សេចក្តីថ្លែងការណ៍

កុមារ​មិនគួរ​ត្រូវបាន​មើលរំលង​ក្នុងការ​ឆ្លើយតប​នឹងជំងឺ​កូវីដ១៩

ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០២១
F T M

រាជរដ្ឋាភិបាល ​គួរចាប់ផ្ដើម​ចាត់ទុកសិទ្ធិ ​និងសុខុមាលភាព​របស់កុមារ​ ជាបញ្ហា​ស្នូលមួយ​ ក្នុងការ​បន្តកិច្ចខិតខំ​ប្រឹងប្រែង ​ដើម្បី​គ្រប់គ្រង​និងទប់ស្កាត់​ការរីករាលដាល​ជាសកល​នៃជំងឺកូវីដ១៩ ។​ ការរស់នៅ​របស់កុមារ​ ត្រូវបាន​កែប្រែយ៉ាងខ្លាំង​ ដោយការ​បន្តបិទ​ការសិក្សា​ដោយផ្ទាល់​ និងវិធានការ​បិទខ្ទប់​ធ្ងន់ធ្ងរ​ ហើយយន្តការ​ជាច្រើនទៀត​គួរត្រូវបាន​ធ្វើឡើង ​ដើម្បីគាំទ្រ ​និងការពារ​សិទ្ធិនិងតម្រូវការ​របស់កុមារ ។​

នាថ្ងៃប្រារព្ធ​ទិវាសិទ្ធិកុមារ​អន្តរជាតិនេះ​ សម្ព័ន្ធខ្មែរជំរឿន​ និងការពារ​សិទ្ធិមនុស្ស ​លីកាដូ ​(“អង្គការលីកាដូ”)​ កំពុង​ចេញផ្សាយ​ជាបន្តបន្ទាប់​នូវសម្រង់សម្ដី​ពីកុមារ​ និងគ្រួសារ​របស់ពួកគេ​ ដែលការ​រស់នៅ​របស់ពួកគេ​ ត្រូវបាន​ទទួលរង​ផលប៉ះពាល់​ដោយវិធានការ​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ១៩ ។​ ពួកគេ​បានសម្រេចចិត្ត​ ចែករំលែក​បទពិសោធន៍​របស់ខ្លួន​ និងពិពណ៌នា​លម្អិត​ពីវិធានការ​ទប់ស្កាត់​វិបត្តិ​ជាសកលនេះ ​ដែលបានធ្វើឱ្យ​ប៉ះពាល់​ដល់ការសិក្សា​ សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត​របស់ពួកគេ​ ជាពិសេស​កុមារដែល​ជាប់នៅក្នុង​តំបន់បិទខ្ទប់​ដ៏គួរឱ្យភ័យខ្លាច ។​

សិទ្ធិ ​សុខុមាលភាព​ និងសំឡេង​របស់​កុមារ គួរតែ​ជាអាទិភាព​ នៅគ្រប់វិធានការ​ឆ្លើយតប​ចំពោះវិបត្តិ​ជំងឺកូវីដ១៩ ​នៅកម្ពុជា

លោក អំ សំអាត, នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការលីកាដូ

លោក អំ សំអាត​ នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការលីកាដូ ​បានមាន​ប្រសាសន៍ថា៖​ “តម្រូវការ​របស់កុមារ​ មិនគួរ​ត្រូវបាន​មើលរំលង​ទៀតទេ ។​ សិទ្ធិ ​សុខុមាលភាព​ និងសំឡេង​របស់​កុមារ គួរតែ​ជាអាទិភាព​ នៅគ្រប់វិធានការ​ឆ្លើយតប​ចំពោះវិបត្តិ​ជំងឺកូវីដ១៩ ​នៅកម្ពុជា” ។​

អស់រយៈពេល​ជាងមួយឆ្នាំ ​សិស្សានុសិស្ស​កម្ពុជា ​ប្រមាណ ៣,២​ លាននាក់ ​បានប្រឈម​នឹងបញ្ហា​អូសបន្លាយ​នៃការបិទសាលារៀន ។​ ថ្នាក់រៀន​នៅទូទាំង​ប្រទេស​នៅទំនេរចោល​ ដោយសារ​ការរឹតត្បិត​នៅទូទាំងប្រទេស​ មិនថាហា​និភ័យ​នៃការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​ នៅតំបន់​ណាមួយ​នោះទេ ។​ ដំបូងឡើយ​ សាលារៀន​ត្រូវបានបិទ​ កាលពីខែមីនា​ ឆ្នាំ២០២០​ ហើយចាប់​តាំងពី​ពេលនោះមក​ សាលារៀន​ភាគច្រើន​នៅបន្តបិទ​ និងបានបើក​វិញ​ត្រឹមរយៈពេលខ្លី​ប៉ុណ្ណោះ ​រហូតដល់​ការបិទ​ចុងក្រោយ​ដែលត្រូវបាន​ប្រកាស ​បន្ទាប់ពី​ការផ្ទុះឡើង​នៃជំងឺកូវីដ១៩​ ក្នុងព្រឹត្តិការណ៍ ​“២០ កុម្ភៈ” ។​ ខណៈដែល​​ប្រទេស​កំពុងបើកឡើងវិញ​ ស្ថានភាព​នៃការបិទ​សាលារៀន​ នៅមិនទាន់​ផ្លាស់ប្ដូរ​ ឬត្រូវបាន​ដោះស្រាយដោយ​រាជរដ្ឋាភិបាល​នៅឡើយទេ ។​

ការបិទសាលារៀន ​បានធ្វើឱ្យ​ប៉ះពាល់ដល់​កុមារទាំងអស់​ខុសៗគ្នា ។​ កុមារដែល​នៅក្នុងគ្រួសារ​ក្រីក្រ ​ឬរៀន​នៅសាលារៀន​ដែលមាន​ធនធានតិចតួច​ និងកុមារ​ដែលរស់នៅ​តាមជនបទ​ ត្រូវបាន​មើលរំលង​ដោយគ្មាន​មធ្យោបាយ​សមស្រប ​និងគ្រប់គ្រាន់ ​ដើម្បីទទួលបាន​ការអប់រំនោះទេ ។​ ឯកសារ​សិក្សាជាក្រដាស ​មិនបាន​ចែកចាយ​ដល់កុមារ​គ្រប់គ្នាទេ ​ហើយប្រសិនបើ​គ្មានទូរស័ព្ទ​វ័យឆ្លាត​ កុំព្យូទ័រ​ ទីតាំង​រៀនសូត្រសមរម្យ ​និងសេវាអ៊ីនធឺណិត​ល្អទេ ​នោះប្រសិទ្ធភាព​នៃការសិក្សា​ពីចម្ងាយ​ គឺមិនអាច​ធ្វើទៅរួច​ឡើយសម្រាប់​កុមារជាច្រើន​ ជាពិសេស​កុមារដែល​សិក្សា​នៅសាលារដ្ឋ​ ​។​ ឪពុកម្ដាយ​ និងអាណាព្យាបាល ​ក៏ត្រូវបាន​រងសម្ពាធ​ខ្លាំងដែរ​ ដោយសារ​អ្នកខ្លះ​ខ្វះចំណេះដឹង​ ពេលវេលា​ ឬធនធាន​ ដើម្បី​ជួយគាំទ្រ​ការសិក្សា​នៅផ្ទះ​របស់កូនៗ​ពួកគេ​ឱ្យមាន​ប្រសិទ្ធភាព ។​ គ្រួសារ​ជាច្រើន​ដែលប្រឈម​នឹងការធ្លាក់ចុះ​ប្រាក់ចំណូល​អំឡុងពេល​រីករាលដាល​នៃជំងឺកូវីដ១៩​ ពុំមាន​លទ្ធភាព​ទិញសម្ភារៈ ​និងផ្ដល់​ការគាំទ្រ​ចាំបាច់​ ដល់កូនៗ​របស់​ពួកគេទេ ។​

កាលពីខែមីនា​ ឆ្នាំ២០២១​ ក្រសួងអប់រំ​ យុវជន​ និងកីឡា ​ក្នុងកិច្ច​សហការ​ជាមួយ​ក្រុមការងារ​ក្នុងវិស័យអប់រំ​ និងអង្គការ​ដទៃទៀត ​បានចេញ​ផ្សាយការវាយតម្លៃ​ពីតម្រូវការ​នៃវិស័យអប់រំ​ ដែលពិពណ៌នា​លម្អិត​យ៉ាងច្បាស់ៗ​នូវវិសមភាព​ក្នុងការ​ទទួលបាន​ការអប់រំ​​ អំឡុងពេល​មានវិបត្តិ​ជំងឺសកលនេះ ។​ ប្រមាណ ​៣០%​ នៃសិស្សានុសិស្ស ​ដែលត្រូវបាន​ស្ទង់មតិ​ មិនបាន​ប្រើប្រាស់​ទម្រង់ណាមួយ​ នៃការសិក្សា​ពីចម្ងាយនោះ​ទេរួមមាន​ ឯកសារ​សិក្សាជាក្រដាស ​ការសិក្សា​តាមប្រព័ន្ធ​អ៊ីនធឺណិត​ ឬការផ្សាយ​តាមទូរទស្សន៍ ។​ ហើយ​ក្នុងចំណោម​សិស្សានុសិស្ស ​៧០%​ ដែលមាន​លទ្ធភាព​ក្នុងការ​ទទួលបាន​ការសិក្សា​ពីចម្ងាយ​ ពួកគេ​ច្រើនជាង​មួយភាគបី​ បានចំណាយ​ពេលតិចជាង​មួយម៉ោង​ក្នុងមួយ​សប្ដាហ៍ ​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​សិក្សា ។​

នេះបង្កើត​ឱ្យមាន​បរិយាកាសមួយ​ ដែលធ្វើឱ្យ​កើនឡើង​នៃអត្រា​បោះបង់​ការសិក្សា ​និងពលកម្មកុមារ​ ។​ កុមារ​​ ជាពិសេស​ក្មេងស្រី ​ក៏បាន​រៀបរាប់​ពីការចំណាយពេល​ច្រើនជាងមុន​ដើម្បី​ធ្វើការងារ​ផ្ទះ ចាប់តាំងពី​ការបិទ​សាលារៀន ។​ ការវិភាគ​របស់​ក្រសួងអប់រំ​ យុវជន​ និងកីឡា ​បង្ហាញថា ​សិស្សានុសិស្ស​យ៉ាងតិច​ ១៦% ​ត្រូវបាន​ប្រឈម​នឹងការបោះបង់​ការសិក្សា​ ហើយ៦%​ ពេលនេះ​កំពុងធ្វើការ​ពេញម៉ោង​ ក្រោយពី​ការបិទសាលារៀន ។​

ប៉ាវា​បានខ្ចីលុយគេទៅ​បង់សាលាកូន​​ឱ្យរៀន​... ពួកខ្ញុំ​ត្រូវផ្អាក​កូនខ្ញុំ​អាពៅ ​ខ្ញុំអត់មាន​លុយបង់​សាលារៀន

ម្ដាយរបស់​កុមារពីរនាក់​ ម្នាក់អាយុ ​១០ឆ្នាំ ​និងម្នាក់ទៀត ​អាយុ ៦ឆ្នាំ ​បានរៀបរាប់ថា៖​ “សុខចិត្ត​ឱ្យកូន​ស្រីច្បង​ រៀន​តែមួយពេល​ រៀនតែខ្មែរ​ … អ៊ីចឹងប៉ាវា​បានខ្ចីលុយគេទៅ​បង់សាលាកូន​​ឱ្យរៀន​... ពួកខ្ញុំ​ត្រូវផ្អាក​កូនខ្ញុំ​អាពៅ ​ខ្ញុំអត់មាន​លុយបង់​សាលារៀន។”​

បន្ថែមលើសពី​ការបិទសាលារៀន​ ការបិទខ្ទប់​ដ៏គួរឱ្យខ្លាច​នៅតំបន់ជាច្រើន​ បាននាំឱ្យ​កុមារខ្វះ​លទ្ធភាព​ក្នុងការ​ទទួលបាន​អាហាររូបត្ថម្ភ​ និងសម្ភារៈប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ផងដែរ ។​ មធ្យោបាយ​ក្នុងការ​ទទួលបាន​សេវាថែទាំ​សុខភាព​ដូចជា​ ការចាក់វ៉ាក់សាំង​ និងសុខភាពម្ដាយ​ ត្រូវបាន​រារាំង​ និងពន្យារពេល ។​

ភាពតានតឹង​ផ្លូវចិត្ត​របស់កុមារ​ ភាពភ័យខ្លាច​ និងការព្រួយបារម្ភ​ បានកើតឡើង​ ខណៈដែល​ពួកគេ​ត្រូវបិទខ្ទប់​នៅក្នុងផ្ទះ ​និងប្រឈមមុខ​នឹងជំងឺរីករាលដាល​ជាសកល​ដែលមិនស្គាល់មុខនេះ ។​ យោងតាម​ការវាយតម្លៃ​របស់​ក្រសួងអប់រំ​ យុវជន​ និងកីឡា ​កុមារម្នាក់​ក្នុងចំណោម​ប្រាំនាក់ ​បានរាយការណ៍​ដោយខ្លួនឯងថា​ ពួកគេ​កំពុង​ជួបបញ្ហា​ប្រឈម​បន្ថែម​នៃអំពើហិង្សា ​ការរំលោភបំពាន​ ឬការកេងប្រវ័ញ្ច ។​ នៅពេលដែល​មានការបិទខ្ទប់​ខ្លាំងនៅក្នុងប្រទេស​ កុមារ​ជាច្រើន​បានជួបប្រទះ​ការបំភិតបំភ័យ​ ដោយការ​ដាក់ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​​ នៅជិតលំនៅឋាន​របស់ពួកគេ ។​ ពួកគេ​ជាច្រើន​ ក៏ជាប់នៅក្នុងលំនៅឋាន​បិទជិត​​ដោយ​គ្មានសម្ភារៈ​ប្រើប្រាស់ចាំបាច់ ។ ​ការកាត់ផ្ដាច់​ក្នុងការលេង ​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុងសង្គម​ និងការតាមដាន​សុខភាព​ទាំងនេះ​ បានធ្វើឡើង​យ៉ាងទូលំទូលាយ​ ដោយ​គ្មាន​មធ្យោបាយ​​គាំទ្រលើ​សេវាចិត្តសង្គម ។​

ជាមួយគ្នានេះដែរ​ អ្នកជាប់​ពន្ធនាគារ​ជាអនីតិជន​ និងក្មេង​តាមម្ដាយ​នៅក្នុងមណ្ឌលឃុំឃាំង ជាងមួយ​ពាន់នាក់​​ មិនត្រឹមតែ​ប្រឈម​នឹង​ហានិភ័យ​ទាំងនេះទេ ​ប៉ុន្តែក៏ប្រឈម​នឹងហានិភ័យខ្ពស់​នៃការផ្ទុះឡើង​នៃជំងឺកូវីដ១៩​ នៅក្នុង​ពន្ធនាគារ​កម្ពុជា​ដែលមាន​ស្ថានភាព​គ្រោះថ្នាក់ ​និងចង្អៀតណែនខ្លាំង ។​

ខណៈដែល​ប្រទេសកម្ពុជា​កំពុង​បន្តប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​ សិទ្ធិរបស់កុមារ​ គួរត្រូវបាន​កំណត់​ជាអាទិភាព​បន្ទាន់មួយ ។​ យើងខ្ញុំ ​សូមសំណូមពរ​ឱ្យរាជរដ្ឋាភិបាល​ និងភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ឱ្យចាត់ទុកសិទ្ធិ ​និងតម្រូវការ​របស់កុមារ​ ជាបញ្ហា​ស្នូលមួយ ​ក្នុងការ​ឆ្លើយតប​ចំពោះជំងឺកូវីដ១៩​ និងធានាថា​ គ្មានកុមារ​ណាម្នាក់ ​ត្រូវបាន​មើលរំលង ។​ កុមារ ​គួរទទួលបាន​សមភាព​ក្នុងការ​សិក្សា​ដោយមានគុណភាព​ ទទួលបាន​ការគាំទ្រ​ និងមធ្យោបាយ​ចាំបាច់​ ហើយឪពុកម្ដាយ​ និងអាណាព្យាបាល ​គួរទទួលបាន​ការគាំទ្រ​ទាំងផ្នែក​សង្គម​ និងហិរញ្ញវត្ថុ​ ដែលពួកគេ​ត្រូវការ ​សម្រាប់​សុខុមាលភាព​កូនៗរបស់​ពួកគេ ​អំឡុងពេល​មានវិបត្តិ​ជាសកលនេះ​ ​៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត ​នាយករង​ទទួលបន្ទុក​កម្មវិធីឃ្លាំមើល​នៃអង្គការលីកាដូ ​តាមរយៈ ​Signal: ​+85510327770 ​(ភាសាខ្មែរ)
 លោក ម៉ៅ សុបញ្ញា ប្រធានគ្រប់គ្រងផ្នែកតស៊ូមតិនៃអង្គការលីកាដូ តាមរយៈ Signal: +85589910115 (ភាសាអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា