សេចក្តីថ្លែងការណ៍

កុមារ​ និង​គ្រួសារ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​​ជួបជុំ​គ្នា​វិញ​បាន​ នៅ​ពេល​រាជ​រដ្ឋាភិបាល​បើក​ដំណើរការ​ស្មុំ​កូនអន្តរ​ប្រទេស​ឡើងវិញ

ចេញផ្សាយ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២
F T M

យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​និង​ការ​បង្ហាញ​ច្បាស់​ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ថា​ ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាងតិច​ចំនួន​ប្រាំបួន​ដែល​អាច​កើតមានឡើង​ ​គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី​ ​។​ ​យើងខ្ញុំ​ព្រួយបារម្ភ​ថា​ ​ការ​សម្រេច​ចិត្ត​ទាំងនេះ​ ​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ទៀត​ ​ត្រូវ​បែកបាក់​មិន​អាច​ជួបជុំគ្នា​វិញ​បាន​ ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ​នេះ​ ​ដែល​មិនទាន់​បានការ​ពារ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លងមក​ ​។​

រាជរដ្ឋាភិបាល​បាន​រាយការណ៍​ថា​ ​ធ្លាប់​បាន​បញ្ជូន​កុមារ​ចំនួន​៣​.​៦​៩​៦​នាក់​ ​ទៅក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន​ ​នៅចន្លោះ​ឆ្នាំ​ ​១​៩​៩​៨​ ​ដល់​ឆ្នាំ​ ​២​០​១​១​។​ ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះ​ ​បន្ទាប់ពី​មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​។​ ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ក្លែង​បន្លំ​ឯកសារ​ ​ដើម្បី​ប្តូរ​ឈ្មោះ​ ​ឬ​អាយុ​កុមារ​មួយ​ចំនួន​ ​ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា​ ​ឬ​ត្រូវ​បាន​បោះបង់​ចោល​ ​មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​ដឹងឮ​ ​ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ ​។​

​ បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាល​នៅតែ​ខ្វះ​ប្រព័ន្ធ​ការពារ​កុមារ​ ​ប្រព័ន្ធ​តុលាការ​ ​និង​វិធានការ​ប្រឆាំង​អំពើពុករលួយ​គ្រប់គ្រាន់​ ​ដើម្បី​ធានា​ថា​ការ​ស្មុំ​កូន​ ​នឹង​ដំណើរការ​ទៅ​ស្របតាម​ផ្លូវច្បាប់​ ​និង​ក្រម​សីលធម៌​ ​។​ ​ទោះបីជា​ប្រទេស​កម្ពុជា​បាន​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ក្រុង​ឡាអេ ​ស្តីពី​ការ​ការពារ​កុមារ​ ​និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​និង​បាន​អនុម័ត​ច្បាប់​ ​និង​គោល​នយោបាយ​ជាច្រើន​ក៏ដោយ​ ​ក៏​មិនទាន់​មាន​ការធានា​ថា​ ​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះ​នឹង​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​នៅឡើយ​ទេ​ ​។​

​ ទីភ្នាក់ងារ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​អ៊ីតាលី​ ​មិនបាន​អើពើ​ទេ​ចំពោះ​សំណើ​សុំ​ព័ត៌មាន​ពី​អង្គការ​លី​កា​ដូ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ​អំពី​កា​របើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​ក្នុង​នោះ​រួម​មាន​សំណើ​សុំ​ព័ត៌មាន​អំពី​កិច្ចព្រមព្រៀង​ទ្វេភាគី​ ​នីតិវិធី​ពាក់ព័ន្ធ​ ​ក៏ដូចជា​ពេលវេលា​រំពឹង​ទុក​ដែល​កុមារ​ទាំងនេះ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​ ​មក​ ​ប្រជាពលរដ្ឋ​ចំនួន​ប្រាំមួយ​គ្រួសារ​ ​បាន​ទាក់ទង​មក​អង្គការ​លី​កា​ដូ ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​កុមារ​ចំនួន​ ​១​៥​នាក់​ ​ដែល​ត្រូវ​បាន​គេ​ស្មុំ​កូន​ដោយ​បោកបញ្ឆោត​ចេញពី​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ឆ្នាំ​២​០​០​០​ ​។​ ​គ្រួសារ​នីមួយៗ​បាន​យកកូន​ៗ​របស់​ពួកគេ​ទៅ​ដាក់​ក្នុង​ទី​ជម្រក​ ​ឬ​មណ្ឌល​កុមារ​កំព្រា​ជា​បណ្តោះអាសន្ន​ ​បន្ទាប់ពី​ត្រូវ​បាន​គេ​ប្រាប់​ថា​កូន​របស់​ពួកគេ​នឹង​ទទួល​បាន​ការថែទាំ​ ​និង​ការអប់រំ​មុន​ពេល​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​។​ ​ជារឿយៗ​ ​ឪពុក​ម្តាយ​បាន​ត្រឹមតែ​ដឹង​ថា​ ​កូន​របស់​ពួកគេ​បាន​ចាកចេញ​ពី​ប្រទេស​ ​នៅពេលដែល​ពួកគេ​ត្រឡប់ទៅ​សួរសុខទុក្ខ​កូន​ៗ​របស់​ពួកគេ​វិញ​ ​ហើយ​បាន​រក​ឃើញ​ថា​កូន​របស់​ពួកគេ​បាន​បាត់ខ្លួន​ ​។​ ​គ្រួសារ​នីមួយៗ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ស្វែងរក​ព័ត៌មាន​អំពី​កូន​ៗ​របស់​ពួកគេ​ ​។​ ​កុមារ​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ទីតាំង​ថា​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​ ​បន្ទាប់ពី​ការស៊ើបអង្កេត​យ៉ាង​ទូលំទូលាយ​ ​ប៉ុន្តែ​សម្រាប់​កុមារ​ផ្សេងទៀត​គឺ​មិន​មានការ​បញ្ជាក់​ពី​ទីកន្លែង​ដែល​ពួកគេ​កំពុង​រស់នៅ​ ​អ្នក​ដែ​លមើល​ថែទាំ​ពួកគេ​ ​ឬ​ថា​តើ​ពួកគេ​នៅ​រស់​ឬ​យ៉ាងណា​ ​ដោយ​ទុក​ឱ្យ​គ្រួសារ​របស់​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ ​និង​បន្ត​រង​ការឈឺចាប់​ ​។​

​ នេះ​គឺ​ច្បាស់​ណាស់​ថា​ ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចុប្បន្ន​របស់​រាជរដ្ឋាភិបាល​ ​មិនទាន់​បានការ​ពារ​កុមារ​ ​ដែល​រស់នៅ​ក្នុង​ទី​ជម្រក​ ​និង​មណ្ឌល​កុមារ​កំព្រា​ ​និង​នៅតែ​ខ្វះ​សមត្ថភាព​ ​និង​តម្លា​ភាព​ ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​០​ ​មក​ ​អង្គការ​លី​កា​ដូ​បាន​ធ្វើការ​លើ​ករណី​ចំនួន​ ​៤​ ​ពាក់ព័ន្ធ​នឹង​កុមារ​ចំនួន​ ​១​០​នាក់​ ​ដែល​ត្រូវ​បាន​ដាក់​ក្នុងមណ្ឌល​ទាំងនេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​។​ ​នៅ​ក្នុង​ករណី​នីមួយៗ​ ​អាជ្ញាធរ​បាន​បដិសេធ​ក្នុង​ការ​ប្រាប់​ដល់​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ថា​ ​កូន​ៗ​របស់​ពួកគេ​នៅ​ទីណា​ ​អស់​រយៈពេល​ជាច្រើន​ខែ​ ​។​ ​ក្នុង​ករណី​មួយ​ ​កុមារ​ម្នាក់​បាន​បាត់ខ្លួន​ពី​មណ្ឌល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ​ហើយ​ដំណើរការ​នៃ​ការ​ស្មុំ​កូន​ក្នុង​ប្រទេស​បាន​ចាប់ផ្តើម​ដោយ​ពុំ​មានការ​ដឹងឮ​ ​ឬ​ការ​យល់ព្រម​ពី​ម្តាយ​របស់​កុមារ​នោះ​ទេ​ ​ហើយ​ទោះបីជា​គាត់​ចង់​ជួបជុំ​ជាមួយ​កូន​របស់​គាត់​វិញ​ក៏ដោយ​ ​។​ ​កុមារ​ម្នាក់ៗ​ ​បាន​ត្រឹមតែ​ជួបជុំ​គ្រួសារ​របស់​ពួកគេ​វិញ​ ​បន្ទាប់ពី​មានការ​អន្តរាគមន៍​ជាច្រើន​តែប៉ុណ្ណោះ​ ​។​

​ បរិ​បទ​នេះ​ ​ធ្វើ​ឱ្យ​មើលឃើញ​យ៉ាង​ច្បាស់​អំពី​ហា​និ​ភ័យ​ធ្ងន់ធ្ងរ​ជាច្រើន​នៃ​កា​របើក​ការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​។​ ​កុមារ​កម្ពុជា​យ៉ាងតិច​ណាស់​ ​ចំនួន​ ​៥​,​៤​៤​០​នាក់​ ​បាន​រស់នៅ​ក្នុងមណ្ឌល​នានា​គិត​ត្រឹម​ឆ្នាំមុន​ ​ខណៈ​ដែល​កុមារ​មួយ​ចំនួន​មាន​ឪពុក​ម្តាយ​រស់នៅ​នៅឡើយ​ ​។​ ​ការថែទាំ​កូន​តាម​គ្រួសារ​នៅ​ក្នុង​ប្រទេស​ ​ដូចជា​ការ​បង្រួបបង្រួម​ឱ្យ​ជួបជុំ​គ្រួសារ​ ​ការថែទាំ​ដោយ​សាច់ញាតិ​ ​ការថែទាំ​ដោយ​ឪពុក​ម្ដាយធម៌​ ​និង​ការ​ស្មុំ​កូន​ក្នុង​ប្រទេស​ ​ទាំងអស់​នេះ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​ស្មុំ​កូន​អន្តរប្រទេស​ ​ប៉ុន្តែ​ប្រព័ន្ធ​ទាំងនេះ​មិនទាន់​ដំណើរការ​ពេញលេញ​នោះ​ទេ​ ​ហើយ​ប្រព័ន្ធ​នីមួយៗ​ក៏​នៅខ្វះ​ធនធាន​ ​បុគ្គលិក​សង្គមកិច្ច​ ​និង​ការ​បណ្តុះបណ្តាល​សម្រាប់​បុគ្គលិក​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​ ​។​

​ មធ្យោបាយ​តែមួយ​គត់​ដើម្បី​ធានា​ថា​ ​កុមារ​មិន​ត្រូវ​បាន​គេ​យកចេញ​ពី​គ្រួសារ​របស់​ពួកគេ​ទៅ​ដោយ​មិន​ត្រឹមត្រូវ​ ​និង​ដោយ​បោកបញ្ឆោត​ម្តងទៀត​នោះ​គឺ​ ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ស្មុំ​កូន​អន្តរប្រទេស​ទាំងអស់​ពី​ប្រទេស​កម្ពុជា​ដែល​កំពុង​ដំណើរការ​ ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋ​ដែល​ទទួលយក​កុមារ​ ​គួរតែ​បង្កើត​យន្ត​ការ​សម្រាប់​អ្នក​ដែល​បាន​រងគ្រោះ​ពី​ការ​ស្មុំ​កូន​អន្តរប្រទេស​រួចមក​ហើយ​នោះ​ ​រួម​មាន​ទាំង​កូនចិញ្ចឹម​ ​ឪពុក​ម្ដាយបង្កើត​ ​និង​ឪពុក​ម្ដាយចិញ្ចឹម​ ​ដើម្បី​ស្វែងរក​ការពិត​ ​និង​យុត្តិធម៌​ ​ក៏ដូចជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្សជា​ទី​ស្រលាញ់​ឡើងវិញ​ ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ដូច្នេះ​ ​។​ ​ការបញ្ជូន​កុមារ​ជាច្រើន​ទៀត​ទៅក្រៅ​ប្រទេស​ ​អាច​នឹង​បង្ក​ឱ្យ​មានគ្រោះថ្នាក់​ដែល​មិន​អាច​ស្រោចស្រង់​បាន​ជាច្រើន​បន្ថែម​ទៀត​ ​ប្រសិនបើ​ធ្វើឡើង​មុន​ពេល​កំហុស​កន្លងមក​ទាំងនេះ​ត្រូវ​បាន​ដោះស្រាយ​ ​និង​មុន​ពេល​មាន​វិធានការ​ប្រកបដោយ​សុវត្ថិភាព​ ​និង​តម្លា​ភាព​ ​ដើម្បី​ធានា​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​កុមារ​ ​៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 អ្នកនាង​ ណាលី ពីឡូក ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ ​តាមរយៈ Signal ​+855 12 214 454 (ភាសា​អង់គ្លេស) ។​
 លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃអង្គការ​លីកាដូ ​តាមរយៈ ​Signal ​+855 10 327 770​ (ភាសាខ្មែរ) ។​

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា