មូលបទ

សហគមន៍ បឹងកក់

អត្ថបទខ្លីៗ
តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ក្នុង​ការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់

ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៧ នាព្រឹកនេះ តុលាការ​កំពូល​បាន​សម្រេច​តម្ដល់​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ក្នុងការ​ផ្ដន្ទាទោស​សកម្មជន​បឹងកក់​បីនាក់​រួមមាន​ អ្នកស្រី ទេព​ វន្នី អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី​ ពាក់​ព័ន្ធ​នឹងការ​ចោទប្រកាន់​ពី “បទប្រមាថ” និង​ “បទ​ប្រឆាំងនឹង​អ្នក​រាជ​ការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស”។ ការ​ផ្ដន្ទាទោស​ឱ្យ​អ្នកទាំងនោះ​ជាប់ពន្ធនាគារ៦ខែ ត្រូវបាន​តុលាការ​កំពូល​សម្រេច​តម្កល់​ទុកជា​បានការ។​

ខណៈនេះ មិន​ទាន់​មាន​ដីកា​ឱ្យ​អនុវត្ត​សាលដីកានេះទេ។ នេះ​មានន័យ​ថា​ ការចាប់​ខ្លួន​និងការ​អនុវត្ត​ទោស​របស់​អ្នក​ទាំង​បី អាច​​ធ្វើឡើង​នៅពេល​ណាក៏បាន អាស្រ័យលើ​ឆន្ទានុសិទ្ធិ​របស់​ព្រះរាជ​អាជ្ញានៃ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី​ ទេព វន្នី​ ត្រូវបាន​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​មណ្ឌល​អប់រំកែ​ប្រែទី២ (ម.២) វិញ នៅព្រៃសរ​ ជាកន្លែងដែល​អ្នកស្រី​ត្រូវបាន​ឃុំខ្លួន​ តាំង​ពីថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។ អ្នក​ស្រី​កំពុងរង់​ចាំ​សវនាការនៃបណ្ដឹង​សារទុក្ខ​ប្រឆាំងនឹង​ការផ្ដន្ទាទោសក្នុងករណី​តវ៉ារឿង​ដីធ្លី​មួយទៀត​ ដែល​អ្នកស្រី​ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ​៣០ខែ។ អ្នកស្រី​ គង់ ចន្ថា​ និង ​អ្នកស្រី ​បូ ឆវី ​មិនទាន់​ត្រូវបាន​ឃុំខ្លួនទេ។

ការ​ផ្ដន្ទាទោស​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​បញ្ញត្តិ​ មាត្រា​៥០២​ និង​មាត្រា​៥០៤​ នៃ​ក្រមព្រហ្មទណ្ឌ​ ពាក់ព័ន្ធនឹង​ការចូលរួម​របស់​អ្នកទាំងបី​ក្នុងការ​តវ៉ារឿង​ដីធ្លីមួយ​ នៅ​ខាងមុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពីឆ្នាំ​២០១១​។ មេធាវី​ និងសាក្សី​ដាក់​បន្ទុក​របស់ភាគី​ដើម​បណ្ដឹង​ មិន​បាន​បង្ហាញ​វត្តមាន​នៅ​តុលាការ​ទេ។ ដូចគ្នា​នឹង​សវនាការ​មុនៗ​នៃករណី​ដដែល​នេះដែរ​ គឺ​មិនមាន​ភ័ស្ដុតាង​គ្រប់គ្រាន់​ត្រូវបាន​លើកឡើង​ដើម្បី​ឱ្យស្រប​តាម​បទដ្ឋាន​គតិយុត្ត​ឡើយ​។

ឯកសារទាក់ទង:

សេចក្តីថ្លែងការណ៍
សង្គម​ស៊ីវិលស្នើ​​ដោះ​លែង​អ្នក​ស្រី ទេព​ វន្នី​ ឱ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃគម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួនអ្នក​ស្រីយ៉ាង​អយុត្តិធម៌

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៧audio available

អ្នកស្រី ទេព វន្នី ​សកម្ម​ជន​ដីធ្លីនិង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​លេចធ្លោ​ជា​ច្រើន​​​ទៀត​នៅ​កម្ពុជា នឹង​ត្រូវបាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ១ ឆ្នាំហើយ​ គិតត្រឹមថ្ងៃទី១៥ ខែសីហា ស្អែកនេះ ដោយ​សារ​​កិច្ច​ការ​ពារ​សហគមន៍​ និង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​របស់​អ្នកស្រី​។ យើង​ខ្ញុំ​ ​ដែលជា​អង្គការ​សង្គមស៊ីវិល​មាន​រាយ​នាម​ខាងក្រោម ខក​ចិត្ត​​​​​ចំពោះ​ការ​បន្ត​ឃុំ​ខ្លួនអ្នក​ស្រី។ យើង​ខ្ញុំ​សូមស្នើ​ឱ្យ​អាជ្ញាធរ​បដិសេធ​​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​អ្នក​ស្រី ព្រម​ទាំង​​ទម្លាក់​ចោល​រាល់​បទ​ចោទ​​ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ​ និងពុំ​មាន​​ភស្តុ​តាងជាក់លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់លើ​អ្នក​ស្រី​ និង​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ស្រី​ឱ្យមាន​សេរីភាព​វិញ​​។

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ សំណូមពរ​ដោយ​ទទូច​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ការផ្ដន្ទា​ទោស​ដ៏​អយុត្តិធម៌លើ​ អ្នកស្រី ​ទេព វន្នី ដើម្បី​បញ្ចប់​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​ផ្លូវ​ច្បាប់​មក​លើ​អ្នកស្រី និង​ដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ ​ #ដោះលែង​ទេពវន្នី

ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧audio available

យើងខ្ញុំ ជា​អង្គការ​សង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​សំណូមពរ​ដោយទទូច​​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ២០១៧ ​ ដែលបាន​សម្រេច​​ផ្តន្ទា​ទោស​ដ៏​អយុត្តិធម៌​មក​លើ​អ្នកស្រី ​ទេព វន្នី​ ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ ដោយសារ​សកម្មភាព​តវ៉ា​អហិង្សា​របស់​អ្នកស្រី​ កាលពីឆ្នាំ​២០១៣។ ​សាលា​ឧទ្ធរណ៍​នឹង​បើក​​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​របស់​ ​អ្នកស្រី ទេព​ វន្នី ប្រឆាំង​នឹង​ការ​ផ្តន្ទា​ទោសនេះ​ ​នៅ​ថ្ងៃ​ស្អែក​ ទី២៧ ​ខែកក្កដា​ ឆ្នាំ២០១៧​។ នៅ​ថ្ងៃ​ទី១៥ ខែសីហា​ ឆ្នាំ២០១៧​ ខាងមុខ​នេះ​ គឺ​ជា​ខួបមួយ​ឆ្នាំ​ ដែល​អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​​ជាប់​ក្នុង​ពន្ធនាគារ​ ​ ហើយ​ការ​ជាប់​ពន្ធនាគារ​របស់​អ្នក​ស្រី​​ ទំនងជា​ការ​ប៉ុនប៉ង​ ក្នុង​ការ​បំបិទ​សំឡេង​​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃមាត់​នៅ​កម្ពុជា ​​មុនពេល​​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែកក្កដា​ ឆ្នាំ២០១៨​ ចូល​មក​ដល់​។

សេចក្តីថ្លែងការណ៍
ហានិភ័យ​នៃ​សំឡេង​រិះគន់​៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០១៧audio available

នៅ​ខណៈ​ដែល​ស្ថានភាព​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​ដើរ​ទៅមុខ​ ការ​និយាយ​រិះគន់​ទៅលើ​​ការរំលោភ​បំពាន​របស់​អាជ្ញាធរ​ គឺកាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង។​ នៅ​ក្នុង​រយៈពេល​ពីរឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយជា​ជន​រងគ្រោះ​ក្នុង​ចំណោម​ជនរងគ្រោះ​ដទៃទៀត​ នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយស្រួយ​នៅកម្ពុជា។​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៦​ អ្នក​ការពារ​សិទិ្ធមនុស្ស​បាន​ទទួលរង​នូវបទ​ពិសោធន៍​យ៉ាង​ជូរចត់​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​អ្នក​ទាំងនោះ។​ អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុកចិត្តណាមួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះនៅឡើយទេ។​

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​ លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ វិធីសាស្ត្រ​ដ៏​យូរ​អង្វែង​ជាច្រើន​ ដែល​នៅតែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ (ដូចជា​៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​មាន​លក្ខណៈ​លំអៀង​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​ និង​ការ​បង្ក្រាប​លើ​ការ​តវ៉ា​ដោយ​អហិង្សា​នានា)​ ត្រូវ​បាន​បន្ថែម​ទម្ងន់​តាមរយៈ​ការ​អនុម័ត​ច្បាប់​ថ្មី​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាប​សង្កត់​ ហើយ​និង​ការ​ត្រួត​ពិនិត្យ​ចាប់​ពិរុទ្ធ​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធើណេត។​ ទោះ​បី​ជា​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ តែ​ទិន្នន័យ​ទាំង​នេះ​អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក​ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជាច្រើន​ ដែល​តែងតែ​កើត​មកលើ​អ្នក​ការពារ​សិទិ្ធមនុស្ស​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង​ពីរឆ្នាំ​ចុងក្រោយ​មក​នេះ​។​

សេចក្តីថ្លែងការណ៍
អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​​សម្តែងការ​សោកស្តាយ​ចំពោះ​ការ​រុះរើ​បដា​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង៥​ និង​អ្នក​ស្រី ទេព វន្នី

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៧audio available

យើង​ខ្ញុំ​ ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​មាន​រាយ​នាម​ខាង​ក្រោម​ សូម​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នគរបាល​ឃុំ និង​ស្រុក​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​បាន​ចុះ​ទៅ​រុះរើ​បដា​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ទាំង​៦នាក់។ បដា​ទាំងនេះ​ត្រូវ​បាន​ដក​ហូត​ចេញ​ពីទី​ស្នាក់​ការ​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អភិវឌ្ឍន៍ (“អាដហុក”) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (“លីកាដូ”) និង​អង្គ​ការ​មា​តា​ធម្មជាតិ ដែល​បាន​កើត​ឡើង​នៅ​ឃុំ​ស្មាច់​មានជ័យ​ កាលពី​ថ្ងៃទី២ ខែ​ឧសភា​ ឆ្នាំ​២០១៧ ព្រម​ទាំង​ការ​រុះ​រើបដា​ចេញ​ពី​មុខ​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នៅ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​កាល​ពីថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ២០១៧​ ផង​ដែរ។

សេចក្តីថ្លែងការណ៍
អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ផ្ដន្ទាទោស​ម្ដង​ទៀត ខណៈ​ដែល​ក្រុម​សន្ដិសុខ​ បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​គាំទ្រ​អ្នក​ស្រី

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៧audio available

យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សម្ដែង​ការសោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ទេព​ វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ដោយ​អ​យុត្តិធម៌​ និង​អំពើ​ហិង្សា​យ៉ាង​អាក្រក់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សន្ដិសុខ​ទៅ​លើ​អ្នក​គាំទ្ររបស់​អ្នកស្រី​ ​នៅ​ខាង​ក្រៅសាលា​ដំបូង​រាជធានី​ភ្នំពេញ។

សេចក្តីថ្លែងការណ៍
តុលាការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ពីរ​រូប​ ក្នុង​នាម​ជា​​ជន​សង្ស័យ​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​វាយ​ដំ​

ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៧audio available

ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស ​នៃ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (អង្គការលីកាដូ) ​លោក អំ​ សំអាត​ បាន​ទៅ​ឃ្លាំមើល​ការ​ដង្ហែ​ក្បួន​ដោយ​អហិង្សា ​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោក​ នៅថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ​២០១៦​។ លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ តំណាង ​សហគមន៍​បឹងកក់​ បាន​ទៅថត​សកម្មភាព​នៃ​ព្រឹត្តិការណ៍​នោះ​ដែរ។​ លោក​ អំ សំអាត​ និង​លោក ​ច័ន្ទ​ ពុទ្ធិ​ស័ក្ដ​ ត្រូវ​បាន​ទទួលរង​របូស​យ៉ាង​ធ្ងន់ធ្ងរ​ដោយការ​ប្រព្រឹត្ត​អំពើហិង្សា​ ពី​សំណាក់​ក្រុម​សន្ដិសុខ​ខណ្ឌ​ដូនពេញ​ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ក្នុង​នាម​ជា​ជន​សង្ស័យ​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា ​ដែល​បាន​កើត​ឡើង​នោះទៅវិញ។

សេចក្តីថ្លែងការណ៍
ទិវា​លំនៅ​ដ្ឋាន​​ពិភព​លោក​​ត្រូវ​បាន​រំខាន​​ដោយ​ការ​វាយ​​ដំ​យ៉ាង​ធ្ងន់ធ្ងរ​​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៦audio available

យើង​ខ្ញុំ​ ជា​អង្គការ​​សង្គម​ស៊ីវិល​​មាន​រាយ​នាម​ដូច​​ខាង​ក្រោម​ សូម​សម្ដែង​ការ​​សោក​ស្តាយ​​យ៉ាង​​ខ្លាំង​ចំពោះ​សន្តិសុខ​​សាលា​ខណ្ឌ​ដូនពេញ​​មួយ​ចំនួន​ ​ដែល​បាន​ប្រើ​ប្រាស់​​អំពើ​ហិង្សា​ដោយ​គ្មាន​ហេតុផល​​អំឡុង​ពេល​ការ​​ដើរ​​ហែ​​ក្បួន​​អហិង្សា​​មួយ​​ ដើម្បី​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋាន​​ពិភពលោក​ កាល​ពី​ព្រឹក​មិញ​ និង​សូម​ថ្កោល​ទោស​​ការ​វាយ​ប្រហារ​ដែល​​មិន​អាច​ទទួល​យក​បាន​នេះ។​

សេចក្តីថ្លែងការណ៍
សង្គម​ស៊ីវិល​អំពាវ​នាវ​សូម​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​បឹង​កក់​ជា​បន្ទាន់​

ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១៦audio available

យើង​ខ្ញុំ ​ជា​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្មជន​បឹង​កក់ ​(អ្នកស្រី​ ទេព​ ​វន្នី ​និង​អ្នក​ស្រី ​បូវ ​សោភា​) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់​ចាំ​សវនាការ​នៅ​មណ្ឌល​កែ​ប្រែ​ទី​២នៃ​ពន្ធនា​គារ​ព្រៃ​ស​ កាល​ពី​ថ្ងៃទី​១៧ ខែសី​ហា ឆ្នាំ​២០១៦ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចូល​រួម​របស់​អ្នក​ទាំង​ពីរ​ក្នុង​យុទ្ធនា​ការ​អហិង្សា​ “ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​”។ យើង​ខ្ញុំ ក៏​សូម​អំពាវ​នាវ​ឲ្យ​អាជ្ញា​ធររដ្ឋ​ទម្លាក់​ចោលនូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​ត្រឹមត្រូវ​លើ​អ្នក​ទាំង​ពីរ ​ហើយ​សូម​ឲ្យ​ធា​នា​នូវ​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​អហិង្សា ​ដូ​ចជា​អ្នក​ដែល​គាំទ្រ​យុទ្ធនា​ការអ​ហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​ផង​ដែរ។ ​

កម្រង​រូបភាព
ប្រជាពលរដ្ឋរាប់ពាន់នាក់ ទាមទារយុត្តិធម៌​ក្នុង​ការប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ

ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៥

ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋ​ប្រមាណ ១ម៉ឺននាក់ មកពី​សហគមន៍​ជនបទ និង​ទីក្រុង បាន​ចូលរួម​ដើរក្បួន និង​ប្រារព្ធ​ទិវានេះ​នៅ​ទីតាំង​ចំនួន ២០កន្លែង ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវា​នេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​បណ្តាញ​ក្រៅ​ប្រព័ន្ធ ក្រុម​មិត្ត ១០ធ្នូ ដែល​រួម​មាន ក្រុម​យុវជន សហគមន៍​ដីធ្លី សមាគម កសិករ ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជា​ច្រើន​ក្រុម បាន​ដើរក្បួន​ដោយ​អហិង្សា​ពីទីកន្លែង​ខុសៗ​គ្នានៅ​ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅកាន់​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេស​កម្ពុជា កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ដោះលែង​សកម្មជន​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​និង​គោរព​សិទិ្ធ​ការងារ បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធររដ្ឋ និង​គោរព​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ ជួបជុំ និង​ប្រមូលផ្តុំ​ដោយ​អហិង្សា។ ប្រធាន​បទ​សម្រាប់​ទិវា​សិទិ្ធ​មនុស្ស​នាឆ្នាំ​នេះ គឺ “យុត្តិធម៌”។

កម្រង​រូបភាព
សហគមន៍មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវាសិទិ្ធ​លំនៅដ្ឋាន​ពិភពលោកនៅ​រាជធានី​ភ្នំពេញ

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៥

នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាង ១.៤០០ នាក់ មកពី​ខេត្តជា​ច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា បាន​ប្រមូល​ផ្តុំគ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធលំនៅដ្ឋាន​ពិភពលោក​លើកទី ៣០ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុងការ​គោរពនូវ​សិទិ្ធ​ទទួល​បានលំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា។

សេចក្តីថ្លែងការណ៍
ក្រុមសង្គមស៊ីវិលថ្កោលទោសការបន្តឃុំខ្លួនសកម្មជនទាំង ១១នាក់

ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៥audio available

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល ដែលមាន​រាយនាម​ដូចខាង​ក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​សាលដីកា ដែល​ត្រូវបាន​ប្រកាស​នាព្រឹកនេះ​ដោយ​សាលាឧទ្ធរណ៍ លើ​សំណុំ​រឿង​សកម្មជន​ស្ត្រីបឹង​កក់​ចំនួន ១០នាក់ និង​ព្រះសង្ឃ​មួយអង្គ។ បន្ទាប់ពី​សវនាការ​ឧទ្ធរណ៍ ដែល​ស្ទើរតែ​មិន​បាន​ផ្តល់​សិទិ្ធក្នុង​ការ​ទទួលបាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ទាល់តែ​សោះ សាលាឧទ្ធរណ៍​បាន​សម្រេច​ដំកល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែលបាន​ផ្តន្ទាទោស និង​ដាក់ពន្ធនាគារ​មិនត្រឹមត្រូវ​លើអ្នក​ទាំងនោះ ទោះបីជា​មានការ​កាត់បន្ថយ​ទោស​ពន្ធនាគារ និង​ពិន័យ​មួយចំនួន​ក៏ដោយ។

កម្រង​រូបភាព
ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា​ក្នុង​​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤

ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤

ដើម្បីអបអរសាទរទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៤ ព្រះសង្ឃ​ប្រមាណ ៦០០ អង្គ បាន​ដឹកនាំ​ក្បួនធម្ម​​យាត្រា-សិទិ្ធយាត្រា​​ជាមួយ​​សកម្មជន សហជីព សមាគម ប្រជាពលរដ្ឋ​នៅទី​ជនបទ និង​ទីប្រជុំជន អង្គការ​មិនមែន​រដ្ឋាភិបាល​នានា តាម​ផ្លូវជាតិ​ចំនួន ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ខែធ្នូ។ សាររួម​នៃ​ទិវា​នាឆ្នាំនេះ​គឺ “គោរព​សិទិ្ធ​មនុស្ស​នាំមក​នូវ​សន្តិភាព!” នេះជា​លើក​ទីមួយ ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដោយ​ខ្លួន​ឯង ដោយការ​ដើរហែ​ក្បួន​នៅតាម​ផ្លូវជាតិ​លេខ ៧ ចាប់ផ្តើម​ពីថ្ងៃទី​៤ ខែធ្នូ។

កម្រង​រូបភាព
សូមដោះលែង​ ១៩ នាក់៖ សង្ខេបប្រវត្តិស្ត្រី​បឹងកក់​ទាំង ១០​នាក់

ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៤

នាថ្ងៃទី១០ និង​ទី១១ ខែ​វិច្ឆិកា សកម្មជន​សិទិ្ធដីធ្លីតំបន់​បឹង​កក់​ចំនួន ១០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ខណៈ​ដែល​កំពុង​ធ្វើ​ការ​តវ៉ា​អហិង្សា​នៅ​រាជ​ធានី​ភ្នំពេញ។ នៅ​ត្រឹម​ថ្ងៃ​ទី​១២ អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្តន្ទាទោស​ចំនួន ១​ឆ្នាំ​ក្នុង​ពន្ធនាគារ​។ ការ​ដាក់​ពន្ធនាគារ​ស្រ្តី​ទាំង​នោះ ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​មាន​ការ​ចាប់​ខ្លួន​ជាច្រើន​ ដែល​ដាក់​គោល​ដៅ​មិន​ត្រឹម​តែ​លើ​សកម្ម​ជន​ដី​ធ្លី ប៉ុន្តែ​ក៏​ទៅលើ​សមាជិក​គណបក្ស​ជំទាស់​ និង​ព្រះ​សង្ឃ​ជា​សកម្ម​ជន។ ប្រាំបី​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើង។ កម្រង​រូប​ភាព​នេះ​ផ្តោត​ទៅលើ​ស្ត្រីជា​សកម្ម​ជន​តំបន់​​បឹង​កក់​ទាំង ១០​រូប​ ដែល​បាន​តស៊ូ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ ហើយ​ឥឡូវ​មាន​រយៈ​ពេល​ ៧ឆ្នាំ​ហើយ​។ សម្រាប់​ប្រាំ​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ នេះ​ជា​ការ​ជាប់​ពន្ធ​នាគារ​លើក​ទី​ពីរ​។

សេចក្តីថ្លែងការណ៍ អង្គការ លីកាដូ អំពាវនាវ​សុំ​ឲ្យមាន​ការដោះលែង​ប្រជាពលរដ្ឋ​បុរស និង​ស្ត្រី​ចំនួន ១៩នាក់ ដែល​ត្រូវបាន​ជាប់​ពន្ធនាគារម១ និងម២ នៅ​ព្រៃសរ​ ដោយ​មិន​ត្រឹមត្រូវ

ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ២០១៤audio available

នៅថ្ងៃពុធ ប្រទេសកម្ពុជា នឹងប្រារព្ធទិវា​សិទិ្ធមនុស្ស​អន្តរជាតិ។ អង្គការ លីកាដូ សូម​ឆ្លៀតយក​​ឱកាសនេះ សូម​ធ្វើការ​​អំពាវនាវ​ដ៏ទទួច សូម​ឲ្យ​មានការ​​ចាប់​អារម្មណ៍​ទៅ​លើ​បុរស និង​​ស្ត្រី​ចំនួន ១៨​នាក់ ដែល​​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​​ដោយមិន​ត្រឹមត្រូវ ក្រោយ​​ពេល​មានការ​​ចាប់ខ្លួន​ដោយសារ​បញ្ហា​​បន្តិចបន្ទួច​​នៅក្នុង​​រាជធានី​ភ្នំពេញ។ អង្គការ លីកាដូ មានការ​​សោកស្តាយ​​យ៉ាងខ្លាំង​ចំពោះ​ការចាប់​​ដាក់​ពន្ធនាគារ​​បែបនេះ ហើយ​និង​​ការបន្ត​រំលោភ​បំពាន​លើ​ប្រព័ន្ធ​តុលាការ ពីសំណាក់​​អាជ្ញាធ​រដ្ឋ និង​បុគ្គល​មួយ​ចំនួន​​ដែលមាន​​ទំនាក់ទំនង​​ល្អ​ជាមួយ​អាជ្ញាធរ​រដ្ឋនេះ។