របាយការណ៍

ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០២០
F T M

ស្ដ្រី និងក្មេងស្រី​ ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយ​សមាជិក​គ្រួសារ​ ជារឿយៗ​តែងជួបផលលំបាក​ជាខ្លាំង​ក្នុងការ​ទទួលបាន​តម្រូវការ​សុវត្ថិភាព​ និងយុត្តិធម៌​ដែលពួកគាត់​មានសិទ្ធិ​ទទួលបាន ។​ នៅក្នុងខែធ្នូនេះ​ អង្គការលីកាដូ​ចេញផ្សាយ​របាយការណ៍​មួយស្ដីពី​ “ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបានយុត្តិធម៌”​ ដើម្បីចូលរួម​ក្នុងយុទ្ធនាការ​១៦ថ្ងៃប្រឆាំង​នឹងអំពើហិង្សា​ផ្នែកយែនឌ័រ​ ដែល​ចាប់ផ្ដើម​ពីថ្ងៃទី២៥ ​ខែវិច្ឆិកា​ រហូតដល់​ ថ្ងៃទី១០​ ខែធ្នូ ​ឆ្នាំ២០២០នេះ ។​ ​

នៅក្នុង​ករណី​រំលោភសេពសន្ថវៈ​ ឬប៉ុនប៉ង​រំលោភសេពសន្ថវៈ​ទាំងអស់​ដែល​អង្គការ​លីកាដូ​បានធ្វើ​អន្តរាគមន៍​ចាប់ពីខែមករា​ ឆ្នាំ២០១៧ ​ដល់ ខែធ្នូ ឆ្នាំ២០១៩ ​ជិតមួយភាគបី​នៃករណី​ (១៣៧ករណី) ជាប់ពាក់ព័ន្ធ​នឹងជនសង្ស័យ​ជាសាច់ញាតិ​របស់​ជនរងគ្រោះ​ដែលបាន​រាយការណ៍​ពីករណី​រំលោភបំពាន​ទាំងនោះ ។​ ជនរងគ្រោះ​ជិតពាក់​កណ្ដាល​បានទទួលរង​អំពើហិង្សាផ្លូវភេទ​ពីំសំណាក់​សាច់ញាតិ​បង្កើត​ដូចជា​ ឪពុក​ ពូ ​ឬជីតាបង្កើត (៤៦%) ។ ​អ្នកផ្សេងទៀត​បានរាយការណ៍​ពីអំពើហិង្សា​ផ្លូវភេទប្រព្រឹត្ត​ដោយឪពុកចុង​ ឬសាច់ញាតិ​ឪពុកចុង​ និងសាច់ថ្លៃ ​(៥៤%) ។ ​

ចាប់តាំងពី​ខែមិថុនា​ ដល់ខែសីហា ​ឆ្នាំ២០២០​ អង្គការលីកាដូ​បានធ្វើ​បច្ចុប្បន្នភាព​អំពីស្ថានភាព​ ឬលទ្ធផល​របស់​ករណី​នីមួយៗ​នៃករណី​សរុបចំនួន១៣៧​ ដោយទទួលបាន​ព័ត៌មានថ្មី​បំផុត​នៃករណីចំនួន១៣៥​ ។ ក្នុងនោះ​មានករណី​ចំនួនលើស​ពីពាក់កណ្ដាលបន្តិច​ប៉ុណ្ណោះ​បានឈាន​ដល់ការជំនុំជម្រះក្ដី ​ដោយជនល្មើស​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ ដែលបាន​អនុវត្ត​ពេញលេញ​នូវច្បាប់ពាក់ព័ន្ធ ​(៥៣%) ។​ ចំនួនករណី​តិចជាង​មួយភាគប្រាំ ​(១៩%)​ ដែលជនល្មើស​បានទទួលទោស​ស្រាល ​ទោសជាប់ពន្ធនាគារ​រយៈពេលខ្លី ​និង/ឬ ការកាត់ទោស​កំបាំងមុខ​ និងមិនត្រូវបានចាប់ខ្លួន ។​

លោក អំ សំអាត​ នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល ​និងការពារ​សិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ ​បានមាន​ប្រសាសន៍ថា៖​ “គ្រោះថ្នាក់​នៃអំពើ​រំលោភ​សេពសន្ថវៈ​ក្នុងរង្វង់​គ្រួសារ​គឺកើតមានឡើងច្រើន​ ប៉ុន្តែអាជ្ញាធរ​នៅតែមិនទាន់​ចាត់វិធានការ​គ្រប់គ្រាន់​ដើម្បីធ្វើឱ្យប្រាកដថា​ ជនល្មើស​ត្រូវបាន​យកមក​ផ្ដន្ទាទោស” ។​ លោកបន្តថា៖​ “សិទ្ធិ​របស់ស្រ្តី ​និងក្មេងស្រី​ ត្រូវបាន​មើលរំលង​ ដែលនេះ​បង្ហាញថា​ អំពើរំលោភ​សេពសន្ថវៈ​គឺជាអ្វីដែល​អាចអត់ឱន​ឱ្យបាន” ។ ​


មើល​វីដេអូ​នេះ
ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ករណី​ដែល​អង្គការលីកាដូ​បានធ្វើអន្តរាគមន៍​ មិនឆ្លុះបញ្ចាំង​ពីការរីកសាយ​កាន់តែ​ទូលំទូលាយ​នៃករណី​រំលោភ​សេពសន្ថវៈ​និងអំពើរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​ប្រទេស​ទាំងមូលទេ​ ។ ករណី​ជាច្រើន​មិនត្រូវបាន​រាយការណ៍នោះទេ​ ដោយសារតែ​ភាពភ័យខ្លាច​នៃការរើសអើង​នៅក្នុងសង្គម​ ទំនៀមទំលាប់​បុរាណ​ និងកង្វះភាព​ស្មោះត្រង់​នៅក្នុង​ប្រព័ន្ធយុត្តិធម៌ ។​ ចំនួនករណី​ដែលបានចងក្រង​ទុកជា​ឯកសារ​គឺមានចំនួនតិច​ដោយសារ​កត្តាធនធាន​របស់​អង្គការលីកាដូ ។​ ហានិភ័យ​នៃការរំលោភសេពសន្ថវៈ​ក្នុងរង្វង់គ្រួសារ​ទំនងជា​កើនឡើងច្រើន​កាលពីឆ្នាំមុន​ ខណៈដែល​សាលារៀន​បានបិទ​ ហើយកត្តា​អ្នកគ្មានការងារ​ធ្វើគឺកើនឡើង​ជាមួយ​នឹងការរីករាលដាល​នៃជំងឺកូវីត១៩​ ដែលនាំឱ្យ​មនុស្សជាច្រើន​ត្រូវចំណាយពេល​នៅផ្ទះច្រើន​ និងស្ថិតនៅ​ក្បែរជនល្មើស ។​

ទោះបីជាចំនួន​ពាក់កណ្ដាល​នៃករណី​ទាំងនេះ ​ដែលជន​សង្ស័យ​គំរាម​សម្លាប់​ជនរងគ្រោះ​ប្រសិន​បើហ៊ាន​និយាយ​ប្រាប់​អ្នកដទៃ​ ប៉ុន្តែ​កិច្ចការពារ​ផ្លូវច្បាប់​ទាំងអំឡុងពេល​ និងក្រោយ​នីតិវិធី​ផ្លូវច្បាប់​ គឺមិនគ្រប់គ្រាន់​ និងកម្រ​ត្រូវបាន​យកមក​ប្រើប្រាស់​ណាស់ ។​ ការរំលោភសេពសន្ថវៈ​ក្នុងគ្រួសារ​ក៏បាន​ធ្វើឱ្យស្ដ្រី ​និងក្មេងស្រី​ នៃករណី​ទាំងនេះ ​ស្ថិតក្នុង​ស្ថានភាព​លំបាកដូចជា​ ជនរងគ្រោះ​ខ្លះមិនអាច​ទ្រាំមើល​ជនល្មើស​ជាប់ពន្ធនាគារ​ ដោយសារ​អ្នកទាំងនោះ​ពឹងផ្អែក​លើជនល្មើស​ក្នុងការ​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ ឬការមើល​ថែសាច់ញាតិ​ដទៃទៀត ។​

ភាពខ្វះ​ចន្លោះ​ក្នុងការ​ផ្ដល់កិច្ចការពារ​ និង​សេវាកម្ម​ឱ្យបាន​គ្រប់គ្រាន់​ ដល់​អ្នកដែល​រាយការណ៍​ពីអំពើ​រំលោភ​សេពសន្ថវៈ​ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​មិនអាច​ទទួល​បានយុត្តិធម៌

អ្នកស្រី ​ណាលី​ ពីឡូក, នាយិកា​អង្គការ​លីកាដូ

អ្នកស្រី ​ណាលី​ ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍ថា​៖ “រាជរដ្ឋាភិបាល​មិនទាន់​បានចាត់វិធានការ​គ្រប់គ្រាន់​ ដើម្បីជួយ​ប្រជាពលរដ្ឋ​ជម្នះ​ឧបសគ្គ​ក្នុងការ​រាយការណ៍ពី​អំពើ​រំលោភ​សេពសន្ថវៈ​ដោយសាច់​ញាតិ​នៅឡើយទេ“ ។​ អ្នកស្រី​បន្តថា៖​ “ភាពខ្វះ​ចន្លោះ​ក្នុងការ​ផ្ដល់កិច្ចការពារ​ និង​សេវាកម្ម​ឱ្យបាន​គ្រប់គ្រាន់​ ដល់​អ្នកដែល​រាយការណ៍​ពីអំពើ​រំលោភ​សេពសន្ថវៈ​ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​មិនអាច​ទទួល​បានយុត្តិធម៌” ។​

ឧបសគ្គ​ក្នុងការ​ទទួល​បានយុត្តិធម៌​ទាំងនេះ​ កើតឡើង​ក្នុងបរិបទ​នៃភាពទន់ខ្សោយ​ជាយូរឆ្នាំ​មកហើយ​នៃប្រព័ន្ធ​យុត្តិធម៌​ក្នុងការ​ដោះស្រាយ​ឱ្យបាន​គ្រប់គ្រាន់​នូវរាល់ទម្រង់​នៃការរំលោភ​សេពសន្ថវៈ​ ការលុបបំបាត់​ជំងឺ​នៃអំពើពុករលួយ​ ឥរិយាបថ​រើសអើង​ចំពោះស្ត្រី ​ក៏ដូចជា​ភាពញឹកញាប់​នៃការប្រើប្រាស់​ច្បាប់មិនបាន​ត្រឹមត្រូវ​ក្នុងការ​កាត់ក្ដី ។​ ជាលទ្ធផល​ ស្រ្តី ​និងក្មេងស្រី​ជាច្រើន​ បាន​ដកពាក្យបណ្ដឹង​វិញ ​និងបង្ខំចិត្ត​ចាកចេញ​ពីផ្ទះ​របស់ខ្លួន​ ដើម្បី​គេចចេញ​ពីអំពើហិង្សា ។​ អាជ្ញាធរ​តែង​ប្រើប្រាស់​ហេតុផល​នៃការដកពាក្យបណ្ដឹងនេះ​ ធ្វើជា​សំអាងហេតុ​ក្នុងការ​ទម្លាក់ចោល​ ឬទុកចោល​នីតិវិធី​ព្រហ្មទណ្ឌ​ ទោះបីជា​នីតិវិធី​ព្រហ្មទណ្ឌ​គួរត្រូវបាន​ដំណើរការ​បន្ត​ក៏ដោយ ។​

ការទប់ស្កាត់ ​និងលុបបំបាត់​អំពើ​រំលោភ​សេពសន្ថវៈ​គឺនៅតែអាច​ធ្វើទៅបាន​ ប៉ុន្តែ​ទាមទារ​ឱ្យមានការ​ចាត់វិធានការ​ជាបន្ទាន់ ។​ ការលុបបំបាត់​ទំនៀម​ទំលាប់​យែនឌ័រ​ដ៏គ្រោះថ្នាក់​ ការបញ្ចប់​វប្បធម៌ស្ដី​បន្ទោស​ជនរងគ្រោះ ​ការធានា​អំពី​ការប្រើប្រាស់​ច្បាប់​ឱ្យបាន​ពេញលេញ​និងត្រឹមត្រូវ​និង​ការបង្កើន​កិច្ចការពារ​ជនរងគ្រោះ ​ការទទួល​បាន​សេវាកម្ម​និងការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ​សម្រាប់​អ្នកដែល​រាយការណ៍​ពីអំពើ​រំលោភ​សេពសន្ថវៈ​ គឺជាជំហាន​ដ៏មានសារៈសំខាន់​ខ្លាំង​ ដើម្បី​ធានាថា​ គ្រប់គ្នា​អាចរស់នៅ​ដោយគ្មាន​អំពើហិង្សា​ផ្លូវភេទ ។​

អនុសាសន៍​ទាំងអស់​មានរៀបរាប់​នៅក្នុង​របាយការណ៍ ​“ទម្លាយភាព​ស្ងៀមស្ងាត់​” ប៉ុន្តែ​រាជរដ្ឋាភិបាល​អាច៖
  ពង្រឹង​ការការពារ​ដល់​ជនរងគ្រោះ​ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ និងគ្រួសារ​របស់អ្នកទាំងនោះ ​ទាំងក្នុងពេល ​និង​ក្រោយ​នីតិវិធី​ផ្លូវច្បាប់
  ធានាឱ្យបាន​នូវការ​អនុវត្ត​ច្បាប់ត្រឹមត្រូវ​ និង​ស៊ីចង្វាក់គ្នា​នៅពេល​កាត់ក្តីករណី​រំលោភ​សេពសន្ថវៈ
  បង្កើត​បរិយាកាស​ដែលលើកទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​រាយការណ៍​ពីករណី​រំលោភ​សេពសន្ថវៈ​ និងលុបបំបាត់​សម្ពាធ​ដែល​បង្ខំឱ្យ​អ្នកទាំងនោះ​ដកពាក្យបណ្តឹងវិញ​
  ចងក្រង​ឯកសារ​ជាប្រព័ន្ធ​ និងចេញផ្សាយ​ទិន្នន័យ​ដ៏ទូលំទូលាយ​ក្នុងរយៈពេល​ណាមួយ​ជាប្រចំាស្តីពី​ តួលេខ​នៃករណី​រំលោភ​សេពសន្ថវៈ​ ដែលបាន​រាយការណ៍​ និងលទ្ធផល​នៃករណី​ទំាងនោះ​ ដោយបែងចែក​ទៅតាមភេទ​ អាយុ ​ពិការភាព​ ជាតិពន្ធ​ និន្នាការផ្លូវភេទ​ ទីតាំង​ ទំនាក់ទំនង​នៃភាគី​ពាក់ព័ន្ធ​ និងព័ត៌មាន​ពាក់ព័ន្ធ​ដទៃទៀត ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ សូមទំនាក់ទំនង៖​
  អ្នកស្រី ​ណាលី ​ពីឡូក ​នាយក​អង្គការ​លីកាដូ​ តាមរយៈ ​Signal: +85512214454 ​(ភាសាអង់គ្លេស)
  លោក អំ សំអាត​ នាយករង​ទទួលបន្ទុក​ផ្នែកឃ្លាំមើល​និងការពារសិទ្ធិមនុស្ស​នៃអង្គការ​លីកាដូ តាមរយៈ​ Signal +85510327770​ (ភាសាខ្មែរ)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា