សេចក្តីថ្លែងការណ៍

ក្រុមហ៊ុនស្ករ មិត្រ​ផូល ត្រូវតែផ្តល់យុត្តិធម៌ដល់សហគមន៍ដែលបានផ្លាស់ទីលំនៅ

ចេញផ្សាយ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

រូបភាពខាង​លើ ត្រូវបាន​ថត​ក្នុង​អំឡុង​ពេល​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ស្ករ​ មិត្រ​ផូល នៅ​ខែ​តុលា ឆ្នាំ​២០០៩

នៅពេលដែល​វេទិកាអង្គការ​សហប្រជាជាតិស្តីពីធុរកិច្ច​និង​សិទ្ធិមនុស្សលើកទី៩ ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ហ្សឺណែវ អង្គការសមធម៌កម្ពុជា អង្គការ អាយឌីអាយ និ​ងអង្គការ​លីកាដូ សូម​អំពាវនាវ​សា​ជា​ថ្មី ដើម្បីទាមទារឲ្យ​មាន​ការ​ផ្តល់​ដំណោះស្រាយជូន​សហគមន៍ រងគ្រោះ នៅកម្ពុជាដែល​ត្រូវ​បានក្រុម​ហ៊ុន​ស្កររបស់​ប្រទេស​ថៃឈ្មោះមិត្រ​ផូល ​ជម្លៀសចេញពីផ្ទះដោយ​បង្ខំ។

ក្នុង​ចន្លោះឆ្នាំ២០០៨ និង​២០០៩ ក្រុមហ៊ុន​មិត្រផូល សហការជាមួយ​កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុង​ការ​កម្ទេច​ផ្ទះរបស់​ប្រជាជន រឹបអូសយកដីធ្លីរបស់​ ពួកគាត់ដោយ​បង្ខំ ព្រមទាំងដកហូតផល​ដំណាំស្រូវ​របស់​ពួកគាត់ថែមទៀតផង ដើម្បី​ធ្វើចំការអំពៅ​នៅក្នុង​ខេត្ត​ឧត្តមានជ័យ​ នៃប្រទេសកម្ពុជា។ ក្រុម​ហ៊ុនបន្ត​កាន់​កាប់​ទ្រព្យ​ដែល​រឹបអូស​​ដោយ​ខុសច្បាប់ទាំង​​នេះអស់រយៈពេល​៥ឆ្នាំ ខណៈពេល​ដែល​ប្រជាសហគមន៍ ទទួលរងការ​រំលោភ​បំពាន​​សិទ្ធិមនុស្ស​ជា​បន្ត​បន្ទាប់ដែលបណ្តាលមកពីការ​បាត់​បង់​ផ្ទះសម្បែង ដីធ្លី និង​ជីវភាពរស់នៅរបស់ខ្លួន។ ការ​រំលោភ​​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទាំង​នេះ ត្រូវ​បាន​ទទួល​ការ​ស៊ើប​អង្កេត និងបញ្ជាក់យ៉ាងច្បាស់ ដោយស្ថាប័ន​ជា​ច្រើន ដោយ​រួម​មាន​ទាំង ការិយា​ល័យ​​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា គណៈ​កម្មា​ធិការ​សិទ្ធិមនុស្ស​ជាតិថៃ និង​អង្គការ​មិន​មែនរដ្ឋាភិបាល​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ជា​ច្រើន​ទៀត។​

មកដល់ថ្ងៃនេះ អស់រយៈពេលជាង​ដប់ឆ្នាំ​ បន្ទាប់ពីការ​បាត់បង់​ដីធ្លី និងជីវភាពរស់នៅ សហគមន៍​ដែល​រង​ផល​ប៉ះពាល់ មិន​ទាន់​បាន​ទទួលនូវ​ដំណោះស្រាយ​ណាមួយនៅឡើយទេ ហើយ​ក្រុមហ៊ុន​មិត្រផូល​នេះ នៅ​តែ​​បន្តបដិសេធពីការ​ទទួល​ខុសត្រូវចំពោះសកម្មភាពរបស់​ខ្លួន ។

បច្ចុប្បន្ននេះ សហគមន៍​ដែល​រង​ផល​ប៉ះពាល់ កំពុង​ស្វែងរក​យុត្តិធម៌ពីក្រុមហ៊ុន​មិត្រ​ផូល នៅក្នុង​តុលាការ​​​ប្រទេស​ថៃ។
ក្នុង​ខែកក្កដា ឆ្នាំនេះ បណ្តឹងផ្លូវច្បាប់​របស់​សហគមន៍ ដែល​បាន​ដាក់​កាលពីខែមីនា​ ឆ្នាំ២០១៨ បានទទួលឋានៈ​បណ្តឹង​ជាសមូហភាព ដែល​ធ្វើ​ឲ្យបណ្តឹង​នេះ​ក្លាយ​ទៅជា​បណ្តឹងសមូហភាព ទាក់ទង​នឹង​សិទ្ធិ​​មនុស្ស​ឆ្លង​ដែនដំបូង​គេនៅក្នុង​ប្រវត្តិ​សាស្ត្រ​ផ្លូវ​ច្បាប់​ក្នុង​ទ្វីបអាស៊ី។ ជាលទ្ធផល នៅទីបំផុតពេលនេះ ប្រជាពលរដ្ឋជាង​៧០០​គ្រួសារ នឹង​ទទួល​បាន​ការ​បើកសវនាការ​ទៅលើ​សំណុំរឿង​របស់​ពួកគាត់ នៅចំពោះមុខ​តុលាការ​តាម​ផ្លូវ​ច្បាប់។​

ទោះ​បីមានការគួរ​ឲ្យ​កោត​សរសើរ​ថា​តុលាការ​ប្រទេសថៃ បាន​ផ្តល់​ឋានៈបណ្តឹង​ជា​សមូហភាព សហគមន៍​មិន​គួរ​ទទួល​រងការ​ស៊ូទ្រាំចំពោះដំណើរការ​ក្តី​ដែល​អូសបន្លាយ​ពេល​ដ៏វែង​នៅក្នុង​តុលាការ​បរទេស​ ដើម្បីធានា​បាន​នូវ​សិទ្ធិ​របស់​ពួកគេក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នោះទេ។ ស្ថាប័ន​​ផ្តល់វិញ្ញាបន ប័ត្រ​បញ្ជាក់អំពីនិរន្តរភាពសម្រាប់​វិស័យ​ស្ករ ឈ្មោះបុនស៊ូ​ក្រូ គួរ​តែជំរុញ​ឲ្យ​ក្រុម​ហ៊ុន​មិត្រ​ផូល ចូលខ្លួន​មក​ក្នុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​ក្រៅផ្លូវ​តុលាការ ជាមួយ​សហគមន៍​។ នៅចំពោះមុខ មាន​ភស្តុតាង​ដ៏ច្រើន​សន្ធឹក​សន្ទាប់​អំពីការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​មិត្រ​ផូល ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស ដោយរួមបញ្ចូល​ទាំង​ការ​ស៊ើប​អង្កេត​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ជាតិ​ថៃ​ ដែល​បាន​អំពាវនាវ ជាពិសេសដល់​ក្រុមហ៊ុនដើម្បី​ផ្តល់​សំណង​ដល់​គ្រួសាររងគ្រោះ​កម្ពុជា​ ក្រុមហ៊ុន​មិត្រ​ផូល​ នៅតែជា​សមាជិក​របស់​ស្ថាប័ន​បុនស៊ូ​ក្រូ ក្នុង​ឋានៈ​ល្អ​ដដែល។ ស្ថាប័នបុនស៊ូក្រូ បែរ​ជាសុខចិត្តទទួល​យក​ទង្វើ​របស់​ក្រុម​ហ៊ុន​មិត្រ​ផូល និង​ខកខាន​ក្នុង​ការ​បំពេញ​តាម​ការ​​ទទួល​ខុសត្រូវ​ផ្នែកសិទ្ធិមនុស្ស​របស់​ខ្លួន​ផ្ទាល់​ទៅវិញ។

ការ​ខកខាន​ជា​ប្រចាំរបស់ក្រុមហ៊ុន​មិត្រ​ផូល ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ដល់​សហគមន៍ដែល​រង​ផល​ប៉ះពាល់ ក៏ទទួល​បាន​ការ​ជំរុញ​ដោយសារ​តែ​ការ​ខកខាន​របស់​អតិថិជន​សាជីវកម្ម​ចម្បងៗរបស់​ខ្លួន ក្នុង​ការ​គោរព​អនុលោម​​ទៅតាម​ការ​ទទួលខុសត្រូវ​ផ្នែកសិទ្ធិមនុស្ស​របស់​ខ្លួន​ដែរ។ ក្រុមហ៊ុនមិត្រផូល លក់​ស្ករ​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ាក​​ដែល​មាន​គេ​ស្គាល់​ច្រើន​បំផុត​ក្នុង​ពិភពលោករួមទាំង ក្រុមហ៊ុន​កូកាកូឡា ណេស្លេ និង​ ម៉ាស​រ៉ិកឡី។ ក្រុមហ៊ុន​នីមួយៗនេះ មាន​ចំណង​ដោយ​ផ្ទាល់​ទៅនឹង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ជា​បន្ត​បន្ទាប់ ​សហគមន៍ដែល​​រង​​ផល​ប៉ះពាល់​ កំពុង​ជួបប្រទះ ដោយសារ​តែ​របៀប​ទំនាក់ទំនងធុរកិច្ច​ជាមួយ​ក្រុម​ហ៊ុន​មិត្រ​ផូលនេះ។ ដូច្នេះ​ហើយ ពួកគេ​មាន​ភារកិច្ចគោរព ​គោល​ការណ៍ណែនាំ​ស្តីពីធុរកិច្ច​និង​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​គោល​​ការណ៍ណែនាំស្តីពីសហគ្រាសពហុជាតិ OECD ក្នុង​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួនជាមួយ​ក្រុមហ៊ុន​មិត្រ​​ផូល ដើម្បីសម្រួល​ដល់​ការ​ទទួល​បាន​ដំណោះស្រាយ​សម្រាប់​សហគមន៍។​​

យើ​ង​ខ្ញុំ​សូម​អំពាវនាវដល់ក្រុមហ៊ុន​មិត្រ​ផូល ឲ្យ​ទទួល​ស្គាល់​ការ​បង្កការ​ឈឺចាប់ដែល​ក្រុមហ៊ុន​បាន​បណ្តាល​ឲ្យ​​កើត​​មានឡើង និង​អំពាវនាវ​ឲ្យ​បំពេញ​ការទទួលខុសត្រូវ​ផ្នែក​សិទ្ធិមនុស្ស​របស់​ខ្លួន តាមរយៈ​ការ​ចូលខ្លួន​ជា​បន្ទាន់​មក​ពិភាក្សា​​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នក​តំណាង​គ្រួសារ​ដែលរង​ផល​ប៉ះពាល់ និង​ចាត់​វិធានការ​ដំណោះស្រាយ​ឲ្យ​​បាន​​សមស្រប។

យើង​ខ្ញុំ​ក៏សូម​អំពាវនាវ​ដល់​ស្ថាប័ន​បុនស៊ូក្រូ​ និង​ម៉ាកល្បីៗទាំង​ឡាយ ដែល​បន្ត​ទិញ​ស្ករ​ពី​ក្រុម​ហ៊ុន​មិត្រផូល រួម​មាន​ក្រុមហ៊ុន​កូកាកូឡា ណេស្លេ និង​ ម៉ាស​ និង​ ខូប៊ីយ៉ន់ រួប​រួមគ្នា​ និ​ង​ប្រើ​ប្រាស់​ឥទ្ធិពល​រួមគ្នា ក្នុង​ការ​ទាម​ទារ​​ឲ្យ​ក្រុមហ៊ុន​មិត្រផូល ផ្តល់​យុត្តិធម៌ដែល​ហួសពេល​ជា​យូរ​មកហើយនោះ និង​ជា​យុត្តិ​ធម៌​ដែល​សហគមន៍​សក្តិសម​នឹង​ទទួល​បាន។

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា