រាជរដ្ឋាភិបាលកម្ពុជា ត្រូវបញ្ឈប់ការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
ចេញផ្សាយ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នៅក្នុងឱកាសដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និងផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ ។
នាថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ នឹងចេញប័ណ្ណព័ត៌មានជាស៊េរី ជាបួនភាសា ដើម្បីបង្ហាញអំពីការជាប់បំណុលដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយនិងការអនុវត្តការផ្តល់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន និងអ្នកផ្តល់កម្ចីខ្នាតតូចជាច្រើន ដែលកំណត់គោលដៅផ្តល់កម្ចីរបស់ខ្លួនលើសហគមន៍ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើន ។
ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែស្នើឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ អំឡុងពេលត្រួតពិនិត្យឡើងវិញជាសាកល និងតាមពេលកំណត់ (UPR) និងផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ បានដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ អំពីការព្រួយបារម្ភទាំងនេះ ។ លោកអ្នកអាចទាញយករបាយការណ៍នេះ ជាភាសាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ ៕