អត្ថបទនេះពិភាក្សាអំពីហិង្សាក្នុងគ្រួសារ ។
អត្ថបទសំឡេងនេះ រៀបរាប់អំពីរឿងរ៉ាវពិតរបស់ស្ត្រីម្នាក់ ។ រឿងរ៉ាវរបស់នាង ត្រូវបានអានដោយបុគ្គលិកអង្គការ លីកាដូ ហើយឈ្មោះពិតរបស់នាងត្រូវបានផ្លាស់ប្តូរ ដើម្បីរក្សាការសំងាត់ ។ រឿងរ៉ាវរបស់នាង ត្រូវបានកែសម្រួល ដើម្បីឱ្យអត្ថបទងាយយល់ មានភាពច្បាស់លាស់នៃការប្រើពាក្យពេចន៍ និងការលុបព័ត៌មានមួយចំនួនដែលអាចឱ្យអ្នកដទៃស្គាល់អត្តសញ្ញាណជនរងគ្រោះ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ វិធីសាស្ត្រ ខាងក្រោម។
***
ការគាំទ្ររបស់រាជរដ្ឋាភិបាល ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងសំណុំរឿង អំពើហិង្សាក្នុងគ្រួសារ ដោយមិនមានការធានាពីមធ្យោបាយតាមផ្លូវតុលាការ និងសេវាកម្មគាំទ្រ គឺធ្វើឱ្យជីវិតស្តី្រនិងកុមារស្ថិតក្នុងហានិភ័យ ។ ទោះបីជាយ៉ាងនេះក្ដី បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតវិធីសាស្ត្រនេះបន្ថែមទៀត ក្នុងព្រះរាជក្រឹត្យថ្មីមួយ ។
ការផ្សះផ្សាគ្នា ដែលជាទម្រង់មួយនៃជាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយក្នុងនោះគូស្វាមីភរិយាត្រូវបានលើកទឹកចិត្តឱ្យបន្តរស់នៅជាមួយគ្នាទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺជាការឆ្លើយតបដំបូងចំពោះអំពើហិង្សាក្នុងគ្រួសារពីសំណាក់អាជ្ញាធរជាច្រើន ។ ទោះបីជាតុលាការមានឆន្ទានុសិទ្ធិ ឬអាជ្ញាធរមូលដ្ឋាន មានសិទ្ធិសម្របសម្រួលលើការលែងលះក៏ដោយ ក៏ការចាត់វិធានការលើជនល្មើស ការទទួលបានដីការក្សាការពារ ការសម្រេចចិត្តផ្នែករដ្ឋបាល និងសេវាកម្មផ្សេងទៀត គឺនៅមានភាពខ្វះចន្លោះ ។ ជាលទ្ធផល ស្ត្រីនិងកូនៗរបស់ពួកគេ ជាញឹកញាប់តែងប្រឈមនឹងហានិភ័យនៃអំពើហិង្សាបន្ថែមទៀត ។
អ្នកស្រី បុប្ផា និងអ្នកស្រី សុធី* ដែលជាអ្នកចែករំលែករឿងរ៉ាវខាងលើ គឺជាស្រី្តដែលស្ថិតក្នុងចំណោមស្រ្តីរងគ្រោះទាំងនោះ ។ សម្រាប់យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រក្នុងឆ្នាំនេះ អង្គការលីកាដូ នឹងឈរជាមួយពួកគេក្នុងការទាមទារឱ្យមានភាពយុត្តិធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងនោះ ។
***
ការផ្សះផ្សាគ្នាភាគច្រើនតែងតែធ្វើឱ្យស្ត្រីជាប់ផុងក្នុងទំនាក់ទំនងដែលមិនមានសុវត្ថិភាព ហើយមិនអាចបញ្ចប់អំពើហិង្សាបាន ។ អ្នកស្រី បុប្ផា ដែលត្រូវបានដាក់សម្ពាធឱ្យមានការផ្សះផ្សាជាមួយប្ដី បានរៀបរាប់ថា “មានតែបញ្ហាកើតឡើងរឹតតែច្រើនឡើងៗ ។ ក្រោយពីផ្សះផ្សាហើយ គឺវាអត់មានសុវត្ថិភាព” ។
