ស្ត្រីកម្ពុជាដែលឈរជួរមុខ៖ រឿងរ៉ាវតស៊ូរបស់ស្ត្រីប្រាំមួយនាក់
ចេញផ្សាយ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ដើម្បីអបអរសាទរទិវាសិទិ្ធនារីអន្តរជាតិនាឆ្នាំ ២០១៥ អង្គការ លីកាដូ រួមជាមួយអង្គការសមាគមខ្មែរលើកម្ពុជា បានរៀបចំវេទិកាសាធារណៈនៅទីក្រុងបានលុង ខេត្តរតនគិរី សម្រាប់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារការរំលោភយកដីធ្លី។ វេទិកានេះ ត្រូវបានចូលរួមដោយអ្នកតំណាងប្រមាណជាង ១០០ នាក់ មកពីសហគមន៍ជនជាតិដើមភាគតិចខុសៗគ្នាចំនួន ៨សហគមន៍ នៅក្នុងខេត្តរតនគិរី និងសកម្មជនដីធ្លីមួយចំនួនមកពីខេត្តនានាក្នុងប្រទេសកម្ពុជា។ ប្រធានបទនៃវេទិកានេះ គឺផលប៉ះពាល់នៃជម្លោះដីធ្លីមកលើស្ត្រី ហើយភាគច្រើននៃអ្នកចូលរួម គឺជាស្ត្រី។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងគំនិតរបស់អ្នកទាំងនោះ ហើយអ្នកចូលរួមមួយចំនួនបានច្រៀងចម្រៀងដែលអ្នកទាំងនោះបានតែងឡើងដែលរៀបរាប់អំពីដំណើររឿងជម្លោះដីធ្លីរបស់អ្នកទាំងនោះ។ អត្ថបទខាងក្រោមនេះ យើងខ្ញុំបានចងក្រងឡើងនូវជីវប្រវត្តិសង្ខេបនៃស្ត្រីចំនួន ៦នាក់ ដែលបានចូលរួមក្នុងវេទិកានេះ។ រឿងរ៉ាវរបស់អ្នកទាំងនោះ បានបង្ហាញអំពីការលំបាកវេទនាជាច្រើន ដែលស្ត្រីដែលរងផលប៉ះពាល់ដោយជម្លោះដីធ្លីជាច្រើន បានជួបប្រទះ ក៏ដូចជាជំនឿចិត្ត និងភាពក្លៀវក្លារបស់អ្នកទាំងនោះ។
រចំ ញ៉ាវ គឺជាកសិករមកពីភូមិ ម៉ាលិ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី។ អ្នកស្រី មានអាយុ ៥០ឆ្នាំ ហើយជាជនជាតិទំពួន។ តាមការប្រាប់របស់អ្នកស្រី ជនជាតិទំពួន បានមករស់នៅតំបន់នោះអស់ជាច្រើនជំនាន់មកហើយ ដោយចាកចេញតែក្នុងរយៈពេលខ្លីប៉ុណ្ណោះនៅអំឡុងពេលរបបប៉ុលពត។ រហូតមកដល់ថ្មីៗនេះ គ្រួសាររបស់អ្នកស្រី និងអ្នកភូមិដទៃទៀត បានរស់នៅដោយមានសុភមង្គល ដោយការធ្វើស្រែ ដាំដំឡូង និងស្វាយចន្ទី បរបាញ់សត្វ និងប្រមូលផល្លានុផលពីព្រៃឈើ។ នៅក្នុងឆ្នាំ ២០១០ ភូមិរបស់អ្នកស្រី ត្រូវបានបញ្ចូលក្នុងដីសម្បទានសេដ្ឋកិច្ចចំនួន ៨.០០០ ហិកតា ដែលទទួលបានដោយក្រុមហ៊ុន ហេងប្រាឌ៊ែ ដែលជាបុត្រសម្ព័ន្ធនឹងក្រុមហ៊ុន HAGL Group ដែលបានជួលដីរាប់ពាន់ហិកតានៅក្នុងប្រទេសកម្ពុជា និងឡាវ សម្រាប់ដំណាំកៅស៊ូ។ អ្នកតំណាងក្រុមហ៊ុន ហេងប្រាឌ៊ែ បានប្រាប់អ្នកស្រី ញ៉ាវ និងពលរដ្ឋចំនួន ២២ គ្រួសារទៀតនៅក្នុងភូមិរបស់នាង ឲ្យផ្លាស់ទីលំនៅ ដោយមិនចង់ឲ្យអ្នកទាំងនោះរស់នៅចំកណ្តាលដីក្រុមហ៊ុននោះទេ។ ប៉ុន្តែ អ្នកភូមិមិនព្រមចាកចេញ ហើយនៅពេលដែលបុគ្គលិកក្រុមហ៊ុនមកបំផ្លាញដីស្រែ និងកាប់បំផ្លាញចំការរបស់អ្នកទាំងនោះ ពួកគេបានតវ៉ា និងការពារពីការបំផ្លាញ។
ភូមិរបស់យើង ជាភូមិបុរាណ ហើយសម្រាប់យើង វាល្អដែលនឹងស្លាប់នៅទីនេះ ប្រសើរជាងចាកចេញនិងបាត់បង់អ្វីៗទាំងអស់
“អ្នកភូមិទាំងអស់នឹងបន្តរស់នៅ។ យើងបានប្រាប់ពួកគេថាយើងនឹងមិនចាកចេញនោះទេ។ ភូមិរបស់យើង ជាភូមិបុរាណ ហើយសម្រាប់យើង វាល្អដែលនឹងស្លាប់នៅទីនេះ ប្រសើរជាងចាកចេញនិងបាត់បង់អ្វីៗទាំងអស់។”
ជាលទ្ធផលនៃការតវ៉ា អ្នកតំណាងក្រុមហ៊ុន បានមកចរចាជាមួយអ្នកភូមិ ហើយអ្នកទាំងនោះបានរៀបចំរក្សាទុកដី និងចំការស្វាយចន្ទីមួយចំនួនរបស់អ្នកភូមិ។ ទោះបីជាបែបនេះក៏ដោយ ក៏អ្នកស្រី ញ៉ាវ បានប៉ាន់ប្រមាណថា ក្រុមហ៊ុន បានយកដីប្រហែល ២០០ ហិកតា របស់អ្នកភូមិ និង ៣០០ ហិកតា ដែលជាដីព្រៃសហគមន៍។ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចលើអ្នកស្រី ញ៉ាវ និងកូនរបស់អ្នកស្រី កាន់តែធ្ងន់ធ្ងរឡើងៗ។ កូនប្រាំនាក់ក្នុងចំណោមកូនទាំងប្រាំពីររបស់អ្នកស្រី បានរៀបការ ហើយមុនពេលដែលក្រុមហ៊ុនមកដល់ ពួកគេធ្វើស្រែលើដីស្រែផ្ទាល់ខ្លួនរបស់ពួកគេ។ ដីស្រែរបស់អ្នកទាំងនោះនីមួយៗ មានប្រហែល ២ ហិកតា ហើយបានផ្តល់ផលសម្រាប់ការរស់នៅសមរម្យដល់អ្នកទាំងនោះ។ ប៉ុន្តែឥឡូវ កូនរបស់អ្នកស្រី និងគ្រួសាររបស់ពួកគេ ត្រូវបានបង្ខំឲ្យត្រឡប់មកផ្ទះ ហើយគ្រួសារចំនួន ៦គ្រួសារ បានរស់នៅដោយពឹងពាក់តែលើដីចំនួនប្រមាណ ១ហិកតា។
ក៏ដូចជាបញ្ហាហិរញ្ញវត្ថុផងដែរ អ្នកស្រី ញ៉ាវ មានអារម្មណ៍ថាជីវិតនៅក្នុងភូមិ បានផ្លាស់ប្តូរជារៀងរហូត ហើយអ្នកទាំងនោះមិនមានសុវត្ថិភាពទៀតទេ។ កាលពីមុន អ្នកទាំងនោះធ្លាប់ទៅក្នុងព្រៃដោយមិនមានការភ័យខ្លាច ប៉ុន្តែឥឡូវអ្នកភូមិ ជាពិសេសស្ត្រី នៅក្នុងផ្ទះ ព្រោះពួកគេខ្លាចជួបមនុស្សប្រុសមកពីក្រុមហ៊ុន។
អ្នកស្រី ញ៉ាវ បានចូលរួមក្នុងវេទិកានេះ ព្រោះអ្នកស្រីចង់ចែករំលែកនូវបទពិសោធន៍នៃការបណ្តេញចេញ និងការតវ៉ារបស់អ្នកស្រី ជាមួយក្រុមសហគមន៍ដទៃទៀត។ អ្នកស្រី ចង់ពង្រឹងនូវសហគមន៍ផ្សេងៗទៀត ជាពិសេសក្រុមជនជាតិភាគតិចផ្សេងទៀត និងលើកទឹកចិត្តឲ្យអ្នកទាំងនោះក្រោកឈរឡើងប្រឈមមុខនឹងក្រុមហ៊ុន ដែលបានគម្រាមកំហែងការរស់នៅរបស់អ្នកទាំងនោះ។
អ្នកស្រី យី សាវី មានអាយុ ៤៣ឆ្នាំ ជាកសិករមកពីភូមិរាមតា ស្រុកជីក្រែង ខេត្តសៀមរាប។ អ្នកស្រី សាវី និងគ្រួសាររបស់អ្នកស្រី បានធ្វើស្រែលើដីស្រែជិតភូមិរបស់អ្នកស្រីតាំងពីឆ្នាំ ១៩៩៩។ នៅក្នុងឆ្នាំ ២០០៤ គ្រួសាររបស់អ្នកស្រីរួមជាមួយគ្រួសារកសិករដទៃទៀតចំនួន ១៧៤ គ្រួសារ បានជូបប្រទះជម្លោះដីធ្លីលើដីស្រែចំនួន ៤៧៥ ហិកតា នៅពេលដែលប្រជាពលរដ្ឋនៅឃុំក្បែខាង បានអះអាងពីម្ចាស់កម្មសិទិ្ធ ហើយបានលក់ដីនោះទៅឲ្យអ្នកជំនួញដែលមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ។
អស់រយៈពេលជាច្រើនឆ្នាំ ពលរដ្ឋនៅក្នុងភូមិជីក្រែង បានតវ៉ាជាច្រើនដង ដើម្បីព្យាយាមយកដីរបស់អ្នកទាំងនោះមកវិញ ប៉ុន្តែមិនបានជោគជ័យ។ នៅឆ្នាំ ២០០៩ លើសពីការធុញថប់ អ្នកទាំងនោះបានព្យាយាមទាមទារយកដីរបស់អ្នកទាំងនោះមកវិញដោយបានដាំដំណាំ និងប្រមូលផលលើដីទាំងនោះ។ នៅថ្ងៃប្រមូលផល នាថ្ងៃទី២២ ខែមិនា ឆ្នាំ២០០៩ នគរបាល និងកងរាជអាវុធហត្ថបានឡោមព័ន្ធកសិករទាំងនោះ និងបានព្យាយាមរារាំងអ្នកទាំងនោះពីការធ្វើការងារលើដីនោះ។ កងកម្លាំងទាំងនោះបានបាញ់កាំភ្លើង ហើយបណ្តាលឲ្យមនុស្សបួននាក់រងរបួសធ្ងន់ធ្ងរ។ កងកម្លាំងទាំងនោះ បានដាក់ខ្នោះមនុស្សចំនួន ៤៣ នាក់ ហើយនាចុងថ្ងៃនោះ មនុស្សចំនួន ៩នាក់ផ្សេងទៀត រួមទាំងបុរសរងរបួសទាំង ៤នាក់ ត្រូវបានចាប់ខ្លួន។ បុរសបីនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនក្រោយមកទៀត ហើយមនុស្សចំនួន ១២ នាក់ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន ២ឆ្នាំ។
តែវាជាដីរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែតស៊ូ
អ្នកស្រី បានក្លាយជាអ្នកតវ៉ាយ៉ាងទៀងទាត់ម្នាក់ នៅក្នុងការតវ៉ា ប៉ុន្តែសកម្មភាពនេះបានបង្កជាបញ្ហាជាច្រើនដល់គ្រួសាររបស់អ្នកស្រី។ ដោយសារការបាត់បង់ដីធ្លី អ្នកស្រី សាវី ត្រូវបានបង្ខំឲ្យទទួលយកការងារអ្វីដែលមាន ដូចជាកម្មករធ្វើការក្នុងដីស្រែម្នាក់ ហើយប្រាក់ចំណូលរបស់អ្នកស្រី បានធ្លាក់ចុះយ៉ាងច្រើន។ នេះមានន័យថាអ្នកស្រី មិនអាចបញ្ជូនកូនរបស់អ្នកស្រីទៅកាន់សាលារៀនបានទៀតទេ។ ការតវ៉ារបស់អ្នកស្រី បានបង្កើតឲ្យមានភាពតានតឹងរវាងអ្នកស្រី និងស្វាមីរបស់អ្នកស្រី។ ស្វាមីរបស់អ្នកស្រី មិនចូលចិត្តសកម្មភាពនេះទេ នៅពេលដែលអ្នកស្រីចេញទៅតវ៉ាហើយតែងតែព្យាយាមបញ្ឈប់អ្នកស្រី ដែលនេះធ្វើឲ្យមានការឈ្លោះគ្នាយ៉ាងខ្លាំង។ ចុងក្រោយអ្នកទាំងពីរនាក់ បានលែងលះគ្នា។ សម្រាប់សាវី វេទិកាគឺជាឱកាសដ៏ល្អមួយក្នុងការរៀនសូត្រពីអ្នកដទៃ និងចែករំលែករឿងរ៉ាវរបស់អ្នកស្រី។
“ជម្លោះដីធ្លីប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំង។ ស្វាមីរបស់ខ្ញុំ ប្រច័ណ្ឌនៅពេលដែលខ្ញុំចេញទៅតវ៉ា ហើយកូនរបស់ខ្ញុំមិនមានអ្នកណាមើលថែ ប៉ុន្តែវាជាដីរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែតស៊ូ។”
អ្នកស្រី អ៊ុន ស៊ូចេង មានអាយុ ៥១ឆ្នាំ ជាកសិករមកពីភូមិខ្នងក្រពើខាងលិច នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៩ ហើយអ្នកស្រី បានផ្លាស់ទៅនៅទីនោះកាលពីឆ្នាំ ១៩៨០ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសថាខ្លួនត្រូវការកម្មករសម្រាប់ធ្វើការនៅក្នុងចំការកៅស៊ូរបស់រដ្ឋ។ អ្នកស្រី ស៊ូចេង បានធ្វើការនៅក្នុងចំការនោះរហូតដល់ឆ្នាំ ២០០៨ នៅពេលដែលក្រុមហ៊ុននោះបានប្រែក្លាយទៅជាក្រុមហ៊ុនឯកជន ហើយកម្លាំងពលកម្មត្រូវបានកាត់បន្ថយ ៥០%។ បន្ទាប់មក អ្នកស្រី បានរកការងារសមរម្យមួយជាកម្មករនៅក្នុងចំការក្បែរនោះ។
នៅក្នុងឆ្នាំ ២០០៩ ដីភូមិរបស់អ្នកស្រី ត្រូវបានដាក់បញ្ចូលក្នុងដីចំការដែលលក់ទៅឲ្យម្ចាស់ឯកជនម្នាក់ថ្មីមួយទៀត ជាអ្នកដែលព្យាយាមឲ្យអ្នកភូមិចាកចេញទៅកាន់ភូមិថ្មី ដែលមានចង្ងាយ ១០ គ.ម។ អ្នកភូមិប្រមាណពាក់កណ្តាល បានយល់ព្រម ព្រោះអ្នកទាំងនោះភ័យខ្លាចក្រុមហ៊ុន ប៉ុន្តែអ្នកស្រី ស៊ូចេង និងអ្នកភូមិដែលនៅសល់ បានបដិសេធចាកចេញ ដោយសារដីថ្មីដែលផ្តល់ឲ្យ គឺមិនគ្រប់គ្រាន់នោះទេ។ បច្ចុប្បន្ននេះ អ្នកស្រី មានដីចំនួន ១.៣០០ ម៉ែត្រការ៉េ ដោយមានអណ្តូង និងដើមដូង និងដើមសាវម៉ាវ ដែលអ្នកស្រីអាចរកប្រាក់បានមួយចំនួន។ នៅក្នុងភូមិថ្មី អ្នកស្រី ត្រូវបានគេផ្តល់ដីទទេរឲ្យចំនួន ២០០ ម៉ែត្រការ៉េ និងប្រាក់សំណងចំនួន ២៥០ ដុល្លារអាមេរិក។
ផ្ទុយទៅវិញ អភិបាលខេត្ត បានព្យាយាមជួយក្រុមហ៊ុន ដោយឲ្យយើងខ្ញុំឈប់តវ៉ា
ជាផ្នែកមួយនៃការតវ៉ារបស់ពួកគេ អ្នកភូមិទាំងនោះបានដាក់ញត្តិទៅកាន់ក្រសួងកសិកម្ម និងរដ្ឋសភាជាតិ។ អ្នកទាំងនោះ បានធ្វើដំណើរទៅកាន់គេហដ្ឋានសម្តេចនាយករដ្ឋមន្ត្រីនៅទីក្រុងតាខ្មៅចំនួន ២ដង ដើម្បីដាក់ញត្តិដោយផ្ទាល់។ អ្នកស្រី បានមានប្រសាសន៍ថា អ្វីដែលអ្នកស្រី និងអ្នកភូមិដទៃទៀតចង់បាន គឺរស់នៅលើដីរបស់ខ្លួនឯង និងទទួលបានប័ណ្ណកម្មសិទិ្ធ។ ប៉ុន្តែក្រុមហ៊ុន អះអាងថាអ្នកតវ៉ាមួយចំនួន បានទទួលប្រាក់សំណងរួចទៅហើយ ដូចនេះក្រុមហ៊ុនមិនអាចផ្តល់ឲ្យក្រុមទាំងមូលនូវប័ណ្ណកម្មសិទិ្ធដីបានទេ ព្រោះមនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងនោះមិនមានសិទិ្ធទទួល។ អ្នកស្រី ស៊ូចេង បានមានប្រសាសន៍ថានេះគ្រាន់តែជាការដោះសារ ហើយអ្នកស្រីមានការអស់សង្ឃឹមចំពោះការអសមត្ថភាពរបស់អាជ្ញាធរ ក្នុងការជួយដល់អ្នកស្រី និងអ្នកតវ៉ាដទៃទៀត។
“ទោះបីជារាជរដ្ឋាភិបាល បានប្រាប់ទៅមន្ត្រីមូលដ្ឋានឲ្យជួយយើងខ្ញុំក៏ដោយ ក៏អ្នកទាំងនោះមិនព្រមជួយដែរ។ ផ្ទុយទៅវិញ អភិបាលខេត្ត បានព្យាយាមជួយក្រុមហ៊ុន ដោយឲ្យយើងខ្ញុំឈប់តវ៉ា។ វាហាក់ដូចជាពួកគេខ្លាចក្រុមហ៊ុន។ ពួកគេមិនមានអំណាចជួយយើងខ្ញុំទេ។”
អ្នកស្រី ស៊ូចេង មិនចង់បោះចោលការតស៊ូរបស់អ្នកស្រីទេ។ អ្នកស្រី បានចូលរួមក្នុងវេទិកានេះ ព្រោះអ្នកស្រីចង់រៀនសូត្រពីសហគមន៍ដទៃទៀត ដូចជាសហគមន៍បឹងកក់ ដែលធ្វើការតវ៉ាបានជោគជ័យ។ អ្នកស្រី ក៏ចង់ចែករំលែកបទពិសោធន៍របស់អ្នកស្រីជាមួយសហគមន៍ផ្សេងទៀតដែលមិនទាន់មាននូវកម្លាំងខ្លាំង ដើម្បីលើកទឹកចិត្តអ្នកទាំងនោះឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ។
អ្នកស្រី ហង្ស ចិន្តា មានអាយុ ៤៨ឆ្នាំ ជាស្ត្រីមេផ្ទះ មកពីភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។ អ្នកស្រី បានមករស់នៅក្នុងភូមិរបស់អ្នកស្រីនៅក្នុងឆ្នាំ ១៩៧៩ ហើយមករស់នៅយ៉ាងមានសុភមង្គល រហូតដល់ឆ្នាំ ១៩៩៦ នៅពេលដែលអតីតអភិបាលរងក្រុងព្រះសីហនុ បានអះអាងកម្មសិទិ្ធលើដីនោះ ដោយបាននិយាយថាគាត់នឹងធ្វើការអភិវឌ្ឍន៍ដីនោះសម្រាប់ទេសចរណ៍ ហើយបង្ខំឲ្យអ្នកភូមិមួយចំនួនចាកចេញ។ ភ្លាមៗបន្ទាប់មកទៀត គាត់ក៏បានលក់ដីនោះទៅឲ្យក្រុមហ៊ុន ថៃប៊ុនរុង។
ភូមិនោះមានពលរដ្ឋចំនួន ៩៣គ្រួសារ ហើយអ្នកទាំងអស់នោះ បានតវ៉ាចំពោះការបាត់បង់ដីរបស់ពួកគេ។ ពលរដ្ឋចំនួន ៦៩គ្រួសារ ត្រូវបានផ្តល់ជាប្រាក់សំណង ហើយចាកចេញ ប៉ុន្តែពលរដ្ឋចំនួន២៤គ្រួសារទៀត រួមទាំងអ្នកស្រី ចិន្តា មិនបានទទួលអ្វីទាំងអស់។ អ្នកទាំងនោះ បានស្នាក់នៅដីក្បែរនោះ នៅក្នុងស្ថានភាពយ៉ាងលំបាក ហើយនៅតែធ្វើការតវ៉ាអស់រយៈពេល ១៩ឆ្នាំមកហើយ។
ខ្ញុំតែងតែឈរនៅជួរមុខ ដែលត្រូវបានគេជេរប្រមាថ និងគម្រាមកំហែងដោយអាជ្ញាធរ ហើយខ្ញុំក៏ត្រូវដោះស្រាយជម្លោះនៅក្នុងសហគមន៍ផងដែរ
អស់រយៈពេលជាច្រើនឆ្នាំ ក្រុមគ្រួសារទាំងនោះបានព្យាយាមគ្រប់បែបយ៉ាង។ អ្នកទាំងនោះ បានដាក់ញត្តិទៅកាន់រដ្ឋសភា ក្រសួងមហាផ្ទៃ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកទាំងនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការ និងក្រសួងដែនដី។ អ្នកទាំងនោះបានព្យាយាមជាច្រើនដង ដើម្បីស្វែងរកជំនួយពីអភិបាលខេត្ត (ពួកគេបានឃើញមន្ត្រីចំនួនប្រាំនាក់ ក្នុងចំណោមមន្ត្រីទាំងនោះទៅមកៗ) ប៉ុន្តែមិនមានអ្នកណាម្នាក់ អាចជួយអ្នកភូមិបានទេ។ នៅក្នុងឆ្នាំ ២០១២ អ្នកស្រី និងអ្នកភូមិប្រាំបីនាក់ផ្សេងទៀត រួមមានម្តាយធំរបស់អ្នកស្រី ត្រូវបានជាប់ឃុំអស់ ២៤ថ្ងៃ ពីបទបំផ្លាញទ្រព្យសម្បត្តិ។ បន្ទាប់ពីអ្នកទាំងនោះ ត្រូវបានដោះលែង អ្នកទាំងនោះនឹងឃើញដីរបស់ខ្លួន ត្រូវបានគេពុះចែក និងបិទរបង។ ផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ប៉ុន្តែរហូតមកដល់ពេលនេះ ដីនោះមិនទាន់ត្រូវបានអភិវឌ្ឍនោះទេ។
អ្នកស្រី គឺជាអ្នកដឹកនាំសហគមន៍សំខាន់ម្នាក់ ហើយអ្នកស្រីមានប្រសាសន៍ថាជម្លោះបានដាក់សម្ពាធដល់អ្នកស្រី។
“ខ្ញុំមាននឿយហត់ណាស់។ ពេលខ្លះខ្ញុំចង់បោះបង់ចោល។ ការធ្វើជាអ្នកដឹកនាំសហគមន៍ គឺមានសម្ពាធច្រើន។ ខ្ញុំតែងតែឈរនៅជួរមុខ ដែលត្រូវបានគេជេរប្រមាថ និងគម្រាមកំហែងដោយអាជ្ញាធរ ហើយខ្ញុំក៏ត្រូវដោះស្រាយជម្លោះនៅក្នុងសហគមន៍ផងដែរ។ ខ្ញុំមានជម្លោះជាច្រើនជាមួយស្វាមីរបស់ខ្ញុំផងដែរ ព្រោះគាត់មិនលើកទឹកចិត្តខ្ញុំទេ។ អ្វីៗទាំងអស់នេះមានផលប៉ះពាល់ផ្លូវកាយ និងផ្លូវចិត្តយ៉ាងខ្លាំង។”
ទោះបីជាយ៉ាងនេះក៏ដោយ ក៏អ្នកស្រីចិន្តា និងអ្នកភូមិដទៃទៀត បានបន្តយុទ្ធនាការរបស់អ្នកទាំងនោះ ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ពលរដ្ឋទាំង ២៤គ្រួសារ បានត្រឡប់ទៅរស់នៅលើដីនោះវិញ។ អ្នកស្រី ចិន្តា បារម្មណ៍ថាតើក្រុមហ៊ុននឹងធ្វើសកម្មភាពអ្វីមកលើអ្នកទាំងនោះ ប៉ុន្តែអ្នកស្រី សប្បាយចិត្ត ដោយមានការសាមគ្គីគ្នាយ៉ាងល្អនៅក្នុងសហគមន៍។ ព្រោះតែសកម្មភាពបច្ចុប្បន្នរបស់អ្នកទាំងនោះ អ្នកស្រីចិន្តា បារម្មណ៍អំពីការចេញពីសហគមន៍របស់អ្នកស្រី ដើម្បីមកចូលរួមវេទិកានេះ ប៉ុន្តែអ្នកស្រី ពិតជាចង់ជួបសកម្មជនផ្សេងទៀត ហើយធានាថាអ្នកដទៃបានលឺពីរឿងរ៉ាវរបស់អ្នកស្រី។
អ្នកស្រី ហោម ខាត់ មានអាយុ ៤៩ ឆ្នាំ ជាកសិករ មកពីភូមិឈូកប្ញស្សី ស្រុកថ្មបាំង ខេត្តកោះកុង។ អ្នកស្រី មកពីក្រុមជនជាតិភាគតិច ជង ហើយភូមិរបស់អ្នកស្រី ស្ថិតក្នុងតំបន់លិចទឹកសម្រាប់ធ្វើទំនប់វារីអគ្គីសនីរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ តាមបណ្តាយទន្លេឆាយអារ៉ែង។
វប្បធម៌ និងជីវិតរបស់យើង របៀបធ្វើស្រែចំការរបស់យើង និងអ្វីៗទាំងអស់នឹងទទួលរងផលប៉ះពាល់ ប្រសិនបើយើងចាកចេញ
អ្នកស្រី និងសមាជិកក្រុមជនជាតិភាគតិច ជង របស់អ្នកស្រី ប្រកបរបរធ្វើស្រែវិលជុំ ដោយផ្លាស់ប្តូរដីធ្វើស្រែជារៀងរាល់ពីបីឆ្នាំម្តង ហើយទុកឲ្យដីនោះមានជីជាតិឡើងវិញ។ អ្នកស្រី មានប្រសាសន៍ថាដីស្រែរបស់អ្នកស្រី និងផលានុផលដែលអ្នកស្រីប្រមូលបានពីព្រៃឈើ អាចឲ្យអ្នកស្រីរស់នៅបានសមរម្យ។ រហូតមកដល់ពេលនេះ ការសាងសង់វារីអគ្គីសនី គឺមិនទាន់ចាប់ផ្តើមនោះទេ ប៉ុន្តែអ្នកស្រី ព្រួយបារម្ភអំពីអនាគត ដូចនេះអ្នកស្រី បានចូលរួមតវ៉ា ដើម្បីការពារក្រុមហ៊ុនពីការចុះមកស្រាវជ្រាវជ្រលងទន្លេ និងតវ៉ាពីការចាប់ខ្លួនអ្នកដឹកនាំសហគមន៍របស់អ្នកស្រី។ អ្នកស្រី មិនបានដឹងថាអ្វីនឹងកើតឡើងមកលើអ្នកស្រី ប្រសិនបើការសាងសង់វារីអគ្គីសនី នឹងនៅតែបន្ត។ អ្នកស្រី ដឹងថាអ្នកស្រី អាចនឹងត្រូវចាកចេញ ប៉ុន្តែអ្នកស្រី មិនដឹងអំពីការធ្វើជំនួញនោះទេ ហើយមិនដែលប្រកបរបចិញ្ចឹមជីវិតអ្វីផ្សេងក្រៅពីការពឹងពាក់លើព្រៃឈើនោះទេ។
“ដូនតារបស់យើង បានរស់នៅទីនេះអស់រយៈពេលយូរមកហើយ ហើយយើងមានដើមឈើអារក្ខនិងដីអ្នកតា ជាច្រើននៅទីនេះ។ វប្បធម៌ និងជីវិតរបស់យើង របៀបធ្វើស្រែចំការរបស់យើង និងអ្វីៗទាំងអស់នឹងទទួលរងផលប៉ះពាល់ ប្រសិនបើយើងចាកចេញ។ វានឹងបាត់បង់យ៉ាងច្រើន។”
អ្នកស្រី បានធ្វើដំណើររយៈពេលពីរថ្ងៃពេញ ដើម្បីទៅចូលរួមវេទិកា។ អ្នកស្រី ចង់ចូលរួមវេទិកានេះ ដើម្បីរៀនសូត្រពីវិធីសាស្ត្រនានាពីសកម្មជនដទៃទៀតដែលមានបទពិសោធន៍ច្រើន។ សហគមន៍របស់អ្នកស្រី មិនទាន់ទទួលផលប៉ះពាល់អាក្រក់ខ្លាំងនៅឡើយទេ ប៉ុន្តែអ្នកស្រី ដឹងថាដើម្បីការពារផ្ទះរបស់អ្នកស្រីនៅក្នុងជ្រលង អ្នកស្រីត្រូវតែរៀបចំខ្លួនឲ្យហើយ។
អ្នកស្រី ផាវ ញ៉ើង អាយុ ៣៩ឆ្នាំ ជាកសិករមកពីភូមិ ព្រែកជីក នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ គ្រួសាររបស់អ្នកស្រី បានរស់នៅក្នុងភូមិចាប់តាំងពីឆ្នាំ ១៩៧៩។ បន្ទាប់ពីគ្រួសាររបស់អ្នកស្រីបានមកដល់ទីនោះ កងទាហានរបស់ខ្មែរក្រហមមួយចំនួន បានរស់នៅទីនោះ ដូចនេះគ្រួសាររបស់អ្នកស្រី ចេញទៅធ្វើស្រែនៅឯឆ្ងាយពីភូមិនៅពេលថ្ងៃ រួចត្រឡប់មកភូមិនៅពេលយប់ដែលជាពេលមានសុវត្ថិភាព។ អ្នកស្រី ញ៉ើង នៅតែមានដីភូមិ និងដីស្រែដដែល ប៉ុន្តែក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ អ្នកស្រី បានពាក់ព័ន្ធជាមួយនឹងជម្លោះដីធ្លីចំនួនពីរផ្សេងគ្នាដែលប៉ះពាល់ដីទាំងពីររបស់អ្នកស្រី។
នៅក្នុងឆ្នាំ ២០០៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឲ្យសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច លោក លី យុង ផាត់ និងដៃគូពាណិជ្ជកម្មជនជាតិថៃរបស់លោក KSL នូវដីសម្បទានសេដ្ឋកិច្ចចំនួន ២ កន្លែង ដែលរួមបញ្ចូលទាំងដីស្រែរបស់អ្នកស្រី ញ៉ើង ចំនួន ៤ហិកតាផងដែរ។ ដីសម្បទាននេះ គឺសម្រាប់ដាំដំណាំអំពៅ ហើយដីរបស់អ្នកស្រី ត្រូវបានគេឈូសឆាយ ដើម្បីដាំអំពៅ។ មុនពេលដីរបស់អ្នកស្រី ត្រូវបានគេរំលោភ អ្នកស្រី បានដាំស្រូវ ខ្នុរ និងស្វាយចន្ទី ប៉ុន្តែឥឡូវដំណាំទាំងនោះត្រូវបានបំផ្លិចបំផ្លាញអស់ទៅហើយ។ ជម្លោះដីធ្លីនេះ បានបន្ត ប៉ុន្តែអ្នកស្រី បានដកខ្លួន ហើយស្នើឲ្យកសិករដែលរងផលប៉ះពាល់ដទៃទៀតតំណាងឲ្យអ្នកស្រី។
បញ្ហាហិរញ្ញវត្ថុជះឥទ្ធិពលដល់គ្រួសារយ៉ាងខ្លាំង
ឥឡូវនេះ អ្នកស្រី ផ្តោតទៅលើការតស៊ូរក្សាដីភូមិរបស់អ្នកស្រី។ ជម្លោះនេះបានកើតឡើងនៅពេលមានការគម្រាមកំហែងនៅឆ្នាំ ២០០៧ នៅពេលដែលអ្នកជំនួញដែលមានទ្រព្យស្តុកស្តម្ភលោក សុខ គង់ បានអះអាងពីកម្មសិទិ្ធលើដីនោះ។ លោក បានបញ្ចូនត្រាក់ទ័រមួយចំនួនមកឈូសឆាយដីនោះ ប៉ុន្តែអ្នកភូមិបានតវ៉ា និងរារាំង។ ស្ថានភាពបានស្ងប់ស្ងាត់អស់រយៈពេលពីរឆ្នាំរហូតដល់ឆ្នាំ ២០០៩ នៅពេលដែលអ្នកជំនួញម្នាក់ទៀតលោក ហេង ហ៊ុយ បានអះអាងថាដីនេះឥឡូវជាកម្មសិទិ្ធរបស់លោក ក្រោយពេលមានដំណោះស្រាយក្នុងតុលាការរវាងលោក និងលោក សុខ គង់។ ជម្លោះដីធ្លីនេះមានផលប៉ះពាល់លើពលរដ្ឋចំនួន ៦៣ គ្រួសារ នៅក្នុងភូមិរបស់អ្នកស្រី និងលើផ្ទៃដី ៤០០ ហិកតា ប៉ុន្តែមានតែពលរដ្ឋចំនួន ១៥គ្រួសារប៉ុណ្ណោះ បានចាកចេញ។ ពលរដ្ឋមួយចំនួនបានទទួលប្រាក់សំណង និងមួយចំនួនទៀតភ័យខ្លាច ហើយបោះបង់ចោលការតវ៉ារបស់អ្នកទាំងនោះ។ ព្រោះតែហេតុនេះ ដីភូមិចំនួន ៦០ហិកតា នៅជុំវិញផ្ទះរបស់អ្នកស្រី ញ៉ើង ត្រូវបានដាំដំណាំអំពៅ ហើយជាលទ្ធផលនៃការភ្ជួរដី អណ្តូងរបស់អ្នកភូមិត្រូវបានបំផ្លាញ។ អ្នកស្រី មានដើមស្វាយ និងស្វាយចន្ទីនៅលើដីភូមិរបស់អ្នកស្រី ប៉ុន្តែឥឡូវមានការលំបាកក្នុងការថែទាំដើមឈើទាំងនោះ ព្រោះអ្នកស្រីត្រូវធ្វើដំណើរទៅកាន់ភូមិជិតខាងដើម្បីយកទឹកមកប្រើប្រាស់។
“បញ្ហាហិរញ្ញវត្ថុជះឥទ្ធិពលដល់គ្រួសារយ៉ាងខ្លាំង។ ខ្ញុំមានកូនប្រាំពីរនាក់ ហើយខ្ញុំមិនអាចទ្រទ្រង់ឲ្យពួកគេទាំងអស់ចូលសាលារៀនបានទៀតទេ។ កូនពីរនាក់បានឈប់រៀន។ ខ្ញុំមានកូនប្រុសម្នាក់រៀននៅសាកលវិទ្យាល័យនៅភ្នំពេញ ប៉ុន្តែគាត់កំពុងរៀបចំឈប់រៀនហើយ ព្រោះយើងមិនមានលុយបង់ថ្លៃសាលាទេ។”
កាលពីឆ្នាំមុន ក្រុមហ៊ុន ហេង ហ៊ុយ បានដាក់ពាក្យបណ្តឹងចំពោះអ្នកស្រីពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនា។ បច្ចុប្បន្នអ្នកស្រី ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយរង់ចាំសវនាការ។ អ្នកស្រី បានចូលរួមក្នុងវេទិកានេះ ព្រោះអ្នកស្រីចង់រៀនសូត្រមធ្យោបាយថ្មីក្នុងការតវ៉ា និងក្រោកឈរឡើងទប់ទល់នឹងក្រុមហ៊ុន។ អ្នកស្រី ចង់ឲ្យរឿងរ៉ាវនៃការតស៊ូរបស់អ្នកស្រី ត្រូវបានផ្សព្វផ្សាយកាន់តែឆ្ងាយកាន់តែល្អ។
MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី លី យ៉ុងផាត់ សិទ្ធិស្ត្រី