អត្ថបទខ្លីៗ

សកម្មជនអង្គការ​មាតាធម្មជាតិ​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​ការ​ថតសកម្មភាព​បូមខ្សាច់

ចេញផ្សាយ ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៧
F T M
លោក ឌឹម គុនឌី និងលោក ហ៊ុន វណ្ណៈ។ រូបថតដោយ មាតាធម្មជាតិ។

សកម្មជន​​មាតា​ធម្មជាតិ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈពេល​ដែលកំពុង​ថត​សកម្មភាព​បូមខ្សាច់​នៅក្នុង​ខេត្ត​កោះកុង និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថាជាប់​សង្ស័យ​ពីបទ​ប៉ះពាល់​​សិទ្ធិខាង​រូបភាព​នៃ​បុគ្គលនិង​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ លោក​ ឌឹម គុនឌី​ និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ស្រុក​គិរីសាគរ​កាលពី​ថ្ងៃអង្គារ​ម្សិល​មិញ​ គឺត្រឹមតែ​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីអង្គការ​​មាតា​ធម្មជាតិ​ បាន​បង្ហោះ​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​ប្រព័ន្ធ​អ៊ីនធើណេត​ដែល​ពណ៌នា​អំពី​ការ​​នាំចេញ​ខ្សាច់​ស៊ីលីកា​ទៅកាន់​តៃវ៉ាន់។​

វីដេអូ​​នោះ ​មាន​អ្នក​ចូលមើល​រហូត​ជិត​១លាន​​នាក់​នៅលើ​បណ្ដាញ​សង្គម​ហ្វេសបុក។​ ក្រុម​សកម្មជន​ទាំងនេះ​បាន​ធ្វើការ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​បង្ហាញ​ពី​ភាព​ខុសគ្នា​នៃ​តួលេខ​ពាណិជ្ជកម្ម​ដែល​បញ្ជាក់​ពី​ការ​នាំ​ចេញ​ខ្សាច់​ទ្រង់ទ្រាយ​ធំ​ទៅកាន់​ប្រទេស​ជាច្រើន​រួមមាន​ប្រទេស​ឥណ្ឌា​និង​សិង្ហបុរី​ជាដើម។

ប្រសិន​បើត្រូវ​បាន​ផ្ដន្ទាទោស​លើ​បទចោទ​ទាំង​ពីរ សកម្មជន​ទាំង​ពីរនាក់​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់​២ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ជា​អតិបរមា​ចំនួន​ ៦លាន​រៀល​ យោង​តាម​មាត្រា​៤៩៥​ស្ដីពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​និង​មាត្រា​៣០២​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែងពី​អំពើ​ថត​រូបភាព​នៃបុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ដោយ​គ្មាន​ការ​ព្រមព្រៀង​​។

កាលពី​ខែ​សីហា​ ឆ្នាំ​២០១៥ ​សកម្មជន​មាតា​ធម្មជាតិ​៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈដែល​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​បូមខ្សាច់​ដោយ​ខុសច្បាប់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១ឆ្នាំកន្លះ​។ ចំណែក​ឯស្ថាបនិក​នៃ​មាតា​ធម្មជាតិ​ លោក​ Alejandro Gonzalez-Davidson (អាឡិច) ​ដែល​មាន​សញ្ជាតិ​អេស៉្បាញ​ ត្រូវ​បាន​ឃាត់​ខ្លួន​និង​បណ្ដេញ​ចេញ​ពីប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា