អត្ថបទ

សកម្មជន​បរិស្ថាន​៤នាក់ ត្រូវបាន​​ចោទប្រកាន់​​ក្នុងការ​ធ្វើ​ទុក្ខ​បុកម្នេញ​ចុងក្រោយ​នេះ

ចេញផ្សាយ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២១
F T M
សមាជិក​គ្រួសារ​របស់​​សកម្មជន​មាតាធម្មជាតិ​លើកដៃ​ទៅកាន់​ពួកគេ​ នៅខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃសៅរ៍ ។​

នាថ្ងៃអាទិត្យនេះ សមាជិក​ចំនួន៤នាក់នៃក្រុម​ចលនា​មាតាធម្មជាតិ​​ រួមមានកញ្ញា ​ស៊ុន រដ្ឋា​ លោក ​លី ចាន់ដារ៉ាវុត​ លោក​ យីម​ លាងហ៊ី​ និងលោក Alejandro Gonzalez-Davidson ត្រូវបាន​ចោទ​ប្រកាន់ពី​ “បទរួមគំនិតក្បត់ ​និង​បទប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ”​ តាម​បញ្ញត្តិ​មាត្រា​ ៤៣៧ (ស្ទួន)​ និង​មាត្រា ​៤៥៣​ នៃក្រមព្រហ្មទណ្ឌ ដែល​មាន​ទោស​អតិបរមានីមួយៗរហូត​ដល់ ៥ឆ្នាំ និង១០ឆ្នាំ​ ​យោងតាម​​សារព័ត៌មាន​ក្នុងស្រុក​មួយ​ ។

កញ្ញា ​រដ្ឋា​ និង​លោក ​ចាន់ដារ៉ាវុត​ ត្រូវបាន​ចាប់ខ្លួន​រួមគ្នា​ជាមួយ​សកម្មជន​ម្នាក់ទៀត​គឺ ​លោក សិដ្ឋ ​ឈីវលីម៉េង​ នៅ​រាជធានី​ភ្នំពេញ ។​ អ្នកទាំង៣​ ត្រូវបាន​ចាប់ខ្លួន​ នាព្រឹក​ថ្ងៃពុធ​ ដែល​តាមមើល​ទៅ​អាច​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ពួកគេ ​ក្នុងការ​ចងក្រង​ឯកសារ​លើការ​បង្ហូរ​ទឹកស្អុយ​ចូលទៅ​ក្នុង​បឹងទន្លេសាប​ នៅក្នុង​ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ ។​ ក្រោយមក​ លោក ​ឈីវលីម៉េង​ ត្រូវបាន​ដោះលែង​ពីការឃុំឃាំងវិញ​ បន្ទាប់ពី​ត្រូវបាន​ឃាត់ខ្លួន​រយៈពេល​ ២៤ម៉ោង ​នៅនាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃក្រសួង​មហាផ្ទៃ ​ខណៈដែល​កញ្ញា ​រដ្ឋា ​និងលោក​ ចាន់ដារ៉ាវុត​ កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​នៅឡើយ ។​

ដូចគ្នា​ផងដែរ​ កាលពីថ្ងៃពុធ​ នគរបាល​ស្រុកកោះធំ ​ខេត្តកណ្ដាល ​បានកោះហៅ ​លោក ​យីម ​លាងហ៊ី​ សកម្មជន​បរិស្ថាន​ ដើម្បី​ធ្វើការ​សាកសួរ​ ហើយ​លោកត្រូវបាន​ចាប់ខ្លួន​ បន្ទាប់ពី​មកដល់​ប៉ុស្ដិ៍​នគរបាល​ ។ ​ក្រោយមក​ លោក​ត្រូវបាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ ​និង​បញ្ជូន​ទៅតុលាការ​ ជាមួយ​កញ្ញា ​រដ្ឋា ​និងលោក​ ចាន់ដារ៉ាវុត ។​ លោក ​លាងហ៊ី ​កញ្ញា រដ្ឋា​ និង​លោក ​ចាន់ដារ៉ាវុត​ ប្រឈម​នឹងការ​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចន្លោះពី​ ១ឆ្នាំ ​ទៅ ៥ឆ្នាំ ​សម្រាប់​បទប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ ​ក៏ដូចជា​ការពិន័យ​ជាប្រាក់ចន្លោះពី ​២លាន ​ទៅ ​១០លានរៀល ​(ប្រមាណ​ចន្លោះពី ​៥០០ដុល្លារ ​ទៅ ​២៥០០ដុល្លារ)​ ហើយ​ពួកគេ​ក៏ប្រឈម​នឹងការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចន្លោះពី ​៥ឆ្នាំ ​ទៅ ១០ឆ្នាំ ​ផងដែរ​ សម្រាប់​បទរួមគំនិតក្បត់ ។​ ជនជាតិ​អេស្ប៉ាញ​ឈ្មោះ ​Alejandro Gonzalez-Davidson​ ក៏ត្រូវបាន​ចោទប្រកាន់​ពីបទចោទ​ដូចគ្នា​ ដែលលោក​ត្រូវបាន​បណ្ដេញចេញ​ពីប្រទេសកម្ពុជា ​កាលពី​ឆ្នាំ២០១៥​ ពាក់ព័ន្ធ​នឹងសកម្មភាព​របស់លោក​ ក្នុងនាម​ជាសហស្ថាបនិក​នៃចលនា​បរិស្ថាន​ មាតាធម្មជាតិកម្ពុជា ។ ​

សកម្មជន​មាតា​ធម្មជាតិ​កញ្ញា ស៊ុន​ រដ្ឋា​ លើកដៃ​ទៅកាន់​ក្រុម​គ្រួសារ​ ខណៈដែល​កញ្ញា​​កំពុង​ត្រូវបាន​បញ្ជូន​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសៅរ៍​ ។ ​

លោក ​លាង ហ៊ី​ អាយុ ៣២ ឆ្នាំ​​ ជានិស្សិត​កំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅវិទ្យាស្ថាន​ភាសាបរទេស​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ​តាមរយៈ​កម្មវិធី​អាហារូបករណ៍ ។​ កញ្ញា ​រដ្ឋា​ អាយុ ​២៦ ឆ្នាំ​​ ជាគណនេយ្យករ​ ដែល​ទើបបញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​កម្ពុជា ​ដែល​កញ្ញា​បានសិក្សា​តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផងដែរ ។​ លោក​ ចាន់ដារ៉ាវុត អាយុ​ ២២ ឆ្នាំ ​ជានិស្សិតឆ្នាំទី៤ ​ជំនាញ​នីតិសាស្រ្ត ​នៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ។​

កាលពី​ខែមុន​ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ​៣នាក់​ ផ្សេងទៀត ​ដែលកំពុង​ជាប់​ឃុំ​ឃាំង​និង​ដែល​ជាប់​ពាក់ព័ន្ធនឹង​ចលនា​មាតា​ធម្មជាតិ​ ឱ្យជាប់​ពន្ធនាគារ​ចន្លោះពី ១៨ខែ​ ទៅ ២០ខែ​ ដោយសារ​ការរៀបចំ​ដើរតវ៉ា​បែបអហិង្សា​ដោយស្ត្រីម្នាក់​ ដើម្បី​បង្ហាញពី​កង្វល់​នៃការ​លុបបឹង​តាមោក ​នៅក្នុងរា​ជធានី​ភ្នំពេញ ។ ​សកម្មជនមាតាធម្មជាតិ​​២នាក់​ផ្សេងទៀត ​គឺលោក ​Alejandro Gonzalez-Davidson​ និង​កញ្ញា ​ជា គន្ធីន ​ក៏ត្រូវបាន​កាត់ទោស​ដោយ​កំបាំងមុខ នៅពេលនោះផងដែរ ៕​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា