ការងារយើង

ការិយាល័យ​ឃ្លាំមើលសិទ្ធិមនុស្ស

ការិយាល័យ​ឃ្លាំមើល​របស់​អង្គការ​លី​កា​ដូ ​កំណត់​ ​ស្រាវជ្រាវ​ ​និង​ចងក្រង​ករណី​រំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​អ្នកឃ្លាំមើល​ដែល​មាន​បទពិសោធន៍​ ​គឺ​មាននៅ​ទូទាំង​ប្រទេស​ ​ដែល​ធ្វើ​ឱ្យ​អង្គការ​លី​កា​ដូ ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍​មូលដ្ឋាន​នៅ​តាម​ជនបទ​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​ត្រូវ​រាយការណ៍​អំពី​ការ​រំលោភបំពាន​ ​និង​ស្វែងរក​យុត្តិធម៌​ ​នៅ​ក្នុង​បរិ​បទ​នៃ​បរិយាកាស​សិទ្ធិមនុស្ស​ ​ដែល​កាន់តែ​មាន​ភាព​តានតឹង​ ​។

អ្នកឃ្លាំមើល​របស់​អង្គការ​លី​កា​ដូ ​ស្ថិតនៅ​ជួរមុខ​នៃ​ការ​ចងក្រង​ការរំលោភ​សិទ្ធិ​ដោយ​រដ្ឋ​ ​ឥស្សរជន​នយោបាយ​ ​និង​មុខ​ជំនួញ​ក្ដោបក្ដាប់​ដោយ​អ្នកមានអំណាច​ ​។​ ​គម្រោង​ឃ្លាំមើល​ ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ការិយាល័យ​ ​និង​អង្គការ​ដៃគូ​ដទៃទៀត​ ​ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ ​ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​និង​សេវា​វេជ្ជសាស្ត្រ​ ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការ​រំលោភបំពាន​សិទ្ធិ​ ​។​ ​ការងារ​របស់​ពួកគេ​រួម​មាន​ ​ការ​វាយ​តម្លៃ​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ជាស​ម្ភារៈ ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​គ្រួសារ​របស់​ពួកគេ​ ​និង​ការ​ផ្តល់​អនុសាសន៍​អំពី​ ​គោលដៅ​យុទ្ធសាស្ត្រ​ក្នុង​ការ​តស៊ូ​មតិ​ ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​។

ការិយាល័យ​សិទ្ធិស្ត្រី

ស្ត្រីនៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​បន្ត​ប្រឈម​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​នឌ័រ ​និង​ភាព​មាន​ក​ម្រិ​ត​នៃ​ការ​ទទួល​បាន​យុត្តិធម៌​ ​ដោយសារតែ​ភាព​ចាក់ស្រេះ​នៃ​ផ្នត់គំនិត​យេ​ន​ឌ័រ​ ​ប្រព័ន្ធ​តុលាការ​ដែល​គ្មាន​ប្រសិទ្ធ​ភាព​ ​និង​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​ ​។​ ​ការិយាល័យ​សិទ្ធិ​ស្ត្រី​នៃ​អង្គការ​លី​កា​ដូ ​គាំទ្រ​ស្ត្រី​ដែល​រងគ្រោះ​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ការរំលោភ​សេពសន្ថវៈ​និង​ប្រទូស្ដ​កេរខ្មាស​ ​ការវាយប្រហារ​ដោយ​ទឹកអាស៊ីត​ ​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ការ​រំលោភបំពាន​ផ្សេងទៀត​ ​តាមរយៈ​ការស្រាវជ្រាវ​ ​ការ​គាំទ្រ​ផ្នែក​ច្បាប់​ ​និង​សម្របសម្រួល​ឱ្យ​មានការ​ផ្តល់​សេវា​សំខាន់​ៗ​ជាច្រើន​បន្ថែម​ទៀត​ ​។

អ្នកឃ្លាំមើល​ ​ធ្វើ​ការស្រាវជ្រាវ​ករណី​ ​គាំទ្រ​ស្រ្តីឱ្យ​ដាក់ពាក្យ​អន្តរាគមន៍​ផ្លូវច្បាប់​ ​អម​ដំណើរ​ពួកគេ​តាម​នីតិវិធី​របស់​តុលាការ​ ​ឬ​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​តាមដាន​សំណុំរឿង​ដែល​ជាប់​គាំង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ​ឬ​មន្ត្រី​តុលាការ​ ​។​ ​អ្នកឃ្លាំមើល​ ​ក៏​ធ្វើការ​សម្របសម្រួល​ឱ្យ​មានការ​ផ្ដល់​សេវា​ផ្សេងៗ​ ​តាមរយៈ​ការិយាល័យ​របស់​អង្គការ​លី​កា​ដូ​ផ្សេងទៀត​ ​និង​ជួយ​ដល់​ស្ត្រី​ក្នុង​ការស្វែងរក​សេវា​ផ្សេងៗ​ជាមួយ​អង្គការ​ដៃគូ​ ​ដើម្បី​ធានា​ថា​ពួកគេ​ទទួល​បានការ​គាំទ្រ​ដែល​ពួកគេ​ត្រូវការ​ ​អំឡុង​ពេល​ស្វែងរក​យុត្តិធម៌​ ​និង​សុវត្ថិភាព​ ​។​

​នៅ​ក្នុង​ប្រព័ន្ធ​មួយ​ ​ដែល​អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​ ​តែងតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្តីបន្ទោស​ជនរងគ្រោះ​ ​និង​ជន​ប្រព្រឹត្ត​បទល្មើស​រីករាយ​នឹង​និ​ទណ្ឌ​ភាព​ ​អង្គការ​លី​កា​ដូ ​ឈរ​ជាមួយ​ស្ត្រី​ ​ហើយនឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ ​និង​សេវាកម្ម​ផ្សេងៗ​ ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​យុត្តិធម៌​ ​។

ការិយាល័យ​សិទ្ធិកុមារ

កុមារ​នៅ​កម្ពុជា​ ​នៅតែ​បន្ត​ប្រឈម​នឹង​ការ​រំលោភបំពាន​ទៅលើ​សិទ្ធិ​របស់​ពួកគេ​ ​។​ ​ការិយាល័យ​សិទ្ធិ​កុមារ​នៃ​អង្គការ​លី​កា​ដូ ​ធ្វើ​ការស្រាវជ្រាវ​ទៅលើ​ការរំលោភ​សិទ្ធិ​កុមារ​ ​ដូចជា​ឃាតកម្ម​ ​អំពើ​ហិង្សា​លើ​រាងកាយ​ ​ការរំលោភ​សេពសន្ថវៈ​និង​ប្រទូស្ដ​កេរខ្មាស​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ការ​ជួញ​ដូរ​មនុស្ស​ ​ពលកម្ម​កុមារ​ ​និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត​ ​។

អ្នកឃ្លាំមើល​ ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​កុមារ​ ​និង​គ្រួសារ​របស់​ពួកគេ​អំឡុង​ពេល​ស្វែងរក​យុត្តិធម៌​ ​តាមរយៈ​ការ​ចែករំលែក​ព័ត៌មាន​ទៅកាន់​ពួកគេ​អំពី​ជម្រើស​ផ្នែក​ច្បាប់​ ​ការ​គ្រាំ​ទ្រ​ពួកគេ​ឱ្យ​ដាក់ពាក្យ​ប​ណ្តឺ​ង​ ​និង​ការ​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដើម្បី​ធានា​ឱ្យ​មាន​ចំណាត់​ការ​របស់​អាជ្ញាធរ​ ​។​ ​អ្នកឃ្លាំមើល​ ​ក៏​ធ្វើការ​សម្របសម្រួល​ឱ្យ​មានការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ ​ការ​គាំទ្រ​ផ្នែក​សេវា​សង្គម​ ​និង​ការថែទាំ​សុខភាព​ ​តាមរយៈ​បណ្តា​ការិយាល័យ​ផ្សេងៗ​ទៀត​របស់​អង្គការ​លី​កា​ដូ ​និង​បញ្ជូន​ករណី​ទៅ​អង្គការ​ដៃគូ​ ​ដើម្បី​ទទួល​បាន​សេវាកម្ម​ផ្សេងៗ​ដែល​ពួកគេ​ត្រូវការ​ ​។​

​អាជ្ញាធរ​ ​នៅតែ​បន្ត​ការ​ទម្លាក់​ចោល​នីតិវិធី​ព្រហ្មទណ្ឌ​ដោយ​មិន​ត្រឹមត្រូវ​ ​បន្ទាប់ពី​បាន​ដាក់​សម្ពាធ​ក្រុម​គ្រួសារ​របស់​កុមារ​ឱ្យ​យល់ព្រម​លើ​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយធ្វើ​ឱ្យ​កុមារ​គ្មាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ ​និង​ប្រឈម​នឹង​គ្រោះថ្នាក់​បន្ថែម​ទៀត​ ​។​ ​អង្គការ​លី​កា​ដូ ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​កុមារ​ ​និង​គ្រួសារ​របស់​ពួកគេ​ ​ក្នុង​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​ ​និង​បញ្ហា​ផ្សេងទៀត​ ​អំឡុង​ពេល​ពួកគេ​ស្វែងរក​យុត្តិធម៌​ ​។

ការិយាល័យ​ពេទ្យ

ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ ​ដែល​ស្ថិត​ក្នុង​ហា​និ​ភ័យ​ ​និង​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​ខ្វះ​លទ្ធភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​អាច​ទុកចិត្ត​បាន​ ​និង​តម្លៃ​សមរម្យ​ ​។​ ​ការិយាល័យ​ពេទ្យ​នៃ​អង្គការ​លី​កា​ដូ ​បំពេញ​ចំណុច​ខ្វះ​ចន្លោះ​នេះ​ ​ដោយ​ផ្ដល់​ការ​ពិគ្រោះ​ ​និង​ព្យាបាល​ជំងឺ​ ​ដូចជា​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​អំឡុង​ពេល​ដែល​មានការ​តវ៉ា​ ​នៅ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការរំលោភ​យក​ដីធ្លី​ ​នៅ​ទីកន្លែង​បណ្តេញ​ចេញ​និង​តំបន់​តាំងទីលំនៅ​ថ្មី​ ​និង​នៅ​ការិយាល័យ​ពេទ្យ​នៃ​ទីស្នាក់ការ​កណ្ដាល​អង្គការ​លី​កា​ដូ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជាដើម​ ​។

ក្រុម​គ្រូពេទ្យ​ ​ដែល​អម​ដំណើរ​ជាមួយ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លី​កា​ដូ​នៅ​ក្នុង​ព្រឹត្តិការណ៍​នានា​ ​មិន​ត្រឹមតែ​ផ្តល់​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ចងក្រង​ឯកសារ​អំពី​ផល​ប៉ះពាល់​សុខភាព​នៃ​អំពើ​ហិង្សា​ផង​ដែរ​ ​។​ ​ភស្តុតាង​នេះ​ ​ត្រូវ​បាន​ប្រើប្រាស់​ជា​ការ​ចែករំលែក​ព័ត៌មាន​ ​ការ​តស៊ូ​មតិ​ ​និង​ពេលខ្លះ​នៅ​ក្នុង​សំណុំរឿង​តុលាការ​ ​។​

​ការិយាល័យ​ពេទ្យ​ ​ប្រើប្រាស់​ក្រុម​វេជ្ជបណ្ឌិត​ ​និង​ឱសថការី​ ​ដើម្បី​ផ្តល់​សេវា​ពិគ្រោះ​ ​និង​ព្យាបាល​ជំងឺ​ទូទៅ​ ​ដល់​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ ​សកម្មជន​ជួរមុខ​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​តាំងទីលំនៅ​ថ្មី​ ​ឬ​អ្នក​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​ ​និង​មនុស្ស​ដែល​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​។

ការិយាល័យ​សេវា​សង្គម

ការិយាល័យ​សេវា​សង្គម​ ​ផ្តល់​សេវា​ចាំបាច់​និង​ជំនួយ​សំខាន់​ៗ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​អ្នក​ដែល​បាន​ជួប​ប្រឈម​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ ​។​ ​សេវា​ទាំងនេះ​ ​ព្យាយាម​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​សេវា​សុខុមាលភាព​សង្គម​ដែល​ផ្តល់​ដោយ​រដ្ឋ​ ​។​ ​សេវា​ទាំងនេះ​រួម​មានការ​គាំទ្រ​ផ្នែកសម្ភារៈ​ដូចជា​ ​អាហារ​ ​ផលិតផល​អនាម័យ​ ​ស​ម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ ​និង​ស​ម្ភារៈ​ចាំបាច់​សម្រាប់​ទារក​ ​និង​កុមារ​ ​។​

​ក្រុម​ការងារ​សេវា​សង្គម​ ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ការិយាល័យ​ឃ្លាំមើល​ ​ការិយាល័យ​ច្បាប់​ ​និង​ការិយាល័យ​តស៊ូ​មតិ​ ​ដើម្បី​កំណត់​អំពី​ប្រជាពលរដ្ឋ​ ​និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការរំលោភ​សិទ្ធិ​ ​ក៏ដូចជា​ធានា​ឱ្យ​បាន​ពី​ការ​បំពេញ​តម្រូវ​ការ​មូលដ្ឋាន​របស់​ពួកគេ​ ​និង​អាច​ឱ្យ​ពួកគេ​ធ្វើការ​តស៊ូ​មតិ​បន្ត​ទៀត​ ​។

ការិយាល័យ​ច្បាប់

ការិយាល័យ​ច្បាប់​ ​ផ្តល់​ការ​ប្រឹក្សា​ ​និង​ការពារ​ផ្នែក​ច្បាប់​ ​សម្រាប់​អ្នកការពារ​សិទ្ធិមនុស្ស​ ​ជនរងគ្រោះ​នៃ​ការរំលោភ​យក​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ ​ក៏ដូចជា​អ្នក​ដែល​ជួប​ប្រឈម​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ការរំលោភ​សេពសន្ថវៈ​ ​និង​ការ​ជួញ​ដូរ​មនុស្ស​ ​ជាដើម​ ​។​ ​ការ​គាំទ្រ​នេះ​ ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ​និង​ភាព​ទទួលខុសត្រូវ​ ​និង​ដំណោះស្រាយ​តាមរយៈ​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​មាន​លក្ខណៈ​ពុករលួយ​ ​និង​មិន​មាន​ឯករាជ្យ​ភាព​ ​។​

​ដោយ​បាន​សហការ​ជាមួយ​ការិយាល័យ​ដទៃទៀត​ ​ក្រុម​ការងារ​ផ្នែក​ច្បាប់​រួម​មាន​ ​មេធាវី​ ​និង​ជំនួយ​ការ​មេធាវី​ ​ធ្វើការ​ផ្តល់​សេវា​ផ្លូវច្បាប់​ ​និង​ការ​ប្រឹក្សា​យោបល់​ ​ឬ​ការ​ការពារ​ក្ដី​ ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​បណ្ដឹង​ ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​របស់​ពួកគេ​ ​។​ ​ក្រុម​ការងារ​នេះ​ ​ប្រឹក្សា​យោបល់​ជូន​អតិថិជន​ ​ឬ​កូនក្តី​របស់​អង្គការ​លី​កា​ដូ ​តាម​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​ផ្លូវច្បាប់​រួម​មាន​ ​ការ​ដាក់ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ ​ការ​ចូល​ឆ្លើយ​បំភ្លឺ​នៅចំពោះមុខ​ព្រះរាជអាជ្ញា​ ​និង​ចៅក្រម​ស៊ើបសួរ​ ​ការ​ប្រមូល​និង​ដាក់​បញ្ជូន​ភស្តុតាង​ ​ការ​ការពារ​កូនក្តី​នៅ​ក្នុង​សវនាការ​ ​និង​ការ​ប្តឹងឧទ្ធរណ៍​ ​និង​សារទុក្ខ​ប្រឆាំង​នឹង​ការ​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​ ​។​

​នៅ​ក្នុង​ដំណើរការ​ការងារ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ​ក្រុម​ការងារ​ផ្នែក​ច្បាប់​ ​បាន​តាមដាន​សំណុំរឿង​សំខាន់​ៗ​ ​ដើម្បី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​ ​វិភាគបទ​ប្បញ្ញត្តិ ​និង​ច្បាប់​ជាតិ​ ​និង​លើក​ក​ម្ពស់​ចំណេះ​ដឹង​របស់​សហគមន៍​អំពី​ការ​វិវឌ្ឍ​ន៍​ផ្នែក​ច្បាប់​ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ ​។

ការិយាល័យ​ឃ្លាំមើល​ពន្ធនាគារ

ពន្ធ​នាគា​រ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង​ ​ហើយ​ស្ថានភាព​រស់នៅ​មិន​សមរម្យ​ ​។​ ​មនុស្ស​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ត្រូវធ្វើ​ការ​បង់​ប្រាក់​ក្រៅផ្លូវការ​ជាប្រចាំ​ ​ដើម្បី​ទទួល​បាន​តម្រូវ​ការ​ជា​មូលដ្ឋាន​ដូចជា​អាហារ​ ​កន្លែង​សម្រាប់​គេង​ ​និង​ការ​ចូល​សួរសុខទុក្ខ​ពី​គ្រួសារ​ ​។​ ​អ្នកជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅ​កម្ពុជា​ ​មាន​ក្រុម​ជន​ដែល​ងាយ​ទទួល​រងគ្រោះ​បំផុត​នៅ​ក្នុង​ប្រទេស​ ​ដែល​ប្រឈម​នឹង​ការរំលោភ​សិទ្ធិ​ម្តង​ហើយ​ម្តងទៀត​ ​ខណៈ​ពេល​ដែល​ស្ថិតនៅ​ក្រោម​កាតព្វកិច្ច​របស់​រដ្ឋ​ ​។​

​អង្គការ​លី​កា​ដូ ​ឃ្លាំមើល​ជាង​ពាក់កណ្តាល​នៃ​ពន្ធ​នាគា​រ​សរុប​ចំនួន​២​៨​ ​នៅ​កម្ពុជា​ ​។​ ​អ្នកស្រាវជ្រាវ​គម្រោង​ពន្ធ​នាគា​រ​ ​តែង​ចុះ​ជួប​អ្នកជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ជា​ទៀងទាត់​ ​និង​ធ្វើការ​សម្ភាសន៍​ ​ដើម្បី​តាមដាន​ក្នុង​ករណី​មានការ​ធ្វើ​ទារុណកម្ម​ ​ស្រាវជ្រាវ​ករណី​អំពើ​ហិង្សា​ក្នុង​ពន្ធ​នាគា​រ​និង​អំពើពុករលួយ​ ​ជួយ​អតិថិជន​ក្នុង​ដំណើរការ​ផ្លូវច្បាប់​ ​ដូចជា​ការ​ដាក់ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ ​និង​បណ្តឹង​ឧទ្ធរណ៍​ឬ​បណ្ដឹង​សាទុក្ខ​ ​និង​ស្រាវជ្រាវ​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត​ ​។​ ​អ្នកស្រាវជ្រាវ​ ​ក៏​ជួយ​ដល់​អ្នក​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​នៅ​ក្នុង​ពន្ធ​នាគា​រ​ផង​ដែរ​ ​រួម​មាន​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ស្ត្រី​មានផ្ទៃពោះ​ ​កុមារ​តាម​ម្តាយ​របស់​ពួកគេ​ដែល​កំពុង​ជាប់ឃុំ​ ​និង​អ្នកទោស​ដែល​ជា​អនីតិជន​ ​ដោយធ្វើ​ការ​តស៊ូ​មតិ​ជំទាស់​ទៅ​នឹង​ការ​ឃុំ​ខ្លួន​ដោយ​មិន​សម​ហេតុផល​ ​និង​មិន​មានការ​ជំនុំ​ជម្រះ​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​

​អ្នកស្រាវជ្រាវ​គម្រោង​ពន្ធ​នាគា​រ​ ​ជារឿយៗ​តែង​ធ្វើការ​ជាមួយ​ក្រុម​ពេទ្យ​ ​និង​ក្រុម​ការងារ​សេវា​សង្គម​ ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែកសម្ភារៈ​ ​និង​ការ​ព្យាបាល​ជំងឺ​ ​ដល់​អ្នកជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​រួម​មាន​ ​ការ​គាំទ្រ​សម្រាប់​អ្នកជាប់ឃុំ​ដែល​មានផ្ទៃពោះ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​ជាដើម​ ​។

