អត្ថបទ

ប្រជាពលរដ្ឋ​ជាង​ ​១​០​០​០​នាក់​ ​ប្រមូលផ្ដុំ​គ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣
F T M
សមាជិក​សហគមន៍​មកពី​ខេត្ត​កោះកុង​ ប្រមូល​ផ្ដុំគ្នា​នៅខាងក្រៅ​ខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី​ ក្នុង​រាជធានី​ភ្នំពេញ ​នៅថ្ងៃទី២៩​​ ខែមីនា​ ឆ្នាំ២០២៣ ។

​សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​០​នាក់​ ​មកពី​ខេត្ត​សៀមរាប​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​និងខេត្តព្រះវិហារ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជម្លោះ​ដីធ្លី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​ទោះបីជា​ករណី​ខ្លះ​មាន​ការរារាំង​ក្នុង​ការធ្វើដំណើរ​ ​និង​ការ​ជួបជុំគ្នា​ ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​ ​។​

​នៅ​ថ្ងៃ​ទី​២​៧​ ​និង​២​៨​ ​ខែ​មីនា​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​១​៥​០​នាក់​ ​មកពី​សហគមន៍​ចំនួន​៧​ ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ជួបជុំគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នកតំណាង​របស់​ពួកគេ​ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ ​១​ម៉ឺន​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អភិ​រក្ស​អង្គរ​ ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ ​អប់រំ​ ​វិទ្យា​សា​ស្រ្ត ​និង​វប្ប​ធ​ម៍ ​នៃ​សហប្រជាជាតិ​ ​ហៅ​កាត់​ថា​ “​អង្គការ​យូ​ណេស្កូ” ​ដែល​រួម​មាន​ប្រាសាទអង្គរវត្ត​ ​ជាដើម​ ​។​ ​ញត្តិ​របស់​ពួកគេ​មាន​រៀបរាប់​ពី​ ​ការ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចេញ​បទ​ប្បញ្ញត្តិ​អភិ​រក្ស​ឃ្លាំង​ទឹក​៧​៨​ ​ក៏ដូចជា​ផ្ដល់​សំណង​សមរម្យ​ចំពោះ​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ទីតាំង​នោះ​ ​។​ ​រាជរដ្ឋាភិបាល​ ​ធ្លាប់​បាន​លើកឡើង​ថា​ ​ការ​បណ្ដេញ​ចេញ​គឺ​ចាំបាច់​ ​ដើម្បី​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ ​។​

​សហគមន៍​ខេត្ត​សៀមរាប​ ​បាន​បន្ត​ដំណើរ​ទៅ​ការិយាល័យ​អង្គការ​យូ​ណេស្កូ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​តំណាង​សហគមន៍​ ​បាន​លើកឡើង​ថា​ ​ពួកគាត់​ទទួល​បានការ​ឆ្លើយតប​នៅ​ការិយាល័យ​អង្គការ​យូ​ណេស្កូ​ថា​ ​ពួកគាត់​មិន​អាច​ដាក់​ញត្តិ​នៅ​ទីនេះ​បានទេ​ ​ដោយសារ​អង្គការ​យូ​ណេស្កូ ​មិន​ធ្វើការ​លើ​បញ្ហា​ដីធ្លី​នោះ​ទេ​ ​។​ ​ការ​ជួបជុំគ្នា​ ​ត្រូវ​បាន​តាមដាន​ដោយ​នគរបាល​ ​កម្លាំង​សន្តិសុខ​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​ផង​ដែរ​ ​។​

​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ដាច់ដោយឡែក​មួយទៀត​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​នេះ​ ​ប្រជាពលរដ្ឋ​ច្រើនជាង​ ​១​០​០​០​នាក់​ ​មកពី​សហគមន៍​ចំនួន​៣​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​សហគមន៍​ចំនួន​៧​ក្នុង​ខេត្ត​កោះ​កុង​ ​ក៏ដូចជា​តំណាង​សហគមន៍​មកពី​ខេត្ត​ព្រះវិហារ​ ​បាន​ជួបជុំគ្នា​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក្រសួងមហាផ្ទៃ​ ​ខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ការិយាល័យ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​។​ ​សហគមន៍​នៅ​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្ត​កោះ​កុង​ទាំងនេះ​ ​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​នឹង​ឧកញ៉ា​ ​លី​ យ៉ុ​ង​ផាត់​ ​និង​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​។​ ​ញត្តិ​របស់​ពួកគេ​ ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ជនរងគ្រោះ​នៃ​ការរំលោភ​យក​ដីធ្លី​ ​ដោយ​ទាមទារ​មកវិញ​នូវ​ដីធ្លី​ ​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ទាំងពីរ​ ​។​ ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​និង​នគរបាល​ ​ប្រមាណ​ជា​ ​៤​០​នាក់​ ​ក៏បាន​បង្ហាញ​វត្តមាន​នៅ​ទីនោះ​ ​ផង​ដែរ​ ​។​

​ម្ដង​ហើយ​ម្ដងទៀត​ ​អាជ្ញាធរ​បាន​រារាំង​សមាជិក​សហគមន៍​ ​ខណៈ​ដែល​ពួកគេ​ព្យាយាម​ ​ធ្វើដំណើរ​ពី​សហគមន៍​របស់​ពួកគេ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្ត​កោះ​កុង​ ​ទៅ​រាជធានី​ភ្នំពេញ​ ​។​ ​នគរបាល​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​បាន​រារាំង​សហគមន៍​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​នៅ​ពេល​ចាប់ផ្ដើម​ធ្វើដំណើរ​ ​ដោយ​សមាជិក​សហគមន៍​មកពី​ភូមិ​ពាម​រស់​ ​ត្រូវ​បង្ខំចិត្ត​ដើរ​ដោយ​ថ្មើរជើង​ចម្ងាយ​ ​១​០​គីឡូម៉ែត្រ​ ​មុន​ពេល​ស្វែងរក​មធ្យោបាយ​ធ្វើដំណើរ​ផ្សេង​ ​។​ ​អាជ្ញាធរ​ ​ក៏បាន​រារាំង​រថយន្ត​ជាច្រើន​គ្រឿង​ ​ដែល​ដឹក​សមាជិក​សហគមន៍​រាប់​រយ​នាក់​ ​ពី​ខេត្ត​កោះ​កុង​ ​និង​ខេត្ត​កំពង់ស្ពឺ​ ​នៅតាមផ្លូវ​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ ​ដោយធ្វើ​ការ​ទាមទារ​ឈ្មោះ​ ​និង​ឯកសារ​អត្តសញ្ញាណកម្ម​របស់​ពួកគាត់​ ​ជាដើម​ ​។​ ​សមាជិក​សហគមន៍​ប្រមាណ​ ​៥​០​០​នាក់​ ​មកពី​ខេត្ត​កោះ​កុង​ ​បាន​ធ្វើដំណើរ​ថ្មើរជើង​យ៉ាង​ឆ្ងាយ​ ​នៅ​ព្រឹកព្រលឹម​ ​រហូត​ទាល់តែ​រថយន្ត​ធ្វើដំណើរ​របស់​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​វិញ​ ​៕​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា