កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ទាហាន កងរាជអាវុធហត្ថនិងនគរបាលជាច្រើន បានប្រមូលផ្ដុំគ្នានៅទូទាំងប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ មុនថ្ងៃគ្រោងធ្វើមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល។ នៅតាមខេត្តជាច្រើន មានការដង្ហែក្បួនជាសាធារណៈនៃកងកម្លាំងប្រដាប់អាវុធនៅតាមផ្លូវធំៗ ដោយពេលខ្លះក្មេងៗឈរហែហមជាជួរៗតាមដងផ្លូវ និងកម្លាំងប្រដាប់អាវុធទាំងនោះ ដែលបានរៀបចំដោយសាលារៀន។ ប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល និងទំព័រហ្វេសប៊ុក បានចែករំលែកវីដេអូនៃកងកម្លាំងប្រដាប់អាវុធជាមួយកាំភ្លើងយន្តមានជើងទម្រ កាំភ្លើងគ្រាប់បែក កាំភ្លើងធំ កាំភ្លើងស្វ័យប្រវត្តិ និងកាំភ្លើងបាញ់ស៊ីបជាច្រើន។ អង្គការលីកាដូបានរកឃើញថា ក្បួនដង្ហែនៃកងកម្លាំងប្រដាប់អាវុធទាំងនេះបានធ្វើឡើងតាមផ្លូវសាធារណៈក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កោះកុង និងខេត្តស្វាយរៀង។ ការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនេះ កើតឡើងចំពេលដែលមានការចាប់ខ្លួនអតីតសមាជិកគណបក្សជំទាស់យ៉ាងតិចណាស់៥០រូប ចាប់តាំងពីខែសីហា ឆ្នាំ២០១៩នេះមក។