ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២១
ចេញផ្សាយ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីរោងចក្រ គ្រូបង្រៀន កសិករ និងអ្នកធ្វើការពលកម្ម នៅរាជធានីភ្នំពេញ និងខេត្តចំនួន៥ បានជួបជុំគ្នានៅតាមតំបន់ផ្សេងៗគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ។ ជាមួយនឹងការយកចិត្តទុកដាក់អនុវត្តវិធានការសុវត្ថិភាពមួយចំនួនដូចជា ការរក្សាគម្លាតសង្គម ការវាស់កម្ដៅ និងការពាក់ម៉ាស ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩ សហគមន៍ទាំងនេះបានជួបជុំគ្នា ដើម្បីរៀបចំវេទិកាសាធារណៈ និងចែករំលែកបទពិសោធន៍ពីបញ្ហាលំបាកដែលស្រ្តីនៅសហគមន៍មូលដ្ឋានបានជួបប្រទះ ក្នុងការការពារដីធ្លី និងជីវភាពរបស់ពួកគេ ។
នៅរាជធានីភ្នំពេញវិញ មនុស្សជាច្រើនបានចូលរួមក្នុងការប្រារព្ធទិវានេះក្រោមប្រធានបទ “លទ្ធិប្រជាធិបតេយ្យពិតប្រាកដនាំឱ្យមានប្រព័ន្ធគាំពារសង្គម និងយុត្តិធម៌សម្រាប់ស្រ្តី និងទាំងអស់គ្នា” ។ អមជាមួយការលេងភ្លេងបែបប្រពៃណី អ្នកដឹកនាំសហជីពជាច្រើន បានលើកឡើងពីបញ្ហាប្រឈមដែលស្រ្តីបានជួបប្រទះនៅកន្លែងការងារ ក៏ដូចជាការបន្តតស៊ូមតិជំទាស់ទៅនឹងអំពើហិង្សាក្នុងគ្រួសារ ការកើនឡើងនៃបំណុលនៅក្នុងគ្រួសារ ការបន្តធ្វើទុក្ខបុកម្នេញលើសកម្មជនដោយអាជ្ញាធរ និងបង្ហាញពីតម្រូវការចាំបាច់ សម្រាប់កម្មវិធីសន្តិសុខសង្គម ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩ ។
សហគមន៍មិនទាំងអស់ទេ ដែលត្រូវបានអនុញ្ញាតឱ្យប្រារព្ធទិវានេះដោយសន្ដិវិធី ។ សហគមន៍យ៉ាងតិចមួយ បានប្រឈមទៅនឹងការរឹតត្បិតចំនួនអ្នកចូលរួម ។ ទោះបីជាមានការផ្ទុះឡើងនៃការឆ្លងវីរុសកូវីដ១៩ក៏ដោយ ក៏ស្ត្រីនិងប្រជាពលរដ្ឋក្នុងសហគមន៍នៅតែបន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងលើកកម្ពស់យុត្តិធម៌ សេចក្ដីថ្លៃថ្នូរ និងសមភាពរវាងបុរសនិងស្រ្តី ៕