ការិយាល័យ​តស៊ូមតិ​ ធនធាន​ឯកសារ និងស្រាវជ្រាវ

ការិយាល័យ​តស៊ូ​មតិ​ ​ធនធាន​ឯកសារ​ ​និង​ស្រាវជ្រាវ​នៃ​អង្គការ​លី​កា​ដូ ​ចងក្រង​ឯកសារ​ ​និង​ប្រើប្រាស់​ព័ត៌មាន​ពី​ការិយាល័យ​ឃ្លាំមើល​ ​និង​ការិយាល័យ​ផ្សេងៗ​ទៀត​ ​ដើម្បី​លើក​ក​ម្ពស់ ​និង​បន្លឺ​សំឡេង​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ ​សកម្មជន​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដែល​ព្យាយាម​តស៊ូ​មតិ​ ​ដើម្បី​សង្គម​មួយ​ប្រកបដោយ​សុវត្ថិភាព​ ​និង​យុត្តិធម៌​ ​។​

​ក្រុម​ការងារ​ស្រាវជ្រាវ​ ​ផលិត​របាយការណ៍​ស្រាវជ្រាវ​រយៈពេល​វែង​ដោយ​ផ្អែកលើ​ភស្តុតាង​ ​បន្ថែម​ទៅលើ​យុទ្ធ​សា​ស្រ្ត​តស៊ូ​មតិ​ដែល​មានស្រាប់​ ​ដោយ​ការ​ប្រមូលផ្ដុំ​ ​និង​ការ​បន្លឺ​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ​ដើម្បី​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់​នៅ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ក្រុម​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ស្រាវជ្រាវ​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​វិ​ស​័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​តាមរយៈ​ការ​ផលិត​របាយការណ៍​ ​របាយការណ៍​សង្ខេប​ ​និង​ឯកសារ​ចេញផ្សាយ​ជា​សាធារណៈ​ផ្សេងទៀត​ ​ក៏ដូចជា​ការ​តស៊ូ​មតិ​ ​និង​ការ​ដាក់ពាក្យបណ្ដឹង​ជាមួយនឹង​ស្ថាប័ន​អភិវឌ្ឍន៍​ផ្នែក​ហិរញ្ញវត្ថុ​ជា​លក្ខណៈ​ទ្វេភាគី​ ​និង​ពហុភាគី​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ទុន​បែប​គ្រោះថ្នាក់​លើ​វិ​ស​័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​។​ ​ពួកគេ​ ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​ដៃគូ​ ​អ្នកស្រាវជ្រាវ​ ​ភ្នាក់ងារ​អភិវឌ្ឍន៍​ ​ស្ថាប័ន​អភិវឌ្ឍន៍​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​អ្នក​សារ​ព័ត៌មាន​ផ្សេងទៀត​ ​ដើម្បី​លើក​ក​ម្ពស់​ចំណេះ​ដឹង​ ​និង​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ ​ដើម្បី​ដោះស្រាយ​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជា​ ​។​

​បុគ្គលិក​ធនធាន​ឯកសារ​រក្សាទុក​ឯកសារ​សំណុំរឿង​ ​និង​ព័ត៌មាន​ពី​បណ្តា​ការិយាល័យ​ផ្សេងៗ​ ​ហើយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​តស៊ូ​មតិ​ ​ដើម្បី​ចេញផ្សាយ​របាយការណ៍​សង្ខេប​ ​របាយការណ៍​ ​យុទ្ធនាការ​សាធារណៈ​ ​និង​ឯកសារ​តស៊ូ​មតិ​ផ្សេងទៀត​ ​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ការ​តស៊ូ​មតិ​នេះ​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុមសកម្ម​ជន​ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ​របស់​ពួកគេ​ ​និង​ជួយ​បន្លឺ​សំឡេង​របស់​ពួកគេ​ឱ្យ​បាន​លឺ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ពួកគេ​ក៏​ធ្វើការ​បណ្តុះបណ្តាល​ផ្នែក​ឌី​ជី​ថល​ផង​ដែរ​ ​ដើម្បី​ធានា​ថា​ ​សកម្មជន​ ​និង​សហគមន៍​ ​ត្រូវ​បានការ​ពារ​ពី​ការ​តាមដាន​ ​និង​អាច​តស៊ូ​មតិ​ដោយ​សុវត្ថិភាព​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា