សេចក្តីថ្លែងការណ៍

អង្គការ​លីកាដូ​សំណូមពរ​ឱ្យ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស ក្រោយពី​ទារក​ម្នាក់ស្លាប់ដោយសាររស់នៅជាមួយម្ដាយ​ក្នុងពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០
F T M

ក្លោងទ្វារ​មណ្ឌលអប់រំកែប្រែទី២​នៅរាជធានី​ភ្នំពេញ។​ ​មណ្ឌលអប់រំកែប្រែទី២​គឺជាពន្ធនាគារ​តែមួយគត់​នៅកម្ពុជា​ ដែលសាងសង់​ឡើងដើម្បី​ដាក់អ្នកទោស​ជាស្រ្តី​ និងអនីតិជន។​

ទារកអាយុ៥ខែម្នាក់​រស់នៅ​ជាមួយម្ដាយ​ ដែល​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌលអប់រំ​កែប្រែទី២​ (ព្រៃសរ)​ បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ ទី២៦​​ ខែមករា​ នៅមន្ទីរពេទ្យ​ មិត្តភាពខ្មែរ-សូវៀត​ ក្នុង​រាជធានីភ្នំពេញ។​ ការស្លាប់​ដ៏ខ្លោចផ្សារ​នេះបង្ហាញពី​ តម្រូវការ​ចាំបាច់​សម្រាប់​អាជ្ញាធរ​ក្នុងការ​ផ្ដល់អាទិភាព​សិទ្ធិ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​សម្រាប់​ស្ត្រី​ដែលមានកូនតូច​នៅជាមួយ។

ស្រ្តីជាម្ដាយ​ក្មេងរងគ្រោះ​ ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុងពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ កាលពី​ពាក់កណ្ដាល​ឆ្នាំ២០១៩​ បន្ទាប់ពី​រងការ​ចោទប្រកាន់​ពីអាជ្ញាធរថា​បានកាន់កាប់​កញ្ចប់ថ្នាំញៀន​ប្រភេទ​មេតាហ្វេតាមីន​ដែលមានតម្លៃ​ត្រឹមតែមួយ​ម៉ឺនរៀល​ ឬ២.៥ដុល្លារ។​ អ្នកស្រី​មិនត្រូវ​បាន​ផ្ដល់​មេធាវី​ការពារក្ដីទេ​ ហើយក៏​មិនបាន​ដឹងពី​សិទ្ធិក្នុងការ​ស្នើសុំ​នៅក្រៅឃុំ​ផងដែរ។​ អ្នកស្រី​មានផ្ទៃពោះ​៨ខែ ​នៅពេល​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។​

យើងខ្ញុំ​ សូមស្នើសុំ​ដោយទទូច​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ឱ្យបាន​ឆាប់រហ័ស​ ដើម្បី​ធានាថា​ករណី​បែបនេះ​មិនកើត​មានឡើង​ម្ដងទៀត។​

ការស្លាប់
កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២០​ ទារក ទេវី​ អាយុ៥ខែ​ ដែលលីកាដូបាន​ប្ដូរឈ្មោះ​ដើម្បីរក្សា​ឯកជនភាព​ បានរង​របួសជាទម្ងន់​ដោយបាក់ឆ្អឹងភ្លៅ។​ នៅតែ​មិនទាន់​មានភាព​ច្បាស់លាស់​អំពីរឿងហេតុ​ដែលនាំ​ឱ្យនាង​រងរបួសនេះ។​ បុគ្គលិកពេទ្យ​នៅមណ្ឌល​អប់រំកែប្រែទី២​បានពិនិត្យ​ស្ថានភាព​ជំងឺ​របស់នាង​ និង​បានបញ្ជូននាង​និងម្ដាយ ទៅ​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ-សូវៀត​ ដែលបាន​ព្យាបាល​អ្នកជាប់ឃុំ​មកពី​ពន្ធនាគារ​កន្លងមក។​ បុគ្គលិកពេទ្យ​បានថតកាំរស្មីអ៊ិច​ និង​បានរកឃើញថា ទារកនេះ​បានបាក់​ឆ្អឹងភ្លៅ។​

ទេវី​ និងម្ដាយ​ ត្រូវបាន​បញ្ជូន​ ទៅកាន់​មន្ទីរពេទ្យ​កុមារជាតិ​ ដោយសារ​ខាងមន្ទីរពេទ្យ​លើក​ឡើងថា​ មិនមាន​អ្នកជំនាញ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ក្មេងបែបនេះទេ។​ មន្ទីរពេទ្យ​កុមារជាតិ​ក៏បាន​ព្យាបាល​ ទារករងគ្រោះ​ រួចហើយ​ក៏បញ្ជូន​នាងត្រឡប់​ទៅមណ្ឌល​អប់រំ​កែប្រែទី២វិញ​ ទោះបីជា​បុគ្គលិក​ពន្ធនាគារ​បានស្នើសុំ ​ទេវី និងម្ដាយ​ ស្នាក់នៅ​ពេទ្យ​មួយយប់​ដើម្បី​តាមដាន​ស្ថានភាព​ជំងឺ។​ បុគ្គលិក​មន្ទីរពេទ្យ​បានបដិសេធ​ និង​ត្រូវបាន​រាយការណ៍ថា​ បាននិយាយថា​ គ្មានបន្ទប់​ទំនេរ​សម្រាប់ ​ទេវី ​និងម្ដាយទេ។​

អំឡុងពេល​មួយសប្ដាហ៍​ក្រោយមក​ ស្រ្តីជាម្ដាយ​បានកត់សម្គាល់​ឃើញថា ​ទេវី​មានអាការៈ​ក្ដៅខ្លួន​ និងក្អកជាប្រចាំ។​ មន្រ្តីពន្ធនាគារ​បាននាំ​ ទេវី​ ត្រឡប់ទៅ​មន្ទីរពេទ្យកុ​មារជាតិវិញ។​ វេជ្ជបណ្ឌិត​នៅទីនោះ​បានជួបជាមួយ​ ទេវី​ និងម្ដាយ​រយៈពេលខ្លី​ប៉ុណ្ណោះ មុនពេល​កំណត់ការ​ណាត់​ជួប​តាមដាន​ជំងឺ​នៅ៣សប្ដាហ៍ក្រោយ។​ ស្រ្តីជាម្ដាយ​បានប្រាប់​វេជ្ជបណ្ឌិតថា​ នាងអស់ថ្នាំ​ដែលបាន​ផ្ដល់ឱ្យ ​ទេវី លេប​កាលពីលើកមុនហើយ​ ប៉ុន្តែ​វេជ្ជបណ្ឌិត​មិនបាន​ឱ្យថ្នាំលេបបន្ថែម​សម្រាប់ ទេវី ទេ។​ មិនមាន​ភាពច្បាស់លាស់​ពីវេជ្ជបញ្ជារ​ដែលត្រូវបាន​ណែនាំដោយ​គ្រូពេទ្យទេ។​

ត្រឹមថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២០​ ទេវី​ មានការ​ពិបាក​ដកដង្ហើម។​ ម្ដាយ​របស់នាង​ បានកត់​សម្គាល់​ឃើញថា​ ទេវី​ បានចាប់ផ្ដើម​បាត់បង់​ស្មារតី​ និងបាន​ប្រាប់ទៅ​មន្រ្តីពន្ធនាគារ​ភ្លាមៗ។​ បុគ្គលិកពេទ្យ​នៅមណ្ឌល​អប់រំកែប្រែទី២​ បានដាក់​សេរ៉ូម​ ទេវី​ និងបញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត​ ជាកន្លែង​ដែលអ្នកទាំងនោះ​សម្អាតស្លេស​ និងថត​កាំរស្មីអ៊ិច​ សួត​របស់​នាង។​ ទេវី​ និងម្ដាយ​ ត្រូវបាន​អនុញ្ញាត​ឱ្យសម្រាក​ព្យាបាល​មួយយប់​នៅក្នុង​មន្ទីរពេទ្យ។​

ការធ្វើ​កោសល្យ​វិច័យ​សាកសព​បាន​បង្ហាញថា​ ទេវី​ បានស្លាប់​ដោយសារ​ជំងឺរលាកសួត​ និង​កង្វះ​អាហារ​រូបត្ថម្ភ។

លុះដល់​ព្រឹកថ្ងៃ២៦​ ខែមករា​ ទេវី ​ពិបាក​ដកដង្ហើម​ជាខ្លាំង។​ នាងត្រូវបាន​បញ្ជូនទៅកាន់​បន្ទប់​សង្រ្គោះ​បន្ទាន់​ ជាកន្លែង​ដែល​វេជ្ជបណ្ឌិត​បាន​ព្យាយាម​យកស្លេស​ចេញ​ពីសួត​របស់នាង​ និងបាន​ធ្វើចលនា​បេះដូង​ ប៉ុន្តែ​នាងនៅតែ​មិនដឹងខ្លួន។​ បន្ទាប់មក​ ទេវី ត្រូវបាន​ដាក់នៅក្នុង​ទូកញ្ចក់​បំពាក់​ជាមួយ​នឹងអុកស៊ីសែន។​

៣នាទី​ក្រោយមក​ នាង​ក៏បាន​ស្លាប់បាត់​បង់ជីវិត។​

ការធ្វើ​កោសល្យ​វិច័យ​សាកសព​បាន​បង្ហាញថា​ ទេវី​ បានស្លាប់​ដោយសារ​ជំងឺរលាកសួត​ និង​កង្វះ​អាហារ​រូបត្ថម្ភ។

ការលូតលាស់​ធំធាត់​នៅក្នុង​ពន្ធនាគារ
បច្ចុប្បន្ននេះ​ មានកុមារ​ចំនួន១០៣នាក់​ និងស្រ្តីមាន​ផ្ទៃពោះ​ចំនួន៤៣នាក់​កំពុងជាប់ឃុំ​ក្នុងពន្ធនាគារ​ចំនួន១៨​ ដែល​អង្គការលីកាដូ​បានធ្វើការ​ឃ្លាំមើល ​ហើយតួលេខ​នេះ​កើនឡើង​ស្ទើរតែ​២ដង​ គិតចាប់តាំង​ពីថ្ងៃទី១​ ខែមករា​ ឆ្នាំ២០១៧មក​។ ​មណ្ឌល​អប់រំ​កែប្រែទី២​ ជាពន្ធនាគារ​តែមួយគត់​នៅកម្ពុជា​ដែល​សាងសង់​ឡើង​សម្រាប់​ដាក់អ្នកទោស​ជាស្រ្តី​និងកុមារ​ និង​អាចផ្ទុក​អ្នកជាប់ឃុំ​ជាផ្លូវការ​ត្រឹមតែ៣៥០នាក់​ប៉ុណ្ណោះ។​ ប៉ុន្តែ​បច្ចុប្បន្ននេះ​ មាន​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នេះ​រហូតដល់​ ១៨៥០នាក់។​

កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៥​ សម្ដេច​នាយករដ្ឋមន្រ្តី​បាន​អំពាវនាវ​ឱ្យបង្កើត​គណៈកម្មាធិការ​ ដើម្បី​ផ្ដល់ការ​លើកលែងទោស​ដល់ស្រ្តី​មានផ្ទៃពោះ ​និង​ស្រ្តី​ជាប់ពន្ធនាគារ​ដែលមាន​កូនតូច​នៅជាមួយ។​ សម្ដេច​ក៏បាន​ប្រកាស​ដែរថា​ ករណីនេះ​គួរត្រូវបាន​ចាត់ទុកថា​ ជាជំហាន​ដំបូងមួយ​ ដើម្បីធ្វើឱ្យ​ប្រាកដថា​ មិនមាន​កុមារ​ផ្សេងទៀត​លូតលាស់​ធំធាត់​នៅក្នុង​ពន្ធនាគារ​កម្ពុជា។

កាលពី​ថ្ងៃទី១៨​ ខែកុម្ភៈ ​ឆ្នាំ២០១៩​ សម្ដេច​នាយករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ម្ដងទៀត​ក្នុងការ​ជំរុញឱ្យ​ ក្រសួងយុត្តិធម៌​ និង​ក្រសួងកិច្ចការនារី​ ពិនិត្យ​ឡើងវិញ​ពីស្ថានភាព​នៃស្ត្រីជាប់ឃុំ​ក្នុងដំណាក់កាល​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ។​​ សម្ដេច​បានមាន​ប្រសាសន៍​ជាច្រើន​អំពីជីវិត​ដ៏លំបាក​ ដែលស្រ្តី​ជាប់ឃុំ​កំពុង​ជួបប្រទះ​ក្នុងពន្ធនាគារ។​

នៅសប្ដាហ៍នេះ​ សម្ដេច​នាយករដ្ឋមន្ត្រី​បានអំពាវនាវ​ម្ដងទៀត​ឱ្យចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ពន្លឿន​សវនាការ​របស់​ស្ត្រី​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ ក៏ដូចជា​ស្នើឱ្យជួល​សណ្ឋាគារ​ដើម្បី​បើកសវនាការ​ជំនុំជម្រះក្ដី​ប្រសិនបើ​សាលសវនាការ​មិនគ្រប់។

អង្គការលីកាដូ​ គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​ដែលថា​ កុមារ​ និងស្រ្តី​មានផ្ទៃពោះ​មិនគួរ​ត្រូវបាន​ឃុំខ្លួនទេ។​ យើងខ្ញុំ​ជឿជាក់ថា​ ក្មេងតូច​និងកុមារ​គួរតែ​ត្រូវបាន​នៅជិត​ម្ដាយ​របស់ខ្លួន​ ប៉ុន្តែ​យើងខ្ញុំ​មិនជឿជាក់ថា​ ពន្ធនាគារ​គឺជាកន្លែង​ដែលមាន​ផាសុកភាព​ ឬសុវត្ថិភាព​សម្រាប់​ពួកគេ​ដើម្បី​លូតលាស់​ធំធាត់​នោះទេ។ ​ចាប់តាំង​ពីថ្ងៃទី១​ ខែមករា​ ឆ្នាំ២០១៧​មក​ នៅពេល​ “យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន”​ ត្រូវបាន​ប្រកាស ​តួលេខ​កុមារ​ និងស្រ្តីមាន​ផ្ទៃពោះ​នៅក្នុង​ពន្ធនាគារ​មានការ​កើនឡើង​យ៉ាងខ្លាំង។​

អង្គការ​លីកាដូ​ សូមផ្ដល់​អនុសាសន៍​មួយចំនួន​ដូចជា៖ ​
  អ្នកជាប់ឃុំ​ទាំងអស់​ដែលមាន​សិទ្ធិ ​គួរត្រូវបាន​សាកសួរ​ថាតើ​អ្នកទាំងនោះ​ចង់ស្នើសុំ​នៅក្រៅឃុំ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ដែរឬទេ ​​ជាពិសេស​ករណី​អ្នកជាប់ឃុំ​ដែល​ងាយរងគ្រោះ​ដូចជា​ ស្រ្តីមាន​កូនតូច​នៅជាមួយ​ និង​អនីតិជន​ជាដើម។​
  គួរផ្ដល់​អាទិភាព​ចំពោះ​ សវនាការ​សុំនៅ​ក្រៅឃុំ​នៃករណី​​របស់​អ្នកជាប់ឃុំ​ដែលងាយ​រងគ្រោះ​​ដូចជា​ ស្រ្តីមាន​ផ្ទៃពោះ ​និងស្រ្តីមាន​កូនតូច​នៅជាមួយ​ ដូចនេះ​អ្នកទាំងនេះ​មិនចាំ​បាច់​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​ក្នុងរយៈពេល​វែង​ និង​មិនមាន​ពេលវេលា​កំណត់​ជាក់លាក់។​
  ធានាថា​ ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​​ គួរត្រូវបាន​ប្រើប្រាស់​ដោយ​សមស្រប​ និង​ជាជម្រើស​ចុងក្រោយ​ ដោយ​អនុលោម​តាមគោលការណ៍​សន្មត់​ថា​គ្មានទោស​ និងការពិចារណា​ឱ្យបាន​ហ្មត់ចត់​អំពីអ្នក​ជាប់ឃុំ​ដែល​ងាយរងគ្រោះ។​
  ធានាថា ​រាល់បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ទទួល​បានសិទ្ធិ​ និង​កិច្ចការពារផ្នែកច្បាប់​ពេញលេញ​ ​ការជូន​ដំណឹង​ត្រឹមត្រូវ​ពីបទចោទ​ប្រឆាំងនឹង​អ្នកទាំងនោះ ​ និង​ដឹងពី​នីតិវិធី​ពាក់ព័ន្ធ​នឹងការ​ដាក់​ពាក្យ​ស្នើសុំ ​និង​ទទួល​បាន​សិទ្ធិ​នៅ​ក្រៅឃុំបណ្ដោះ​អាសន្ន​ ជាពិសេស​ក្នុងករណី​នៃ​អ្នកជាប់ឃុំ​ដែល​ងាយ​រងគ្រោះ​ដូចជា​ អនីតិជន​ ស្ត្រីមាន​ផ្ទៃពោះ ​និងស្រ្តី​មាន​កូន​តូចនៅជាមួយ​ជាដើម។​
  ផ្សព្វផ្សាយ​ពីការណែនាំ​អំពីរបៀប​ដែលអាជ្ញាធរ​ នគរបាល​យុត្តិធម៌​ និង​មន្ត្រីតុលាការ​ គួរ​ដោះស្រាយ​ករណី​ពាក់ព័ន្ធ​នឹងម្ដាយ​ និងស្រ្តីមានផ្ទៃពោះ ​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ ករណី​ឃុំខ្លួន​អ្នកទាំងនេះ​មិនមានច្រើន​ នៅពេល​អនាគត​។
  ម្ដាយ ​និងស្ដ្រីមាន​ផ្ទៃពោះ ​ដែលត្រូវបាន​ផ្ដន្ទាទោស​ពីបទមជ្ឈិម​ គួរត្រូវបាន​ព្យួរទោស។​

អង្គការ​លីកាដូ​ក៏សូម​សំណូមពរ​ដោយ​ទទូចឱ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​ទៅលើការ​ស្លាប់របស់​ ទេវី​ និង​សូមផ្ដល់ជា​អនុសាសន៍ឱ្យ ​អាជ្ញាធរ​បង្កើត​គោលការណ៍​ណែនាំច្បាប់មួយ​ពាក់ព័ន្ធ​នឹងនីតិវិធី​សម្រាប់​បញ្ជូនកុមារ​ និងស្រ្តីមាន​ផ្ទៃពោះ​ទៅមន្ទីរពេទ្យ។​ គោលការណ៍នេះ​គួរដាក់​បញ្ចូល​ការបញ្ជូន​កុមារ​ទៅកាន់​មន្ទីរពេទ្យ​កុមារជាតិ​ និងអនុញ្ញាត​ឱ្យកុមារ​ទាំងនោះ ​សម្រាក​ព្យាបាល​ជាមួយម្ដាយ​របស់ពួកគេ​នៅមន្ទីរពេទ្យ​យ៉ាងតិចណាស់​២៤ម៉ោង។

យើងខ្ញុំ​សង្ឃឹមថា​ ស្រ្តីមាន​ផ្ទៃពោះ ​និង​ស្រ្តីមាន​កូនតូច​ទាំងអស់​នៅក្នុង​ពន្ធនាគារ​ ដែល​កំពុង​អនុវត្ត​ការឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ អាចទទួល​បានសិទ្ធិ​នៅក្រៅឃុំ​ ឬក៏ត្រូវបាន​ជំនុំជម្រះ​មុនការ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ ថ្ងៃទី៨ មីនា ឆ្នាំ២០២០ ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ ​តាមរយៈ Signal: ​ +៨៥៥១០៣២៧៧៧០
 ណាលី ពីឡូក​ នាយកអង្គការ​លីកាដូ​ តាមរយៈ ​Signal:​ +៨៥៥១២២១៤៤៥៤

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា