អត្ថបទ

តារាង​ពេលវេលា៖ ការចាប់ឃុំខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស និងសកម្មជន ដាក់ពន្ធនាគារ​ នាពេល​ថ្មីៗនេះ

ចេញផ្សាយ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២០
F T M

អ្នកការពារ​សិទ្ធិមនុស្ស ស​កម្មជន​ និងសិល្បករ​ ចំនួន១៩នាក់ ​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​ ចាប់តាំងពីខែកក្កដា​ ដោយសារ​ការប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​ និងជួបជុំគ្នា​ដោយសន្តិវិធី​ ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។​ ការធ្វើ​ទុក្ខបុកម្នេញជា​បន្តបន្ទាប់នេះ ​បានចាប់ផ្ដើម​បន្ទាប់ពី​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ ប្រធានសហជីព​ ក្រោយពី​លោកចេញ​សេចក្ដីថ្លែងការណ៍​ និង​ផ្ដល់​បទសម្ភាសន៍ជាមួយ​វិទ្យុមួយ ​បន្ទាប់ពី​ចុះទៅសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាមបណ្ដោយ​ព្រំដែនកម្ពុជា​-វៀតណាម ​។ រយៈពេលជាង​១ខែកន្លះ​ក្រោយមក​ សកម្មជន​ដែលបាន​អំពាវនាវ​ជាសាធារណៈឱ្យ​ដោះលែង​លោក រ៉ុង ឈុន ​ត្រូវបាន​ចាប់ខ្លួន​ និងឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​។​ អ្នកទាំងនេះ​ ប្រឈម​នឹងការ​ជាប់ពន្ធនាគារ​រហូតដល់២ឆ្នាំ ​ប្រសិនបើ​រកឃើញ​ថាមានទោស ។​

ក្រៅពី​សកម្មជន​អំពាវនាវ​ឱ្យដោះលែង​លោក រ៉ុង ឈុន​ ការធ្វើទុក្ខ​បុកម្នេញនេះ ​ក៏បានកើត​មានឡើង​ចំពោះ​អ្នកផ្សេងទៀត​ផងដែរ ​។ សកម្មជន​បរិស្ថាន​ អ្នកចំរៀង​រ៉េបវ័យក្មេង​ និង​ព្រះសង្ឃ​កាន់ព្រះពុទ្ធសាសនា​ ត្រូវបាន​ចាប់ខ្លួន​ ដោយសារ​តែការសម្ដែងមតិ​អំពីបញ្ហា​ដែលប៉ះពាល់​ដល់ប្រទេសជាតិ ​និងសហគមន៍​របស់ខ្លួន ។​ សមាជិក​អតីត​គណបក្ស​ជំទាស់​ដែលត្រូវបាន​រំលាយ ​ត្រូវចាប់​និងឃុំខ្លួន​ក្នុងពន្ធនាគារ ។​ ​តំណាង​ស្ថាប័ន​អន្តរជាតិជាច្រើនបានថ្កោលទោសការចាប់ខ្លួនទាំងនេះ ឬអំពាវនាវ​ជាសាធារណៈឱ្យដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដែលកំពុង​ជាប់ឃុំទាំងនេះពី​ពន្ធនាគារ​ដែលមាន​ភាពចង្អៀត​ណែនខ្លាំងវិញ ។​ បុរស និងស្រ្តី ​ទាំងនេះ ​បានបាត់បង់សិទ្ធិ​សេរីភាព​ ដោយសារ​តែការ​ប្រើប្រាស់​សិទ្ធិជាមូលដ្ឋាន​របស់ខ្លួន ។

ថ្ងៃទី៣១​ ខែកក្កដាថ្ងៃទី២០​ ខែកញ្ញា
ពាក់ព័ន្ធនឹង​ការ អំពាវនាវ​ឱ្យដោះលែង​អ្នកទោស​នយោបាយ
ពាក់ព័ន្ធនឹង​ការ សម្ដែងមតិ​លើបញ្ហាសង្គម
ពាក់ព័ន្ធនឹង​ភាពសកម្ម​ ក្នុងកិច្ចការ​ពារបរិស្ថាន
ពាក់ព័ន្ធនឹង​ភាពសកម្ម​ ក្នុងកិច្ចការ​នយោបាយ
ថ្ងៃទី៣១​ ខែកក្កដា៖ លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី “បទញុះញង់ ​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្ដិសុខសង្គម”​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និង​មាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​” បន្ទាប់ពី​ចុះទៅ​ពិនិត្យមើល​​ព្រំដែន​​ប្រទេសកម្ពុជា-​វៀតណាម​ កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ ដែលតំណាង​ឱ្យក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ ហើយ​លោកត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី១​ (ម១) ក្នុង​រាជធានី​ភ្នំពេញ ។ថ្ងៃទី០៤​ ខែសីហា៖ លោក ជុំ ពុទ្ធី ​អតីតលេខាធិការ​យុវជន​គណបក្ស​សង្គ្រោះជាតិ​ខេត្តស្វាយរៀង​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ។ថ្ងៃទី០៤​ ខែសីហា៖ លោក ឈួ ផេង​ អតីត​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ខណ្ឌដង្កោ ​ត្រូវបាន​ចាប់ខ្លួន​ និងចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ​៤៩៤​ និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី១​ ។ថ្ងៃទី០៧​ ខែសីហា៖ កញ្ញា​ ស កន្និកា​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់​ពី បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួនបណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី២​ ។ថ្ងៃទី១៣ ខែសីហា៖​ អ្នកស្រី ​ឈឿន ដារ៉ាវី​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់​ពី បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ ​នៅមណ្ឌល​អប់រំ​កែប្រែទី២​ ។​ ដារ៉ាវី​ ត្រូវបាន​បោចសក់​អូស​ចូល​ក្នុងរថយន្ត ​បន្ទាប់ពី​កងសន្ដិសុខខណ្ឌ​បាន​ដកហូត​យក​កាបូបលុយ​របស់នាង​យ៉ាងកម្រោល ​អំឡុងពេល​តវ៉ា​ដោយ​សន្ដិវិធី​អំពាវនាវ​ឱ្យដោះលែង​លោក រ៉ុង ឈុន ។ថ្ងៃទី១៣ ខែសីហា៖​ លោក ហ៊ុន វណ្ណៈ​ សមាជិកខ្មែរថាវរៈ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់​ពី បទញុះញង់ ​តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំសវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី១​ ។​ លោក វណ្ណៈ​ ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ផ្សាយ​ព័ត៌មានផ្ទាល់​លើបណ្ដាញសង្គម​ ខណៈពេល​លោក​កំពុងដើរ​ទៅផ្ទះ​បន្ទាប់​ពីចូលរួម​ការតវ៉ា​ដោយសន្ដិវិធី​ ដើម្បីអំពាវនាវ​ឱ្យដោះលែង​លោក រ៉ុង ឈុន ។ថ្ងៃទី១៤ ខែសីហា៖​ លោក សួង សុភ័ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរឈ្នះ​ ត្រូវបាន​ចាប់ខ្លួន​ និងចោទប្រកាន់​ពី បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ។​​ លោក​​ សុភ័ណ្ឌ​ បាន​អំពាវនាវ​ជាសាធារណៈ​ឱ្យដោះលែង​លោក រ៉ុង ឈុន​ ហើយ​ក្រោយមក​លោក​ក៏ត្រូវបាន​ចាប់ខ្លួន ​បន្ទាប់ពីចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម​ ដែលលោក​ រ៉ុង ឈុន​ បានចុះទៅ​មើល​ មុនពេល​ដែលលោកត្រូវ​បាន​ចាប់ខ្លួន​ ។ថ្ងៃទី០៣ ខែកញ្ញា៖ កញ្ញា ឡុង គន្ធា ​សមាជិក​ចលនា​មាតាធម្មជាតិ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់​ពី បទញុះញង់ ​តាមបញ្ញត្តិមាត្រា ​៤៩៤ ​និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី២​ ។​ គន្ធា ​បានគ្រោងថា​នឹងដើរថ្មើរជើងម្នាក់ឯង​ពីវត្តភ្នំ​ ឆ្ពោះទៅ ​គេហដ្ឋានស​ម្ដេចនាយករដ្ឋមន្ត្រី ​ក្នុងគោលបំណង​លើកឡើង​ពីកង្វល់នៃ​ការលុបបឹងតាមោក​ នៅភាគខាងជើង​នៃរាជធានី​ភ្នំពេញ ។ថ្ងៃទី០៣ ខែកញ្ញា៖ កញ្ញា ភួន កែវរស្មី ​សមាជិក​ចលនា​មាតាធម្មជាតិ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិមាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួនបណ្ដោះ​អាសន្ន​រង់ចាំសវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី២​ ។ថ្ងៃទី០៣ ខែកញ្ញា៖ លោក ថុន រដ្ឋា​ សមាជិក​ចលនា​មាតាធម្មជាតិ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិមាត្រា ​៤៩៤ និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្នរង់ចាំ​សវនាការ​ នៅមណ្ឌលអប់រំ​កែប្រែទី១​ ។ថ្ងៃទី០៥​ ខែកញ្ញា៖ លោក គា សុគន្ធ​ អាយុ ២២ឆ្នាំ ​ជាអ្នកចម្រៀងរ៉េប​ ត្រូវបាន​ចាប់ខ្លួន​ក្នុងខេត្តសៀមរាប​ បន្ទាប់ពី​បានផ្សព្វផ្សាយ​ចម្រៀង​ដ៏ពេញនិយម​មួយបទ​មានចំណងជើងថា ​“ដីខ្មែរ”​ បានរយៈពេល៤ខែ ។​ ចម្រៀង​ដែលមាន​អ្នកចូលទស្សនា​ជាង១,៥លាននាក់​ នៅលើយូធូប​ (YoutTube)​ គិតត្រឹម​ពេលការ​ចាប់ខ្លួន​របស់លោក​ បានរៀបរាប់​ពីព្រំដែន​កម្ពុជា ។ ​សុគន្ធ ​ត្រូវបាន​ចោទប្រកាន់ពី​ បទញុះញង់ ​តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥ ​នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួនបណ្ដោះ​អាសន្នរង់ចាំ​សវនាការ ​នៅពន្ធនាគារ​ខេត្តសៀមរាប​ ។ថ្ងៃទី០៦​ ខែកញ្ញា៖ ព្រះតេជព្រះគុណ​ កើត សារ៉ាយ​ ព្រះសង្ឃ​កាន់ព្រះពុទ្ធសាសនា​ និង​ជាសមាជិក​ខ្មែរថាវរៈ​ ត្រូវបានចាប់ព្រះកាយ ​ផ្សឹក ​និងចោទ​ប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ​៤៩៥ ​នៃក្រមព្រហ្មទណ្ឌ​ មុនពេល​ត្រូវបញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ។ថ្ងៃទី០៦​ ខែកញ្ញា៖ លោក មាន ព្រហ្មមុន្នី ​អនុ​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិមាត្រា ៤៩៤​ និងមាត្រា ​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ​នៅមណ្ឌល​អប់រំកែប្រែទី១​ ។ថ្ងៃទី០៦​ ខែកញ្ញា៖ គង់ សំអាន ​អតីត​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ស្រុកមេមត់​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ និង​ត្រូវបាន​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ​នៅមណ្ឌល​អប់រំកែប្រែទី១​ ។ថ្ងៃទី០៧ ខែកញ្ញា៖ លោក ថា ឡាវី ​សមាជិក​ខ្មែរថាវរៈ​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ ខណៈពេល​កំពុងព្យាយាម​ចូលរួម​ការតវ៉ា​ដោយសន្ដិវិធី​ នៅទីលាន​ប្រជាធិបតេយ្យ ។​ លោក ត្រូវបាន​ចោទប្រកាន់ពី ​បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ​៤៩៥ ​នៃក្រម​ព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះ​អាសន្នរង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី១​ ។ថ្ងៃទី០៧ ខែកញ្ញា៖ កញ្ញា អេង ម៉ាឡៃ ​ហៅ សូ មេត្តា​ សមាជិក​ខ្មែរថាវរៈ​ ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​ចាកចេញ​ពីការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ។​ ម៉ាឡៃ ​បាន​ចូលរួម​ការតវ៉ា​ដោយសន្ដិវិធី​ នៅទីលានប្រ​ជាធិបតេយ្យ ​នៅព្រឹក​ថ្ងៃដដែលនោះ​ ដើម្បី​អំពាវនាវ​ឱ្យដោះលែង​លោក រ៉ុង ឈុន ​និងសកម្មជន​ផ្សេងទៀត ​ដែលត្រូវបាន​ចាប់ខ្លួន ។​ ម៉ាឡៃ ​ត្រូវបាន​ចោទប្រកាន់​ពី បទញុះញង់​ តាមបញ្ញត្តិមាត្រា ៤៩៤​ និងមាត្រា ៤៩៥ ​នៃក្រមព្រហ្មទណ្ឌ​ និងត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំ​កែប្រែទី២​ ។ថ្ងៃទី០៧​ ខែកញ្ញា៖ យុវជន​ ឡុង ពុទ្ធារ៉ា ​អ្នកចម្រៀងរ៉េប​ អាយុ ១៧ ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរខេត្តសៀមរាប​ និងចោទប្រកាន់ពី​ បទញុះញង់ ​តាមបញ្ញត្តិ​មាត្រា ៤៩៤ ​និងមាត្រា ៤៩៥ ​នៃក្រមព្រហ្មទណ្ឌ​ មុនពេល​ត្រូវបញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ នៅពន្ធនាគារ​ខេត្តសៀមរាប ។​ ពុទ្ធារ៉ា ​បាន​សហការ​ជាមួយលោក ​គា សុគន្ធ ​ដើម្បី​ផលិតបទ​ចម្រៀងរ៉េប​ជាច្រើន ​ដែលនិយាយ​ពីបញ្ហា​សង្គម ។ថ្ងៃទី០៩ ខែកញ្ញា៖ អ្នកស្រី ប៉ែន មុំ​ អតីត​ក្រុមប្រឹក្សាឃុំ​នៃគណបក្ស​សង្គ្រោះជាតិ​ ត្រូវបាន​សាលាដំបូងខេត្តកំពត​ ផ្ដន្ទាទោស​ឱ្យជាប់​ពន្ធនាគារ៥ឆ្នាំ​ ពី បទរួមគំនិតក្បត់​ តាមបញ្ញត្តិ​មាត្រា ៤៥៣​ នៃក្រមព្រហ្មទណ្ឌ ។​ អ្នកស្រី ​ ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ ​បន្ទាប់ពី​ការប្រកាស​សាលក្រម ។​ អ្នកស្រី ​ធ្លាប់ត្រូវបាន​ឃុំខ្លួនជាមួយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​រាប់សិបនាក់​ផ្សេងទៀត​ អំឡុងពេល​ដែលឯកឧត្ដម​ សម រង្ស៊ី ​អតីតមេដឹកនាំ​គណបក្ស​ជំទាស់ ​ព្យាយាម​វិលត្រឡប់​ចូលក្នុង​ប្រទេសកម្ពុជា​វិញ​ កាលពីខែវិច្ឆិកា ​ឆ្នាំ២០១៩ ​ប៉ុន្តែក្រោយមក​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​វិញ ។ថ្ងៃទី១០​ ខែកញ្ញា៖ លោក​ មួង សុភ័ក្រ្ត ​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ​ ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ពី​ បទញុះញង់​ តាមបញ្ញត្តិ​មាត្រា ៤៩៤​ និងមាត្រា ​៤៩៥ ​នៃក្រមព្រហ្មទណ្ឌ​ និង​ត្រូវបាន​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា