របាយការណ៍សង្ខេប

បច្ចុប្បន្ន​ភាព​ឆ្នាំ​២០១៦​៖ ​ការ​រួច​ខ្លួន​ពី​បទ​ល្មើស​

ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០១៦
F T M
អ្នក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​កំពុង​សម្ភាស​ជាមួយ​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេព​សន្ថវៈ​និង​ម្ដាយ​របស់​នាង​

កាល​​ពី​១​ឆ្នាំ​មុន​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​-លីកាដូ​ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្ដីពី​ “ការរួ​ច​ខ្លួន​ពីបទ​ល្មើស​៖ ​ការ​អនុវត្ត​ច្បាប់​​ចំពោះ​បទ​ល្មើស​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រព័ន្ធ​តុលាការ​​កម្ពុជា”​ ដើម្បី​ប្រារព្ធ​យុទ្ធនាការ​ ១៦ថ្ងៃ​ ឆ្នាំ​២០១៥​ ទប់​ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​លើស្រ្តី។​ ​របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សំ­ណុំ​រឿង​ជា​ច្រើន​ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​ និង​២០១៤​ ហើយ​បាន​រកឃើញ​ថា ​ការផ្តន្ទា​ទោស​លើ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ​និង​ជា​លក្ខណៈ​ជាប្រព័ន្ធ​ ដែល​បណ្ដាល​ឲ្យ​ការផ្ដន្ទាទោស​លើ​សំណុំរឿង​ទាំង​នេះ​នៅមាន​ចំនួន​ទាប​គួរ​ឲ្យ​ព្រួយ​បារម្ភ​។​ នេះ​អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូចជា​៖​ ការ​ប្រើ​ប្រាស់​ប្រាក់​សំណង​ដើម្បី​ដោះ​ស្រាយ​បញ្ចប់​រឿងក្ដី​ ​ការ​រីករាល​ដាល​នៃ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​នគរបាល​និង​ប្រព័ន្ធ​តុលាការ​ ចៅក្រម​នៅខ្វះ​ការ​យល់ដឹង​និង​ការ​អនុវត្តច្បាប់​ និង​អាកប្ប​កិរិយា​រើស​អើស​ចំពោះ​ស្រ្តី​ភេទ។

​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១៥​​ ​របាយការណ៍​សង្ខេប​ឆ្នាំ​២០១៦​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​វិភាគ​ស្រដៀង​គ្នា​ពាក់ព័ន្ធ​ទៅនឹង​សំណុំរឿង​រំលោភ​​សេព​សន្ថវៈ​ជាច្រើន​ករណី​ ដែល​អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១៥​ ហើយ​បាន​រកឃើញ​ថា​ នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​មាន​កំហុ­ស​ឆ្គង​ធ្ងន់​ធ្ងរ​ជាច្រើន​ដែល​បាន​រៀប​រាប់​នៅក្នុង​របាយការណ៍​ឆ្នាំមុន​ ប៉ុន្តែ​នៅតែ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​។

សេចក្ដី​សង្ខេប​នៃ​សំណុំរឿង​ទាំងអស់

​កាល​ពី​ឆ្នាំ​២០១៥​ អង្គការ​លីកាដូ​បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​សំណុំរឿង​រំលោភ​សេព​សន្ថវៈ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ចំនួន​២៨២​ករណី​ ដែល​ក្នុងនោះ​មាន​១២៥​ករណី​ត្រូ​វ​បាន​បិទ​បញ្ចប់​ និង​១៥៧​ករណី​នៅ​បើក​បន្ត។​ ចំពោះ​សំណុំ​រឿង​ដែល​នៅ​​បើក​បន្តមាន​ ៣៨​ករណី​ ត្រូវ​បាន​ចុះកាល​បរិច្ឆេទ​តាំង​ពី​ត្រីមាស​ទី១​នៃឆ្នាំ​២០១៥​ ដែល​នេះ​មាន​ន័យថា​សំណុំរឿង​ទាំង​នោះ ​នៅតែ​មិនទាន់​ត្រូវបាន​ដោះ​ស្រាយ​រយៈពេល​ជិត២ឆ្នាំ​ទៅហើយ។​​ នេះ​បង្ហាញ​ថា​ ​ការ​ឆ្លើយ​តប​នៃ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ចំពោះ​របាយការណ៍​នៃការ​រំលោភ​សេពសន្ថវៈ​នៅមាន​ការ​យឺត​យ៉ាវ។

សំណុំរឿង​ទាំង២៨២​ករណី​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជន​រង​គ្រោះ​ចំ​នួន​២៩២នាក់​ ដែល​ក្នុង​នោះ​មាន​២១៧នាក់​ជាកុមារ​អាយុ​ក្រោម​១៨ឆ្នាំ​ និង​៧៥នាក់​ជាស្រ្តី​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ទៅ។​ តួលេខ​ទាប​នៃ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ស្រ្តី​ពេញវ័យ​ជារឿង​ដែល​បន្តកើត​មាន​ឡើង​តាំង​ពីរ​បាយការណ៍​ឆ្នាំ២០១៥​ ហើយ​នេះ​អាច​មក​ពីមូលហេតុ​នៃការ​មិន​បាន​រាយការណ៍​របស់​ជន​រងគ្រោះ​ ​ជា​ជាង​តួលេខ​ដែលតំ​ណាង​ឲ្យ​ទិន្នន័យ​ទាំងអស់​នៃ​សំណុំរឿង​រំលោភ​សេព​សន្ថវៈ​។ ​ភាព​ភ័យខ្លាច​នៃ​ស្លាកស្នាម​សង្គម​ ការស្ដី​បន្តោស​ និង​ការបដិសេធ​ពីសំណាក់​ស្វាមី​រ​បស់​ជន​រងគ្រោះ​ទាំងនោះ​ គឺជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​លំបាក​យ៉ាងខ្លាំង​ដល់​ស្រ្តី​ពេញវ័យ​ដើម្បី​រាយការណ៍​ពី​អំពើ​រំលោភ​សេព​សន្ថវៈ។

ក្នុង​ចំណោម​កុមារ​រង​គ្រោះ​អាយុ​ក្រោម​១៨ឆ្នាំ​ទាំង​នោះ​មាន​៖ ​១៤នាក់​​ (៦.៥%)​ គឺ​មាន​អាយុ​ចន្លោះ​ពី១​ទៅ៥ឆ្នាំ​ ៧៦នាក់​ (៣៥%)​ គឺ​មាន​អាយុ​ចន្លោះ​ពី៦​ទៅ​១១ឆ្នាំ​ និង​១២៧នាក់​ (៥៨.៥%)​ គឺមាន​អាយុ​ចន្លោះ​ពី១២​ទៅ​១៧ឆ្នាំ​។ ​ក្នុងនោះ​មាន​ករណី​មួយ​ពាក់ព័ន្ធ​នឹង​ជនរង​គ្រោះ​ជាបុរស​ ប៉ុន្តែ​ករណី​ទាំងអស់​ផ្សេងទៀត​ជនរងគ្រោះ​​ជា​ស្រ្តី។ ចំនួន​ភាគរយ​ទាំងនេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​យ៉ាងខ្លាំង​ទៅនឹង​ករណី​រំលោភ​សេពសន្ថវៈ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​ ដែល​បាន​រកឃើញថា​ ៥៨% ​នៃកុមារ​រងគ្រោះ​មាន​អាយុ​ចន្លោះ​ពី១២​ទៅ​១៧ឆ្នាំ​។​ នេះ​បង្ហាញ​ថា​ នៅ​ពេល​កុមារមាន​អាយុ​កាន់តែ​ច្រើន​ នោះ​ពួកគេ​កាន់តែ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ ជា​ពិសេស​នៅពេល​ពួកគេ​កំពុង​លូតលាស់​ក្លាយ​ជា​មនុស្ស​ពេញវ័យ។

លទ្ធផល​នៃ​សំណុំរឿង​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ទាំងអស់

​ដូចគ្នា​នឹង​របាយការណ៍​ឆ្នាំ​២០១៥​ដែរ ​ ការវិភាគ​លើ​សំណុំរឿង​ដែល​ត្រូវ​បា​ន​បិទ​បញ្ចប់​គឺ​ត្រូវ​បែង​ចែក​ជា​៣​ប្រភេទធំៗដូចជា​៖​ សំណុំ​រឿង​ដែល​បាន​បិទ​បញ្ចប់​នៅ​ចំណុច​ណាមួយ​មុន​ពេល​សវនាការ​ សំណុំ​រឿង​ដែល​បាន​បញ្ចូន​ទៅ​ជំនុំ​ជម្រះ​ប៉ុន្តែ​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​ផ្ដន្ទាទោស​ឬ​ការ​ផ្ដន្ទាទោស​ដែល​គួរ​ឲ្យ​សង្ស័យ​ និង​សំណុំរឿង​ដែល​បាន​បិទ​បញ្ចប់​ទៅ​ជាមួយ​នឹង​ការ​ផ្ដន្ទាទោស​ចំពោះ​បទល្មើស​រំលោភ​សេព​សន្ថវៈ​និង​ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្នុង​ចំណោម​ករណី​សរុប​ចំនួន​១២៥​ ដែល​ត្រូវ​បាន​បិទ​បញ្ចប់​គឺ​មាន​ជាប់​ពាក់​ព័ន្ធ​ទាំង​ស្រ្តី​និង​កុមារ​ដែល​ក្នុង​នោះ​មាន​ ៣២​ករណី​ (២៥.៥%)​ បាន​បិទ​បញ្ចប់​មុនពេល​សវនាការ​ ៤០​ករណី​ (៣២%)​ បាន​បិទ​បញ្ចប់​ជាមួយ​នឹង​ការ​ជំនុំ​ជម្រះ​ដោយ​ការ​ផ្ដន្ទាទោស​មិន​ត្រឹមត្រូវ​ឬ​សម្រេច​ឲ្យ​ដោះលែង​ និង​៥៣​ករណី​ (៤២.៥%)​ទៀត​ បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទា​ទោស​និងការ​ដាក់ទោស​សមស្រប។​ ជាការ​ប្រៀបធៀប​ជាមួយ​នឹង​របាយការណ៍​ឆ្នាំ២០១៥​ ចំនួន​ភាគរយ​នៃ​សំណុំរឿង​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​មុនពេល​សវនាការ​មានការ​ថយ​ចុះ​តិចជាង​ ៣២%​ ចំនួន​ភាគរយ​នៃ​សំណុំរឿង​ដែល​ត្រូវបាន​ផ្ដន្ទាទោស​មិ​ន​ត្រឹម​ត្រូវ​ឬ​សម្រច​ឲ្យ​ដោះលែង​មាន​ការ​ថយ​ចុះ​ប​ន្តិច​បន្ដួច​ពី​ ៣៣%​ និង​ចំនួន​ភាគរយ​នៃ​សំណុំរឿង​ដែល​ត្រូវបាន​ផ្ដន្ទាទោស​ត្រឹមត្រូវ​និង​ដាក់​ទោស​សមស្រប​មាន​ការ​កើន​ឡើង​ច្រើន​ជាង​៣៥%។​ ការ​កើនឡើង​នៃ​ការ​ផ្ដន្ទាទោស​ត្រឹមត្រូវ​គឺជា​ចំណុច​វិជ្ជមាន​ ប៉ុន្តែ​តម្លៃ​នៃ​ទិន្នន័យ​រយៈពេល​មួយឆ្នាំ​នេះគឺ​មិន​គ្រប់គ្រាន់​ក្នុងការ​សន្និដ្ឋាន​ថាវាជា​ទិន្នន័យ​តំណាង​ឲ្យ​សំណុំរឿង​រំលោភ​សេពសន្ថវៈ​ទាំងអស់​បានទេ។​ លើស​ពីនេះ​ទៅទៀត​ ការពិនិត្យ​សំណុំរឿង​ដែល​បាន​បិទបញ្ចប់​មុនពេល​សវនាការ​និង​សំណុំរឿង​ដែល​បាន​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស​មិនត្រឹមត្រូវ​បង្ហាញថា​ ការអនុវ​ត្ត​និង​កំហុស​ឆ្គង​ទាំងអស់​ដែលបាន​ពិភាក្សា​នៅក្នុង​របាយការណ៍​ឆ្នាំ​២០១៥​ នៅតែបន្ត​កើត​មាន​ឡើង​។

ការ​បញ្ចប់​រឿង​ក្ដី​ដោយ​សំណង

​ដូចគ្នា​នឹង​របាយការណ៍​ឆ្នាំ​២០១៥​ដែរ​ សំណុំ​រឿង​ដែល​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​សំណង​មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រភេទ​នៃសំ​ណុំរឿង​ដែល​បាន​បិទ​បញ្ចប់​មុន​ពេល​សវនាការ។​ អ្នក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​បាន​ទទួ​ល​ព័ត៌មាន​ថា​ ក្នុង​ចំណោម​៣២​ករណី​មាន​១៩ករណី​ត្រូវ​បាន​ដោះ​ស្រាយ​បញ្ចប់​ដោយ​ប្រាក់​សំណង​ ដើម្បី​ជាថ្នូរ​ឲ្យ​ជនរង​គ្រោះ​ដក​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ​។​ ក្នុង​នោះ​មាន​៥ករណី​ពាក់ព័ន្ធ​នឹង​ស្រ្តី​មាន​អាយុ​ចាប់​ពី​១៨ឆ្នាំ​ឡើង​ទៅ ​និង​១៤​ករណី​ពាក់ព័ន្ធ​នឹង​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​។

ការចរចា​ក្នុងការ​ដោះដូរ​សំណង​ភាគច្រើន​ត្រូវបាន​ធ្វើឡើង​ក្រោមការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​ បន្ទាប់​ពី​សំណុំ​រឿង​ត្រូវ​បាន​រាយការណ៍​ទៅកាន់​ពួកគាត់​។​ ក្នុង​ចំណោម​១៩​ករណី​មាន​៨ករណី​ដែល​សំណង​ត្រូវ​បាន​ចរចា​ដោយ​នគរបាល​ ៤ករណី​ត្រូវបាន​ចរចា​ដោយ​ព្រះរាជ​អាជ្ញា​ ២ករណី​ត្រូវបាន​ចរចា​ដោយ​ចៅក្រម​ស៊ើបសួរ​ និង​១ករណី​ទៀត​ត្រូវ​បាន​ចរចា​ដោយមេឃុំ/​ចៅសង្កាត់​។​ ក្នុងនោះ​មាន​៤ករណី​ដែល​ត្រូវ​បាន​ចរចា​ដោយ​គ្រួសារ​ជនរងគ្រោះ​និង​ជន​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​មិនមាន​ការ​សម្រប​សម្រួល​ពី​អ្នក​ដទៃទេ​ ហើយ​ក្នុង​៤ករណី​នោះ​មា​ន​៣ករណី​ដែល​ជន​រងគ្រោះ​និង​ជនប្រព្រឹត្ត​បទល្មើស​គឺជា​សាច់ញាតិ។

នៅ​ពេល​នគរបាល​និង​មន្រ្តីតុ​លាការ​ជួយ​ចរចាអំ​ពីសំណង​ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​ក្ដី ​អ្នកទាំងនោះ​តែងតែ​ទទួល​បានប្រាក់​ពីជន​សង្ស័យ​ ហើយ​ពេលខ្លះ​ទទួល​បាន​ប្រាក់​ពីជន​រងគ្រោះ។​ ព័ត៌មាន​អំពី​ការទទួល​បានប្រាក់នេះ​គឺមា​នការ​លំបាក​ក្នុងការ​បង្ហាញ​ដោយសារ​ចរិក​លក្ខណៈ​ពុករលួយ​របស់​អ្នកទាំងនោះ ​ហើយភាគី​ទាំងអស់​ចង់រក្សា​ទុករឿង​នេះ​ជា​សម្ងាត់​ ប៉ុន្តែ​ពេលខ្លះ​អ្នកឃ្លាំមើល​នៃ​អង្គការ​លីកាដូ​បាន​ឮ​ព័ត៌មាន​លម្អិត​នៃការ​ចរចា​នោះ។

ស្រ្តី​អាយុ​២៤ឆ្នាំ​ម្នាក់ ​​ត្រូវ​បាន​ចាប់​រំលោភ​បន្ទាប់​ពីចូ​លរួម​ពិធី​មង្គល​ការ​របស់​សាច់​ញាតិ។​ ដំបូង​ឡើយ​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​​ ហើយ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​ព្រះរាជ​អាជ្ញា។​ នៅ​ដំណាក់​កាល​នោះ​ ជន​រងគ្រោះ​បាន​ព្រម​ទទួល​យក​ប្រាក់​សំណង​ពីជន​សង្ស័យ​ចំនួន​១៥០០​ដុល្លារ​ ដើម្បី​ជា​ថ្នូរ​ឲ្យ​ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង​វិញ។ ​ជន​សង្ស័យ​បាន​យល់​ព្រម​ប្រគល់​ប្រាក់​៣០០០​ដុល្លារ​ ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ដើម្បី​ធានា​ថា​ជន​សង្ស័យ​នឹង​មិនត្រូវ​បាន​ចោទ​ប្រកាន់​។​ ព្រះរាជ​អាជ្ញា​បាន​ទទួល​យក​ប្រាក់​នោះ​ ហើយ​ជន​សង្ស័យ​ត្រូវ​បាន​ដោះលែង​ ប៉ុន្តែ​នៅក្នុង​សំណុំ​រឿង​នេះ​ ជន​រងគ្រោះ​មិន​ដែល​ទទួល​បាន​ប្រាក់​សំណង​នោះ​ទេ។​ វាអាច​ទៅ​រួច​ដែរ​​ថា ​ចៅក្រម​ស៊ើប​សួ​រក៏​ទទួល​បាន​ប្រាក់​ផងដែរ ​ដោយ​សារ​សំណុំ​រឿង​នេះ​ស្ថិត​នៅក្រោម​អំណាច​របស់គាត់​ក្នុងការ​សម្រេច​ឃុំខ្លួន​ ឬ​ដោះលែង​ជនសង្ស័យ​មុន​ពេល​សវនាការ។

ច្បាប់​កម្ពុជា​មិនអនុញ្ញត​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​រឿ​ងក្ដី​ព្រហ្មទណ្ឌ​ដោយ​សំណង​ជា​ប្រាក់​នោះទេ ​ហើយ​មន្រ្តី​នគរបាល​ត្រូវ​ទទួល​ទោស​ព្រហ្ម​ទណ្ឌ​ប្រសិន​បើ​ពួកគាត់​បដិសេធ​ដំណើរ​ការ​រឿង​ក្ដី​ព្រហ្មទណ្ឌ​នៅ​ពេល​ជន​រងគ្រោះ​ដក​ពាក្យ​បណ្ដឹង ​ឬ​ទោះ​បី​ជា​មាន​ការ​ចរចា​ដោះ​ស្រាយ​បញ្ចប់​រឿង​ក្ដី​រវាង​ជនរងគ្រោះ​និង​ជន​សង្ស័យ​ក៏ដោយ​។ ​ការ​ទទួល​សំណូក​ដោយ​មន្រ្តី​សាធារណៈ​និង​ចៅក្រម​ គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​។​ ទិន្នន័យ​និង​បទ​ពិសោធន៍​របស់​អ្នក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​បង្ហាញ​ថា​ ការ​អនុវត្ត​បែប​នេះ​នៅ​តែ​កើត​មាន​ឡើង​ជា​ញឹក​ញាប់​ដដែល​​ ប៉ុន្តែ​វា​នឹង​ត្រូវ​កាត់​បន្ថយ​ប្រសិន​បើ​មាន​ការ​ផ្ដន្ទាទោស​បទលើ្មស​ទាំង​នេះ។

ការ​រៀប​អាពាហ៍​ពិពាហ៍​ជន​រងគ្រោះ​ជាមួយ​ជនសង្ស័យ

ក្នុងឆ្នាំ​២០១៥​ អ្នកឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ​បាន​ទទួល​ព័ត៌មាន​ថា​ មាន​សំណុំ​រឿង​ចំនួន២​ដែល​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ការ​រៀប​អាពាហ៍​ពិពាហ៍​រវាង​ជន​រងគ្រោះ​និង​ជន​សង្ស័យ​។​ ដូចគ្នា​នឹង​របាយការណ៍​ឆ្នាំ​២០១៥​ដែរ​ តួលេខ​នៃ​ករណី​នេះ​គឺ​នៅ​មាន​ចំនួន​ទាប​ ប៉ុន្តែ​បើ​ករណី​នេះ​នៅតែ​បន្ត​កើត​មាន​ឡើង​រហូត​ នោះ​នឹង​នាំឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​ ​មាន​ការ​បង្ហាញ​ថា​ ការឲ្យ​តម្លៃ​ទៅ​លើ​ស្រ្តី​នៅ​មាន​កម្រិត​ទាប​ ហើយ​តម្លៃ​នោះ​ត្រូវ​បានភ្ជាប់​ទៅ​នឹង​ល្បែង​តណ្ហា​ផ្លូវភេទ​របស់​ជន​ទាំង​នោះ​។​ វា​នៅ​តែ​ជា​ការ​បាត់បង់​​សម្រាប់​ស្រ្តី​និ​ង​កុមារ​មួយ​ចំនួន​ ទោះបី​ជា​ជន​រង​គ្រោះ​ទាំងនោះ​បាន​រៀបការ​ជាមួយ​ជនសង្ស័យ​ក្រោយ​ពី​ទទួល​រងការ​រំលោភ​សេ​ព​សន្ថវៈ​ ដោយសារ​ករណី​នេះ​ត្រូវបាន​មើល​ឃើញ​ថា​ វាត្រឹម​តែ​ជា​មធ្យោបាយ​ដោះ​ទាល់​ល្អ​បំផុត​មួយ​ ឬ​ដោយ​សារ​វា​ជា​ជម្រើស​តែ​មួយ​គត់​។

កុមារី​អាយុ​១២ឆ្នាំ​ម្នាក់ ​ត្រូវ​បាន​បុរស​អាយុ​២០ឆ្នាំ​ម្នាក់​ចាប់​រំលោភ​ចំនួន​៣​ដង​។​ គ្រួសារ​របស់​នាង​បាន​រាយការណ៍​សំណុំរឿង​នេះ​ទៅ​មន្រ្តី​នគរបាល​ថ្នាក់ឃុំ​ ដែល​ជាអ្នក​រៀបចំ​ការ​ចរចា​ជាមួយ​គ្រួសារ​ជន​សង្ស័យ។​ គ្រួសារ​កុមារី​រងគ្រោះ​បាន​យល់​ព្រម​ឲ្យ​កុមារី​រងគ្រោះ​រៀបការ​ជាមួយ​បុរស​នោះ​ភ្លាមៗ​នៅ​ពេល​នាង​គ្រប់​អាយុ​១៦​ឆ្នាំ​ (អាយុនីតិភាព​សម្រាប់​ការរៀប​អាពាហ៍​ពិពាហ៍​) និង​យល់​ព្រម​ដក​បណ្ដឹង​ព្រហ្មទណ្ឌ​វិញ​។​ វា​ហាក់​ដូចជា​ មន្រ្តី​នគរបាល​បាន​ទទួល​ប្រាក់​សម្រាប់​សម្រប​សម្រួល​ក្នុង​ការ​ចរចា។

​​

ប្រទូស្ដ​កេរ​ខ្មាស

ចំពោះ​សំណុំ​រឿង​ដែល​បាន​បញ្ចប់​ដោយ​ការ​ផ្ដន្ទាទោស​មិន​ត្រឹម​ត្រូវ​ឬ​ការ​សម្រេច​ឲ្យ​ដោះ​លែង​មាន​១០​ករណី​ ដែល​ព្រះរាជ​អាជ្ញា​បាន​ធ្វើកា​រ​ចោទ​ប្រកាន់​ពី​បទ​រំ​លោភ​សេព​សន្ថវៈ​ ប៉ុន្តែ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ផ្ដន្ទា​ទោស​ពី​បទ​ប្រទូស្ដ​កេរ​ខ្មាស​ទៅ​វិញ​។​ បទ​ចោទ​ត្រូវ​បាន​ប្ដូរ​ដោយ​ចៅក្រម​ស៊ើប​សួរ​និង​ចៅ​ក្រម​ជំនុំ​ជម្រះ​។ បទ​ប្រទូស្ដ​កេរ​ខ្មាស​ជាបទ​ល្មើស​ស្រាល​ជាង​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ ​ដែល​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី១​ទៅ៣ឆ្នាំ​។ ក្នុង​ករណី​មួយ​ចំនួន​ ការ​ប្ដូរ​បទ​ចោទ​ត្រូវ​មាន​ហេតុផល​ស្រប​ច្បាប់​ដូច​បាន​ពិភាក្សា​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៥​ ប៉ុន្តែ​ការ​ប្ដូរ​បទ​ចោទ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ញឹក​ញាប់​ដោយ​សារ​មួយ​ផ្នែក​ជា​ការ​យល់​ច្រឡំ​ផ្លូវច្បាប់​នៃ​ចៅ​ក្រម​ ឬ​ដោយ​សារ​អំពើ​ពុករលួយ។​ ជា​ឧទាហរណ៍​ ក្នុង​ចំណោម​១០ករណី​មាន​៦ករណី ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​រំលោភ​សេព​សន្ថវៈ​ដែល​ត្រូវ​បាន​រារាំង​ដោយ​មនុស្ស​ផ្សេង​ ឬ​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​ជន​រងគ្រោះ​វាយ​តបត​។ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ទាំងនេះ​ ការ​ផ្ដន្ទាទោស​ពីបទ​ប្រទូស្ដ​កេរខ្មាស​គឺ​ជា​ការ​បក​ស្រាយ​ច្បាប់​មិន​ត្រឹមត្រូវ​ ហើយ​ការ​ផ្ដន្ទាទោស​លើ​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​ឲ្យ​ដូច​នឹង​បទ​រំលោភ​សេព​សន្ថវៈ​ ទើប​ជា​រឿង​ត្រឹម​ត្រូវ​។

ការ​ធ្វើ​កោសល្យ​វិច័យ​ផ្នែក​វេជ្ជសាស្រ្ត​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​បទ​ចោទ​ជា​ញឹក​ញាប់​។ ​ប្រសិន​បើ​របាយការណ៍​កោសល្យវិច័យ​បង្ហាញ​ថា​ គ្មាន​ភ័ស្ដុតាង​បញ្ចាក់​ពី​របួស​ធ្ងន់ធ្ងរ​លើ​ប្រដាប់​បន្ត​ពូជ​ឬ​ការ​ខូចខាត​សន្ទះ​ព្រហ្មចារី​នា​ពេល​ថ្មីៗ​ទេ​ ជា​ទូទៅ​តុលាការ​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​ស្ត្រី​មិនជ្រៅ​ល្មម​ដើម្បី​អាច​ចាត់​ទុក​ជា​អំពើ​រំលោភ​សេព​សន្ថវៈ​នោះ​ទេ​ ហេតុ​នេះ​ហើយ​ទើប​ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រទូស្ដ​កេរ​ខ្មាស។​ នៅ​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ ពេទ្យ​បាន​ផ្ដល់​របាយការណ៍​ដោយ​មិន​មាន​ទម្ងន់​សម​ស្រប​ និង​ភ័ស្ដុ​តាង​ផ្សេង​ទៀត​ក៏​មិន​ត្រូវ​បាន​លើក​យក​មក​បង្ហាញ​ដែរ។​ លើស​ពី​នេះ​ទៅ​ទៀត​ ដោយ​សារ​របាយការណ៍​ពេទ្យ​ជា​ភ័ស្ដុតាង​សំខាន់​ក្នុង​ការ​វិនិច្ឆ័យ​ក្ដី​ ពេល​ខ្លះ​ជន​សង្ស័យ​ផ្ដល់​ប្រាក់​សំណូក​មួយ​ចំនួន​ទៅ​ឲ្យ​អ្នក​ធ្វើកោសល្យ​វិច័យ​ផ្នែក​វេជ្ជសាស្រ្ត​ ឬ​ផ្នែក​សុខាភិបាល​ក្នុង​តំបន់​ ដើម្បី​ជួយ​សម្រួល​ការ​វិនិច្ឆ័យ​របួស​ជន​រងគ្រោះ​។

កុមារី​អាយុ​៧ឆ្នាំ​ម្នាក់​ ត្រូវ​បាន​អ្នក​រស់នៅ​ជិត​ខាង​ចាប់​រំលោភ​ចំនួន​៣ដង​ក្នុង​ពេល​ផ្សេងៗ​គ្នា​។ ជន​សង្ស័យ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ ​និង​បាន​ទទួល​ស្គាល់​ដោយ​ចៅក្រម​ស៊ើបសួរ​។ ទោះ​បី​ជា​យ៉ាងណា​ អំឡុង​ពេល​សវនាការ​ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ប្ដូរ​បទ​ចោទ​ទៅ​ចោទ​ពីបទ​ប្រទូស្ដ​កេរខ្មាស​ទៅវិញ​ ដោយ​សារ​កោសល្យ​វិច័យ​បង្ហាញ​ថា​ គ្មាន​ការ​ខូចខាត​ទៅ​លើ​ប្រដាប់​ភេទ​។ ​ជន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ។

អាយុ​របស់​ជន​រងគ្រោះ

ក្នុង​ចំណោម​សំណុំរឿង​ចំនួន៩​ដែល​ជន​រងគ្រោះ​ជា​អនីតិជន​ ជន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ប៉ុន្តែ​ការ​ដាក់​ទោស​មិន​បាន​លើក​យក​មក​ពិចារណា​នូវ​ស្ថាន​ទម្ងន់ទោស​ដែល​ជន​រងគ្រោះ​ជា​អនីតិជន​នោះ​ទេ​។ យោង​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​គឺ​មាន​ស្ថាន​ទម្ងន់​ទោស​ ប្រសិន​បើ​បទ​ល្មើស​នោះ​បាន​ប្រព្រឹត្ត​ទៅ​លើ​ជន​ដែល​ងាយ​រងគ្រោះ​ដូចជា​អនីតិជន​។ ​នៅ​ពេល​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​ប្រព្រឹត្​ឡើង​ជាមួយ​នឹង​ស្ថាន​ទម្ងន់​ទោស​ ជន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​ដាក់​ទណ្ឌកម្ម​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី៧​ទៅ​១៥ឆ្នាំ​។ ​នៅក្នុង​សំណុំ​រឿង​ចំនួន​៩​ ជន​រងគ្រោះ​មាន​អាយុ​ចន្លោះ​ពី៩​ទៅ​១៤ឆ្នាំ​ ប៉ុន្តែ​ជនប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹមតែ​៥ឆ្នាំ​ប៉ុណ្ណោះ។​ នេះ​បង្ហាញ​ថា ​ចៅក្រម​មួយ​ចំនួន​មិនបាន​យល់​ដឹង​ច្បាស់​ពីបញ្ញត្តិ​ច្បាប់​នៃ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​នៅក្នុង​ក្រម​ព្រហ្មទណ្ឌ​ ឬ​មិន​បាន​គិត​ពិចារណា​ទៅ​លើ​ស្ថាន​ទម្ងន់​ទោស​នៅ​ពេល​សម្រេច​សេចក្ដី​។

ការ​ព្យួរ​ទោស

នៅ​ក្នុង​សំណុំរឿង​ចំនួន៦​ ជន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ ប៉ុន្តែ​មួយ​ផ្នែក​នៃ​ទោស​ត្រូវ​បាន​ព្យួរ។​ ការ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អាច​ត្រូវ​បាន​ព្យួរ​ ប្រសិន​បើ​ទោស​នោះ​តិច​ជាង​ឬ​ស្មើ​នឹង​៥ឆ្នាំ​ និង​ប្រសិន​បើ​ជន​ជាប់​ចោទ​មិន​ធ្លាប់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​ មុន​ពេល​ប្រព្រឹត្ត​បទ​ល្មើស​។ ក្រៅ​ពី​នេះ​ គ្មាន​ហេតុ​ផល​ណា​ដែល​បង្ហាញ​ថា​ការ​ព្យួរ​ទោស​គួរ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នោះ​ទេ​។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​ការ​ផ្ដន្ទាទោស​អប្បបរមា​ចំពោះ​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​មាន​រយៈពេល​៥ឆ្នាំ​ ឬ​ប្រសិន​បើ​ស្ថាន​ទម្ងន់​ទោស​មិន​ត្រូវ​បាន​លើក​យក​មក​ពិចារណា​ ឬ​ប្រសិន​បើ​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​បទ​ប្រទូស្ដ​កេរខ្មាស​ នោះ​ការ​ដាក់​ទោស​លើ​ជន​ប្រព្រឹត្ត​បទ​ល្មើស​អាច​ត្រូវ​បាន​ព្យួរ​។ នេះ​អាច​នាំ​ឲ្យ​សំណុំ​រឿង​មួយ​ចំនួន​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​កម្រិត​ស្រាល​។​ ក្នុង​ចំណោម​ករណី​ចំនួន​៦​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ការ​ព្យួរ​ទោស​មាន​៤​ករណី​ដែល​ជន​រង​គ្រោះ​ជា​អនីតិជន​ ហើយ​២​ករណី​ទៀត​បាន​ចាប់​ផ្ដើម​ដោយ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេព​សន្ថវៈ​ ប៉ុន្តែ​ត្រូវ​បាន​ប្ដូរ​ទៅ​ចោទ​ពីបទ​ប្រទូស្ដ​កេរខ្មាស​ដោយ​ចៅក្រម​ស៊ើបសួរ​ទៅវិញ​។ ជា​ទូទៅ​ ទោស​ដែល​ត្រូវ​បាន​ព្យួរ​អាច​បណ្ដាល​មក​ពី​ប្រាក់​ពុករលួយ​ដែល​ផ្ដល់​ឲ្យ​ទៅ​​ចៅក្រម​។

កុមារី​អាយុ​១៣ឆ្នាំ​ម្នាក់​ បាន​ចូលរួម​ពិធី​មង្គល​ការ​របស់​អ្នក​ជិត​ខាង​។ នៅ​ពេល​នាង​បាន​ដើរ​ចាក​ចេញ​ពី​កម្មវិធី​ទៅ​បន្ទប់​ទឹក​ នាង​ត្រូវ​បា​ន​បុរស​អាយុ​២០ឆ្នាំ​ម្នាក់​ចាប់​រំលោភ​។ ​អំឡុង​ពេល​សវនាការ​ ជន​ប្រព្រឹត្ត​បទ​ល្មើស​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​រំលោភ​សេព​សន្ថវៈ ​ប៉ុន្តែ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ត្រឹម​តែ​៥ឆ្នាំ​ប៉ុណ្ណោះ​ ទោះ​បី​ជា​កុមារី​រ​ងគ្រោះ​ជា​អនីតិជន​ក៏ដោយ​។ ផ្នែក​មួយ​ចំនួន​នៃ​ទោស​ត្រូវ​បាន​ព្យួរ​ ហើយ​ជន​សង្ស័យ​ត្រូវ​ជាប់​ពន្ធនាគារ​ត្រឹម​តែ​១៦​ខែ​ប៉ុណ្ណោះ។ ​ប្រសិន​បើ​អាយុ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​លើក​យក​មក​ពិចារណា​ ជន​សង្ស័យ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​ត្រឹម​ត្រូវ​ចំ​ពោះ​បទ​ល្មើស​រំលោភ ​សេព​សន្ថវៈ​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ និង​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជា​អប្បបរមា​រយៈពេល​៧ឆ្នាំ​។​ ​ការ​ព្យួ​រ​ទោស​មិន​គួរ​ផ្ដល់​ឲ្យ​ទេ​ក្នុង​ករណី​នេះ។

ការ​សម្រេច​ដោះ​លែង

ក្នុង​សំណុំ​រឿង​ចំ​នួន​៣​ មាន​សវនាការ​មួយ​ដែល​ជន​សង្ស័យ​ត្រូវ​បាន​រកឃើញ​ថា​គ្មាន​កំហុស​។ ​វាជា​រឿង​ត្រឹមត្រូវ​ដែល​សំណុំរឿង​មួយ​ចំនួន​គូរ​តែ​ត្រូវ​បញ្ចប់​ទៅ​ដោយ​មធ្យោបាយ​នេះ​។​ ទោះ​បីជា​យ៉ាងណា​ក៏ដោយ​ សំណុំរឿង​២​ក្នុង​ចំណោម​សំណុំ​រឿង​ទាំង៣​ បាន​ធ្វើឲ្យ​មាន​ហេតុផល​មួយ​ចំនួន​ដែល​គួរ​ឲ្យ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ភាព​ត្រឹមត្រូវ​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី។​ ក្នុង​សំណុំ​រឿង​មួយ​នោះ​ លទ្ធផល​នៃ​ការ​រក​ឃើញ​ថា​ជន​សង្ស័យ​គ្មាន​កំហុស​បាន​កើត​ឡើង​ បន្ទាប់​ពី​ជន​រងគ្រោះ​យល់​ព្រម​ទទួល​ប្រាក់​សំណង​៥០០​ដុល្លារ។ ​ជន​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ចៅ​ក្រម​បាន​ទទួល​បា្រក់​ពី​ជនសង្ស័យ​ចំនួន​​​៣៥០០​ដុល្លារ​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​សង្ស័យ​។ ​សំណុំ​រឿង​មួយ​ទៀត​ ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​សួរ​ទៅ​ជន​រង​គ្រោះ​អំពី​ប្រវត្តិ​ផ្លូវ​ភេទ​របស់​នាង​ ហើយ​ចៅក្រម​បាន​សន្និដ្ឋាន​ថា​ ដោយ​សារ​នាង​ធ្លាប់​រួមភេទ​ជា​មួយ​បុរស​ជា​ច្រើន​កន្លង​មក​ ដូច្នេះ​នាង​ត្រូវ​តែ​បាន​ផ្ដល់​ការ​ព្រមព្រៀង​នៅ​អំឡុង​ពេល​កើត​ហេតុ​នោះ​។

សេចក្ដី​សន្និដ្ឋាន

របាយការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​លីកាដូ​ស្ដីពី​អំពើ​រំលោភ​សេព​សន្ថវៈ​ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើការ​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១២​ ២០១៣​​ និង​២០១៤ ​ដែល​បាន​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ​ និង​​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​សំណុំ​រឿង​អំពើ​ហិង្សា​ផ្លូវភេទ​លើស្រ្តី​និង​កុមារ​។​ ដោយ​ផ្អែក​លើ​សំណុំ​រឿង​ដែល​បាន​ស៊ើប​អង្កេត​ក្នុង​ឆ្នាំ​២០១៥​ របាយការណ៍​សង្ខេប​នេះ​បង្ហាញ​ថា​ កត្តា​រួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ចុះ​ខ្សោយ​​ (អំពើ​ពុករលួយ​ អាកប្ប​កិ​រិយា​រើស​អើង​ចំពោះ​ស្រ្តី​និង​កុមារ​ ការ​ខ្វះ​ការ​យល់​ដឹង​ផ្នែក​ច្បាប់​និង​កង្វះ​ខាត​ធនធាន​)​ នៅ​តែ​បន្ត​កើត​មាន​ឡើង​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​ភា​គ​ច្រើន​នៃ​ជន​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ផ្លូវភេទ​ មាន​ការ​ពិបាក​ក្នុង​ការ​ទ​ទួល​បាន​យុត្តិធម៌​។​ រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់​វិធានការ​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ចាំបាច់​ដើម្បី​ដោះស្រាយ​ចំណុច​ខ្វះខាត​នាពេល​បច្ចុប្បន្ន​ ដូច​បាន​លើក​ឡើង​នៅ​ក្នុង​​អនុសាសន៍​នៃរបាយការណ៍​ឆ្នាំ​២០១៥។​ ប្រសិន​បើ​មិន​ធ្វើ​បែប​នេះ​ នោះ​នឹង​មិន​អាច​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​ចំពោះ​ជនប្រព្រឹត្ត​បទល្មើស​រំលោភ​សេព​សន្ថវៈ​បាន​ទេ​​ហើយ​ក៏គ្មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:
កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទិ្ធស្ត្រី និងកុមារនៃអង្គការ លីកាដូ, mon4@licadho-cambodia.org, +855 (0)12 251 118 (ភាសាខ្មែរ)
អ្នកនាង ណាលី ពីឡូក នាយិការងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ, advocacy@licadho-cambodia.org, +855 (0)12 803 650 (English)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា