របាយការណ៍សង្ខេប

ការតស៊ូ​ដើម្បី​សេរីភាព​ ៖ ការរំលោភ​បំពាន​អ្នកការពារ​សិទិ្ធមនុស្ស ​២០១៨-២០២០

ចេញផ្សាយ ខែធ្នូ ឆ្នាំ២០២០
F T M

នៅថ្ងៃនេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទិ្ធមនុស្ស ​លីកាដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែលមាន​ចំណងជើងថា​ “ការតស៊ូ​ដើម្បីសេរីភាព​ ៖ ការរំលោភបំពាន​អ្នកការពារ​សិទិ្ធ​មនុស្ស ២០១៨-២០២០” ។​ របាយការណ៍នេះ ​មិនបាន​រៀបរាប់​ឱ្យអស់​នូវព្រឹត្តិការណ៍​នៃការរំលោភ​បំពាន​លើ​អ្នក​ការពារ​សិទិ្ធមនុស្ស​ចាប់តាំងពីឆ្នាំ ២០១៨ នោះទេ ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ​បាន​លើក​ឡើង​នូវករណី​សំខាន់ៗជាច្រើន​ ដែល​អ្នកការពារ​សិទិ្ធមនុស្ស​ត្រូវបាន​គេគំរាមកំហែង​ ចាប់​ ឬឃុំខ្លួន​ ដោយសារ​អ្នកទាំងនោះ​អនុវត្ត​នូវ​សិទិ្ធសេរីភាព​របស់ពួកគេ​លើការជួបជុំ​ ប្រមូលផ្តុំ ​និងបញ្ចេញមតិ​ ដោយ​​អហិង្សា ដូចដែល​មានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​ និងច្បាប់អន្តរជាតិ ។​

របាយការណ៍នេះ​ភ្ជាប់ជាមួយ​នឹងឧបសម្ព័ន្ធមួយ​ ដែលរៀបរាប់​អំពីករណី​នៃការរំលោភបំពាន​លើអ្នកការពារ​សិទិ្ធមនុស្ស​ចាប់តាំងពីដើម​ឆ្នាំ ២០១៨​ រហូតមក​ដល់ខែ​ដែលរបាយការណ៍នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅឆ្នាំ ២០២០ ។ ករណី​នៅក្នុង​ឧបសម្ព័ន្ធនេះ ​ដែលត្រូវបាន​ចងក្រងដោយ​គម្រោង​ឃ្លាំ​មើល​​ការ​រំលោភសិទិ្ធមនុស្ស​របស់អង្គការ​ លីកាដូ ​បើទោះជា​មិនបាន​រៀបរាប់​ឱ្យបានក្បោះក្បាយ​ ក៏បានរៀប​រាប់​នូវព្រឹត្តិការណ៍​ និង​សកម្មភាព​សំខាន់ៗ​នៃការរំលោភបំពាន​ និងគំរាមកំហែង​មកលើ​អ្នកការពារ​សិទិ្ធមនុស្ស​នៅក្នុងប្រទេស ។​

ក្នុងរយៈពេល​បីឆ្នាំ ​ចាប់តាំងពី​ អង្គការ​ លីកាដូ ​បានចេញ​ផ្សាយ​របាយការណ៍​ចុងក្រោយ​ ស្ដីពី​ការធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ពីសំណាក់​អាជ្ញាធររដ្ឋមក​ តុលាការ​បាន​រំលាយ​គណបក្ស​ជំទាស់​ធំជាងគេ​គឺ ​គណបក្ស​សង្គ្រោះជាតិ​ (CNRP)​ ហើយអាជ្ញាធរ​បានបន្ត​ធ្វើការ​បង្ក្រាប និងរឹតត្បិត​សេរីភាព​របស់​សកម្មជន​ និងអ្នកការពារ​សិទិ្ធមនុស្ស​ដែលមិនមែនជា​អ្នកនយោបាយ​ងាយរងគ្រោះ​កាន់តែខ្លាំង​ជាមុន​ ។

ការចាប់​ និងឃុំខ្លួន​អ្នកការពារ​សិទិ្ធមនុស្ស​ជាច្រើននាក់​ នៅក្នុងអំឡុងពេល​ ៦ខែចុងក្រោយ​នៃឆ្នាំនេះ​ គឺជា​ការកើនឡើង​ដ៏ខ្ពស់បំផុតមួយ​នៃការបង្ក្រាប​លើការតស៊ូមតិ​ និងភាពសកម្មនិយម​អហិង្សា ក្នុង​រយៈពេល​បីឆ្នាំចុងក្រោយ ​ដែលត្រូវបាន​ធ្វើឡើង​ដោយអាជ្ញាធររដ្ឋ ។​ ទោះបីជា​គណបក្ស​កាន់អំណាច​ទទួល​បានអាសនៈ​ទាំងអស់​នៅក្នុងរដ្ឋសភា​ និងរាជរដ្ឋាភិបាល​ ប្រជាពលរដ្ឋ​នៅតែ​បន្ត​តស៊ូ និងក្រោកឈរ​ដើម្បីទាមទារ​ឱ្យមានការគោរព​ និងការពារ​នូវសិទិ្ធមនុស្ស​ជាមូលដ្ឋាន ។​

ជាម្តាយ​ នៅពេលឃើញ​កូនរបស់ខ្លួន​ត្រូវបាន​គេចាប់ខ្លួន​ មានអារម្មណ៍​ឈឺចាប់​ខ្លាំង​ណាស់ ។​ ហើយនឹងវា​អត់មានទៅខុស​ រំលោភបំពាន​ដែលបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកណា អីអ្នកណា​ ទោះជារដ្ឋ​ ទោះជាប្រជាជន​ អត់មានទេ ។ ​ខ្ញុំចង់ឱ្យ​រាជរដ្ឋាភិបាល ​ដោះលែង​កូនខ្ញុំទៅ​ ឱ្យកូនខ្ញុំ​មានសិទ្ធិសេរីភាពវិញ

អ្នកស្រី ទី ម៉ារី​ ម្ដាយរបស់លោកហ៊ុន វណ្ណៈ​ សកម្មជន​ខ្មែរថាវរៈ

ការចាប់ខ្លួន​លោក រ៉ុង ឈុន​ កាលពីចុងខែកក្កដា​ បន្ទាប់ពីលោក​បានចូលរួម​ក្នុងការតវ៉ា​របស់​កម្មកររោងចក្រ​នៅតាមដងផ្លូវ​ និងបាន​ទៅទស្សនកិច្ច​នៅក្នុងសហគមន៍​កសិករ​នៅតាមព្រំដែន​កម្ពុជា-​វៀតណាម ​បានធ្វើឱ្យ​មានការ​តវ៉ាជាច្រើន ​ស្នើសុំ​ឱ្យដោះលែង​រូបលោក ។​ ក្មួយប្រុស​របស់លោក គឺ​លោក រ៉ុង វិជ្ជា​ អាយុ ២៨​ឆ្នាំ ​បានប្រាប់​អង្គការ​ លីកាដូ ថា​ គ្រួសារ​របស់​លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន ។​

លោក វិជ្ជា​ បាននិយាយថា​ ៖ “យើងពិតជា​មានការ​សោកស្តាយ​ចំពោះទង្វើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែលចោទប្រកាន់​មកលើ​លោក រ៉ុង ឈុន ។​ ចំពោះទង្វើ​ក៍ដូចជា​សកម្មភាព ​របស់លោករ៉ុង ឈុន​ គឺយើងមើលឃើញថា​អ្វីដែលគាត់​ធ្វើកន្លងមក​ គឺដើម្បីការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋទូទៅ ​កម្មករ-កម្មការិនី ​លោកគ្រូ ​អ្នកគ្រូ ​តែប៉ុណ្ណោះ គាត់​មិនបាន​ទៅបំពាន​ច្បាប់​ដូចអ្វី​ដែលអាជ្ញាធរ​គាត់​ចោទ​ប្រកាន់ទេ” ។​

យុវជន​ជាសកម្មជន​មកពីក្រុមខ្មែរថាវរៈ​ លោក ហ៊ុន វណ្ណៈ ​ជាមនុស្សម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើននាក់​ផ្សេងទៀត ​ដែលត្រូវបាន​ឃុំខ្លួន​ ក្រោយពេល​លោកបាន​អំពាវនាវ​ឱ្យមានការ​ដោះលែង លោក​ រ៉ុង ឈុន ។​ ម្តាយ​របស់វណ្ណៈ ​អ្នកស្រី ទី ម៉ារី​ បានប្រាប់​អង្គការ​ លីកាដូ​ ថាកូនប្រុស​អ្នកស្រី ​គ្រាន់​តែធ្វើ​ការងារ​ដើម្បីជួយ​ដល់សង្គម​ប៉ុណ្ណោះ ។

អ្នកស្រី ​បានលើកឡើងថា ​៖ “ទង្វើ​ដែលកូនខ្ញុំ​ធ្វើហ្នឹង ​វាជាការ​ការពារ​សិទ្ធិមនុស្ស ​ហើយហ្នឹង​ជួយ​សង្គមជាតិ​ មុនហឹ្នង​ក៍គេជួយបរិស្ថាន​ ឥឡូវហ្នឹង ​ថាទង្វើ​ដែលកូន​ធ្វើដូចជា​មិនខុសអីទេ ​គ្រាន់តែ​សុំ ដូចថា​មានសិទ្ធិបញ្ចេញមតិ​ហើយនឹង​សុំឱ្យដោះលែង​លោក រ៉ុង ឈុនហ្នឹង​ វាដូចជា​មិនទៅខុសអី​ដល់ថ្នាក់​ឱ្យគ្នា​ជាប់ទោស” ។​

ច្បាប់ដែល​មានលក្ខណៈ​រឹតត្បិត​ជាច្រើន​ ត្រូវបាន​អនុម័ត​នៅប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ​ដោយ​បាន​រឹតត្បិត​នូវសេរីភាព​ និង​សិទិ្ធមនុស្ស​ជាមូលដ្ឋាន​កាន់តែខ្លាំង​ ហើយច្បាប់ទាំងនេះ​ត្រូវបាន​អនុវត្ត​ដោយ​តុលាការ​ ដែល​សាធារណជន​យល់ថា​មិនមាន​ឯករាជ្យភាព​ផ្នែកនយោបាយ ។​ ស្ថានភាពនេះ​បានធ្វើ​ឱ្យបាត់បង់​ស្ទើរតែទាំងស្រុង​នូវលំហ​សិទិ្ធសេរីភាព​សម្រាប់​ក្រុមសង្គមស៊ីវិល​នៅក្នុងប្រទេស ។​

នៅចំពោះមុខ​នៃការប្រឈម​នឹងការគ្រប់គ្រង​យ៉ាងតឹងរ៉ឹង​ និងបង្ក្រាប​យ៉ាងខ្លាំង​ អ្នកការពារ​សិទិ្ធ​មនុស្សជាច្រើន​ ដែលជាកសិករ​ កម្មករ​ សិស្សនិស្សិត ​ព្រះសង្ឃ ​សហគមន៍ព្រៃឈើ ​សហគមន៍ដីធ្លី​ អ្នកសារព័ត៌មាន​ នៅតែបន្ត​តស៊ូដើម្បី​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់អ្នកទាំងនោះ ។​ អ្នកការពារ​សិទិ្ធ​មនុស្សជាច្រើន​បានលះបង់​ពេលវេលា​ជាច្រើនឆ្នាំ​ រស់នៅយ៉ាងលំបាក​ក្នុងពន្ធនាគារ​ដែលមាន​ភាព​ចង្អៀត​ណែន ។ រីឯ​អ្នកការពារ​សិទិ្ធមនុស្ស​ផ្សេងទៀត ​បានប្រឈមទៅ​នឹងការវាយដំ​លើរូបរាងកាយ​ និង​​គំរាមកំហែង​ដល់អាយុជីវិត​ ។ របាយការណ៍នេះ​នឹងរៀបរាប់​អំពីរឿងរ៉ាវ​របស់អ្នកទាំងនោះ ​និង​បង្ហាញ​ដល់សាធារណជន​ អំពីស្ថានភាព​ស្ទើរតែ​គ្មានលំហ​សិទិ្ធសេរីភាព​ទាល់តែសោះ ​សម្រាប់ក្រុម​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស ។​

ប្រសិនបើលោក​ ហ៊ុន វណ្ណៈ ​ប្រឈមមុខទោស​ពន្ធនាគារ​រហូតដល់ ២ឆ្នាំ ​ដោយសារ​ភាពសកម្ម​និយម​អហិង្សា​របស់លោក​ ម្តាយ​របស់លោក​ នឹងទទួល​រងការ​ឈឺចាប់​យ៉ាងខ្លាំង ។​

“ជាម្តាយ​ នៅពេលឃើញ​កូនរបស់ខ្លួន​ត្រូវបាន​គេចាប់ខ្លួន​ មានអារម្មណ៍​ឈឺចាប់​ខ្លាំង​ណាស់ ។​ វាមិនស្រួលទេ​ ដែលជាប់​នៅក្នុងពន្ធនាគារ​ ... សូមសំណូមពរ​ដល់រាជរដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ទាំងអស់​ មេត្តាដកទោស ​ដោះលែងកូនខ្ញុំ ​ព្រោះអីកូនខ្ញុំ​ ទង្វើ​ដែលវាធ្វើហ្នឹងវា​អត់មាន​ ជាសិទ្ធិ​សេរីភាពរបស់វា​ ហើយនឹងវា​អត់មានទៅខុស​ រំលោភបំពាន​ដែលបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកណា អីអ្នកណា​ ទោះជារដ្ឋ​ ទោះជាប្រជាជន​ អត់មានទេ ។ ​ខ្ញុំចង់ឱ្យ​រាជរដ្ឋាភិបាល ​ដោះលែង​កូនខ្ញុំទៅ​ ឱ្យកូនខ្ញុំ​មានសិទ្ធិសេរីភាពវិញ” ៕​

សម្រាប់ព័ត៌មាន​បន្ថែម ​សូមទាក់ទង ៖
  អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ ទូរស័ព្ទ (Signal) ៖ ០១២ ២១៤​ ៤៥៤ (ភាសាអង់គ្លេស)
  លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទិ្ធមនុស្សនៃអង្គការ លីកាដូ, ទូរស័ព្ទ (Signal) ៖ ០១០ ៣២៧ ៧៧០ (ភាសាខ្មែរ)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា