អត្ថបទខ្លីៗ

៧ឆ្នាំកន្លង​ផុតទៅ​ គ្រួសារ​ជនរងគ្រោះ​នៅតែទាមទារ​រកយុត្តិធម៌​លើករណី​បាញ់ប្រហារ​នៅផ្លូវវេងស្រេង

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២១
F T M
អ្នកស្រី​ អ៊ីន លក្ខិណា ​ម្ដាយ​របស់​កម្មករ​ដែលបាត់ខ្លួន​ឈ្មោះ ខឹម សុផាត​ កំពុង​ធ្វើការ​បួងសួង​នៅខាងមុខ​រូបថត​ជនរងគ្រោះ​នៃការ​បាញ់ប្រហារ​នៅមហាវិថី​វេងស្រេង​ អំឡុងពេល​ប្រារព្ធពិធី​រំលឹក​ខួប៧ឆ្នាំ​នៃការបង្ក្រាប​នេះ ។​

នាព្រឹកនេះ​ សមាជិក​សហជីព​ សកម្មជនដីធ្លី​ និង​សមាជិក​សង្គម​ស៊ីវិល​ប្រមាណជា​ ៨០នាក់​ បានជួបជុំ​គ្នានៅ​ការិយាល័យ​ផ្ទះសាមគ្គី​ នៅក្នុង​រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធ​ពិធីរំលឹកខួប៧ឆ្នាំ​នៃការបាញ់ប្រហារ​នៅលើមហាវិថីវេងស្រេង​ ដែលកងកម្លាំង​សមត្ថកិច្ច​បានវាយប្រហារ​ដោយគ្រាប់កាំភ្លើង​បាញ់ទៅលើ​កម្មករ-កម្មការិនី​ដែលកំពុង​ធ្វើកូដកម្ម​ ដោយបានធ្វើឱ្យ​មនុស្សយ៉ាងតិច​៤នាក់ស្លាប់​ ម្នាក់បាត់ខ្លួន​ និងរងរបួសរាប់សិបនាក់​ផ្សេងទៀត ។​

ពិធីបែប​ព្រះពុទ្ធសាសនា​ និងរំលឹក​ការចងចាំ​ ត្រូវបាន​ធ្វើឡើង​ ដើម្បីចងចាំ​ការបាញ់ប្រហារ​នៅថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤​ ខណៈសមាជិក​គ្រួសារ​របស់ជនរងគ្រោះ​ដែលបានស្លាប់​និងបាត់ខ្លួន​ នៅតែបន្តការ​អំពាវនាវ​ឱ្យស្វែងរក​យុត្តិធម៌​សម្រាប់​មនុស្សជាទី​ស្រឡាញ់​របស់ពួកគាត់ ។ ​

កម្មករ៤នាក់​ ដែលត្រូវបាន​បាញ់សម្លាប់​មានឈ្មោះ ​លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល ។​ កម្មករម្នាក់ទៀត​ឈ្មោះ លោក ខឹម សុផាត​ ត្រូវបាន​បាត់ខ្លួន​តាំងពីពេលបាញ់ប្រហារ​នោះមក​ និងត្រូវបាន​ឃើញចុងក្រោយ​នៅកន្លែង​ឃុំឃាំង​របស់កងកម្លាំង​សមត្ថកិច្ច​ ដោយមាន​រងរបួសគ្រាប់កាំភ្លើង​ចំផ្នែកពោះ ។​

អ្នកស្រី ​អ៊ីន លក្ខណា ​ម្ដាយរបស់សុផាត​ បានអំពាវនាវ​ឱ្យអាជ្ញាធរ​ជួយស្វែងរក​យុត្តិធម៌​ជូនកូន​របស់គាត់ ។ ​“អស់រយៈពេល​៧ឆ្នាំមកហើយ​ ដែលខ្ញុំបាន​ទន្ទង់រង់ចាំ​កូនរបស់ខ្ញុំ​ ប៉ុន្តែមិនទាន់​ឃើញមាន​លទ្ធផលអ្វីទេ ។​ ខ្ញុំសូមសំណូមពរ​ឱ្យអង្គការ​ក្រៅរដ្ឋាភិបាល​ទាំងអស់​ ទាំងជាតិ​និងអន្តរជាតិ​ ជួយរក​យុត្តិធម៌សម្រាប់​កូនខ្ញុំផង” ​។

អ្នកស្រី ​ឈីវ សារុន​ ភរិយា​របស់លោក​ យាន រឹទ្ធី ​បានសំណូមពរ​ដូចគ្នាថា ​“ខ្ញុំសំណូមពរឱ្យ​អង្គការទាំងអស់​ ទាំងជាតិ​និងអន្តរជាតិ​ ជួយរក​យុត្តិធម៌​សម្រាប់ប្ដីខ្ញុំផង” ។​

នៅមុនថ្ងៃ​បាញ់ប្រហារ​នៅលើមហាវិថី​វេងស្រេង​ឆ្នាំ២០១៤ ​កងកម្លាំង​ទាហាន​ប្រដាប់​អាវុធ​មកពីអង្គភាព​បញ្ជាការ​ពិសេស​៩១១​ បានវាយ​ដំកម្មករ​ និងចាប់ខ្លួន​ ប្រធាន​សហជីព​និងកម្មករ​ចំនួន១០នាក់​ នៅខាងមុខ​រោងចក្រ​យាកជីន​ ក្នុងរាជធានីភ្នំពេញ ។​ អ្នកតវ៉ា​ពេលនោះ​កំពុងធ្វើការ​ទាមទារ​ឱ្យមានប្រាក់ឈ្នួល​អប្បរមា​ចំនួន ១៦០ដុល្លារ ។​ ក្រៅពីការស្លាប់​របស់​មនុស្ស៤នាក់​ និងបាត់ខ្លួនម្នាក់​ ការបង្រ្កាប​នៅផ្លូវវេងស្រេង ​ដែលបានកើតឡើង​អំឡុងពេល​គណបក្ស​ជំទាស់​ធ្វើពហិកា​មិនចូលរួម​ប្រជុំសភា​ដោយសារបញ្ហាចម្រូងចម្រាស​នៃលទ្ធផល​បោះឆ្នោតជាតិ ​បានធ្វើឱ្យ​មនុស្ស៣៨នាក់​រងរបួសធ្ងន់និងស្រាល​ និងត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ ។​

ជាផ្នែកមួយ​នៃការបង្រ្កាបទាំងនេះ ​ប្រធានសហជីព​និងសកម្មជន​ចំនួន២៣នាក់ ​ក៏ត្រូវបាន​ចាប់ខ្លួន​ ចោទប្រកាន់​ និងឃុំខ្លួន​ក្នុងពន្ធនាគារ​រយៈពេល៥ខែ​ផងដែរ ។​ មកទល់ពេលនេះ ​គ្មានសមាជិក​កងកម្លាំងសន្ដិសុខ​ ឬកងកម្លាំង​ប្រដាប់អាវុធ​ណាម្នាក់ ​ត្រូវបាន​ព្យួរពីការងារ​ ឬផ្ដន្ទាទោស ​ពាក់ព័ន្ធនឹងការស្លាប់​របស់កម្មករ​ទាំងនេះទេ ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា