ឯកសារ

លិខិត​ចំហ៖ សូមអំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​សូមឲ្យអនុម័ត​ដំណោះ​ស្រាយ​មួយ​ទៅ​លើ​​បញ្ហា​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​មានភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៦
F T M

គោរព​​ជូន៖​​ តំណាង​​អចិន្ត្រៃយ៍​​នៃ​​សមាជិក​ និង​​អ្ន​ក​ឃាំ្ល​​មើល​​រដ្ឋ​ភាគី​​នៃ​​ក្រុម​​ប្រឹក្សា​​សិទ្ធិ​​មនុស្ស​​នៃ​​អង្គការ​​សហ​​ប្រជា​ជាតិ​ ​

សូមអំពាវនាវ​​​ឲ្យ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​​មនុស្ស​​អនុម័ត​​ដំណោះ​ស្រាយ​​មួយ​​ទៅ​​លើ​​បញ្ហា​​ស្ថាន​​ភាព​​សិទ្ធិ​​មនុស្ស​​ដែល​​កំពុង​​មាន​​ភាព​តាន​​តឹង​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​

យើង​ខ្ញុំ​ ជា​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​​អន្តរ​ជាតិ​ មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​ស្នើ​គណៈ​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ដើម្បី​ចូល​រួម​គាំ​ទ្រ​អនុម័ត​ដំណោះ​ស្រាយ​មួយ​ ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ដែល​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី៣៣​​នឹង​​ត្រូវ​​ប្រព្រឹត្ត​​ទៅ​​ចាប់​ពី​ថ្ងៃ​ទី១៣ ​ដល់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​។

ដំណោះ​ស្រាយ​នេះ ​គួរ​តែ​ថ្កោល​ទោស​ទៅ​លើ​ការ​រំ​លោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ ​និង​បញ្ឈប់​និទណ្ឌ​ភាព​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ដែល​កំពុង​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការអនុម័ត​នេះ គួរ​តែ​រិះរក​ដំណោះ​ស្រាយ​លើ​កង្វល់​នានា​ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​ជា​ច្រើន​កាល​ពី​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣២​ និង​​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​កែ​តម្រូវ​សកម្មភាព​ជា​បន្ទាន់​ដើម្បី​រក្សារ​សន្ធិ​សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ដែ​លបាន​បង្កើត​ឡើង​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ​ និងដើម្បី​ធានា​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ នា​ពេល​ខាង​មុខ​នេះ។​ ដំណោះ​ស្រាយ​គួរ​តែ​ស្នើ​ទៅ​អ្នកស្រី​ Rhona ​Smith​ អ្នក​រាយ​ការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុវត្ត​អនុ​សាសន៍​ដែល​បាន​ដាក់​ជូន​ទៅ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដោយ​ស្ថាប័ន​ និង​យន្ត​ការ​អង្គការ​សហ​ប្រជា​ជាតិ​ជា​ច្រើន​ រួម​បញ្ចូល​ទាំង​អនុសាសន៍​របស់​អ្នក​ស្រី​ និង​អតីត​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​កន្លង​មក។​ ការ​វាយ​តម្លៃ​នោះ​គឺ​ដើម្បី​កំណត់​គោលការណ៍​សម្រាប់​ដំណើរ​ការ​ និង​តំបន់​អាទិភាព ​ដើម្បី​ធ្វើការ​កែ​ប្រែ​ក្នុង​ការ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​។

អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​នៅ​កម្ពុជា​ត្រូវ​បាន​បន្ត​រយៈពេល​ចំនួន​ពីរ​ឆ្នាំ​ទៀត​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣០​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​។ នេះ​ជា​ការ​អនុវត្ត​តែ​មួយ​គត់​នៃ​ដំណោះ​ស្រាយ​ជាក់​លាក់​ប្រចាំ​ឆមាស​របស់​ប្រទេស ​ដែល​នឹង​ផ្ដល់​សារ​សំខាន់​នៃ​ការ​បន្ត​ឃ្លាំ​មើល​ និង​ការ​រាយ​ការណ៍​ជា​សាធារណៈ​ពី​​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ និង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​។ ទោះ​បី​ជា​យ៉ាង​ណា​ ការ​ងារ​នេះ​នៅ​តែ​ត្រូវ​ការ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ការ​ប្រើ​ប្រាស់​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​ស្ថាន​ភា​ព​ដ៏​តាន​តឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​​វិវត្តន៍​​ចុង​ក្រោយ​​

ចាប់​តាំង​ពី​យើង​ខ្ញុំ​ បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ជ្រាល​ជ្រៅ​នៅ​ក្នុង​លិខិត​មួយ​ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុងប្រទេសកម្ពុជា​ ​ដែល​បាន​ផ្ញើទៅ​គណៈ​ប្រតិភូ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ និង​គណៈ​ប្រតិភូ​ផ្សេង​ទៀត​ មុន​ពេល​សម័យ​ប្រជុំ​លើក​ទី៣០​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ការ​ភ័យ​ខ្លាច​របស់​យើង​ខ្ញុំ​គឺថា​ ប្រទេស​កម្ពុជា​បា​នជួប​ហានិភ័យ​ “ការ​ធ្លាក់​ចូល​កាន់​តែ​ជ្រៅ​​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ក្លាយ​ទៅ​ជា​ទម្លាប់​ រួម​​បញ្ចូល​ទាំង​ហិង្សា​នយោបាយ​” ហើយ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា​ ក៏​បាន​បង្ហាញ​ការ​ភ័យ​ខ្លាច​ថា​ប្រទេស​កម្ពុជា​កំពុង​តូ្រវ​បាន​ស្ថិត​នៅ​ក្នុង​ “ចំណុច​​គ្រោះ​ថ្នាក់​ខ្លាំង”។

តាម​ពិត​ទៅ ​ចាប់​តាំង​ពី​ការ​អនុម័ត​ដំណោះ​ស្រាយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០១៥​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​​កំពុង​តែ​ឈាន​ទៅ​រក​ការ​រឹត​ត្បឹត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួប​ជុំ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិ​វិធី​ ការ​កម្រិត​លទ្ធភាព​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូល​រួម​យុទ្ធនាការ​ និង​បង្កើត​គោល​នយោបាយ​ និង​ការ​រារាំង​អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​ប្រតិបត្តិ​ការ​ដោយ​សេរី ​និង​ឯករាជ្យ។ បទ​បញ្ញត្តិ​ដែល​មាន​ការ​រឹត​ត្បឹត​ហួស​ហេតុ​ទៅ​លើ​សិទ្ធិ​មនុស្ស ​និង​សេរី​ភាព​ជា​មូលដ្ឋាន​ត្រូវ​បាន​ចូល​ជា​ធរ​មាន​ រាប់​​​បញ្ចូល​​ទាំង​​ច្បាប់​​ស្ដី​​ពី​​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ដែល​ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុកផ្នែកសិទ្ធិ​មនុស្ស​នៅកម្ពុជា បាន​ពិពណ៌នា​ពី​ចំនុច​អវិជ្ជមាន​ថា​ “ច្បាប់​នេះ​មិន​ស្រ​ប​ទៅ​នឹង​វិធាន​និង​ច្បាប់​សិទ្ធិ​មនុ​ស្ស​អន្តរជាតិ”​ និង​ “មាន​ការ​គំរាម​កំហែង​ទៅ​លើ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ដោយ​សេរី​ និង​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​” ជាមួយ​នឹង​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ថា​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រៀប​ចំ​ប្រើ​ប្រាស់​ច្បាប់​នេះ​ដើម្បី​ជា​ហេតុ​ផល​ក្នុង​ការ​លុប​បញ្ជីការ​អង្គការ​សមាគម​ណា​ដែល​បំពាន​ទៅ​លើ​អត្ថន័យ​នៃ​ពាក្យ​ថា​ “អព្យាក្រឹត្យ​ភាព​នយោបាយ​”។ ច្បាប់​ស្ដី​ពី​សហជីព​ក៏​ត្រូវ​បាន​អនុម័ត​ ដែល​បង្កើត​ឲ្យ​មាន​ការ​រឹត​ត្បឹត​ផ្សេង​ទៀត​ទៅ​លើ​សិទ្ធិ​ក្នុង​ជួប​ជុំ​ដោយ​សេរី​ ដែល​ធ្វើ​ឲ្យ​សិទ្ធិ​ការ​ងារ​ត្រូវ​បាន​ធ្លាក់​ចុះ​បន្ត​ទៅ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ កង​កម្លាំង​សន្តិសុខ​នៅ​តែ​បន្ត​បង្រ្កាប​ទៅ​លើ​ការ​តវ៉ា​ដោយ​សន្ដិវិធី​ ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ គឺ​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ​ជាបន្ត​បន្ទាប់​ ទៅ​លើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ សកម្មជន​សហគមន៍​ សកម្មជន​សហជីព ​សមាជិក​និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់។​

បញ្ឈប់​ការ​រំលោភ​បំពាន​លើ​សង្គម​ស៊ីវិល​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ តំណាង​រាស្រ្ត​ និង​ មន្ត្រី​អង្គការ​សហប្រជា​ជាតិ​ ហើយសូម​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធ​ភា​ព​ដើម្បី​ការ​ពារ​សង្គម​ស៊ីវិល ​និង​គោរព​សិទ្ធិ​សេរីភាព​ជា​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​

កាល​ពី​ថ្ងៃ​ទី​ ១២ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន​បួន​រូប​បាន​រួម​គ្នា​អំពាវនាវ​ឲ្យ​រាជ​រ​ដ្ឋា​ភិបាល​កម្ពុជា​ “បញ្ឈប់​ការ​រំលោភ​បំពាន​លើ​សង្គម​ស៊ីវិល​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស តំណាង​​រាស្រ្ត​ និង​មន្ត្រី​​អង្គការ​​សហ​ប្រជាជាតិ​ ហើយសូម​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ការ​ពារ​សង្គម​ស៊ីវិល ​និង​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ អ្នក​រាយការណ៍​ពិសេស​ទាំង​បួន​រូប​នោះ ​ក៏​បាន​លើក​ឡើង​ពី​សំណុំ​រឿង​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (ADHOC) ​ដែល​ជា​សមាគម​មួយ​មាន​វ័យ​ចំណាស់​ជាង​គេ ​ធំជាងគេ​ និង​ជា​អង្គការ​គោរព​សិទ្ធិ​មនុស្ស​ជាង​គេ​ ខណៈដែល​មាន​មន្ដ្រី​ជាន់​ខ្ពស់​របស់ខ្លួនចំនួន​បួន​រូប​ត្រូវ​បាន​ចាប់​ខ្លួនរួ​ម​ជាមួយ​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ ដែល​បច្ចុប្បន្ន​ជា​អគ្គលេខា​ធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គជប)។​ អ្នក​ទាំង​ប្រាំ​រូប​នោះ​ត្រូវ​បាន​ស៊ើប​អង្កេត​តាម​ផ្លូវ​តុលាការ​ និង​ត្រូវ​ឃុំ​ខ្លួន​​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​លើ​បទ​ចោទ “សូក​ប៉ាន់​សាក្សី​” ដែលប្រជាពលរដ្ឋជាច្រើនយល់ថាជារឿងនយោយបាយ ដោយ​សារអ្នក​ទាំង​នោះគ្រាន់​តែ​​ផ្ដល់​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ និង​ផ្ដល់​ជំនួយ​ស្រប​ច្បាប់​លើ​ថ្លៃ​អាហារ​ហូប​ចុក​ និង​ការ​ធ្វើ​ដំណើរ ​ទៅ​ស្រ្តី​ម្នាក់​ដែល​អះ​អាង​ថា ​ធ្លាប់មានទំនាក់ទំនង​ស្នេហា​ ជាមួយ​លោក ​កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​រូប ​ក៏​ដូចជា​ការ​គំរាម​កំហែ​ង និង​ការ​បំភិត​បំភ័យ​ទៅ​លើ​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃ​មាត់​ រួម​បញ្ចូល​ទាំង​ការ​គំរាម​កំហែង​អ្នក​ធ្វើ​យុ​ទ្ធនាការ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​ ជា​ការ​គាប​សង្កត់​កាន់​តែ​ខ្លាំង​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​ជា​សារគំរាម​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រាជ​រដ្ឋាភិបាល។

កាល​​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​លោកបណ្ឌិត​ កែម ឡី ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដ៏​មាន​ប្រជា​ប្រិយភាព​ និង​ជា​អ្នក​ទាមទារ​យុតិ្តធម៌​ក្នុង​សង្គម​ ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចេស​ នៅ​ក្នុង​ហាង​លក់​ទំនិញ​នៃ​បរិវេណស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​ អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ចំនួន​ប្រាំ​រូប​បាន​រួម​គ្នា​លើក​ឡើង​ថា​៖ “ស្ថាន​ភាព​​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ បាន​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ដោយ​សារ​លោក​ជា​អ្នក​រិះគន់​រាជរដ្ឋាភិបាល​ ហើយ​លោក​តែង​តែ​បញ្ចេញ​ទស្សនៈ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​អភិបាល​កិច្ច​ និង​ការ​ព្រួយ​បារម្មណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស”។ ​អ្នក​ទាំង​នោះ​បាន​លើក​ឡើង​ថា​ ការ​បាញ់​ប្រហារ​លើ​លោក​បណ្ឌិត​ កែម ​ឡី ​ជា ​“ឧទាហរណ៍​បញ្ជាក់​ពី​ស្ថានភាព​អាក្រក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស​កម្មជន​នយោបាយ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កំពុង​តែ​ប្រឈម​នឹង​ការ​រឹត​ត្បឹត​សិទ្ធិសេរីភាព​...” ហើយ​ថា​ឃាតកម្ម​នេះ​គឺ ​“អាច​ជាការ​គំរាម​កំហែ​ង​មួយ​ដែ​ល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​”។ អ្នក​ទាំង​នោះ​បាន​បន្ត​ថា៖​ “ការស៊ើប​អង្កេត​ដោយ​ឯករាជ្យ ​និង​ម៉ត់​ចត់​ត្រូវ​តែ​ធ្វើ​ឡើង​ឲ្យុ​បាន​ឆាប់​រហ័សដោយស្ថាប័នឯករាជ្យ​ ​ដែល​មិន​​ជាប់​ទាក់ទង​​នឹង​​រាជ​រដ្ឋា​ភិបាល​”​ អ្នក​ទាំងនោះ​ក៏បាន​អំពាវ​នាវ​អោយ​មាន​ការស៊ើប​អង្កេ​ត​ដែល​មិន​ទាន់​បានធ្វើ​ឡើង​ផង​ដែរ​។

ការវិវត្តន៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​បរិបទ​នយោបាយ​កាន់​តែ​មាន​ភាព​តាន​តឹង​ ខណៈ​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​ លោក ​សម រង្ស៊ី​ និង​លោក​ កឹម ​សុខា​ ប្រធាន ​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​ដាក់​ជា​គោលដៅ​ក្នុង​ការ​បង្រ្កាប​ ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ដែល​រារាំង​អ្នក​ទាំងពីរ​មិន​ឲ្យ​ចូល​រួម​ជិវិត​នយោបាយ​ជា​សាធារណៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ទោស​នយោបាយ​ចំនួន​២៦​រូប​ រាប់​បញ្ចូល​ទាំង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ​គឺ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។​ សម្ដេច​នាយករដ្ឋមន្រ្តី ​ហ៊ុន​ សែន ​និង​មន្រ្តី​ជាន់​ខ្ពស់​​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ការ​គំរាម​កំហែង​អ្នក​នយោបាយ​គណបក្ស​ជំទាស់​ អ្នកវិភាគ​នយោបាយ​ និង​សង្គម​ស៊ីវិល​ តាមរយៈ​បណ្ដឹង​ជា​ច្រើន ​រាប់​បញ្ចូល​ទាំង​ “បទ​បរិហារ​កេរ្តិ៍”។ ​ខណៈ​ពេល​ មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើស​ង្គម​ស៊ីវិល​ និង​សំឡេង​អ្នក​រិះគ​ន់​ឯករាជ្យ​ និង​ ការ​ធ្វើ​ទុ​ក្ខ​បុក​ម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​កាន់​តែ​ខ្លាំង​ឡើងៗ​ ភាព​តាន​តឹង​ផ្នែក​នយោបាយ​ទាំង​នេះ​ បាន​គំរាម​កំហែង​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុតិ្តធម៌​ ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨ ​នាពេលខាង​មុខ​នេះ។​

សារ​សំខាន់ៗ​សម្រាប់​ស្នើ​ឲ្យមាន​ការ​ឆ្លើយ​តប​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​

ស្ថិត​ក្នុង​ការ​ប្រឈម​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​កាន់​តាន​តឹង​យ៉ាង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូចជា​គោល​នយោបាយ​រាជ​រដ្ឋា​ភិបាល​ និង​ការ​អនុវត្ត​ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុង​ប៉ារីស​ និង​ផ្ទុយ​ទៅ​នឹង​ស្មារតី​របស់​អង្គការ​សហ​ប្រជាជាតិ​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​គួរ​តែ​អនុម័ត​ដំណោះ​ស្រាយ​ដូច​តទៅ៖​


- សូមថ្កោល​ទោស​ ចំពោះ​ការ​គំរាម​កំហែង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សំឡេង​អ្នក​រិះ​គន់​ ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ជួប​ជុំ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ​កង្វះ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ការ​រំលោភ​សិទ្ធិ​ដីធ្លី​និង​លំនៅ​ដ្ឋាន ​ការ​រំលោភ​សិទ្ធិ​ស្រ្តី​និង​សិទ្ធិជន​ជាតិ​ដើម​ភាគ​តិច​ ការ​ធ្វើ​ឲ្យ​បា​ត់​បង់​នូវ​គោល​ការណ៍​និង​ស្ថាប័ន​លទ្ធិ​ប្រជា​ធិប​តេយ្យ​ជា​មូល​ដ្ឋាន​ និង​ការ​បន្ត​ឲ្យ​កើត​មាន​និទណ្ឌភាព​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​
- សូម​ជំរុញ​ ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បញ្ឈប់​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់​ធ្ងរ​ទាំង​នេះ​ ដើម្បី​គោរព​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​របស់​ខ្លួន​ ហើយ​អនុវត្ត​កំណែ​ទម្រង់​ច្បាប់ ​និង​ស្ថាប័ន​មួយ​ចំនួន​ដែល​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​​ពី​សារសំខាន់។​
- សូម​ជំរុញ​ ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​សកម្មជន​ទាំង​អស់​ជា​បន្ទាន់​ រួម​មាន​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​គាំទ្រ​និង​សមាជិក​គណបក្ស​ជំទាស់​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ដោយ​មិន​ត្រឹម​ត្រូវ ​ដោយ​គ្រាន់​តែ​អ្នក​ទាំង​នោះ​ប្រើ​ប្រាស់​សិទ្ធិ​និង​សេរីភាព​ជា​មូល​ដ្ឋានរបស់ខ្លួន ​និង​សូម​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​នូវ​បទ​ចោទ​ទាំង​ឡាយ​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ទាំង​នោះ។​
- សូម​អំពាវ​នាវ​ ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ ​ដោយ​ឯករាជ្យ​ មាន​ត​ម្លា​ភាព ​ប្រសិទ្ធភាព​ មិន​លំអៀង​ និង​ដោយ​ម៉ត់​ចត់​ ក្នុង​ករណី​អំពើ​ហិង្សា​នានា ​រាប់​បញ្ចូល​ទាំង​ ករណី​អង្គរក្ស​បី​នាក់​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​តំណាងរាស្រ្ត​ពីរ​រូប​មក​ពី​គណបក្សជំទាស់​ កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៥​ និង​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ​ឡី ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ កាលពី​ថ្ងៃ​ទី​១០ ​ខែ​កក្កដា​ ហើយ​ត្រូវ​យក​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​ រួម​ទាំង​អ្នក​ផ្ដើម​គំនិត​ ឬ​អ្ន​ក​នៅ​ពី​ក្រោយ​អំពើ​ហិង្សា​ទាំងនោះ​ ដើម្បី​យក​ទៅ​កាត់​ទោស​ក្នុង​សវនាការ​ត្រឹម​ត្រូវ​មួយ​។
- សូម​អំពាវ​នាវ​ ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ច្បាប់​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ពី​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ទាក់​ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​ការ​ជួប​ជុំ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ ឬ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់​ទាំង​នោះ​ដើម្បី​ឲ្យ​ស្រប​ជាមួយ​ស្ដង់​ដា​អន្តរជាតិ​ រួម​បញ្ចូល​ទាំង​ ច្បាប់​ស្ដី​ពី​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ច្បាប់​ស្ដី​ពី​សហជីព​ និង​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​ ហើយ​បញ្ឈប់​ការ​អនុម័ត​បទ​បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​ទៅ​នឹង​គោលការណ៍​អន្តរជាតិ។
- សូម​អំពាវ​នាវ​ ឲ្យ​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​វិ​សោធន​កម្ម​ច្បាប់​បី​គឺ​ “ច្បាប់​ស្ដី​ពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​” (ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​តុលាការ​ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​នៃ​អង្គ​ចៅ​ក្រម​និង​ព្រះ​រាជ​អាជ្ញា​ និង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​និង​​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​) ដែល​មាន​ការ​ជ្រៀត​ជ្រែក​ទៅ​លើ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ ហើយ​ផ្ទុយ​ពី​គោលការណ៍​អន្តរជាតិ​និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
- ​សូម​អំពាវនាវ​ ឲ្យ​រាជ​រ​ដ្ឋាភិបាល​កម្ពុជា​បង្កើត​ផែនការណ៍​សកម្មភាព​ជាក់​លាក់​សម្រាប់​ការ​អនុវត្ត​អនុ​សាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​និង​អតីត​អ្នករាយការណ៍​ពិសេស​នៃអ​ង្គការ​សហ​ប្រជាជាតិ​ ក៏ដូចជា​យន្ត​ការ​អង្គការ​សហ​ប្រជាជាតិ​ រួម​ប​ញ្ចូល​ទាំង​សន្ធិ​សញ្ញា​នៃ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ផ្អែក​លើ​នីតិ​វិ​ធី​ពិសេស​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ ការ​ពិនិត្យ​ឡើង​វិញ​ជា​ស​កល ​ការិយាល័យ​ឧត្តម​ស្នង​ការ​នៃ​អង្គការ​សហ​ប្រជាជាតិ​ និង​អគ្គលេខា​ធិការនៃ​អង្គការ​សហ​ប្រជា​ជាតិ។​
- សូម​​ជំរុញ ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធានា​​តម្លា​ភាព​ និង​ទំនុក​ចិត្ត​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ និង​បង្កើត​លក្ខខណ្ឌ​ចាំ​បា​ច់សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នា​ពេល​ខាង​មុខ​នេះ​ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ យុត្តិធម៌ ​ត្រឹមត្រូ​វ ​ទំនុកចិត្ត​ សន្តិភាព ​និង​ត​ម្លាភាព​ ដោយ​ស្រប​ទៅ​នឹង​ការ​ប្ដេជ្ញា​ជា​អន្តរជាតិ​រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​។ សំណើ​នេះ​ផង​ដែរ​ក៏​សូម​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បើក​ទូលាយ​ការ​ចូលរួម​ផ្នែក​នយោបាយ ​និង​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ រួម​បញ្ចូល​ទាំង​សិទ្ធិ​ក្នុង​កា​រ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត​ សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជួបជុំ​និង​ប្រមូល​ផ្ដុំ​ដោយ​សន្ដិវិធី។​
- សូម​អំពាវ​នាវ​ ឲ្យ​រាជ​រដ្ឋា​ភិបា​ល​កម្ពុជា​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ ដែល​មាន​ភាព​ឯករាជ្យ​ ស្រប​តាម​គោលការណ៍​នៃ​ស្ថាប័ន​ជាតិ​សម្រាប់​ការ​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​ (“គោលការណ៍​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស”​)។
- សូម​អំពាវនាវ​ ឲ្យ​រាជរ​ដ្ឋា​ភិបាល​ក​ម្ពុជា​សហការ​ឲ្យ​បានពេញ​លេញ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ​ ក៏ដូចជា​ស្ថាប័ន​ និង​យន្តការ​សិទ្ធិ​ម​នុស្ស​ផ្សេងទៀត​នៃ​អង្គការ​សហប្រជាជាតិ​ អំពី​ស្ថានភាព​ សិទ្ធិមនុស្ស​នៅ​កម្ពុជា។
- សូម​សើ្ន​ ទៅ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដើម្បី​វាយ​តម្លៃ​ពី​ការ​អនុវត្ត​អនុសាសន៍ ដែលបាន​ដាក់​ជូ​ន​ទៅ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដោយ​ស្ថាប័ន​និង​យន្តការ​អង្គការ​សហ​ប្រជាជាតិ​ផ្សេងទៀត​ ​ រួមបញ្ចូល​ទាំង​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​បច្ចុប្បន្ន​និង​អតីត​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ ដើម្បី​កំណត់ពីគោលការណ៍រីកចម្រើន​ និង​តំបន់​អាទិភាព​សម្រាប់​ការកែ​ប្រែ​សមស្រប​មួយក្នុងការ​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាលក្ខណ​ប្រព័ន្ធ​ ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជាកន្លង​មក។​
- សូម​ផ្ដល់ឱកាសឲ្យ​ អ្នក​ទទួល​ខុសត្រូវ​លើ​នីតិវិធី​ពិសេស​ ដើម្បី​ចូលរួម​ឲ្យ​បាន​ពេញ​លេញ ​និង​សម្រប​សម្រួល​ជាមួយ​នឹង​អ្នក​រាយការណ៍​ពិសេស​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​
- សូម​រក្សារ​ ភាព​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា

យើង​ខ្ញុំ​ សូម​អំពាវ​នាវ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ក្នុង​ការ​បន្ត​អាណត្តិ​ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​ដោយ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​នៃ​ការ​យល់​យោគ​ឲ្យ​បាន​ឆាប់​រហ័ស​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ការិយាល័យ​ឧត្តម​ស្នង​ការ​នៃ​អង្គការ​សហប្រជាជាតិ​ និង​ដើម្បី​គូស​បញ្ជាក់​ពី​សារ​សំខាន់​នៃ​ការ​បន្ត​អនុស្សរណៈ​រវាង​ការងារ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ ស្ថាប័ន​និង​យន្ត​ការ​អង្គការ​សហប្រជាជាតិ​ដទៃ​ទៀត​ និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស។​

* * *

ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រយៈពេល​២៥ឆ្នាំ​ ដំណោះ​ស្រាយ​នេះ​គួរ​តែ​ត្រូវ​លើក​យក​មក​បញ្ជាក់​ជា​ថ្មី​ទៀត​នៅ​ក្នុង​ទំនួល​ខុស​ត្រូវ​ជា​ប្រវត្តិសាស្រ្ត​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ស្វែង​រ​កយុត្តិធម៌​ លទ្ធិ​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​។ ដោយ​សារ​តែ​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី៣៣​នេះ​ជា​ពេល​វេលា​ចុង​ក្រោយ​ក្នុង​ការ​ពិនិត្យ​លើ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់​មក​ដល់​ (ថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​) ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​គួរ​តែ​មាន​ឆន្ទៈ​ច្បាស់​លាស់​ក្នុង​ការ​បន្ត​ឃ្លាំ​មើល​ឲ្យ​បាន​ដិត​ដល់​ និង​ដោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​អនុម័ត​ដំណោះ​ស្រាយ​មួយ​ដែល​លើក​ឡើង​ពី​ការ​ព្រួយ​បារម្មណ៍​ដូច​បាន​រៀប​រាប់​ខាង​លើ ​និង​សូម​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​ការ​កែ​ប្រែ​សកម្មភាព​រំលោភ​បំពាន​ទាំង​នេះ​ជា​បន្ទាន់​។

យើង​ខ្ញុំ ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ទាំង​នេះ​ និង​រីក​រាយ​ក្នុង​ការ​ផ្ដល់​ព័ត៌​មាន​បន្ថែម​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទាំង​នេះ​ទៅ​តាម​តម្រូវ​ការ។​

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ពារ​សិទ្ធិ​មនុស្ស ​លីកាដូ ​(LICADHO)
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)
សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (ADHOC)
International​ Federation​ for​ Human​ Rights​ (FIDH)
Asian​ Forum​ for​ Human​ Rights​ and​ Development​ (FORUM-ASIA)
CIVICUS:​ World​ Alliance​ for​ Citizen​ Participation​
Civil​ Rights Defenders
International Commission of Jurists
International Service for Human Rights
Human Rights Now
Human Rights Watch
World Organization Against Torture (OMCT)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា