ឯកសារ

លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ចេញផ្សាយ ខែកក្កដា ឆ្នាំ២០១៧
F T M

សូម​គោរព​ជូន៖ សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

នៅ​ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ​២០១៧ ភ្លាមៗបន្ទាប់ពីការ​សម្រេចផ្តន្ទាទោស​លើឈ្មោះ អឿត អាង ពីបទ​មនុស្ស​ឃាតលើ​លោក​ កែម​ ឡី មេធាវី​របស់​ជនជាប់ចោទ​ អឿត អាង បាន​បញ្ជាក់​ថា ការ​ស៊ើបអង្កេតកំពុង​តែ​​ធ្វើ​បន្តទៀតលើ​មនុស្ស​ពីរនាក់​ដែល​​សង្ស័យ​ថាជាប់​ពាក់ព័ន្ធ​នឹង​ករណីឃាតកម្មនេះ​ ហើយ​ការ​លើក​ឡើង​នេះ​ត្រូវ​បានបញ្ជាក់​ដោយ​​តំណាង​អយ្យការ លោក លី សុផាណា ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា សំណុំ​រឿង​នេះ​ត្រូវ​បាន​បំបែក ដូច្នេះតុលាការ​អាចជំនុំជម្រះ​លើ​​ជនជាប់​ចោទ អឿត អាង​ ដោយឡែក​បាន ខណៈការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យផ្សេងទៀត​ត្រូវ​បន្តធ្វើ។ មេធាវី​របស់​ជនជាប់​ចោទ អឿត អាង​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា ជន​សង្ស័យទាំងនោះមាន​បុរស​ម្នាក់ឈ្មោះ ‘ពូ លីស’ ដែល ជន​ជាប់ចោទ អឿត អាង​ បាន​ផ្តល់​សក្ខីកម្មថាជាអ្នក​ណែនាំ​ខ្លួន​ឲ្យ​ស្គាល់​លោក​ កែម ឡី និង​បុរសម្នាក់ទៀតឈ្មោះ ‘ចក់’ ដែល​ជន​ជាប់ចោទ​ អឿត អាង អះអាង​ថា​​បាន​លក់​កាំ​ភ្លើង​ខ្លីឲ្យ​ខ្លួន​។ បន្ថែម​លើនេះ​ទៀត សំណួរជា​ច្រើន​ជុំវិញ​មូល​ហេតុ​នៃឃាតកម្មនេះ​នៅ​ពុំទាន់​មាន​ចម្លើយ​នៅឡើយទេ។ ​ទោះជា​មានការ​អះអាងនេះ​ក្តី ទាំងចៅក្រម​ស៊ើប​សួរ លោក សេង លាង និង​​រដ្ឋាភិបាល​នៅ​ពុំទាន់​បាន​ផ្សព្វផ្សាយជាសាធារណៈ​​អំពីការ​វិវឌ្ឍសម្រាប់សាធារណជន​ជុំវិញការ​ស៊ើប​អង្កេត​​ ឬ​កម្មវត្ថុ​ដែលអាចពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នេះ​នៅឡើយទេ។

សិទ្ធិ​រស់រាន​មាន​ជីវិត ត្រូវ​បាន​​ធានា​នៅ​ក្នុងរដ្ឋ​ធម្មនុញ្ញ​នៃប្រទេស​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្ត​រ​ជាតិ​ ជាពិសេស​ កតិកាសញ្ញាអន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ដែល​កម្ពុជា​ជា​រដ្ឋភាគី​។ កាតព្វកិច្ច​ក្នុងការ​ការ​ពារ​សិទ្ធិ​រស់​រាន​មានជីវិតរួម​​បញ្ចូលទាំង​កាតព្វ​កិច្ចវិជ្ជមាន​​របស់​​​រដ្ឋាភិបាល ​ក្នុងការ​ធានា​ដល់​​ការ​​ស៊ើប​អង្កេត​ដោយ​ឥតលម្អៀង និងហ្មត់​ចត់​លើករណីឃាតកម្ម​របស់​លោក កែម ឡី។ គោល​ការណ៍អង្គការ​សហប្រជាជាតិស្តីពីការបង្ការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​កាត់ទោសក្រៅច្បាប់ តាមអំពើចិត្ត និងដោយ​សង្ខេប (“គោល​ការណ៍​ អ.ស.ប”) បញ្ជាក់​បន្ថែម​ពីការ​អនុវត្ត​កាតព្វកិច្ច​នេះ និង​សង្កត់​ធ្ងន់​យ៉ាង​ច្បាស់​ថា រដ្ឋ​នានា​ត្រូវ​បើ​ក ‘​ការស៊ើប​អង្កេតឲ្យ​បាន​ហ្មត់​ចត់​ ឆាប់​រហ័ស និង​ឥតលម្អៀងជុំវិញ​ករណីសង្ស័យទាំងឡាយណាដែល​ពាក់ព័ន្ធ​នឹងការ​កាត់ទោសក្រៅច្បាប់ តាមអំពើចិត្ត និងដោយ​សង្ខេប’។ បន្ថែម​លើនេះទៀត ពិធីសាររបស់​ អ.ស.ប ស្តីពី​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​ក្រៅ​ច្បាប់ (ឆ្នាំ២០១៦) (“ពិធី​សារ​​រដ្ឋ​មីនី​សូតា”​) កំណត់​អំពី​លក្ខខណ្ឌ​តម្រូវឲ្យ​​មាន ‘ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​របស់​រដ្ឋាភិបាលជុំវិញ​អង្គហេតុ និងការ​បង្ហាញ​ការ​ពិត​ជាសាធារណៈ’ ដរាបណា​មានការ​រំលោភបំពាន​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត​ ព្រមទាំង​ចែងថា “ដំណើរការ និង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ត្រូវ​តែមាន​តម្លាភាព រួម​បញ្ចូលទាំង​ការ​បើក​ចំហ​ដល់​ការ​ពិនិត្យ​ពិច័យ​ពីសាធារណជន និង​ក្រុម​គ្រួសារ​របស់ជន​រងគ្រោះ”។ ការ​ខកខាន​របស់​អាជ្ញាធរ​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទិន​នឹង​ការអះអាងពីការបន្តការ​ស៊ើបអង្កេត​លើ​ករណី​លោក​ កែម ឡី មិន​ស្រប​តាម​បទដ្ឋាន​ទាំងនេះ និងអាច​ញ្ជាក់​បាន​ថា ក្នុងករណីដែលពិតជាមានការ​ស៊ើប​អង្កេត​បែបនេះមែន ការ​ស៊ើប​អង្កេតនេះមាន​ការ​វិវឌ្ឍ​តិចតួច​ណាស់​​។

យើង​ខ្ញុំ​ជា​ស្ថាប័ន​ដូចមាន​រាយនាម​ខាង​ក្រោម ក៏​សូម​សម្តែង​ក្តី​បារម្ភ​ជាថ្មី​ឡើង​វិញជុំវិញ​សវនាការ​ជំនុំ​ជម្រះ​លើជន​ជាប់​ចោទ​ អឿត អាង ដែល​នៅ​មាន​ចន្លោះ​ប្រហោង។ អ្នក​សង្កេត​ការណ៍អន្តរជាតិ​មួយចំនួន​ក៏​បាន ​រិះគន់​ច្រើន​លើ​សវនាការ​ជំនុំ​ជម្រះ​លើ អឿត អាង នេះផងដែរ ដែល​អ្នក​សង្កេតការណ៍ទាំងនេះ​បាន​លើក​ឡើង​ថា សវនាការ​ជំនុំ​ជម្រះ​បាន​បង្ហាញពីការ​ស៊ើបអង្កេត​ ដែល​ទំនង​ជា​នៅ​ខ្វះ​ខាត​ភាព​ច្បាស់​លាស់​ក្នុង​ទិដ្ឋ​ភាពសំខាន់​ៗ​ ជា​ច្រើន​ចំណុច។ មូល​ហេតុ​នៅ​ពី​ក្រោយ​ឃាតកម្មដែល​ថាជំពាក់បំណុល​ចំនួន ​៣.០០០ ដុល្លា​រ​អាមេរិក ត្រូវ​​បានច្រាន​ចោល​ដោយ​​ភរិយា​របស់​​​​លោក​ កែម ឡី គឺ លោកស្រី ប៊ូ រចនា និងភរិយា​របស់​ជន​ជាប់​ចោទ​ ​អឿត អាង គឺ លោកស្រី ហឿម ហ៊ត​។ តំណាង​អយ្យការ នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ពុំ​បាន​ជំទាស់​នឹងភាព​ដែល​គួរ​ឲ្យ​ជឿជាក់​បាន​ជុំវិញ​​​មូល​ហេតុនៃ​ការ​​សម្លាប់​នេះទេ ហើយ​ក៏​មិន​បាន​សន្និដ្ឋាន​កត់​សម្គាល់​នៅ​ក្នុង​សាល​ក្រម​ដែរ ខណៈដែល​ភាព​ជំពាក់ជំពិននឹង​ជន​សមគំនិត​ផ្សេងទៀត​ក៏​មិនត្រូវ​បាន​វែកញែក​ឲ្យ​បាន​គ្រប់គ្រាន់​នោះដែរ។ តួនាទី​របស់​តួអង្គ​ទាំងឡាយ​ដែល​អាច​កំណត់​ភិនភាគ​បាន​នៅ​ក្នុងភស្តុតាង​ជា​​ខ្សែ​វីដេអូ​ដែល​បាន​ដាក់ជូន​តុលាការ​ពិនិត្យពុំ​ត្រូវ​បាន​ពិនិត្យ​ពិច័យ​នោះទេនៅក្នុងការ​ស៊ើប​អង្កេត ឬ​សវនាការ​ជំនុំជម្រះ។ លើស​ពីនេះទៀត បន្ទាប់ពីការ​ចោទ​ប្រកាន់លើ​ជនជាប់ចោទ អឿត អាង មានសេចក្តី​រាយការណ៍ថា មន្ត្រី​និង​យោធាខ្លះ​បាន​ជួប​ជាមួយ​នឹង​ អឿត អាង មួយ​សប្តាហ៍​មុន​ឃាតកម្ម​លើ​លោក កែម​ ឡី។ តំណាង​រដ្ឋាភិបាល​មួយ​ចំនួនក៏​បានបង្ហាញ​ពី​មន្ទិល​សង្ស័យ​របស់​ខ្លួន​លើ​មូល​ហេតុ​ដែល​ជនជាប់​ចោទ អឿត អាង​ បាន​លើក​ឡើង និង​សក្ខីកម្ម​ដែល​ថា​ អឿត អាង​ ប្រព្រឹត្ត​តែ​ម្នាក់ឯង។ សេចក្តី​ថ្លែងការ​ណ៍ទាំងនេះ រួម​ផ្សំ​ទាំង​ការ​ខក​ខាន​របស់​តំណាង​អយ្យការ​ក្នុងការ​ជជីក​សួរដេញ​ដោល​បញ្ហាទាំងនេះ​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ បង្ហាញថា​ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំ​ជម្រះ​​នៅ​មិនទាន់​បំពេញ​តាម​បទដ្ឋានទាក់ទង​នឹង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ តាម​​ច្បាប់ជាតិ និង​ច្បាប់សិទ្ធិ​មនុស្សអន្តរជាតិ​នៅឡើយទេ។

យើងខ្ញុំស្នើដល់រដ្ឋាភិបាលគួរ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើឃាតកម្មនេះ​​ដោយ​ឯករាជ្យ ឥតលម្អៀង មាន​ប្រសិទ្ធ​ភាព និង​តម្លាភាព

នៅ​ពេលនេះ យើងខ្ញុំស្នើដល់រដ្ឋាភិបាលគួរ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើឃាតកម្មនេះ​​ដោយ​ឯករាជ្យ ឥតលម្អៀង មាន​ប្រសិទ្ធ​ភាព និង​តម្លាភាព។ គោលការណ៍ទី១១ នៃ​គោលការណ៍​របស់​ អ.ស.ប អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការស៊ើប​អង្កេត​ នៅពេល ‘នីតិវិធីនៃ​ការស៊ើប​អង្កេត​ដែលមាន​ស្រាប់​មិន​ទាន់​គ្រប់គ្រាន់ ដោយសារ​កង្វះ​ខាត​ជំនាញ ឬ​ភាព​ឥតលម្អៀង​ ដោយសារ​សារសំខាន់​នៃ​បញ្ហានោះ ឬដោយសារ​តែ​ការកើតមានទូទៅ​​នៃ​ការ​រំលោភបំពាន​ និងនៅ​ក្នុងករណីដែល​មាន​បណ្តឹងពីភាពខ្វះខាត​ទាំងនេះ​​ពីក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​’។ ការ​ច្រាន​ចោល​មូល​ហេតុ​ដែល​ឈាន​ដល់​ការ​សម្លាប់​ដោយ​សាច់ញាតិ​របស់​លោក​ កែម ឡី និង​ អឿត អាង ទំនង​ជា​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​ជុំវិញ ‘បណ្តឹង​ពីក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ’ ស្រប​តាម​គោលការណ៍របស់​ អ.ស.ប។ ដើម្បី​ឲ្យ​គណៈកម្មការស៊ើប​អង្កេត​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់ និង​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ដែល​កំណត់​ដោយ​គោលការណ៍របស់ អ.ស.ប ‘សមាជិក​នៃ​គណៈកម្មការបែបនេះ​ត្រូវ​តែ​ជ្រើសរើស​ដោយ​ផ្អែក​លើ​ភាព​ឥតលម្អៀង សមត្ថភាព និង​ឯករាជ្យភាព​​ដែល​មាន​ការ​ទទួល​ស្គាល់ ក្នុង​នាម​ជា​រូបវន្ត​បុគ្គល។ ជា​ពិសេស​ សមាជិកទាំងនេះ​ត្រូវ​តែ​ឯករាជ្យ​ពី​ស្ថាប័ន ភ្នាក់ងារ ឬ​បុគ្គលណា​ដែល​អាច​ជាប់ពាក់ព័ន្ធ​នឹង​កម្មវត្ថុដែល​ត្រូវ​ស៊ើប​អង្កេត’។

ដោយ​ហេតុថា ឃាតកម្មនេះ​បាន​កើត​ឡើង​ក្នុង​បរិយាកាស​ដែលមាន​ការ​គាប​សង្កត់ទៅលើ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​គណបក្ស​នយោបាយ​ជំទាស់ កើន​ឡើង​កាន់​តែ​ច្រើន​ ព្រមទាំង​នៅក្នុង​បរិបទជុំវិញ​​ប្រវត្តិ​នៃ​ការ​សម្លាប់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ដោយ​មាន​អំពើ​និទណ្ឌភាព ដែល​មាន​ការកត់ត្រា​​យ៉ាងច្បាស់លាស់​​នៅ​កម្ពុជា ជា​ការ​ចាំបាច់​ដែល​ថា​​ គណៈកម្មការស៊ើប​អង្កេត​នេះ​គួរ​តែ​ចូលរួម​ដោយ​រូបវន្ត​បុគ្គល ដែលមាន​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ជាដើម។

ក្រោយ​ពី​ឃាតកម្មលើ​លោក កែម ឡី អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់ អ.ស.ប ចំនួន ​៥ ​រូបបាន​អំពាវនាវ​ស្រដៀង​គ្នា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ដោយបាន​​​លើក​ឡើង​ថា “យើង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេតលើ​ឃាត​កម្មនេះ​ឲ្យ​​ឆាប់រហ័ស ហ្មត់​ចត់​ និង​ឥតលម្អៀង [...] ដែល​ការ​ស៊ើប​អង្កេត​នេះត្រូវ​ធ្វើ​ដោយ​ស្ថាប័ន​ឯករាជ្យ ដែល​ពុំ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល។” ការ​ស៊ើប​អង្កេត​លើ​ឃាត​កម្មលោក កែម​ ឡី ដែល​មានលក្ខណៈចន្លោះ​ប្រហោង​ច្រើន​​​មិនបាន​បំពេញ​តាម​បទ​ដ្ឋាន​អន្តរជាតិ​ ឬ​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​តាម​ច្បាប់​ជាតិ​ និង​ច្បាប់​អន្តរជាតិ​នោះទេ ហើយ​ពេលនេះ​ មាន​ភាព​ចាំបាច់​ដែល​ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បីជួយ​សម្រួល​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ។

យើង​ខ្ញុំ​ជា​ស្ថាប័ន​​ដែល​មាន​រាយ​នាម​ខាងក្រោម​ សូមសម្តែង​នូវ​ក្តី​បារម្ភ​ជា​ថ្មីជុំវិញ​កង្វះ​ខាត​នៃ​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​លោក កែម ឡី និងការ​វិវឌ្ឍ​តិច​តួច​នៅ​ក្នុងការ​ស៊ើប​អង្កេត​បន្តបន្ទាប់​ទៅលើ​ជន​សង្ស័យ​ជា​អ្នក​សម​គំនិត​ផ្សេងទៀតក្នុងឃាតកម្មមួយនេះ ក៏ដូចជា​ស្នើយ៉ាងទទូច​ថា នៅ​ពេលនេះការ​ស៊ើបអង្កេត​គួរ​តែ​ត្រូវ​បានធ្វើ​ឡើង​ដោយ​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ និង​ឥត​លម្អៀង។

សូម សម្តេច​ក្រឡាហោម​​​ ទទួល​នូវ​គោរព​រាប់​អាន​អំពី​យើង​ខ្ញុំ​។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៧

ចម្លងជូន៖
១. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា
២. ឯកឧត្តម​ អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌
៣. ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋ​លេខាធិការ​ ក្រសួង​យុត្តិធម៌​
៤. ឯកឧត្តម​ យូ ប៊ុនឡេង ប្រធាន​សាលាឧទ្ធរណ៍
៥. ឯកឧត្តម​ អ៊ុក សាវុធ អគ្គ​ព្រះរាជអាជ្ញាអម​សាលាឧទ្ធរណ៍
៦. ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ
៧. លោក តាំង​ ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានីភ្នំពេញ
៨. លោក​ យេត ចរិយា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ

លិខិតចំហនេះ គាំទ្រដោយ៖
១. 7amleh – មជ្ឈមណ្ឌល​អារ៉ាប់​ដើម្បី​ការរីកចម្រើន​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម
២. ActiveWatch - ទីភ្នាក់ងារ​ឃ្លាំមើល​សារព័ត៌មាន
៣. Ad IDEM/សមាគម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មេធាវី​កាណាដា
៤. Adil Soz - មូលនិធិ​អន្តរជាតិ​សម្រាប់​ការពារ​សេរីភាព​ខាង​ការ​និយាយ​ស្ដី​​
៥. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA)
៦. មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​
៧. មជ្ឈមណ្ឌល​នៃ​សេរីភាព​ទទួលព័ត៌មាន​អាហ្រ្វិក​
៨. វិទ្យាស្ថាន​ប្រព័ន្ធ​ផ្សព្វផ្សាយ អាលបេនៀន
៩. Aliansi Jurnalis Independen (Alliance of Independent Journalists)
១០. អាមេរិកាំង​ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​បារ៉េន
១១. អង្គការ​លើក​លែង​ទោស​អន្តរជាតិ
១២. បណ្ដាញ​អារ៉ាប៊ីកស៍ ដើម្បី​ព័ត៌មាន​សិទ្ធិមនុស្ស​
១៣. អង្គការ​មាត្រា​១៩
១៤. សមាជិកសភាទទួល​បន្ទុក​​សិទ្ធិមនុស្ស​អាស៊ាន​
១៥. Asociación Nacional de la Prensa (National Press Association)
១៦. Asociación por los Derechos Civiles (Association for Civil Rights)
១៧. Associação Brasileira de Jornalismo Investigativo (Brazilian Association for Investigative Journalism)
១៨. សមាគមដើម្បីសេរីភាព​ខាង​គំនិត និង​ការ​បញ្ចេញ​មតិ
១៩. សមាគមដើម្បី​អភិវឌ្ឍន៍​សារព័ត័មាន​នៅ​ស៊ូដង់​​ខាង​ត្បូង
២០. សមាគមអ្នក​ធ្វើការ​ខាង​សារព័ត៌មាន​នៅ ការីបៀន
២១. សមាគមសារព័ត៌មានអេឡិកត្រូនិក​ឯករាជ្យ
២២. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ បារ៉េន
២៣. សមាគម​អ្នក​សារព័ត៌មាន​ ប៊េលឡារូស​
២៤. សហគមន៍​បឹង​ឈូក​
២៥. សហគមន៍​បឹង​កក់
២៦. សហគមន៍តំបន់​​ការ​ពារ​ធនធានធម្មជាតិ​បឹង​ទន្លេ​ម្រេច ស្រុក​រវៀង ខេត្ត​ព្រោះវិហារ
២៧. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
២៨. Bytes for All
២៩. វិទ្យាស្ថាន ខៃរ៉ូ សម្រាប់​ការ​សិក្សា​សិទ្ធិមនុស្ស​
៣០. សមាគមអភិវឌ្ឈន៍ជីវភាពពលរដ្ឋកម្ពុជា
៣១. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
៣២. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
៣៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
៣៤. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៣៥​. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣៦. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣៧. អ្នកសារព័ត៌មាន​កាណាដា​ដើម្បី​ការ​បញ្ចេញ​មតិ​ដោយសេរី
៣៨. បណ្ដាញ​សិទ្ធិ​អ្នក​គូររូប​កំប្លែង​អន្តរជាតិ​
៣៩. មជ្ឈមណ្ឌល​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ - ហុងហ្គារី
៤០. មជ្ឈមណ្ឌល​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ - រ៉ូម៉ានី
៤១. មជ្ឈមណ្ឌល​ដើម្បី​សេរីភាព​សារព័ត៌មាន និង​ការ​ទទួល​ខុសត្រូវ
៤២. មជ្ឈមណ្ឌ​សម្រាប់​ការសិក្សា​សារព័ត៌មាន និង​កសាង​សន្តិភាព
៤៣. មជ្ឈមណ្ឌល​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន​ឯករាជ្យ - ម៉ាឡេស៊ី
៤៤. Centro de Archivos y Acceso a la Información Pública
៤៥. Centro de Reportes Informativos sobre Guatemala
៤៦. Centro Nacional de Comunicación Social (National Center for Social Communication)
៤៧. បណ្ដាញ​សិទ្ធិ​កុមារ​អន្តរជាតិ
៤៨. អង្គការ​អ្នក​ការពារសិទ្ធិ​ពលរដ្ឋ
៤៩. សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យ​ភាព​សង្គម​ (CISA)
៥០. Comité por la Libre Expresión (Committee for Free Expression)
៥១​. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា (COMFREL)
៥២. គណៈកម្មាធិការ​ដើម្បី​ការពារ​​អ្នកសារព័ត៌មាន
៥៣.​ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
៥៤. បណ្ដាញ​សហគមន៍​ខេត្ត​ពោធិសាត់
៥៥. Derechos Digitales
៥៦. Digital Rights Foundation
៥៧. Egyptian Organization for Human Rights
៥៨. Electronic Frontier Foundation
៥៩. អង្គការសមធម៌​កម្ពុជា (EC)
៦០. Espacio Público
៦១. Federation of Nepali Journalists
៦២. Foro de Periodismo Argentino (Argentine Journalism Forum)
៦៣. ចលនា​ប្រព័ន្ធផ្សព្វផ្សាយ​សេរី
៦៤. វេទិកា​សេរីភាព
៦៥. Freedom House
៦​៦. វិទ្យាស្ថាននៃ​សេរីភាព​បញ្ចេញ​មតិ
៦៧. Fundación Andina para la Observación y el Estudio de Medios (Andean Foundation for Media Observation & Study)
៦៨. Fundación Karisma (Karisma Foundation)
៦៩. Fundación para la Libertad de Prensa (Foundation for Press Freedom)
៧០. Global Voices Advox
៧១. Global Witness
៧២. Globe International Center
៧៣. Gulf Center for Human Rights
៧៤. សមាគម​អ្នកសារព័ត៌មាន​ហុង​កុង
៧៥. ក្រុម​ការងារ​ពិសេស​សិទ្ធិលំនៅឋាន (HRTF)
៧៦. បណ្ដាញ​សិទ្ធិ​មនុស្ស​ដើម្បី​អ្នកសារព័ត៌មាន
៧៧. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (HRW)
៧៨. Hungarian Civil Liberties Union
៧៩. IFEX
៨០. I'lam Media Center for Arab Palestinians in Israel
៨១. Independent Journalism Center, Moldova
៨២. Index on Censorship
៨៣. សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ឃុំ​ប្រមេរ ខេត្ត​ព្រះវិហារ​
៨៤. សមាគមឥន្ទ្រទេវី (IDA)
៨៥. Initiative for Freedom of Expression - Turkey
៨៦. Institute for Media and Society
៨៧. Institute for Reporters' Freedom and Safety
៨៨. Institute for the Studies on Free Flow of Information
៨៩. Institute of Mass Information
៩០. Instituto de Prensa y Libertad de Expresión (Institute of Press and Freedom of Expression)
៩១. Instituto Prensa y Sociedad (Institute for Press and Society)
៩២. Instituto Prensa y Sociedad de Venezuela (Press and Society Institute of Venezuela)
៩៣. Inter American Press Association (Sociedad Interamericana de Prensa)
៩៤. International Commission of Jurists (ICJ)
៩៥. សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ
៩៦. International Federation of Library Associations and Institutions - Free Access to Information and Freedom of Expression Committee
៩៧. មជ្ឈមណ្ឌល​សារព័ត៌មាន​អន្តរជាតិ
៩៨. វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ
៩៩. International Publishers Association
១០០. IPS Communication Foundation - bianet
១០១. Journaliste en danger (Journalist in Danger)
១០២. Journalists' Trade Union
១០៣. សមាគម ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
១០៤. សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ
១០៥. សហគមន៍​ដី​ធ្លី ភូមិ​១ សង្កាត់​៣ ខេត្ត​ព្រះសីហនុ
១០៦. សហគមន៍​ដីធ្លី ភូមិគ្រួស ខេត្ត​បាត់ដំបង​
១០៧. សហគមន៍ដីធ្លី ភូមិស្គន់ ខេត្តសៀមរាប
១០៨. សហគមន៍ដីធ្លីឡពាង ខេត្ត​កំពង់ឆ្នាំង
១០៩. Maharat Foundation (Skills Foundation)
១១០. MARCH Lebanon
១១១. Media Foundation for West Africa
១១២. Media Institute of Southern Africa
១១៣. វិទ្យាស្ថាន​គោល​នយោបាយ​ប្រព័ន្ធផ្សព្វផ្សាយ
១១៤. Media Rights Agenda
១១៥. ឃ្លាំមើល​សារព័ត៌មាន
១១៦. Media, Entertainment and Arts Alliance
១១៧. Mediacentar Sarajevo
១១៨. Metamorphosis, Foundation for Internet and Society
១១៩. Mizzima News
១២០. អង្គការ​មាតាធម្មជាតិ
១២១. National Union of Somali Journalists
១២២. គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោតដោយសេរី និងត្រឹមត្រូវ​នៅ​កម្ពុជា
១២៣. Norwegian PEN
១២៤. OBSERVACOM
១២៥. Observatorio Latinoamericano para la Libertad de Expresión (Latin American Observatory for the Freedom of Expression)
១២៦. Open Media
១២៧. P24 the Platform for Independent Journalism
១២៨. វេទិកា​សេរីភាព​ប៉ា​ស៊ីហ្វិក​
១២៩. សមាគមសារព័ត៌មាន​កោះ​ប៉ាស៊ីហ្វិក
១៣០​. មូលនិធិ​សារព័ត៌មាន​ប៉ាគីស្ថាន​
១៣១. មជ្ឈមណ្ឌល​ប៉ា​លេស្ទីន​ ដើម្បី​ការអភិវឌ្ឍន៍ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (MADA)
១៣២. PEN American Center
១៣៣. PEN Canada
១៣៤. PEN International
១៣៥. អង្គការលើកស្ទួយប្រជាពលរដ្ឋ
១៣៦. ហគមន៍​ភ្នំបាត
១៣៧. អង្គការពន្លក​ខ្មែរ​ (PKH)
១៣៨. Privacy International
១៣៩. Public Association "Journalists"
១៤០. សហគមន៍​ផ្លូវ​ភ្លើង​ ទួលសង្កែ A
១៤១. សារព័ត៌មាន​គ្មាន​ព្រំដែន
១៤២. សមាគម​ធាងត្នោត​ (STT)
១៤៣. អង្គការ​សីលការ
១៤៤. Sindicato de Periodistas del Paraguay (Paraguayan Union of Journalists)
១៤៥. Social Media Exchange, Lebanon
១៤៦. Software Freedom Law Centre
១៤៧. សហគមន៍ SOS ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​
១៤៨. South East Europe Media Organisation
១៤៩. South East European Network for Professionalization of Media
១៥០. សម្ពន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេហ៍
១៥១. មជ្ឈមណ្ឌល​ស៊ីរ៉ី ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​បញ្ចេញ​មតិ
១៥២. Thai Journalists Association
១៥៣. ក្រុមការងារដើម្បីដោះស្រាយទំនាស់
១៥៤. ក្រុម​អ្នកច្បាប់ការ​ពារសិទ្ធិ​កម្ពុជា
១៥៥. Trinidad & Tobago Publishers & Broadcasters Association
១៥៦. Vigilance pour la Démocratie et l’État Civique (Vigilance for Democracy and the Civic State)
១៥៧. Visualizing Impact
១៥៨. សមាគម​អ្នកសារព័ត៌មាន​នៃ​អាហ្រ្វិក​ខាង​លិច /Union des Journalistes de l'Afrique de l'Ouest
១៥៩. មណ្ឌលព័ត៌មាន ស្ត្រីកម្ពុជា
១៦០. សមាគម​អ្នក​ផ្សាយ​វិទ្យុ​សហគមន៍​ពិភពលោក​
១៦១. សមាគម​សារព័ត៌មាន និង​អ្នក​បោះពុម្ព​ផ្សាយ​សារព័ត៌មាន​ពិភពលោក
១៦២. អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)
១៦៣. ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​
១៦៤. កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា