បណ្ណាល័យ

ការបែងចែក

ប្រភេទ






ប្រធានបទ








ឆ្នាំ

ស្វែងរក

កម្រង​រូបភាព | សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ២០២៤

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋ​ប្រមាណ​ ២.០០០​ នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ ​ដែល​រួមមាន​ខេត្តបន្ទាយមានជ័យ​ បាត់​ដំបង​ កំពង់​ធំ​ កំពង់​ស្ពឺ​ កំពត​ កោះ​កុង​ ក្រចេះ​​ ព្រះ​វិហារ​ ស្វាយ​រៀង​ ពោធិ៍សាត់​ កំពង់​ឆ្នាំង​​ ស្ទឹង​ត្រែង​ និង​ត្បូងឃ្មុំ​​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដេីម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ​ ខួប​លេីក​ទី​ ១១៣​ ឆ្នាំ​២០២៤​ ។ ការ​ប្រារព្ធ​ទិវា​នេះ​ បាន​ធ្វើ​ឡេីង​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថ្ងៃទី​ ៨​ ខែ​មីនា​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍​ដី​ធ្លី​ ព្រៃឈេី​ ជនជាតិ​ដេីម​ភាគ​តិច​ យុវជន​ កុមារ​ អាជ្ញាធរ​ក្នុង​តំបន់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។ ការ​ប្រារព្ធ​ទិវា​ ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការឡេីង​ថ្លែងការណ៍​ ​ការ​ដេីរ​ក្បួន​ ការ​ពិភាក្សា​ជា​វេទិកា​សាធារណៈ​ ការ​ច្រៀង​ចម្រៀង​ និង​ការ​ហូប​អាហារ​សាមគ្គី​ ។

អត្ថបទខ្លីៗ | សហគមន៍​សំរោង​ត្បូង​ ​រាយការណ៍​ថា​មានអំពើ​ហិង្សា​ ​នៅ​ពេល​អាជ្ញាធរ​កំពុង​ឈូស​ឆាយដី​តំបន់​បឹង​តា​មោក​

ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤audio available

នា​ព្រឹកនេះ​ ​សមាជិក​សហគមន៍​សំរោង​ត្បូង​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​រង​របួស​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​អាជ្ញាធរ​ជាច្រើន​នាក់​ ​និង​សមាជិក​សហគមន៍​មួយ​ចំនួន​ ​នៅពេលដែល​អាជ្ញាធរ​កំពុង​ចាក់​ដី​លុប​តំបន់​មួយ​ក្នុង​បឹង​តា​មោក​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​តំបន់​មួយ​ចំនួន​ក្នុង​ផ្ទៃ​បឹង​តា​មោក​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ​កាត់​ ​និង​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ ​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​​ជិតស្និទ្ធ​​ជាមួយ​អាជ្ញាធរ​រដ្ឋ​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​សំរោង​ត្បូង​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​កាល​ពីម្សិលមិញ​ ​និង​នៅ​ព្រឹកនេះ​ ​ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​ឈូស​ឆាយ​របស់​អាជ្ញាធរ​រដ្ឋ​ដែល​ប៉ះពាល់​ដល់​ដីធ្លី​របស់​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​ក៏​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​ ​ដែល​យ៉ាងតិច​ណាស់​មាន​បណ្តឹង​ចំនួន​ ​៤​ ​ករណី​ ​កំពុង​ដំណើរការ​​​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​២​ ​ដោយ​ផ្អែក​លើ​ភាព​សកម្ម​និយម​លើ​រឿង​ដីធ្លី​របស់​ពួកគេ​ ​។​

​ការ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ពេលនេះ​ ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​តា​មោក​ ​គឺ​កើតឡើង​នៅពេលដែល​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន​ ​៣​គ្រឿង​ ​ជាមួយ​និង​សន្តិសុខ​ចំនួន​ ​១​០​ ​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​ដើម្បី​ឈូស​ឆាយដី​ដែល​កាន់កាប់​ដោយ​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​ ​។​ ​ក្រោយមក​កងកម្លាំង​នគរបាល​មួយ​ចំនួន​ ​បាន​មកដល់​ ​និង​ឈរ​ឃ្លាំមើល​សកម្មភាព​របស់​សហគមន៍​ ​។​ ​ការ​ឈូស​ឆាយ​ ​បាន​បន្ត​នា​ព្រឹកនេះ​ ​ដោយមាន​វត្តមាន​កងកម្លាំង​នគរបាល​ច្រើនជាង​កាល​ពីម្សិលមិញ​ ​ដោយមាន​ចំនួន​ប្រហែលជា​ង​ ​២​០​០​ ​នាក់​ ​រួម​មាន​នគរបាល​ប្រមាណ​ជាង​ ​៥​០​ ​នាក់​ ​និង​លោក​អភិបាល​រង​ខណ្ឌ​ព្រែក​ព្នៅ​ ​មួយ​នាក់​ផង​ដែរ​ ​។​ ​អាជ្ញាធរ​មួយ​ចំនួន​ ​បាន​ឈរ​មើល​ការ​ឈូស​ឆាយ​ ​ហើយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​ ​ដែល​រួម​មាន​នគរបាល​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​បាន​ថតរូប​ ​និង​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​សមាជិក​សហគមន៍​ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​នោះ​ ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​

ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤audio available

សាលាឧទ្ធរណ៍​ភ្នំពេញ​នា​ព្រឹកនេះ​បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​រក​ឃើញ​ថា​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​មាន​ពិរុទ្ធ ​ពី​បទ​ចោទ​ "​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​" ​។​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​ ​លាន​រៀល​ (​ប្រហែល​ ​១​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​។​ ​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ ​ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍​នៅ​ពេល​លោក​បាន​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាលពី​ថ្ងៃ​ទី​ ​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​។​

លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​៣​ ​ពី​បទ​ "​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ​និង​បទ​ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​" ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​នេះ​ជា​ករណី​ទីពីរ​ហើយ​ ​ដែល​លោក​សេដ្ឋា​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​ហើយ​សេចក្តី​សម្រេច​នេះ​ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​ទុកជា​បានការ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​។​

កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៤​ ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​ ​ដែល​បាន​រក​ឃើញ​ថា​លោក​ ​សេដ្ឋា​ ​មាន​ពិរុទ្ធ ​លើ​បទ​ចោទ​ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​” ​ហើយ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​១​៨​ ​ខែ​ ​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ ​និង​ផ្តល់​សំណង​ទៅ​ដើមបណ្តឹង​ ​។​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ ​៤​០​៧​ ​ថ្ងៃ​មក​ហើយ​ ​ចាប់តាំង​ពី​មានការ​ចាប់ខ្លួន​របស់​លោក​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បានខាង​លើ​នេះ​ ​៕​

អត្ថបទខ្លីៗ | ​សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​លើ​សមាជិក​សហគមន៍​ឡ​ពាង​បី​រូប

ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២៤audio available

​សាលាឧទ្ធរណ៍​ភ្នំពេញ​ព្រឹកនេះ​ ​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ផ្តន្ទាទោស​ ​លើ​សមាជិក​សហគមន៍​ឡ​ពាង​បី​រូប​ ​ពី​បទ​ “​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​” ​និង​ “​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​” ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ ​។​ ​សមាជិក​សហគមន៍​ទាំង​បី​រូប​ ​រួម​មាន​ ​លោក​ ​ញឹម​ ញឿ​ន​ (​ដែល​ត្រូវ​ស្គាល់​ថា​ឈ្មោះ​ ​ស្ងួន​ ញឿ​ន​) ​លោក​ ​រាជ​ ​សី​ម៉ា​ ​និង​ ​លោក​ ​ភុល​ ​សន​ ​។​

​សហគមន៍​ឡ​ពាង​ ​បាន​តស៊ូ​ជាមួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ប្រឆាំង​នឹង​ការរំលោភ​យក​ដី​ដោយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ (​ជា​ក្រុមហ៊ុន​របស់​លោកស្រី​ ​ជា​ ​ខេង​ ​ដែល​ជា​ភរិយា​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ស៊ុ​យ​ ​សែម​) ​។​

​បទ​ចោទ​ភាគច្រើន​ត្រូវ​បាន​ចោទប្រកាន់​ ​ដោយ​ចេញពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​ ​២​០​១​៣​ ​នៅពេលដែល​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ ​ចាប់ផ្តើម​វាស់វែង​កំណត់​ព្រំ​ដី​ជុំវិញ​ដី​ ​ដែល​មាន​ជម្លោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​។​ ​សមាជិក​សហគមន៍​ឡ​ពាង​ជាច្រើន​នាក់​បាន​មកដល់​ទីតាំង​ដី​ ​ដើម្បី​ធ្វើការ​តវ៉ា​ ​។​ ​ហើយ​នៅ​ខណៈ​ពេល​កំពុង​តវ៉ា​នោះ​ដែរ​ ​រោង​ចាំ​ដី​របស់​កង​សន្តិសុខ​ក្រុមហ៊ុន​ ​ត្រូវ​បាន​បំផ្លាញ​ ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​តម្កល់​សាលដីកា​ផ្តន្ទាទោស​សមាជិក​សហគមន៍​ដីធ្លី​នៅ​ត្បូងឃ្មុំ​

ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤audio available

​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​ខ្លួន​លើកទីមួយ​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​ប៉ុន្តែ​សម្រេច​ព្យួរទោស​ដាក់​ពន្ធ​នាគា​រ​ ​មក​លើ​សមាជិក​សហគមន៍​ដីធ្លី​ស្រែប្រាំង​ចំនួន​ ​៤​នាក់​ ​។​ ​អ្នក​ទាំង​ ​៤​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ “​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយសារ​ការប្រព្រឹត្ត​មាន​បុគ្គល​ច្រើន​រូប​ធ្វើសកម្មភាព​ក្នុងឋានៈជា​សហចារី​” ​។​

​សមាជិក​សហគមន៍​ទាំង​ ​៤​ ​រូប​ ​គឺ​ស្ថិត​ក្នុងចំណោម​ជនជាប់ចោទ​ចំនួន​ ​៩​ ​នាក់​ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ ​ហា​ម៊ូ​នី​ ​វី​ន​ ​អ៊ី​ន​វេ​ស​មែន​ ខូ អិ​ល​ធី​ឌី​ ​ចោទប្រកាន់​ថា​បាន​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ​ដោយ​មិន​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​ដីធ្លី​របស់​អ្នក​ទាំងនោះ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​និង​ ​២​០​២​០​ ​។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​និង​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​កាលពី​ឆ្នាំ​ ​២​០​២​១​ ​ដោយ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​ក្រោយមក​ ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ ​កាលពី​ឆ្នាំ​ ​២​០​២​២​ ​ប៉ុន្តែ​តុលាការ​កំពូល​កាលពី​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​នេះ​ ​ទៅ​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំ​ជម្រះ​សាជាថ្មី​ ​។​

​សាលាឧទ្ធរណ៍​ ​តាមរយៈ​សវនាការ​ជំនុំ​ជម្រះ​ជា​លើក​ទីពីរ​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​សមាជិក​សហគមន៍​ទាំង​ ​៤​ ​នាក់​ ​និង​តម្កល់​កា​រដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​ប៉ុន្តែ​សម្រេច​ឱ្យ​ព្យួរទោស​ទាំងនោះ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​រួម​មាន​ ​លោក​ ​ចក់​ ​ជ័យ​ ​អ្នកស្រី​ ​ឃឹម​ ​សុខជា​ង​ ​លោក​ ​ពុំ​ ​ពេជ្រ​ និង​លោក​ ​វឿន​ វឿ ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​លោក​ ​កង​ ​សារ៉ន​ ​ដាក់​ក្នុងពន្ធនាគារ​ ​

ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៤audio available

សាលាឧទ្ធរណ៍​បាត់​ដំបង​ថ្ងៃនេះ​ ​បាន​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​លើ​ ​លោក​ ​កង​ ​សារ៉ន​ ដែលជា​សកម្ម​ជន​សង្គម ហើយ​​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​កាលពី​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​ជុំវិញ​ការ​បញ្ចេញមតិ​របស់​លោក​ទៅលើ​បញ្ហា​ន​យោ​បាយ​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ ​របស់​លោក​ ​។​

​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃ​ទី​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ពេល​ដែល​លោក​បាន​បញ្ចេញមតិ​នៅ​ក្នុង​វីដេអូ​មួយ​ ​ដែល​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​ ​នៅ​អំឡុង​ពេល​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់​ជាតិ​ ​។​ ​ក្រោយមក លោក​ ​សារ៉ន​ ​ក៏​ត្រូវ​បាន​លែង​វិញ​បន្ទាប់ពី​លោក​បាន​ធ្វើការ​សុំទោស​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​លោក​ត្រូវ​បាន​កាត់ទោស​ ​ដោយ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែវិច្ឆិកា​ ​ពី​បទ​ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” “​ជេរប្រមាថ​ជា​សាធារណៈ​” ​និង​បទ​ “​ប្រមាថ​ចំពោះ​អង្គ​ព្រះម​ហា​ក្សត្រ​” ​ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​។​ ​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បន្ទាយ​មាន​ជ័យ ​។​

​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​ខាងលើ​នេះ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​។​ ​ដូចនេះ​លោក​នឹង​នៅ​បន្ត​ក្នុង​ពន្ធ​នាគា​រ​ ​រង់ចាំ​ការ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ ​។​

អត្ថបទខ្លីៗ | សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោម​ការ​ចោទ​ក្លែង​បន្លំ​ពាក់ព័ន្ធ​នឹង​ឯកសារ​បោះឆ្នោត​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៤audio available

ប្រធាន​ស្តីទី​គណៈកម្មាធិការប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃ​ ​ច័ន្ទ ​និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ ​នៅ​ថ្ងៃនេះ​ ​បន្ទាប់ពី​រង​ការចោទប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ពី​បទ​ ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ ​។​

កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ពេញ​មួយ​យប់​ដោយ​នគរបាល​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ស្ថិតនៅ​ក្នុង​គេហដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​។​ ​នៅ​ថ្ងៃ​ ​អង្គា​រ៍ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ ​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដោយ​បាន​លើកឡើង​ថា​ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់ទិន​នឹង​ ​ការ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​ ​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​។​

អត្ថបទខ្លីៗ | ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​តវ៉ា​ជំទាស់​ជាមួយនឹង​ការ​រឹតត្បិត​របស់​អាជ្ញាធរ​អប្សរា​

ថ្ងៃទី​១៥ ខែមករា ឆ្នាំ២០២៤audio available

នា​ព្រឹកនេះ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​ជាច្រើន​រយ​នាក់​ ​ធ្វើការ​ដើរ​តវ៉ា​ឆ្ពោះទៅ​កាន់​សាលាខេត្ត​ ​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឱ្យ​មានការ​អន្តរាគមន៍​ពីសំណាក់​រាជរដ្ឋាភិបាល​ ​និង​ ​អង្គការ​យូ​ណេស្កូ ​ក្នុង​គោលបំណង​បញ្ឈប់​ការ​រឹតត្បិត​ដោយបង្ខំ​របស់​អាជ្ញាធរ​អប្សរា​ ​ក្នុង​ការ​សាងសង់​សំណង់​ ​និង​រៀបចំ​ជួសជុល​ផ្សេងៗ​ ​។​ ​អាជ្ញាធរ​អប្សរា​ ​គឺជា​ភ្ញាក់​ងារ​របស់​រាជរដ្ឋាភិបាល​ ​ដែល​មាន​តួនាទី​គ្រប់គ្រង​ឧទ្យាន​អង្គរ​ ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥​០​០​នាក់​ ​ដែល​មកពី​ឃុំ​ខ្នាត​ ​ស្រុក​ពួក​ ​និង​ ​សង្កាត់​ទឹកវិល​ ​ក្រុង​សៀមរាប​ ​បាន​ធ្វើ​ការដង្ហែក្បួន​ដោយមាន​កាន់​បដា​ ​ឆ្ពោះទៅ​ទីតាំង​មុខ​សាលាខេត្ត​សៀមរាប​ ​ដើម្បី​ដាក់​ញ​តិ្ត​ស្នើសុំ​ឱ្យ ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​និង​អង្គការ​យូ​ណេស្កូ ​អន្តរាគមន៍​ ​ដោយ​បញ្ឈប់​អាជ្ញាធរអប្សរា​ ​កុំ​ឱ្យ​បង្ក​ការ​ភ័យខ្លាច​និង​ទប់​ស្កាត់​រាល់​ការ​សាងសង់​ ​ឬ​ជួសជុល​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្នាត​ ​។​ ​នៅ​ក្នុង​ញត្តិ​នោះ​ ​ពលរដ្ឋ​បាន​លើកឡើង​ថា​ ​តំបន់​ដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ ​គឺ​នៅ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ​របស់​ឧទ្យាន​អង្គរ​ ​។​

​នៅ​ពេល​ហែ​ក្បួន​តវ៉ា​ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ​ត្រូវ​បាន​ឃាត់​មួយ​រយៈ​ ​ដោយ​កងកម្លាំង​នគរបាល​ប្រមាណ​ជា​២​០​នាក់​ ​ដឹកនាំ​ដោយ​អភិបាលស្រុក​ពួក​ ​លោក​ ​ស៊ិន​ ​ចាន់​ថុល​ ​ដោយ​លោក​អភិបាលស្រុក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​តែ​ ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​ ​ដើម្បី​យក​ញាត្តិ​ទៅ​ដាក់​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​បដិសេធ​ ​ហើយ​ពួកគេ​នៅតែ​បន្ត​ការដង្ហែក្បួន​ឆ្ពោះទៅ​កាន់​សាលាខេត្ត​ដដែល​ ​ដោយ​ធ្វើដំណើរ​រហូតដល់​ផ្លូវចូល​មុខ​សាលាខេត្ត​ដោយមាន​កាន់​បដា​ផង​ដែរ​ ​។​ ​បដា​មួយ​ក្នុងចំណោម​បដា​ជាច្រើន​ ​ដែល​កាន់​ដោយ​សមាជិក​សហគមន៍​បាន​សរសេរ​ថា​៖​ “​ពួកយើង​មិន​អនុ​ញ្ញាតិ​ឲ្យ​អាជ្ញាធរ​អប្សរា​បន្ត​ការគាបសង្កត់​មក​លើ​សហគមន៍​របស់យើង​ទៀត​ទេ​”​។​

អត្ថបទខ្លីៗ | ​ក្រុមសកម្ម​ជន​ត្រូវ​បាន​សាកសួរ​ជុំវិញ​យុទ្ធនាការ​កោះ​កុង​ក្រៅ

ថ្ងៃទី​៧ ខែមករា ឆ្នាំ២០២៤audio available

​យុវជន​និង​សកម្មជន​បរិស្ថាន​ចំនួន​ ​១​២ ​​រូប​ ​ហើយនិង​ជនបរទេស​មួយ​រូប​ ​ត្រូវ​បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​និង​នគរបាល​អន្តោប្រវេសន៍​ ​បន្ទាប់ពី​ពួកគេ​ធ្វើសកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អភិ​រក្ស​កោះ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​

​ខណៈ​ដែល​សកម្មជន​ទាំងនោះ​ ​កំពុងតែ​កាន់​បដា​ ​ធ្វើ​លំ​ហាត់ប្រាណ​ ​និង​ថតរូប​នៅ​ឯ​តាម​ប​ណោ្ត​យ​មាត់ទន្លេ​នា​ព្រឹកនេះ​ ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ពីសំណាក់​ក្រុម​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ ​។​ ​ក្រោយមក​ ​ពេល​ដែល​ពួកគេ​រៀប​ចាកចេញ​ទៅ​ ​ស្រាប់តែ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​បង្ខំ​ឱ្យ​ពួកគេ​ឡើង​លើ​ឡាន​ ​និង​បាន​ដឹក​ពួកគេ​ទៅកាន់​សាលា​ខណ្ឌ​ដូនពេញ​តែម្តង​ ​ដើម្បី​សាកសួរ​ ​។​

​អាជ្ញាធរ​នាំ​ពួកគេ​ទៅ​ ​ដោយ​លើក​មូលហេតុ​ថា​ពួកគេ​កាន់​បដា​ដែល​មាន​សរសេរ​ថា​ “​ថ្ងៃអាទិត្យ​សម្រាប់​កោះ​កុង​ក្រៅ​” ​ហើយ​យុវជន​ ​ទាំង​ ​១​៣​ ​នាក់​នោះ​ក៍​ត្រូវ​ឃាត់ខ្លួន​ ​ហើយ​បន្ត​សាកសួរ​រហូតដល់​ថ្ងៃរសៀល​ ​និង​ត្រូវ​បាន​ដោះលែង​វិញ​នៅវេលាម៉ោង​ ​៦​ ​ល្ងាច​នេះ​ ​។​

អត្ថបទខ្លីៗ | លោក​ ​នី​ ​ណាក់​ ​អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម​ ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ជុំវិញ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​

ថ្ងៃទី​៦ ខែមករា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​ ​លោក​ ​នី​ ​ណាក់​ ​អ្នក​អធិប្បាយ​ពី​បញ្ហា​សង្គម​ដោយ​ឥត​សំចៃ​មាត់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធ​នាគា​រ​ ​ក្រោយ​ពី​ត្រូវ​បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​និង​បទ​បរិហារ​កេរ្តិ៍​ ​កាលពី​ថ្ងៃសុក្រ​នេះ​ ​។​

​លោក​ ​នី​ ​ណាក់​ ​បាន​អះអាង​ថា​ ​បទ​ចោទ​ទាំងនេះ​ ​ត្រូវ​បាន​ប្ដឹង​ឡើង​ ​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​មួយ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​ដែល​លោក​បាន​ចោទសួរ​អំពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​ការ​ផ្ដល់​ដី​ទំហំ​៩​១​ហិច​តា​ ​នៅ​ក្នុង​ខេត្ត​កំពត​ ​ទៅកាន់​មនុស្សម្នាក់​ឈ្មោះ​ ​ហេង​ ​សួរ​ ​។​ ​សារ​ព័ត៌មាន​ក្នុងស្រុក​ ​បាន​បញ្ជាក់​ថា​ ​អ្នកទទួល​បាន​ដី​នេះ​ ​គឺជា​លោក​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​បច្ចុប្បន្ននេះ​ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​វិញ​ ​។​ ​ពេលនេះ​ ​លោក​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (​ព្រៃ​ស​) ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​លោក​ ​នី​ ​ណាក់​ ​បាន​លើកឡើង​ថា​ ​ការ​ចាប់ខ្លួន​លោក​ធ្វើឡើង​ ​តាមរយៈ​ពាក្យបណ្ដឹង​របស់​លោក​ ​ហេង​ ​សួរ​ ​ជុំវិញ​ការ​បង្ហោះ​សារ​របស់​លោក​មួយ​ ​ក្នុងចំណោម​សារ​ផ្សេងទៀត​នៅ​លើ​បណ្ដាញ​សង្គម​ ​ដែល​បាន​ចែករំលែក​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​បាន​ចោទ​ជា​សំណួរ​ថា​ “​តើ​លោក​ ​ហេង​ ​សួរ​ ​បាន​សាង​ស្នាដៃ​ធំធេង​អ្វី​ដល់​ជាតិខ្មែរ​ ​បានជា​រដ្ឋាភិបាល​កាត់​ដី​ព្រៃ​ផ្ដល់​ឱ្យ​ធ្វើជា​កម្មសិទ្ធិ​? ​RIP​ ​ព្រៃឈើ​ខ្មែរ​” ​។​

អត្ថបទខ្លីៗ | ការ​បាញ់​ប្រហារ​នៅ​មហាវិថី​វេ​ង​ស្រេង​ ​កន្លងទៅ​១​០​ឆ្នាំ​ដោយ​គ្មាន​យុត្តិធម៌​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៤audio available

​នា​រសៀល​នេះ​ ​មនុស្ស​ប្រមាណ​១​០​០​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​រំលឹក​ខួប​១​០​ឆ្នាំ​ ​នៃ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​ ​ដែល​បាន​កើតឡើង​ ​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​កម្មករ​-​កម្មការិនី​ដែល​កំពុង​ធ្វើ​កូដកម្ម​ ​ដោយ​បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​និង​រង​របួស​ ​៣​៨​នាក់​ផ្សេងទៀត​ ​។​ ​លើស​ពី​នេះ​ ​កុមារ​ ខឹ​ម​ ​សុផាត​ ​ដែល​ជា​អនីតិជន​នា​ពេល​នោះ​ ​ក៏បាន​ត្រូវ​គ្រាប់កាំភ្លើង​ ​និង​បន្ត​បាត់ខ្លួន​មកដល់​បច្ចុប្បន្ននេះ​ ​។​

​ការ​ប្រារព្ធ​ពិធី​ចងចាំ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​សហជីព​ ​សមាគម​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដោយ​បាន​ចាប់ផ្ដើម​ដោយ​ការសូត្រ​មន្ត​ដោយ​ព្រះសង្ឃ​ ​។​ ​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដែល​ត្រូវ​បាន​វាយដំ​ ​និង​ចាប់ខ្លួន​ ​ក្នុង​ឆ្នាំ​២​០​១​៤​ ​អំឡុង​ពេល​ដែល​ ​ឃ្លាំមើល​កូដកម្ម​មួយ​ ​នៅ​ខាងមុខ​រោងចក្រ​ ​យ៉ាក​ ​ជីង​ ​មុន​ពេល​បាញ់​ប្រហារ​មួយថ្ងៃ​ ​បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​ ​។​

​លោក​ ​វ​ន់ ​ពៅ​ ​បាន​មានប្រសាសន៍ថា​ “​ថ្ងៃ​ទី​០​២​ ​មករា​ ​គឺ​ថ្ងៃ​សោកនាដកម្ម​ ​។​ ​មុន​ពេល​ចាប់ខ្លួន​ ​គេ​មិនបាន​ប្រាប់​យើង​ពី​បទ​ចោទ​ទេ​ ​ហើយ​យើង​ក៏​មិនបាន​ជួប​មេធាវី​ដែរ​ ​។​ ​យើង​គ្រាន់តែ​តវ៉ា​ឱ្យ​មានការ​ដំ​ឡើងប្រាក់ខែ​សម្រាប់​កម្មករ​ប៉ុណ្ណោះ​” ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​សាលាដំបូង​ ​ផ្តន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍

ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣audio available

​នា​ថ្ងៃនេះ​ ​សាលា​ឧ​ទ្ធណ៍​ភ្នំពេញ​ ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ផ្តន្ទាទោស​អតីត​ ​និង​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​

​សកម្មជន​សហជីព​ចំនួន​ ​៩​នាក់​ ​ដែល​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ក្នុង​នោះ​ ​សកម្មជន​សហជីព​ចំនួន​ ​៨​ ​នាក់​ ​បាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​ខាងលើ​ ​។​ ​អ្នក​ទាំង​ ​៨​ ​នាក់​ ​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដែល​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​អតិបរមា​ ​២​ ​ឆ្នាំ​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ខែ​ ​លោក​ ​សុខ​ ​ណា​រិទ្ធ​ ​និង​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​ដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​។​

​សវនាការ​សាលាឧទ្ធរណ៍​បាន​ចាប់ផ្តើម​កាល​ពីព្រឹកមិញ​នេះ​ ​។​ ​តុលាការ​បាន​សម្រេច​ប្រកាស​សាលដីកា​ ​នា​ល្ងាច​ថ្ងៃ​ដដែល​ ​ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងស្រុង​ ​ក្រោយពេល​ចូលក្នុង​បន្ទប់​ពិចារណា​អស់​រយៈពេល​ជាង​ ​៣​០​ ​នាទី​ ​។​ ​លោក​ ​សុខ​ ​គង្គា​ ​ដែល​ជា​អតីត​សមាជិក​សហជីព​មួយ​រូប​ ​ហើយ​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​មិនបាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នោះ​ទេ​ ​។​

អត្ថបទខ្លីៗ | អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២៣audio available

​នា​ថ្ងៃនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​ ​ដោយ​សម្រេច​ផ្ដន្ទាទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណ​បក្សជំទាស់​គឺ​គណបក្ស​ភ្លើង​ទៀន​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​របស់​លោក​ ​ទៅកាន់​អ្នកគាំទ្រ​ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពីដើម​ឆ្នាំនេះ​ ​។​

​តុលាការ​ ​បាន​រក​ឃើញ​ពិរុទ្ធ​ភាព​របស់​លោក​ ​សេដ្ឋា​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​បង្គាប់​ឱ្យ​លោក​ ​ជាប់ពន្ធនាគារ​ ​៣​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤​លាន​រៀល​ (​ប្រមាណ​ជា​ ​១​.​០​០​០​ដុល្លារ​) ​។​

​បទ​ចោទ​ទាំងនេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​សម្ដី​របស់​លោក​ ​ដែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​មួយ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។​ ​សម្ដី​របស់​លោក​ ​បាន​រិះគន់​ ​ការ​ប្រារព្ធ​ទិវា​៧​មករា​ ​ដែល​ជា​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ ​ដើម្បី​រំលឹក​ពី​ការ​ផ្ដួល​រំលំ​របប​ប៉ុ​ល​ព​ត​ ​និង​ជា​អ្វី​ដែល​គណ​បក្សជំទាស់​តែងតែ​រិះគន់​ ​នៅពេលដែល​និយាយ​អំពី​វត្តមាន​រដ្ឋាភិបាល​ប្រទេស​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៨​០​ ​។​ ​លោក​ ​សេដ្ឋា​ ​ក៏បាន​លើកឡើង​ពី​ភាពជា​ប់​ពាក់ព័ន្ធ​គ្នា​រវាង​គណបក្ស​កាន់អំណាច​គឺ​ ​គណបក្សប្រជាជន​កម្ពុជា​ ​និង​ខ្មែរក្រហម​ផង​ដែរ​ ​។​ ​សម្ដី​របស់​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ដកស្រង់​ជា​វីដេអូ​ ​និង​បាន​បង្ហោះ​នៅ​ក្នុង​យូ​ធ្យូ​ប​ ​ដោយ​ប្រភព​មិន​ស្គាល់​មួយ​ ​។​ ​ក្រោយមក​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​។​

សេចក្តីថ្លែងការណ៍ | ​ការ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លុបចោល​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​ទៅបរទេស​ ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី

ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២៣audio available

​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​ ​៥​ឆ្នាំ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ ​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​ចាប់ពី​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​២​៦​។​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ចំណងជើង​ "​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​នៅតែ​បន្ត​នាំចេញ​ឈើ​ក​ម្រ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ " ​ដែល​បាន​ចុះផ្សាយ​ពី​ការអនុញ្ញាត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ព​ន្យា​ពេល​នៃ​ការ​នាំ​ឈើ​ចេញ​ ​រហូតដល់​ដំណាច់​ឆ្នាំ​២​០​២​៣​ ​តប​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ​នេះ​ ​ដែល​បាន​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​៥​ឆ្នាំ​បន្ថែម​។​

ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ​ព្រមទាំង​ ​តបនឹង​សេចក្តី​ព្រួយបារម្ភ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​ជា​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​នាំ​ឈើ​ចេញ​ ​របស់​ក្រុមហ៊ុន​អង្គរ​ ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​និង​ធ្វើ​ការស៊ើបអង្កេត​អំពី​ការនាំចេញ​ប្រភេទ​ឈើ​ក​ម្រ​ដែល​ផ្ទុយពី​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅបរទេស​៕​

អត្ថបទខ្លីៗ | ពលរដ្ឋ​ជាង​ ​១​០​០​ ​នាក់​ ​ប្រមូលផ្តុំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​គ្រូបង្រៀន​

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​ពលរដ្ឋ​ជាង​ ​១​០​០​ ​នាក់​ ​មកពី​បណ្តា​សហជីព​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ ​ដែល​រួម​មាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​) ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​គ្រូបង្រៀន​ ​។​ ​ការ​ប្រារព្ធ​ទិវា​​​នេះ​ត្រូវ​បាន​ឃ្លាំមើល​ដោយ​អាជ្ញាធរ​ប្រមាណ​ ​២​០​ ​ដែល​រួម​មាន​ទាំង​អ្នក​ស្លៀកពាក់​ស៊ីវិល​ ​និង​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​ ​ហើយដែល​អាជ្ញាធរ​ទាំងនោះ​ព្យាយាម​រារាំង​អ្នកចូលរួម​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ដើរក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​ ​។​ ​អ្នកចូលរួម​បាន​សម្រេច​ចិត្ត​បន្ត​ឈរ​នៅ​ក្នុង​ទីលាន​ ​ដោយ​រង់ចាំ​អ្នកតំណាង​មកពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មក​ទទួល​ញត្តិ​របស់​អ្នក​ទាំងនោះ​ ​។​

​អ្នកចូលរួម​ជាច្រើន​ឈរ​កាន់​បដា​ ​ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​នៅ​ក្នុង​វិ​ស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​ ​បើក​ឱ្យ​មាន​សេរីភាព​ក្នុង​ការចូលរួម​ ​ឬ​បង្កើត​ជា​សមាគម​ពីសំណាក់​គ្រូបង្រៀន​ ​និង​តំ​ឡើង​ប្រាក់​បៀវត្ស​ន៍ ​និង​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​គ្រូបង្រៀន​ ​។​ ​បដា​មួយ​ចំនួន​ផ្សេងទៀត​ ​បាន​លើកឡើង​ដោយ​អំពាវនាវ​សុំ​ឱ្យ​មានការ​ដោះលែង​ប្រធាន​ ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​និង​សកម្មជន​នយោបាយ​ ​អ្នកនាង​ ​សេង​ ​ធារី​ ​។​

​អ្នកចូលរួម​មួយ​ចំនួន​ ​ដែល​រួម​មាន​អ្នកតំណាង​មកពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​សហភាព​ការងារ​កម្ពុជា​ (C​L​C) ​និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ផ្សេងទៀត​ ​។​ ​វាគ្មិន​ចំនួន​ ​៨​ ​នាក់​ ​ដែល​ថ្លែង​សារ​ជា​សាធារណៈ​ ​រួម​មាន​ ​លោក​ ​រុង​ ​ឈុន​ ​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ (CCU) ​និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ឡុង​ ​រី​ម​ ​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​លោក​ ​អាត់​ ​ធន់​ ​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​កញ្ញា​ ​ម៉ម​ សុ​វ​ឌ្ឍិ​ន​ ​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​អ្នកស្រី អ៊ុក ឆាយ៉ាវី ជាប្រធាន​សមាគម គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ (CITA) លោក​ ​ថន​ ​ចាន់​ថា​ ​ជា​ប្រធាន​យុវជន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ហេង​ ​ជឿន​ ​ជា​សមាជិក​សហភាព​ការងារ​កម្ពុជា​ ​និង​អ្នកស្រី​ ​ព្រំ​ ​ចាន់​ថា​ ​ជាសកម្ម​ជន​នយោបាយ​ ​។​

អត្ថបទខ្លីៗ | សាលា​ឧទ្ធរណ៍​ភ្នំពេញតម្កល់​សេចក្តីសម្រេច​សាលា​ដំបូង​ករណីហិង្សា​នៅ​ផ្លូវ​វេង​ស្រេង​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​បទចោទប្រកាន់​ទៅលើ​អ្នក​ទាំងបួន​នាក់​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​ដប់​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុខ​រោងចក្រ​ ​យា​ក់​ជីង​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​មួយថ្ងៃ​មុន​ពេល​ដែល​កើតមាន​នូវ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​ការ​ធ្វើបាតុកម្ម​ ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ហិង្សា​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​ ​។​

កម្មករ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​ពី​បទ​ហិង្សា​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយ​យោង​តាម​មាត្រា​ ​២​៨​ ​និង​ ​២​១​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​១​០​នាក់​ ​មានតែ​បួន​នាក់​ប៉ុណ្ណោះ​ ​គឺ​លោក​ ​ចាន់​ ​ពុទ្ធិ​ស័ក្ត​ ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ ​លោក​ ថេ​ង​ ​សាវឿន​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​លោក​ ​សុគន្ធ​ ​សម្បត្តិ​ពិសិដ្ឋ​ ​អតីត​សមាជិក​មជ្ឈមណ្ឌល​សម្រាប់​សិទិ្ធ​ការងារ​កម្ពុជា​ ​និង​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ ​។​

អត្ថបទខ្លីៗ | សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​១​០​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣audio available

​សាលាដំបូង​ខេត្ត​កោះ​កុង​ ​នា​រសៀល​នេះ​ ​បាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ចំនួន​១​០​នាក់​ ​ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ក្នុង​នោះ​មាន​សកម្មជន​៣​នាក់​ ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​តាំងពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​មក​ ​នៅ​ក្នុង​សំណុំរឿង​មួយទៀត​ ​។​ ​សមាជិក​សហគមន៍​ប្រមាណ​ជា​ ​៦​០​នាក់​ ​មកពី​សហ​គម​ន​ដីធ្លី​១​៩​៧​ ​និង​សហគមន៍​ដីធ្លី​៩​៥​៥​ ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​តុលាការ​ ​ដើម្បី​សម្ដែង​ការ​គាំទ្រ​ចំពោះ​សកម្មជន​ទាំងនេះ​ ​អំឡុង​ពេល​ប្រកាស​សាលក្រម​ ​។​

​សកម្មជន​ទាំង​១​០​រូប​រួម​មាន​ ​លោក​ ​ឆាន់​ ​ឈឿន​ ​អ្នកស្រី​ ដេ​ត​ហ៊ួ ​អ្នកស្រី​ ​អើ​ប​ ​វី​ ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​លោក​ ​ហេង​ ជៃ ​អ្នកស្រី​ អិ​ន​ ​ធូ​ ​អ្នកស្រី​ ​កើត​ ​នៅ​ ​លោក​ ​គង់​ ​ម៉ែន​ ​លោក​ ពួ ​ហួន​ ​និង​លោក​ ​សុខ​ ជៃ ​។​ ​អ្នក​ទាំង​១​០​រូប​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​១​ឆ្នាំ​ ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​រួមគ្នា​ចំនួន​ ​៤​០​លាន​រៀល​ (​ប្រមាណ​ជា​ ​៩​.​៦​០​០​ដុល្លារ​) ​ទៅកាន់​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​។​ ​ការ​ផ្ដន្ទាទោស​របស់​អ្នកស្រី​ ​អើ​ប​ ​វី​ ​ត្រូវ​បាន​ព្យួរ​ទាំងស្រុង​ ​ខណៈ​ដែល​សកម្មជន​៩​នាក់​ទៀត​ ​គ្រោង​ប្ដឹង​ជំទាស់​នឹង​សាលក្រម​នេះ​ ​។​

​អ្នកស្រី​ ដេ​ត​ ហ៊ួ ​លោក​ ​ហេង​ ជៃ ​និង​លោក​ ​សុខ​ ជៃ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ស្រាប់​ទៅ​ហើយ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ព្រមទាំង​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​តុលាការ​ដោយ​រថយន្ត​នគរបាល​ដែល​បិទ​របាំង​ជិត​ខាងក្នុង​ ​។​ ​ពួកគេ​ ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ចំពោះ​បទ​ចោទ​ដាច់ដោយឡែក​ទាំងនោះ​ ​ខណៈ​ដែល​ពុំ​មានការ​ចេញ​ដីកាចាប់ខ្លួន​ ​សម្រាប់​សកម្មជន​៦​នាក់​ទៀត​ ​ដែល​មិនបាន​ទទួលការ​ព្យួរទោស​នោះ​ទេ​ ​។​ ​នេះ​បង្ហាញ​ថា​ ​ពួកគេ​នឹង​បន្ត​នៅ​ក្រៅ​ឃុំ​រង់ចាំ​ការ​ប្ដឹង​ជំទាស់​ ​។​

អត្ថបទខ្លីៗ | សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​៣​នាក់​ ​ដែល​កំពុង​ជាប់ឃុំ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​

ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៣audio available

​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ចំនួន​៣​នាក់​ ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ ​ដូចជា​ ​បទ​បរិហារ​កេរិ៍្ត ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​និង​បទ​ប្តឹងបរិហារ​បង្កាច់​កេរ្តិ៍​ ​ដោយសារ​ភាព​សកម្ម​និយម​ក្នុង​ការ​ការពារ​ដីធ្លី​សហគមន៍​របស់​ពួកគេ​ ​។​

​នៅ​ថ្ងៃ​ទី​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ ​ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​។​ ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​០​លាន​ ​រៀល​ (​ប្រមាណ​ជា​៩​,​៦​០​០​ដុល្លារ​) ​ជា​សំណង​ជំងឺចិត្ត​ទៅ​ដើម​ប​ណ្តឺ​ង​ ​។​ អ្នក​ទាំងពីរ​ ​ត្រូវ​បាន​ប្តឹងដោយ​អតីត​តំណាង​សហគមន៍​ឈ្មោះ​ ​ឆាយ​ ​វី​ ​ដែល​ពួកគាត់​បាន​ចោទប្រកាន់​ពី​ការរំលោភ​យក​ដីធ្លី​ ​នៅ​អំឡុង​ឆ្នាំ​២​០​១​៩​ ​។​ ​បទ​ចោទ​ទាំងនេះ​ ​ត្រូវ​បាន​ទម្លាក់​ចោល​សម្រាប់​ស្ត្រី​ជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ​ ​ខន​ ​ផុន​ ​ដែល​បានជា​ប់​ពាក់ព័ន្ធ​ផង​ដែរ​ ​។​

​នា​ព្រឺ​ក​នេះ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​តុលាការ​កំពូល​ ​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ម្នាក់ទៀត​ ​គឺ​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​។​ ​អ្នកស្រី​ ដេ​ត​ ​ហួរ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ប្តឹងបរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​បរិហារ​កេរ្តិ៍​ ​តាមរយៈ​បណ្ដឹង​មួយ​ ​ដែល​ធ្វើឡើង​ដោយ​ ​លោក​ឧកញ៉ា​ ​ហេង​ ​ហុយ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ ​ដែល​អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​លាន​ ​រៀល​ (​ប្រមាណ​ជា​៥​០​០​ដុល្លារ​) ​ប៉ុន្តែ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​អ្នកស្រី​ត្រូវ​បាន​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​កាត់បន្ថយ​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​ត្រឹម​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ ​១​លាន​ ​រៀល​ ​ដោយ​ទោស​ ​និង​ការ​ពិន័យ​ជា​ប្រាក់​ ​ត្រូវ​បាន​ព្យួរ​វិញ​ ​។​ ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​បាន​ត​ម្ដល់​សេចក្ដី​សម្រេច​នេះ​ ​។​

កម្រង​រូបភាព | អស់​រយៈពេល​៧​ឆ្នាំ​ ​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ទៅលើ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅតែ​បន្ត​

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​រួម​មាន​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សកម្មជន​ជាច្រើន​នាក់​ ​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ពួកគេ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លម្អៀង​ ​ទៅលើ​ការ​មរណភាព​របស់​លោក​បណ្ឌិត​ ​ដើម្បី​បង្ហាញ​ការពិត​ ​និង​ផ្ដល់​យុត្តិធម៌​សម្រាប់​រូបលោក​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ស្នើ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ទាំង​ ១០​នាក់​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​

ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២៣audio available

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ឱ្យ​បាន​ឆាប់​នូវ​ការចោទប្រកាន់​ពី​ ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ទៅលើ​សកម្មជន​ដីធ្លី​ចំនួន​ ១០​នាក់​ ​មកពី​សហគមន៍​ចំនួន​ ៣ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​ ​។​ ​សកម្មជន​ដីធ្លី​ទាំងនេះ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​គ្រាន់តែ​លើកឡើង​ពី​ទុក្ខ​កង្វល់​ ​និង​សម្ដែង​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ការពារ​ដីធ្លី​ ​និង​ក្រុម​សមាជិក​សហគមន៍​របស់​ពួកគេ​ ​។​ ​ប៉ុន្តែ​ពួកគេ​ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​រ​ចំពោះ​សកម្មភាព​ទាំងនោះ​ទៅវិញ​ ​។​

​សកម្មជន​ដីធ្លី​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​ចា ប់​ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ​ឆ្នាំ​២០២៣ ​។​ ​ពួកគេ​៩​នាក់​ក្នុងចំណោម​នោះ​ ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​ដោយ​សកម្មជន​ម្នាក់ទៀត​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ជាមួយនឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ ​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ដីធ្លី​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​សកម្មជន​ដីធ្លី​ម្នាក់ៗ​នឹង​ប្រឈម​នូវ​ការ​ជាប់ពន្ធនាគារ​រហូតដល់​ ២​ឆ្នាំ​ ​និង​ ​ពិន័យ​ជា​ប្រាក់​ ​រហូតដល់​ ៤ ​លាន​រៀល​ (​ប្រហែល​ ១.០០០ ​ដុល្លារ​) ​។​

ទំព័របន្ទាប់ >>