អត្ថបទ

កម្លាំងទាហាន​បាញ់ប្រហារ​ចំ​បុរសម្នាក់​ ក្នុង​វិវាទដីធ្លី​មួយនៅខេត្តកណ្ដាល ​

ចេញផ្សាយ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២១
F T M

កាលពីថ្ងៃព្រហស្បតិ៍​ ម្សិលមិញនេះ ​ទាហានមួយក្រុម​បានបាញ់ប្រហារ​ដោយគ្រាប់កាំភ្លើង​ទៅលើ​អ្នកតវ៉ាដីធ្លី​ នៅក្នុង​ខេត្តកណ្ដាល​ ដែលបណ្ដាល​ឱ្យត្រូវចំស្មា​បុរសម្នាក់​ អំឡុងពេល​ដែលកម្លាំងទាហាន​នៃកងយុទ្ធពលខេមរៈ​ភូមិន្ទ​ប្រមាណជា​ ១០០នាក់​ ប្រឈមមុខ​ជាមួយអ្នកភូមិ​ ពាក់ព័ន្ធ​នឹងវិវាទដីធ្លីមួយ​នៅក្នុង​ខេត្តកណ្ដាល ​ដែលមាន​ចម្ងាយប្រហែល​ ៥គីឡូម៉ែត្រ​ពីព្រំប្រទល់​រាជធានីភ្នំពេញ ។​ បុរស​រងគ្រោះ ​កំពុងស្ថិតក្រោម​ការជួយសង្គ្រោះ​នៅក្នុងមន្ទីរពេទ្យ​នៅឡើយ ​ខណៈដែល​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​មួយចំនួន​ បានបន្តការតវ៉ា​ នាព្រឹក​ថ្ងៃសុក្រនេះ ។ ​

ការបាញ់ប្រហារនេះ ​បានកើតឡើង​នៅក្នុងឃុំទួលព្រេជ​ ស្រុកអង្គស្នួល ​ជាតំបន់​ដែល​មានទីតាំង​ និងមូលដ្ឋាន​ទ័ពជាច្រើន​ និងជាតំបន់​ដែលមានការ​អភិវឌ្ឍន៍ខ្លាំង ​នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ។​ អ្នកភូមិ​ បានឱ្យ​ដឹងថា​ ទាហាន​ទាំងនោះគឺ​មក​ពី​សាលាហ្វឹកហ្វឺន​ទាហានត្មាតព​ង ដែលនៅជិតនោះ ។​ វីដេអូ​នៃហេតុការណ៍នេះ​ បង្ហាញថា​ មានគ្រឿងចក្រ​មួយកំពុង​ជីកកាយដី ​ខណៈដែល​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ព្យាយាម​បញ្ឈប់​សកម្មភាពនោះ ​ក៏ដូចជា​បិទផ្លូវជាតិ​លេខ ៥១ ។​ កម្លាំងទាហាន​ដែលស្លៀកពាក់​ឯកសណ្ឋាន ​ត្រូវបានមើលឃើញថា​ បានចាប់ផ្ដើម​ប្រើប្រាស់​ហិង្សា​លើប្រជាពលរដ្ឋមុន​ និងបានបាញ់​កាំភ្លើង​ជាច្រើនគ្រាប់​ ដោយប្រើប្រាស់​កាំភ្លើងខ្លី​ និងកាំភ្លើងបាញ់រះ​ទៅលើអាកាស ​និងទៅលើ​ក្រុមប្រជាពលរដ្ឋ​ ដែលបណ្ដាល​ឱ្យត្រូវ​ចំស្មាបុរសម្នាក់ ​។ ​

វិវាទដីធ្លីនេះ​ ពាក់ព័ន្ធនឹ​ងទំហំដីជាង ​១៥០ ហិកតា​ ដែលប្រជាពលរដ្ឋ​ជាង ៣០០ គ្រួសារ​ ក្នុងភូមិយ៉ាងតិច​ ៧ បាន​ធ្វើការ​ដាំដុះជាច្រើនឆ្នាំ​មកហើយ ។​ ទិន្នន័យ​ផ្កាយរណប​ បង្ហាញថា​ ដីធ្លីជុំវិញ​តំបន់នៃ​ការបាញ់ប្រហារ​ ត្រូវបាន​ធ្វើការ​ដាំដុះ​ជាបន្តបន្ទាប់ ​យ៉ាងហោចណាស់​ ចាប់តាំងពី​ឆ្នាំ២០០៨ ​មកម្ល៉េះ​ ដែលជា​រូបភាព​ផ្កាយរណបថ្មី​ជាងគេ ​នៅលើផែនទី​ហ្គូហ្គល​ (Google Earth) ។​ ផែនទី​ដែលផលិត​ដោយរាជរដ្ឋាភិបាល​ ចេញផ្សាយ​ចាប់តាំង​ពីឆ្នាំ២០០១​ ក៏បានកំណត់​តំបន់នេះ​ជាដីស្រែចម្ការ ផងដែរ ។​ កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ អាជ្ញាធរខេត្ត​កណ្ដាល​ បានចេញលិខិតមួយ​ រៀបរាប់ថា​ ដីធ្លីទាំងនេះ​ ជាកម្មសិទ្ធិ​របស់រដ្ឋ ​ទោះបីជា​ប្រជាពលរដ្ឋ​មួយចំនួន ​បានអះអាងថា ​ពួកគាត់​បានធ្វើការ​ដាំដុះលើដីនោះ​ តាំងពីឆ្នាំ​១៩៧៩​ មកម៉្លេះ ។ ​

នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ មានការបាញ់ប្រហារ​ដោយគ្រាប់កាំភ្លើង​ជាច្រើន​​ទៅលើ​អ្នកតវ៉ាដីធ្លី​ ពីសំណាក់​កងកម្លាំងចម្រុះ ​ក្នុងនោះ​មានកម្លាំង​ទាហាន​ ផងដែរ​ ។ ​កាលពីខែមករា​ ឆ្នាំ២០១៩​ បុរសម្នាក់​ ត្រូវបានបាញ់​ដោយគ្រាប់កាំភ្លើង ​នៅក្នុង​ខេត្តព្រះសីហនុ​ ដែលបណ្ដាល​ឱ្យគាត់ ​ក្លាយជាជនពិការ​មិនអាច​សូម្បីតែ​ធ្វើចលនា ​បន្ទាប់ពី​កម្លាំងចម្រុះ​បានប្រើប្រាស់​ហិង្សា​ទៅលើអ្នកតវ៉ា ​និងបាន​បាញ់ប្រហារ​ដោយគ្រាប់កាំភ្លើង​ អំឡុងពេល​អនុវត្ត​ដីការរបស់តុលាការកំពូល​ ជុំវិញវិវាទដីធ្លីមួយ​ នៅក្នុងខេត្តនេះ ។​ កាលពីខែមីនា​ ឆ្នាំ២០១៨ ​មនុស្សចំនួនបីនាក់​ បានត្រូវ​គ្រាប់កាំភ្លើង​នៅក្នុងខេត្តក្រចេះ​ ផងដែរ​ បន្ទាប់ពីកម្លាំងចម្រុះ​ បានបាញ់ប្រហារ​ដោយគ្រាប់​កាំភ្លើង​ទៅលើប្រជាពលរដ្ឋ​ប្រមាណជា​ ៣០០នាក់ ​ដែលកំពុងតវ៉ា​ប្រឆាំង​នឹងការបណ្ដេញ​ដោយហិង្សា ៕ ​

Posted by បង ឈួន on Wednesday, June 2, 2021

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា