សិទិ្ធបញ្ចេញមតិ និងចូលរួម
អត្ថបទខ្លីៗ | ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្នថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។
កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។
ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៏នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបអាហារសាមគ្គី ។
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញនាព្រឹកនេះបានតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរកឃើញថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មានពិរុទ្ធ ពីបទចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង" ។ លោក ថាច់ សេដ្ឋា ត្រូវបានសាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ៣ ឆ្នាំ និងពិន័យជាប្រាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារអាមេរិក) ។ លោកត្រូវបានផ្តន្ទាទោស ដោយផ្អែកលើព្រឹត្តិការណ៍នៅពេលលោកបានថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ។
លោក សេដ្ឋា ត្រូវបានផ្តន្ទាទោសដោយសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៣ ពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ញុះញង់ឱ្យមានការរើសអើង" យោងតាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។ នេះជាករណីទីពីរហើយ ដែលលោកសេដ្ឋា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ហើយសេចក្តីសម្រេចនេះក៏ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ទុកជាបានការ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
កាលពីខែមករា ឆ្នាំ ២០២៤ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង ដែលបានរកឃើញថាលោក សេដ្ឋា មានពិរុទ្ធ លើបទចោទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន” ហើយបានសម្រេចផ្តន្ទាទោសលោក ដោយដាក់ពន្ធនាគារកំណត់ចំនួន ១៨ ខែ ពិន័យជាប្រាក់ចូលថវិការដ្ឋ និងផ្តល់សំណងទៅដើមបណ្តឹង ។ លោក ថាច់ សេដ្ឋា បានជាប់ពន្ធនាគារអស់រយៈពេល ៤០៧ ថ្ងៃមកហើយ ចាប់តាំងពីមានការចាប់ខ្លួនរបស់លោក កាលពីខែមករា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានខាងលើនេះ ៕
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍បាត់ដំបងថ្ងៃនេះ បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លើ លោក កង សារ៉ន ដែលជាសកម្មជនសង្គម ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែ កក្កដា ឆ្នាំ ២០២៣ ជុំវិញការបញ្ចេញមតិរបស់លោកទៅលើបញ្ហានយោបាយតាមរយៈការផ្សាយផ្ទាល់លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោក ។
លោក សារ៉ន ត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ពេលដែលលោកបានបញ្ចេញមតិនៅក្នុងវីដេអូមួយ ដែលបង្ហោះតាមគណនីហ្វេសប៊ុករបស់លោក នៅអំឡុងពេលនៃការឃោសនាបោះឆ្នោតថ្នាក់ជាតិ ។ ក្រោយមក លោក សារ៉ន ក៏ត្រូវបានលែងវិញបន្ទាប់ពីលោកបានធ្វើការសុំទោស ។ ទោះបីជាយ៉ាងណាក៏ដោយ លោកត្រូវបានកាត់ទោស ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” “ជេរប្រមាថជាសាធារណៈ” និងបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ។ លោក សារ៉ន ត្រូវបានចាប់ខ្លួនកាលពី ថ្ងៃទី២៥ ខែវិច្ឆិកា និងឃុំខ្លួននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ។
សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចតម្កល់ការផ្តន្ទាទោសខាងលើនេះ កាលពីថ្ងៃព្រហស្បតិ៍ ។ ដូចនេះលោកនឹងនៅបន្តក្នុងពន្ធនាគារ រង់ចាំការប្តឹងសាទុក្ខទៅតុលាការកំពូល ។
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនរាជធានីភ្នំពេញត្រូវបានឃាត់ខ្លួន កាលពីថ្ងៃ ច័ន្ទ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃនេះ បន្ទាប់ពីរងការចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញ ពីបទ ក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត ។
កាលពីថ្ងៃច័ន្ទ លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួនពេញមួយយប់ដោយនគរបាល ខណៈពេលដែលលោកកំពុងស្ថិតនៅក្នុងគេហដ្ឋានជាមួយក្រុមគ្រួសាររបស់លោក។ នៅថ្ងៃ អង្គារ៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា លោក ខឹម ចាន់វណ្ណៈ ត្រូវបានឃាត់ខ្លួន ដើម្បីឆ្លើយបំភ្លឺទាក់ទិននឹង ការក្លែងបន្លំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះប្រជាពលរដ្ឋរស់នៅខេត្តសៀមរាបជាច្រើនរយនាក់ ធ្វើការដើរតវ៉ាឆ្ពោះទៅកាន់សាលាខេត្ត ដើម្បីដាក់ញត្តិទាមទារឱ្យមានការអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល និង អង្គការយូណេស្កូ ក្នុងគោលបំណងបញ្ឈប់ការរឹតត្បិតដោយបង្ខំរបស់អាជ្ញាធរអប្សរា ក្នុងការសាងសង់សំណង់ និងរៀបចំជួសជុលផ្សេងៗ ។ អាជ្ញាធរអប្សរា គឺជាភ្ញាក់ងាររបស់រាជរដ្ឋាភិបាល ដែលមានតួនាទីគ្រប់គ្រងឧទ្យានអង្គរ ។
ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ ដែលមកពីឃុំខ្នាត ស្រុកពួក និង សង្កាត់ទឹកវិល ក្រុងសៀមរាប បានធ្វើការដង្ហែក្បួនដោយមានកាន់បដា ឆ្ពោះទៅទីតាំងមុខសាលាខេត្តសៀមរាប ដើម្បីដាក់ញតិ្តស្នើសុំឱ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តេច ហ៊ុន សែន និងអង្គការយូណេស្កូ អន្តរាគមន៍ ដោយបញ្ឈប់អាជ្ញាធរអប្សរា កុំឱ្យបង្កការភ័យខ្លាចនិងទប់ស្កាត់រាល់ការសាងសង់ ឬជួសជុលរបស់ប្រជាពលរដ្ឋនៅក្នុងឃុំខ្នាត ។ នៅក្នុងញត្តិនោះ ពលរដ្ឋបានលើកឡើងថា តំបន់ដែលពលរដ្ឋស្នើសុំនោះ គឺនៅឆ្ងាយពីតំបន់ប្រាសាទរបស់ឧទ្យានអង្គរ ។
នៅពេលហែក្បួនតវ៉ា ប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានឃាត់មួយរយៈ ដោយកងកម្លាំងនគរបាលប្រមាណជា២០នាក់ ដឹកនាំដោយអភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល ដោយលោកអភិបាលស្រុកចង់ឱ្យប្រជាពលរដ្ឋតែ ៤ទៅ៥នាក់ប៉ុណ្ណោះ ដើម្បីយកញាត្តិទៅដាក់ ប៉ុន្តែប្រជាពលរដ្ឋបានបដិសេធ ហើយពួកគេនៅតែបន្តការដង្ហែក្បួនឆ្ពោះទៅកាន់សាលាខេត្តដដែល ដោយធ្វើដំណើររហូតដល់ផ្លូវចូលមុខសាលាខេត្តដោយមានកាន់បដាផងដែរ ។ បដាមួយក្នុងចំណោមបដាជាច្រើន ដែលកាន់ដោយសមាជិកសហគមន៍បានសរសេរថា៖ “ពួកយើងមិនអនុញ្ញាតិឲ្យអាជ្ញាធរអប្សរាបន្តការគាបសង្កត់មកលើសហគមន៍របស់យើងទៀតទេ”។
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤
យុវជននិងសកម្មជនបរិស្ថានចំនួន ១២ រូប ហើយនិងជនបរទេសមួយរូប ត្រូវបានឃាត់ខ្លួនយកទៅសាកសួរអស់រយៈពេលជាច្រើនម៉ោងដោយអាជ្ញាធរខណ្ឌដូនពេញ និងនគរបាលអន្តោប្រវេសន៍ បន្ទាប់ពីពួកគេធ្វើសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីស្នើសុំឲ្យអាជ្ញាធរអភិរក្សកោះនៅក្នុងខេត្តកោះកុង ។
ខណៈដែលសកម្មជនទាំងនោះ កំពុងតែកាន់បដា ធ្វើលំហាត់ប្រាណ និងថតរូបនៅឯតាមបណោ្តយមាត់ទន្លេនាព្រឹកនេះ ពួកគេត្រូវបានឃ្លាំមើលពីសំណាក់ក្រុមសន្តិសុខស្លៀកពាក់ស៊ីវិល ។ ក្រោយមក ពេលដែលពួកគេរៀបចាកចេញទៅ ស្រាប់តែក្រុមសន្តិសុខខណ្ឌដូនពេញបានបង្ខំឱ្យពួកគេឡើងលើឡាន និងបានដឹកពួកគេទៅកាន់សាលាខណ្ឌដូនពេញតែម្តង ដើម្បីសាកសួរ ។
អាជ្ញាធរនាំពួកគេទៅ ដោយលើកមូលហេតុថាពួកគេកាន់បដាដែលមានសរសេរថា “ថ្ងៃអាទិត្យសម្រាប់កោះកុងក្រៅ” ហើយយុវជន ទាំង ១៣ នាក់នោះក៍ត្រូវឃាត់ខ្លួន ហើយបន្តសាកសួររហូតដល់ថ្ងៃរសៀល និងត្រូវបានដោះលែងវិញនៅវេលាម៉ោង ៦ ល្ងាចនេះ ។
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
នាព្រឹកនេះ លោក នី ណាក់ អ្នកអធិប្បាយពីបញ្ហាសង្គមដោយឥតសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការក្នុងពន្ធនាគារ ក្រោយពីត្រូវបានសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហារកេរ្តិ៍ កាលពីថ្ងៃសុក្រនេះ ។
លោក នី ណាក់ បានអះអាងថា បទចោទទាំងនេះ ត្រូវបានប្ដឹងឡើង ទាក់ទងនឹងការបង្ហោះសារមួយរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលោកបានចោទសួរអំពីការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ដីទំហំ៩១ហិចតា នៅក្នុងខេត្តកំពត ទៅកាន់មនុស្សម្នាក់ឈ្មោះ ហេង សួរ ។ សារព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា អ្នកទទួលបានដីនេះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបច្ចុប្បន្ននេះ ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលបដិសេធវិញ ។ ពេលនេះ លោកកំពុងជាប់ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ក្នុងរាជធានីភ្នំពេញ ។
លោក នី ណាក់ បានលើកឡើងថា ការចាប់ខ្លួនលោកធ្វើឡើង តាមរយៈពាក្យបណ្ដឹងរបស់លោក ហេង សួរ ជុំវិញការបង្ហោះសាររបស់លោកមួយ ក្នុងចំណោមសារផ្សេងទៀតនៅលើបណ្ដាញសង្គម ដែលបានចែករំលែកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយបានចោទជាសំណួរថា “តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្ដល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ” ។
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
នារសៀលនេះ មនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១០ឆ្នាំ នៃអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើង នៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅពេលដែលកងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល បានបើកការបាញ់ប្រហារទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួស ៣៨នាក់ផ្សេងទៀត ។ លើសពីនេះ កុមារ ខឹម សុផាត ដែលជាអនីតិជននាពេលនោះ ក៏បានត្រូវគ្រាប់កាំភ្លើង និងបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ ។
ការប្រារព្ធពិធីចងចាំនេះ ត្រូវបានចូលរួមដោយសហជីព សមាគម ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដោយបានចាប់ផ្ដើមដោយការសូត្រមន្តដោយព្រះសង្ឃ ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានវាយដំ និងចាប់ខ្លួន ក្នុងឆ្នាំ២០១៤ អំឡុងពេលដែល ឃ្លាំមើលកូដកម្មមួយ នៅខាងមុខរោងចក្រ យ៉ាក ជីង មុនពេលបាញ់ប្រហារមួយថ្ងៃ បានថ្លែងនៅក្នុងការប្រារព្ធពិធីនេះផងដែរ ។
លោក វន់ ពៅ បានមានប្រសាសន៍ថា “ថ្ងៃទី០២ មករា គឺថ្ងៃសោកនាដកម្ម ។ មុនពេលចាប់ខ្លួន គេមិនបានប្រាប់យើងពីបទចោទទេ ហើយយើងក៏មិនបានជួបមេធាវីដែរ ។ យើងគ្រាន់តែតវ៉ាឱ្យមានការដំឡើងប្រាក់ខែសម្រាប់កម្មករប៉ុណ្ណោះ” ។
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សាលាឧទ្ធណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ។
សកម្មជនសហជីពចំនួន ៩នាក់ ដែលរួមមាន កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងនោះ សកម្មជនសហជីពចំនួន ៨ នាក់ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចខាងលើ ។ អ្នកទាំង ៨ នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារអតិបរមា ២ ឆ្នាំ អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ដែលអ្នកទាំងនោះត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១៨ ខែ លោក សុខ ណារិទ្ធ និងអ្នកស្រី រី សុវណ្ណឌី ដែលអ្នកទាំងពីរត្រូវបានសាលាដំបូងផ្តន្ទាទោសចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ ។
សវនាការសាលាឧទ្ធរណ៍បានចាប់ផ្តើមកាលពីព្រឹកមិញនេះ ។ តុលាការបានសម្រេចប្រកាសសាលដីកា នាល្ងាចថ្ងៃដដែល ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទាំងស្រុង ក្រោយពេលចូលក្នុងបន្ទប់ពិចារណាអស់រយៈពេលជាង ៣០ នាទី ។ លោក សុខ គង្គា ដែលជាអតីតសមាជិកសហជីពមួយរូប ហើយត្រូវសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ មិនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនោះទេ ។
ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយសម្រេចផ្ដន្ទាទោស លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សជំទាស់គឺគណបក្សភ្លើងទៀន ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង ។ លោក សេដ្ឋា ត្រូវបានផ្ដន្ទាទោស ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោក ទៅកាន់អ្នកគាំទ្រ អតីតគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំនេះ ។
តុលាការ បានរកឃើញពិរុទ្ធភាពរបស់លោក សេដ្ឋា តាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ដោយបង្គាប់ឱ្យលោក ជាប់ពន្ធនាគារ ៣ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចំនួន ៤លានរៀល (ប្រមាណជា ១.០០០ដុល្លារ) ។
បទចោទទាំងនេះ គឺពាក់ព័ន្ធនឹងសម្ដីរបស់លោក ដែលបានលើកឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ អំឡុងពេលធ្វើទស្សនកិច្ចមួយទៅកាន់ប្រទេសកូរ៉េខាងត្បូង ។ សម្ដីរបស់លោក បានរិះគន់ ការប្រារព្ធទិវា៧មករា ដែលជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដើម្បីរំលឹកពីការផ្ដួលរំលំរបបប៉ុលពត និងជាអ្វីដែលគណបក្សជំទាស់តែងតែរិះគន់ នៅពេលដែលនិយាយអំពីវត្តមានរដ្ឋាភិបាលប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ។ លោក សេដ្ឋា ក៏បានលើកឡើងពីភាពជាប់ពាក់ព័ន្ធគ្នារវាងគណបក្សកាន់អំណាចគឺ គណបក្សប្រជាជនកម្ពុជា និងខ្មែរក្រហមផងដែរ ។ សម្ដីរបស់លោក សេដ្ឋា ត្រូវបានដកស្រង់ជាវីដេអូ និងបានបង្ហោះនៅក្នុងយូធ្យូប ដោយប្រភពមិនស្គាល់មួយ ។ ក្រោយមក លោក សេដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
សមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យាពេលនាំឈើចេញរយៈពេល ៥ឆ្នាំបន្ថែមទៀតរបស់ក្រុមហ៊ុន អង្គរផ្លាយវូត ខូ អិលធីឌី ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោមចំណងជើង "ក្រុមហ៊ុនអង្គរផ្លាយវូតនៅតែបន្តនាំចេញឈើកម្រទៅលក់នៅក្រៅប្រទេស " ដែលបានចុះផ្សាយពីការអនុញ្ញាតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីសម្រេចពន្យាពេលនៃការនាំឈើចេញ រហូតដល់ដំណាច់ឆ្នាំ២០២៣ តបតាមការស្នើសុំរបស់ក្រុមហ៊ុន នេះ ដែលបានស្នើសុំពន្យាពេលនាំឈើចេញរយៈពេល៥ឆ្នាំបន្ថែម។
ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ព្រមទាំង តបនឹងសេចក្តីព្រួយបារម្ភខាងលើ យើងខ្ញុំទាំងអស់គ្នាដែលជាសមាគម អង្គការមិនមែនរដ្ឋាភិបាល សហជីព សហគមន៍មូលដ្ឋាន និងក្រុមយុវជន ស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជាលុបអាជ្ញាប័ណ្ណអនុញ្ញាតការនាំឈើចេញ របស់ក្រុមហ៊ុនអង្គរ ផ្លាយវូត ខូ អិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រដែលផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទៅបរទេស៕
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣
នាព្រឹកនេះ ពលរដ្ឋជាង ១០០ នាក់ មកពីបណ្តាសហជីព និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលរួមមានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាអន្តរជាតិនៃគ្រូបង្រៀន ។ ការប្រារព្ធទិវានេះត្រូវបានឃ្លាំមើលដោយអាជ្ញាធរប្រមាណ ២០ ដែលរួមមានទាំងអ្នកស្លៀកពាក់ស៊ីវិល និងអ្នកស្លៀកពាក់ឯកសណ្ឋាន ហើយដែលអាជ្ញាធរទាំងនោះព្យាយាមរារាំងអ្នកចូលរួម ដោយមិនអនុញ្ញាតឱ្យដើរក្បួនចេញពីទីលានប្រជាធិបតេយ្យនោះទេ ។ អ្នកចូលរួមបានសម្រេចចិត្តបន្តឈរនៅក្នុងទីលាន ដោយរង់ចាំអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា មកទទួលញត្តិរបស់អ្នកទាំងនោះ ។
អ្នកចូលរួមជាច្រើនឈរកាន់បដា ដោយអំពាវនាវឱ្យរាជរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយនៅក្នុងវិស័យអប់រំនៅក្នុងប្រទេស បើកឱ្យមានសេរីភាពក្នុងការចូលរួម ឬបង្កើតជាសមាគមពីសំណាក់គ្រូបង្រៀន និងតំឡើងប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងទៀតដល់គ្រូបង្រៀន ។ បដាមួយចំនួនផ្សេងទៀត បានលើកឡើងដោយអំពាវនាវសុំឱ្យមានការដោះលែងប្រធាន សហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) កញ្ញា ឈឹម ស៊ីថរ និងសកម្មជននយោបាយ អ្នកនាង សេង ធារី ។
អ្នកចូលរួមមួយចំនួន ដែលរួមមានអ្នកតំណាងមកពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ សហភាពការងារកម្ពុជា (CLC) និងសកម្មជននយោបាយមួយចំនួនផ្សេងទៀត ។ វាគ្មិនចំនួន ៨ នាក់ ដែលថ្លែងសារជាសាធារណៈ រួមមាន លោក រុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា (CCU) និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ឡុង រីម ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក អាត់ ធន់ ជាប្រធានសហភាពការងារកម្ពុជា កញ្ញា ម៉ម សុវឌ្ឍិន ជាសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ អ្នកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) លោក ថន ចាន់ថា ជាប្រធានយុវជនគណបក្សភ្លើងទៀន លោក ហេង ជឿន ជាសមាជិកសហភាពការងារកម្ពុជា និងអ្នកស្រី ព្រំ ចាន់ថា ជាសកម្មជននយោបាយ ។
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នាថ្ងៃនេះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាដោយសម្រេចតម្កល់បទចោទប្រកាន់ទៅលើអ្នកទាំងបួននាក់ ក្នុងចំណោមមនុស្សទាំង ដប់នាក់ ដែលត្រូវបានចាប់ខ្លួន នៅមុខរោងចក្រ យាក់ជីង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មួយថ្ងៃមុនពេលដែលកើតមាននូវអំពើហិង្សានៅលើផ្លូវវេងស្រេង ។ ការធ្វើបាតុកម្ម ត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅពេលដែលកងកម្លាំងចម្រុះ បានបើកការបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងតវ៉ា ។
កម្មករចំនួន ១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស កាលពីឆ្នាំ២០១៤ ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ដោយយោងតាមមាត្រា ២៨ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងចំណោមមនុស្សទាំង ១០នាក់ មានតែបួននាក់ប៉ុណ្ណោះ គឺលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីធ្លីតំបន់បឹងកក់ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក សុគន្ធ សម្បត្តិពិសិដ្ឋ អតីតសមាជិកមជ្ឈមណ្ឌលសម្រាប់សិទិ្ធការងារកម្ពុជា និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់សាលាដំបូង ។
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
សាលាដំបូងខេត្តកោះកុង នារសៀលនេះ បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះមានសកម្មជន៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។ សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ដើម្បីសម្ដែងការគាំទ្រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ។
សកម្មជនទាំង១០រូបរួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ឧកញ៉ា ហេង ហ៊ុយ ។ ការផ្ដន្ទាទោសរបស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ ។
អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង ។ ពួកគេ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ នេះបង្ហាញថា ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់ ។
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
នៅក្នុងសប្តាហ៍នេះ សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៣នាក់ ត្រូវបានរកឃើញថាមានទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដូចជា បទបរិហារកេរិ៍្ត បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ដោយសារភាពសកម្មនិយមក្នុងការការពារដីធ្លីសហគមន៍របស់ពួកគេ ។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសសកម្មជនពីរនាក់ ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ និងពិន័យជាប្រាក់ ៤០លាន រៀល (ប្រមាណជា៩,៦០០ដុល្លារ) ជាសំណងជំងឺចិត្តទៅដើមបណ្តឺង ។ អ្នកទាំងពីរ ត្រូវបានប្តឹងដោយអតីតតំណាងសហគមន៍ឈ្មោះ ឆាយ វី ដែលពួកគាត់បានចោទប្រកាន់ពីការរំលោភយកដីធ្លី នៅអំឡុងឆ្នាំ២០១៩ ។ បទចោទទាំងនេះ ត្រូវបានទម្លាក់ចោលសម្រាប់ស្ត្រីជាប់ចោទម្នាក់ទៀតឈ្មោះ ខន ផុន ដែលបានជាប់ពាក់ព័ន្ធផងដែរ ។
នាព្រឺកនេះ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ប្រឆាំងនឹងសកម្មជនដីធ្លីខេត្តកោះកុងម្នាក់ទៀត គឺ អ្នកស្រី ដេត ហ៊ួ ។ អ្នកស្រី ដេត ហួរ ត្រូវបានផ្ដន្ទាទោសពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ តាមរយៈបណ្ដឹងមួយ ដែលធ្វើឡើងដោយ លោកឧកញ៉ា ហេង ហុយ ពាក់ព័ន្ធនឹងការបង្ហោះសារ ដែលអ្នកស្រីបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីខែកញ្ញា ឆ្នាំ២០២១ ។ អ្នកស្រី ដេត ហ៊ួ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២លាន រៀល (ប្រមាណជា៥០០ដុល្លារ) ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០២២ អ្នកស្រីត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ កាត់បន្ថយទោសឱ្យជាប់ពន្ធនាគារ ត្រឹម៦ខែ និងពិន័យជាប្រាក់ ១លាន រៀល ដោយទោស និងការពិន័យជាប្រាក់ ត្រូវបានព្យួរវិញ ។ សាលដីកាស្ថាពររបស់តុលាការកំពូលបានតម្ដល់សេចក្ដីសម្រេចនេះ ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣
នាថ្ងៃនេះ ប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល រួមមានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនជាច្រើននាក់ បានជួបជុំគ្នាដើម្បីប្រារព្ធខួប៧ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ។ ពួកគេនៅតែបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឥតលម្អៀង ទៅលើការមរណភាពរបស់លោកបណ្ឌិត ដើម្បីបង្ហាញការពិត និងផ្ដល់យុត្តិធម៌សម្រាប់រូបលោក ក៏ដូចជាក្រុមគ្រួសាររបស់លោក ។