របាយការណ៍សង្ខេប

ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិមួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន

ចេញផ្សាយ ខែឧសភា ឆ្នាំ២០២០
F T M

“ផលប្រយោជន៍​បានពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានតិច​ តែភ័យ​ខ្លាចខ្លាំង”

នៅភាគ​ពាយ័ព្យ​នៃប្រទេសកម្ពុជា​ ការកើតឡើង​នៃបំណុល​មីក្រូហិរញ្ញវត្ថុ​គ្រប់ទី​កន្លែង​គឺកំពុងជំរុញ​មនុស្សជាច្រើន​គ្រួសារ​ឱ្យចេញ​ពីផ្ទះរបស់​ពួកគាត់ទៅ​ធ្វើការ​នៅក្នុង​ប្រទេសថៃ ។​ នៅក្នុងរបាយការណ៍​សង្ខេប​ “ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិ​មួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន”​ អង្គការលីកាដូ​ផ្ដោតសំខាន់​ទៅលើភូមិមួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​​អំពីទំនាក់ទំនង​រវាងបំណុល​មីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុក​នៅតំបន់​ព្រំដែន​ក្នុងប្រទេសកម្ពុជា ។​ តាមរយៈ​ការធ្វើបទសម្ភាសន៍​ជាមួយ​សមាជិក​គ្រួសារ​ដែលស្នាក់នៅផ្ទះ​ចំនួន៣០គ្រួសារ​ អ្នកស្រាវជ្រាវ​របស់​អង្គការលីកាដូ​ បានរកឃើញថា​ ការជាប់​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនលើសលុប​ គឺជាកត្តា​ចម្បង​លើកទឹកចិត្ត​ នាំឱ្យមាន​ការធ្វើចំណាក​ស្រុកចេញពីភូមិ ។ ​

អ្នកនាង​ ណាលី ​ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍ថា​៖ “គ្រួសារ​ជាច្រើន​បានចាកចេញ​ពីផ្ទះ​ និងប្រទេស​កំណើត​របស់ពួកគាត់​ ដើម្បី​រកប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ” ។​ អ្នកនាង​បានបន្ត​ទៀតថា៖​ “ពេលនេះ ​អតីត​ពលករ​ចំណាក​ស្រុករាប់សែននាក់​ មិនអាច​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ទៀតបានទេ​ ដោយសារ​បញ្ហា​វីរុសកូវីដ១៩​ ដូច្នេះអង្គការលីកាដូសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អាចជួយ​អ្នកខ្ចី​ប្រាក់ទាំងនេះ​ដោយ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ” ។​

ការពិត​ដែលបំណុល​មីក្រូហិរញ្ញវត្ថុ​នាំឱ្យ​មានចំណាកស្រុក​នៅកម្ពុជា​ ត្រូវបាន​កត់សម្គាល់​ជាច្រើន​ឆ្នាំ​មកហើយ​​ដោយអង្គការ​ចំណាកស្រុកអន្តរជាតិ ​(IOM)​ និងអង្គការ​សហប្រជាជាតិ​ស្តីពីគ្រឿងញៀន​ និង​បទឧក្រិដ្ឋ​នៅ​កម្ពុជា ​(UNODC) ។​ របាយការណ៍ ​“ការនាំឱ្យ​មានចំណាក​ស្រុក” នេះ ​នឹងបង្ហាញ​លម្អិត​បន្ថែមទៀត​ អំពីតួនាទី​របស់​បំណុលមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ ចំពោះ​ការធ្វើចំណាកស្រុក​ ដែលជាញឹកញាប់​ធ្វើឱ្យពលករ​ជាច្រើន​​ប្រឈម​នឹងការកេងប្រវ័ញ្ច​ និងការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម ។​


មើល​វីដេអូ​នេះ
ការនាំឱ្យ​មានចំណាក​ស្រុក៖​ បំណុលមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន

ភាគច្រើន​នៃសមាជិក​គ្រួសារ​ដែលបាន​ផ្ដល់បទសម្ភាសន៍បាន​រៀបរាប់ថា​ ការលើក​ទឹកចិត្ត​ចម្បង​សម្រាប់​សាច់ញាតិ​របស់​ពួកគាត់​ក្នុងការ​ចាកចេញ​ពីប្រទេសកម្ពុជា​ គឺការ​រកប្រាក់​ដើម្បី​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។​ មន្ត្រី​ឥណទាន​មួយចំនួន​បានលើក​ទឹកចិត្ត​ ឬសូម្បី​តែទាមទារ​ឱ្យមានការ​ធ្វើចំណាកស្រុក​ ជាលក្ខខណ្ឌ​ដំបូង មុនពេល​ទទួលបាន​កម្ចីមីក្រូហិរញ្ញវត្ថុ ។​ កម្ចីជា​ច្រើន​ត្រូវបាន​ផ្ដល់ឱ្យទៅ​ប្រជាពលរដ្ឋ​កម្ពុជា​អ្នកខ្ចី​ប្រាក់ជា​រូបិយវត្ថុបាត​របស់​ប្រទេសថៃ​ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខ្លួនឯង​ទទួល​បាន​ការវិនិយោគ​ពី​ភ្នាក់ងារ​​អភិវឌ្ឍន៍​របស់ប្រទេស​នៅអឺរ៉ុប​ជារូបិយ​វត្ថុបាត​ ដែលជា​សម្ពាធ​បន្ថែមទៀត​លើអ្នកខ្ចីប្រាក់​ ក្នុងការ​សងបំណុល​របស់ពួកគាត់ ។​

ជារួម​ អ្នកផ្ដល់​បទសម្ភាសន៍​បានរៀបរាប់​ពីអារម្មណ៍​អវិជ្ជមាន​ចំពោះ​បំណុលមីក្រូហិរញ្ញវត្ថុ​ ក៏ដូចជា​អារម្មណ៍​ច្របូកច្របល់​ចំពោះ​ការធ្វើចំណាកស្រុក ។​ ភាគច្រើន​នៃអតិថិជន​មីក្រូហិរញ្ញវត្ថុ​បានរៀបរាប់ថា​ មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​បំណុល​មីក្រូហិរញ្ញវត្ថុ​ ដោយសារ​ពួកគាត់​ប្រើប្រាស់​ដីធ្លី​របស់ពួកគាត់​ធ្វើជា​ទ្រព្យធានា​ (បញ្ចាំ)​ ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ និង​ដោយសារ​ពួកគាត់​ព្រួយបារម្ភ​ពីសុវត្ថិភាព​សាច់ញាតិ​របស់ពួកគាត់​ជាពលករ​​ចំណាកស្រុក​ ដែល​មានប្រាក់បៀវត្ស​ត្រូវតម្រូវ​ឱ្យបង់សង​បំណុល ។​ ភូមិនេះ​ក៏ស្ទើរ​តែគ្មាន​មនុស្ស​ពេញវ័យ​រស់នៅ​ គឺមានតែ​សមាជិក​គ្រួសារ​ចាស់ៗ​ និង​ក្មេងតូចៗ​តែប៉ុណ្ណោះ ។​ ការបែកបាក់​គ្រួសារ​គឺជាប្រភព​នៃការព្រួយបារម្ភ​ជាខ្លាំង​ សម្រាប់​អ្នកផ្ដល់​បទសម្ភាសន៍ ។​

ពេលនេះ ​​អតីត​​ពលករ​​ចំណាក​​ស្រុក​រាប់សែននាក់​​ មិនអាច​​ធ្វើការ​​នៅក្នុង​ប្រទេសថៃ​​ទៀតបានទេ​​ ដោយសារ​បញ្ហា​វីរុសកូវីដ១៩​​ ដូច្នេះ​អង្គការ​លីកាដូ​សង្ឃឹមថា​​ រាជរដ្ឋាភិបាល​​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អាចជួយ​អ្នកខ្ចី​ប្រាក់ទាំងនេះ​ដោយ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ

ណាលី ​ពីឡូក នាយិកា​​អង្គការ​​លីកាដូ​​

ចាប់តាំងពី​ការសិក្សា​ស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង​ក្នុងខែកញ្ញា​ ឆ្នាំ២០១៩​ អ្នកចំណាក​ស្រុកជាង​៨ម៉ឺននាក់​បានចាកចេញ​ពីប្រទេសថៃ​ ត្រឡប់​មកប្រទេស​កម្ពុជាវិញ​ ដោយសារ​ការរីករាលដាល​ជាសកល​នៃវីរុស​កូវីដ១៩ ។​ ការបាត់បង់​ប្រាក់ចំណូល​ភ្លាមៗ​នេះ ​នាំឱ្យគ្រួសារ​ទាំងនេះ​ប្រឈមនឹង​ហានិភ័យ​នៃការ​រំលោភ​សិទ្ធិមនុស្ស​បន្ថែម​ទៀត ​ដោយសារ​បំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ពួកគាត់​ ក្នុងនោះ​មានការបង្ខំឱ្យ​លក់ដី​សងបំណុល​ ជាដើម ។​ គ្រប់កម្មករ​សេដ្ឋកិច្ច​ទាំងក្នុង​ និងក្រៅប្រព័ន្ធ​ ក្នុង​ឧស្សាហកម្មផលិត​ សំណង់​ កំសាន្ត ​មធ្យោបាយ​ធ្វើដំណើរ​ និងទេសចរណ៍​ ក្នុងប្រទេស​កម្ពុជា​ កំពុង​ប្រឈម​នឹងការ​បាត់បង់ការងារ​យ៉ាងធ្ងន់ធ្ងរ​ ខណៈដែល​សេដ្ឋកិច្ច​ជាតិ​ មានការ​ធ្លាក់ចុះ ​អំឡុងពេល​មានវិបត្តិ​ជាសកលមួយនេះ ។​

អង្គការលីកាដូ​ សង្ឃឹម​យ៉ាងមុតមាំថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​រាជរដ្ឋាភិបាល​ នឹងអាច​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ផ្អាកការ​សងបំណុល​មីក្រូហិរញ្ញវត្ថុ ​និង​សង្ឃឹមថា​អ្នកវិនិយោគ​បរទេស​របស់​គ្រឹះស្ថាន​ទាំងនេះ ​នឹង​អាច​វាយតម្លៃ​​ឡើងវិញ​ចំពោះការ​ផ្ដល់ប្រាក់​កម្ចី​ជារូបិយវត្ថុបាត​ ក៏ដូចជា​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​ថាតើ​ប្រាក់កម្ចី​​ទាំងនេះ​បាននាំឱ្យ​មានការ​ធ្វើចំណាកស្រុក​ខុសច្បាប់​ ការជួយដូរមនុស្ស​ ឬការរំលោភសិទ្ធិមនុស្ស​ផ្សេងទៀត​ ឬយ៉ាងណា ។​

លោក អំ សំអាត​ នាយករង​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ ​បានមាន​ប្រសាសន៍ថា​៖ អ្នកចំណាក​ស្រុក​ដែលបាន​វិលត្រឡប់​មកវិញ​ កំពុង​ត្រូវការ​ជំនួយ​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​និង​រាជរដ្ឋាភិបាល” ។​ លោកបាន​បន្តថា៖​ “យើង​សង្ឃឹមថា​ អ្នកខ្ចីប្រាក់​ទាំងនេះ​នឹងអាច​ទទួលបាន​ការសម្រាលបន្ទុក​ ខណៈដែល​ពួកគាត់​​កំពុងតស៊ូ​ កសាងជីវិត​ និង​ប្រាក់ចំណូល​របស់​ពួកគាត់​សារជាថ្មី” ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា