របាយការណ៍

ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

ចេញផ្សាយ ខែសីហា ឆ្នាំ២០១៩
F T M

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

​ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពីអ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ។

គ្រឹះ​ស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​ ធ្វើប្រតិបត្តិការកម្ចីដោយ​អត្រា​ការប្រាក់​ខ្ពស់​ ដែលតម្រូវឱ្យ​ដាក់បញ្ចាំប្លង់ដី​ជាទ្រព្យបញ្ចាំ ហើយស្ថាប័ននេះ​ដាក់​គោល​ដៅ​លើ​អតិថិជន​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់​បង់ដីធ្លី។ ទម្រង់​នៃ​ប្រាក់កម្ចី​ដែល​មានសភាព​ធ្ងន់​ធ្ងរ​នេះ​ បានជួយបង្កើនប្រាក់​ចំណូល​យ៉ាង​ច្រើន​សម្រាប់គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំង​នោះ ប៉ុន្តែវាបាន​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុវត្ថិភាព​នៃសិទិ្ធ​កាន់​កាប់ដីធ្លី​របស់ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សហគមន៍​ដែលងាយ​រងគ្រោះ។​ ការកំណត់​ពិដានអត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ ត្រឹម​១៨%​ សម្រាប់​កម្ចី​ថ្មី​ ដែលបាន​កំណត់​ឡើង​ដោយ​រាជ​រដ្ឋាភិបាល​កាលពីខែ​មីនា ឆ្នាំ២០១៧ មិនបានកាត់​បន្ថយ​ការកើន​ឡើង​នៃទំហំការប្រាក់​ ឬជួយដោះស្រាយ​បញ្ហាប្រជាពលរដ្ឋបានឡើយ។ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗចំនួន ៧នៅក្នុង​ប្រទេស​កម្ពុជា​រកប្រាក់​ចំណូល​បានច្រើន​ជាង​ ១៣០លានដុល្លា​រក្នុង​ឆ្នាំ២០១៧។

កសិករក្រីក្រ​ គួរតែ​មិនត្រូវបាន​ក្លាយជាកម្មវត្ថុ​នៃសកម្មភាព​ហិរញ្ញវត្ថុ​អសីលធម៌នោះទេ ​ប៉ុន្តែគួរតែ​ទទួលបាន​ការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ​តាមបែប​សហគមន៍​ និងប្រកប​ដោយនិន្តរភាព។​ អង្គការ​ លីកាដូ និង​សមាគមធាងត្នោត​ សូមអំពាវនាវ​ដល់រាជរដ្ឋាភិបាល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងអ្នកវិនិយោគ​ឯកជន​ សូមមេត្តា​ធ្វើកំណែទម្រង់​ការអនុវត្ត​អវិជ្ជមាន​ទាំងនេះ ​និងធានា​ថាពលរដ្ឋកម្ពុជា​ នឹងមិនត្រូវបាន​គេបង្ខំឱ្យ​លក់ដីធ្លី​ និងទទួលរងគ្រោះ​ពីការរំលោភបំពាន​សិទិ្ធមនុស្ស​របស់អ្នកទាំងនោះ​ ដើម្បីដោះបំណុល​ដែលពួកគេ​ជំពាក់នោះទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា