ស្វែងរក
កម្រងរូបភាព | សហគមន៍មួយចំនួនក្នុងប្រទេសប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ២០២៤ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបអាហារសាមគ្គី ។
ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
ការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងសំណុំរឿង អំពើហិង្សាក្នុងគ្រួសារ ដោយមិនមានការធានាពីមធ្យោបាយតាមផ្លូវតុលាការ និងសេវាកម្មគាំទ្រ គឺធ្វើឱ្យជីវិតស្តី្រនិងកុមារស្ថិតក្នុងហានិភ័យ ។ ទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតវិធីសាស្ត្រនេះបន្ថែមទៀត ក្នុងព្រះរាជក្រឹត្យថ្មីមួយ ។
អ្នកស្រី បុប្ផា និងអ្នកស្រី សុធី* ដែលជាអ្នកចែករំលែករឿងរ៉ាវខាងលើ គឺជាស្រី្តដែលស្ថិតក្នុងចំណោមស្រ្តីរងគ្រោះទាំងនោះ ។ សម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំនេះ អង្គការលីកាដូ នឹងឈរជាមួយពួកគេក្នុងការទាមទារឱ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងនោះ ។
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣
នាថ្ងៃនេះ សាលាឧទ្ធណ៍ភ្នំពេញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសអតីត និងបច្ចុប្បន្នជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ។
សកម្មជនសហជីពចំនួន ៩នាក់ ដែលរួមមាន កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែឧសភា ឆ្នាំ២០២៣ ។ ក្នុងនោះ សកម្មជនសហជីពចំនួន ៨ នាក់ បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចខាងលើ ។ អ្នកទាំង ៨ នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារអតិបរមា ២ ឆ្នាំ អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត កញ្ញា ស៊ុន ស្រីពេជ្រ និងអ្នកនាង ទូច សិរីមាស ដែលអ្នកទាំងនោះត្រូវបានសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១៨ ខែ លោក សុខ ណារិទ្ធ និងអ្នកស្រី រី សុវណ្ណឌី ដែលអ្នកទាំងពីរត្រូវបានសាលាដំបូងផ្តន្ទាទោសចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ ។
សវនាការសាលាឧទ្ធរណ៍បានចាប់ផ្តើមកាលពីព្រឹកមិញនេះ ។ តុលាការបានសម្រេចប្រកាសសាលដីកា នាល្ងាចថ្ងៃដដែល ដោយសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទាំងស្រុង ក្រោយពេលចូលក្នុងបន្ទប់ពិចារណាអស់រយៈពេលជាង ៣០ នាទី ។ លោក សុខ គង្គា ដែលជាអតីតសមាជិកសហជីពមួយរូប ហើយត្រូវសាលាដំបូងផ្តន្ទាទោសពន្ធនាគារចំនួន ១ ឆ្នាំ ប៉ុន្តែព្យួរ មិនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនោះទេ ។
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣
សាលាដំបូងខេត្តកោះកុង នារសៀលនេះ បានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន១០នាក់ ពីបទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្នុងនោះមានសកម្មជន៣នាក់ ដែលកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងពន្ធនាគារ តាំងពីខែមិថុនា ឆ្នាំ២០២៣មក នៅក្នុងសំណុំរឿងមួយទៀត ។ សមាជិកសហគមន៍ប្រមាណជា ៦០នាក់ មកពីសហគមនដីធ្លី១៩៧ និងសហគមន៍ដីធ្លី៩៥៥ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ដើម្បីសម្ដែងការគាំទ្រចំពោះសកម្មជនទាំងនេះ អំឡុងពេលប្រកាសសាលក្រម ។
សកម្មជនទាំង១០រូបរួមមាន លោក ឆាន់ ឈឿន អ្នកស្រី ដេតហ៊ួ អ្នកស្រី អើប វី អ្នកស្រី អឹប តឹង លោក ហេង ជៃ អ្នកស្រី អិន ធូ អ្នកស្រី កើត នៅ លោក គង់ ម៉ែន លោក ពួ ហួន និងលោក សុខ ជៃ ។ អ្នកទាំង១០រូប ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តរួមគ្នាចំនួន ៤០លានរៀល (ប្រមាណជា ៩.៦០០ដុល្លារ) ទៅកាន់ឧកញ៉ា ហេង ហ៊ុយ ។ ការផ្ដន្ទាទោសរបស់អ្នកស្រី អើប វី ត្រូវបានព្យួរទាំងស្រុង ខណៈដែលសកម្មជន៩នាក់ទៀត គ្រោងប្ដឹងជំទាស់នឹងសាលក្រមនេះ ។
អ្នកស្រី ដេត ហ៊ួ លោក ហេង ជៃ និងលោក សុខ ជៃ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខេត្តកោះកុងស្រាប់ទៅហើយ នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ព្រមទាំងត្រូវបានដឹកបញ្ជូនទៅតុលាការដោយរថយន្តនគរបាលដែលបិទរបាំងជិតខាងក្នុង ។ ពួកគេ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារចំពោះបទចោទដាច់ដោយឡែកទាំងនោះ ខណៈដែលពុំមានការចេញដីកាចាប់ខ្លួន សម្រាប់សកម្មជន៦នាក់ទៀត ដែលមិនបានទទួលការព្យួរទោសនោះទេ ។ នេះបង្ហាញថា ពួកគេនឹងបន្តនៅក្រៅឃុំរង់ចាំការប្ដឹងជំទាស់ ។
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីតាលី បញ្ឈប់នូវការបើកស្មុំកូនអន្ដរប្រទេសឡើងវិញ ។ ប្រទេសកម្ពុជា មិនបានអនុម័តកិច្ចគាំពារ ដែលនឹងការពារអត្ថប្រយោជន៍ល្អបំផុតរបស់កុមារ ឬទប់ស្កាត់ការកើតឡើងវិញ នូវការក្លែងបន្លំ និងអំពើពុករលួយធ្ងន់ធ្ងរ ដែលបានកត់សម្គាល់នៅក្នុងការស្មុំកូនអន្តរប្រទេសដែលកើតមានពីអតីតកាល ។
ប្រទេសជាច្រើន បានហាមឃាត់ការស្មុំកូនអន្តរប្រទេសពីប្រទេសកម្ពុជាពេញមួយទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីមានភស្ដុតាងជាច្រើននៃការអនុវត្តដែលប្រាសចាកពីច្បាប់ និងគ្មានសីលធម៌ ។ នេះរួមបញ្ចូលទាំងអាជ្ញាធរ និងបុគ្គលិកមណ្ឌលកុមារកំព្រា ដែលក្លែងបន្លំឯកសារប្រកាសថា កុមារមួយចំនួនជាក្មេងកំព្រា ឬជាក្មេងគេបោះបង់ចោល ដោយជាទូទៅ មានការផ្លាស់ប្ដូរឈ្មោះ និងថ្ងៃខែឆ្នាំកំណើតរបស់ពួកគេ ។ បន្ទាប់មក កុមារត្រូវបានគេស្មុំយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការយល់ព្រម ឬដឹងឮពីឪពុកម្ដាយរបស់ពួកគេ ។ ជាលទ្ធផល ប្រទេសកម្ពុជាខ្លួនឯងផ្ទាល់ បានផ្អាកការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ២០០៩ ។
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣
នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះ និងនៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ។
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
សមាជិកសហគមន៍ដីធ្លីជាច្រើន ដែលមកពីខេត្តកោះកុង ស្វាយរៀង កំពង់ស្ពឺ ព្រះវិហារ និងត្បូងឃ្មុំ បន្តប្រមូលផ្តុំគ្នាទាមទារឱ្យដោះលែងបុគ្គលិកសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ទាំងបីរូប ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
លោក ថេង សាវឿន ជាប្រធានសមាគម លោក ញិល ភាព ជាបុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច ជាបុគ្គលិកសម្របសម្រួលសហគមន៍ ត្រូវបានតុលាការខេត្តរតនគិរី ចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ យោងតាមមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបី ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តរតនគិរី ។
អំឡុងពេលប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានបានគម្រាមកំហែងអ្នកតំណាង និងសមាជិកសហគមន៍ជាច្រើននាក់ ដែលមកពីខេត្តស្វាយរៀង កំពង់ស្ពឺ កោះកុង និងត្បូងឃ្មុំ ដោយការចាប់ខ្លួនអ្នកទាំងនោះ ប្រសិនបើពួកគេបន្តប្រមូលផ្តុំគ្នានៅក្នុងរាជធានីភ្នំពេញ ។
ការប្រមូលផ្តុំគ្នានេះ ត្រូវបានបន្តធ្វើចាប់តាំងពីថ្ងៃទី១៩ និងទី ២០ ខែឧសភា ដោយពលរដ្ឋសហគមន៍ដីធ្លីមកពីខេត្តស្វាយរៀង កោះកុង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ ។
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣
នៅព្រឹកនេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស អតីត និងបច្ចុប្បន្នជាសមាជិក និងថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចំនួន ៩ រូប ដែលរួមទាំងកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីព និងកំពុងជាប់ក្នុងពន្ធនាគារ ពីបទញុះញង់ ។ តុលាការបានផ្តន្ទាទោសអ្នកទាំងនោះ ដោយយោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយសារការធ្វើកូដកម្មអហិង្សាដែលកំពុងបន្តកើតមានឡើងរបស់សហជីពអ្នកទាំងនោះ ។
តុលាការបានផ្តន្ទាទោស កញ្ញា ស៊ីថរ ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ដែលជាចំនួនទោសអតិបរមាសម្រាប់បទល្មើសនេះ ហើយកញ្ញាត្រូវបានបញ្ជូនទៅឃុំខ្លួនភ្លាមៗក្រោយពេលប្រកាសសាលក្រម ។ កញ្ញា និងសមាជិកសហជីពដទៃទៀត ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ពន្ធនាគារកាលពីខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ មុនពេលអ្នកទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីខែមីនា ឆ្នាំ២០២២ ។ ស៊ីថរត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនម្តងទៀត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកញ្ញាត្រូវបានអាជ្ញាធរចោទថា បានល្មើសនឹងលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ទោះជាការពិតទាំងកញ្ញា និងមេធាវីរបស់កញ្ញា មិនដែលទទួលបានដំណឹងអំពីលក្ខខណ្ឌទាំងនោះ ។
សមាជិកសហជីពណាហ្គាវើលដ៍ ៥ នាក់ ផ្សេងទៀត ដែលរួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំ សុបិន្ត កញ្ញា ស៊ុន ស្រីពេជ្រ និង កញ្ញា ទូច សិរីមាស ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ ឆ្នាំ ៦ ខែ ប៉ុន្តែអ្នកទាំង ៥ ត្រូវបានដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ រហូតដល់មានសាលក្រមស្ថាពរ ។
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
នាព្រឹកនេះ តុលាការកំពូល បានបដិសេធបណ្ដឹងសារទុក្ខរបស់ស្ត្រីសហជីពចំនួន ៧រូប ដែលជាតំណាងសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយរួមមានកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីព ផងដែរ ។ តាមសាលដីការបស់តុលាការកំពូល កញ្ញា ស៊ីថរ នឹងត្រូវបន្តឃុំខ្លួនក្នុងពន្ធនាគារ នៅក្នុងដំណាក់កាលនៃសវនាការសំណុំរឿងញុះញង់ដែលកំពុងបន្តនេះ ដែលបានចាប់ផ្ដើមនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ស្ត្រីចំនួន៦រូបទៀត រួមមាន អ្នកស្រី ឈឹម សុខន អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត អ្នកស្រី រី សុវណ្ណឌី អ្នកស្រី ស៊ុន ស្រីពេជ្រ និងទូច សិរីមាស នឹងត្រូវបន្តដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ សាលដីការបស់តុលាការកំពូល ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានថា ពុំមានលិខិតផ្ទេរសិទ្ធិឱ្យមេធាវី ត្រូវបានដាក់ជូន នៅក្នុងបណ្ដឹងសារទុក្ខនេះទេ ។
បច្ចុប្បន្ន ស្ត្រីទាំង៧រូប កំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះពីបទញុះញង់ (រួមជាមួយជនជាប់ចោទពីរនាក់ផ្សេងទៀត) ដោយសារតែសកម្មភាពកូដកម្មអហិង្សារបស់ពួកគេ ។ ពួកគេ បានប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២២ ដែលបានបង្គាប់ឱ្យកញ្ញា ឈឹម ស៊ីថរ បន្តស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ។ ចៅក្រមស៊ើបសួរ ក៏បានសម្រេចដាក់ស្ត្រី៦រូបទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការផងដែរ ។
សមាជិកសហជីពណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្ម តាំងពីខែធ្នូ ឆ្នាំ២០២១ ក្រោយពេលមានការបញ្ឈប់ បុគ្គលិកទ្រង់ទ្រាយធំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ដែលរួមមានថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំងស្រុង និងសមាជិកមួយចំនួនធំនៃសហជីពនេះ ។ ស្រ្តីសហជីពទាំង៧រូប ត្រូវបានចាប់ខ្លួនដំបូងពីបទញុះញង់ នៅចុងខែធ្នូ ឆ្នាំ២០២២ និងដើមខែមករា ឆ្នាំ២០២២ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល២ខែ ។ ពួកគេ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួន នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារម្ដងទៀត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលកំពុងវិលត្រលប់មកពីចូលរួមសន្និសីទសិទ្ធិការងារមួយនៅប្រទេសអូស្ត្រាលី ។ កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនម្ដងទៀត ដោយសារការចោទប្រកាន់ថា កញ្ញាបានបំពានលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ទោះបីជាទាំងកញ្ញា និងមេធាវីការពារសិទ្ធិឱ្យកញ្ញា មិនធ្លាប់ទទួលបានការជូនដំណឹងអំពីលក្ខខណ្ឌណាមួយក៏ដោយ ។ កញ្ញា ស៊ីថរ កំពុងនៅបន្តឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ៕
ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣
យ៉ាងតិចមានប្រជាពលរដ្ឋប្រមាណ ៣.០០០ នាក់ នៅក្នុងខេត្តចំនួន ១០ និងរាជធានីភ្នំពេញ បានចូលរួមប្រារព្ធទិវាអន្តរជាតិសិទិ្ធនារី នៅក្នុងឆ្នាំនេះ ។ សមាជិកសហគមន៍ជនជាតិដើមភាគតិច សហគមន៍ដីធ្លី សហជីព សកម្មជនសិទិ្ធមនុស្ស យុវជន អាជ្ញាធរក្នុងតំបន់ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមប្រារព្ធទិវានេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ដោយឡើងបញ្ចេញមតិ ដើរក្បួន រាំ និងបរិភោគអាហារសាមគ្គីជាមួយគ្នា ។
អ្នកចូលរួមជាច្រើន បានអំពាវនាវឱ្យមានសិទិ្ធស្មើគ្នារវាងបុរសនិងស្ត្រី និងគោរពសិទិ្ធស្ត្រី ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាជាច្រើនដែលអ្នកទាំងនោះកំពុងជួបប្រទះ ដែលមានដូចជាជម្លោះដីធ្លី ហិង្សាផ្អែកលើយេនឌ័រ ការខ្វះខាតការទទួលបានកិច្ចការពារសង្គម និងការជាប់ផុងក្នុងបំណុលខ្នាតតូចដែលអាចហានិភ័យដល់ជីវភាពរស់នៅរបស់ពួកគេ ។
នៅក្នុងសហគមន៍មួយចំនួន អាជ្ញាធរក្នុងតំបន់ចូលរួម និងស្តាប់បញ្ហាដែលបានលើកឡើង ប៉ុន្តែក៏មានសហគមន៍មួយចំនួនទៀតត្រូវបានអាជ្ញាធរក្នុងតំបន់ព្យាយាមរារាំង មិនឱ្យប្រារព្ធទិវាអន្តរជាតិនេះ ។ អាជ្ញាធរមួយចំនួន បានហាមឃាត់សមាជិកសហគមន៍នៅក្នុងខេត្តកំពត កាលពីថ្ងៃទី៧ ខែមីនា ដោយមិនឱ្យរៀបចំទិវានេះដូចការគ្រោងទុកនោះទេ ដោយគម្រាមនឹងធ្វើការបំបែក ។ នគរបាលក៏បានឃ្លាំមើលការប្រារព្ធទិវា និងសួររកបញ្ជីឈ្មោះអ្នកចូលរួមនៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី៦ ខែមីនា ផងដែរ ។ ក៏ប៉ុន្តែចុងក្រោយ ការប្រារព្ធទិវានៅក្នុងខេត្តទាំងពីរ នៅតែអាចបន្តរៀបចំទៅដោយរលូន ។
ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣
នាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពីការផ្ដន្ទាទោសទៅលើអតីតមេឃុំមកពីគណបក្សជំទាស់ គឺ អ្នកស្រី កឹម តុលា ពាក់ព័ន្ធនឹងការចោទប្រកាន់ពី បទញុះញង់ ដោយផ្ដន្ទាទោសអ្នកស្រីដាក់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ដែលត្រូវបានជាប់ឆ្នោតនៅក្នុងខេត្តកំពង់ស្ពឺ គឺជាអតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានជំនុំជម្រះ និងផ្ដន្ទាទោសពីបទញុះញង់ ក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២២ នៅក្នុងសំណុំរឿងមួយទាក់ទិននឹងការបង្ហោះសារលើហ្វេសប៊ុក នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ។ អ្នកស្រី តុលា ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ ។
អ្នកស្រី តុលា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលដែលអ្នកស្រីកំពុងចាកចេញទៅជួបស្វាមីអ្នកស្រីនៅក្នុងប្រទេសអាឡឺម៉ង់ ។ មេធាវីការពារសិទ្ធិឱ្យអ្នកស្រី បានបដិសេធការផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០២២ ដោយផ្អែកលើហេតុផលថា អ្នកស្រី តុលា មិនធ្លាប់ត្រូវបានកោះហៅឱ្យបានត្រឹមត្រូវតាមនីតិវិធីនោះទេ ហើយសាលាដំបូងរាជធានីភ្នំពេញ បានជំនុំជម្រះករណីនេះម្ដងទៀត នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជាថ្មីម្ដងទៀត តុលាការបានផ្ដន្ទាទោសអ្នកស្រី កឹម តុលា ពីបទញុះញង់ ដោយមិនមានផ្ដល់ហេតុផលអ្វីនោះទេ ទោះបីជាពុំមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ នៅក្នុងពេលជំនុំជម្រះឡើងវិញនោះ ដែលថា អ្នកស្រី តុលា បានចុចចូលចិត្ត អធិប្បាយ ឬចែករំលែកការបង្ហោះសារនៅលើហ្វេសប៊ុក របស់គណបក្សផ្សេងទៀត ដែលជាកម្មវត្ថុនៃករណីនេះ ៕
ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាឈប់ភ័យខ្លាចនូវវត្តមាន ភាពក្លាហាន និងភាពរឹងមាំរបស់ស៊ីថរតទៅទៀត ។ យើងខ្ញុំក៏សូមអំពាវនាវ សូមអាជ្ញាធររដ្ឋដោះលែង កញ្ញា ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ចេញពីពន្ធនាគារ និងសូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត ។
កញ្ញា ស៊ីថរ ដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) សម្រាប់អណត្តិថ្មី ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី ។
ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
នៅក្នុងរយៈពេល ១៦ ថ្ងៃ នៃយុទ្ធនាការនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ អង្គការ លីកាដូ នឹងធ្វើការចេញផ្សាយនូវវីដេអូខ្លីៗ អំពីសកម្មជនជាស្ត្រីទាំងនោះនិយាយអំពីភាពក្លាហានងើបឈរឡើងដើម្បីលក្ខខណ្ឌការងារល្អប្រសើរ និងតស៊ូឱ្យបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រនៅកន្លែងការងារ ។ សកម្មជនជាស្ត្រីនីមួយៗ មានប្រវត្តិខុសៗគ្នា ប៉ុន្តែអ្នកទាំងនោះសុទ្ធតែជាអ្នកតំណាងឱ្យកម្មករក្នុងវិស័យរោងចក្រ កម្មករប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើរ៉ឺម៉កកង់បី អ្នកបម្រើតាមផ្ទះ និងកម្មករក្នុងវិស័យដទៃទៀត ។
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២
នាថ្ងៃនេះ កញ្ញា ឈឹម ស៊ីធរ ប្រធានសហជីព ត្រូវបានឃាត់ខ្លួន និងសាកសួរដោយនគរបាលអន្តោប្រវេសន៍ នៅក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីអស់រយៈពេល ១២ថ្ងៃ ។ កញ្ញា ត្រូវបានឃាត់ខ្លួននៅការិយាល័យអន្តោប្រវេសន៍ វេលាម៉ោងប្រមាណជា ១០៖៣០នាទី ព្រឹកនេះ ហើយត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។
មេធាវីរបស់កញ្ញា ស៊ីធរ ដែលបានមានវត្តមាននៅអាកាសយាន្តដ្ឋាន មិនត្រូវបានអនុញ្ញាតឱ្យចូលជួបកញ្ញា ស៊ីធរ អំឡុងពេលសាកសួរនោះទេ ព្រមទាំងមិនអាចទាក់ទងកូនក្ដីរបស់ខ្លួន ជាច្រើនម៉ោងផងដែរ ។
កញ្ញា ស៊ីធរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ត្រូវបានចោទប្រកាន់ពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីខែមករា ឆ្នាំ២០២២ ក្រោយពេលសហជីពកញ្ញាចាប់ផ្ដើមធ្វើកូដកម្ម ។ កញ្ញាត្រូវបានចាប់ខ្លួនយ៉ាងហិង្សា អំឡុងពេលព្យាយាមចូលរួមធ្វើកូដកម្មជាមួយកូដករផ្សេងទៀត ហើយត្រូវបានជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារអស់រយៈពេល២ខែ ជាមួយនឹងថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន មុនពេលមានការដោះលែងឱ្យនៅក្រៅឃុំវិញ កាលពីខែមីនា ឆ្នាំនេះ ។ ក្រោយពីការដោះលែង ទាំងកញ្ញា ស៊ីធរ និងមេធាវីកញ្ញា មិនត្រូវបានជូនដំណឹងពីការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ឬលក្ខខណ្ឌសាកល្បង ដូចជាការរឹតត្បិតលើការធ្វើដំណើរនោះទេ ។
ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ក្នុងឱកាសនៃយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ អង្គការ លីកាដូ សូមធ្វើការកោតសរសើរយ៉ាងខ្លាំងក្លាដល់ស្ត្រីទាំងឡាយ ដែលក្លាហានក្នុងការក្រោកឈរដើម្បីសិទិ្ធការងារ និងតស៊ូទាមទារឱ្យបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការងារ ។ នៅក្នុងរបាយការណ៍សង្ខេបដែលមានចំណងជើងថា “ស្ត្រីរួមគ្នាដើម្បីសិទិ្ធការងារនៅកម្ពុជា” អង្គការ លីកាដូ នឹងធ្វើការលើកឡើងនូវរឿងរ៉ាវតស៊ូ និងការផ្តល់យោបល់មួយចំនួនរបស់សកម្មជនជាស្ត្រីចំនួន ៦ រូប ដែលបានតស៊ូក្នុងនាមជាអ្នកដឹកនាំ និងសមាជិកសហជីព សមាគម និងសហព័ន្ធសហជីព ។
អ្នកទាំងនោះ ជាអ្នកតំណាងឱ្យកម្មកររោងចក្រ អ្នកប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើករ៉ឺម៉កកង់បី (តុតុ) អ្នកធ្វើការងារតាមផ្ទះជាច្រើននាក់ និងកម្មករក្នុងវិស័យផ្សេងៗទៀត ។ ពួកគេអំពាវនាវឱ្យមានការបញ្ឈប់អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ ដែលសមាជិករបស់អ្នកទាំងនោះតែងតែទទួលរងនៅកន្លែងធ្វើការងារ ។
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹតត្បិត បានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិដីធ្លី សហជីព និងប្រជាពលរដ្ឋផ្សេងទៀត នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបែបរើសអើងរបស់អាជ្ញាធរលើវិសាលភាព និងអំណាចដ៏ទូលំទូលាយនៃច្បាប់នេះ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរហួសហេតុមួយចំនួន ។ អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ-១៩ ថយចុះក៏ដោយ ។ ការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវដែលអាចកើតមាន ក្នុងគោលបំណងគាបសង្កត់ការរិះគន់ និងសេរីភាពជាមូលដ្ឋាន គឺជាការគំរាមកំហែង ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ ហើយនេះបង្ហាញជាឧទាហរណ៍នៃភាពគ្រោះថ្នាក់ដែលបណ្តាលមកពី ការបង្កើតច្បាប់ថ្មីប្រញាប់ប្រញាល់ពេក ដែលផ្ដល់សិទ្ធិអំណាចមិនសមស្របទៅរដ្ឋាភិបាល ។
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២
ច្បាប់ប្រឆាំងជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹតត្បិត បានបណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើអ្នកការពារសិទ្ធិមនុស្ស អ្នកតវ៉ាសិទ្ធិដីធ្លី សហជីព និងប្រជាពលរដ្ឋផ្សេងទៀត នៅរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តបែបរើសអើងរបស់អាជ្ញាធរលើវិសាលភាព និងអំណាចដ៏ទូលំទូលាយនៃច្បាប់នេះ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរហួសហេតុមួយចំនួន ។ អាជ្ញាធរអាចចោទប្រកាន់បុគ្គលដោយយោងតាមច្បាប់នេះ យ៉ាងមានប្រសិទ្ធភាព និងគ្រប់ពេលវេលា ទោះបីជាករណីកូវីដ-១៩ ថយចុះក៏ដោយ ។ ការប្រើប្រាស់ច្បាប់ដោយមិនត្រឹមត្រូវដែលអាចកើតមាន ក្នុងគោលបំណងគាបសង្កត់ការរិះគន់ និងសេរីភាពជាមូលដ្ឋាន គឺជាការគំរាមកំហែង ដែលកំពុងតែកើតឡើងជាបន្តបន្ទាប់ ហើយនេះបង្ហាញជាឧទាហរណ៍នៃភាពគ្រោះថ្នាក់ដែលបណ្តាលមកពី ការបង្កើតច្បាប់ថ្មីប្រញាប់ប្រញាល់ពេក ដែលផ្ដល់សិទ្ធិអំណាចមិនសមស្របទៅរដ្ឋាភិបាល ។
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
កូដករណាហ្គាវើលដ៍ម្នាក់ជាស្ត្រី ត្រូវបានអាជ្ញាធរម្នាក់ដាល់ចំច្រមុះ បណ្តាលឱ្យសន្លប់បាត់ស្មារតីមួយរយៈខ្លី ហើយហូរឈាម ក្រោយពេលដែលអាជ្ញាធរមួយក្រុមបានរារាំងយ៉ាងហិង្សាមកលើក្រុមកូដករប្រមាណ ៨០នាក់ ដែលព្យាយាមដើរទៅមុខកាស៊ីណូណាហ្គាវើលដ៍នារសៀលនេះ ។
អំពើហិង្សានេះ បានកើតឡើងនៅពេលដែលក្រុមកូដករនៃសមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានព្យាយាមដើរឆ្លងកាត់របាំងបិទផ្លូវ ដែលអាជ្ញាធរបានដាក់ ដើម្បីរារាំងអ្នកទាំងនោះពីការទៅឈរនៅមុខអគារកាស៊ីណូ ។ នគរបាល និងកម្លាំងចម្រុះប្រមាណ ៨០ នាក់ បានចាប់ផ្តើមប្រើហិង្សា វាយ ទាត់ធាក់ និងរារាំងហើយរុញច្រានសមាជិកសហជីពទាំងនោះ ដែលភាគច្រើនជាស្ត្រី ដើម្បីមិនឱ្យអ្នកទាំងនោះឆ្លងកាត់របាំង ។
មិនដល់ពីរសប្តាហ៍មុននោះទេ កាលពីថ្ងៃទី ២២ ខែកក្កដា អាជ្ញាធរបានប្រើហិង្សារុញច្រានកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ជាច្រើននាក់ ឱ្យដួលទៅលើដីនៅទីតាំងដូចគ្នា នៅកណ្តាលរាជធានីភ្នំពេញ នៅពេលដែលក្រុមកូដករទាំងនោះព្យាយាមដើរទៅកាន់អគារកាស៊ីណូណាហ្គាវើលដ៍ ។
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២
បណ្ដាញកម្ចីប្រាក់អនឡាញ កំពុងដាក់គោលដៅលើស្រ្តីខ្មែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងថេលេក្រាម ដោយទាញអ្នកទាំងនោះឱ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងការជំរិតទារប្រាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាក្រាតរបស់ជនរងគ្រោះ ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរ មិនទាន់បានចាត់វិធានការលើរឿងនេះទេ ដោយទុកឱកាសឱ្យក្រុមជំរិតទារប្រាក់ទាំងនេះ កេងប្រវ័ញ្ចលើស្រ្តីមួយចំនួនដោយនិទណ្ឌភាព ។
កាលពីឆ្នាំមុន អង្គការលីកាដូ បានផ្ដល់សេវាមួយចំនួនដល់ស្ត្រីបីនាក់ ដែលរងការបៀតបៀនដោយអ្នកផ្ដល់កម្ចីមិនផ្លូវការ ។ ស្ត្រីម្នាក់ៗជួបប្រទះរឿងរ៉ាវស្រដៀងគ្នា ដោយដំបូងពួកគេ បានខ្ចីប្រាក់ប្រមាណ ៥០ដុល្លារពីក្រុមហ៊ុនដែលផ្សព្វផ្សាយនៅលើហ្វេសប៊ុក ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ឬព្យាបាលជំងឺ ប៉ុន្តែចុងក្រោយត្រូវបានក្រុមហ៊ុនគំរាមហែកកេរ្ដិ៍ និងជំរិតទារប្រាក់ បន្ទាប់ពីបានផ្ញើរូបភាព និងវីដេអូអាក្រាត នៅពេលពួកគេព្យាយាមគេចចេញពីបំណុលវ័ណ្ឌក ។
ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ត្រូវបានអាជ្ញាធរជាច្រើននាក់ប្រើហិង្សារុញច្រានឱ្យដួលទៅលើដី នៅខណៈដែលសមាជិកទាំងនោះព្យាយាមដើរទៅមុខអគារកាស៊ីណូណាហ្គាវើលដ៍នៅកណ្តាលរាជធានីភ្នំពេញនារសៀលនេះ ។
កូដករជាសមាជិកសហជីពប្រមាណ ៨០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នានៅរសៀលនេះ ហើយត្រូវបានអាជ្ញាធរនគរបាល និងកងកម្លាំងចម្រុះប្រមាណ ១០០នាក់ រារាំងនៅកែងមហាវិថីសម្តេចសុធារស និងសម្តេចព្រះសីហនុ ក្បែរអគារកាស៊ីណូណាហ្គាវើលដ៍ ។ កូដករជាច្រើន ត្រូវបានអាជ្ញាធរប្រើហិង្សារុញច្រាន នៅពេលដែលពួកគេព្យាយាមឆ្លងកាត់របាំងបិទផ្លូវ ។ កងសន្តិសុខជាច្រើននាក់ បានរុញកូដករជាច្រើននាក់ឱ្យដួលលើដី ដែលបណ្តាលឱ្យស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសដាច់រលាត់ស្បែកនៅលើផ្ទៃមុខ ។
អ្នកឃ្លាំមើលការរំលោភសិទិ្ធមនុស្សមួយចំនួន ត្រូវបានអាជ្ញាធរប្រាប់ឱ្យចាកចេញពីកន្លែងប្រមូលផ្តុំ និងប្រាប់ឱ្យឈប់ថតរូប មុនពេលអាជ្ញាធរទាំងនោះប្រើហឹង្សាទៅលើកូដករ ។