របាយការណ៍សង្ខេប

ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក៖ ភាព​ជំពាក់​បំណុល​ច្រើន​លើសលុប​ក្នុង​វិស័យ​កាត់ដេរ​នៅ​ប្រទេសកម្ពុជា

ចេញផ្សាយ ខែមិថុនា ឆ្នាំ២០២០
F T M
កម្ម​​ករ​រោងចក្រកាត់ដេរ​​ជាច្រើន ដែល​​បាន​បាត់បង់​ការងារ​កំពុង​ជួប​ផលលំបាក​ជាខ្លាំង​ក្នុង​ការសង​កម្ចីឥណទាន​មីក្រូហិរញ្ញវត្ថុ ដែល​នេះជា​របាយការណ៍​សង្ខេប​រួម​រកឃើញ​ដោយ សម្ព័ន្ធ​សហជីពកម្ពុជា អង្គការ​សង់ត្រាល់ និងអង្គការលីកាដូ ។

កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ រាប់​ម៉ឺន​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ហើយ​រោង​ចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​កូវីដ១៩ ។ បញ្ហា​នេះ​បង្កើត​ឱ្យ​មាន​វិបត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ច្រើន ដែល​នាំឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ និង​ធ្វើ​ឱ្យ​ការ​កាន់​កាប់​ដី​ធ្លី​របស់​ពួក​គាត់​ត្រូវ​រង​សម្ពាធ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ភ្លាម​ៗ​ទេ ​នោះ​កម្មករ កម្មការិនី​ទាំង​នេះ នឹង​ត្រូវ​ប្រឈម​នឹង​ការ​លក់​ដី​ឬ​ផ្ទះ កាត់​បន្ថយ​ការ​បរិភោគ​អាហារ ឬ​ខ្ចី​ប្រាក់​កម្ចី​កាន់​តែ​ច្រើន​ឡើង ដើម្បី​យក​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់ ។

នៅ​ក្នុង​របាយ​ការណ៍ “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក” ដែល​ជា​របាយ​ការណ៍​សង្ខេប​រួម​គ្នា​មួយ រវាង​សម្ព័ន្ធ​សហ​ជីព​កម្ពុជា (CATU) មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) និង​សម្ព័ន្ធ​ខ្មែរជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ជា​មួយ​កម្មករ កម្មការិនី ច្រើន​ជាង​១៥០​នាក់ (ភាគ​ច្រើន​ជា​ស្ដ្រី) មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៣​ផ្សេង​គ្នា ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សិក្សា​ពី​ផល​លំបាក​នៃ​ការ​ជាប់​ជំពាក់​បំណុល​របស់​ពួក​គាត់ ខណៈ​ដែល​រោង​ចក្រ​រាប់​រយ​បាន​ផ្អាក​ដំណើរការ ​ដោយ​សារ​ការរីក​រាល​ជា​សកល​នៃ​វីរុស​កូវីដ១៩​នេះ ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​កង្វះខាត​នៃ​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ខំ​ឱ្យ​កម្មករ កម្មការិនី​ទាំងនេះ ជំពាក់​បំណុល​ច្រើន​ឡើងៗ​ដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ ។​ ភាគ​ច្រើន​នៃ​កម្ចី​ឥណទាន​ទាំង​នេះ​គឺត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ដែល​ត្រូវ​ដាក់​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី របស់​ពួក​គាត់​ខ្លួន​ឯង​ឬ​គ្រួសារ ធ្វើ​ជា​ទ្រព្យ​ធានា ។

ការ​រក​ឃើញ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​អវិជ្ជមាន​ក្នុង​វិស័យ​មួយ​នេះ ។ ក្នុង​ចំណោម​កម្មករ កម្មការិនី ដែល​ត្រូវ​បាន​ស្ទង់​មតិ មាន​កម្មករ កម្មការិនី​តែ​៤​នាក់​ប៉ុណ្ណោះ ដែល​មិន​មាន​ជំពាក់​បំណុល ។ ​ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី ​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​ប្រាប់​អ្នក​ស្រាវ​ជ្រាវ​ថា ​ពួក​គាត់​នឹង​គ្មាន​លទ្ធ​ភាព​សង​បំណុល​វិញ​ទេ ប្រសិន​បើ​ការ​ងារ​របស់​ពួក​គាត់​ត្រូវ​បាន​ព្យួរ ។ ស្ទើរតែ​គ្រប់​កម្មករ កម្មការិនី​ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍ បាន​និយាយ​ថា បច្ចុប្បន្ន​នេះ ជីវភាព​រស់​នៅ​របស់​ពួក​គាត់ ជួប​ការ​លំបាក​ខ្លាំង​ជាង​ ​មុន​ពេល​ពួក​គាត់​ជាប់​ជំពាក់​កម្ចី​ឥណ​ទាន ។

“​ការ​ធ្លាក់​ខ្លួន​កាន់​តែ​ជ្រៅ​នៃ​ការ​ជាប់​ជំពាក់​បំណុល ​គឺ​ធ្វើ​ឱ្យ​អ្នក​ដែល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​វីរុស​កូវីដ១៩ កាន់​តែ​ជួប​ផល​លំបាក​បន្ថែម​ទៀត​”

លោក ឃុន ថារ៉ូ, អ្នកគ្រប់គ្រងកម្មវិធីនៃ​អង្គការសង់ត្រាល់

លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​នៃ​អង្គ​ការ​សង់​ត្រាល់ បាន​មាន​ប្រសាសន៍​ថា “ហេតុ​ដែល​នាំ​ឱ្យ​កម្មករ កម្មការិនីជា​ច្រើន​ ជាប់​ជំពាក់​បំណុល​ដល់​កម្រិត​នេះ​ គឺដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ការ​ចំណាយ​ក្នុង​ជីវ​ភាព​រស់​នៅ ​ដែល​ជា​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ​” ។ លោក​បាន​បន្ត​ថា “​ការ​ធ្លាក់​ខ្លួន​កាន់​តែ​ជ្រៅ​នៃ​ការ​ជាប់​ជំពាក់​បំណុល ​គឺ​ធ្វើ​ឱ្យ​អ្នក​ដែល​រង​ផល​ប៉ះពាល់​នៃ​វិបត្តិ​វីរុស​កូវីដ១៩ កាន់​តែ​ជួប​ផល​លំបាក​បន្ថែម​ទៀត​” ។

ចំនួន​ពីរ​ភាគ​បី​នៃ​កម្មករ កម្មការិនី ដែល​បាន​ផ្ដល់​ការ​សម្ភាសន៍​បាន​ខ្ចី​កម្ចី​ឥណទាន​យ៉ាង​តិច​មួយ​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ។ ជា​ទូទៅ​ ហេតុ​ផល​របស់​ពួក​គាត់​ក្នុង​ការ​ខ្ចី​កម្ចី​ឥណទាន​នេះ ​គឺ​យក​ទៅ​សងបំណុល​ចាស់ ។ ចំនួន​ជិត​បី​ភាគ​បួន​នៃ​ពួក​គាត់​ដែល​ជាប់​ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច ​ត្រូវ​កាត់​បន្ថយ​ការ​បរិ​ភោគ​អាហារ ដើម្បី​សន្សំ​ប្រាក់​ទុក​សង​បំណុល​ដែល​បាន​ខ្ចី ។

“កម្មករ ​កម្មការិនី ​រោង​ចក្រ​កាត់​ដេរ ​ខិត​ខំ​ធ្វើការ​ងារ​យ៉ាង​ខ្លាំង ដើម្បី​មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​អាហារ​បរិភោគ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ពេល​នេះ ​ពួក​គាត់​ស្ទើរ​តែ​មិន​អាច​មាន​លទ្ធ​ភាព​ចិញ្ចឹម​ខ្លួន​ឯង”

អ្ន​ក​ស្រី យ៉ាង សុភ័ណ្ឌ, ប្រធានសម្ព័ន្ធសហជីពកម្ពុជា

អ្ន​ក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “កម្មករ ​កម្មការិនី ​រោង​ចក្រ​កាត់​ដេរ ​ខិត​ខំ​ធ្វើការ​ងារ​យ៉ាង​ខ្លាំង ដើម្បី​មាន​លទ្ធ​ភាព​ផ្គត់​ផ្គង់​អាហារ​បរិភោគ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គាត់” ។ ​អ្នក​ស្រី​បន្ថែម​ថា “​ពេល​នេះ ​ពួក​គាត់​ស្ទើរ​តែ​មិន​អាច​មាន​លទ្ធ​ភាព​ចិញ្ចឹម​ខ្លួន​ឯង ។ ប្រសិន​បើ​គ្មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល ឬ​កិច្ច​គាំពារ​ផ្នែក​សង្គម​ទេ ខ្ញុំ​ព្រួយ​បារម្ភ​ថា បញ្ហា​ទាំង​នេះ​ ​នឹង​នាំ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ” ។

បទ​ពិសោធន៍​នៃ​មនុស្ស​ទាំង​១៦២​នាក់​នេះ ​គឺ​មិន​តំណាង​ឱ្យ​គ្រប់​កម្មករ កម្មការិនី​ រោង​ចក្រ​កាត់​ដេរ​ ឬ​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទេ ។ ប៉ុន្តែ​យើង​ខ្ញុំ​ដឹង​ថា ​ភាព​លំបាក​របស់​ពួក​គាត់​គឺ ​មាន​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​ខ្ចី​កម្ចី​ឥណទាន​ខ្នាត​តូច​ជាង ២លាន​៦សែន​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជាប់​ជំពាក់​កម្ចី​ឥណទាន​ខ្នាត​តូច​សរុបជាង​ ១០​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៩​នេះ ។ ទំហំ​កម្ចី​ឥណទាន​ខ្នាត​តូច​ជា​មធ្យម​នៅ​កម្ពុជា​គឺ ចំនួន ៣.៨០៤​ដុល្លារ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភព​លោក ។ ​អំឡុង​ពេល​មាន​ វិបត្តិវីរុសកូវីដ១៩​នេះ អ្នក​ខ្ចី​ប្រាក់​ទាំង​នេះ បាន​បាត់​បង់​មធ្យោបាយ​ក្នុង​ការ​រក​ប្រាក់​កម្រៃ​ ដើម្បី​យក​ទៅ​បង់​សង​កម្ចី​ឥណទាន​ត្រឡប់​ទៅ​វិញ ព្រម​ទាំង​ជួប​ការ​លំបាក​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ ឬ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ផ្សេងៗ ។

កន្លង​មក រាជ​រដ្ឋា​ភិបាល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​ផ្ដល់​ការ​ពន្យា​ពេល​សង​បំណុល​ដល់​អ្នក​ខ្ចី​ប្រាក់​ដែល​ត្រូវ​បាន​ជ្រើស​រើស​មួយ​ចំនួន ​ប៉ុន្តែ​ការ​ដោះស្រាយ​តាម​ករណី​ជាក់​ស្ដែង​នីមួយៗ​សម្រាប់​វិបត្តិ​ដែល​កើត​មាន​នៅ​ទូទាំង​ប្រទេស​បែប​នេះ ​គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​អ្នក­ខ្ចី​ប្រាក់​រាប់​លាន​នាក់​ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​នោះ​ទេ ។ ហេតុ​ដែល​នាំ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​ ​បន្ត​រាយ​ការណ៍​ពី​ការ​បង្ខំ​ឱ្យ​លក់​ដី​ដើម្បី​សង​បំណុល​ក្នុង​រយៈ​ពេល​នេះ បាន​ធ្វើ​ឱ្យ​បញ្ហា​នេះ​មាន​ភាព​កាន់​តែ​ច្បាស់​លាស់​ថែម​ទៀត​ ។

យើង​ខ្ញុំ សូម​ស្នើ​ដោយ​ទទូច​ឱ្យ​មាន​កម្ម​វិធី​សម្រាល​បន្ទុក​បំណុល​ឱ្យ​បាន​ឆាប់​ពី​សំណាក់​គ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ និង​អ្នក​វិនិ​យោគិន​អន្តរជាតិ ​ដែល​បាន​ចំណាយ​ប្រាក់​រាប់​រយ​លាន​ដុល្លារ ​ដើម្បី​បង្ក​ជា​បន្ទុក​នៃ​ការ​ជាប់​ជំពាក់​បំណុល​វ័ណ្ឌក​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ។

យើង​ខ្ញុំ​ក៏​សង្ឃឹម​ថា​ រាជ​រដ្ឋា​ភិបាល​អាច​ពង្រីក​កម្ម​វិធី​ការ​ពារ​ប្រជា​ពល​រដ្ឋ​ដែល​ជា​អ្នក​ខ្ចី​ប្រាក់​ និង​អនុ​វត្ត​ឱ្យ​បាន​ឆាប់​រហ័ស​នូវ​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ​ដែល​គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ រួម​មាន​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បង់​សង​ប្រាក់​កម្ចី​និង​ការ​ប្រាក់ និង​ការ​ប្រគល់​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី ​ដែល​បាន​ដាក់​ជា​ទ្រព្យ​ធានា​ឱ្យ​ម្ចាស់​ទ្រព្យ​វិញ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អ្នក​ខ្ចី​ប្រាក់​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជាង​គេ ដូច​ជា​កម្មករ កម្មការិនី រោង​ចក្រ​កាត់​ដេរ សហគមន៍ និង​គ្រួសារ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ ​ដូច​ជា​អ្នក​ដែល​ទទួល​បាន​ការ​គាំទ្រ​ដោយ​កម្ម​វិធី​ប័ណ្ណ​ក្រីក្រ ជាដើម ។

អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ កម្មករ កម្មការិនី រោង​ចក្រ​កាត់​ដេរ​គឺ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៅ​ពី​ក្រោយ​ការ​លូត​លាស់​សេដ្ឋ​កិច្ច​នៅ​ប្រទេស​កម្ពុជា ។ អ្នក​ទាំង​នោះ​គួរ​តែ​ទទួល​បាន​ជម្រើស​ល្អ​មួយ​ ប្រសើរ​ជាង​ការ​បាត់​បង់​លំនៅ​ដ្ឋាន ភាព​អត់​ឃ្លាន ការ​បាត់​បង់​ដីធ្លី ឬ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នេះ ។

អនុសាសន៍៖

សម្រាប់​ក្រុម​ហ៊ុន​បញ្ជា​ទិញ និង​អ្នក​ផ្គត់​ផ្គង់៖
 គួរ​រៀប​ចំ​ថវិកា​សង្រ្គោះ​បន្ទាន់ ស​ម្រាប់​កម្មករ​និយោ​ជិត​ដែល​ត្រូវ​បាន​ព្យួរ​ពី​ការ​ងារ ។
 គួរ​គណនា​ទិន្ន​ន័យ​កម្រិត​តម្រូវ​ការ​ផលិត​កម្ម​អប្បបរមា ដើម្បី​ធានា​ថា​រោង​ចក្រ​នៅ​ដំណើរ​ការ រួម​ទាំង​ការ​បាត់​បង់​សមត្ថភាព​ផ្នែក​សង្វាក់​ផលិត​កម្ម និង​ប្រសិទ្ធ​ភាព អំទ្បុង​ពេល​នៃ​ការ​រីករាល​ដាល​នៃវីរុស​កូវីដ១៩ និង​វិធានការ​បង្ការ​នានា ។

សម្រាប់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា៖
 យើង​ខ្ញុំសង្ឃឹម​ថា រាជ​រដ្ឋាភិ​បាល​កម្ពុជា​អាច​ធានា​បាន​ថា គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ពិត​ជា​បាន​ផ្អាកការ​បង់​សង​ប្រាក់​កម្ចី និង​ការ​ប្រាក់ ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៣​ខែ ។
 និង​អាច​ធានា​បាន​ថា គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ពិត​ជា​បាន​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​រាប់​លាន​ប្លង់​ដែល​ត្រូវ​បាន​ដាក់​ជា​ទ្រព្យ​ធានា ឱ្យ​ទៅ​ម្ចាស់ទ្រព្យ​វិញ ។

សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​ដែល​ផ្តល់​ឥណ​ទាន​ខ្នាត​តូច៖
 សូម​ស្នើ​ឱ្យ​កែ​ប្រែ​គោល​ការណ៍​ផ្ទៃ​ក្នុង ដើម្បី​បញ្ឈប់​ការ​យក​ប័ណ្ណ​សម្គាល់​កម្ម​សិទ្ធិ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់ដីធ្លី ធ្វើ​ជា​ទ្រព្យ​ធានា​សម្រាប់​ការ​ផ្តល់​កម្ចី​ខ្នាត​តូច​ថ្មី​ទាំង​អស់ ។
 និង​ផ្អាក​ការ​បង់​សង​បំណុល​ឥណ​ទាន​ខ្នាត​តូច និង​ការ​ប្រាក់​ក្នុង​រយៈ​ពេល​យ៉ាង​តិច៣​ខែ និង​អាច​ពន្យា​ពេល​លើស​ពីនេះ ដល់​អ្នក​ខ្ចី​ប្រាក់​ទាំង​អស់ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​វីរុស កូវីដ១៩ ។

សម្រាប់​វិនិ​យោគិន​បរទេស និង​ដៃ​គូ​អភិវឌ្ឍន៍៖
 គួរ​សហការ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​សហគមន៍​អភិវឌ្ឍ​អន្តរជាតិ ដើម្បី​បង្កើត​កម្មវិធី​សម្រាល​បន្ទុក​បំណុល ដើម្បី​ធានា​ឱ្យ​បាន​ថា ​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ មិន​ត្រូវ​រង​ការ​បង្ខិត​បង្ខំ​ឱ្យ​លក់​ដី ​ដើម្បី​សងបំណុល​នោះ​ទេ ដែល​គោល​បំណង​សំខាន់​នៃ​វិធានការ​នេះ​គឺ ​ដើម្បី​លុប​បំបាត់​ទាំង​ស្រុង​នូវ​ការ​លក់​ដី​ធ្លី​ដោយ​បង្ខំ ។
 គួរ​ធ្វើការ​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​លំអិត​ឱ្យ​បាន​ទូលំ​ទូលាយ​បន្ថែម ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​បង្កើត​ឱ្យមាន​យន្ត​ការ​ចុះឃ្លាំ​មើល​ជា​ទៀងទាត់ និង​តឹងរឹង​បំផុត​ ដើម្បី​វាយ​តម្លៃ​ពីស្ថាន​ភាព​ជាក់​ស្តែង​របស់​អ្នក​ខ្ចី​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទាក់​ទង៖
• អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា តាម​រយៈ Signal:​ +៨៥៥​១២៨៨០០៣៩ (ភា​សា​ខ្មែរ)
• លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​នៃ​អង្គ​ការ​សង់​ត្រាល់ តាម​រយៈ Signal:​ +៨៥៥​៨៩៧៥៧៨៣៧ (ភាសាខ្មែរ និង​អង់គ្លេស)
• អ្នកនាង​ ណាលី ពីឡូក នាយិកា​អង្គការ​លីកាដូ​ តាមរយៈ ​Signal:​ +៨៥៥​១២២១៤៤៥៤ (ភាសា​អង់គ្លេស និង​បារាំង)។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា