វីដេអូថ្មីៗ

ក្នុងភាពជាដៃគូជាមួយ លីកាដូ កាណាដា និង WITNESSក្រុមវេជ្ជបណ្ឌិតអង្គការលីកាដូ សម្តែងការគោរពដឹងគុណទៅកាន់ដៃគូរដ៏សំខាន់
ចេញផ្សាយ ថ្ងៃទី​២៨ ខែមិនា ឆ្នាំ២០១៦

ក្នុងខ្សែវីដេអូនេះ ក្រុមវេជ្ជបណ្ឌិតអង្គការលីកាដូ សម្តែងការគោរពដឹងគុណទៅកាន់លោក Volker Jantzenប្រធានអង្គការ Dynamic Share របស់ប្រទេសស្វីស ដែលបានស្លាប់កាលពីខែមករា ឆ្នាំ២០១៦ ដោយជម្ងឺរ៉ាំរ៉ៃ។

ចាប់តាំងពីឆ្នាំ ២០១៣ ការគាំទ្រពីអង្គការ Dynamic Share របស់ប្រទេសស្វីស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការងាររបស់អង្គការលីកាដូ ក្នុងការផ្តល់សេវាថែទាំផ្នែកវេជ្ជសាស្រ្តទៅដល់ជនរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សក្នុងពន្ធនាគារ ជនរងគ្រោះនៅតំបន់តាំងទីលំនៅថ្មី អ្នកការពារសិទ្ធិមនុស្ស និងការព្យាបាលអំឡុងពេលតវ៉ាទាមទារជាច្រើនទៀត។ យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកអង្គការលីកាដូ សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយសប្បុរសលោក Mr. Jantzen ដែលបានផ្តល់មកកាន់យើងខ្ញុំតាមរយៈអង្គការ Dynamic Share ។

មើលវីដេអូ

អ្នកបើកបររថយន្ត​ក្រុង​ដែល​តវ៉ា ត្រូវបាន​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​វាយដំ
ចេញផ្សាយ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០១៦

ខ្សែវីដេអូខ្លីនេះ បង្ហាញពី​មនុស្ស​មួយក្រុម​ស្លៀកពាក់​ស៊ីវិល មាន​ពាក់មួក​សុវត្ថិភាព និង​កាន់ដំបង​និង​ញញួរ កំពុង​វាយដំ​យ៉ាងខ្លាំង​លើអ្នក​បើកបរ​រថយន្តក្រុង​និង​អ្នក​គាំទ្រ​អ្នក​ទាំងនោះ នៅពេល​ពួកគេ​កំពុង​តវ៉ា​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។

មនុស្សជាច្រើនដែលតវ៉ាជំទាស់​នឹង​ការ​បញ្ឈប់​អ្នក​បើកបរ​រថយន្ត​ក្រុង ៤៥នាក់ ពីក្រុមហ៊ុន​រថយន្ត​ក្រុង កាពីតូល កាលពីខែធ្នូ ឆ្នាំ២០១៥ ត្រូវបាន​វាយដំ​ដោយ​សមាជិក​សមាគម​រួបរួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​សមាជិក​សមាគម​ទាំងនោះ​បាន​អះអាង​ថា ការតវ៉ា​នេះរំខាន​ដល់​អាជីវកម្ម​របស់​​អ្នក​ទាំងនោះ។ នគរបាល​បង្ក្រាប​បាតុកម្ម បានឈរ​ស្ងៀម នៅពេល​ដែលការ​វាយដំ​បាន​កើត​ឡើង ក្រោយ​មក​នគរបាល​ទាំងនោះ​បាន​បំបែក​ការតវ៉ា និងចាប់​ខ្លួនអ្នក​បើកបរ​រថយន្ត​ក្រុង​ម្នាក់ និង​អ្នកគាំទ្រ​ម្នាក់។ មិនមាន​សមាជិក​សមាគម​រួបរួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ណាម្នាក់ ត្រូវបាន​ចាប់ខ្លួន​នោះទេ។

មើលវីដេអូ

ថ្ងៃចុងក្រោយ​នៃភព​ឡង់រ៉ែង
ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៥

ថ្ងៃនេះជាថ្ងៃខួបលើកទី២៦នៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ តុលា ឆ្នាំ១៩៩២ ដើម្បីធានានូវការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារនៅក្នុងប្រទេសកម្ពុជា រួមមាន៖​ “សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារពីការធ្វើបាបផ្សេងៗ ការរំលោភបំពាន ការកេងប្រវ័ញ្ច និងសិទ្ធិចូលរួមពេញលេញក្នុងគ្រួសារ វប្បធម៌ និងសង្គមជាតិ”។

នៅក្នុងស្មារតីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ បណ្ដាញក្រុមការពារកុមារ (CPG) ដែលទទួលការគាំទ្រពីអង្គការលីកាដូ បានផលិតនូវវីដេអូជាលក្ខណៈរឿងនិទាន ដែលមានចំនងជើងថា​ “ថ្ងៃចុងក្រោយនៃភពឡង់រ៉ែង”។ រឿងប្រឌិតមួយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់យុវជនកម្ពុជា ចំពោះបញ្ហាការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ដែលកំពុងកើតមាននៅទូទាំងប្រទេសរបស់អ្នកទាំងនោះ។

មើលវីដេអូ

និយាយ​ថា​ទេ! យើង​មិន​ត្រូវការ​ច្បាប់​នេះទេ!
ចេញផ្សាយ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០១៥

គណបក្សកាន់អំណាច បានប្រកាសពី​គោល​បំណង​របស់​ខ្លួន ដើម្បី​បើក​សម័យ​ប្រជុំវិសាមញ្ញ​នៃនីតិ​កាល​រដ្ឋសភា ដែលជា​ពេល​វេលាសម្រាប់​សមាជិក​សភា​ទាំងអស់ នឹង​ធ្វើការ​បោះឆ្នោត​អនុម័ត​លើសេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្នុងរយៈពេល​បីខែ​ចុង​ក្រោយ ក្រុម​សង្គម​ស៊ីវិល​កម្ពុជា បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ជំទាស់​ទៅនឹង​សេចក្តីព្រាង​ច្បាប់នេះ ហើយ​ចាប់ពី​ថ្ងៃទី​២៨ ដល់ថ្ងៃទី​៣០ ខែ​មិថុនា ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន បណ្តាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន បាន​ធ្វើយុទ្ធនាការ​រយៈពេល ៣ថ្ងៃ ដើម្បីតវ៉ា​ជំទាស់​ទៅនឹង​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ និង​សេចក្តីព្រាង​ច្បាប់​សហជីព។ សេចក្តីព្រាង​ច្បាប់​ទាំងពីរ ត្រូវបាន​រិះគន់​ជាសាធារណៈ​ទាំងនៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាអន្តរជាតិ ដោយសារ​ច្បាប់​ទាំងនេះ​មានការ​គម្រាម​កំហែង​ដល់​សង្គម​ស៊ីវិល​នៅកម្ពុជា។ បទ​ចម្រៀង​វីដេអូ​នេះ បង្ហាញពី​ព្រឹត្តិការណ៍​មួយចំនួន​ក្នុង​ចំណោម​ព្រឹត្តិការណ៍​នៃយុទ្ធនាការ​ទាំងអស់ ដែល​សកម្មជន និង​សមាជិក​សង្គម​ស៊ីវិលជាច្រើន បាន​ច្រៀង និង​រាំទៅ​តាម​បទ​ចម្រៀង​ដែល​ពេញ​និយម​នៅក្នុង​ប្រទេស​កម្ពុជា គឺតាម​លំនាំ​បទ ៖ “ខ្ញុំ​មិន​សុខចិត្ត​ទេ”។ ទំនុក​ច្រៀង ត្រូវ​បាន​តាក់តែង​ឡើងវិញ​ដោយ​ក្រុម​យុវជន និង​សកម្មជន​ក្នុង​តំបន់​បឹងកក់​មួយ​ចំនួន ដើម្បី​បង្ហាញ​ទស្សនៈ​របស់​អ្នក​ទាំងនោះ​ក្នុងការជំទាស់​នឹង​ច្បាប់​ទាំងពីរ​នេះ និង​ដើម្បី​បង្ហាញ​នូវសិទិ្ធ​របស់​ពួកគេ​ក្នុងការ​ជួបជុំ និង​បញ្ចេញ​មតិ​ដោយ​សេរី។

មើលវីដេអូ

ដីដែល​មិន​អាច​ដាំ​ដំណាំ​បាន៖ ការ​តស៊ូ​រស់​នៅ​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​នៅ​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៥

កាល​ពីខែ​មីនា ឆ្នាំ​២០០៣ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​នូវ​គោល​នយោបាយ​ដីធ្លីថ្មី​មួយ​ដ៏មាន​សក្កានុពល ក្នុង​គោល​បំណង​ផ្តល់​ដីធ្លី​ទៅឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ក្រីក្រ​និង​គ្មាន​ដីធ្លី នៅមុន​ពេល​ដែល​រាជរដ្ឋាភិបាល​ចាប់​ផ្តើម​ធ្វើ​សម្បទាន​ដី​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ការផ្តល់​ដីធ្លី​នោះ​ហៅថា សម្បទាន​ដី​សង្គម​កិច្ច (SLCs)។ អង្គការ លីកាដូ នាថ្មីៗនេះ បាន​ធ្វើការ​ស៊ើប​អង្កេត​លើ​គម្រោង​សម្បទាន​ដីសង្គមកិច្ច​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ១៣ លាន​ដុល្លា​អាមេរិក មានឈ្មោះថាគម្រោង​បែង​​ចែក​​ដី​​ដើម្បី​​សង្គម​កិច្ច និង​​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច (LASED) ដែល​​ត្រូវ​​បាន​​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​ផ្តល់​​​ជំនួយ​ដោយ​ធនាគារ​ពិភពលោក និង​ភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់ (GIZ)។ អង្គការ​ លីកាដូ បាន​រក​ឃើញ​ថា​គម្រោង​នេះ​ មិន​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ផល​ប្រយោជន៍​​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​​នៅ​ទី​ជន​បទ ដែល​នេះ​មាន​ការ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​ពី​​សេចក្តី​សន្និដ្ឋាន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​ទី​ភ្នាក់​ងារ​ទាំង​ពីរ​។

មើលវីដេអូ

បក្សី១ មិថុនា
ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៥

មុនពេលថ្ងៃទី១ ខែមិថុនា ដែលជាទិវា​សិទ្ធិ​កុមារ​អន្តរជាតិ អង្គការ លីកាដូ នឹង​ចេញ​ផ្សាយ​នូវ​ចម្រៀង​វីដេអូ​មួយ​ដែល​មាន​ចំណង​ជើង​ថា “បក្សី១ មិថុនា” ដើម្បី​តស៊ូមតិ​ឲ្យមាន​ការគោរព​សិទ្ធិ​ធំៗ​ទាំងបួន​របស់​កុមារ ដូច​ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ (CRC) សិទ្ធិ​ទាំងបួន​នោះ​រួមមាន សិទ្ធិ​ក្នុងការ​រស់នៅ សិទ្ធិ​ក្នុង​ការ​ការពារ សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ និង​សិទ្ធិ​ក្នុងការ​ចូលរួម។ វីដេអូនេះ ផ្តើម​គំនិត​ចេញពី​សមាជិក​ក្រុម​យុវជន​ការពារ​កុមារ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​បទ​ចម្រៀង​នេះត្រូវ​បាន​ច្រៀង​ដោយ​យក​លំនាំ​តាម​ទំនុកភ្លេង​របស់​បទ​ចម្រៀង​ក្នុងស្រុក​មួយដ៏​មាន​ប្រជា​ប្រិយភាព។ ក្រុម​យុវជន​បណ្តុះ​គំនិត​បង្កើត​វីដេអូនេះ​ឡើង​ដើម្បី​លើក​កម្ពស់​ចំនេះដឹង​កុមារ​ឲ្យ​យល់​ពីសិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន និង​លើក​ទឹកចិត្ត​មនុស្ស​ពេញ​វ័យ​អោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ។

មើលវីដេអូ

សេរីភាពនៃការជួបជុំនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៤

នៅថ្ងៃអាទិត្យ ជាទិវាពិភពលោកស្តីពីការបញ្ចប់និទណ្ឌភាព។ “សេរីភាពនៃការជួបជុំនៅកម្ពុជា“ ជាចម្រៀងវីដេអូរយៈ ពេល៣.៥នាទីដែលបង្ហាញសកម្មភាពក្នុងកំឡុងពេល ១៤ខែកន្លងមក អំពីការរំលោភបំពានដែលប្រព្រឹត្តិដោយមានការគាំទ្រពីរដ្ឋ ហើយមិនមានការផ្តន្ទាទោស និងការងើបតស៊ូរបស់សកម្មជនកម្ពុជាក្នុងពេលមានការគាបសង្កត់។

មើលវីដេអូ

សេចក្តី​សង្ឃឹម​របស់​កុមារ
ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៤

នៅថ្ងៃនេះ ជាថ្ងៃ​ប្រារព្ធ​ទិវា​ខួប​លើកទី​ ២៥ នៃអនុ​សញ្ញា​អន្តរជាតិ​ស្តី​ពី​សិទិ្ធ​កុមារ (CRC)។ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​អនុម័ត​ទទួល​ព្រម​លើ​អនុ​សញ្ញា CRC នេះ ដោយ​សន្យា​នឹង​ការពារ​ និង​លើក​កំពស់សិទិ្ធ​ជាមូលដ្ឋាន​ទាំង​បួន​របស់​កុមារ​នៅ​ទូ​ទាំង​ប្រទេស៖ "សិទិ្ធក្នុងការ​រស់​រាន​មាន​ជីវិត សិទិ្ធក្នុង​ការអភិវឌ្ឍន៍ សិទ្ធិក្នុង​ការ​ការ​ពារពី​ឥទ្ធិពលអាក្រក់​ ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ជ និង​សិទិ្ធក្នុង​ការ​ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​​គ្រួសារ ​វប្បធម៌ និង​សង្គម"។

នៅ​ថ្ងៃ​នេះ អង្គការ​ លីកាដូ ​បាន​ចេញ​ផ្សាយ​នូវ​វី​ដេអូ​របស់​កុមារី សេង សុខឃីម ដែល​មាន​អាយុ ១៦​ឆ្នាំ និង​​ជា​កុមារ​ដែល​សកម្ម​ក្នុង​ការ​លើក​កំពស់​ និង​ការពារ​សិទ្ធិ​កុមារ​នៅ​ក្នុង​សហគមន៍របស់​នាងនៅ​ឃុំ​ បាក់​ខែង រាជ​ធានី​ភ្នំពេញ។ សុខឃីម ជា​សមាជិកបណ្តាញ​​ក្រុម​ការ​ពារ​កុមារ (CPGs) របស់​អង្គការ​ លីកាដូ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍ដើម្បី​លើក​កំពស់​កុមារ ក្មេង​ជំ​ទង់ និង​យុវជន ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​តស៊ូ​មតិ​ផ្នែក​សិទិ្ធ​កុមារ។

មើលវីដេអូ

អំពើ​​ហិង្សា​​បំបែក​​​អ្នក​តវ៉ា​​មួយ​​ទៀត​​បាន​កើត​​ឡើង​​នៅ​ក្បែរ​​គេហដ្ឋាន​​សម្តេច​​នាយក​​រដ្ឋ​មន្ត្រី
ចេញផ្សាយ ថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៤

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ កង​សន្តិសុខត្រូវបាន​គេថត​បានជា​ថ្មី​ម្តង​ទៀត​នូវ​សកម្មភាពហិង្សា​យ៉ាង​ឃោ​ឃៅមក​លើ​អ្នក​តវ៉ា​អហិង្សា នៅ​រាជ​ធានី​ភ្នំពេញ។ ពលរដ្ឋ​ប្រមាណ ៨០​នាក់ មក​ពី​ខេត្ត​ព្រះ​វិហារ បាន​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ជំនួយ​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​អ្នក​ទាំង​នោះ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ពលរដ្ឋ​ជាង ២០០​គ្រួសារ។ ប៉ុន្តែ​​ភ្លាមៗ​ក្រោយ​ថ្ងៃ​ត្រង់ អ្នកតវ៉ា​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​ពី​សំណាក់​កង​សន្តិ​សុខ នៅខណៈ​ដែល​កង​រាជ​អាវុធ​ហត្ថ​ និង​មន្ត្រី​នគរបាល​ឈរ​នៅ​ខាង​ក្រោយ​ ក្បែរ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី។

អំពើ​ហិង្សា​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ចំនួន ១៨​នាក់​ រង​របួស។ មនុស្ស​ជាច្រើន រួម​ទាំង​ក្មេង​ជំទង់​អាយុ ១៨​ឆ្នាំ​ម្នាក់ បាន​រង​របួស​ផ្នែក​ក្បាល។

មើលវីដេអូ

ជនរងគ្រោះ​សហគមន៍​បុរីកីឡា៖ យុត្តិធម៌​យឺតពេល
ចេញផ្សាយ ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០១៤

នាថ្ងៃនេះ​ នៅពេល​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ពិភព​លោក​កំពុង​ប្រារព្ធ​ទិវាអន្តរ​ជាតិ​នៃ​សិទិ្ធ​លំនៅ​ឋាន​ក្នុង​សាមគ្គី​ភាព សមាជិក​សហគមន​ចំនួន​ ៦០០ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វិមាន​រដ្ឋ​សភា​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ "ការ​អភិ​វឌ្ឍន៍​សម្រាប់​ទាំង​អស់​គ្នា" និង​បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា។ វីដេអូ​នេះ​បង្ហាញ​ពី​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​បន្ត​កើត​មាន​រវាង​អ្នក​ ភូមិ​បុរី​កីឡា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ក្នុង​ស្រុក ផាន​អ៊ី​មិច។

មើលវីដេអូ

ឈប់​រៀន​សូត្រ​ហើយ​ធ្វើ​ការ​ងារ៖ រឿង​រ៉ាវ​របស់កុមារី​ដែល​​ត្រូវ​បាន​​បណ្តេញ​ចេញ​​
ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០១៤

នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​នឹង​ឈាន​មក​ដល់​នាពេល​ខាង​មុខ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​ខ្សែវីដេអូ​រូបភាព​ចំនួន​ពីរ ដែល​រៀបរាប់​អំពី​ទំនាក់​ទំនង​រវាង​ពលកម្ម​កុមារ និង​បញ្ហា​ផ្សេងៗ​ដូចជា​ភាព​ក្រីក្រ អត្រា​បោះបង់​ចោល​ការ​សិក្សា និង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​របស់​អ្នក​ទាំង​នោះ​ដោយ​បង្ខំ។ ខ្សែ​វី​ដេអូ​ទីមួយ ត្រូវ​បានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទម្សិល​មិញ ទី៩ ខែ​មិថុនា ហើយ​ខ្សែ​វីដេអូ​ទីពីរ នឹងចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ៍ ទី១០ ខែ​មិថុនា។ អង្គការ​ លីកាដូ នឹង​ធ្វើ​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍នៅ​ថ្ងៃ​ទី ១១ មួយ​ថ្ងៃ​មុន​ទិវា​អន្តរជាតិ​ប្រឆាំង​ពល​កម្ម​កុមារ ដែល​ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​មិថុនា។

មើលវីដេអូ

ធ្វើជា​កម្មករ​ទាំង​នៅវ័យ​ក្មេង​៖ ជីវិត​របស់​អតីត​កម្មករ​រោងចក្រ​ស្បែក​ជើង
ចេញផ្សាយ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០១៤

នៅក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ដែល​នឹង​ឈាន​មក​ដល់​នាពេល​ខាង​មុខ អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​ខ្សែវីដេអូ​រូបភាព​ចំនួន​ពីរ ដែល​រៀបរាប់​អំពី​ទំនាក់​ទំនង​រវាង​ពលកម្ម​កុមារ និង​បញ្ហា​ផ្សេងៗ​ដូចជា​ភាព​ក្រីក្រ អត្រា​បោះបង់​ចោល​ការ​សិក្សា និង​ការ​បណ្តេញ​ចេញ​ពីដីធ្លី​របស់​អ្នក​ទាំង​នោះ​ដោយ​បង្ខំ។ ខ្សែ​វីដេអូ​រូបភាព​ទីមួយ និយាយ​អំពី​ជីវិត​របស់​កុមារី ព្រំ ឌីណា អាយុ ១៤​ឆ្នាំ ដែល​បាន​បោះបង់​ការ​សិក្សា​នៅពេល​មាន​អាយុ ១២​ឆ្នាំ ដើម្បី​ទៅ​ធ្វើការ​នៅក្នុង​រោងចក្រ​ស្បែក​ជើង។

មើលវីដេអូ

ករណីដីធ្លីដែល​ពាក់ព័ន្ធ​នឹង​រដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៤

ចន្លោះពីខែមករា ឆ្នាំ២០០០ ដល់​ខែ​មិនា ឆ្នាំ​២០១៤ អង្គការ​លីកាដូ បានរក​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​ច្រើន​ជាង ៥០០.០០០ នាក់ បាន​រង​គ្រោះ​ពីជម្លោះ​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋ នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដែល​គ្រប​ដណ្តប់​ប្រមាណ​ពាក់​កណ្តាល​នៃផ្ទៃ​ប្រទេស។ បន្ទាប់​ពី​រយៈ​ពេល ១៣​ឆ្នាំ​កន្លង​ទៅ ការ​ទន្ទ្រាន​យកដី​ធ្លី​នៅ​ប្រទេស​កម្ពុជា មិនមាន​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​នោះ​ទេ និង​រយៈ​ពេល​ពីរបី​ខែ​ដើម​ឆ្នាំ ២០១៤ បាន​ឃើញ​ថា​មាន​ការ​បន្ត​បំផ្លិច​បំផ្លាញ​លំនៅ​ដ្ឋាន ព្រៃ​ឈើ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មើលវីដេអូ

យុវជន​ត្រូវបាន​អាជ្ញាធរ​វាយអំឡុង​ពេល​បង្រ្កាបសហគមន៍​បុរីកីឡា។
ចេញផ្សាយ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៤

នៅ​ម៉ោង​ប្រហែល ៧ ព្រឹកនេះ ផ្លូវ​ចូល​ទៅ​កាន់​បុរី​កីឡា​ ត្រូវបាន​បិទ​ ហើយកង​នគរបាល​បង្ក្រាប​បាតុកម្ម​ និង​កងសន្តិ​សុខ​ជាច្រើន ត្រូវបាន​ដាក់​ពង្រាយ​ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពីអគារ។ ប្រជាពលរដ្ឋ​ចំនួន ៦នាក់ បាន​រងរបួស​យ៉ាងធ្ងន់​នៅ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ ដោយ​រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ ៧ខែម្នាក់​ផង​ដែរ។

មើលវីដេអូ

នៅ​ពេល​អ្នក​បួង​សួង​ជួប​នឹង​ការ​គាប​សង្កត់៖ អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង ២៣ នាក់
ចេញផ្សាយ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៤

កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ព្រះ​បរម​រាជ​វាំង ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពារ​សិទិ្ធ​មនុស្ស និង​កម្មករ​រោង​ចក្រ​ទាំង ២៣ នាក់ ដែល​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន កាល​ពី​ដើម​ខែ​នេះ ហើយ​និង​ទាមទារ​ឲ្យ​តំឡើង​ប្រាក់​ខែ​គោល។ កង​សន្តិសុខ និង​នគរ​បាល​ជា​ច្រើន បាន​មក​រំខាន​ការ​ជួប​ជុំ​ដោយ​អហិង្សា​នោះ ហើយ​មេដឹក​នាំ​សមាគម​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​អស់​រយៈ​ពេល​មួយ​យប់។

មើលវីដេអូ

កម្មករ និងសកម្មជន​នយោបាយ​មួយ​ចំនួន​កំពុង​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា
ចេញផ្សាយ ថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៤

ឆ្នាំ ២០១៤ ត្រូវបាន​ចាប់​ផ្តើម​ឡើង​ដោយ​ការ​បន្ត​នៃ​យុទ្ធនាការ​នៃ​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ វីដេអូនេះ បង្ហាញ​អំពី​ព្រឹត្តិ​ការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នា​ថ្ងៃទី​២ ទី​៣ និង​ទី៤ ខែមករា ឆ្នាំ​២០១៤។

មើលវីដេអូ

ក្បួន​ដង្ហែ១០ថ្ងៃ​ទូទាំង​ប្រទេស​កម្ពុជា អំពាវនាវ​ឲ្យមាន យុត្តិធម៌ និង​សន្តិភាព
ចេញផ្សាយ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៣

ចាប់​តាំងពីថ្ងៃទី១ ខែធ្នូ ក្រុម​សង្គមស៊ីវិល និង​ព្រះ​សង្ឃ បាន​ចាប់​ផ្តើម​ធ្វើ​ការ​ដើរ​ហែ​ក្បួន​ធម្ម​យាត្រា​តាម​ដង​ផ្លូវជាតិ ដើម្បី​ទាមទារ​ឲ្យ​មាន​យុត្តិ​ធម៌ និង​សន្តិភាព​នៅ​ក្នុង​ប្រទេស។ ក្រុម​ទាំង​អស់ នឹងធ្វើការជួបជុំគ្នានៅ​ក្នុង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ និង​ដាក់​ញត្តិ​ដែល​សរសេរ​ដោយ​ដៃ​​ដោយ​​ប្រជា​​ពលរដ្ឋ​ទូទាំង​ប្រទេស ទៅ​កាន់​រដ្ឋ​សភា​ជាតិ។

មើលវីដេអូ

ការប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា​ក្នុង​អំឡុង​ពេល​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ អេស​អិល
ចេញផ្សាយ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៣

នៅព្រឹកមិញនេះ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កម្មករ​រោងចក្រ និង​​កង​​កម្លាំង​​ប្រដាប់​អាវុធ ដែល​​ក្រោយ​​មក​​មាន​​ការ​​ប៉ះ​​ទង្គិច​​គ្នា​​ពីរ​​បន្ថែម​​ទៀត​​រវាង​​កង​​កម្លាំង​​ប្រដាប់​​អាវុធ​​ដែល​បញ្ជូន​មក​​បន្ថែម និង​ក្រុម​ប្រជា​ពលរដ្ឋ ធ្វើ​ឲ្យ​អ្នក​ឈរ​មើលម្នាក់ស្លាប់ និងយ៉ាងតិច ៩ នាក់​រង​របួស នៅ​​ខ័ណ្ឌ​​មាន​​ជ័យ ក្នុង​​រាជ​​ធានី​​ភ្នំពេញ។

មើលវីដេអូ

សកម្មជន​ដីធ្លី​តំបន់​បឹង​កក់ អ្នក​ស្រី យ៉ោម បុប្ផា - រ​យៈ​ពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ពន្ធនា​គារ
ចេញផ្សាយ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៣

ថ្ងៃនេះ គឺជាថ្ងៃគម្រប់រយៈ​ពេល​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន គិត​ចាប់​តាំង​ពី​ពេល​ចាប់​ខ្លួន​សកម្មជន​ដី​ធ្លី​តំបន់​បឹង​កក់ និង​ជា​អ្នក​ទោស​នៃ​មន​សិការ អ្នកស្រី យ៉ោម បុប្ផា។ វីដេអូ​នេះ និយាយ​រៀប​រាប់​អំពីរឿងរ៉ាវរបស់អ្នកស្រី ចាប់តាំង​ពី​ការ​តស៊ូ​យ៉ាង​មោះ​មុត ក្នុង​ការ​គាំទ្រ​សមាជិក​សហគមន៍​ដែល​​ត្រូវ​បាន​ឃុំខ្លួន រហូត​ដល់​មាន​ការ​ចាប់​ខ្លួន និងចោទ​ប្រកាន់​ដោយ​មិន​មាន​មូល​ហេតុ​ត្រឹម​ត្រូវ​មក​លើ​ខ្លួនអ្នកស្រីផ្ទាល់។

មើលវីដេអូ

ឧបករណ៍បាញ់ទឹកពន្លត់អគ្គីភ័យត្រូវបានប្រើប្រាស់ មកលើ អ្នកតវ៉ាដីធ្លីដោយអហិង្សានៅក្នុង រាជធានីនៃ ប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៣

នៅព្រឹកមិញនេះ នៅជិតសាលារាជធានី ភ្នំពេញ អាជ្ញាធរបានបញ្ជាឡានពន្លត់អគ្គីភ័យ ចំនួនបីគ្រឿង ដែលប្រើទឹកដែល មានសំពាធ ខ្ពស់ពីបំពង់ទុយោឡាន ដើម្បីបាញ់ បំបែកទៅលើក្រុមអ្នកតវ៉ាអហិង្សា ដែលមកពីតំបន់បឹងកក់ បុរីកីឡា និងសហគមន៍ ព្រលានយន្តហោះ។ អ្នកពន្លត់អគ្គីភ័យទាំងនោះ បានបាញ់សំដៅទៅលើសមាជិកសហគមន៍មួយចំនួន ដែលចូលមកជួយសង្គ្រោះសមាជិករបស់ខ្លួន ដែលបានដួលសន្លប់ដោយសារតែការបាញ់ទឹក។ វីដេអូនេះ ត្រូវបាន ផ្តិតយករូបភាពនៅនឹងកន្លែងកើតហេតុ។

មើលវីដេអូ

ដោះលែងសកម្មជនបឹងកក់ យ៉ោម បុប្ឆា
ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៣

ទិវាក្តីស្រឡាញ់អ្នកម្តាយឆ្នាំនេះ ស្របពេល​ ជាមួយនឹងចំនួន២៥០ថ្ងៃ នៃការជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ដែលជាតំណាង សហគមន៍បឹងកក់ដ៏សំខាន់ម្នាក់។ វីដេអូនេះ ឆ្លុះបង្ហាញ នូវសកម្មភាពខ្លះៗរបស់អ្នកស្រី និងសូមអំពាវនាវឲ្យមានការដោះលែង អ្នកស្រី។

មើលវីដេអូ

នគរបាល និងសន្តិសុខប្រើកម្លាំងហួសប្រមាណបង្ក្រាប ទៅលើអ្នកតវ៉ាដោយអហិង្សាបឹងកក់
ចេញផ្សាយ ថ្ងៃទី​១៣ ខែមិនា ឆ្នាំ២០១៣

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ៣០១៣ ក្រុមសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាល ដឹកនាំដោយ សន្តិសុខសាលា ខណ្ឌដូនពេញ បានវាយបង្ក្រាបទៅលើអ្នកភូមិបឹងកក់ដែល តវ៉ាដោយអហិង្សា។ អ្វីដែលក្រុមសមត្ថកិច្ចចម្រុះ ធ្វើឡើងដើម្បីចាត់វិធានការបង្រ្កាប បានក្លាយទៅជាហិង្សាយ៉ាងខ្លាំងក្លា ទៅលើអ្នកភូមិបឹងកក់ ដែលធ្វើឲ្យអ្នកភូមិ ៥នាក់រងរបួស រួមមាន របួសដៃជើង បាក់ធ្មេញ និងបាក់ឆ្អឹង។

មើលវីដេអូ

ប្រជាពលរដ្ឋកម្ពុជារាំ Gangnam Style ដើម្បីបញ្ឈប់ការបណ្តេញចេញ
ចេញផ្សាយ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១២

ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែធ្នូ ប្រជាពលរដ្ឋកម្ពុជា​​ ប្រមាណជាង ៤២,០០០នាក់ មកពីទូទាំងប្រទេស បានចូលរួមប្រារព្ធ “ទិវាសិទ្ធិមនុស្សអន្តរជាតិ”។ ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានធ្វើឡើង ដោយផ្តោត សំខាន់ទៅលើបញ្ហាដីធ្លី ពលកម្ម និងសិទ្ធិមនុស្ស ព្រមទាំងបានបង្ហាញនូវពាក្យស្លោក រួមគ្នាមួយ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព‌!”។ ព្រឹត្តិការណ៍ចុងក្រោយ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី១៧ ខែធ្នូ ជាពេលដែល អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត រាំបទ Gangnam-style ដើម្បីទាមទារសិទ្ធិដីធ្លី នៅមុខរដ្ឋសភាជាតិ ដោយពាក់អាវយីត ដែលសរសេរគាំទ្រនៅលើអាវពីប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ១១,០០០ នាក់។ អ្នកចូលរួម ក៏បានបង្ហាញនូវការចុះហត្ថលេខា ចំនួន ៤០,០០០ ដើម្បីអំពាវនាវ សុំឲ្យមានការបញ្ឈប់ការបណ្តេញចេញ ដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលមានការសម្របសម្រួលពី អង្គការលើកលែងទោសអន្តរជាតិ ដែលផ្ញើដោយអ្នក គាំទ្រមកពីប្រទេស បារាំង ប្រទេសអាល្លីម៉ង់ ញូសឺឡែន និងកូរ៉េខាងត្បូង។

មើលវីដេអូ

ផ្កានៃសេរីភាព៖ យុទ្ធនាការដើម្បីដោះលែងអ្នកបឹងកក់ទាំង ១៥នាក់
ចេញផ្សាយ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០១២

ឯកសារនេះ​បង្ហាញពីយុទ្ធនាការថ្មីៗ​នេះក្នុងការស្នើសុំដោះ​លែងសកម្មជន​អ្នកភូមិបឹងកក់ទាំង ១៥នាក់ ដែលបានជាប់​ពន្ធនាគារ។ អ្នកទាំង ១៥ ត្រូវបាន​ចាប់ខ្លួនកាលពីចុង​ខែឧសភា ២០១២ នៅក្នុង​អំឡុងពេល និងបន្ទាប់ពីការតវ៉ា​ដោយសន្តិវិធីពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ស៊ូកាគូ ដែលមានម្ចាស់​ជាសមាជិកព្រឹទ្ធសភា​នៃគណបក្សកាន់អំណាច។

មើលវីដេអូ

សកម្មជនសហជីព​ត្រូវបានគេប្រើហិង្សាវាយឲ្យរបួស​ក្នុងអំឡុងពេល​កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានី​របស់ប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១២

លោករ៉ុង បញ្ញា នៃសម្ព័ន្ធសហជីព​កម្ពុជា (CATU) ត្រូវបានគេប្រើហិង្សាវាយឲ្យរបួស​នៅមុខវត្តបុទុម បន្ទាប់ពីក្រុម​ដែលមានគ្នា ២០នាក់​ជាកម្មករ និងជាសមាជិកសម្ព័ន្ធសហជីព​កម្ពុជា បានហែរក្បួនពីសួន​ទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ទៅកាន់​សួនសាធារណៈដែលនៅក្បែរ​ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីដាក់ញាតិជូន​ខុទ្ធកាល័យរបស់គាត់។ ក្រុមកម្មករ គឺជាកម្មករ​រោងចក្រ តៃ ណាន ដែលជា​រោងចក្រផ្គត់ផ្គង់សំលៀកបំពាក់​ដល់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើន​ដែលក្នុងនោះ​មានដូចជា Levi Strauss Gap និងOld Navy។

មើលវីដេអូ

ពីផ្ទះទៅពន្ធនាគារ៖ ប្រវត្តិនៃការរំលោភយកដី
ចេញផ្សាយ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១២

ការផ្តោតទៅលើ​ករណីអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា វីដេអូនេះ​បង្ហាញអំពីផលប៉ះពាល់​នៃការរំលោភយកដីធ្លី​ចំពោះប្រជាពលរដ្ឋក្រីក្រ​នៅកម្ពុជា និងបង្ហាញឲ្យឃើញនូវភាពប្រឈមមុខ​នឹងគ្រោះថ្នាក់របស់​សកម្មជនសិទិ្ធលំនៅឋាន។ វីដេអូនេះ ក៏បង្ហាញផងដែរ​នូវសន្និសិទស្តីពី​ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព​របស់អង្គការសហប្រជាជាតិ នៅទីក្រុង Rio នា​ខែមិថុនា ឆ្នាំ២០១២។

មើលវីដេអូ

ការចាប់ខ្លួន​ព្រះតេជគុណ លួន សុវ៉ាត ដោយបង្ខំក្នុង​ពេលធ្វើការ​គាំទ្រសកម្មជនដីធ្លី ១៣នាក់​ដែលត្រូវបានឃាត់ខ្លួន
ចេញផ្សាយ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១២

ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានចាប់​ហើយបញ្ជូន​ខ្លួនដោយបង្ខំ​ដោយអាជ្ញាធរផ្នែកសាសនា នៅខណៈដែលព្រះអង្គ​បានធ្វើការគាំទ្រ​ការប្រមូលផ្តុំ​ដោយសន្តិវិធី​របស់អ្នកភូមិបឹងកក់ នៅមុខ​សាលាដំបូងរាជធានីភ្នំពេញ។ ព្រះតេជគុណ លួន សូវ៉ាត ត្រូវបានគេបញ្ជួនចេញ​ទៅកាន់វត្តបុទុម ដែលជាកន្លែង​ដែលលោកត្រូវបានគេសួរចម្លើយអំពី​សកម្មភាព​របស់លោក ដោយមេដឹកនាំសាសនា។

ក្រុមអ្នកភូមិ​បានប្រមូលផ្តុំគ្នា​ដើម្បីគាំទ្រអ្នកតំណាងអ្នកភូមិបឹងកក់​ទាំង ១៣នាក់ ដែល (បន្ទាប់ពី​បញ្ជួនព្រះតេជគុណចេញ​អស់ជាច្រើនម៉ោង) ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ២ ឆ្នាំកន្លះ ក្នុងម្នាក់ៗយ៉ាងអយុត្តិធម៌ ហើយអ្នកខ្លះត្រូវបានព្យួរទោស។

មើលវីដេអូ

សកម្មជនបឹងកក់១៣ នាក់ត្រូវបានចាប់ខ្លួនយ៉ាងហិង្សា បន្ទាប់ពីច្រៀងចម្រៀង
ចេញផ្សាយ ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១២

អ្នកភូមិប្រមាណ ១៨ គ្រួសារដែលគេបណ្តេញចេញពីតំបន់បឹងកក់បានមកដល់កន្លែងចាក់ខ្សាច់លុបផ្ទះរបស់ពួកគាត់ ដែលមានអ្នកភូមិជាច្រើនបានចូលរួមនៅទីនោះ។ គ្រួសារមួយបានព្យាយាមបោះបង្គោលដើម្បីសម្គាល់លើទីតាំងផ្ទះ
របស់ពួកគេ។ បន្តិចក្រោយមកនគរបាលបានមកដល់ទីកន្លែងនោះ ដោយព្យាយាមរឹបអូសយកសម្ភារៈហើយក៏បាន
រារាំងអ្នកភូមិទាំងនោះ មិនឲ្យបន្តសកម្មភាពទៅមុខទៀត។

ដោយមិនអាចបន្តនូវសកម្មភាពតាមផែនការរបស់ខ្លួនអ្នកភូមិបឹងកក់ទាំងនោះ នៅតែបន្តស្ថិតនៅទីតាំងនោះដោយសកម្មភាពអហិង្សា
ហើយបានច្រៀងចម្រៀងនិងថ្លែងសន្តរកថា។ មិនយូរប៉ុន្មានមុនពេលថ្ងៃត្រង់បន្តិចស្រ្តីអ្នកភូមិមួយក្រុមតូចត្រូវបានកម្លាំងចម្រុះហ៊ុំព័ទ្ធ
និងចាប់ផ្តើមរុញច្រានអ្នកភូមិ នៅពេលដែលពួគគេកំពុងតែបន្តច្រៀងចម្រៀងដែលនាំឲ្យមានការប្រឈមមុខដាក់គ្នា។ពេលដែលក្រុម
អ្នកភូមិរត់បែកខ្ញែកស្រ្តី១៣នាក់(ក្នុងនោះមានស្ត្រីអាយុ៧២ឆ្នាំម្នាក់ដែលមានរូបនៅក្នុងវីដេអូ)ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយហិង្សា។

មើលវីដេអូ

ប្រជាពលរដ្ឋកម្ពុជារួបរួមគ្នាក្នុងការដណ្តើមយកព្រៃឡង់មកវិញ
ចេញផ្សាយ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១២

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១១ មានប្រជាពលរដ្ឋប្រមាណ៣០០នាក់ មកពីខេត្តទាំងបួនដែលស្ថិតជុំវិញព្រៃឡង់
បានហែរក្បួនឆ្លងកាត់ព្រៃតំបន់ដែលកាប់បំផ្លាញឈើអស់រយៈពេលជាងមួយសប្តាហ៍។ពួកគេដើរល្បាតព្រៃគឺដើម្បីការពារ
ពីការកាប់បំផ្លាញនិងរានព្រៃខុសច្បាប់ពីសំណាក់ឈ្មួញ​ និងបង្ការនូវការកើនឡើងពីការគម្រាមកំហែង តាមរូបភាពដី
សម្បទានសេដ្ឋកិច្ច និងការជួញដូរផ្សេងៗ។

មើលវីដេអូ

យោធាបាញ់អ្នកតវ៉ារឿងដីធ្លីនៅប៉ែកឥសាននៃប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១២

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ មន្ត្រីយោធា ដែលជាអ្នកការពារសន្តិសុខសម្រាប់ក្រុមហ៊ុនធីធីវ៉ាយ
បានបាញ់រះទៅលើក្រុមប្រជាពលរដ្ឋ ដែលបានប្រមូលផ្តុំគ្នាដើម្បីការពារដីស្រែចម្ការរបស់ពួកគេពីការឈូសឆាយ
ដោយគ្រឿងចក្ររបស់ក្រុមហ៊ុននៅក្នុងស្រុកស្នួលខេត្តក្រចេះ។ប្រជាពលរដ្ឋ៤នាក់បានទទួលរងរបួសដោយគ្រាប់
កាំភ្លើង។​ គ្មានវត្តមានអាជ្ញាធរណាម្នាក់អំឡុងពេលបាញ់ប្រហារដើម្បីមានចំណាត់ការចាប់ជនល្មើសឡើយ។

មើលវីដេអូ

បុរីកីឡា៖ ការមិនគោរពពាក្យសន្យានៅប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១២ ខែមករា ឆ្នាំ២០១២

នៅថ្ងៃទី០៣ ខែមករា ឆ្នា២០១២ ក្រុមហ៊ុនផានអ៊ីម៉ិចជាក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងមាន
ការជួយជ្រោមជ្រែងពីកងកម្លាំងប្រដាប់អាវុធដែរនោះ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋប្រហែលជា ៣០០គ្រួសារ
រស់នៅសហគមន៍បុរីកីឡា។ ការបណ្តេញចេញទាំងបង្ខំនេះ គឺជារំលោភលើកិច្ចសន្យាស្របច្បាប់រវាងក្រុមហ៊ុននិង
ប្រជាពលរដ្ឋបុរីកីឡា ដែលក្រុមគ្រួសារទាំងអស់ ត្រូវបានទទួលផ្ទះមួយល្វែងក្នុងមួយគ្រួសារ។

មើលវីដេអូ

បង្ខំអោយទាល់ច្រកៈ ការស្លាប់របស់ស្ត្រីសកម្មជន សហគមន៍បឹងកក់
ចេញផ្សាយ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០១១

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ សកម្មជនបឹងកក់ អ្នកស្រី ជា ដារ៉ា បានលោតទឹកសម្លាប់ខ្លួនពីលើស្ពាននៅក្នុង រាជធានីភ្នំពេញ។ អ្នកស្រីជាស្ត្រីម្នាក់ ដែលសកម្មក្នុងការតស៊ូប្រឆាំងទៅនឹងការបណ្តេញចេញ នៅក្នុងតំបន់បឹងកក់។ ទោះបីយ៉ាងណា ដំណោះស្រាយត្រូវបានឈាន ចូលមកដើមឆ្នាំនេះ ដើម្បីដោះស្រាយជូនដល់គ្រួសារ ដែលសេសសល់ ហើយគ្រួសារអ្នកស្រី ជា ដារ៉ា ត្រូវបានកាត់ចេញយ៉ាងអយុត្តិធម៌។ ក្រោយពីការតស៊ូជាច្រើនឆ្នាំដើម្បីទាមទាររកយុត្តិធម៌ អ្នកស្រីបានអស់សង្ឃឹម។ នេះ ជាវីដេអូ រំលឹកបុណ្យខួបរបស់អ្នកស្រី។

មើលវីដេអូ

ផលប៉ះពាល់នៃការអភិវឌ្ឍន៍ និងការបណ្តេញចេញដោយបង្ខំទៅលើស្ត្រីនៅបឹងកក់ ក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១១

តាមរយៈការរឹបអូសដីធ្លីនៅតំបន់បឹងកក់យ៉ាងសាហាវនៅកម្ពុជា នេះជាវីដេអូរបស់អង្គការលីកាដូ លើកឡើងពី ហេតុការណ៍បី បង្ហាញអំពីការប៉ះពាល់ទៅលើស្ត្រីនៅក្នុងសហគមន៍ជាច្រើន ដែលទទួលរងការបណ្តេញចេញ ដោយបង្ខំ។ ការរំលោភបំពានទាំងនេះ ត្រូវបានជ្រកក្រោមពាក្យថា “ការអភិវឌ្ឍ”។

មើលវីដេអូ

សកម្មជនបឹងកក់ត្រូវបានវាយយ៉ាងសាហាវ ដោយកងកម្លាំងនគរបាលជាច្រើននាក់ អំឡុងពេលបណ្តេញចេញដោយបង្ខំ
ចេញផ្សាយ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១១

កាលពីថ្ងៃម្សិលមិញ គឺជាការបណ្តេញចេញដោយបង្ខំយ៉ាងហិង្សាបំផុតមកលើប្រជាពលរដ្ឋបឹងកក់ គិតមកមកទល់ពេលនេះ។ នៅរសៀលនេះ កងនគរបាលអន្តរាគមន៍កុប្បកម្ម និងក្រុមសន្តិសុខខណ្ឌដូនពេញ ប្រមាណជា ១០០នាក់ បានពង្រាយកម្លាំង នៅជិតផ្ទះប្រជាពលរដ្ឋបឹងកក់។ គ្រឿងចក្រពីរដែលការពារ ដោយកងកម្លាំងប្រដាប់អាវុធ បានបន្តឈួសកំទេចផ្ទះជាច្រើនគ្រួសារ ដែលគ្រួសារទាំងនោះ ត្រូវបានកាត់ចេញពីដីទំហំ ១២.៤៤ ហិចតា ដែលផ្តល់ជូនទៅដល់គ្រួសារសេសសល់នៅក្នុងតំបន់បឹងកក់។

នៅរសៀលបន្តិច នៅពេលដែលគ្រឿងចក្រកំពុងរំកិលទៅរកផ្ទះផ្សេងទៀត សកម្មជនដីធ្លី លោក សួង សុភ័ណ្ឌ ត្រូវបានគេវាយដំដោយក្រុមមន្ត្រីនគរបាលបង្ក្រាបបាតុកម្ម ដែលបណ្តាលឲ្យសុភ័ណ្ឌរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើតែស្លាប់ បន្ទាប់ពីអ្នកទាំងនោះបានទាត់ និងវាយគាត់ដោយដំថ្ម។

មើលវីដេអូ

ព្រះតេជគុណ លួន សូវាត ប្រតិកម្មតបចំពោះការគម្រាមគំហែង នៅក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១១

ថ្ងៃទី២៦ ខែមេសា សម្តេចព្រះសង្ឃរាជ នួន ង៉ែត បានចេញបំរាមហាមជាសាធារណៈមិនឲ្យព្រះតេជគុណ លួន សូវាត គង់នៅគ្រប់វត្ត ទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយសារតែសកម្មភាពរបស់ ព្រះតេជគុណ អាចបណ្តាលឲ្យ ប្រជាពលរដ្ឋយល់ឃើញ មិនល្អចំពោះព្រះពុទ្ធសាសនា។ នេះ គឺជាការព្រមាន លើកចុងក្រោយ ពីសំណាក់សម្តេចព្រះសង្ឃរាជ ទៅលើព្រះ តេជគុណ លួន សូវាត ដែលជាព្រះសង្ឈមួយអង្គ ដែលបានសម្រេចចិត្ត ចូលរួមក្នុងសកម្មភាពការពារសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា។

ចាប់តាំងពីឆ្នាំ២០០៩ មក ព្រះតេជគុណ លួន សូវាត បានចូលរួមគាំទ្រដល់គ្រប់សហគមន៍ទាំងឡាយណា ដែលត្រូវទទួលរងការ បណ្តេញចេញដោយបង្ខំពីដីរបស់ពួកគេ។ នៅក្នុងវីដេអូនេះ ព្រះតេជគុណបានពន្យល់ថា “សកម្មភាពរបស់ ព្រះតេជគុណបានប្រតិ្តបត្តិតាមការទូន្មានរបស់ព្រះពុទ្ធ ដែលព្រះអង្គបានប្រៀនប្រដៅថា ត្រូវចេះជួយគ្នាទៅវិញទៅមក និងត្រូវចេះសណ្តោសប្រណីចំពោះជីវិតមនុស្ស។ ហើយព្រះពុទ្ធក៏លោកនឹង និមន្ត ទៅទីកន្លែងណាដែលមានភាពលំបាកវេទនាដែរ។

មើលវីដេអូ

អ្នកភូមិបឹងកក់ត្រូវចាប់ខ្លួន និងវាយដំ កំឡុងពេលតវ៉ាអហិង្សា
ចេញផ្សាយ ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១១

អ្នកភូមិបឹងកក់ប្រមាណជាង ១០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យមាន ដំណោះស្រាយមួយ លើបញ្ហាជម្លោះដីធ្លីរបស់ពួកគេ។ កងកម្លាំងនគរបាលបង្រ្កាបកូដកម្មមួយក្រុម បានប្រើអំពើហិង្សា ទៅលើក្រុមអ្នកភូមិទាំងនោះ ហើយមានមនុស្សចំនួន១១ នាក់ រួមមានទាំងស្រ្តី និងកុមារចំនួនពីរនាក់ ត្រូវបានចាប់ខ្លួន។

មើលវីដេអូ

ការតស៊ូរបស់សហគមន៍ទៅនឹងការបណ្តេញចេញ​ ដោយបង្ខំនៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០១១

នេះ គឺជាការផលិតរបស់អង្គការលីកាដូ ដែលបង្ហាញពីឈុតខ្លីៗ នៃសកម្មជនសហគមន៍ តស៊ូទប់ទល់នឹង ការបណ្តេញចេញពីដីធ្លី នៅទូទាំងប្រទេសកម្ពុជា។ វីដេអូនេះ ត្រូវបានបញ្ចាំងបង្ហាញក្នុងអំឡុងពេលសិក្ខាសាលា ស្ដីអំពីការរំលោភដីធ្លី ដែលមានវេទិកាសង្គមទូទាំងពិភពលោក​ នៅទីក្រុង Dakar ប្រទេស Senegal ក្នុងខែកុម្ភៈ ឆ្នាំ២០១១។

ជាភាសាខ្មែរនៅក្នុងវីដេអូនេះ នឹងដាក់បញ្ចូល បន្ទាប់ពីការបញ្ចាំងបង្ហាញក្នុងសិក្ខាសាលា នៅប្រេទស Senegal។ មានលក្ខណៈខុសគ្នាបន្តិចបន្តួច ហើយមានគោលបំណងសម្រាប់សកម្មជនសហគមន៍។

មើលវីដេអូ

អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១០
ចេញផ្សាយ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១០

ព្រះតេជគុណ លួន សុវ៉ាត មានតួនាទីជាច្រើនដូចជា ព្រះតេជគុណជាព្រះសង្ឃ ជាអ្នកការពារសិទ្ធិមនុស្ស និងជាអ្នក តំណាងឲ្យប្រជាសហគមន៍ជីក្រែង នៅក្នុងខេត្តសៀមរាប។

សកម្មភាពរបស់ព្រះតេជគុណ សុវ៉ាត មានភាពប្រថុយប្រថានយ៉ាងខ្លាំងពាក់ព័ន្ធនឹង សុវត្ថិភាពរបស់ព្រះតេជគុណ ក្នុងការធ្វើការតស៊ូ ដើម្បីសែ្វងរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងករណីរំលោភដីធ្លីក្នុងស្រុកជីក្រែង។

ព្រះតេជគុណ ត្រូវបានគេគំរាមកំហែងជាញឹកញាប់ ដូចទៅនឹងអ្នកការពារសិទ្ធិមនុស្សមួយចំនួនផ្សេងទៀតដែរ ទោះបីជាព្រះតេជគុណ មានឋានៈជាព្រះសង្ឃក៏ដោយ។ ជាក់ស្តែង ព្រះតេជគុណ ប្រហែលជាអាចប្រឈមមុខ ជាមួយនឹងការគំរាមកំហែងយ៉ាងខ្លាំង នៅពេលដែលព្រះតេជគុណមានឆន្ទៈក្នុងការលាតត្រដាង ឬនិយាយចេញ ឬបង្ហាញនូវឯកសារណា ដែលមានការពាក់ព័ន្ធនឹង ករណីរំលោភបំពាន ដែលបានប្រព្រឹត្តឡើង ដោយក្រុមអាជ្ញាធរ។

មើលវីដេអូ

បង្ក្រាបយ៉ាងហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី កំឡុងពេលទស្សនកិច្ចរបស់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ
ចេញផ្សាយ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០១០

កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ មានឧប្បតិ្តហេតុមួយបានកើតឡើង ក្នុងអំឡុងពេល ដែលមានការតវ៉ាមួយ នៅមុខមន្ទីរពេទ្យមិត្តិភាពខែ្មរ-សូវៀត ជាកន្លែងមួយដែលក្រុមអ្នកតវ៉ាប្រមាណជា ៥០នាក់ បានប្រមូលផ្តុំគ្នាដើម្បីស្នើរ សុំឲ្យមានអន្តរាគមន៍ពីអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធ នឹងការរំលោភយកដីធ្លីដែលកំពុងតែកើតមាន នៅតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ។ ប្រហែលជាម៉ោង១០ និង១៥នាទីព្រឹក នៅពេលដែលអគ្គលេខាធិការអង្គការ សហប្រជាជាតិកំពុងតែ ទស្សនកិច្ច នៅមន្ទីរពេទ្យសូវៀតជាមួយនឹងមន្ត្រីរដ្ឋាភិបាល កងកម្លាំងនគរបាលបង្រ្កាប កូដកម្មចម្រុះជាមួយនឹង កងកម្លាំងនគរបាលរដ្ឋបាលមួយក្រុម បានចាប់ផ្តើមធ្វើការវាយប្រហារ ទៅលើក្រុមអ្នកឈរតវ៉ាទាំងនោះ ដោយរុញអ្នកទាំងនោះឲ្យដួលទៅលើដី វាយនឹងវិទ្យុទាក់ទង និងដំបងឆក់ ។

កំឡុងពេលឧប្បត្តិហេតុ លោក សួង សុភ័ណ្ឌ ជាសកម្មជនមួយនាក់ ដែលរស់នៅក្នុងតំបន់បឹងកក់ត្រូវ បានចាប់ខ្លួន និងទទួលរងការវាយដំយ៉ាងខ្លាំង បណ្តាលឲ្យរងរបួសបែកក្បាល។ នគរបាលបានចាប់ទាញគាត់ ខណៈពេលដែលគាត់កំពុងសន្លប់ ហើយបានវាយដំលើរូបគាត់ បន្ថែមទៀត។ សុភ័ណ្ឌ គឺជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ដែលធ្វើការតវ៉ាទៅនឹងការបណ្តេញចេញដោយបង្ខំ នៃសហគមន៍បឹងកក់ និងសុំអំពាវនាវឲ្យមានកិច្ចប្រជុំជាមួយនឹងអគ្គលេខាធិការ អង្គការសហប្រជាជាតិ។

មើលវីដេអូ

ការបាញ់ប្រហារ នៅស្រុកជីក្រែង ខេត្តសៀមរាប
ចេញផ្សាយ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១០

ជម្លោះដីធ្លីមួយនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានកើតឡើងយ៉ាងសាហាវ ដែលប្រជាពលរដ្ឋ ៤នាក់ ត្រូវបានរងរបួស នៅពេលក្រុមកងកម្លាំងប្រដាប់អាវុធ រួមមាន នគរបាល កងរាជអាវុធហត្ថ នគរបាលការពារព្រំដែន និងទាហាន បានបើកការបាញ់ប្រហារទៅលើកសិករមួយក្រុមនៅឃុំ អន្លុងសំណ កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា។

មើលវីដេអូ

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា ដើម្បីទាមទារអោយដោះលែងតំណាងសហគមន៍ក្នុងរឿងទំនាស់ដីធ្លី
ចេញផ្សាយ ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១០

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០ ប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ បានប្រមូលផ្តុំគ្នា បិទផ្លូវជាតិលេខ៤ អស់រយៈពេលជិត​​ ២ម៉ោង ដើម្បីទាមទារសុំឲ្យមានការដោះលែងអ្នកតំណាងរបស់ពួកគេពីរនាក់ គឺ លោក ខែម វុទ្ធី និងលោក យូ ថូ ដែលត្រូវបានចាប់ខ្លួនអស់រយៈពេល២ថ្ងៃ មកនេះ។ ការបិទផ្លូវនេះ ធ្វើឲ្យមានការកកស្ទះ ចរាចរណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យអភិបាលរងខេត្ត មន្រ្តីតុលាការ និងមន្រ្តីនគរបាលខេត្តមួយចំនួន ចុះជួបចរចារជាមួយ ក្រុមប្រជាពលរដ្ឋទាំងអស់នោះ។ បន្ទាប់ពីការចរចាររយៈពេលយ៉ាងយូរមក ក្រុមប្រជាពលរដ្ឋបានយល់ព្រមបើកផ្លូវវិញ ហើយនឹងពិភាក្សាអំពីបញ្ហានេះនៅសាលាដំបូងខេត្ត។

ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ លោក យូ ថូ និងខែម វុទ្ធី ត្រូវបានដោះលែងអោយនៅក្រៅឃុំ និងស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

មើលវីដេអូ

អ្នកភូមិជាច្រើននាក់នៅខាងក្រៅតុលាការខេត្តតាកែវ
ចេញផ្សាយ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០០៩

កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៩ ប្រជាពលរដ្ឋ ប្រមាណជាង៣០នាក់បានតវ៉ាប្រឆាំងជាមួយនឹងក្រុមប៉េអ៊ឹម នៅក្រៅ
តុលាការខេត្តតាកែវ ក្នុងគោលបំណងការពារអ្នកតំណាងសហគមន៍របស់ពួកគេ មិនឲ្យមានការចាប់ខ្លួន ដែលចោទ
ប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតដោយគ្មានហេតុផល។ បន្ទាប់ពីសាកសួរអស់រយៈពេលជាច្រើនម៉ោងដោយប្រធាន
តុលាការ និងចៅក្រមស៊ើបសួរមក ជនរងគ្រោះ ទិត្យ សុធី ស៊ីប សេន និងឈ្មោះ នី សាន់ ត្រូវបានចោទប្រកាន់ពីបទ
ផ្សាយព័ត៌មានមិនពិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខុសច្បាប់ តាំងពីឆ្នាំ២០០៨ ដែលជាព្រឹត្តិការការណ៍ ដែលពួកគេបានដកបង្គោលរបង
ដែលសាងសង់រួច ដោយក្រុមអ្នកដឹកនាំអ៊ីស្លាម ដើម្បីកំណត់ព្រំដីភូមិ បន្ទាប់ពីប្រកាសថា ដីនោះជាកម្មសិទ្ធរបស់សកហគមន៍។
គ្មានហេតុផលណាមួយដែលផ្តល់ដោយតុលាការក្នុងការដោះលែងលោកស៊ីប សែនឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ ប៉ុន្តែបែរជា
បានឃាត់ និងឃុំខ្លួន​ លោក នី សាន់ទៅវិញ។

មើលវីដេអូ

វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាៈ សក្ខីកម្មនៃកាបណ្តេញចេញ
ចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០០៩

កាលពី ៥ ឆ្នាំមុន អង្គការលីកាដូបានចងក្រងឯកសារជាច្រើនករណីស្តីអំពីការរឺបអូសយកដីធ្លីដែលបានប៉ះពាល់ដល់
ប្រជាពលរដ្ឋមួយភាគបួនក្នុងចំណោមប្រជាពលរដ្ឋមួយលាននាក់។ ការរឹបអូសយកដីធ្លីយ៉ាងអនាធិបតេយ្យបានធ្វើឲ្យ
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍នៃប្រេទេសកម្ពុជា ប៉ះពាល់ដល់ជីវភាពសហគមន៍និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់
ទាំងស្រុង។

វីដេអូ ឯកសារ ត្រូវបានបង្ហាញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៩ ពេលដែលគណៈគម្មការសិទ្ធិមនុស្សសហរដ្ឋអាមេរិកលោក Tom Lantos ប្រចាំនៅប្រទេសកម្ពុជា។

មើលវីដេអូ

ការប្រើអំពើហិង្សាប្រឆាំងការដង្ហែដោយអហិង្សានៅទីក្រុងភ្នំពេញ ខណៈពេលប្រកាសសាលក្រមអ្នកស្រី មូរ សុខហួ
ចេញផ្សាយ ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០០៩

នគរបាលបានធ្វើការគម្រាមកំហែង និងប្រើអំពើហិង្សា ប្រឆាំងអ្នកស្រី មូរ សុខហួ និងក្រុមអ្នកគាំទ្រគណបក្សសមរង្សី ក៏ដូចជា អ្នកកាសែត និង អ្នកឃ្លាំមើលឯករាជ្យផងដែរ ក្នុងពេលប្រកាសសាលក្រមអ្នកស្រី មួរ សុខ ហួ កាលពីថ្ងៃអង្គារ ទី៤ ខែកក្កដា។ ហេតុការណ៍កើតឡើង ដោយសារតែ លោកស្រី មួរ សុខហួ លោក សម រង្សីប្រធានគណបក្សសម រង្សី សមាជិករដ្ឋសភាស មកពីគណបក្សសម រង្សី និងអ្នកអ្នកគាំទ្របានបន្តដង្ហែនៅតាមដងផ្លូវ ពីតុលាដំបូង ឆ្ពោះទៅកាន់ទីស្នាក់ការគណបក្ស ដែលនគរបាលមានគោលបំណងបំបែកក្រុមដង្ហែ យ៉ាងហិង្សាដោយឥតគ្រោងទុក។

នគរបាលបង្រ្កាបកុប្បកម្មបានព្យាយាមទាញអ្នកចូលរួមដង្ហែដោយអហិង្សា ឲ្យចេញពីទីនោះ ហើយអ្នកដង្ហែជាច្រើននាក់ត្រូវបានរុញច្រាន
ឲ្យដួលទៅនឹងដី។ នគរបាលក៏បានវាយទាត់ធាក់ទៅលើក្រុមអ្នកដង្ហែផងដែរ។ ក្រុមមន្ត្រីនគរបាលបញ្ជាឲ្យបើកឡាន ម៉ូតូ និងរថយន្តធំៗ
ឲ្យបើកកាត់ក្រុមអ្នកដង្ហែ នេះបញ្ចាក់ពីគោលបំណងយ៉ាងច្បាស់ គឺចង់បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនាំឲ្យមានរបួស
និងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

បុរសពីរនាក់ត្រូវបានចាប់ខ្លួន អំឡុងពេលនគរបាលម្នាក់បំបែកយ៉ាងហិង្សាទៅក្រុមអ្នកចូលរួមដង្ហែ ហើយបុរសម្នាក់ ត្រូវបានទាត់ចំក្រលៀន
ដោយនគរបាលម្នាក់ខណៈពេលដែលគាត់ត្រូវបាននគរបាលឲ្យដើរចេញឆ្ងាយពីក្រុមដង្ហែ។

មើលវីដេអូ

ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ក្រុម ៧៨ នៅ​រាជធានី​ភ្នំពេញ
ចេញផ្សាយ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០០៩

ប្រជាសហ​គមន៏​តូច​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាក្រុម ៧៨ ដែល​មាន​ទីតាំង​សិ្ថត​នៅ​តំបន់​មាត់​ទន្លេ​ក្រុង​ភ្នំពេញ បាន​រស់​នៅ​លើ​ដី​របស់​ពួកគេ​ចាប់​តាំង​ពីឆ្នាំ ១៩៨៣មក​ម្ល៉េះ។ ជា​ច្រើន​ឆ្នាំ​​កន្លង​​មក​​នេះ គ្រួសារ​​របស់​​ក្រុម​​៧៨​នេះ ត្រូវ​បាន​អាជ្ញាធរ​តំបន់​ប្រកាស​ឲ្យ​ធ្វើ​ការ​ចាក​ចេញ នៅ​ខណៈ​ពេល​ដែល​មាន​ករណី​អំពើ​ហិង្សា​បណ្តេញ​ចេញ​ទាំង​បង្ខំ​ចំនួន​ពីរ ក៏បាន​កើត​ឡើង​នៅ​តំបន់​ដូចគ្នា​នេះ​ផង​ដែរ គឺតំបន់​ដី​ក្រហម និង​តំបន់​សំបុក​ចាប។ អស់​រយៈ​ពេល​៣ឆ្នាំ​មក​ហើយ​ដែល​អាជ្ញាធរ​បាន​ប្រើ​ប្រាស់​យុទ្ធនាការ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ទៅ​លើ​ក្រុម​ប្រជា​ពលរដ្ឋ​ក្រុម ៧៨ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ចាក​ចេញ​ពីផ្ទះ និង​ដី​របស់​ពួកគេ ហើយ​ទី​បញ្ចប់​នៅ​ព្រឹក​នេះ​អ្នក​ទាំង​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំបន់​នោះ។

នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០០៩ វេលា​ម៉ោង​៤ព្រឹក មាន​កង​កម្លាំង​នគរបាល​រាប់​សិប​នាក់​បាន​បោះ​ទីតាំង​នៅ​ជុំវិញ​តំបន់​ក្រុម​៧៨ នោះ ដើម្បី​អនុវត្ត​បទ​បញ្ជា​របស់​សាលា​ក្រុង​ថា តើ​ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនោះ​ព្រម​រុះរើ​ផ្ទះ​របស់​ពួកគេ​ដោយ​ផ្ទាល់ ឬក៏ចង់​ឲ្យ​មាន​ការ​បង្ខំ​ពី​សំណាក់​អាជ្ងាធរ។ កាល​ពី​ម្សិល​មិញ ប្រជា​ពលរដ្ឋ​ចំនួន ៥៣​គ្រួសារ​នេះ​បាន​យល់​ព្រម​ជាមួយ​នឹង​សំណើរ​របស់​អាជ្ងាធរ នៅ​ពេល​ដែល​អាជ្ញាធរ​​ទាមទារ​​ឲ្យ​ពួកគេ​ព្រម​​ទទួល​​សំណង​​ចំនួន ៨០០០​​ដុល្លា​​អាមេរិក ឬក៏ចង់​ឲ្យ​អាជ្ញាធរបង្ខំរុះរើផ្ទះរបស់ពួកគេ។ បន្ទាប់​ពីមានការចចារនៅព្រឹកនេះមក គឺនៅ​សល់​តែ៧​គ្រួសារ​ប៉ុណ្ណោះ ដែល​មិនបាន​យល់​ព្រម​ជាមួយ​នឹង​សំណើរ​របស់​អាជ្ញាធរ ហើយ​អាជ្ញាធរ​បាន​ផ្តល់​សំណង​ជា​លើក​ចុង​ក្រោយ​រហូត​ទៅដល់ ២០,០០០ដុល្លា​អាមេរិក​ដល់​ពួក​គេ បន្ទាប់​មក​ពួក​គេ​ក៏​បាន​យល់​ព្រម​ទទួល លើក​លែង​តែ​គ្រួសារ​មួយ​តែ​ប៉ុណ្ណោះ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​តែ​គាត់​មិន​បាន​ទទួល​សំណង​អ្វី​ទាំង​អស់។

នាថ្ងៃសុក្រទី១៧ ខែកក្កដា នោះ អ្នកដែល​ឃើញ​ហេតុ​ការណ៍ មាន​ភាព​ក្តុកក្តួល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​ក្រុម ៧៨ ត្រូវ​បាន​ឈូស​ឆាយ​ម្តង​មួយៗ។

មើលវីដេអូ

ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ បាន​កើត​ឡើង​នៅ​តំបន់​បុរីកីឡា
ចេញផ្សាយ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០០៩

មាន​គ្រួសារ​អ្នក​ឆ្លង​មេរោគ​អេដស៏​ចំនួន​ជាង​៣០​គ្រួសារ​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​ប្រក់​សង្ក័សី​នៅ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច បូរីកីឡា កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​បណ្តេញ​ចេញ។ អស់​រយៈ​ពេល​២ឆ្នាំ​មក​ហើយ ដែល​ក្រុម​គ្រួសារ​នោះ​បាន​រស់​នៅ​ក្នុង​ផ្ទះ​ប្រក់​សង្ក័សី​ជា​បណ្តោះ​អាសន្ន ហើយ​អ្នក​ទាំង​អស់​នោះ​បាន​កំពុង​រង់ចាំ​ការ​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ​អាគារ​ថ្មី​របស់​ពួក​គេ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​អ្នក​ទាំងនោះ​បាន​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​តាំង​ទីលំ​នៅ​ថ្មី​នៅ​តំបន់​ទួល​សំបូរ ដែល​មាន​ចំងាយ ២០​គីឡូ​មែត្រ ពី​ទី​ក្រុង​ភ្នំពេញ។ នៅ​តំបន់​ទួល​សំបូរ​នោះ ពុំ​មាន​ទី​លំ​នៅ​គ្រប់​គ្រាន់​ទេ, គ្មាន​ទឹក​ស្អាត ហើយ​នៅ​ឆ្ងាយ​ពី​ទីផ្សា, សាលា​រៀន, ពុំ​មាន​ឱកាស​ក្នុង​ការ​ធ្វើ​ការងារ ហើយ​អ្វី​ដែល​ជា​ចំនុច​សំខាន់​នោះ​គឺ​នៅ​ឆ្ងាយ​ពីមជ្ឈ​មណ្ឌល​សុខភាព។

មើលវីដេអូ

Land Crisis in Cambodia: Kratie Province
ចេញផ្សាយ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០០៩

ប្រទេស​កម្ពុជា​បាន​ជួប​បញ្ហា​ស្មុគ​ស្មាញ​ដោយ​សារ​ជម្លោះ​ដីធ្លី នៅ​លើ​ដី​កសិកម្ម​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ជន​ជាតិ​ភាគ​តិច​ចំនួន ៧៥០ គ្រួសារ​នៅ​ក្នុង​ខេត្ត​ក្រចេះ អាជ្ញាធរ​ខេត្ត​និយាយថា​បាន​ជួល​ដី​នោះ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ​សម្រាប់​ធ្វើជា​ចំការ​កៅស៊ូ។ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៨ គ្រឿង​ចក្រ​បាន​ចូល​ទៅ​ឈូស​ឆាយ​ដី​នៅ​តំបន់​នោះ ហើយ​ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​តំបន់​នោះ​ក៏​បាន​ធ្វើ​ការ​រារាំង និង​បញ្ឈប់​ពួក​គេ។

មើលវីដេអូ

ការបណ្តេញចេញដោយបង្ខំ នៅដីក្រហម
ចេញផ្សាយ ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០០៩

វីដេអូនេះគឺចងក្រងពីវីដេអូជាច្រើនដែលបានថតដោយអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៩ អំឡុងពេលបណ្តេញចេញដោយហិង្សា នៅដីក្រហម។
រូបភាពវីដេអូទាំងនេះ បានមកពី អង្គការលីកាដូ លីកាដូកាណាដា អង្គការស្ពានសន្តិភាព និងអង្គការ Karl Bille ។

មើលវីដេអូ

បឹងកក់ៈ ៧៩ លានដុល្លារសម្រាប់អ្នកណា?
ចេញផ្សាយ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ២០០៨

នៅខែ គុម្ភៈ ឆ្នាំ២០០៨ សាលាក្រុងភ្នំពេញ បានចុះសេចក្តីព្រមព្រៀងដីសម្បទាន៩៩ឆ្នាំដែលមានតម្លៃជា
ទឹកប្រាក់ ៧៩ លានដុល្លាសហរដ្ឋអាមេរិកសម្រាប់ផ្ទៃដី១៣៣ហិចតាក្នុងនោះរួមមាន ដីបឹងកក់និងដីដែល
ពទ្ធ័ជុំវិញបឹងកក់ ជាមួយ ក្រុមហ៊ុនឯកជនស៊ូកាគូអ៊ីន ដែលជាម្ចាស់ម្ចាស់ទុន មានឋានៈជាសមាជិកសភា
មកពីគណបក្សកាន់អំណាច។ យោងតាមរដ្ឋាភិបាល ក្រុមហ៊ុននឹងផ្លាស់ប្រែតំបន់នេះ ទៅជាតំបន់
រមណីយដ្ឋាន ពាណិជ្ជកម្ម និងជាទីកន្លែងសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស
ដោយបានចាក់បំពេញដី៩០ភាគរយ នៃផ្ទៃបឹង។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០៨ ក្រុមហ៊ុនបានចាប់ផ្តើម ចាក់លុបបឹង ដែលធ្វើឲ្យមានទឹកជំនន់ ហើយបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ
ផ្ទះប្រជាពលរដ្ឋជាច្រើន។ ការអភិវឌ្ឍន៍បានឆ្ពោះទៅការបណ្តេញចេញប្រជាពលរដ្ឋប្រមាណ៤០០០គ្រួសារ ទោះបីជាក្រុមគ្រួសារដែល
ប៉ះពាល់ទាំងនោះ បានអះអាងតាមផ្លូវច្បាប់យ៉ាងមុតមាំថា ដីទាំងនោះគឺស្ថិតនៅក្រោមច្បាប់ភូមិបាលក៏ដោយ។

មើលវីដេអូ

ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០០៨
ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០០៨

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០០៨ ជាថ្ងៃទិវាសិទ្ធិមនុស្សអន្តជាតិគម្រប់ខួបទី៦០ នៃសេចក្តីថ្លែងការជាសកល
ស្តីអំពីសិទ្ធិមនុស្ស។ ការប្រារព្ធពិធីនេះ ត្រូវបានធ្វើឡើងនៅកន្លែងផ្សេងៗគ្នានៅទូទាំងប្រទេសក្រោមប្រធានបទ យើងទាំងអស់គ្នាត្រូវការសេរីភាព និងយុត្តិធម៌។

មើលវីដេអូ

ការវាយប្រហារ និងការគម្រាមកំហែងអ្នកការពារសិទ្ធិមនុស្ស នៅឆ្នាំ២០០៧
ចេញផ្សាយ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០០៨

វីដេអូលីកាដូ ស្តីអំពីការវាយប្រហារ និងការគម្រាមកំហែង អ្នកការពារសិទ្ធិមនុស្សនៅឆ្នាំ២០០៧

មើលវីដេអូ

អ្នកទោសគ្មានពិរុទ្ធភាពនៅក្នុងប្រទេសកម្ពុជា ប្រារព្ធនៃការជាប់ពន្ធនាគារ១៧០០ថ្ងៃ
ចេញផ្សាយ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០០៨

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨ មានប្រារព្ធពិធីនៃការជាប់ពន្ធនាគាររបស់លោក ប៊ន សំណាង និងលោក សុខ សំអឿន ចំនួន១៧០០ថ្ងៃ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ទាំងដឹងថា ពួកគាត់មិនប្រព្រឹត្តផងនោះ។ មនុស្សប្រមាណ
ច្រើនជាង៧០គ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ បានជួបជុំគ្នានៅខាងក្រៅពន្ធនាគារ ប៉េស្សី ដោយបានបង្ហាញ
ពីសាមគ្គីភាពដើម្បីបង្ហោះប៉ោងប៉ោង ដើម្បីប្រារព្ធពិធីនៃការជាប់ពន្ធនាគាររយៈពេល១៧០០ថ្ងៃសម្រាប់អ្នកទាំងពីរនាក់។

មើលវីដេអូ