កម្រងរូបភាពថ្មីៗ
សហគមន៍មួយចំនួនក្នុងប្រទេសប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ២០២៤ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបអាហារសាមគ្គី ។
ចេញផ្សាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
មនុស្សប្រហែលជាង ១០០ នាក់បានជួបជុំគ្នានៅលើសួនច្បារមុខវត្តលង្កាក្នុងរាជធានីភ្នំពេញព្រឹកនេះ ដើម្បីធ្វើការទាមទាររកយុត្តិធម៌ចំពោះឃាតកម្មលើប្រធានសហជីព លោក ជា វិជ្ជា ។ លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់ នៅឯតូបលក់កាសែតមួយខាងក្រៅជាប់របងវត្តលង្កា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ ។
នាថ្ងៃនេះ ដែលជាគម្រប់ខួប២០ឆ្នាំ មានអ្នកចូលរួមមកពី ក្រុមសកម្មជន យុវជន និងតំណាងសង្គមស៊ីវិលជាច្រើនរូបបានជួបជុំគ្នា ដើម្បីអំពាវនាវរកនូវយុត្តិធម៌ចំពោះករណីឃាតកម្មនេះ ។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា និងបច្ចុប្បន្នជាអនុប្រធានគណបក្ស កម្លាំងជាតិ រួមទាំងតំណាងរបស់សម្ព័ន្ធសហជីពសេរីកម្មករជាច្រើនរូបទៀត បានអាននូវសេចក្តីថ្លែងការណ៍ស្តីពីករណីឃាតកម្មលើសហជីពនេះ ។ បន្ទាប់មកអ្នកចូលរួមក៏ដាក់ញត្តិជូនទៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីអំពាវនាវរកយុត្តិធម៌ជូនចំពោះលោក ជា វិជ្ជា ក៏ដូចជាសកម្មជនផ្សេងទៀតដែលត្រូវបានគេសម្លាប់ផងដែរ ។
ចេញផ្សាយ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
នៅព្រឹកនេះ ក្រុមប្រជាពលរដ្ឋ និងសហជីពប្រហែល ៥០ នាក់បានជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី ២ (ម២) ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ។
ការជួបជុំនេះមានអ្នកចូលរួមមកពី សហព័ន្ធសហជីពកម្ពុជា (CATU) សហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) អង្គការបណ្តាញយុវជនកម្ពុជា (CYN) និងអង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) ។ អ្នកចូលរួមភាគច្រើននាំគ្នាកាន់បដា ប៉េងប៉ោង និងឧបករណ៍ឃោសនាស័ព្ទ ។ នៅខណៈនោះដែរ អាជ្ញាធរដែលស្លៀកពាក់ស៊ីវិល ប្រហែលជាង ១០ នាក់ បានឃ្លាំមើល និងថតរូប ថតវីដេអូ នូវសកម្មភាពរបស់អ្នកចូលរួមទាំងនោះផងដែរ ។
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣
មានពលរដ្ឋយ៉ាងតិចណាស់ ៣.០០០ នាក់ មកពីទូទាំង ១២ ខេត្ត និងរាជធានីភ្នំពេញ ដែលរួមមានខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយរៀង ស្ទឹងត្រែង និងត្បូងឃ្មុំ បានចូលរួមប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិឆ្នាំ ២០២៣ នាសប្តាហ៍នេះ ។
ទិវាសិទិ្ធមនុស្សអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការអនុម័តសេចក្តីប្រកាសជាសាកលស្តីពីសិទិ្ធមនុស្ស ។ នាឆ្នាំនេះ គឺជាការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិលើកទី ៧៥ ។
ចេញផ្សាយ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
សំណល់រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិ រួមចំណែកបង្កហានិភ័យដល់សិទ្ធិមនុស្ស និងបរិស្ថាននៅក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា ។ ដូចមានលំអិតនៅក្នុងរបាយការណ៍ ក្នុងឆ្នាំនេះ អង្គការលីកាដូ បានរកឃើញសំណល់កម្ទេចក្រណាត់ពីរោងចក្រកាត់ដេរនៅសិប្បកម្មផលិតឥដ្ឋដែលកំពុងដំណើរការចំនួនប្រាំកន្លែង និងសិប្បកម្មផលិតឥដ្ឋដែលបានបិទអាជីវកម្មជាអចិន្ត្រៃយ៍ចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានប្រើកម្ទេចក្រណាត់ចេញពីរោងចក្រកាត់ដេរសម្រាប់បញ្ឆេះឡឥដ្ឋ ។ អង្គការលីកាដូ បានរកឃើញនូវសំណល់ដែលមានម៉ាកយីហោលំដាប់អន្តរជាតិចំនួន ១៩ ដែលមានបង្ហាញក្នុងរូបថតដូចខាងក្រោម ។
ចេញផ្សាយ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣
សហគមន៍ជាច្រើនក្នុងខេត្តចំនួន ៤ និងរាជធានីភ្នំពេញ ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ២០២៣ នាសប្តាហ៍នេះ ដែលត្រូវបានរៀបចំនៅថ្ងៃចន្ទ នៃសប្តាហ៍ទីមួយជារៀងរាល់ឆ្នាំ ។ សមាជិកនៃសហគមន៍ដីធ្លី និងព្រៃឈើជាច្រើន បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធទិវា និងលើកពីបញ្ហាប្រឈមមួយចំនួនអំពីសិទិ្ធរបស់អ្នកទាំងនោះក្នុងការទទួលបានលំនៅឋាន និងជីវភាពសមរម្យ ។ សមាជិកសហគមន៍ជាច្រើន អំពាវនាវដល់រាជរដ្ឋាភិបាល ដោយស្នើសុំឱ្យពន្លឿនការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ។ យ៉ាងតិចណាស់មានសហគមន៍ចំនួន ៣ រងការរំខាន គំរាមកំហែង និងតាមដានពីអាជ្ញាធរមួយចំនួន ៕
ចេញផ្សាយ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣
នាថ្ងៃនេះ ប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល រួមមានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនជាច្រើននាក់ បានជួបជុំគ្នាដើម្បីប្រារព្ធខួប៧ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ។ ពួកគេនៅតែបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឥតលម្អៀង ទៅលើការមរណភាពរបស់លោកបណ្ឌិត ដើម្បីបង្ហាញការពិត និងផ្ដល់យុត្តិធម៌សម្រាប់រូបលោក ក៏ដូចជាក្រុមគ្រួសាររបស់លោក ។
ចេញផ្សាយ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣
សមាជិកសហគមន៍ដីធ្លីជាច្រើន ដែលមកពីខេត្តកោះកុង ស្វាយរៀង កំពង់ស្ពឺ ព្រះវិហារ និងត្បូងឃ្មុំ បន្តប្រមូលផ្តុំគ្នាទាមទារឱ្យដោះលែងបុគ្គលិកសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ទាំងបីរូប ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។
លោក ថេង សាវឿន ជាប្រធានសមាគម លោក ញិល ភាព ជាបុគ្គលិកជាន់ខ្ពស់ និងលោក ថាន់ ហាច ជាបុគ្គលិកសម្របសម្រួលសហគមន៍ ត្រូវបានតុលាការខេត្តរតនគិរី ចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ យោងតាមមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ អ្នកទាំងបី ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅក្នុងពន្ធនាគារខេត្តរតនគិរី ។
អំឡុងពេលប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋានបានគម្រាមកំហែងអ្នកតំណាង និងសមាជិកសហគមន៍ជាច្រើននាក់ ដែលមកពីខេត្តស្វាយរៀង កំពង់ស្ពឺ កោះកុង និងត្បូងឃ្មុំ ដោយការចាប់ខ្លួនអ្នកទាំងនោះ ប្រសិនបើពួកគេបន្តប្រមូលផ្តុំគ្នានៅក្នុងរាជធានីភ្នំពេញ ។
ការប្រមូលផ្តុំគ្នានេះ ត្រូវបានបន្តធ្វើចាប់តាំងពីថ្ងៃទី១៩ និងទី ២០ ខែឧសភា ដោយពលរដ្ឋសហគមន៍ដីធ្លីមកពីខេត្តស្វាយរៀង កោះកុង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ ។
ចេញផ្សាយ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
សមាជិកសហគមន៍ដីធ្លីជាច្រើនដែលមកពីខេត្តកោះកុង ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺ និងកណ្តាល បានប្រមូលផ្តុំគ្នា ទាមទារឱ្យមានការដោះលែងបុគ្គលិកសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) ចំនួនបីរូប ដែលត្រូវបាននគរបាលចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ។
លោក ថេង សាវឿន ជាប្រធានសមាគម លោក ញិល ភាព ជាមន្ត្រីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសហគមន៍ ត្រូវបានតុលាការខេត្តរតនគិរីសម្រេចចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ លោក សាយ គូហាវ ជាចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនអ្នកទាំងបី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី ។ ប្រសិនបើអ្នកទាំងបីត្រូវបានតុលាការផ្តន្ទាទោស នោះអ្នកទាំងបីអាចនឹងត្រូវជាប់ពន្ធនាគារពី ៥ ដល់ ១០ ឆ្នាំ ។
នៅខណៈដែលសមាជិកសហគមន៍រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ ដើម្បីទាមទារឱ្យដោះលែងអ្នកទាំងបី ពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវបានអាជ្ញាធររារាំង ដោយមិនអនុញ្ញាតឱ្យមកចូលរួមប្រមូលផ្តុំគ្នានៅភ្នំពេញនោះទេ ។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សមាជិកសហគមន៍ជាច្រើននាក់ មកពីខេត្តកោះកុង ត្រូវបានអាជ្ញាធរឃាត់រថយន្តតាំងពីម៉ោង ២ ព្រឹកព្រលឹម នៅពេលអ្នកទាំងនោះព្យាយាមធ្វើដំណើរមកភ្នំពេញ ។ សមាជិកសហគមន៍ទាំងនោះ ត្រូវបានអាជ្ញាធរឃាត់អស់រយៈពេលជាង ២ ម៉ោង ហើយអ្នកតំណាងរបស់សហគមន៍ទាំងនោះត្រូវបានអាជ្ញាធរគម្រាមថានឹងចាប់ខ្លួន ប្រសិនបើសហគមន៍នៅតែបន្តព្យាយាមទៅប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ ។
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣
នាព្រឹកនេះ ប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ បានប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៣ នៅ២ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។ កម្មករ-កម្មការិនី សហជីព និងសមាជិកសង្គមស៊ីវិល បានជួបជុំគ្នា នៅវត្តភ្នំ និងនៅខាងមុខរដ្ឋសភា ដើម្បីអំពាវនាវឱ្យមានការគោរពសិទ្ធិការងារ និងបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនសហជីព ។
កម្មករកាត់ដេរ កម្មករសំណង់ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ កម្មករផ្នែកសេវាកម្សាន្ត កម្មករតាមផ្ទះ កម្មករផ្នែកវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត បានជួបជុំគ្នា នាព្រឹកនេះ ។ សកម្មជនសហជីព និងកម្មករ បានដង្ហែក្បួន ពីវត្តភ្នំ ទៅកាន់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាកន្លែងដែលពួកគេ បានសម្ដែងមតិ ច្រៀងចម្រៀង និងចែករំលែកមតិយោបល់ផ្សេងៗ នៅក្នុងវេទិកា សាធារណៈមួយ ។ មនុស្សមួយក្រុមទៀត បានដង្ហែក្បួនពីរដ្ឋសភា ទៅកាន់ រូបសំណាកលោក ជា វិជ្ជា ជាកន្លែងដែលពួកគេ ជួបជុំគ្នា និងសម្ដែងមតិ ។
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣
យ៉ាងតិចមានប្រជាពលរដ្ឋប្រមាណ ៣.០០០ នាក់ នៅក្នុងខេត្តចំនួន ១០ និងរាជធានីភ្នំពេញ បានចូលរួមប្រារព្ធទិវាអន្តរជាតិសិទិ្ធនារី នៅក្នុងឆ្នាំនេះ ។ សមាជិកសហគមន៍ជនជាតិដើមភាគតិច សហគមន៍ដីធ្លី សហជីព សកម្មជនសិទិ្ធមនុស្ស យុវជន អាជ្ញាធរក្នុងតំបន់ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលរួមប្រារព្ធទិវានេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមីនា ដោយឡើងបញ្ចេញមតិ ដើរក្បួន រាំ និងបរិភោគអាហារសាមគ្គីជាមួយគ្នា ។
អ្នកចូលរួមជាច្រើន បានអំពាវនាវឱ្យមានសិទិ្ធស្មើគ្នារវាងបុរសនិងស្ត្រី និងគោរពសិទិ្ធស្ត្រី ក៏ដូចជាដំណោះស្រាយទៅលើបញ្ហាជាច្រើនដែលអ្នកទាំងនោះកំពុងជួបប្រទះ ដែលមានដូចជាជម្លោះដីធ្លី ហិង្សាផ្អែកលើយេនឌ័រ ការខ្វះខាតការទទួលបានកិច្ចការពារសង្គម និងការជាប់ផុងក្នុងបំណុលខ្នាតតូចដែលអាចហានិភ័យដល់ជីវភាពរស់នៅរបស់ពួកគេ ។
នៅក្នុងសហគមន៍មួយចំនួន អាជ្ញាធរក្នុងតំបន់ចូលរួម និងស្តាប់បញ្ហាដែលបានលើកឡើង ប៉ុន្តែក៏មានសហគមន៍មួយចំនួនទៀតត្រូវបានអាជ្ញាធរក្នុងតំបន់ព្យាយាមរារាំង មិនឱ្យប្រារព្ធទិវាអន្តរជាតិនេះ ។ អាជ្ញាធរមួយចំនួន បានហាមឃាត់សមាជិកសហគមន៍នៅក្នុងខេត្តកំពត កាលពីថ្ងៃទី៧ ខែមីនា ដោយមិនឱ្យរៀបចំទិវានេះដូចការគ្រោងទុកនោះទេ ដោយគម្រាមនឹងធ្វើការបំបែក ។ នគរបាលក៏បានឃ្លាំមើលការប្រារព្ធទិវា និងសួររកបញ្ជីឈ្មោះអ្នកចូលរួមនៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី៦ ខែមីនា ផងដែរ ។ ក៏ប៉ុន្តែចុងក្រោយ ការប្រារព្ធទិវានៅក្នុងខេត្តទាំងពីរ នៅតែអាចបន្តរៀបចំទៅដោយរលូន ។
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២
ប្រជាពលរដ្ឋជាង ៧.០០០នាក់ នៅយ៉ាងតិច ១៥ខេត្ត និងរាជធានីភ្នំពេញ បានជួបជុំគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ។ សមាជិកសហគមន៍ដីធ្លី បានជួបជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហាដីធ្លីដែលមិនទាន់មានដំណោះស្រាយ សហគមន៍ព្រៃឈើពិភាក្សាអំពីសារៈសំខាន់ និងការបន្តកើតមាននៃបញ្ហាប្រឈមក្នុងកិច្ចការពារធនធានធម្មជាតិ ខណៈដែលសកម្មជនសហជីពបង្ហាញពីការគាបសង្កត់លើសិទ្ធិការងារ និងការចាប់កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារ ជាដើម ។ សមាជិកអង្គការមិនមែនរដ្ឋាភិបាល បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ដែលរៀបចំដោយសហគមន៍ និងដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្ស ។
ចេញផ្សាយ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
នៅក្នុងរយៈពេល ១៦ ថ្ងៃ នៃយុទ្ធនាការនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ដែលគិតចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ អង្គការ លីកាដូ នឹងធ្វើការចេញផ្សាយនូវវីដេអូខ្លីៗ អំពីសកម្មជនជាស្ត្រីទាំងនោះនិយាយអំពីភាពក្លាហានងើបឈរឡើងដើម្បីលក្ខខណ្ឌការងារល្អប្រសើរ និងតស៊ូឱ្យបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រនៅកន្លែងការងារ ។ សកម្មជនជាស្ត្រីនីមួយៗ មានប្រវត្តិខុសៗគ្នា ប៉ុន្តែអ្នកទាំងនោះសុទ្ធតែជាអ្នកតំណាងឱ្យកម្មករក្នុងវិស័យរោងចក្រ កម្មករប្រកបរបរផ្លូវភេទ សេវាកំសាន្ត បុគ្គលិកកាស៊ីណូ គ្រូបង្រៀន អ្នកបើរ៉ឺម៉កកង់បី អ្នកបម្រើតាមផ្ទះ និងកម្មករក្នុងវិស័យដទៃទៀត ។
ចេញផ្សាយ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
សមាជិកសហគមន៍ដែលរងគ្រោះដោយបញ្ហាដីធ្លី បានជួបជុំគ្នានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅដើមខែតុលានេះ ដើម្បីប្រារព្ធទិវាលំនៅឋានពិភពលោក និងស្នើសុំឱ្យអាជ្ញាធរធានាអំពីសិទ្ធិទទួលបានលំនៅឋានសមរម្យ ក៏ដូចជាការដោះស្រាយទៅលើបញ្ហាដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ ។
ចេញផ្សាយ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២
ក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយ បានប្រមូលផ្ដុំគ្នានៅក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីអំពាវនាវរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី និងគ្រួសាររបស់លោក នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ។ ព្រឹត្តិការណ៍ និងការប្រារព្ធពិធី ត្រូវបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តតាកែវ ដែលជាភូមិកំណើតរបស់លោកបណ្ឌិត កែម ឡី ដើម្បីរំឭកខួប៦ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយរូបនេះ ។
សហជីព យុវជនសកម្មជន និងមន្ត្រីសង្គមស៊ីវិលប្រមាណជា ៧០នាក់ បានប្រមូលផ្ដុំគ្នានាព្រឹកនេះ នៅខាងក្រៅស្ដាម៉ាតនៃស្ថានីយប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ នៅក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ អំឡុងពេលពិសារកាហ្វេ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។ អ្នកចូលរួមបានដាក់កម្រងផ្កា និងបានរៀបចំពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា ។ ស្ដាម៉ាតនៅទីនោះ ត្រូវបានបិទ ខណៈដែលអ្នកធ្វើបុណ្យរំឭកខួប បានចាប់ផ្ដើមជួបជុំគ្នា ហើយមន្ត្រីសន្តិសុខស្លៀកពាក់ស៊ីវិលប្រមាណ ២០នាក់ ក៏បានមកតាមដានព្រឹត្តិការណ៍នេះផងដែរ ។
ក្រុមសង្គមស៊ីវិល បន្តអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេត ដើម្បីធ្វើការស៊ើបអង្កេតដោយឯករាជ្យ ឥតលំអៀង និងប្រកបដោយប្រសិទ្ធភាព ជុំវិញការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ ការស៊ើបអង្កេតកន្លងមកទៅលើអំពើឃាតកម្មនេះ ត្រូវបានចាត់ទុកថា មិនគ្រប់គ្រាន់ និងមិនទាន់បានវែកញែកអ្នកនៅពីក្រោយអំពើបាញ់ប្រហារ ដែលអាចនឹងត្រូវយកមកផ្ដន្តាទោសសម្រាប់អំពើឃាតកម្មនេះ ៕
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២
នាព្រឹកថ្ងៃអាទិត្យនេះ ព្រឹត្តិការណ៍ជាច្រើន ត្រូវបានរៀបចំឡើង ដោយសហជីពការងារ និងអង្គការសង្គមស៊ីវិល ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០២២ នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណជា ១០០០នាក់ ។
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
ប្រជាពលរដ្ឋជាង ៣០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២២ នៅក្នុងខេត្តចំនួន១២ និងរាជធានីភ្នំពេញ ។ សហគមន៍ កសិករ សហជីព កម្មករក្រៅប្រព័ន្ធ សកម្មជនដីធ្លី យុវជន សមាជិកសង្គមស៊ីវិល និងអ្នកផ្សេងទៀត បានចូលរួម និងសម្ដែងមតិអំពីបញ្ហាប្រឈមដោយស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ ។
ចេញផ្សាយ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២
បុគ្គលិកអង្គការលីកាដូ សូមចូលរួមគាំទ្រជាសាមគ្គីភាពជាមួយបងប្អូនកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ដោយសូមស្នើសុំឱ្យមានការដោះលែងតំណាងសហជីពទាំង៨រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមិនត្រឹមត្រូវ ឱ្យបានឆាប់រហ័ស និងដោយគ្មានលក្ខខណ្ឌ ។ យើងខ្ញុំ ក៏សូមអំពាវនាវឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ ងាកមករកតុចរចា ដើម្បីដោះស្រាយបញ្ចប់វិវាទការងារមួយនេះដោយសន្ដិវិធី និងទទួលយកបុគ្គលិកទាំង ៣៦៥ចូលធ្វើការវិញ ព្រមទាំងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទាំងអស់ទៅលើសហជីព ។ ការចូលរួមសហជីព និងការធ្វើកូដកម្មដោយអហិង្សា មិនមែនជាបទល្មើសទេ!
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១
សហគមន៍ដីធ្លី និងបរិស្ថាន សហគមន៍ជនជាតិដើមភាគតិច និងក្រុមសង្គមស៊ីវិលផ្សេងទៀត បានជួបជុំគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួន១១ផ្សេងគ្នា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ។
ទោះបីជាមានការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតពីសំណាក់អាជ្ញាធរ ប្រជាពលរដ្ឋប្រមាណជាង ២៤០០នាក់ បានចូលរួមជាមួយគ្នានៅក្នុងវេទិកាសាធារណៈ កិច្ចពិភាក្សា ការដង្ហែក្បួន និងពិធីសាសនា ដើម្បីអំពាវនាវដល់រាជរដ្ឋាភិបាលឱ្យគោរពសិទ្ធិមនុស្ស និងដោះស្រាយករណីរំលោភយកដីធ្លីរបស់ពួកគាត់ដែលបានអូសបន្លាយពេលជាច្រើនឆ្នាំ ក៏ដូចជាអំពាវនាវឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ ៕
ចេញផ្សាយ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
នៅថ្ងៃនីមួយៗនៃយុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ ឆ្នាំ២០២១ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ អង្គការលីកាដូ សូមចែករំលែកការរកឃើញសំខាន់ៗនៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនដែលមានចំណងជើងថា “បច្ចុប្បន្នភាពស្ថានភាព” ។ របាយការណ៍នេះ ពណ៌នាលម្អិតពីការរកឃើញសំខាន់ៗនៃការស្ទង់មតិមួយជាមួយមនុស្សជាង ៧០០នាក់ ដែលបង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក អាជ្ញាធរកម្ពុជា និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ត្រូវមានវិធានការបន្ថែមទៀត ដើម្បីការពារសិទ្ធិមនុស្សនៅលើប្រព័ន្ធអនឡាញ ។
ចេញផ្សាយ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
នៅរយៈពេលចុងក្រោយនេះ អាជ្ញាធរបានធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនដាក់ពន្ធនាគារខ្លួន និងផ្ដន្ទាទោស អ្នកការពារបរិស្ថាននិងសកម្មជនសង្គមជាច្រើន ដែលបានលើកឡើងពីការព្រួយបារម្ភជុំវិញបញ្ហាដូចជា ការគ្រប់គ្រងទឹកកខ្វក់ អាជីវកម្មបូមខ្សាច់ ការកាប់បំផ្លាញព្រៃឈើ ក៏ដូចជា សិទ្ធិការងារ និងសិទ្ធិនយោបាយ ជាដើម ។
នៅមុនទិវាសិទិ្ធមនុស្សអន្តរជាតិ ខាងមុខនេះ ក្រុមសង្គមស៊ីវិល នឹងធ្វើការតស៊ូមតិជារៀងរាល់សប្ដាហ៍ ដើម្បីស្នើសុំឱ្យដោះលែងអ្នកការពារសិទិ្ធមនុស្សទាំងអស់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងដើម្បីលើកឡើងពីភាពក្លាហាន និងការងារលំបាកៗ ដែលអ្នកទាំងនេះបានធ្វើកន្លងមក នៅមុនពេលចាប់ខ្លួន ។ សកម្មជន៦នាក់ក្នុងចំណោមពួកគេគឺជាអ្នកការពារបរិស្ថានមកពីចលនាមាតាធម្មជាតិកម្ពុជា ដែលកំពុងប្រឈមនឹងការចោទប្រកាន់ដោយមិនសមហេតុផលពី បទរួមគំនិតក្បត់ ដោយក្នុងនោះមាន២នាក់ ត្រូវបានចោទប្រកាន់បន្ថែមទៀតពី បទប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ អ្នកផ្សេងទៀតគឺជាអ្នកដឹកនាំសហជីព ព្រះសង្ឃ និងសមាជិកក្រុមយុវជនខ្មែរថាវរៈ ។
សកម្មជនទាំងនេះ តែងបញ្ចេញមតិអំពីបញ្ហាដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែពួកគេបែរជាត្រូវទទួលរងនូវការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការផ្តន្ទាទោសដាក់ពន្ធនាគារទៅវិញ ។
ដល់ពេលហើយដែលត្រូវទម្លាក់ចោលបទចោទ និងដោះលែងសកម្មជនទាំងនេះ ក៏ដូចជាអ្នកការពារសិទ្ធិមនុស្សទាំងអស់ ៕
ចេញផ្សាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១
នាថ្ងៃប្រារព្ធទិវាសិទ្ធិកុមារអន្តរជាតិនេះ អង្គការលីកាដូ កំពុងចេញផ្សាយជាបន្តបន្ទាប់នូវសម្រង់សម្ដីពីកុមារ និងគ្រួសារ ដែលការរស់នៅរបស់ពួកគេ ត្រូវបានទទួលរងផលប៉ះពាល់ដោយវិធានការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ។ ពួកគេបានសម្រេចចិត្ត ចែករំលែកបទពិសោធន៍របស់ខ្លួន និងពិពណ៌នាលម្អិតពីវិធានការទប់ស្កាត់វិបត្តិជាសកលនេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សា សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ ជាពិសេសកុមារដែលជាប់នៅក្នុងតំបន់បិទខ្ទប់ដ៏គួរឱ្យភ័យខ្លាច ។
ចេញផ្សាយ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១
នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីរោងចក្រ គ្រូបង្រៀន កសិករ និងអ្នកធ្វើការពលកម្ម នៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ បានជួបជុំគ្នានៅតាមតំបន់ផ្សេងៗគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ។ ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពមួយចំនួនដូចជា ការរក្សាគម្លាតសង្គម ការវាស់កម្ដៅ និងការពាក់ម៉ាស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ សហគមន៍ទាំងនេះបានជួបជុំគ្នា ដើម្បីរៀបចំវេទិកាសាធារណៈ និងចែករំលែកបទពិសោធន៍ពីបញ្ហាលំបាកដែលស្រ្តីនៅសហគមន៍មូលដ្ឋានបានជួបប្រទះ ក្នុងការការពារដីធ្លី និងជីវភាពរបស់ពួកគេ ។
នៅរាជធានីភ្នំពេញវិញ មនុស្សជាច្រើនបានចូលរួមក្នុងការប្រារព្ធទិវានេះក្រោមប្រធានបទ “លទ្ធិប្រជាធិបតេយ្យពិតប្រាកដនាំឱ្យមានប្រព័ន្ធគាំពារសង្គម និងយុត្តិធម៌សម្រាប់ស្រ្តី និងទាំងអស់គ្នា” ។ អមជាមួយការលេងភ្លេងបែបប្រពៃណី អ្នកដឹកនាំសហជីពជាច្រើន បានលើកឡើងពីបញ្ហាប្រឈមដែលស្រ្តីបានជួបប្រទះនៅកន្លែងការងារ ក៏ដូចជាការបន្តតស៊ូមតិជំទាស់ទៅនឹងអំពើហិង្សាក្នុងគ្រួសារ ការកើនឡើងនៃបំណុលនៅក្នុងគ្រួសារ ការបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនដោយអាជ្ញាធរ និងបង្ហាញពីតម្រូវការចាំបាច់ សម្រាប់កម្មវិធីសន្តិសុខសង្គម ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ។
សហគមន៍មិនទាំងអស់ទេ ដែលត្រូវបានអនុញ្ញាតឱ្យប្រារព្ធទិវានេះដោយសន្ដិវិធី ។ សហគមន៍យ៉ាងតិចមួយ បានប្រឈមទៅនឹងការរឹតត្បិតចំនួនអ្នកចូលរួម ។ ទោះបីជាមានការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ១៩ក៏ដោយ ក៏ស្ត្រីនិងប្រជាពលរដ្ឋក្នុងសហគមន៍នៅតែបន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងលើកកម្ពស់យុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងសមភាពរវាងបុរសនិងស្រ្តី ៕
ចេញផ្សាយ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
អស់រយៈពេល ៤ឆ្នាំមកហើយ ក្រោយពេលដែលអ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅខណៈដែលលោកកំពុងទទួលទានកាហ្វេនៅព្រឹកមួយដូចសព្វដង នៅហាងកាហ្វេ ស្តារម៉ាត របស់ស្ថានីយប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ។ នៅថ្ងៃនេះ ហាងកាហ្វេ ស្តារម៉ាត ត្រូវបានបិទទ្វារ និងរឹតបណ្តឹងដោយកងសន្តិសុខជាច្រើននាក់ ។ ប៉ុន្តែទោះបីជាមានការរឹតត្បឹតមិនឱ្យមានការរំលឹកខួប ៤ឆ្នាំ នៅក្នុងហាងកាហ្វេក៏ដោយ ក៏អតីតមិត្តភក្តិនិងក្រុមការងាររបស់លោក និងអ្នកការពារសិទិ្ធមនុស្ស បានប្រមូលផ្តុំគ្នានៅក្នុងរាជធានីភ្នំពេញ និងខេត្តតាកែវ ពីរបីថ្ងៃមុនពេលថ្ងៃខួប ៤ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិត ។
កាលពីថ្ងៃពុធ ទី៨ ខែកក្កដា កងកម្លាំងសន្ដិសុខបានស្រាក់ដៃគ្នា ដើម្បីរារាំងព្រសង្ឃ និងសកម្មជនវ័យក្មេង មិនឱ្យប្រារព្ធពិធីបួងសួងឧទ្ទិសកុសលដោយសន្ដិវិធី នៅទីតាំងដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ ។ យុវជនវ័យក្មេងម្នាក់ ដែលពាក់អាវរូបលោកបណ្ឌិត កែម ឡី ត្រូវបានឃាត់ខ្លួនភ្លាមៗ ព្រមទាំងឱ្យធ្វើកិច្ចសន្យាដោយនគរបាលខណ្ឌ ។
នៅថ្ងៃបន្ទាប់ កងនគរបាលប្រដាប់ដោយកាំភ្លើងជាច្រើននាក់បានរាំងខ្ទប់ ក្រុមសកម្មជនយុវជន មិនឱ្យធ្វើដំណើរទៅកាន់ផ្ទះគ្រួសារលោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ។ នៅថ្ងៃនេះដែរ កងនគរបាល និងមន្ត្រីអាវុធហត្ថជាច្រើន ត្រូវបានដាក់ពង្រាយ ដើម្បីរារាំងក្បួនដង្ហែរបស់ព្រះសង្ឃ សកម្មជន និងអ្នកគាំទ្ររបស់អ្នកវិភាគដែលត្រូវបានបាញ់សម្លាប់រូបនេះ មិនឱ្យដង្ហែក្បួនដោយសន្ដិវិធី នៅលើផ្លូវដដែលនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្តដំណើរដោយថ្មើរជើង ។
ក្រុមអ្នកធ្វើការងារសិទ្ធិមនុស្សនៅតែបន្តស្នើសុំដោយទទូចឱ្យអាជ្ញាធរ បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតឱ្យបានពេញលេញទៅលើឃាតកម្មលោកបណ្ឌិត កែម ឡី ក៏ដូចជាបញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញទាំងអស់ទៅលើប្រជាពលរដ្ឋដែលធ្វើបុណ្យរំលឹកខួបនៃឃាតកម្មរបស់លោកបណ្ឌិតដោយសន្ដិវិធី ៕
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០
នៅថ្ងៃទី៨ ខែមីនា ពលរដ្ឋប្រមាណរាប់រយនាក់ នៅក្នុងសហគមន៍ជាច្រើន ទូទាំងប្រទេសកម្ពុជា បានប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធនារី ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្បួនគោយន្ត បានធ្វើដំណើរនៅលើផ្លូវគ្រួសក្រហមក្នុងភូមិ ដើម្បីឆ្ពោះទៅកាន់វេទិកាសាធារណៈ ជាកន្លែងដែលស្ត្រីជាច្រើន នឹងលើកឡើងនូវរឿងរ៉ាវរបស់អ្នកទាំងនោះ ជាពិសេសបទពិសោធន៍នៃភាពរឹងមាំ និងការតស៊ូ នៅពេលដែលមានការរើសអើង និងការរំលោភបំពាន ។ រីឯនៅក្នុងខេត្រកោះកុង អ្នកភូមិប្រមាណជាង ៣០០ នាក់ បានដើរក្បួន តវ៉ានឹងភាពមិនស្មើគ្នារវាងបុរស និងស្ត្រី ។ នៅរាជធានីភ្នំពេញ កម្មករ និងសកម្មជនសិទិ្ធមនុស្ស ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមប្រារព្ធទិវាអន្តរជាតិនេះ ដោយមានការសម្តែងពាក់ព័ន្ធនឹងការរំលោភបំពាន ដែលស្ត្រីជាច្រើនតែងតែទទួលរងជារៀងរាល់ថ្ងៃ នៅកន្លែងធ្វើការងាររបស់អ្នកទាំងនោះ ។ នៅក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ បាត់ដំបង ព្រះសីហនុ សៀមរាប និងពោធិ៍សាត់ បុរស ស្ត្រី និងកុមារ បានចូលរួមក្នុងការប្រារព្ធទិវានេះផងដែរ ដោយទាមទារឱ្យមាននូវសិទិ្ធសេរីភាពស្មើគ្នាដល់ស្ត្រី ។
សម្រាប់ស្ត្រីជាច្រើន ដែលបានចូលរួមក្នុងការប្រារព្ធទិវានេះ សិទិ្ធដីធ្លី នៅតែជាសិទិ្ធចំបងមួយយ៉ាងសំខាន់ នៅក្នុងការតស៊ូទាមទាររបស់អ្នកទាំងនោះ ។ សហគមន៍មូលដ្ឋាន បានប្រមូលផ្តុំគ្នា ដើម្បីជជែកអំពីការរំលោភបំពាន និងការបំភិតបំភ័យ ដែលកំពុងតែកើតមានឡើង មកលើស្ត្រី ដែលចេញមុខក្នុងការការពារដីធ្លី ដែលអ្នកទាំងនោះកំពុងពឹងពាក់អាស្រ័យ ក៏ដូចជាពិភាក្សាអំពីវិធីសាស្ត្រក្នុងការពង្រឹង និងគាំទ្រសកម្មជនជាស្ត្រី ក្នុងការតស៊ូដើម្បីជីវភាពរបស់អ្នកទាំងនោះ និងក្រុមគ្រួសារ ។
ក៏ប៉ុន្តែ ការប្រារព្ធទិវានេះ ក៏នៅតែមានការទទួលរងសម្ពាធពីកត្តាខាងក្រៅផងដែរ ។ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ បានរឹតត្បិតចំនួននៃអ្នកចូលរួម ដោយកំនត់ត្រឹមតែចំនួន ២០០ នាក់ ប៉ុណ្ណោះ នៅក្រោមដំបូលតង់តែមួយ ។ ការជួបជុំគ្នាភាគច្រើននៅទូទាំងប្រទេស ត្រូវបានរៀបចំឡើង ដោយមានការឃ្លាំមើលពីកងសន្តិសុខភូមិ/ឃុំ ។ លើសពីនេះ សហគមន៍នៅក្នុងខេត្តពោធិ៍សាត់ និងស្វាយរៀង បានលើកឡើងថា មានការគម្រាមកំហែងដោយអាជ្ញាធរមូលដ្ឋាន ពីរបីថ្ងៃមុនពេលប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធនារី ។ ស្ថានភាពនៃការគម្រាមកំហែងនេះ ស្ទើរតែបានក្លាយជារឿងធម្មតាទៅហើយ ។ ការរំខានពីអាជ្ញាធររដ្ឋមកលើសហគមន៍មូលដ្ឋាន គឺតែងតែក្នុងទម្រង់ជាការលើកយកច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលត្រូវបានសាធារណៈមតិរិះគន់ ដើម្បីគាបសង្កត់ពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ដែលរៀបចំកម្មវិធីសហគមន៍នានា ។ ទោះបីជារងការគម្រាមកំហែងបែបនេះក៏ដោយ ក៏ស្ត្រីនៅទូទាំងប្រទេសកម្ពុជា នៅតែបន្តតស៊ូមតិ ជំទាស់ទៅនឹងការរើសអើង និងការរំលោភបំពាននានានៅក្នុងប្រទេសដដែល ។
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩
ថ្ងៃទី១០ ខែធ្នូ ៖ ពលរដ្ឋសហគមន៍ សហជីព និងបុគ្គលិកសង្គមស៊ីវិលប្រមាណជាង ៦.០០០ នាក់ បានចូលរួមប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ។
មានសហគមន៍ជាច្រើន ត្រូវគេរាយការណ៍ថា ទទួលរងការគម្រាមកំហែងពីអាជ្ញាធរមូលដ្ឋាន ដោយរារាំងមិនឲ្យអ្នកទាំងនោះប្រារព្ធទិវានេះទេ ជាពិសេសសហគមន៍នៅខេត្តព្រះសីហនុ កំពត កោះកុង និងកំពង់ស្ពឺ ។ សហគមន៍មួយចំនួន នៅតែព្យាយាមប្រារព្ធទិវានេះ ទោះជាមានការគម្រាមកំហែងបែបនេះក៏ដោយ ។
នៅរាជធានីភ្នំពេញ អ្នកក្រុមសង្គមស៊ីវិល សហជីព ព្រះសង្ឃ និងក្រុមយុវជន បានប្រមូលផ្តុំគ្នាជាមួយនឹងតំណាងមកពីស្ថានទូតនានា ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ ។
ចេញផ្សាយ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩
ទាហាន កងរាជអាវុធហត្ថនិងនគរបាលជាច្រើន បានប្រមូលផ្ដុំគ្នានៅទូទាំងប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ មុនថ្ងៃគ្រោងធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល។ នៅតាមខេត្តជាច្រើន មានការដង្ហែក្បួនជាសាធារណៈនៃកងកម្លាំងប្រដាប់អាវុធនៅតាមផ្លូវធំៗ ដោយពេលខ្លះក្មេងៗឈរហែហមជាជួរៗតាមដងផ្លូវ និងកម្លាំងប្រដាប់អាវុធទាំងនោះ ដែលបានរៀបចំដោយសាលារៀន។ ប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងទំព័រហ្វេសប៊ុក បានចែករំលែកវីដេអូនៃកងកម្លាំងប្រដាប់អាវុធជាមួយកាំភ្លើងយន្តមានជើងទម្រ កាំភ្លើងគ្រាប់បែក កាំភ្លើងធំ កាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ស៊ីបជាច្រើន។ អង្គការលីកាដូបានរកឃើញថា ក្បួនដង្ហែនៃកងកម្លាំងប្រដាប់អាវុធទាំងនេះបានធ្វើឡើងតាមផ្លូវសាធារណៈក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កោះកុង និងខេត្តស្វាយរៀង។ ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនេះ កើតឡើងចំពេលដែលមានការចាប់ខ្លួនអតីតសមាជិកគណបក្សជំទាស់យ៉ាងតិចណាស់៥០រូប ចាប់តាំងពីខែសីហា ឆ្នាំ២០១៩នេះមក។
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩
ប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ បាននាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិ ចាប់តាំងពីសប្ដាហ៍មុន ដែលជារឿយៗត្រូវបានឃ្លាំមើលពីសំណាក់កងកម្លាំងសន្តិសុខជាច្រើន។ នៅរាជធានីភ្នំពេញ កងកម្លាំងសន្តិសុខចម្រុះប្រមាណ៥០០នាក់ ត្រូវបានដាក់ពង្រាយ ខណៈដែលកម្មករ និងសមាជិកសង្គមស៊ីវិលបានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ និងនៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អាជ្ញាធររាជធានីភ្នំពេញបានរារាំងមិនឱ្យកម្មករធ្វើការហែក្បួនទៅរដ្ឋសភាជាតិ ហើយគ្រាន់តែអនុញ្ញាតឱ្យមានការហែក្បួននៅជិតវត្តភ្នំ តែប៉ុណ្ណោះ ជាមួយនឹងវត្តមានមន្រ្តីអាជ្ញាធរ និងកងសន្តិសុខជាច្រើន។
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩
នាព្រឹកនេះ ប្រជាពលរដ្ឋប្រមាណជា១០០០នាក់ បានជួបជុំគ្នានៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។
កងកម្លាំងប្រដាប់អាវុធចម្រុះ បានរាំងខ្ទប់អ្នកចូលរួមប្រមាណជា៥០០នាក់នៅភ្នំពេញ ខណៈដែលអ្នកទាំងនោះបានព្យាយាមដង្ហែក្បួនពី ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីដាក់ញត្តិ ទៅទីស្ដីការគណៈរដ្ឋមន្ត្រី។ អាជ្ញាធរជាច្រើនបានរុញច្រានស្រ្ដីមួយចំនួនដោយបង្ខំទៅក្នុងទីតាំង កីឡដ្ឋាន មុនពេលបិទទ្វារ និងរាំងខ្ទប់អ្នកចូលរួមទាំងនោះនៅខាងក្នុងមិនឱ្យចេញមកក្រៅបាន។
អាជ្ញាធរក៏បានព្យាយាមបដិសេធមិនឱ្យមានការរៀបចំព្រឹត្តិការណ៍នេះមួយចំនួន នៅខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំផងដែរ ប៉ុន្តែអ្នកទាំងនោះនៅតែអាចរៀបចំការប្រារព្ធទិវានេះបានដោយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរ។ ការរៀបចំទិវាសិទ្ធិនារីអន្តរជាតិជាច្រើននៅតាមរាជធានីនិងខេត្តមួយចំនួន ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសន្តិសុខ។
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨
សហគមន៍ សមាគម សហជីព និងក្រុមសង្គមស៊ីវិលដទៃទៀត បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅទូទាំងប្រទេសកម្ពុជា ដែលចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ ទោះបីជាមានការគំរាមកំហែងនិងការរឹតត្បិតពីសំណាក់អាជ្ញាធរ ក៏ប្រជាពលរដ្ឋប្រមាណជាង៧០០០នាក់នៅរាជធានីភ្នំពេញនិងខេត្តចំនួន១៤ បានចូលរួមក្នុងការសម្ដែងរឿងខ្លី ការប្រគុំតន្ត្រី ការលេងឆៃយ៉ាំ ការដង្ហែក្បួន និងការពិភាក្សាគ្នាជាដើម។ អ្នកទាំងនោះបានស្នើឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះស្រាយចំពោះបញ្ហារំលោភបំពានផ្សេងៗដែលកើតមានជាយូរឆ្នាំមកហើយ ក្នុងនោះមានករណីរំលោភយកដីធ្លីដែលមិនទាន់បានដោះស្រាយជាដើម។
ចេញផ្សាយ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨
សហគមន៍ជាច្រើននៅទូទាំងប្រទេស បានប្រារព្ធទិវាអន្តរជាតិសិទិ្ធលំនៅឋាន ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។ ប្រធានបទឆ្នាំនេះគឺ "ការគ្រប់គ្រងសំណល់រឹងនៅក្នុងទីក្រុង"។ ការប្រារព្ធទិវានាឆ្នាំនេះ ក៏មានផងដែរសកម្មភាពប្រមូលផ្តុំគ្នាដើររើសសម្រាម ក៏ដូចជាការពិភាក្សាអំពីសិទិ្ធដីធ្លី និងសិទិ្ធទទួលបានលំនៅឋានសមរម្យ។ មានប្រជាពលរដ្ឋប្រមាណ ២.០០០ នាក់ បានចូលរួម នៅក្នុងកម្មវិធីយ៉ាងតិចចំនួន ៣០ ដែលត្រូវបានរៀបចំឡើងដោយសហគមន៍មូលដ្ឋាននានា។ អាជ្ញាធរ ក៏បានហាមឃាត់ការរៀបចំកម្មវិធីរបស់សហគមន៍មួយចំនួនផងដែរ ដោយបានអះអាងថាអ្នកទាំងនោះរៀបចំឡើងដោយខុសច្បាប់ ហើយពលរដ្ឋមួយចំនួនទៀតបានសម្រេចចិត្តលុបចោលការរៀបចំកម្មវិធីវិញ ដោយសារទទួលការគម្រាមកំហែង និងបំភិតបំភ័យនានា។
ចេញផ្សាយ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ កម្មករនិងសកម្មជនសហជីពជិត១០០០នាក់ បាននាំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ទោះបីជាមានការរិតត្បិតជុំវិញការជួបជុំគ្នាជាសាធារណៈ និងការហាមឃាត់មិនឱ្យមានការដើរហែក្បួននៅរាជធានីភ្នំពេញក៏ដោយ។ ទីធ្លានៅជុំវិញរដ្ឋសភាជាតិត្រូវបានហ៊ុមព័ទ្ធដោយរបាំងការពារនិងកងកម្លាំងចម្រុះជាច្រើន ខណៈដែលការជួបជុំគ្នាទាំងនោះ ត្រូវបានឃ្លាំមើលយ៉ាងជាប់លាប់ពីសំណាក់អាជ្ញាធរ។
ចេញផ្សាយ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧
កម្រងរូបភាពក្នុងព្រឹត្តិការណ៍ ថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០១៧ អំឡុងពេលប្រារព្ធខួបគម្រប់មួយឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេស ក៏បានប្រារព្ធបុណ្យខួបគម្រប់មួយឆ្នាំនេះដែរ ដូចជានៅប្រទេសថៃ និងប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត ត្រូវបានឃាតករបាញ់ត្រូវចំនួនពីរកន្លែង ត្រង់ដើមទ្រូង និងក្បាល នៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោក្នុងរាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងដែលត្រូវបានគេស្គាល់ថាឈ្មោះ អឿត អាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីខែមិនា ឆ្នាំ២០១៧ ប៉ុន្តែយុត្តិធម៌នៅតែមិនទាន់មាននៅឡើយ ដោយសារនៅមានមន្ទិលសង្ស័យជាច្រើនពាក់ព័ន្ធនឹងភាពខ្វះចន្លោះនៃដំណើរការរឿងក្ដីព្រហ្មទណ្ឌនេះ ទាំងនៅក្នុងនីតិវិធីស៊ើបអង្កេត និងសវនាការ។
ចេញផ្សាយ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧
កម្រងរូបភាពនេះបង្ហាញពីការប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ។ កម្មករនិងសកម្មជនជាង១៥០០នាក់ បានជួបជុំគ្នានៅកណ្ដាលរាជធានីភ្នំពេញ ដោយប្រឈមនឹងរនាំងដែកនិងកងកម្លាំងនគរបាលចម្រុះដែលមានកាន់កាំភ្លើង ខែល ដំបង និងអាវុធមួយចំនួនទៀត។ បន្ទាប់ពីការចរចារយៈពេល២ម៉ោង ក្រុមកម្មករនិងសកម្មជនបានឈរជួបជុំគ្នាដើម្បីទាមទារសិទ្ធិការងារ សេរីភាពក្នុងការជួបជុំគ្នា ប្រាក់ខែសម្រាប់ការរស់នៅសមរម្យរបស់កម្មករ និងលក្ខខណ្ឌការងារសមរម្យ។
ចេញផ្សាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦
ប្រជាពលរដ្ឋប្រមាណជាង ១១០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា បានរួមគ្នារៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៦។
ការប្រារព្ធទិវានេះនៅទូទាំងប្រទេស ត្រូវបានរៀបចំឡើងដោយក្រុមមិត្ត១០ធ្នូ ដែលមានប្រជាពលរដ្ឋរាប់ពាន់នាក់បានធ្វើការសម្ដែងមតិលើបញ្ហាជាច្រើនដូចជា ការបោះឆោ្នតដោយសេរីនិងយុត្តិធម៌ សិទ្ធិដីធ្លី ប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករ តុលាការឯករាជ្យ និងការបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសេរីភាពជាមូលដ្ឋានជាដើម។
ចេញផ្សាយ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦
ស្របពេលចេញផ្សាយរបាយការណ៍ស្ដីពី “ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា” អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ ក៏មានចេញផ្សាយកម្រងរូបភាពនេះ ដើម្បីបង្ហាញឲ្យឃើញពីស្ថានភាពខុសៗគ្នានៅក្នុងដំណើរការផលិតឥដ្ឋ និងលក្ខខណ្ឌការងារនិងការរស់នៅរបស់មនុស្សពេញវ័យនិងកុមារដែលធ្វើការនៅក្នុងសិប្បកម្មផលិតឥដ្ឋ។
ចេញផ្សាយ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលរួមដង្ហែក្បួនពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ដើម្បីប្រារព្ធពិធីបុណ្យខួបគំរប់ ១០០ថ្ងៃ នៃឃាតកម្មលើអ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត កែម ឡី។ លោកត្រូវបានឃាតករបាញ់សម្លាប់ នៅក្នុងហាងកាហ្វេនៃបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែង នៅកណ្ដាលរាជធានីភ្នំពេញ។ រយៈពេលជាង៣ខែមកហើយ ចាប់តាំងពីលោកត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃនៅកណ្ដាលរាជធានី ប៉ុន្តែនៅតែមិនទាន់មានការស៊ើបអង្កេតដោយឯករាជ្យ ដែលគួរឲ្យទុកចិត្តបាននៅឡើយទេ ពាក់ព័ន្ធនឹងឃាតកម្មរបស់លោកនេះ។
ក្បួនដង្ហែបានចាប់ផ្ដើមចេញពីវត្តពោធិយារាម ហៅវត្តចាស់ នៅក្នុងរាជធានីភ្នំពេញ ជាកន្លែងដែលប្រជាពលរដ្ឋរាប់ពាន់នាក់បានធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី កាលពី២ថ្ងៃមុនថ្ងៃដង្ហែក្បួននេះ។
ចេញផ្សាយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥
ក្នុងការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ពលរដ្ឋប្រមាណ ១ម៉ឺននាក់ មកពីសហគមន៍ជនបទ និងទីក្រុង បានចូលរួមដើរក្បួន និងប្រារព្ធទិវានេះនៅទីតាំងចំនួន ២០កន្លែង ទូទាំងប្រទេសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ។ ការប្រារព្ធទិវានេះ ត្រូវបានរៀបចំឡើងដោយបណ្តាញក្រៅប្រព័ន្ធ ក្រុមមិត្ត ១០ធ្នូ ដែលរួមមាន ក្រុមយុវជន សហគមន៍ដីធ្លី សមាគម កសិករ ព្រះសង្ឃ និងអង្គការមិនមែនរដ្ឋាភិបាល។
នៅថ្ងៃទី១០ ខែធ្នូ ពលរដ្ឋជាច្រើនក្រុម បានដើរក្បួនដោយអហិង្សាពីទីកន្លែងខុសៗគ្នានៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា កែទម្រង់ប្រព័ន្ធតុលាការ និងដោះលែងសកម្មជននិងអ្នកការពារសិទិ្ធមនុស្ស ដំឡើងប្រាក់ឈ្នួលអប្បបរមានិងគោរពសិទិ្ធការងារ បញ្ឈប់អំពើហិង្សាដែលគាំទ្រដោយអាជ្ញាធររដ្ឋ និងគោរពសេរីភាពក្នុងការបញ្ចេញមតិ ជួបជុំ និងប្រមូលផ្តុំដោយអហិង្សា។ ប្រធានបទសម្រាប់ទិវាសិទិ្ធមនុស្សនាឆ្នាំនេះ គឺ “យុត្តិធម៌”។
ចេញផ្សាយ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥
នាព្រឹកនេះ សមាជិកសហគមន៍ ព្រះសង្ឃ និងក្រុមប្រជាពលរដ្ឋមូលដ្ឋាន ជាង ១.៤០០ នាក់ មកពីខេត្តជាច្រើននៅទូទាំងប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទិ្ធលំនៅដ្ឋានពិភពលោកលើកទី ៣០ និងអំពាវនាវដល់អាជ្ញាធរក្នុងការគោរពនូវសិទិ្ធទទួលបានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា។
ចេញផ្សាយ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥
ចាប់តាំងពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា សង្គមស៊ីវិលដែលធ្វើការងារក្នុងគ្រប់វិស័យនៃប្រទេសកម្ពុជា បានធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លារយៈពេល ៣ថ្ងៃ ដើម្បីតវ៉ាជំទាស់នឹងសេចក្តីព្រាងច្បាប់ចំនួន ២ គឺ៖ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្តីព្រាងច្បាប់ស្តីពីសហជីព។ នៅថ្ងៃទីបី អាជ្ញាធរជាច្រើន បានប្រើប្រាស់កងកម្លាំង ដើម្បីរារាំងសមាជិកសង្គមស៊ីវិលជាច្រើនរយនាក់ ពីការដើរហែក្បួនអហិង្សាពីទីតាំងចំនួនបួនខុសៗគ្នា ឆ្ពោះទៅកាន់វិមានរដ្ឋសភា។
ចេញផ្សាយ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥
នៅព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ក្នុងការប្រាទិវាពលកម្មអន្តរជាតិ មានក្បួនដង្ហែរ និងការជួបជុំគ្នាត្រូវបានធ្វើឡើងនៅ៣កន្លែង ក្នុងរាជធានីភ្នំពេញ ដើ ម្បីស្នើតម្លើងប្រាក់ឈ្នួលទៅដល់ ១៧៧ដុល្លាសហរដ្ឋអាមេរិក ឲ្យគោរពសិទ្ធកម្មករឲ្យបានល្អប្រសើរ សេរីភាពក្នុងការបញ្ចេញមតិ និងអំពាវនាវសុំឲ្យរដ្ឋាភិបាលបញ្ឈប់សេចក្តីព្រាងច្បាប់ស្តីពីសហជីព និងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ចេញផ្សាយ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤
ដើម្បីអបអរសាទរទិវាសិទិ្ធមនុស្សអន្តរជាតិ ឆ្នាំ២០១៤ ព្រះសង្ឃប្រមាណ ៦០០ អង្គ បានដឹកនាំក្បួនធម្មយាត្រា-សិទិ្ធយាត្រាជាមួយសកម្មជន សហជីព សមាគម ប្រជាពលរដ្ឋនៅទីជនបទ និងទីប្រជុំជន អង្គការមិនមែនរដ្ឋាភិបាលនានា តាមផ្លូវជាតិចំនួន ៦ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែធ្នូ។ សាររួមនៃទិវានាឆ្នាំនេះគឺ “គោរពសិទិ្ធមនុស្សនាំមកនូវសន្តិភាព!” នេះជាលើកទីមួយ ដែលសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី បានចូលរួមក្នុងការប្រារព្ធទិវានេះដោយខ្លួនឯង ដោយការដើរហែក្បួននៅតាមផ្លូវជាតិលេខ ៧ ចាប់ផ្តើមពីថ្ងៃទី៤ ខែធ្នូ។
ចេញផ្សាយ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤
នាថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា សកម្មជនសិទិ្ធដីធ្លីតំបន់បឹងកក់ចំនួន ១០នាក់ ត្រូវបានចាប់ខ្លួន នៅខណៈដែលកំពុងធ្វើការតវ៉ាអហិង្សានៅរាជធានីភ្នំពេញ។ នៅត្រឹមថ្ងៃទី១២ អ្នកទាំងនោះត្រូវបានផ្តន្ទាទោសចំនួន ១ឆ្នាំក្នុងពន្ធនាគារ។ ការដាក់ពន្ធនាគារស្រ្តីទាំងនោះ ត្រូវបានធ្វើឡើងអំឡុងពេលមានការចាប់ខ្លួនជាច្រើន ដែលដាក់គោលដៅមិនត្រឹមតែលើសកម្មជនដីធ្លី ប៉ុន្តែក៏ទៅលើសមាជិកគណបក្សជំទាស់ និងព្រះសង្ឃជាសកម្មជន។ ប្រាំបីនាក់ក្នុងចំណោមអ្នកទាំងនោះ នៅក្នុងពន្ធនាគារនៅឡើង។
កម្រងរូបភាពនេះផ្តោតទៅលើស្ត្រីជាសកម្មជនតំបន់បឹងកក់ទាំង ១០រូប ដែលបានតស៊ូស្វែងរកដំណោះស្រាយលើជម្លោះដីធ្លីរបស់អ្នកទាំងនោះ ហើយឥឡូវមានរយៈពេល ៧ឆ្នាំហើយ។ សម្រាប់ប្រាំនាក់ក្នុងចំណោមអ្នកទាំងនោះ នេះជាការជាប់ពន្ធនាគារលើកទីពីរ។
ចេញផ្សាយ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃអង្គារ៍ ទី១១ ខែវិចិ្ឆកា អ្នកតំណាងមកពីសហគមន៍ជាច្រើន ប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតវ៉ានឹងការឃុំខ្លួនសកម្មជនតំបន់បឹងកក់ ដែលត្រូវបានចាប់ខ្លួនមួយថ្ងៃមុន នៅខណៈដែលកំពុងតវ៉ានៅខាងក្រៅសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបរាជ័យក្នុងការដោះស្រាយបញ្ហាលូបង្ហូរទឹកស្អុយចេញពីតំបន់បឹងកក់របស់អាជ្ញាធរសាលារាជធានីភ្នំពេញ។ នគរបាលអន្តរាគមន៍ និងកងសន្តិសុខជាង ១០០ នាក់ បានបំបែកដោយហិង្សាលើអ្នកតវ៉ា និងចាប់ខ្លួនសកម្មជនចំនួន ៣នាក់ និងព្រះសង្ឃមួយអង្គផ្សេងទៀត។
ចេញផ្សាយ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤
ប្រហែលជាម៉ោង ១១ព្រឹក សហជីពទាំងក្នុង និងជុំវិញទីក្រុងភ្នំពេញបានចាប់ផ្តើមយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមា ១៧៧ ដុល្លាអាមេរិក នៅខាងមុខរោងចក្រកាត់ដេរ ខណៈពេលដែលកម្មករកំពុងសម្រាកអាហារថ្ងៃត្រង់។ នៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាតែមួយ មានកម្មករជាងមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅក្បែររោងចក្រដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់ជីវភាពរស់នៅ។ កងកម្លាំងយោធាត្រូវបានគេដាក់ត្រៀមនៅតាមបណ្តោយផ្លូវវេង ស្រេង និងនៅខាងក្នុងសួនឧស្សាហកម្មកាណាឌីយ៉ាដើម្បីធ្វើការគំរាមកំហែងដល់កម្មករទាំងនោះ។
ចេញផ្សាយ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤
នាទិវាអន្តរជាតិស្តីពីយុវជន ថ្ងៃទី១២ខែសីហា អង្គការ លីកាដូចេញផ្សាយនូវប្រវត្តិរូបយុវជនមួយចំនួនដែលជាសមាជិកនៃបណ្តាញក្រុមការពារកុមារ (CPGs)ហើយធ្វើការយ៉ាងសកម្មក្នុងការលើកស្ទួយសិទិ្ធកុមារនៅក្នុងសហគមន៍របស់អ្នកទាំងនោះ។ អង្គការ លីកាដូ ធ្វើការជាមួយក្រុមការពារកុមារចំនួន ៧៣ ក្រុម ដោយ ៦ក្រុមនៃក្រុមទាំងនោះ តំណាងឲ្យយុវជន និងមានសមាសភាពចំនួន ៨១នាក់ មកពីតំបន់គោលដៅចំនួន ៤ខេត្ត/រាជធានី គឺខេត្តកណ្តាល/រាជធានីភ្នំពេញ ព្រះសីហនុ កោះកុង និង ខេត្តសៀមរាប។ នាឆ្នាំនេះ សមាជិកក្រុមការពារកុមារជាយុវជនមួយចំនួនមកពីរាជធានីភ្នំពេញ/ខេត្តកណ្តាល បានចូលរួមប្រារព្ធទិវាអន្តរជាតិស្តីពីយុវជន នៅរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំ ដោយបណ្តាញយុវជនដទៃទៀត។ប្រធានបទនាឆ្នាំនេះគឺ “យុវជន ចលនាសង្គម និងការផ្លាស់ប្តូរ”។ ក្រុមអ្នកចូលរួមនិងអ្នករៀបចំបានដើរហែរក្បួនពីទីលានប្រជាធិបតេយ្យទៅកាន់វិមានរដ្ឋសភាជាតិ ជាកន្លែងដែលសមាជិកក្រុមការពារកុមារជាយុវជនបានដាក់ញត្តិអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យធ្វើការលើកកម្ពស់សិទិ្ធកុមារ។
ចេញផ្សាយ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤
កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០១៤ កងបញ្ជាការពិសេសលេខ ៩១១ បានបង្ក្រាបយ៉ាងហិង្សាមកលើកម្មកររោងចក្រដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូងឈ្មោះ យ៉ាក ជីង នៅខ័ណ្ឌពោធិ៍សែនជ័យក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់កាំបិត បំពង់ទីប ជំពាម ដំបង និងកាំភ្លើងពិតជាច្រើនប្រភេទដែលរួមមានទាំងកាំភ្លើង AK 47 ដើម្បីបំភិតបំភ័យ និងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងរបួស។ នៅថ្ងៃបន្ទាប់អាជ្ញាធររដ្ឋ បានប្រើប្រាស់កាំភ្លើងពិតដើម្បីបង្ក្រាបប្រជាពលរដ្ឋដែលកំពុងបាតុកម្មនៅតំបន់ឧស្សាហកម្មកាណាឌីយ៉ាតាមបណ្តោយផ្លូវ វេង ស្រេង ដែលបណ្តាលឲ្យប្រជាពលរដ្ឋចំនួនយ៉ាងតិច ៤នាក់ស្លាប់ និងរងរបួសហើយបញ្ជួនទៅកាន់មន្ទីពេទ្យយ៉ាងតិចចំនួន ៣៨ នាក់ ដែលក្នុងនោះមាន ២៥ នាក់បានរងរបួសដោយគ្រាប់កាំភ្លើង។ នៅថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០១៣ អាជ្ញាធរជាច្រើននាក់បានដេញអ្នកគាំទ្រគណបក្សប្រឆាំងចេញពីទីលានប្រជាធិបតេយ្យ ដោយប្រើប្រាស់ដំបង និងបំពង់ដែកជាច្រើន ដែលភាគច្រើននៃអ្នកទាំងនោះជាព្រះសង្ឃ ស្ត្រី និងកុមារ។ នៅខណៈពេលដែលមានភាពចលាចល កងកម្លាំងរបស់អាជ្ញាធររដ្ឋបានរារាំងអ្នកសារព័ត៌មាន និងក្រុមសិទិ្ធមនុស្សពីការចូលទៅក្នុងទីលានប្រជាធិបតេយ្យ។
ចេញផ្សាយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៣ ក្រុមប្រជាពលរដ្ឋជាច្រើន បានប្រារព្ធធ្វើទិវាបុណ្យសិទ្ធិមនុស្សនៅជុំវិញរាជធានី។ ព្រះសង្ឃជាច្រើនអង្គ និងក្រុមសង្គមស៊ីវិលដែលហែក្បួនអហិង្សា បានប្រមូលផ្តុំគ្នាក្នុងគោលបំណងតែមួយនៅមុខរដ្ឋសភា ជាតិ បន្ទាប់ពីការដើរហែក្បួនអស់រយៈពេល ១០ថ្ងៃ មកពីបណ្តាខេត្តផ្សេងៗគ្នា។ ក្រុមប្រជាពលរដ្ឋប្រមាណ ១,០០០នាក់ ដែលភាគច្រើនជាកម្មកររោងចក្របានប្រារព្ធទិវាបុណ្យនេះនៅវត្តភ្នំ។ ស្របពេលនោះដែរ គណបក្ស សង្គ្រោះជាតិ ក៏បានប្រារព្ធទិវានេះដែរ នៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមប្រមាណ ៥,០០០នាក់។ ថ្ងៃដដែលនោះ ត្រូវបញ្ចប់ ដោយមានភាពតានតឹងមួយបានកើតឡើង ដែលមានមនុស្សចំនួន ១៥នាក់ តវ៉ានៅមុខស្ថានទូត អាមេរិច ត្រូវបានបង្ក្រាប ដោយកងកម្លាំងរាជអាវុធហត្ថរាប់រយនាក់។
ចេញផ្សាយ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
កាលពីថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៣ ក្រុមសង្គមស៊ីវិល ដែលដឹកនាំដោយព្រះសង្ឃ បានចាប់ផ្តើមធ្វើធម្មយាត្រា-សិទិ្ធយាត្រា ពីទីតាំង ៥កន្លែងខុសៗគ្នាក្នុងខេត្តចំនួន ៥ មកតាមផ្លូវជាតិចំនួន ៥ មកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើកទី ៦៥ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូ។ គោលបំណងរបស់អ្នកទាំងនោះ គឺធ្វើការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា ចំងាយ ២០ គីឡូម៉ែត ក្នុងមួយថ្ងៃ និងធ្វើការជួបជុំគ្នាជាក្រុមធំនៅមុខវិមានរដ្ឋសភាជាតិ នៅថ្ងៃទី១០ ខែធ្នូ ដើម្បីបង្ហាញពីញត្តិ ការព្រួយបារម្ភ និងសំណូមពរពីប្រជាពលរដ្ឋ ដែលអ្នកទាំងនោះបានជួប ទៅដល់តំណាងរាស្ត្រដែលបានជាប់ឆ្នោត។ នៅតាមផ្លូវ អ្នកដើរក្បួន ក៏បានជួយផ្សព្វផ្សាយអំពីសិទិ្ធមនុស្ស និងផ្តល់នូវធម្មទេសនាដល់សហគមន៍ផងដែរ។
ចេញផ្សាយ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣
ក្នុងរយៈពេលបីថ្ងៃដែលគិតចាប់ពីថ្ងៃ ២៣ដល់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៣ មានប្រជាពលរដ្ឋជាង២៥,០០០នាក់ មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានធ្វើការប្រមូលផ្តុំគ្នាដោយអហិង្សាក្នុងរាជធានីសម្រាប់ការផ្លាស់ប្តូរនយោបាយ។ ប្រធានគណបក្សសង្គ្រោះជាតិ ប្រមូលបាន ២.៣លាន ស្នាមមេដៃ ដែលអំពាវនាវសូមឱ្យមានការស៊ីបអង្កេតឯករាជ្យមួយលើភាពមិនប្រក្រតី ដែលកើតមានឡើងលើការបោះឆ្នោតក្នុងខែកក្កដា ក៏ដូចជាអំពាវនាវឱ្យមានកំណែទម្រង់ការបោះឆ្នោត។ ដើម្បីធ្វើឱ្យស្របទៅនិងសន្ធិសញ្ញាទីក្រុងបារីសឆ្នាំ១៩៩១ ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រទាំងអស់បានដាក់ញត្តិរបស់ពួកគេទៅស្ថានទូតចំនួន៨ និង អង្គការសហប្រជាជាតិ ដើម្បីអំពាវនាវឱ្យប្រទេសជាហត្ថលេខី ប្រកាន់ខ្ជាប់ការសន្យាជួយធានាឱ្យបាននូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ចេញផ្សាយ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ព្រឹត្តិការណ៍នៃការតវ៉ាជាច្រើន បានកើតឡើងទូទាំងប្រទេសកម្ពុជា ដែលអ្នកចូលរួមទាំងអស់ប្រកាសប្រឆាំងចំពោះសំដីលើក ឡើងដោយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គុក ប្រល័យពូជសាសន៍ ទួលស្លែង គឺជាការប្រឌិតឡើងរបស់ វៀតណាម។ ការប្រមូលផ្តុំទាំងនោះ បានធ្វើឡើងបន្ទាប់ពីមានការតបតយ៉ាងខ្លាំងដោយគណបក្សកាន់អំណាច មកលើលោកកឹម សុខា ប៉ុន្មានសប្តាហ៍មុន។ ស្ថានីយ៍ទូរទស្សន៍ភាគច្រើន ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច បានមកផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍នេះ។
ចេញផ្សាយ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ សកម្មជនសហគមន៍បឹងកក់ជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅមុខស្ថានទូត កូរ៉េខាងត្បួងនៅរាជធានីភ្នំពេញ ដើម្បីអំពាវនាវសុំឲ្យមានការដោះលែងសកម្មជន បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានអង្គការលើកលែងទោសអន្តរជាតិ ផ្តល់នាមជា អ្នកទោសនៃមនសិការ កាលពីដើមឆ្នាំនេះ។ សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយសាមគ្គីភាពជាមួយនឹងការប្រមូលផ្តុំដូចគ្នា ក្នុងពេលតែមួយនៃសកម្មជនកូរ៉េ ខាងត្បូងដែលត្រូវបានចូលរួម ដោយសមាជិកម្នាក់នៃសហគមន៍បឹងកក់ នៅខាងមុខស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ការប្រមូលផ្តុំពីរកន្លែងផ្សេងគ្នាក្នុងប្រទេសពីរ ក្នុងពេលតែមួយនេះ ទទួលបានអ្នក គាំទ្រច្រើនបំផុត ដើម្បីធ្វើការដាក់លិខិតអំពាវនាវសុំឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ទៅកាន់មន្ត្រីទូតនានា។
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ មានកម្មករ កម្មការិនីរោងចក្រ មេដឹកនាំសហជីព សហគមន៍មូលដ្ឋាន ក្រុមអ្នករត់ម៉ូតូឧុប សិស្ស និស្សិត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកចូលរួមដទៃទៀតប្រមាណពី ៦,០០០ នាក់ ទៅ ៧,០០០ នាក់ បាន ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។ បន្ទាប់មកអ្នកទាំងអស់ បានធ្វើការដើរហែក្បួនចេញពី ទីលានសួនសេរីភាពទៅកាន់រដ្ឋសភាជាតិ ដើម្បីអំពាវនាវសុំឲ្យតំឡើង ប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យ ល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ ព្រមទាំងផ្តល់យុត្តិធម៌ដល់ ករណីលោក ប៊ន សំណាង និងសុក សំអឿន និងលោកឈូក បណ្ឌិត។ សៀវភៅរូបថតនេះ គឺជារូបភាពនៃការដើរហែក្បួន។
ចេញផ្សាយ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣
ថ្ងៃនេះ គឺជាថ្ងៃទី១៧៦ ដែលអ្នកស្រី យ៉ោម បុប្ផា បានស្ថិតក្នុងមណ្ឌលកែប្រែអប់រំទី២ ដែលជាពន្ធនាគារនៅជាយរាជធានីភ្នំពេញ។
អ្នកស្រី យ៉ោម បុប្ផា គឺជាអ្នកការពារសិទិ្ធមនុស្សមកពីសហគមន៍បឹងកក់ ដែលបានដើរ តួនាទីយ៉ាងសកម្ម ក្នុងចលនាដើម្បីអំពាវនាវ សូមឲ្យមានការដោះលែងស្ត្រីបឹងកក់ទាំង ១៣ ដែលជាក្រុមស្ត្រីដែលត្រូវបានតុលាការដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ២០១២ ទាក់ទងនឹងការតស៊ូការពារសិទិ្ធដីធ្លីរបស់អ្នកទាំងនោះ។ ស្ត្រីបឹងកក់ទាំង ១៣ ត្រូវបានដោះលែង កាលពីថ្ងៃទី ២៧ ខែមិថុនា ប៉ុន្តែអ្នកស្រី បុប្ផា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ហើយទទួលរងការចោទប្រកាន់ថា បានវាយបុរសម្នាក់ នៅតំបន់បឹងកក់។ ទោះជាអ្នកស្រីមិនមានគ្មានកំហុស អ្នកស្រីនៅតែត្រូវបានផ្តន្ទាទោស កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ហើយដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
ចាប់តាំងពីអ្នកស្រី ត្រូវបានតុលាការចាប់ខ្លួនមក អ្នកភូមិបឹងកក់ និងអ្នកគាំទ្រនានា បានចាប់ផ្តើមការតវ៉ាធំៗជាច្រើន ដើម្បីអំពាវនាវសូមឲ្យមានការដោះលែងអ្នកស្រី។ សៀវភៅរូបថតនេះ បានចងក្រងនូវព្រឹត្តិការណ៍ទាំងនេះមួយចំនួន។
ចេញផ្សាយ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២
កាលពីខែឧសភា ឆ្នាំ២០១២ សកម្មជន ១៥នាក់ ដែលមកពីសហគមន៍បឹងកក់នៅទីក្រុងភ្នំពេញ ត្រូវបានចាប់ខ្លួនទាក់ទងនឹងជម្លោះដីធ្លីដែលបង្ខំឲ្យប្រជាពលរដ្ឋជាច្រើនពាន់នាក់ចាកចេញពីតំបន់នោះ។ ១៣នាក់ក្នុងចំណោមអ្នកទាំង ១៥ ត្រូវបានផ្តន្ទាទោស និងជាប់ពន្ធនាគារ រីឯ២នាក់ទៀត ត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី១៥ ខែមិថុនា ប៉ុន្តែនៅតែប្រឈមមុខនឹងការចោទប្រកាន់ដដែល។ សៀវភៅរូបថតនេះ បង្ហាញពីរូបថត និងជីវប្រវត្តិរបស់សកម្មជនទាំង ១៥នាក់។
ចេញផ្សាយ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២
នៅថ្ងៃទី៣១ ខែឧសភា ក្រុមកុមារជាកូន និងចៅនៃ “អ្នកភូមិបឹងកក់ ១៥នាក់” (អតីតអ្នករស់នៅតំបន់សហគមន៍បឹងកក់ ដែលបានជាប់ពន្ធនាគារដោយសារជម្លោះដីធ្លី) បានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ ដើម្បីច្រៀងចម្រៀងគាំទ្រសាច់ញាតិរបស់គេ។
ចេញផ្សាយ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១
កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ វេលាម៉ោង៨ និង៣០នាទី ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង១០០នាក់ ដែលមកពីបណ្តា ២៣ខេត្តក្រុង បានប្រមូលផ្តុំគ្នា ដោយអហិង្សា ដើម្បីកាន់បង្ហាញញតិ្ត ដែលបិតជាប់នឹងក្រមាពណ៌ខៀវប្រវែង បណ្តោយ ២៣០ម៉ែត្រ នៅមុខរដ្ឋសភាជាតិ។ ញតិ្តទាំងនោះ បានសសេរជាភាសាខ្មែរ ដើម្បីដាក់ជូនទៅកាន់រាជរដ្ឋាភិបាលពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដើម្បីអំពាវនាវ សុំឲ្យ រដ្ឋាភិបាលបញ្ឈប់គោលបំណងរបស់ខ្លួន ក្នុងការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្តីពីសហជីពពាណិជ្ជកម្ម និងច្បាប់ស្តីពីសហករកសិករ ដែលបានដាក់កម្រឹតលើសិទ្ធិ សេរីភាព និងសិទ្ធិមូលដ្ឋាន របស់ប្រជាពលរដ្ឋកម្ពុជា
ចេញផ្សាយ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១
នៅដើមខែវិច្ឆិកា សកម្មជនបណ្តាញព្រៃឡង់ប្រមាណ ៣០០នាក់ បានធ្វើដំណើរ ចូលយ៉ាងជ្រៅទៅក្នុងព្រៃឡង់ ដើម្បីឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ដោយក្រុមហ៊ុន CRCK ដែលបាន ទទួលដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់នោះ។ គោលបំណង របស់សកម្មជន \"គឺដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់ បន្ថែមទៀតនៅតំបន់នោះ។ ការធ្វើដំណើរដោយស្មើជើង ជាច្រើនថ្ងៃ។ នេះ ជាឯកសារ បង្ហាញពីការធ្វើដំណើរ របស់ពួកគេ។
ចេញផ្សាយ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១
នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១ អ្នកភូមិបឹងកក់ប្រមាណជាង ២០០ នាក់ បានប្រមូលផ្តុំគ្នា ដោយអហិង្សានៅមុខតុលាការរាជធានីភ្នំពេញ ដើម្បីបង្ហាញពី ការគាំទ្រដល់តំណាងសហគមន៍ចំនួន ៦ នាក់ ដែលត្រូវបានតុលាការកោះហៅ។ ការកោះហៅនេះ មានទាក់ទងទៅពាក្យបណ្តឹង របស់អាជ្ញាធរមូលដ្ឋាន ដែលចោទប្រកាន់អ្នកទាំង ៦ នាក់ នោះពីបទបរិហាកេរ្តិ៍ និងធ្វើឱ្យមាន ការគំរាមកំហែង ខុសច្បាប់ និងការជេរប្រមាថ។
ចេញផ្សាយ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ អ្នកតវ៉ាជាច្រើននាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីតវ៉ាពីការកាប់បំផ្លាញព្រៃឡង់។ ការផ្តល់សម្បទានសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្កហានិភ័យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។
ចេញផ្សាយ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៣,០០០ នាក់ បានជួបជុំគ្នា ដើម្បីប្រារព្ធទិវាពលកម្មរន្តរជាតិ។ នេះជាសៀវភៅរូបថតឯកសារ នៃការដើរក្បួនរបស់ពួកគេពីទីតាំងក្បែរវត្តភ្នំ ឆ្ពោះទៅកាន់រដ្ឋសភាជាតិ។
ចេញផ្សាយ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១០
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៩៖ អ្នកភូមិជីក្រែងចំនួន៨០នាក់ បានធ្វើការតវ៉ាលើដី មានជម្លោះ ដើម្បីទាមទារឲ្យមានការអនុញ្ញាតធ្វើកសិកម្មលើ ដីជម្លោះនោះ។ អាជ្ញាធរបានចាត់វិធានការណ៍ ដោះស្រាយជម្លោះ ដោយការបាញ់ប្រហារទៅលើក្រុម អ្នកតវ៉ាទាំងនោះ ដែលជាលទ្ធផលនាំឲ្យមានអ្នកភូមិចំនួនបួន នាក់បានរងរបួស និងបីនាក់ផ្សេងទៀតត្រូវបានបញ្ចូលទៅកាន់មន្ទីរពេទ្យ។
ចេញផ្សាយ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតកន្លែងជាបណ្តោះអាសន្នមួយ សម្រាប់គ្រួសារ អ្នកផ្ទុកជំងឺអេដស៍ ដែលត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ នៅបុរីកីឡា ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ អោយទៅរស់នៅទីតាំងថ្មី ភូមិ ទួល សំបូរ នៅឯជាយរាជធានីវិញ។
ចេញផ្សាយ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៩
ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០០៩ កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ រាប់រយនាក់ បានជួយក្រុមហ៊ុនឯកជន មួយក្នុងការបណ្តញចេញ ប្រជាពលរដ្ឋ ដោយបង្ខំចេញពីសហគមន៍ដីក្រហម ដែលមានទីតាំងស្ថិតនៅចំកណ្តាល រាជធានីភ្នំពេញ។
ចេញផ្សាយ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨
កងយុទ្ធពលខេមរភូមិន្ទ នៃកងពលតូចលេខ ៣១ បានដឹកនាំក្រុមកម្លាំងប្រដាប់អាវុធ បណ្តេញប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយបង្ខំ នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត
ចេញផ្សាយ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០០៨
ការនិយាយលើជញ្ជាំង ជាសារដែលត្រូវបានសរសេរ ដោយអតីតអ្នក ជាប់ឃុំ នៅមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ រូបភាពថត ដោយអង្គការលីកាដូ ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០០៨ ។
ចេញផ្សាយ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៨
មជ្ឈមណ្ឌលសង្គមកិច្ចកោះគរ ជាកន្លែងឃុំខ្លួនខុសច្បាប់ ដែលបង្កើតដោយរដ្ឋាភិបាល។ រូបភាពថត ដោយអង្គការលីកាដូ ថ្ងៃទី១៧ និង ១៩ ខែមិថុនា ឆ្នាំ២០០៨ ។
ចេញផ្សាយ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨
គំនូរជាសិល្បៈកម្មមួយ ដែលបានប្រើជាមធ្យោបាយចុងក្រោយ របស់អង្គការលីកាដូ ដើម្បីបង្ហាញពីលក្ខខណ្ឌ ក្នុងពន្ធនាគារកម្ពុជា ពីជីវិតប្រចាំថ្ងៃរបស់ម្ដាយជាប់ ពន្ធនាគារជាមួយនឹងកូនៗរបស់ពួកគេ។
ចេញផ្សាយ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០០៧
សៀវភៅរូបថតមួយ ដែលពណ៌នាពីការប្រើប្រាស់អំពើហិង្សា ហួសប្រមាណ ពីសំណាក់ អាជ្ញាធរទៅលើក្រុមព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលបានប្រមូល ផ្តុំគ្នានៅខាងមុខស្ថានទូតវៀតណាម កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០០៧។
ចេញផ្សាយ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៧
កងយុទ្ធពលខេមរភូមិន្ទ នៃកងពលតូចលេខ ៣១ បានដឹកនាំក្រុមកម្លាំងប្រដាប់អាវុធ បណ្តេញប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដោយបង្ខំ នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត
ចេញផ្សាយ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៧
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០០៧ ក្រុមកម្លាំងចំរុះនៃកងកម្លាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ និងនគបាលស៊ីវិល ប្រហែលជា ១៥០នាក់ ប្រដាប់ដោយកាំភ្លើង ដំបងឆក់ ខែល និងឧស្មាន់បង្ហូរទឹកភ្នែក បានបណ្តេញប្រជាលពរដ្ឋ ដោយបង្ខំ ចំនួន ១៥០ គ្រួសារ នៅស្រុកមិត្តភាព ខេត្តព្រះសីហនុ។
ចេញផ្សាយ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧
បន្ថែមពីលើកម្មវិធីសុខភាពក្នុងពន្ធនាគារ ក្រុមគ្រូពេទ្យអង្គការលីកាដូ ជារើយៗត្រូវ បានអំពាវនាវក្នុងកិច្ចការការងារជួយសង្គ្រោះបន្ទាន់ នៅពេល ដែលមានករណី បណ្តេញចេញពីដីធ្លី និងនៅកន្លែងតាំងទីលំនៅថ្មី។
ចេញផ្សាយ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០០៧
សហគមន៍ស្រែអំបិលរស់នៅក្នុងស្ថានភាពប្រឈមនូវការបាត់បង់ដីធ្លីរបស់ពួកគេ ដោយសារការផ្តល់ដីសម្បទានទៅអោយសមាជិកសភាពនៃគណបក្សកាន់អំណាច។
ចេញផ្សាយ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧
ការប្រើប្រាស់រូបភាពគំនូរសិល្បៈនៅក្នុងវគ្គបណ្តុះបណ្តាលអំពីសិទ្ធិស្រ្តី ដើម្បីពន្យល់ បង្ហាញទៅដល់សហគមន៍ អំពីការប្រើអំពើហិង្សាក្នុងគ្រួសារ និងការ ជួញដូរ។
ចេញផ្សាយ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦
រូបភាពពណ៌នាពីមួយថ្ងៃទៅមួយថ្ងៃ នៃព្រឹត្តិការណ៍បណ្តញចេញនៅភូមិសំបុក ចាប។
ចេញផ្សាយ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៦
ការរំលឹកឡើងវិញពីការប្រមូលផ្តុំរបស់កម្មករកម្ពុជា នៅថ្ងៃទិវាពលកម្មអន្តរជាតិ ឆ្នាំ២០០៦
ចេញផ្សាយ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៦
សិស្សសាលាជាច្រើនមានអាយុចាប់ពី១១ ឆ្នាំ ដល់១៧ឆ្នាំ បានចូលរួមប្រកួតប្រជែង ក្នុងកម្មវីធី គូរគំនូរ ដើម្បីប្រារព្ធទិវាសិទ្ធិកុមារ នៅប្រទេសកម្ពុជា។
ចេញផ្សាយ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦
សៀវភៅរូបថតតូចមួយនេះ ចងក្រងអំពីព្រឹត្តិការណ៍ថ្មីៗ ពីការដោះលែងសមាជិក នៃក្រុមសង្គមស៊ីវិលចំនួន ៥នាក់ ដែលត្រូវបានគេបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
អង្គការលីកាដូ ធ្វើការទៅលើសកម្មភាពលើកកម្ពស់ សិទ្ធិស្រ្តី និងបង្កើន ការយល់ដឹង ពីបញ្ហាយេនឌ័រ។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការិយាល័យអប់រំសិទ្ធិមនុស្ស លើកកម្ពស់ការយល់ដឹង និងស្វែងយល់អំពី សិទ្ធិមនុស្ស អោយកាន់តែប្រសើរឡើងនៅ ប្រទសកម្ពុជា តាមរយៈកម្មវិធីជាច្រើន។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស គឺជាករិយាល័យស្នូលរបស់អង្គការលីកាដូ ដែលធ្វើការដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងតួនាទីច្បាប់នៅកម្ពុជា។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការយកចិត្តទុកដាក់ ត្រូវបានផ្តល់ដោយការិយាល័យពេទ្យ គឺជាផ្នែកមួយដ៏សំខាន់ នៃសេវាកម្មរបស់អង្គការលីកាដូ ដើម្បីផ្តល់ជូន ដល់ជនរងគ្រោះនូវការព្យាបាលដោយផ្ទាល់ ការធ្វើអន្តរាគមន៍ទៅប្រព័ន្ធសុខភាពសាធារណៈ និងផ្តល់នូវដំណើរការ ស្របច្បាប់។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
គម្រោងប្រឆាំងទៅនឹងការធ្វើទារុណកម្ម ជួយដល់ជនរងគ្រោះដែលទទួលរងការធ្វើទារុណកម្ម ជាមួយនឹងសេវាកម្មដ៏ទូលាយសម្រាប់ការស្តារឡើងវិញទាំងផ្លូវចិត្ត និងផ្លូវកាយ។ គ្រាន់តែជាប្រភេទជាកម្មវីធីមួយប៉ុណ្ណោះ ដែលមានក្នុងប្រទេសកម្ពុជា។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការិយាល័យសិទ្ធិកុមារ លើកកម្ពស់ និងការពារសិទ្ធិរបស់កុមារ តាមរយៈធ្វើការជាមួយនឹងបណ្តាញនានា ការឃ្លាំមើល និងសកម្មភាពតស៊ូមតិផ្សេងៗ។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការិយាល័យសិទ្ធិកុមារ បានបង្កើតបណ្តាញចល័តជាច្រើន ដើម្បីធ្វើការឃ្លាំមើលពីការប្រព្រឹត្តិលើ ពលកម្ម កុមារក្នុងទម្រង់ធ្ងន់ធ្ងរ និងការជួញដូរ កុមារ នៅក្នុងសហគមន៍នានា។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ការិយាល័យសិទ្ធិកុមារ បានបង្កើតសម្ភារៈអប់រំសិទ្ធិកុមារ និងចុះចូលរួមបង្រៀន ដើម្បីណែនាំពីសិទ្ធិកុមារទៅដល់កុមារ ព្រមទាំងយុវជន។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
រូបភាពទាំងឡាយ នៃការងារសិទ្ធិមនុស្ស និងដំណើរការវិវឌ្ឈន៍លទ្ធិប្រជាធិបត្យ។
ចេញផ្សាយ ថ្ងៃទី១ ខែមករា ឆ្នាំ២០០៣
ទិដ្ឋភាពអំពីជីវិតរស់នៅប្រចាំថ្ងៃនៅប្រទេសកម្ពុជា និងប្រជាពលរដ្ឋដែលទទួលនូវសេវារបស់អង្គការលីកាដូ។