របាយការណ៍

បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ ​គ្មាន​ការ​ការពារ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១៧
F T M

ថ្ងៃនេះ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (“លីកាដូ”)​ ចេញ​ផ្សាយ​របាយការណ៍​ថ្មីមួយ​ស្ដីពី​ “បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​ គ្មាន​ការ​ការពារ​ ៖ ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​” ដើម្បី​ប្រារព្ធ​យុទ្ធនាការ​១៦ថ្ងៃ​ជា​សាកល​ ក្នុង​ការ​ទប់ស្កាត់​អំពើហិង្សា​លើ​ស្រ្តីភេទ​ ដែល​ចាប់​ផ្ដើម​ពីថ្ងៃ​ទី២៥​ ខែវិច្ឆិកា​ រហូត​ដល់​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៧។​ របាយការណ៍​នេះបង្ហាញ​ពីភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ ក្នុង​ការ​ការពារ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​ ក៏​ដូចជា​ការផ្ដន្ទាទោស​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ជនល្មើស​ដែល​ប្រព្រឹត្ត​អំពើហិង្សា។​

របាយការណ៍​នេះ​ធ្វើ​ឡើង​ ដោយ​ផ្អែក​លើការ​ពិនិត្យ​ឡើងវិញ​នៃ​សំណុំរឿង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ចំនួន​ ២៣៧​ករណី​ ដែល​លីកាដូ​បាន​ឃ្លាំមើល​ចាប់ពី​ដើមឆ្នាំ​២០១៤​ ដល់​ ចុងឆ្នាំ​២០១៦​។ ជាង​៤០ភាគរយ​នៃ​ករណី​ទាំងនេះ ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ ត្រឡប់​ទៅរស់​នៅ​ជាមួយ​ដៃគូ​ដែល​មាន​ចរិត​ហិង្សា​វិញ​ ហើយ​មាន​តែ២០​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស។​ ករណី​ក្រៅពីនេះ​ផ្សេងទៀត​ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ប្ដី​ប្រពន្ធ​រស់នៅ​ផ្សេងគ្នា​ ឬ​លែងលះ​គ្នា ប៉ុន្តែ​មិនមាន​បណ្ដឹង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ជនល្មើស​ទេ។

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​មូលហេតុ​ ដែល​ករណី​ជាច្រើន​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជនរងគ្រោះ​ និង​ជនល្មើស​នៅតែ​បន្ត​រស់នៅ​ជាមួយ​គ្នា។​ នេះ​អាច​បណ្ដាល​មក​ពី​កត្តា​ សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ ការ​ខ្វះខាត​ធនធាន​ និង​អំពើ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម។​ របាយការណ៍​នេះ​ក៏បាន​រកឃើញថា​ តួលេខ​នៃ​អាជ្ញាធរ​ជាច្រើន​ដូចជា​ មេឃុំ​-ចៅសង្កាត់​ និង​នគរបាល​ តែង​ជួយ​សម្រប​សម្រួល​ឱ្យ​ប្ដី​ប្រពន្ធ​ផ្សះផ្សាគ្នា​វិញ។​

ច្រើន​ជាង​២/៣​នៃករណី​ទាំងអស់​ដែល​ជនរងគ្រោះ​នៃអំពើហិង្សា​ បាន​សម្រេចចិត្ត​ត្រឡប់ទៅ​រស់នៅ​ជាមួយ​ដៃគូ​របស់នាង​វិញ​ តួលេខ​បង្ហាញថា​ អាជ្ញាធរ​ជាច្រើន​បាន​ពាក់ព័ន្ធ​ក្នុងការ​លើកទឹក​ចិត្តឱ្យ​ប្ដីប្រពន្ធ​ធ្វើដូច្នេះ។​ ជាទូទៅ​ការផ្សះផ្សា​ទាំងនេះ​ធ្វើឡើង​ បន្ទាប់ពី​ភាគីបុរស​ត្រូវបាន​ស្ដីបន្ដោស​ដោយសារ​ការ​ប្រើអំពើហិង្សា​ ហើយ​ភាគីស្ត្រី​ត្រូវបាន​ស្តីបន្ទោស​ដោយសារ​ការរអ៊ូរទាំ​ ឬមិន​យកចិត្ត​ទុកដាក់​ចំពោះ​ដៃគូ​ឱ្យ​បាន​គ្រប់គ្រាន់​ ដែល​ជា​ហេតុនាំ​ឱ្យ មាន​អំពើហិង្សា​កើតឡើង។​ ជាធម្មតា​ដំណើរការ​នៃ​ការ​ផ្សះផ្សា ​ត្រូវបាន​បិទ​បញ្ចប់​ដោយ​ភាគី​ទាំងពីរ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ក្រៅផ្លូរការ​ ដោយ​ព្រមព្រៀងគ្នា​ថានឹង​កែប្រែ​ឥរិយាបថ​អវិជ្ជមាន​រៀងៗ​ខ្លួន។​ ក្នុង​ករណី​មួយចំនួន​ វិធីនេះ​អាច​កាត់​បន្ថយ​អំពើ​ហិង្សា​បាន​រយៈពេល​ខ្លី ​ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​រយៈពេល​វែងទេ។​ ទោះបីជា​យ៉ាងណា​ លីកាដូ​បានកត់​សម្គាល់​ឃើញ​ករណី​ជាច្រើន​ដែល​ប្ដីប្រពន្ធ​បាន​ចុះហត្ថលេខា​លើកិច្ចសន្យា​ច្រើនដង​រួចមកហើយ​ ប៉ុន្តែ​នៅតែ​គ្មានការចាត់​វិធានការ​ផ្លូវច្បាប់​ផ្សេងទៀត​ ទៅលើ​ដៃគូ​ដែល​ប្រើ​អំពើហិង្សា​នោះឡើយ។​

ការ​ស្រាវជ្រាវ​បាន​រកឃើញ​ថា ​មានករណី​ជាច្រើន​ដែល​អាជ្ញាធរ​មិនបាន​ទទួល​ស្គាល់ ​ឬចាត់ទុក​អំពើហិង្សា​ក្នុង​គ្រួសារ​ថាជា ​បទល្មើស​ព្រហ្មទណ្ឌ​ ដូច្នេះហើយ​ទើប​ពួកគាត់​មិនសូវ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុងការ​ចាត់វិធានការ​លើ​ករណីនេះ។​

របាយការណ៍​នេះ​សន្និដ្ឋាន​ថា ការ​ឆ្លើយតប​ចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​នៅកម្ពុជា​ នាពេល​បច្ចុប្បន្ន​ ពុំទាន់​មាន​ប្រសិទ្ធភាព​ទេ ​ដោយសារ​ស្រ្តីមាន​ជម្រើស​តិចតួច​ពេក​ ក្រៅតែ​ពីការ​សម្រេចចិត្ត​បន្ត​រស់នៅ​ជាមួយ​ស្ថានភាព​ហិង្សា។​ របាយការណ៍​នេះ ​សំណូមពរ​ដល់​អាជ្ញាធរ ​គួរយល់​ឱ្យបាន​ច្បាស់​អំពី​ លក្ខណៈ​ព្រហ្មទណ្ឌ​នៃអំពើហិង្សា​ក្នុង​គ្រួសារ​ ដែល​គួរ ចាត់​ទុកថា​ជាបទល្មើស​ព្រហ្មទណ្ឌ​ និង​គួរយកចិត្ត​ទុកដាក់​ ក៏ដូចជា​ផ្ដល់​ធនធាន​ចាំបាច់​ឱ្យបាន​គ្រប់គ្រាន់ ​ក្នុងការ​អនុវត្ត​ច្បាប់​និង​បទបញ្ញត្តិ​ផ្សេងៗ​ ដើម្បី​ផ្ដល់សេវា​ដល់​ជនរងគ្រោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា