សេចក្តីថ្លែងការណ៍

សង្គម​ស៊ីវិល​ខកចិត្ត​ចំពោះ​សកម្មភាព​រំខាន​ រារាំង​ បង្អាក់​ទៅ​លើ​យុទ្ធនាការ​ ផ្សព្វ​ផ្សាយ​អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អំឡុង​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប​ អក​អំបុក​ និង​សំពះ​ព្រះ​ខែ​

ចេញផ្សាយ ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

យើង​ខ្ញុំ​ ជា​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែល​បាន​ធ្វើការ​រំខាន​ រារាំង​ និង​បង្អាក់​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​សកម្មភាព​អប់រំ​ ផ្សព្វ​ផ្សាយ​ អំពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​រាជ​ធានី​ភ្នំ​ពេញ​ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។​ ជា​ពិសេស​ សកម្មភាព​យុវជន​ យុវតី​ ក្នុង​យុទ្ធនាការ​អប់រំ​ផ្សព្វ​ផ្សាយ​ជំរុញ​ឲ្យ​ប្រជា-ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នា​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ អក​អំបុក​និង​សំពះ​ព្រះ​ខែ ​ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។ យុវជន​ យុវតី​ ប្រមាណ​ជាង​ ៦០​នាក់​ មក​ពី​អង្គការ​ PEP-​CENTER​​, YRDP​, KYSD​, NICFEC​, CPWP​, SEPY​ និង​ ក្រុម​និសិត្ស​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ទៀត​ បាន​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព​អប់រំ​ ផ្សព្វ​ផ្សាយ​ជំរុញ​​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ រយៈពេល​ ៣ថ្ងៃ​ (ថ្ងៃ​ទី​១៣​-១៤-​១៥​ ខែ​វិច្ឆិកា​) ដូច​ជា៖

 អាជ្ញាធរ​ដែល​រក្សា​សន្តិសុខ​​សណ្តាប់​ធ្នាប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​​បណ្តែត​ប្រទីប​ អក​អំបុក​ និង​សំពះ​ព្រះខែ​ បាន​ធ្វើ​ការ​រំខាន​ រារាំង​សកម្មភាព​អប់រំ​ ផ្សព្វ​ផ្សាយ​នេះ​ បើ​ទោះ​បី​ជា​ក្រុម​យុវជន​ យុវតី​ មាន​លិខិត​អនុញ្ញាត​(ដីកា​អម)​ របស់​សាលា​រាជ​ធានី​ភ្នំពេញ​ លេខ​ ១០១៣/១៦​ ដែល​ជម្រាប​ជូន​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១២​ក្នុង​រាជ​ធានី​ភ្នំពេញ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ការ​បង្ខំ​ យុវជន​ យុវតី​ ទាំង​នោះ​មិន​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​ សម្រាប់​ជួយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជំរុញ​ឲ្យ​ប្រជាពល​​​​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។
 មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​​​ បណ្តែត​ប្រទីប​ អក​-អំបុក​និង​សំពះ​ព្រះខែ​ ក្រុម​អាជ្ញាធរ​ កង​កម្លាំង​សន្តិសុខ​នៅ​ទី​តាំង​វាល​ព្រះ​មេរុ​ បាន​ឃាត់​ខ្លួន​ក្រុម​យុវជន​ យុវតី​ ស្ម័គ្រ​ចិត្ត​ចំនួន​៧នាក់​ ​អស់​រយៈពេល​ប្រមាណ​ជាង​បី​ម៉ោង​ ដោយ​បាន​បង្ខំ​អ្នក​ទាំង​នោះ​ឲ្យ​ផ្តិត​មេ​ដៃ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​អប់រំ​ ផ្សព្វ​ផ្សាយ​របស់​ខ្លួន​ និង​បាន​ដក​ហូត​ទូរស័ព្ទ​របស់​មេ​ក្រុម​ចំនួន​២​គ្រឿង​ទុក​មួយ​រយៈ​ រហូត​ទាល់​តែ​អ្នក​ទាំង​នោះ​យល់​ព្រម​ផ្តិត​មេដៃ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ ទើប​សមត្ថកិច្ច​ប្រគល់​ទូរស័ព្ទ​ដៃ​ឲ្យ​វិញ​។

ជាមួយ​គ្នា​នេះ​ដែរ​ អង្គការ​សង្គម​ស៊ីវិល​ សូម​សម្ដែង​នូវ​ការ​កោត​សរ​សើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សហការ​ និង​អន្តរាគមន៍​របស់ ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ព្រម​ទាំង​បាន​ជួយ​ផ្គត់​ផ្គង់​ឯកសារ​មួយ​ចំនួន​សម្រាប់​យុទ្ធនាការ​អប់រំ​ ផ្សព្វ​ផ្សាយ​នេះ។​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​សោក​ស្តាយ​បំផុត​នោះ​គឺ​ថា​គ.ជ.ប​ មិន​អាច​ការ​ពារ​យុទ្ធនាការ​អប់រំ​ ផ្សព្វ​ផ្សាយ​ ជាមួយ​ការ​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​ដែល​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត។

យើង​ខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ សូម​ស្នើ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទូទាំង​ប្រទេស​ផ្តល់​កិច្ច​សហការ​ឲ្យ​បាន​ទូលំ​ទូលាយ​ជាមួយ​ គ.ជ.ប​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​នយោបាយ ​ ក្នុង​​ការ​ជំរុញ​យុទ្ធនាការ​អប់រំ​ ផ្សព្វផ្សាយ​ផ្តល់​ព័ត៌មាន​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ព័ត៌មាន​ជុំវិញ​ការ​បោះ​ឆ្នោត​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​ ឲ្យ​ដូច​គ្នា​នឹង​រយៈពេល​នៃ​ការ​ចាប់​ផ្តើម​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ខែ​កញ្ញា​ឡើង​វិញ​ ប្រយោជន៍​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​ជា​អតិបរមា។

អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីប្រកាសព័ត៌មាននេះ រួមមាន ៖
១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
៣. គណៈកម្មាធិការអព្យាក្រឹត និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (NICFEC)
៤. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៦. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា