អត្ថបទ

ប្រវត្តិ​សង្ខេប​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ ​១​០​ ​រូប​

ចេញផ្សាយ ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២២
F T M

​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ ​១​០​ ​រូប​ ​ដែល​មាន​ប្រវត្តិរូបសង្ខេប​ដូច​ខាងក្រោម​នេះ​ ​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​។​ ​សមាជិក​សហជីព​ទាំងនេះ​ ​ជា​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន​ ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​ជា​ក្រុមហ៊ុន​កា​ស៊ី​ណូ​រក​ប្រាក់ចំណេញ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​។​ ​ក្រុមហ៊ុន​នេះ​ ​មាន​ម្ចាស់​ជា​ជនជាតិ​ ​ម៉ាឡេស៊ី​ ​និង​មាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ផ្តាច់មុខ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​

អ្នក​ទាំង​ ​១​០ ​រូប​ ​ដែល​រួម​មាន​ទាំង​បុរស​ ​និង​ស្រ្តី ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (​ម​១​) ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ម​២​) ​និង​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (ប៉េ​ស៊ី​) ​។​ ​សូម​អាន​ប្រវត្តិ​របស់​អ្នក​ទាំង​ ​១​០ ​រូប​ ​ខាងក្រោម​នេះ​ ​៖​

ឈឹម ស៊ីថរ​ (ឆ្វេង)​ ម្ដាយ ​(កណ្ដាល)​ ប្អូនស្រី ​(ស្ដាំ)​

​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​

​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​មាន​អាយុ​ ​៣​៤​ឆ្នាំ​ ​។​ ​នាង​មកពី​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ច្រើន​ ​។​ ​នាង​ជា​កូន​ទីពីរ​ ​ក្នុងចំណោម​បងប្អូន​ ​៦​ ​នាក់​ ​រួម​មាន​បង​ប្អូនប្រុស​ ​បួន​នាក់​ ​និង​បង​ប្អូនស្រី​ម្នាក់​ ​។​ ​មុន​ពេល​នាង​ត្រូវ​បាន​គេ​ចាប់ខ្លួន​ ​នាង​ក៏​ជា​អ្នក​ដែល​ជួយ​ផ្គត់ផ្គង់​ជីវភាព​ដល់​ពូ​របស់​នាង​ ​អាយុ​ ​៥​៧​ឆ្នាំ​ ​ដែល​កំពុង​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​ ​ម្តាយ​ចាស់ជរា​ ​អាយុ​ ​៦​៥​ ​ឆ្នាំ​ ​និង​ប្អូនប្រុស​អាយុ​ ​៣​៣​ ​ឆ្នាំ​ ​។​ ​ស៊ី​ថ​រ​ ​បាន​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ព័ត៌មាន​វិទ្យា​ ​។​

​ស៊ី​ថ​រ​ ​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​តាំងពី​ឆ្នាំ​ ​២​០​០​៧​ ​និង​បាន​ក្លាយ​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​នៅ​ឆ្នាំ​ ​២​០​១​០​ ​។​ ​ក្នុង​ឆ្នាំ​ ​២​០​១​៣​ ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​ណា​ហា្គវើ​ល​ដ៍ ​ប្តឹង​ពី​ការ​ធ្វើ​កូដកម្ម​ខុសច្បាប់​ ​។​ ​ក្រុមហ៊ុន​បាន​ដាក់ពាក្យបណ្តឹង​ ​និង​ទារ​សំណង​ចំនួន​មួយលាន​ដុល្លារ​ពី​នាង​ ​ប៉ុន្តែ​ពាក្យបណ្តឹង​នោះ​នៅ​បន្ត​ទុកចោល​រហូតដល់​ពេលនេះ​ ​។​ ​ក្នុង​ឆ្នាំ​ដដែល​ ​ស៊ី​ថ​រ​ ​ក៏​ត្រូវ​គេ​ចាប់​ខ្លូ​ន​ ​និង​សួរនាំ​ពី​ការ​ចូល​ជា​សហជីព​របស់​នាង​ ​។​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​១​៩​ ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ផ្អាក​ការងារ​ដោយមាន​ប្រាក់ខែ​ ​ខណៈ​ពេល​នាង​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ខែ​សមរម្យ​ដល់​កម្មករ​រាប់ពាន់​នាក់​ ​។​ ​ក្រោយមក​នាង​ត្រូវ​បាន​ក្រុមហ៊ុន​ឱ្យ​ចូល​ធ្វើការ​វិញ​ ​ក្រោយពេល​ដែល​មាន​កូដកម្ម​ពី​កម្មករ​ទាំងនោះ​ ​។​ ​ជាចុងក្រោយ​ ​នាង​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​រួម​ជាមួយ​ថា្នក់​ដឹកនាំ​សហជីព​ទាំងអស់​ ​។​

​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចោទប្រកាន់​ ​នៅ​ថ្ងៃ​ទី​ ​៣​ ​ខែ​មករា​ ​២​០​២​២​ ​និង​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​នៅ​ថ្ងៃ​បន្ទាប់​ ​នៅពេលដែល​នាង​ព្យាយាម​ទៅ​ចូលរួម​ជាមួយនឹង​សមាជិក​សហជីព​របស់​នាង​ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​។​

ឈឹម សុខន (ស្ដាំ)​ ប្អូនស្រី (ស្ដាំ)

​អ្នកស្រី​ ​ឈឹម​ ​សុខន

​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​មាន​អាយុ​ ​៤​០​ ​ឆ្នាំ​ ​។​ ​អ្នកស្រី​ជួយ​ផ្គត់ផ្គង់​ជីវភាព​ដល់​ឪពុក​ដែល​ចាស់ជរា​ ​អាយុ​ ​៦​៦​ ​ឆ្នាំ​ ​ហើយ​កំពុង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ ​និង​ម្តាយ​ ​អាយុ​ ​៦​៨​ ​ឆ្នាំ​ ​ដែល​ជា​សន្តិសុខ​ឯកជន​នៅ​ខេត្ត​សៀមរាប​ ​។​ ​អ្នកស្រី​បាន​ចំណាយ​ពេល​ ​១​៩​ ​ឆ្នាំ​ ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​និង​បាន​ជួយ​រៀបចំ​កិច្ចការ​ងារ​នៅ​ក្នុង​សហជីព​ ​។​ ​អ្នកស្រី​មាន​តួ​នាទី​ការងារ​ជា​លេខា​របស់​សហជីព​ ​។​ ​អ្នកស្រី​ចង់​ការពារ​រាល់​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​អ្នកស្រី​ ​សុខន​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​២​០​២​១​ ​នៅ​ការិយាល័យ​សហជីព​ ​។​ ​ខណៈ​ដែល​អ្នកស្រី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​អ្នកស្រី​ពិតជា​នឹកនា​ជា​ខ្លាំង​ដល់​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​និង​ការងារ​របស់​អ្នកស្រី​ ​។​

ឃ្លាំង សុបិន្ត និងស្វាមី

អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត

​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​មាន​អាយុ​ ​៤​១​ ​ឆ្នាំ​ ​។​ ​អ្នកស្រី​ ​ទើប​តែ​បាន​រៀបការ​ថ្មីៗ​នេះ​ ​កាលពី​ខែ​ ​មករា​ ​ឆ្នាំ​២​០​២​១​ ​ប៉ុន្តែ​ឆ្នាំនេះ​ដែល​ជា​ខួប​អាពាហ៍ពិពាហ៍​ ​១​ឆ្នាំ​របស់​អ្នកស្រី​ ​អ្នកស្រី​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ទៅវិញ​ ​។​ ​អ្នកស្រី​ ​ទទួលបន្ទុក​ចិញ្ចឹម​ ​សមាជិក​ក្នុង​គ្រួសារ​បី​នាក់​ ​រួម​មាន​ម្តាយ​ ​ស្វាមី​ ​និង​ប្អូនប្រុស​ម្នាក់​របស់​អ្នកស្រី​ ​។​ ​អ្នកស្រី​សុបិន្ត​បាន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​តាំងពី​ឆ្នាំ​ ​២​០​០​៣​ ​និង​បាន​ចូលរួម​ជាមួយ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ពេល​ដែល​គាត់​ចាប់ផ្តើម​ធ្វើការងារ​ដំបូង​ក្នុង​កា​ស៊ី​ណូ​មក​ម្ល៉េះ​ ​។​ ​បច្ចុប្បន្ន​អ្នកស្រី​ជា​តំណាង​កម្មករ​ម្នាក់​នៅ​ក្នុង​សហជីព​នេះ​ ​។​ ​អ្នកស្រី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នៅ​ការិយាល័យ​សហជីព​ ​។​ ​អ្នកស្រី​សុបិន្ត​នឹក​ក្រុម​គ្រួសារ​ ​និង​មិត្តភក្តិ​អ្នកស្រី​យ៉ាង​ខ្លាំង​ ​។​

ស៊ុន ស្រីពេជ្រ និងម្ដាយ

​អ្នកនាង​ ​ស៊ុន​ ​ស្រី​ពេជ្រ

​អ្នកនាង​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​មាន​អាយុ​ ​៣​១​ឆ្នាំ​ ​។​ ​អ្នកនាង​ជា​ម្តាយ​ទោល​ដែល​ត្រូវ​ចិញ្ចឹម​កូនប្រុស​អាយុ​ ​១​១​ឆ្នាំ​ម្នាក់​ ​កំពុង​រៀន​នៅ​ថ្នាក់​ទី​ ​៦​ ​និង​ម្តាយ​ចាស់ជរា​ម្នាក់​ ​អាយុ​ ​៦​៦​ឆ្នាំ​ ​ដែល​កំពុង​ជួយ​មើល​ថែ​កូនប្រុស​របស់​អ្នកនាង​ ​។​ ​អ្នកនាង​បាន​លែងលះ​ជាមួយ​អតីត​ស្វាមី​ ​និង​ទើប​តែ​ភ្ជាប់​ពាក្យ​ថ្មី​ម្តងទៀត​ ​។​ ​អ្នកនាង​ស្រី​ពេជ្រ​ ​ជា​តំណាង​កម្មករ​ម្នាក់​នៅ​ក្នុង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នៅ​ការិយាល័យ​សហជីព​ ​។​

ហៃ សុភាព និងម្ដាយ

អ្នកស្រី​ ​ហៃ​ ​សុភាព

អ្នកស្រី​ ​ហៃ​ ​សុភាព​ ​មាន​អាយុ​ ​៣​៥​ ​ឆ្នាំ​ ​។​ ​អ្នកស្រី​ជា​ម្តាយ​ ​និង​ជា​ស្រ្តី​មេម៉ាយ​ដែល​កំពុង​ចិញ្ចឹម​សមាជិក​ក្នុង​គ្រួសារ​បី​នាក់​រួម​មាន​ ​ម្តាយ​អាយុ​ ​៦​៨​ ​ឆ្នាំ​ ​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​ ​កូនស្រី​អាយុ​ ​១​១​ ​ឆ្នាំ​ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី​ ​៧​ ​និង​ប្អូនប្រុស​ ​អាយុ​ ​២​១​ ​ឆ្នាំ​ដែល​ជា​និស្សិត​ឆ្នាំ​ទី​ ​៣​ ​នៅ​សាកលវិទ្យាល័យ​ ​។​ ​អ្នកស្រី​ ​សុភាព​ ​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​តាំងពី​ឆ្នាំ​ ​២​០​០​៦​មក​ម្ល៉េះ​ ​។​ ​បន្ទាប់ពី​ធ្វើការ​បាន​មួយ​ឆ្នាំ​ ​គាត់​ក៏​បាន​ចូល​រួម​ក្នុង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​នូវ​ភាព​អយុត្តិធម៌​ ​ដែល​អ្នកស្រី​បានឃើញ​នៅកន្លែង​ការងារ​ ​ហើយ​បច្ចុប្បន្ន​អ្នកស្រី​ជា​តំណាង​កម្មករ​ម្នាក់​ ​។​

​អ្នកស្រី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នៅ​ការិយាល័យ​សហជីព​ ​ខណៈ​ដែល​អ្នកស្រី​នៅ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​នៅឡើយ​ ​។​ ​ទោះបីជា​យ៉ាងណា​ ​អ្នកស្រី​សុភាព​បាន​ចូលរួម​ធ្វើ​កូដកម្ម​អហិង្សា​ដើម្បី​ស្វែងរក​យុត្តិធម៌​ ​សម្រាប់​បុគ្គលិក​ទំា​ង​នោះ​ ​។​ ​អំឡុង​ពេល​ដែល​អ្នកស្រី​ជាប់ឃុំឃាំង​ ​អ្នកស្រី​ដេរ​កាបូប​ជាច្រើន​ ​។​ ​អ្នកស្រី​នឹកដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ខ្លាំង​ណាស់​ ​។​

រី សុវណ្ណឌី និងម្ដាយ

អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី

អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​មាន​អាយុ​ ​៤​០​ ​ឆ្នាំ​ ​។​ ​អ្នកស្រី​រស់នៅ​ជាមួយ​ស្វាមី​ដែល​ជា​អ្នក​បើក​រ៉ឺម៉កម៉ូតូ​កង់​បី​(​តុ​ក​ ​តុ​ក​) ​។​ ​អ្នកស្រី​ជាអ្នក​រក​ប្រាក់ចំណូល​ធំ​ជាងគេបង្អស់​ ​ក្នុង​ការ​ជួយ​ផ្គង់​ផ្គង់​ក្នុង​គ្រួសារ​​​ដែល​មាន​ ​ម្តាយ​ចាស់ជរា​អាយុ​ ​៦​០​ឆ្នាំ​ ​និង​ឪពុក​អាយុ​ ​៦​៥​ ​ឆ្នាំ​ ​ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​កណ្តាល​ ​ក្បែរ​រាជធានី​ភ្នំពេញ​ ​។​ ​អ្នកស្រី​ ​សុវណ្ណ​ឌី​ ​គឺជា​បងស្រី​គេ​បង្អស់​ ​ក្នុងចំណោម​កូន​បួន​នាក់​ ​។​ ​អ្នកស្រី​មាន​ប្អូនប្រុស​ពីរ​នាក់​ ​ជា​អ្នក​លក់​បន្លែ​ ​និង​ប្អូនស្រី​ម្នាក់​ ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ ​។​ ​អ្នកស្រី​ ​ជា​តំណាង​កម្មករ​ក្នុង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នៅ​ការិយាល័យ​សហជីព​ ​។​

ទូច សេរីមាស (ស្ដាំ) និងដៃគូ (ឆ្វេង)

អ្នកនាង​ ​ទូច​ ​សេរី​មាស

អ្នកនាង​ ​ទូច​ ​សេរី​មាស​ ​មាន​អាយុ​ ​២​៩​ ​ឆ្នាំ​ ​។​ ​អ្នកនាង​ ​មានគ្រួសារ​តូច​មួយ​ ​ដែល​រួម​មានដៃ​គូ​ជីវិត​របស់​អ្នកនាង​ ​បងប្រុស​ ​និង​បងស្រី​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​កា​ស៊ី​ណូ​មួយ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​។​ ​អ្នកនាង​ ​គឺជា​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​នៅពេលដែល​អ្នកនាង​កំពុងតែ​ចាកចេញ​ពី​កន្លែង​ធ្វើ​កូដកម្ម​អហិង្សា​នៅមុខ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​គិត​ត្រឹម​ពេល​ចាប់ខ្លួន​ ​អ្នកនាង​ ​សេរី​មាស​ ​នៅ​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​នៅឡើយ​ ​ហើយ​អ្នកនាង​បាន​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយនឹង​មិត្តភក្តិ​ ​និង​បុគ្គលិក​រួមការ​ងារ​របស់​អ្នកនាង​ ​។​

ជួប ចាន់ណាត និងឪពុក

លោក​ ​ជួប​ ​ចាន់ណា​ត

លោក​ ​ជួប​ ​ចាន់ណា​ត​ ​មាន​អាយុ​ ​៤​៤​ ​ឆ្នាំ​ ​។​ ​លោក​បាន​ភ្ជាប់​ពាក្យ​ ​និង​មាន​ឪពុក​ដែល​មាន​វ័យ​ជរា​ ​អាយុ​ ​៩​៦​ ​ឆ្នាំ​ ​បង​ប្អូនស្រី​ ​២​នាក់​ ​និង​បង​ប្អូនប្រុស​ ​៧​នាក់​ ​។​ ​គូ​ដណ្តឹង​របស់​លោក​នៅ​បន្ត​ធ្វើការងារ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ហើយ​អ្នក​ទាំងពីរ​ធ្លាប់​រស់នៅ​ជាមួយគ្នា​នៅ​រាជធានី​ភ្នំពេញ​ ​។​ ​លោក​ចាន់ណា​ត​ ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​អំឡុង​ពេល​ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ទ្រង់ទ្រាយ​ធំ​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​និង​បន្ទាប់ពី​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​នេះ​រយៈពេល​ជិត​១​០​ឆ្នាំ​ ​។​ ​លោក​សង្ស័យ​ថា​ ​លោក​ត្រូវ​បាន​គេ​បញ្ឈប់​ដោយសារតែ​ភាព​សកម្ម​របស់​លោក​ក្នុងនាម​ជា​សមាជិក​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​លោក​ជា​សមាជិក​របស់​សហជីព​ ​និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​០​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​លោក​កំពុង​ធ្វើដំណើរ​តាម​រ៉ឺម៉កម៉ូតូ​កង់​បី​ចាកចេញ​ពី​កន្លែង​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​-​១​៩​មួួ​យ​ ​។​ ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ​អាជ្ញាធរ​បាន​ចាប់​បង្ខំ​ឱ្យ​កូដករ​ជា​សមាជិក​សហជីព​ចូលក្នុង​ឡាន​ក្រុង​ដឹក​ទៅ​មណ្ឌល​ធ្វើ​តេ​ស្ត​ ​ដើម្បី​ធ្វើ​តេ​ស្ត​យក​សំណាក​រក​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​លោក​ចាន់ណា​ត​ ​បាន​គោរព​តាម​ ​និង​ធ្វើ​តេ​ស្ត​ឃើញ​អវិជ្ជមាន​ ​មុន​ពេល​ដែល​លោក​ត្រូវ​បាន​ចាប់ខ្លួន​ ​។​

សេង វណ្ណារិទ្ធ និងភរិយា

លោក​ ​សេង​ ​វណ្ណា​រិទ្ធ

លោក​ ​សេង​ ​វណ្ណា​រិទ្ធ​ ​មាន​អាយុ​ ​៤​៥​ ​ឆ្នាំ​ ​។​ ​លោក​បាន​រៀបអាពាហ៍ពិពាហ៍​ដោយមាន​កូន​ពីរ​នាក់​ ​ដែល​កូនប្រុស​អាយុ​ ​១​៣​ឆ្នាំ​ ​កំពុង​រៀន​នៅ​ថ្នាក់​ទី​ ​៧​ ​និង​កូនស្រី​អាយុ​ ​១​០​ ​ឆ្នាំ​ ​កំពុង​រៀន​នៅ​ថ្នាក់​ទី​ ​៤​ ​។​ ​លោក​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​តាំងពី​ឆ្នាំ​ ​១​៩​៩​៧​ ​និង​បាន​ចំណាយ​ពេល​ ​២​៥​ឆ្នាំ​ ​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​នេះ​រហូតដល់​លោក​​​មាន​តួនាទី​ជា​ជំនួយ​ការ​អ្នកគ្រប់គ្រង​ ​មុន​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​លោក​វណ្ណា​រិទ្ធ​ ​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​និង​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​០​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ពេល​ដែល​លោក​ធ្វើដំណើរ​តាម​រ៉ឺម៉កម៉ូតូ​កង់​បី​ដែល​កំពុងតែ​ចាកចេញ​ពី​កន្លែង​ធ្វើ​តេ​ស្ត​រក​កូ​វី​ដ​-​១​៩​មួយ​ ​។​ ​ភរិយា​របស់​លោក​ ​ក៏​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ផង​ដែរ​ ​ហើយ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ដូចគ្នា​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អំឡុង​ពេល​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ដោយ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​

​ដោយសារ​អ្នក​ទាំងពីរ​មិន​ទទួល​បាន​ហេតុផល​សមស្រប​នៃ​ការបញ្ឈប់​ពី​ការងារ​ ​អ្នក​ទាំងពីរ​មាន​ការសង្ស័យ​ថា​ឈ្មោះ​របស់​ពួកគេ​ ​ត្រូវ​បាន​កាត់ចេញ​ ​ដោយសារតែ​ភាព​សកម្ម​របស់​អ្នក​ទាំងពីរ​នៅ​ក្នុង​សហជីព​ ​និង​ដោយសារតែ​ឥទ្ធិពល​របស់​លោក​វណ្ណា​រិទ្ធ​ដែល​ជា​ជំនួយ​ការ​អ្នកគ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​ទាំង​លោក​ ​វណ្ណា​រិទ្ធិ​ ​និង​ភរិយា​ ​បាន​ចូលរួម​ធ្វើ​កូដកម្ម​អហិង្សា​របស់​សហជីព​នៅ​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​និង​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​ជិត​២​ខែ​ ​រហូតដល់​អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​ភរិយា​របស់​វណ្ណា​រិទ្ធិ​ ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​។​

សៅ សម្បត្តិ និងភរិយា

លោក​ ​សៅ​ ​សម្បត្តិ​

លោក​ ​សៅ​ ​សម្បត្តិ​ ​មាន​អាយុ​ ​៣​១​ ​ឆ្នាំ​ ​។​ ​លោក​​​មានគ្រួសារ​មួយ​ ​និង​មាន​កូនស្រី​ពីរ​នាក់​ ​ដែល​ម្នាក់​អាយុ​ ​២​ ​ឆ្នាំ​ ​និង​ម្នាក់ទៀត​អាយុ​ ​៤​ ​ឆ្នាំ​ ​។​ ​ភរិយា​របស់​លោក​សម្បត្តិ​ ​ក៏​ធ្លាប់​បាន​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ដែរ​ ​និង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដូចគ្នា​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អំឡុង​ពេល​ដែល​មាន​ការបញ្ឈប់​បុគ្គលិក​យ៉ាង​ច្រើន​ដោយ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​គូ​ស្វាមីភរិយា​នេះ​ ​ក៏​មិន​ទទួល​បាន​ ​ហេតុផល​សមស្រប​ណាមួយ​ទាក់ទង​នឹង​ការបញ្ឈប់​ពី​ការងារ​នេះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មាន​ការសង្ស័យ​ថា​ ​ដោយសារតែ​ពួកគេ​ជា​សមាជិក​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​ ​ដោយ​ឱកាស​ការងារ​ក្នុង​រាជធានី​មាន​តិច​ ​ភរិយា​របស់​លោក​ក៏បាន​ផ្លាស់​ទៅ​ខេត្ត​ព្រះ​សី​ហ​នុ​ដែល​ជា​កន្លែងធ្វើការ​ងារ​បច្ចុប្បន្ន​របស់​អ្នកស្រី​ដើម្បី​ផ្គត់ផ្គង់​ដល់​កូនស្រី​និង​គ្រួសារ​ ​ខណៈ​ដែល​ម្តាយ​របស់​លោក​សម្បត្តិ​នៅ​មើល​ថែ​កូន​ៗ​របស់​អ្នក​ទាំងពីរ​ ​។​ ​លោក​សម្បត្តិ​ ​ជា​សមាជិក​នៃ​សហជីព​ ​និង​បាន​ចូលរួម​ក្នុង​សហជីព​នេះ​អស់​ពេល​ ​១​០​ឆ្នាំ​មក​ហើយ​ ​។​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ​០​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​លោក​ធ្វើដំណើរ​តាម​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី​ចាកចេញ​ពី​កន្លែង​ធ្វើ​តេ​ស្ត​រក​កូ​វី​ដ​-​១​៩​មួយ​ ​។​

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍(​L​RSU) ​បាន​រៀបចំ​ ​និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្នុង​គោលបំណង​អំពាវនាវ​ឱ្យ​មានការ​យក​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​ ​៣​៦​៥​ ​នាក់​ ​ចូល​ធ្វើការ​វិញ​ ​ក៏ដូចជា​ទាមទារ​ប្រាក់បំណាច់​សមរម្យ​តាមច្បាប់​ការងារ​កម្ពុជា​សម្រាប់​សមាជិក​ផ្សេងទៀត​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បញ្ឈប់​ពី​ការងារ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ចាប់ពី​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​កូដករ​យ៉ាងតិច​ ​៣​៥​ ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​ “​បទ​ញុះញង់​” ​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ឬ​ “​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​” ​ក្រោម​ច្បាប់​កូ​វី​ដ​-​១​៩​ ​។​ ​កូដករ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ឬ​ក្រោយ​ពី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​នគរបាល​រួច​ ​។​ ​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ទាំង​១​០​ ​នាក់​ ​នៅ​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅឡើយ​ ​។

ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ចំនួន​ ​៧​ ​រូប​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​និង​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​៦​ខែ​ ​ដល់​ ​២​ ​ឆ្នាំ​ ​ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​។​ ស្រី្ត​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ ​៧​ ​នាក់​ ​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អ្នកនាង​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​និង​អ្នកនាង​ ​ទូច​ ​សេរី​មាស​ ​ដែល​កំពុង​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (​ម​២​) ​។​

កាលពី​ថ្ងៃ​ទី​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​សមាជិក​សហជីព​បី​រូប​ទៀត​ ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​តាម​មាត្រា​ ​១​១​ ​នៃ​ច្បាប់​កូ​វី​ដ​-​១​៩​ ​ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ ​។​ ​បទ​ចោទ​នេះ​ ​អាច​ធ្វើ​ឱ្យ​អ្នក​ទាំង​បី​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​៦​ខែ​ទៅ​ ​៣​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​១​០​ ​លាន​រៀល​ ​និង​អាចប​ន្ត​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​២​ ​ឆ្នាំ​ ​ទៅ​ ​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​កើន​ឡើង​ដល់​ ​២​០​ ​លាន​រៀល​ ​ប្រសិនបើ​រក​ឃើញ​ថា​បង្ក​ឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឬ​“​ប៉ះពាល់​ធ្ងន់ធ្ងរ​” ​ដល់​សុខភាព​សាធារណៈ​ ​។​ ​បច្ចុប្បន្ន​ ​អ្នក​ទាំង​បី​ដែល​មាន​ ​លោក​ ​ជួប​ ​ចាន់ណា​ត​ ​លោក​ ​សេង​ ​វណ្ណា​រិទ្ធ​ ​និង​លោក​សៅ​ ​ស​ម្បតិ្ត ​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (ប៉េ​ស៊ី​) ​។​ ​ក្នុង​ពន្ធ​នាគា​រ​ទាំងពីរ​នេះ​មាន​លក្ខណៈ​ចង្អៀត​ណែន​ខ្លាំង​ ​ហើយ​អ្នកទោស​ទាំងអស់​សិ្ថ​ត​ក្នុង​លក្ខខណ្ឌ​រស់នៅ​យ៉ាង​អាក្រក់​ ​។​ ​ឧទាហរណ៍​ ​បច្ចុប្បន្ន​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ ​កំពុង​ដាក់​អ្នកទោស​ដល់ទៅ​ ​១​៦​១​ % ​នៃ​សមត្ថភាព​ស្តង់​ដារ​ដែល​ពន្ធ​នាគា​រអា​ច​ដាក់​បាន​ ​។​ ​សិទ្ធិ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ការងារ​ ​និង​ច្បាប់​ស្តីពី​សហជីព​ ​។​ ​នគរបាល​បែរជា​ព្យាយាម​លើកឡើង​ថា​កូដករ​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំងនោះ​ ​ធ្វើ​កូដកម្ម​ដោយ​ខុសច្បាប់​ ​និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ហើយ​ថា​ការ​ចាប់​ខ្លូ​ន​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ចេញផ្សាយ​នូវ​ការព្រមាន​ជា​ច្រើនលើកច្រើនសា​រ​ដើម្បី​បញ្ឈប់​កូដកម្ម​នោះ​ ​៕​

(ទាញយកប្រវត្តិសង្ខេប​ទាំងនេះ​ជាឯកសារ​PDF)

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា