅឃុំ ឲ្យបានពេញលេញ ដោយសារតែការអនុវត្តការឃុំខ្លួនជនជាប់ចោទបណ្តោះអាសន្នរង់ចាំសវនាការ ក្នុងរយៈពេលដ៏យូរហួសហេតុ ដែលបានបណ្តាលឲ្យមានផលវិបាកជាច្រើន ដល់ជីវិតរបស់ជនទាំងនោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ សម្រាប់គោលបំណងនៃរបាយការណ៍នេះ អង្គការ លីកាដូ នឹងលើកឡើងពីវិធានការនៃការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ដែលជាការឃុំខ្លួនជនជាប់ចោទ ដែលមិនទាន់ត្រូវបានតុលាការ ជំនុំជម្រះនៅឡើយ (ឃុំខ្លួនមុនសវនាការ)។
ផលប៉ះពាល់ នៃការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ (ដោយមិនលើសពី ២២ខែ មុនពេលសវនាការ) មិនអាចត្រូវបានលើកឡើងឲ្យខុសពីការពិតនោះទេ។ ការឃុំខ្លួនបណ្តាលឲ្យបន្សល់នូវស្លាកស្នាមអាក្រក់ ក៏ដូចជាបាត់បង់នូវប្រភពចំនូល និងការបែកបាក់ក្រុមគ្រួសារ នៅក្នុងសង្គមមួយ ដែលមនុស្សជាច្រើនកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ និងពឹងផ្អែកទៅលើចំណងគ្រួសារ។ នៅក្នុងករណីមួយចំនួន នៅពេលដែលទោសត្រូវបានសម្រេចដោយតុលាការ ជនជាប់ចោទ គឺត្រូវបានតុលាការឃុំខ្លួនរយៈពេលយូរជាងរយៈពេលទោសនៃបទល្មើស ដែលជនទាំងនោះបានប្រព្រឹត្តទៅទៀត។ នៅក្នុងករណីផ្សេងទៀត អ្នកជាប់ពន្ធនាគារ ត្រូវបានតុលាការរកឃើញថាគ្មានទោស ប៉ុន្តែអ្នកទាំងនោះ ត្រូវបានតុលាការឃុំខ្លួនដោយមិនត្រឹមត្រូវ ក្នុងរយៈពេលមួយដ៏យូររួចទៅហើយ។
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨
នៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ២០០៩ កុមារកម្ពុជារាប់ពាន់នាក់ ត្រូវបានគ្រួសារជាជនបរទេសសុំយកទៅចិញ្ចឹមនៅក្រៅប្រទេស។ អំឡុងពេលនោះ មានការលើកឡើងថា កុមារកម្ពុជាជាច្រើន មិនមែនជាកុមារកំព្រាទេ ប៉ុន្តែពួកគេត្រូវបានឳពុកម្ដាយយកមកផ្ញើនៅមណ្ឌលកុមារកំព្រាដើម្បីឱ្យជួយចិញ្ចឹម ដោយសារភាពក្រីក្រខ្លាំង។ ឳពុកម្ដាយទាំងនោះបានយកពួកគេមកផ្ញើនៅមណ្ឌលកុមារកំព្រា ដោយសារយល់ឃើញថា ពួកគេអាចនឹងត្រឡប់ទៅផ្ទះវិញនៅថ្ងៃក្រោយ។ ឳពុកម្ដាយរបស់ពួកគេ មិនបានព្រមព្រៀងក្នុងដំណើរការស្មុំកូនទេ។ ប៉ុន្តែនាយកមណ្ឌលកុមារកំព្រាទៅវិញទេ ដែលបានគ្នាជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីធ្វើឯកសារមិនពិតដោយអះអាងថា កុមារទាំងនោះជាកុមារកំព្រា ឬត្រូវបានឳពុកម្ដាយបោះបង់ចោល។
នៅពេលមានភ័ស្ដុតាងជាច្រើនបញ្ជាក់លើករណីនេះកាន់តែច្បាស់ ប្រទេសជាច្រើនបានសម្រេចផ្អាកការស្មុំកូនពីប្រទេសកម្ពុជា ហើយនៅឆ្នាំ២០០៩ ប្រទេសកម្ពុជាក៏បានសម្រេចផ្អាកដំណើរការលើបញ្ហានេះផងដែរ។ ភាគច្រើន ឳពុកម្ដាយរបស់កុមារដែលត្រូវបានសុំយកទៅចិញ្ចឹមនៅក្រៅប្រទេសគឺមិនចេះអក្សរ និងមិនសូវយល់ដឹងពីសិទ្ធិ ឬមិនស្គាល់ស្ថាប័នដែលអាចជួយអន្តរាគមន៍បាន ហេតុដូច្នេះហើយទើបពួកគាត់ គ្មានលទ្ធភាពក្នុងការស្វែងរកព័ត៌មានអំពីកូន។
នៅក្នុងរបាយការណ៍ស្ដីពី កុមារដែលត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាដោយលួចលាក់៖ ការក្លែងបន្លំ និងអំពើដែលត្រូវបានអះអាងថា ជាអំពើពុករលួយក្នុងប្រព័ន្ធស្មុំកូនអន្តរប្រទេស ចេញផ្សាយថ្ងៃនេះ អង្គការ លីកាដូ បានពិពណ៌នាពីករណីរបស់ស្ដ្រីមួយចំនួន ដែលបានទាក់ទងមក លីកាដូ ដើម្បីស្នើឱ្យជួយអន្តរាគមន៍ស្វែងរកកូនរបស់ពួកគាត់ ដែលត្រូវបានគ្រួសារជាជនបរទេស សុំយកទៅចិញ្ចឹមនៅក្រៅប្រទេស កាលពីទសវត្សរ៍ឆ្នាំ២០០០។
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧
ថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (“លីកាដូ”) ចេញផ្សាយរបាយការណ៍ថ្មីមួយស្ដីពី “បើគ្មានការផ្តន្ទាទោសគឺ គ្មានការការពារ ៖ ការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា” ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃជាសាកល ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តីភេទ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ របាយការណ៍នេះបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្នុងការការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាការផ្ដន្ទាទោសឱ្យបានត្រឹមត្រូវលើជនល្មើសដែលប្រព្រឹត្តអំពើហិង្សា។
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧
នៅខណៈដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជាហាក់ដូចជាមិនដើរទៅមុខ ការនិយាយរិះគន់ទៅលើការរំលោភបំពានរបស់អាជ្ញាធរ គឺកាន់តែមានសារសំខាន់ខ្លាំងឡើង។ នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ អ្នកការពារសិទិ្ធមនុស្ស បុគ្គលឯករាជ្យ និងបុគ្គលសំខាន់ៗមួយចំនួនទៀត បានក្លាយជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះដទៃទៀត នៅក្នុងស្ថានភាពនយោបាយដ៏ផុយស្រួយនៅកម្ពុជា។ នៅខែកក្កដា ឆ្នាំ២០១៦ អ្នកការពារសិទិ្ធមនុស្សបានទទួលរងនូវបទពិសោធន៍យ៉ាងជូរចត់សម្រាប់ការបញ្ចេញគំនិតរិះគន់របស់អ្នកទាំងនោះ។ អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ត្រូវបានគេលួចបាញ់ប្រហារទាំងកណ្តាលថ្ងៃ ហើយក្រោយមក ទោះជាជនសង្ស័យចំបងត្រូវបានតុលាការផ្តន្ទាទោសបន្ទាប់ពីបើកសវនាការអស់រយៈពេលបួនម៉ោងក៏ដោយ ក៏រហូតមកដល់សព្វថ្ងៃ នៅមិនទាន់មានការស៊ើបអង្កេតដែលគួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានធ្វើឡើងទៅលើឃាតកម្មនេះនៅឡើយទេ។
នៅក្នុងរបាយការណ៍សង្ខេបចុងក្រោយបំផុតនេះ អង្គការ លីកាដូ បានលើកឡើងនូវការបំភិតបំភ័យជាច្រើន ដែលអ្នកការពារសិទិ្ធមនុស្សកំពុងប្រឈមមុខនៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ វិធីសាស្ត្រដ៏យូរអង្វែងជាច្រើន ដែលនៅតែត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេងអ្នកការពារសិទិ្ធមនុស្ស (ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធតុលាការដែលមានលក្ខណៈលំអៀង ការប្រើប្រាស់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធរ និងការបង្ក្រាបលើការតវ៉ាដោយអហិង្សានានា) ត្រូវបានបន្ថែមទម្ងន់តាមរយៈការអនុម័តច្បាប់ថ្មីមួយចំនួនដែលមានលក្ខណៈគាបសង្កត់ ហើយនិងការត្រួតពិនិត្យចាប់ពិរុទ្ធតាមរយៈប្រព័ន្ធអ៊ិនធើណេត។ ទោះបីជាករណីជាច្រើនដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នេះ មិនទាន់គ្រប់គ្រាន់ពេញលេញ តែទិន្នន័យទាំងនេះអាចផ្តល់នូវរូបភាពមួយផ្នែកដែលបង្ហាញពីអំពើរំលោភបំពានជាច្រើន ដែលតែងតែកើតមកលើអ្នកការពារសិទិ្ធមនុស្សនៅកម្ពុជា អស់រយៈពេលជាងពីរឆ្នាំចុងក្រោយមកនេះ។ ដោយការបោះឆ្នោតថ្នាក់ជាតិនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ ហាក់ដូចជានិន្នាការទាំងនេះ អាចនឹងបន្តទៅថ្ងៃអនាគត ហើយការរំលោភបំពានទៅលើអ្នកការពារសិទិ្ធមនុស្សជាច្រើននឹងបន្តក្លាយជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ក្នុងការបន្តរឹតត្បិតសេរីភាពដែលធានាដោយរដ្ឋធម្មនុញ្ញសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
នៅមុនឱកាសនៃខួបគម្រប់មួយឆ្នាំនៃមរណភាពរបស់លោក កែម ឡី យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សម្តែងក្តីបារម្ភជាថ្មីម្តងទៀតជុំវិញការវិវឌ្ឍតិចតួចនៅក្នុងការស៊ើបអង្កេតករណីឃាតកម្មនេះ ក៏ដូចជា ការស៊ើបអង្កេត និងសវនាការជំនុំជម្រះមិនទាន់គ្រប់គ្រាន់ ដោយសារមានតែឈ្មោះ
អឿត អាង ម្នាក់ប៉ុណ្ណោះដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ឬចោទប្រកាន់ជុំវិញការស្លាប់របស់លោក កែម ឡី។ ដោយសារតែការស៊ើបអង្កេតនៅមិនទាន់គ្រប់គ្រាន់ យើងខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា
(“រដ្ឋាភិបាល”) បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមួយស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបន្តបើកការស៊ើបអង្កេតបន្ថែមទៀត។