សេចក្តីថ្លែងការណ៍

ការ​ឆ្លើយ​តប​រួម​ទៅ​នឹង​លិខិត​ចំហរ​អំពី​របាយការណ៍​មីក្រូហិរញ្ញ​វត្ថុ

ចេញផ្សាយ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

ការឆ្លើយ​តប​រួម​ទៅ​នឹង​លិខិត​ចំហរ​ពី​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ។



ជម្រាបជូន
• ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
• ប្រធានសមាគមធនាគារនៅកម្ពុជា

យើងខ្ញុំ​បានអាន លិខិត​ចំហរ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅកម្ពុជា ដែលបាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាល​ពី​យប់​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២០នេះ និង​បាន​ជម្រាប​ជូន​មក​អង្គការ និង​សហជីព​យើង​ខ្ញុំ ទាំង​៤ស្ថាប័ន ។

ជា​ជំហរ​រួម​យើង​ខ្ញុំ សូម​បដិសេធ​សំណើ​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក្នុង​ការ​កែប្រែ​ទៅ​លើ​របាយការណ៍​ទាំង៣ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​កម្ចីឥណទាន​ខ្នាត​តូច នៅ​កម្ពុជា ។ ព័ត៌​មាន និង​រឿងរ៉ាវ​របស់​បុគ្គល​នៅ​ក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​ទាំងនេះគឺ​នៅតែ​មាន​ភាព​ច្បាស់លាស់​ត្រឹម​ត្រូវ​ដដែល​ដោយ​មិនអាច​កែ​ប្រែ​បាន ។ យើងខ្ញុំ នឹង​បន្ត​ការពារ​ឯកជន​ភាពបុគ្គល​ដែល​សម្រេច​ចិត្ត​ចែក​រំលែក​រឿងរ៉ាវ​របស់​ពួក​គាត់​ជាមួយ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​យើងខ្ញុំ ក្នុង​លក្ខ​ខណ្ឌលាក់​បាំង​អត្ត​សញ្ញាណ ។ យើងខ្ញុំ​ សូម​លើក​ទឹក​ចិត្ត សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ដូច​ជា​ភាគី​ពាក់​ព័ន្ធ ឱ្យ​អាន​របាយ​ការណ៍​ទាំង​នេះ ឱ្យ​បាន​លម្អិត ដើម្បី​ឈ្វេង​យល់​កាន់​តែ​ច្បាស់​អំពី គោលបំណង វិធី​សាស្ត្រ និង​ការ​រក​ឃើញ​ផ្សេងៗ​នៅ​ក្នុង​របាយ​ការណ៍ ។

សិទ្ធិ​មនុស្ស​គឺ​ជា​សិទ្ធិ​មាន​ពី​កំណើត​របស់​មនុស្ស​គ្រប់​រូប ហើយ​រឿង​រ៉ាវ​របស់​មនុស្ស​គឺ​ជា​មូលដ្ឋាន​គ្រឹះសំខាន់​នៃ​ការ​ស្រាវ​ជ្រាវ​បែប​គុណ​ភាព ។ ការងារ​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​របស់យើង​ខ្ញុំគឺ ដើម្បី​ជួយបន្លឺសំឡេង​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះពី​ការរំលោភ​សិទ្ធិមនុស្ស និង​ផ្សព្វផ្សាយ​រឿងរ៉ាវ​ទាំងនោះ​ឱ្យបានទូលំ​ទូលាយ ក្នុង​គោល​បំណង​ដើម្បី​ឱ្យមាន​ការកែប្រែ​ជាវិជ្ជមាន​នៅក្នុងសង្គម និងដើម្បី​ការពារ​កុំឱ្យកើត​មានការរំលោភ​បំពានផ្សេងៗ ។ យើងខ្ញុំ នឹង​បន្ត​ផ្សព្វផ្សាយ និង​ចែករំលែក​ទុក្ខកង្វល់​របស់ប្រជា​ពលរដ្ឋ ទោះ​បីជា​ការរៀបរាប់​ពីបញ្ហា​សិទ្ធិ​មនុស្ស​ទាំងនេះ ពាក់​ព័ន្ធគ្នា​ទៅនឹង​វិស័យមីក្រូហិរញ្ញ​វត្ថុ និង​កម្ចីឥណទាន​ខ្នាតតូច​ក៏ដោយ ។

ជាថ្មី​ម្ដងទៀត យើងខ្ញុំ សូម​យក​ឱកាសនេះ លើក​យក​សំណើ និង​អនុសាសន៍ ដែល​ក្រុម​សង្គម​ស៊ីវិល បានផ្ញើ​ជូនទៅ អ្នក​ផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ទាំងអស់ ដើម្បី​ទប់ស្កាត់​កុំឱ្យកើត​មានការ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុងវិស័យ​នេះ​ ក្នុងនោះ​រួមមាន៖

 សូម​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ដើម្បី​ហាម​ឃាត់​ការ​ទាមទារ​ដាក់ប័ណ្ណ​សម្គាល់​កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី ធ្វើជា​ទ្រព្យ​ធានា សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូចថ្មី​ទាំងអស់ ។

 សូម​គណនា និង​ចេញផ្សាយ​ជាសាធារណៈនូវ​ចំនួន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លីដែល​ត្រូវបាន​ដាក់តម្កល់​ជាទ្រព្យ​ធានា ។​

 សូម​បញ្ឈប់​ការដាក់​សម្ពាធ​លើអតិថិជន​ឱ្យលក់​ដី ដើម្បី​ដោះបំណុល និង​ជំនួស​វិញ​ដោយ​ការដោះស្រាយ​តាមរយៈ​ការប្រើប្រាស់​យន្តការ​ផ្លូវច្បាប់​ដែលមាន​ស្រាប់ សម្រាប់​អតិថិជន​ដែលគ្មានលទ្ធភាព​សង​បំណុល ។

 សូម​បញ្ឈប់​ការយក​កម្រៃ​បង់មុន ដែល​នាំឱ្យអត្រា​ការប្រាក់​ពិត​លើសពី ពិដាន​អត្រាការ​ប្រាក់ ១៨​ភាគរយ​ក្នុងមួយ​ឆ្នាំ ដែល​បាន​កំណត់​ដោយ​ធនាគារជាតិ​កម្ពុជា កាល​ពីខែ​មីនា ឆ្នាំ​២០១៧ ។

 សូម​គាំទ្រ និង​សម្របសម្រួល​ឱ្យមាន​ការស៊ើបអង្កេត​ដោយឯករាជ្យ​លើគ្រប់​វិស័យ ទៅលើការ​អនុវត្ត​នានារបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ និងគ្រឹះស្ថាន​ធនាគារ និង​ធានាថា ការ​សម្រាល​បន្ទុក និង​សំណងត្រូវ​បានផ្ដល់​ឱ្យអតិថិជន​អ្នកខ្ចី​ប្រាក់ នៅ​ពេល​ដែល​មាន​ការរក​ឃើញ​កំហុស ។

 សូម​ផ្ដល់​ការពន្យា​ពេលសង​បំណុល​មីក្រូហិរញ្ញ​វត្ថុ និង​ការប្រាក់ យ៉ាង​តិច​បំផុត​៣ខែ ដោយ​ផ្ដល់​អាទិភាព​ដល់ក្រុម​អ្នកខ្ចីប្រាក់​ដែលងាយ​រងគ្រោះ​ដូចជា គ្រួសារ និង​សហគមន៍​ក្រីក្រ កម្មករ​និយោជិក​គ្រប់វិស័យ​ដែលត្រូវ​បានបាត់បង់​ការងារ និង​ត្រូវបាន​ព្យួរការងារ ជា​ពិសេស​អ្នកដែល​ត្រូវបាន​សម្គាល់​ដោយប័ណ្ណ​ក្រីក្រ ដែល​ជាអ្នក​រងគ្រោះខ្លាំង​ជាងគេ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​កើតចេញ​ពីការរីករាល​ដាលនៃ​ជំងឺកូវីដ១៩ ៕

ដោយក្ដី​គោរពរាប់​អានអំពី​យើងខ្ញុំ!

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
អង្គការសមាគមធាងត្នោត (STT)
សម្ព័ន្ធសហជីពកម្ពុជា (CATU)
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងការពារសិទ្ធិមនុស្ស (CENTRAL)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Center for Alliance of Labor and Human Rights
២. Cambodian Alliance of Trade Unions
៣. The Cambodian League for the Promotion and Defense of Human Rights
៤. Sahmakum Teang Tnaut

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា