សេចក្តីថ្លែងការណ៍

សមាគម អាដហុក អង្គការ លីកាដូ និង​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ សូម​អំពាវ​នាវឲ្យ​មានការ​ដោះលែង​សកម្មជន និង​អ្នកឃ្លាំ​មើលទាំង ១៧នាក់ ជាបន្ទាន់

ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៥; ក្រុមសង្គមស៊ីវិល
F T M

Photo credit: Sorn Chandara

សហគមន៍ មាន​ការ​សោកស្តាយ​យ៉ាងខ្លាំង និង​សូម​អំពាវ​នាវ សូមឲ្យ​មានការ​ដោះលែង អ្នកតវ៉ា អ្នកឃ្លាំ​មើលការ​រំលោភ​សិទិ្ធ​មនុស្ស និង​អ្នកសារ​ព័ត៌មាន ចំនួន ១៧ នាក់ ជាបន្ទាន់។ អ្នក​ទាំងនោះ ត្រូវបាន​ឃាត់ខ្លួន​អស់ជា​ច្រើនម៉ោង នៅឯ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង ក្នុងអំឡុង​ពេល​មាន​ការប្រមូល​ផ្តុំគ្នា​អំពាវនាវ​សុំឲ្យ​មាន​ដំណោះស្រាយ​មួយទៅ​លើជម្លោះ​ដីធ្លី​របស់សហគមន៍​ជីខ​ក្រោម។ ក្រុមប្រជា​ពលរដ្ឋ​ដែល​ប្រមូលផ្តុំ មាន​សមាជិក​ជាយុវជន និង​សកម្មជន​ដីធ្លីចំនួន ៥០នាក់ ដែល​អ្នកទាំងនោះ​ក៏បាន​ចូលរួម​នៅក្នុងការ​តវ៉ាអហិង្សា​ជារៀង​រាល់​ថ្ងៃ​ផង​ដែរ ក្នុងការ​ជំទាស់​នឹងការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​ចំនួនបីនាក់ ដែលមក​ពីអង្គការ​មាតា​ធម្មជាតិ ចាប់តាំង​ពីថ្ងៃទី១៩ ខែសីហា​មក។

កាលពីព្រឹកមិញ ក្រុម​យុវជន និង​សកម្មជន​ដីធ្លី បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្ត​កោះកុង ដើម្បី​គាំទ្រ​អ្នក​តំណាង​សហគមន៍​ជីខក្រោម​ចំនួន ៩នាក់ ដែល​ត្រូវបាន​កោះហៅ​ឲ្យចូល​បំភ្លឺក្នុង​នាមជា​សាក្សី និង​ដើម​បណ្តឹង នៅក្នុង​តុលាការ​នាថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​រយៈពេល ៦ឆ្នាំ​មកហើយ ជាមួយ​នឹង​ក្រុមហ៊ុន​មួយ​ដែលមាន​ម្ចាស់ជា​ឧកញ៉ា​ឈ្មោះ ហេង ហ៊ុយ។ សហគមន៍ មាន​បំណង​ដាក់ញត្តិ​នៅពេល​ដែល​កំពុង​អំពាវនាវ​សុំឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះដីធ្លី​របស់អ្នក​ទាំងនោះ។

នៅម៉ោងប្រមាណ ១០ និង៣០នាទី ព្រឹក នគរបាល បាន​នាំអ្នក​ឃ្លាំមើល​ការរំលោភ​សិទិ្ធ​មនុស្ស (រួមទាំង​បុគ្គល​​ពេទ្យ​​ពីអង្គការ​​មិនមែន​​រដ្ឋាភិបាល ១រូប​​ផងដែរ) និង​អ្នក​សារ​ព័ត៌មាន​​ចំនួន ២នាក់ ចេញ​ពីការ​​តវ៉ា​​ដែល​នៅ​ក្បែរ​តុលាការ​​ខេត្ត​​កោះកុង ហើយ​​បញ្ជូន​​អ្នក​ទាំង​នោះ​ទៅ​​ស្នងការ​​ដ្ឋាន​​នគរបាល​​ខេត្ត។ បន្ទាប់មក អាជ្ញាធរ​​ជាច្រើន បាន​ចាប់​​អ្នក​​តវ៉ា និង​​សកម្មជន​​ចំនួន ៧នាក់ ហើយ​​និង​​បំបែក​​ប្រជាពលរដ្ឋ​​ដទៃ​​ទៀត​​ពីការ​ប្រមូលផ្តុំ។ កាលពី​​ព្រឹក​មិញ​នេះ ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ត្រូវបាន​នគរបាល​និង​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ទៀត ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់​ដើម្បី​មក​តវ៉ា​ប្រឆាំង​តប រារាំង​ពីការ​ប្រមូល​ផ្តុំគ្នា​នៅ​ក្រៅ​តុលាការ។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “សកម្មភាព​នេះ គឺ​ច្បាស់​ណាស់​ជាការ​តបត​មកវិញ​ចំពោះ​សកម្មភាព​តវ៉ា​អហិង្សា​រយៈពេល​បីសប្តាហ៍​កន្លង​មក​នេះ ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​សកម្មជន​មាតា​ធម្មជាតិ អ្នក​គាំទ្រ​សកម្មជន និង​សហគមន៍​ក្នុង​តំបន់។” អ្នកនាង​បាន​បន្ត​ទៀត​ថា៖ “ការឃាត់​ខ្លួន​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទិ្ធ​មនុស្ស អ្នក​សារព័ត៌​មាន និង​បុគ្គលិក​ពេទ្យ ក៏ដូចជា​អ្នក​តវ៉ា គឺជា​វិធីសាស្ត្រ​គួរឲ្យ​ព្រួយ​បារម្ភ​មួយ​ផ្សេង​ទៀត ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​អាជ្ញាធរ​រដ្ឋ ក្នុងការ​បំភិត​បំភ័យ និង​គាប​សង្កត់​លើ​ក្រុម​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែល​សម្តែង​ការមិន​ពេញចិត្ត​ដោយ​អហិង្សា​របស់​អ្នក​ទាំង​នោះ។”

អ្នកតវ៉ាចំនួន ១០នាក់ រួមទាំង​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ម្នាក់ សកម្មជន​តំបន់​អារ៉ែង​ពីរ​នាក់ អ្នក​សម្រប​សម្រួល​សមាគម អាដហុក ខេត្ត​កោះកុង​ម្នាក់ អ្នក​សារ​ព័ត៌មាន​វិទ្យុ​ខ្មែរ​បុស្តិ៍​ម្នាក់ អ្នក​សារ​ព័ត៌មាន​ធ្វើ​ការងារ​ជាមួយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ម្នាក់ បុគ្គលិក​អង្គការ លីកាដូ បួន​នាក់ (ក្នុង​នោះមាន​វេជ្ជបណ្ឌិត​មកពី​អង្គការ លីកាដូ ម្នាក់) ត្រូវ​បាន​ឃាត់​ខ្លួន។

បច្ចុប្បន្នភាព៖ សកម្មជន និងអ្នក​ឃ្លាំ​មើល​ទាំង ១៧ នាក់ ត្រូវបាន​ដោះលែង​ចេញ​ពី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ហើយ កាល​ពីម៉ោង ៦ និង ១៥ នាទី​ល្ងាចនេះ គឺរយៈ​ពេល​ស្ទើរ​តែ ៨ម៉ោង​នៃការ​ឃាត់​ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក មឿន តុលា ប្រធានកម្មវិធី​សិទិ្ធ​ការងារនៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍,ទូរស័ព្ទលេខ៖ ០១២ ៩២១ ៩៦១
 លោក ធន់ សារាយ ប្រធានសមាគម អាដហុក, អ៊ីមែល៖ saraythun@gmail.com
 លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ,ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា