មូលបទ

កែម ឡី

កម្រង​រូបភាព
ព្រឹត្តិការណ៍​នៃពិធី​បុណ្យ​ខួបគម្រប់​មួយឆ្នាំ​នៃ​មរណភាព​លោក​ បណ្ឌិត​ កែម ឡី

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៧

កម្រង​រូបភាព​ក្នុង​ព្រឹត្តិការណ៍ ​ថ្ងៃទី​៩ ​និង​ទី១០​ ខែកក្កដា​ ឆ្នាំ២០១៧​ ​អំឡុងពេល​ប្រារព្ធខួបគម្រប់មួយឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​។ ប្រជាពលរដ្ឋ​កម្ពុជានៅ​ក្រៅ​ប្រទេស​ ក៏​បាន​​ប្រារព្ធបុណ្យ​ខួបគម្រប់មួយឆ្នាំនេះដែរ​ ដូចជា​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​អូស្ត្រាលី​។ កាល​ពី​ថ្ងៃទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ លោក​បណ្ឌិត​ ត្រូវ​បាន​ឃាតករ​​បាញ់​ត្រូវ​ចំនួន​ពីរ​កន្លែង​ ត្រង់​ដើម​ទ្រូង​ និង​ក្បាល​ នៅ​ក្នុង​ស្តាម៉ាត​នៃស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិចស្ដុបបូកគោក្នុង​​​រាជធានី​ភ្នំពេញ។​ ខ្មាន់​កាំភ្លើង​ដែល​ត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ ​អឿត ​អាង​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​អស់​មួយ​ជីវិត​កាល​ពីខែមិនា​ ឆ្នាំ​២០១៧​ ​ប៉ុន្តែ​យុត្តិធម៌​​នៅតែ​មិនទាន់មាន​នៅឡើយ​ ដោយសារនៅ​មាន​មន្ទិលសង្ស័យជាច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ចន្លោះ​នៃ​ដំណើរ​ការ​រឿង​ក្ដី​ព្រហ្ម​ទណ្ឌ​នេះ ​​ទាំង​នៅ​ក្នុង​នីតិវិធី​ស៊ើបអង្កេត​ និង​សវនាការ​។

ឯកសារ
លិខិត​ចំហ​រួម៖ សំណើ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​ លោក កែម ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០១៧

នៅ​មុន​​ឱកាស​នៃខួបគម្រប់​មួយ​ឆ្នាំ​នៃមរណភាព​របស់​​លោក កែម ឡី យើងខ្ញុំ​​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​រាយ​នាម​ខាង​ក្រោម សម្តែង​ក្តី​បារម្ភ​ជា​ថ្មី​ម្តង​ទៀត​ជុំវិញការ​វិវឌ្ឍតិចតួច​នៅ​ក្នុងការ​ស៊ើប​អង្កេតករណី​ឃាតកម្មនេះ ក៏ដូចជា​ ការ​ស៊ើប​អង្កេត និង​សវនាការ​ជំនុំជម្រះ​​មិន​ទាន់​គ្រប់គ្រាន់ ដោយ​សារមាន​តែ​ឈ្មោះ
អឿត អាង​ ម្នាក់ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ ឬ​ចោទ​ប្រកាន់​ជុំវិញ​ការ​ស្លាប់​របស់​លោក កែម ឡី។ ដោយ​សារ​តែការ​​ស៊ើប​អង្កេតនៅ​មិនទាន់​​គ្រប់គ្រាន់​ យើង​ខ្ញុំ​សូម​ស្នើឲ្យរាជរដ្ឋាភិបាល​កម្ពុជា
(“​រដ្ឋាភិបាល”) បង្កើត​គណៈកម្មការ​ស៊ើប​អង្កេតឯករាជ្យ និង​ឥតលម្អៀងមួយ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​បន្ត​​​​​បើក​ការ​ស៊ើប​អង្កេតបន្ថែមទៀត។

សេចក្តីថ្លែងការណ៍
ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០១៧audio available

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

សេចក្តីថ្លែងការណ៍
សេច​ក្តី​ថ្លែង​ការណ៍​រួម​៖ អង្គការ​សង្គម​ស៊ីវិល​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​ជុំ​វិញ​ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រមផ្តន្ទា​ទោស​

ថ្ងៃទី​២៣ ខែមិនា ឆ្នាំ២០១៧audio available

បី​សប្តាហ៍​បន្ទាប់​ពី​សវ​នា​ការ​ជំនុំ​ជម្រះ​រយៈ​ពេល​ ៤​ ម៉ោង​ នៅ​ថ្ងៃ​នេះ​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ឈ្មោះ​ អឿត​ អាង​ ដែល​ហៅ​ក្រៅ​ថា​ ‘ជួប​ សម្លាប់’​ ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​លើ​លោក​ កែម​ ឡី​ ដែល​ជា​អ្នក​វិភាគ​នយោ​បាយ​ និង​ពី​ប​​​​ទ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០០​ និង​មាត្រា​ ៤៩០​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ចៅ​ក្រម​ លាង​ សំណាត់ ​បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ អឿត​ អាង​ ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​។

ថ្វី​បើ​មាន​ភស្តុ​តាង​គួរ​ឲ្យ​ជឿ​ជាក់​ថា​ អឿត​ អាង​ គឺ​ជា​ខ្មាន់​កាំ​ភ្លើង​ ដែល​បាន​បាញ់​ និង​សម្លាប់​លោក​ កែម​ ឡី​ យ៉ាង​ណា​ក្តី​ កង្វះ​តម្លា​ភាព​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី​ នី​តិ​វិ​ធី​ជំនុំ​ជម្រះ​ខ្លី​ពេក​ និង​ការ​ខក​ខាន​ក្នុង​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេ​ញ​ជុំ​វិញ​មូល​ហេតុ ​អ្នក​សម​គំនិត​ និង​ស្ថាន​ភាព​នៃ​ការ​ចាប់​ខ្លួន​ អឿត​ អាង​ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ជា​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ភាព​ពេញ​លេញ​នៃ​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​លើ​ករណី​មួយ​នេះ​។ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​មិន​គ្រប់​គ្រាន់​ជុំ​វិញ​ឃាត​កម្ម​លោក​ កែម​ ឡី ​ក៏​ដូច​ជា​នី​តិ​វិ​ធី​សវនាការ​ជំនុំ​ជម្រះ​ យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយ​នាម​ខាង​ក្រោម​ សូម​អំពាវ​នាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ក្នុងការ​ស៊ើប​អង្កេត​ពីស្ថានភាព​ទាំង​មូល​នៃ​ឃាត​កម្ម​នេះ ​ដើម្បី​ឲ្យ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរ​ជាតិ។​

អត្ថបទខ្លីៗ
យុវ​ជន​ត្រូវ​បាន​ឃាត់​ខ្លួន​ខណៈ​ដែល​មាន​ការ​ហាម​ចាក់​បញ្ចាំង​វី​ដេ​អូឯក​សារ​

ថ្ងៃទី​១២ ខែមិនា ឆ្នាំ២០១៧ ថ្ងៃ​នេះ​ យុវជន​ចំនួន​បួន​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល​បី​ម៉ោង​បន្ទាប់​ពី​នគរ​បាល​ និង​កង​សន្តិ​សុខ​បាន​ហាម​ឃាត់​ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯក​សារ​របស់​កា​សែត​ Al​ Jazeera ស្តី​ពី​ករណី​ឃាត​កម្ម​របស់​អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម​ ឡី​។

ការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ឯកសារ​នេះ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ការិយាល័យ​ឯក​ជន​មួយ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ (KSILA) ដែល​ជា​អង្គការ​មួយ​របស់​សកម្ម​ជន​និង​អ្នក​វិភាគ​វ័យ​ក្មេង។​ អ្នក​ចូល​រួម​ប្រមាណ​ជា​ ១៥​នាក់​រង់​ចាំ​ទស្សនា​វី​ដេ​អូ​ឯក​សារ​នេះ​ នៅ​ពេល​ដែល​មាន​កង​កម្លាំង​នគរបាល​និង​កង​សន្តិ​សុខ​ប្រមាណ​ជា​ ៥០នាក់​បាន​ឡោម​ព័ទ្ធ​ការិយា​ល័យ​និង​បាន​ឃាត់​ខ្លួន​យុវជន​ចំនួន​បួន​នាក់​។ លោក​ មួង​ សូនី​ លោក​ សួង​ នាគ​ព័ន្ធ លោក​ វ៉ន​ ចាន់​ឡូត​ និង​លោក​ ហេង​ សំណាង​ ជា​សមាជិក​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វន្ត​ខ្មែរ​ ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​ប្រហែល​ជា​ ៦ល្ងាច​ បន្ទាប់​ពី​អ្នក​ទាំង​នោះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ ដោយ​សន្យា​ថា​នឹង​ឈប់​ចាក់​បញ្ចាំង​ខ្សែរ​វី​ដេ​អូ​នេះ​ម្តង​ទៀត​ បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​អា​ជ្ញា​ធរ​។

ឯកសារទាក់ទង:

កម្រង​រូបភាព
ក្បួន​​ដង្ហែ​​នៃ​​ពិធី​​បុណ្យខួប​​គំរប់​​​ ​១០០ថ្ងៃ​ ​របស់​​លោក​​បណ្ឌិត​ ​កែម​ ​ឡី​

ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៦

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ចូលរួម​ដង្ហែ​ក្បួន​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ​៩០​គីឡូ​ម៉ែត្រ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ខួប​គំរប់​ ១០០ថ្ងៃ​ នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ លោក​បណ្ឌិត​ កែម​ ឡី។​ លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់ នៅ​ក្នុង​ហាង​កាហ្វេ​នៃ​បរិវេណ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់​តិច​មួយ​កន្លែង​ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។​ រយៈពេល​ជាង​៣ខែ​មក​ហើយ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​នៅ​កណ្ដាល​រាជធានី​ ប៉ុន្តែ​នៅតែ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ​ដែល​គួរឲ្យ​ទុក​ចិត្ត​បាន​នៅ​ឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​របស់​លោក​នេះ។​

ក្បួន​ដង្ហែ​បាន​ចាប់​ផ្ដើម​ចេញ​ពីវ​ត្ត​ពោ​ធិ​យារាម​ ហៅ​វត្តចាស់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ជាកន្លែង​ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​បណ្ឌិត ​កែម​ ឡី ​កាល​ពី២​ថ្ងៃ​មុន​ថ្ងៃ​​ដង្ហែ​​ក្បួន​នេះ។

សេចក្តីថ្លែងការណ៍
សង្គមស៊ីវិល​កម្ពុជា​ថ្កោលទោស​ការសម្លាប់​អ្នកវិភាគ​ឯករាជ្យ លោកបណ្ឌិត កែម ឡី

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៦audio available

យើង ខ្ញុំ ជាក្រុមសង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូចខាង​ក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី កាលពី​ព្រឹក​ម្សិលមិញ ដែល​លោក​ជាអ្នក​វិភាគ​ឯករាជ្យ និងជា​អ្នករៀបចំ​បណ្តាញ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​សូម​អំពាវនាវ​ឲ្យមាន​ការស៊ើប​អង្កេត​ឲ្យបាន​ឆាប់រហ័ស ឯករាជ្យ និង​ម៉ត់ចត់​ទៅលើការ​ស្លាប់​របស់​លោក។