សេចក្តីថ្លែងការណ៍

អង្គការ លីកាដូ សូម​ថ្កោល​ទោស​ការ​ប្រើប្រាស់​អំពើ​ហិង្សា​កាលពី​ព្រឹក​មិញ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ

ចេញផ្សាយ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០១៤
F T M

អង្គការ លីកាដូ មានការ​សោក​ស្តាយ​ជាខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​កាលពី​ព្រឹក​មិញ​នេះ រវាង អាជ្ញាធរ និងបាតុករ នៅពេល​មានការ​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការប្រមូល​ផ្តុំ​នាព្រឹក​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រែក្លាយ​ជាមាន​អំពើ​ហិង្សា​ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​រំខាន​ពី​កង​សន្តិសុខ​ជាច្រើន ហើយ​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​រងរបួស ដោយ​អ្នក​ដែល​រងរបួស​ធ្ងន់ធ្ងរ​បំផុត​គឺក្រុម​សន្តិសុខ​ខណ្ឌ ដែល​ត្រូវបាន​ពង្រាយ​នៅទីនោះ​ដើម្បី​​រារាំង​​ពី​ការ​ជួប​​ជុំ​​របស់​​បាតុករ​​ទាំង​អស់​​នៅ​ទី​នោះ។

ការជួបជុំតវ៉ា គឺក្នុង​គោល​បំណង​​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទៅលើ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​ត្រូវ​បាន​បិទ​អស់រយៈពេល​ជាច្រើន​ខែ​មក​ហើយ ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ហាម​ឃាត់​ការ​ជួបជុំ​ជា​សាធារណៈ ដែល​ការ​ហាម​ឃាត់​នេះ​ត្រូវ​បាន​ដាក់​ចាប់​តាំងពី​ដើមខែ​មករា បន្ទាប់ពី​មាន​ការ​បង្ក្រាប​ដែល​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ទៅ​លើ​បាតុកម្ម​របស់​ក្រុម​កម្មករ​រោងចក្រ និង​ការ​បញ្ឈប់​ការ​ប្រមូល​ផ្តុំ​អហិង្សា​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ទីលាន​ប្រជា​ធិបតេយ្យ កាលពី​ថ្ងៃទី​២ និង​ទី៤ ខែ​មករា។ ចាប់តាំង​ពី​ការ​ដាក់​បម្រាម​មក ការ​តវ៉ា​ជាច្រើន​នៅ​ជុំវិញ​ទីលាន​ប្រជា​ធិបតេយ្យ ត្រូវ​បាន​បំបែក​យ៉ាង​ហិង្សា​ដោយ​កង​សន្តិសុខ​ខណ្ឌ​របស់​អាជ្ញាធរ​រដ្ឋ​ជាច្រើន។ បាតុករ និង​អ្នក​សារ​ព័ត៌​មាន​ជាច្រើន​នាក់ ត្រូវ​បាន​វាយ​ឲ្យ​របួស​ធ្ងន់​ធ្ងរ។ តំណាង​រាស្ត្រ​ដែល​បាន​ជាប់​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មួរ សុខហួរ បាន​ទៅ​កាន់​ទី​លាន​ប្រជា​ធិបតេយ្យ​ជា​ច្រើន​ដង ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​អ្នកស្រី​ជា​ច្រើន​នាក់ និង​អំពាវនាវ​ឲ្យ​មាន​ការ​ជួបជុំ​ដូចនេះ​ជាច្រើន​ដង​ផង​ដែរ។ នាថ្ងៃ​នេះ ការ​ប្រមូល​ផ្តុំ​មាន​សភាព​ធំ​ជា​ការ​ប្រមូល​ផ្តុំ​កាល​ពី​ពេល​មុន ដោយ​រួម​មាន​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ហើយ​និង​អ្នក​គាំទ្រ​ប្រមាណ​ជាង ៣០០ នាក់។

នៅវេលា​ម៉ោង ៨ ព្រឹក អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្តើម​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ ក្នុង​គោល​បំណង​ធ្វើ​បាតុកម្ម។ អ្នក​គាំទ្រ​ទាំងនោះ​បាន​ជួប​ជាមួយ​នឹង​កង​សន្តិសុខ​ខណ្ឌ​ប្រមាណ ៦០ នាក់ ដែល បាន​ប្រើប្រាស់​នូវ​ពាក្យ​សំដី​បែប​ហិង្សា​មិន​គប្បី និង​រុញ​ច្រាន​អ្នក​គាំទ្រ​ទាំង​នោះ​ចេញ​ពី​កន្លែង​ដែល​គ្រោង​នឹង​ឈរ​ធ្វើ​បាតុកម្ម។ នៅម៉ោង​ប្រហែល ៨ កន្លះព្រឹក តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ បាន​មក​ដល់​ចុងម្ខាង​នៃ​ទីលាន​ប្រជាធិបតេយ្យ​ជាមួយ​នឹង​អ្នក​គាំទ្រ​យ៉ាង​ច្រើន ដោយ​មាន​កាន់​ទង់​ជាតិ និង​បដា​ជាច្រើន។

មួយសន្ទុះក្រោយមក នៅពេល​ដែល​បាតុករ​មួយ​ក្រុម​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្នែក​ខាងជើង​នៃ​ទីលាន​ប្រជា​ធិបតេយ្យ ដើម្បី​ដាក់​បដា​យ៉ាង​ធំ​វែងមួយ សរសេរ​ថា “ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ” នៅលើ​របង​បន្លា​លួស ដែល​ត្រូវ​បាន​ដាក់​បិទ​ទីលាន​ប្រជា​ធិបតេយ្យ កង​សន្តិសុខ​ខ័ណ្ឌ​បាន​ដើរ​ទៅ​កាន់​អ្នក​ទាំង​នោះ​បែប​ហិង្សា ដើម្បី​ទៅ​ដក​នូវ​បដា​នោះ​ចេញ ហើយ​ចាប់​ផ្តើម​វាយ​ទៅលើ​បាតុករ​ទាំងនោះ​ដោយ​ដំបង​ឈើ​ជា​ច្រើន។ បាតុករ​ជាច្រើន​បាន​ដក​ថយ​យ៉ាង​លឿន ហើយ​ក៏ចាប់​ផ្តើម​វាយ​ទៅលើ​ក្រុម​សន្តិសុខ​ទាំង​នោះ​វិញ ដោយ​មនុស្ស​មួយ​ចំនួន​បាន​រើស​ដំបង​ឈើ​ដែល​ក្រុម​សន្តិសុខ​ទាំង​នោះ​ប្រើប្រាស់ ទៅ​វាយ​លើ​ក្រុម​សន្តិសុខ​ទាំងនោះ​វិញ។ បាតុករ​មួយ​ចំនួន ទៀត​បាន​ព្យាយាម​ការពារ ដោយ​មិនឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ហើយ​អ្នក​នយោបាយ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ក៏ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​នោះ មិន​ឲ្យ​ប្រើប្រាស់​អំពើ​ហិង្សា​តបត​វិញ​ដែរ។

នគរបាលនៅ​ក្នុងទីលាន​ប្រជាធិបតេយ្យ បាន​បាញ់​គ្រាប់​បែក​ផ្សែង​ជាច្រើន​ទៅកាន់​ក្រុម​បាតុករ និង​សន្តិសុខ​ខណ្ឌ ដើម្បី​បំបែក​ក្រុម​ទាំងពីរ​មួយ​រយៈពេល​ខ្លី។ កង​សន្តិសុខ​ជាច្រើន បាន​រត់​គេចពី​ក្រុម​បាតុករ ប៉ុន្តែ​កង​សន្តិសុខ​ជា​ច្រើន ត្រូវ​បាន​ដេញ​តាម និង​វាយ​ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ។ អំពើ​ហិង្សា​បាន​ថម​ថយ ដោយ​បាតុករ អ្នក​សង្កេត​ការណ៍ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​បញ្ឈប់​អំពើ​ហិង្សា។

ភ្លាមៗបន្ទាប់ពីនោះ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​លើក​ទីពីរ បាន​ចាប់​ផ្តើម ដែល​បណ្តាល​ឲ្យ​ទាំង​កង​សន្តិសុខ​ខណ្ឌ និង​បាតុករ​រង​របួស​រៀងៗ​ខ្លួន។ អ្នក​សង្កេត​ការណ៍​អង្គការ លីកាដូ បាន​បញ្ជាក់​ថា យ៉ាង​តិច​ណាស់​មាន​កង​សន្តិសុខ ១០ នាក់ និង​បាតុករ ៦នាក់ បាន​រង​របួស។ អ្នក​ដែល​រង​របួស​ខ្លាំង​បំផុត គឺខាង​កង​សន្តិសុខ​ខណ្ឌ។

នៅខណៈដែលអំពើ​ហិង្សា​​កំពុង​កើត​​ឡើង អ្នក​ស្រី មួរសុខហួ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​ទៀត គឺ​លោក មៀន ថាវរិទិ្ធ និង​លោក កែវ ភារម្យ ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។ ក្រោយ​មក លោក ហូ វណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​លោក​បាន​ចូល​ទៅក្នុង​ស្នងការ​នគរបាល​ដោយ​ស្ម័គ្រ​ចិត្ត។

អំពើហិង្សា​នា​ព្រឹកនេះ បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​អស់​រយៈ​ពេល ប្រាំ​មួយ​ខែ ទៅ​លើ​សេរីភាព​នៃ​ការ​ជូបជុំ​ដោយ​អហិង្សា ដែល​ជា​រឿយៗ​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅលើ​ប្រជា​ពលរដ្ឋ ដោយ​ក្រុម​កង​កម្លាំង​របស់​អាជ្ញាធរ​រដ្ឋ ជាពិសេស​ក្រុម​កង​សន្តិសុខ​ខណ្ឌ ដែល​តែង​តែ​ឈរ​នៅ​ជួរ​មុខ​ក្នុង​ការ​បង្ក​អំពើ​ហិង្សា។ រហូត​មក​ដល់​ថ្ងៃនេះ មិន​ទាន់​មាន​សន្តិសុខ ឬ​អាជ្ញាធរ​ដែល​បញ្ជា​ឲ្យ​ប្រើ​ប្រាស់​ហិង្សា​បំបែក​ការ​ប្រមូល​ផ្តុំ​ដោយ​អហិង្សា​ណា​មួយ ត្រូវបាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ។

ណាលី ពីឡូក នាយិកា អង្គការ​សិទិ្ធ​មនុស្ស លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំមាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​កាល​ពី​ព្រឹក​មិញ​នេះ។ ការ​ជួបជុំ​តូច​មួយ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្តិវិធី ដែល​បាន​ប្រែ​ក្លាយ​ជា​អំពើ​ហិង្សា​យ៉ាង​លឿន​នេះ គឺ​ជា​ការណ៍​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាទី​បំផុត។ អង្គការ លីកាដូ សូម​អំពាវ​នាវ​យ៉ាង​ទទូច​ថា ទោះជា​អំពើ​ហិង្សា​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ភាគី​ណា​ក៏ដោយ ក៏សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ តម្លាភាព និង​យុត្តិធម៌ ឲ្យបាន​កាន់តែ​ឆាប់​កាន់​តែ​ល្អ ហើយក៏​សូម​អំពាវនាវ សូមឲ្យ​មាន​ការ​អត់ធ្មត់​ពី​គ្រប់​ភាគី​ទាំង​អស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 នាយិកាអង្គការ លីកាដូ អ្នកនាង ណាលី ពីឡូក, ទូរស័ព្ទលេខ៖ ០១២ ៨០៣ ៦៥០ (ភាសាបារាំង និង អង់គ្លេស)
 អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ លោក អំ សំអាត, លេខទូរស័ព្ទ៖ ០១២ ៣២៧ ៧៧០ (ជាភាសាខ្មែរ)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា