ស្វែងរក
អត្ថបទខ្លីៗ | កងកម្លាំងប្រើប្រាស់អាវុធ និងចាប់ខ្លួនអ្នកភូមិមួយចំនួន អំឡុងពេលប៉ះទង្គិចគ្នាក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានប្រមូលផ្តុំគ្នាកាលពីព្រឹកមិញនេះ ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះនៅក្នុងខេត្តព្រះវិហារ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន ។
អ្នកភូមិមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវបានអាជ្ញាធរចាប់ និងបញ្ជូនខ្លួនទៅកាន់ក្រុងព្រះវិហារ ។ ទីតាំងជាក់លាក់នៃការឃុំខ្លួន មិនទាន់ដឹងនៅឡើយ ។
អ្នកភូមិមួយចំនួនបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បានចូលទៅក្នុងតំបន់ជម្លោះនោះតាំងពីមុនទៀបភ្លឺ ហើយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ ។ ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិរបស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំងនោះអាចនឹងត្រូវបានកងកម្លាំងទាំងនោះបណ្តេញចេញដោយបង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា ទាមទារឱ្យកងកម្លាំង និងអាជ្ញាធរទាំងនោះចាកចេញពីតំបន់នោះ ។ សកម្មភាពប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំងប្រដាប់អាវុធបាញ់គ្រាប់កាំភ្លើងពិតជាច្រើនដង និងមានការប្រើប្រាស់គ្រាប់បែកផ្សែងផងដែរ ។
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤
នាព្រឹកនេះ សមាជិកសហគមន៍សំរោងត្បូងមួយចំនួន ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរជាច្រើននាក់ និងសមាជិកសហគមន៍មួយចំនួន នៅពេលដែលអាជ្ញាធរកំពុងចាក់ដីលុបតំបន់មួយក្នុងបឹងតាមោក ក្នុងរាជធានីភ្នំពេញ ។ តំបន់មួយចំនួនក្នុងផ្ទៃបឹងតាមោក ត្រូវបានរាជរដ្ឋាភិបាល កាត់ និងផ្តល់ទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជនមួយចំនួន ដែលមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយអាជ្ញាធររដ្ឋ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។
សមាជិកមួយចំនួននៃសហគមន៍សំរោងត្បូង បានប្រមូលផ្តុំគ្នា កាលពីម្សិលមិញ និងនៅព្រឹកនេះ ដើម្បីតវ៉ាជំទាស់នឹងការឈូសឆាយរបស់អាជ្ញាធររដ្ឋដែលប៉ះពាល់ដល់ដីធ្លីរបស់សមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន ក៏កំពុងប្រឈមមុខទៅនឹងបណ្តឹងនៅតុលាការផងដែរ ដែលយ៉ាងតិចណាស់មានបណ្តឹងចំនួន ៤ ករណី កំពុងដំណើរការ ចាប់តាំងពីឆ្នាំ ២០២២ ដោយផ្អែកលើភាពសកម្មនិយមលើរឿងដីធ្លីរបស់ពួកគេ ។
ការប្រឈមមុខដាក់គ្នានៅពេលនេះ ដែលពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងតាមោក គឺកើតឡើងនៅពេលដែលគ្រឿងចក្រឈូសឆាយចំនួន ៣គ្រឿង ជាមួយនិងសន្តិសុខចំនួន ១០ នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីឈូសឆាយដីដែលកាន់កាប់ដោយសមាជិកសហគមន៍ ។ សមាជិកសហគមន៍មួយចំនួន បានប្រមូលផ្តុំគ្នា និងព្យាយាមបញ្ឈប់ការឈូសឆាយនោះ ។ ក្រោយមកកងកម្លាំងនគរបាលមួយចំនួន បានមកដល់ និងឈរឃ្លាំមើលសកម្មភាពរបស់សហគមន៍ ។ ការឈូសឆាយ បានបន្តនាព្រឹកនេះ ដោយមានវត្តមានកងកម្លាំងនគរបាលច្រើនជាងកាលពីម្សិលមិញ ដោយមានចំនួនប្រហែលជាង ២០០ នាក់ រួមមាននគរបាលប្រមាណជាង ៥០ នាក់ និងលោកអភិបាលរងខណ្ឌព្រែកព្នៅ មួយនាក់ផងដែរ ។ អាជ្ញាធរមួយចំនួន បានឈរមើលការឈូសឆាយ ហើយអាជ្ញាធរមួយចំនួនទៀត ដែលរួមមាននគរបាល និងអាជ្ញាធរស្លៀកពាក់ស៊ីវិល បានថតរូប និងវីដេអូអំពីសកម្មភាពតវ៉ារបស់សមាជិកសហគមន៍ដែលមានចំនួនប្រមាណជាង ១០០ នាក់ កំពុងប្រមូលផ្តុំគ្នានៅតំបន់នោះ ។
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
តុលាការកំពូលនៅព្រឹកនេះបានសម្រេចឱ្យសកម្មជនដីធ្លីពីររូបមកពីសហគមន៍បឹងកក់ រួចផុតពីបទចោទ ។ សកម្មជនទាំងពីរ មានលោកយាយ ង៉ែត ឃុន អាយុ៨៣ឆ្នាំ (ហៅយាយម៉ាមី) និងអ្នកស្រី ឆេង លាភ អាយុ៥៨ឆ្នាំ ត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ផ្តន្ទាទោសពីបទគំរាមកំហែងថានឹងសម្លាប់ក្នុងខែមីនា ឆ្នាំ២០១២ ។
សមាជិកសហគមន៍បឹងកក់នៅរាជធានីភ្នំពេញ បានប្រឈមនឹងជម្លោះដីធ្លីដ៏រាំរ៉ៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានជួលបឹងកក់ ទៅឱ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ ២០០៧ ។ សមាជិកសហគមន៍ជាច្រើននាក់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ាទៅនឹងការបណ្ដេញចេញដោយបង្ខំ ។
ការចោទប្រកាន់នេះ គឺពាក់ព័ន្ធនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ឈ្មោះ លី មុំ ដែលត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់នាង។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងទៅលើសមាជិកសហគមន៍បឹងកក់ប្រាំមួយនាក់ ដែលក្នុងនោះរួមទាំង លោកយាយ ង៉ែត ឃុន និងអ្នកស្រី ឆេង លាភផងដែរ ។ ស្រ្ដីទាំងប្រាំមួយនាក់នោះបានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ភ្នំពេញព្រឹកនេះ បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានផ្តន្ទាទោស លើសមាជិកសហគមន៍ឡពាងបីរូប ពីបទ “ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស” និង “បទធ្វើឱ្យខូចខាតដោយចេតនា” ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ ។ សមាជិកសហគមន៍ទាំងបីរូប រួមមាន លោក ញឹម ញឿន (ដែលត្រូវស្គាល់ថាឈ្មោះ ស្ងួន ញឿន) លោក រាជ សីម៉ា និង លោក ភុល សន ។
សហគមន៍ឡពាង បានតស៊ូជាមួយអស់រយៈពេលជាច្រើនឆ្នាំ ប្រឆាំងនឹងការរំលោភយកដីដោយក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ (ជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលជាភរិយារបស់អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម) ។
បទចោទភាគច្រើនត្រូវបានចោទប្រកាន់ ដោយចេញពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ចាប់ផ្តើមវាស់វែងកំណត់ព្រំដីជុំវិញដី ដែលមានជម្លោះក្នុងខេត្តកំពង់ឆ្នាំង ។ សមាជិកសហគមន៍ឡពាងជាច្រើននាក់បានមកដល់ទីតាំងដី ដើម្បីធ្វើការតវ៉ា ។ ហើយនៅខណៈពេលកំពុងតវ៉ានោះដែរ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុន ត្រូវបានបំផ្លាញ ។
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤
សាលាឧទ្ធរណ៍ត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ បានតម្កល់សេចក្តីសម្រេចរបស់ខ្លួនលើកទីមួយ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចព្យួរទោសដាក់ពន្ធនាគារ មកលើសមាជិកសហគមន៍ដីធ្លីស្រែប្រាំងចំនួន ៤នាក់ ។ អ្នកទាំង ៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តមានបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាសហចារី” ។
សមាជិកសហគមន៍ទាំង ៤ រូប គឺស្ថិតក្នុងចំណោមជនជាប់ចោទចំនួន ៩ នាក់ ដែលត្រូវបានក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ចោទប្រកាន់ថាបានរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ដោយមិនឱ្យក្រុមហ៊ុនឈូសឆាយដីធ្លីរបស់អ្នកទាំងនោះកាលពីឆ្នាំ ២០១៧ និង ២០២០ ។ អ្នកទាំងនោះ ត្រូវបានផ្តន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស និងដាក់ពន្ធនាគារចំនួន ២ ឆ្នាំ កាលពីឆ្នាំ ២០២១ ដោយសាលាដំបូងខេត្តត្បូងឃ្មុំ ។ ក្រោយមក សាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់សាលក្រមសាលាដំបូង កាលពីឆ្នាំ ២០២២ ប៉ុន្តែតុលាការកំពូលកាលពីខែសីហា ឆ្នាំ ២០២៣ បានសម្រេចបញ្ជូនសំណុំរឿងនេះ ទៅឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី ។
សាលាឧទ្ធរណ៍ តាមរយៈសវនាការជំនុំជម្រះជាលើកទីពីរ បានសម្រេចតម្កល់ការផ្តន្ទាទោសសមាជិកសហគមន៍ទាំង ៤ នាក់ និងតម្កល់ការដាក់ពន្ធនាគារចំនួន ២ ឆ្នាំ ប៉ុន្តែសម្រេចឱ្យព្យួរទោសទាំងនោះ ។ សមាជិកសហគមន៍ទាំងនោះ រួមមាន លោក ចក់ ជ័យ អ្នកស្រី ឃឹម សុខជាង លោក ពុំ ពេជ្រ និងលោក វឿន វឿ ។
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
នាព្រឹកនេះសាលាឧទ្ធរណ៍ព្រះសីហនុ បានសម្រេចតម្កល់ការផ្តន្ទាទោសបទបរិហារកេរិ៍្ត លើសកម្មជនដីធ្លីខេត្តកោះកុងចំនួនពីររូប គឺអ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការ ក៏បានសម្រេចឱ្យរួចផុតពីបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ពីអ្នកទាំងពីរផងដែរ ។ នេះជាការសម្រេចឱ្យរួចផុតពីបទចោទមួយ និងតម្កល់បទចោទមួយដែលបទចោទទាំងពីរត្រូវបានដាក់ដោយសាលាដំបូងខេត្តកោះកុង កាលពីខែសីហា កន្លងទៅ ។
អ្នកស្រី ញើង និងអ្នកស្រី លីន គឺជាអ្នកដែលរងការចោទប្រកាន់ពីអ្នកស្រី ឆាយ វី ដែលជាអតីតអ្នកតំណាងសហគមន៍មួយរូប ដែលត្រូវបានអ្នកទាំងពីរបានចោទប្រកាន់ថាបានរំលោភយកដីធ្លី កាលពីឆ្នាំ២០១៩ ។ សកម្មជនដីធ្លីទាំងពីរ ត្រូវបានតុលាការពិន័យជាប្រាក់ក្នុងម្នាក់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) និងបង្គាប់ឱ្យសងជំងឺចិត្តអ្នកស្រី ឆាយ វី ចំនួន ៤០ លានរៀល (ប្រហែល ១០.០០០ ដុល្លារ) ។
ទាំងអ្នកស្រី ញើង និងអ្នកស្រី លីន ត្រូវបានតុលាការចាប់ដាក់ពន្ធនាគារឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែតុលា នាឆ្នាំនេះ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។ អំឡុងពេលឃុំខ្លួនបណ្តោះអាសន្ន អ្នកស្រី ផាវ ញើង ជាប់ឃុំក្នុងពន្ធនាគារខេត្តជាមួយនឹងកូនប្រុសតូចរបស់អ្នកស្រីដែលជាទារកនៅឡើយនាពេលនោះ ។
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សកម្មជនដីធ្លីខេត្តកោះកុង២នាក់ រួមមានអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានដោះលែងពីពន្ធនាគារខេត្តកោះកុង ក្រោយពីសាលាឧទ្ធរណ៍ព្រះសីហនុ បង្គាប់ឱ្យដោះលែងអ្នកទាំង២ពីការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីម្សិលមិញ ។
នៅក្នុងខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសស្រ្តីទាំង២នាក់ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ និងឱ្យសងជំងឺចិត្តចំនួន ៤០លានរៀល (ប្រមាណជា ១ម៉ឺនដុល្លារ) ក្រោយពីរកឃើញអ្នកទាំងពីមានពិរុទ្ធភាពពីបទបរិហារកេរ្ដិ៍ និងបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំង២ត្រូវបានរងបណ្ដឹងមួយដោយអតីតតំណាងសហគមន៍ឈ្មោះ ឆាយ វី ដែលត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ពីការរំលោភយកដីធ្លី ។
ទាំងអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីការចាប់ខ្លួនអ្នកទាំង២នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ កូនប្រុសតូចរបស់អ្នកស្រី ផាវ ញ៉ើង បានរស់នៅជាមួយអ្នកស្រីនៅក្នុងពន្ធនាគារ តាំងពីថ្ងៃចាប់ខ្លួននោះ ។
ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានប្រកាសសាលដីកា ទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងសកម្មជនការពារព្រៃឈើនៅខេត្តរតនគិរីចំនួន ៥រូប រួមមានលោក ឆន ផល្លា សកម្មជនបរិស្ថានជាយូរឆ្នាំមកហើយ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោយពីមានការចាប់ខ្លួនលោក ក្នុងខែកញ្ញា ឆ្នាំ២០២១ ។ លោក ឆន ផល្លា ត្រូវបានដោះលែងនៅថ្ងៃនេះ បន្ទាប់ពីអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចមិនប្តឹងសាទុក្ខ ។
លោក ផល្លា ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៦ឆ្នាំ ក្នុងខែកក្កដា ឆ្នាំ២០២២ ខណៈដែលសកម្មជន៤នាក់ទៀតដូចជា លោក ខាំ ម៉ាសូក លោក ស៊ីថាន់ ញ៉ាន់ លោក ថ្វែ ហុក និងលោក ឡាត់ ប្រាញ់ ដែលជាជនជាតិដើមភាគតិចទំពួន ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែមិនត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទេ ដោយរង់ចាំការប្ដឹងឧទ្ធរណ៍ ។ បទចោទទាំងនេះ ពាក់ព័ន្ធនឹងកិច្ចប្រជុំមួយដែលអ្នកទាំងប្រាំបានចូលរួមក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងការពារដីធ្លី និងដីព្រៃរបស់ពួកគេ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។
អ្នកទាំង៥ ធ្លាប់ត្រូវបានសាលាដំបូងខេត្តរតនគិរី ផ្ដន្ទាទោស ដោយចោទប្រកាន់ថា ពួកគេ “កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ” តាមបញ្ញត្តិមាត្រា២៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៥៦(៤) និងមាត្រា៦២(១) នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ សកម្មជនដីធ្លីខេត្តកោះកុងចំនួន៩នាក់ ត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែពួកគេ នឹងត្រូវដាក់ឱ្យស្ថិតក្រោមលក្ខខណ្ឌមួយចំនួននៃការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សកម្មជនទាំងនេះ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន អស់រយៈពេល ២ខែមកហើយ នៅក្នុងពន្ធនាគារខេត្តកោះកុង ក្រោយពីការចាប់ខ្លួនពួកគេ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
សកម្មជនទាំង៩នាក់ បានបង្ហាញវត្តមាននៅក្នុងសវនាការសុំនៅក្រៅឃុំ នៅព្រឹកនេះ ដែលមានការគាំទ្រដោយសមាជិក និងតំណាងសហគមន៍មកពីខេត្តកោះកុងដូចជា សហគមន៍ដីធ្លី១៩៧ សហគមន៍ដីធ្លី១៧៥ និងសហគមន៍ដីធ្លី៩៥៥ ។ អាជ្ញាធរ បានស្នើឱ្យអ្នកគាំទ្ររង់ចាំនៅខាងក្នុងបរិវេណតុលាការ ប៉ុន្តែពួកគេសម្រេចចិត្តរង់ចាំនៅក្រៅតុលាការ ដើម្បីអំពាវនាវជាសាធារណៈឱ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេ ។
សកម្មជនទាំង៩នាក់ រួមមាន អ្នកស្រី ផាវ ញ៉ើង អ្នកស្រី ដេតហ៊ួ អ្នកស្រី យី គន្ធា លោក សុខ ជៃ លោក ហេង ជៃ អ្នកស្រី ទិន តាំង លោក ឡាំង ចៀវ អ្នកស្រី សេង លីន និងលោក យឿន ខ្មៅ ។ ពួកគេម្នាក់ៗ ត្រូវបានចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីបានព្យាយាមធ្វើដំណើរដោយសន្តិវិធីទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣
នាថ្ងៃនេះ អង្គការសមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយរបាយការណ៍មួយស្ដីពី ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ ។ របាយការណ៍នេះ បង្ហាញពីការរកឃើញនៅក្នុងការស្ទង់មតិមួយទៅលើប្រជាពលរដ្ឋចំនួន ៧១៧ខ្នងផ្ទះ ។
ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាលនៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ ។ អ្នកខ្ចីប្រាក់ កំពុងធ្វើការលះបង់ដោយមិនសមស្របជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានានូវប័ណ្ណកម្មសិទ្ធិដីធ្លីដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពីប្រាក់ចំណូល និងសមត្ថភាពរបស់អ្នកខ្ចី ក្នុងការបង់សង ។
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
សាលាដំបូងខេត្តកោះកុង នារសៀលនេះ បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះមានសកម្មជន៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។ សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ដើម្បីសម្ដែងការគាំទ្រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ។
សកម្មជនទាំង១០រូបរួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ឧកញ៉ា ហេង ហ៊ុយ ។ ការផ្ដន្ទាទោសរបស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ ។
អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង ។ ពួកគេ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ នេះបង្ហាញថា ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់ ។
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣
នៅក្នុងសប្តាហ៍នេះ សកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៣នាក់ ត្រូវបានរកឃើញថាមានទោសពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដូចជា បទបរិហារកេរិ៍្ត បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ដោយសារភាពសកម្មនិយមក្នុងការការពារដីធ្លីសហគមន៍របស់ពួកគេ ។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានផ្ដន្ទាទោសសកម្មជនពីរនាក់ ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ អ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ១ឆ្នាំ និងពិន័យជាប្រាក់ ៤០លាន រៀល (ប្រមាណជា៩,៦០០ដុល្លារ) ជាសំណងជំងឺចិត្តទៅដើមបណ្តឺង ។ អ្នកទាំងពីរ ត្រូវបានប្តឹងដោយអតីតតំណាងសហគមន៍ឈ្មោះ ឆាយ វី ដែលពួកគាត់បានចោទប្រកាន់ពីការរំលោភយកដីធ្លី នៅអំឡុងឆ្នាំ២០១៩ ។ បទចោទទាំងនេះ ត្រូវបានទម្លាក់ចោលសម្រាប់ស្ត្រីជាប់ចោទម្នាក់ទៀតឈ្មោះ ខន ផុន ដែលបានជាប់ពាក់ព័ន្ធផងដែរ ។
នាព្រឺកនេះ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ប្រឆាំងនឹងសកម្មជនដីធ្លីខេត្តកោះកុងម្នាក់ទៀត គឺ អ្នកស្រី ដេត ហ៊ួ ។ អ្នកស្រី ដេត ហួរ ត្រូវបានផ្ដន្ទាទោសពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទបរិហារកេរ្តិ៍ តាមរយៈបណ្ដឹងមួយ ដែលធ្វើឡើងដោយ លោកឧកញ៉ា ហេង ហុយ ពាក់ព័ន្ធនឹងការបង្ហោះសារ ដែលអ្នកស្រីបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីខែកញ្ញា ឆ្នាំ២០២១ ។ អ្នកស្រី ដេត ហ៊ួ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ២លាន រៀល (ប្រមាណជា៥០០ដុល្លារ) ប៉ុន្តែកាលពីខែតុលា ឆ្នាំ២០២២ អ្នកស្រីត្រូវបានសាលាឧទ្ធរណ៍ព្រះសីហនុ កាត់បន្ថយទោសឱ្យជាប់ពន្ធនាគារ ត្រឹម៦ខែ និងពិន័យជាប្រាក់ ១លាន រៀល ដោយទោស និងការពិន័យជាប្រាក់ ត្រូវបានព្យួរវិញ ។ សាលដីកាស្ថាពររបស់តុលាការកំពូលបានតម្ដល់សេចក្ដីសម្រេចនេះ ។
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហជីព ដែលមានរាយឈ្មោះដូចខាងក្រោម សូមស្នើសុំឱ្យទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពី បទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ ទៅលើសកម្មជនដីធ្លីចំនួន ១០នាក់ មកពីសហគមន៍ចំនួន ៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ។ សកម្មជនដីធ្លីទាំងនេះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ ប៉ុន្តែពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេ ។ ប៉ុន្តែពួកគេ ត្រូវបានធ្វើទុក្ខបុកម្នេញ និងចាប់ដាក់ពន្ធនាគារចំពោះសកម្មភាពទាំងនោះទៅវិញ ។
សកម្មជនដីធ្លីចំនួន ១០នាក់ ត្រូវបានចា ប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ ពួកគេ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តកោះកុង ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង ។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ ។ ប្រសិនបើត្រូវបានផ្ដន្ទាទោស សកម្មជនដីធ្លីម្នាក់ៗនឹងប្រឈមនូវការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង ពិន័យជាប្រាក់ រហូតដល់ ៤ លានរៀល (ប្រហែល ១.០០០ ដុល្លារ) ។
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
សមាជិកសហគមន៍ប្រមាណជាង ១០០០នាក់ មកពីខេត្តសៀមរាប កោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ បានប្រមូលផ្ដុំគ្នា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយទៅលើបញ្ហាជម្លោះដីធ្លី ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ ទោះបីជាករណីខ្លះមានការរារាំងក្នុងការធ្វើដំណើរ និងការជួបជុំគ្នា ពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដោយ ។
នៅថ្ងៃទី២៧ និង២៨ ខែមីនា ប្រជាពលរដ្ឋប្រមាណ ១៥០នាក់ មកពីសហគមន៍ចំនួន៧ ក្នុងខេត្តសៀមរាប បានជួបជុំគ្នា ក្នុងរាជធានីភ្នំពេញ ដោយអ្នកតំណាងរបស់ពួកគេ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ក្នុងនាមប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរស់នៅក្នុងតំបន់ឧទ្យានអភិរក្សអង្គរ ជាតំបន់បេតិកភណ្ឌពិភពលោកនៃអង្គការ អប់រំ វិទ្យាសាស្រ្ត និងវប្បធម៍ នៃសហប្រជាជាតិ ហៅកាត់ថា “អង្គការយូណេស្កូ” ដែលរួមមានប្រាសាទអង្គរវត្ត ជាដើម ។ ញត្តិរបស់ពួកគេមានរៀបរាប់ពី ការស្នើសុំឱ្យរាជរដ្ឋាភិបាលប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋ ចេញបទប្បញ្ញត្តិអភិរក្សឃ្លាំងទឹក៧៨ ក៏ដូចជាផ្ដល់សំណងសមរម្យចំពោះអ្នកដែលបានរងផលប៉ះពាល់ពីការបណ្ដេញចេញនៅក្នុងទីតាំងនោះ ។ រាជរដ្ឋាភិបាល ធ្លាប់បានលើកឡើងថា ការបណ្ដេញចេញគឺចាំបាច់ ដើម្បីរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ។
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣
យ៉ាងតិចមានប្រជាពលរដ្ឋប្រមាណ ៣.០០០ នាក់ នៅក្នុងខេត្តចំនួន ១០ និងរាជធានីភ្នំពេញ បានចូលរួមប្រារព្ធទិវាអន្តរជាតិសិទិ្ធនារី នៅក្នុងឆ្នាំនេះ ។ សមាជិកសហគមន៍ជនជាតិដើមភាគតិច សហគមន៍ដីធ្លី សហជីព សកម្មជនសិទិ្ធមនុស្ស យុវជន អាជ្ញាធរក្នុងតំបន់ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមប្រារព្ធទិវានេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ដោយឡើងបញ្ចេញមតិ ដើរក្បួន រាំ និងបរិភោគអាហារសាមគ្គីជាមួយគ្នា ។
អ្នកចូលរួមជាច្រើន បានអំពាវនាវឱ្យមានសិទិ្ធស្មើគ្នារវាងបុរសនិងស្ត្រី និងគោរពសិទិ្ធស្ត្រី ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាជាច្រើនដែលអ្នកទាំងនោះកំពុងជួបប្រទះ ដែលមានដូចជាជម្លោះដីធ្លី ហិង្សាផ្អែកលើយេនឌ័រ ការខ្វះខាតការទទួលបានកិច្ចការពារសង្គម និងការជាប់ផុងក្នុងបំណុលខ្នាតតូចដែលអាចហានិភ័យដល់ជីវភាពរស់នៅរបស់ពួកគេ ។
នៅក្នុងសហគមន៍មួយចំនួន អាជ្ញាធរក្នុងតំបន់ចូលរួម និងស្តាប់បញ្ហាដែលបានលើកឡើង ប៉ុន្តែក៏មានសហគមន៍មួយចំនួនទៀតត្រូវបានអាជ្ញាធរក្នុងតំបន់ព្យាយាមរារាំង មិនឱ្យប្រារព្ធទិវាអន្តរជាតិនេះ ។ អាជ្ញាធរមួយចំនួន បានហាមឃាត់សមាជិកសហគមន៍នៅក្នុងខេត្តកំពត កាលពីថ្ងៃទី៧ ខែមីនា ដោយមិនឱ្យរៀបចំទិវានេះដូចការគ្រោងទុកនោះទេ ដោយគម្រាមនឹងធ្វើការបំបែក ។ នគរបាលក៏បានឃ្លាំមើលការប្រារព្ធទិវា និងសួររកបញ្ជីឈ្មោះអ្នកចូលរួមនៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី៦ ខែមីនា ផងដែរ ។ ក៏ប៉ុន្តែចុងក្រោយ ការប្រារព្ធទិវានៅក្នុងខេត្តទាំងពីរ នៅតែអាចបន្តរៀបចំទៅដោយរលូន ។
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីមួយ កាលពីខែមីនា ឆ្នាំ២០២២ គឺរយៈពេលជិតមួយទសវត្សរ៍ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី បានចុះហត្ថលេខាដើម្បីផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលការណ៍នេះនាំឱ្យបន្តកើតមានទំនាស់ដីធ្លីនៅក្នុងខេត្តស្ទឹងត្រែង ។
នេះគឺជាការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដំបូងគេ គិតចាប់តាំងពីឆ្នាំ២០១៤មក ជាពេលដែលរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដែលត្រូវបានស្នើសុំ មុនពេលមានការផ្អាកផ្ដល់ដីសម្បទានវិញក្នុងខែឧសភា ឆ្នាំ២០១២ ។
ប្រជាពលរដ្ឋរាប់រយគ្រួសារ កំពុងតែទទួលរងផលប៉ះពាល់ស្រាប់ទៅហើយ ដោយការស្ថាបនាផ្លូវមួយខ្សែឆ្ពោះទៅកាន់ដីសម្បទានសេដ្ឋកិច្ចនោះ ។ ការខ្វះតម្លាភាពជុំវិញទំហំជាក់ស្ដែង និងទីតាំងនៃដីសម្បទាន បាននាំឱ្យអាជ្ញាធរមូលដ្ឋាន ប៉ាន់ប្រមាណថា ប្រជាពលរដ្ឋរហូតដល់ ៤០០ គ្រួសារ អាចនឹងរងផលប៉ះពាល់ នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ស្រុកសៀមប៉ាង និងស្រុកសេសាន នៅភាគឦសាននៃខេត្តស្ទឹងត្រែង ។
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២
អង្គការលីកាដូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ដើម្បីឃ្លាំមើលការបោះឆ្នោតជាតិរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ។ ក្រោយមក លីកាដូ បានក្លាយជាអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយ ។ បន្ទាប់ពីការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស អស់រយៈពេល ៣០ឆ្នាំមក លីកាដូ នៅតែឈរជាមួយប្រជាពលរដ្ឋ ដើម្បីតស៊ូប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងដើម្បីយុត្តិធម៌សង្គម ។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
អ្នកភូមិចំនួន១៩នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងពេលមានការចាប់ខ្លួនជាបន្តបន្ទាប់ ដែលចាប់ កើតមានឡើងក្នុងខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយដែលកំពុងកើតមានជាមួយក្រុមហ៊ុន សុខ សំណាង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
កងកម្លាំងប្រដាប់ដោយអាវុធនិងដំបង ត្រូវបានដាក់ពង្រាយ ដើម្បីចាប់ខ្លួនអ្នកភូមិចំនួន ៨នាក់ និងដើម្បីត្រួតពិនិត្យការដុតកម្ទេចផ្ទះសម្បែង នៅក្នុងតំបន់ទំនាស់ នៅក្នុងហេតុការណ៍ហិង្សាចុងក្រោយ កាលពីថ្ងៃទី០៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ។ ក្រុមអាវុធហត្ថ ដែលត្រូវបានស្គាល់ថាជា ប៉េអ៊ឹម បានចាប់ខ្លួនស្ត្រី៥នាក់ និងបុរស៣នាក់ ក្នុងរយៈពេលពីរថ្ងៃនោះ ។ វីដេអូមួយ ត្រូវបានថតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ ដោយបង្ហាញថា កម្លាំងប៉េអ៊ឹម បានកាន់ដំបងវែង ក្នុងពេលចាប់ខ្លួនអ្នកភូមិម្នាក់ និងបានគំរាមកំហែង ប្រជាពលរដ្ឋផ្សេងទៀតមិនឱ្យថតយករូបភាព ។ វីដេអូផ្សេងទៀត ដែលអ្នកភូមិបានថតនៅថ្ងៃនោះ បង្ហាញថា ផ្ទះសម្បែងរបស់ពួកគេកំពុងត្រូវបានដុតបំផ្លាញ ។ ផ្សែងពណ៌សចេញពីបំណែកសេសសល់នៃផ្ទះដែលត្រូវបានដុតកម្ទេច នៅអាចមើលឃើញនៅឡើយ នៅពេលដែលអ្នកឃ្លាំមើលនៃអង្គការលីកាដូ បានទៅដល់កន្លែងកើតហេតុ នាល្ងាចថ្ងៃនោះ ។
ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២
បឹង និងតំបន់ដីសើម នៅជុំវិញរាជធានីភ្នំពេញ គឺជាលំនៅឋានរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវភាពរស់នៅ ការការពារទឹកជំនន់ និងការគ្រប់គ្រងទឹកកខ្វក់ ។ ការបំផ្លិចបំផ្លាញបឹងដើម្បីធ្វើគម្រោងអភិវឌ្ឍន៍ កំពុងតែធ្វើឱ្យមានការបណ្ដេញចេញ បាត់បង់ប្រាក់ចំណូល និងអសន្ដិសុខស្បៀង ព្រមទាំងបណ្ដាលឱ្យរាជធានីភ្នំពេញ ទទួលរងនូវការជន់លិចយ៉ាងអាក្រក់ ។
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២
ការសិក្សាមួយ ដែលផ្ដល់គាំទ្រដោយ ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានផ្ដល់ភស្តុតាងបន្ថែមទៀតនៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ពោលក្នុងកម្រិតមួយ “ខ្ពស់ខ្លាំង” និង “មិនអាចទទួលយកបាន” ។ លទ្ធផលនៃការសិក្សាបង្ហាញថា ប្រជាពលរដ្ឋខ្មែរជាង ១៦៧.០០០ នាក់ បាននិងកំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ។ អង្គការហ្វ៊ីអាន (FIAN) ក៏ដូចជា អង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជាគឺ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ និងអង្គការសមធម៌កម្ពុជា សូមអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងម្ចាស់ជំនួយផ្សេងទៀតនៃវិស័យមីក្រូហិរញ្ញវត្ថុ ឱ្យគោរពការទទួលខុសត្រូវរបស់ពួកគេ និងចាត់វិធានការជាក់លាក់ និងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពដែលមិនអាចប្រកែកបាននេះ ។