A ការសិក្សាមួយក្នុងឆ្នាំ២០២០ បានរកឃើញថា ៨០%នៃស្រី្តផ្ដល់បទសម្ភាសន៍ដែលធ្លាប់រងគ្រោះអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា បានបង្ហាញពីផលអវិជ្ជមាននៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ អាជ្ញាធរតែងតែដាក់សម្ពាធទៅលើស្ត្រីឱ្យធ្វើការផ្សះផ្សាជាមួយនឹងជនបង្ក ទោះបីជាស្ត្រីបានស្នើសុំដាក់ពាក្យបណ្តឹង ឬលែងលះ ក្រោយពីទទួលរងអំពើហិង្សាធ្ងន់ធ្ងរ ម្តងហើយម្តងទៀតក៏ដោយ ។
“អ្នកស្រី សុធី បានលើកឡើងថា “ដំបូង ខ្ញុំជឿថាគេកែ ខ្ញុំនឹកឃើញថា ទៅដល់ប៉ុសិ៍្ត គេខ្លាចមេប៉ុសិ៍្តអីដែលណា ហើយថាគេមកដល់ផ្ទះលែងធ្វើបាបយើង តែនេះអត់ ដដែល” ។ ក្នុងករណីខ្លះ ការផ្សះផ្សាអាចនាំឱ្យបុរស ទៅសម្លាប់ស្ត្រី ក៏មាន។
អំឡុងពេលនៃការផ្សះផ្សាគ្នា អាជ្ញាធរតែងតែធ្វើការបកស្រាយមតិផ្ទាល់ខ្លួនរបស់ពួកគេដូចជា ផ្នត់គំនិតសង្គមទាក់ទងនឹងយេនឌ័រ និងការស្តីបន្ទោសជនរងគ្រោះ នៅពេលផ្តល់ដំបូន្មានដល់ភាគីទាំងពីរ ។ ពួកគេតែងតែត្រូវបានឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើកិច្ចសន្យាដោយឱ្យពួកគេផ្លាស់ប្ដូរឥរិយាបថ ។ ពេលខ្លះ ហាក់ដូចជាបានដាក់បន្ទុកថាស្រ្តីគឺមានកំហុសស្មើគ្នានៅក្នុងអំពើហិង្សានោះ ។ នៅពេលដែល អ្នកស្រី សុធី សុំឱ្យជួយ មេភូមិបានប្រាប់អ្នកស្រីថា “តែមេភូមិថា ចែអឺយ កម្មចែឯងទេ មានតែថាអ៊ីចឹងឯង ចែឯងកម្ម មួយជីវិតនេះចែឯងកម្មរហូត” ។
ស្រដៀងគ្នានេះដែរ អត្ថប្រយោជន៍របស់កុមារ ក៏មិនទទួលបានយកចិត្តទុកដាក់ ឬក៏យល់ខុសពីសំណាក់អាជ្ញាធរ ដែលតែងតែអះអាងថា ការរស់នៅជួបជុំឪពុកម្តាយបង្កើតរបស់ខ្លួនគឺ ល្អបំផុតសម្រាប់កុមារ ។ ដូចនេះ អាជ្ញាធរបានដាក់សម្ពាធលើស្ត្រីឱ្យមានការអត់ធ្មត់ចំពោះការរំលោភបំពាន ហើយជារឿយៗមិនទទួលស្គាល់ផលប៉ះពាល់ដែលកុមាររងគ្រោះ ឬបានឃើញពីអំពើហិង្សានោះទេ ។
អ្នកស្រី បុប្ផា បានលើកឡើងថា “បើសិនជាខ្ញុំនៅជុំគ្នាកូនខ្ញុំអាចពិបាកជាង ដោយសារអី ព្រោះផ្លូវអារម្មណ៍ ផ្លូវចិត្តវា គឺវាអត់នឹងនរទេ គឺដោយសារឪពុកម្តាយហ្នឹង វាឈ្លោះគ្នារាល់តែថ្ងៃអ៊ីចឹង” ។
***
ទោះបីជាការផ្សះផ្សាគ្នាអាចនឹងមានគ្រោះថ្នាក់ក៏ដោយ ក៏រាជរដ្ឋាភិបាល បានបង្កើតបទប្បញ្ញត្តិបន្ថែមទៀតលើការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយការអនុម័តលើព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
ជាទ្រឹស្ដី ការសម្រុះសម្រួល និងការផ្សះផ្សាគ្នា គឺជាការអនុវត្តខុសគ្នា ។ ការសម្រុះសម្រួល គួរតែមានជនទីបីដែលអព្យាក្រឹត ក្នុងការសម្របសម្រួលឱ្យមានការព្រមព្រៀងគ្នាដោយពេញចិត្តពីភាគីទាំងពីរ ។ មិនដូចការផ្សះផ្សាគ្នាទេ គោលបំណងនៃការសម្រុះសម្រួលគឺមិនចាំបាច់ទាល់តែស្វាមីភរិយាត្រូវត្រឡប់ទៅរស់នៅជាមួយគ្នានោះទេ ។ ប៉ុន្តែជាក់ស្ដែង ការសម្របសម្រួល និងការផ្សះផ្សា ត្រូវបានគេប្រើជំនួសគ្នាទៅវិញទៅមក ដើម្បីសំដៅលើការសម្រុះសម្រួល ការផ្សះផ្សា ឬការផ្សះផ្សាគ្នា ។ ពាក្យពេចន៍ទាំងនេះ មិនត្រូវបានកំណត់និយមន័យច្បាស់លាស់នៅក្នុងច្បាប់កម្ពុជាទេ ហើយក៏មិនមានការយល់ស្របនៅក្នុងការសិក្សាស្រាវជ្រាវ ឬការប្រកបវិជ្ជាជីវៈ អំពីអត្ថន័យនៃពាក្យទាំងនេះឱ្យបានច្បាស់លាស់ ឬគួរដំណើរការបែបម៉េចនោះដែរ ។
ព្រះរាជក្រឹត្យនេះ បានបង្កើតក្របខណ្ឌសម្រាប់យន្តការថ្មីមួយ ដែលបានអនុញ្ញាតឱ្យមានការអនុវត្តលើ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមមាន ការសម្រុះសម្រួល និងការផ្សះផ្សាគ្នា ដោយមានគោលបំណងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ និងធានាឱ្យមានភាពសុខដុមរមនានៅក្នុងសង្គមជាតិ ។ ជំនួសឱ្យការកំណត់និយមន័យ ឬកម្រិតការអនុវត្តទាំងនេះ ព្រះរាជក្រឹត្យនេះបានបង្រួមពាក្យទាំងនេះបន្ថែមទៀត ដោយប្រើជាពាក្យតែមួយនៅជាប់គ្នាតែម្ដង ។ ការបង្រួមនេះ ទុកចន្លោះយ៉ាងទូលំទូលាយសម្រាប់ការផ្សះផ្សាគ្នា ។
ព្រះរាជក្រឹត្យនេះ អនុញ្ញាតឱ្យមានការអនុវត្តទាំងនេះ ក្នុងសំណុំរឿងរដ្ឋប្បវេណី ប៉ុន្តែហាមឃាត់ក្នុងរឿងព្រហ្មទណ្ឌ លើកលែងតែច្បាប់អនុញ្ញាត ។ ការអនុវត្តបែបនេះ មិនបានជួយដោះស្រាយបញ្ហានៃការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ករណីអំពើហិង្សាក្នុងគ្រួសារក្នុងសំណុំរឿងព្រហ្មទណ្ឌនោះទេ ដោយសារតែភាពខ្វះចន្លោះនៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការការពារជនរងគ្រោះឆ្នាំ២០០៧ (ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ) ។
ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ បានអនុញ្ញាតឱ្យមានការសម្រុះសម្រួល និងការផ្សះផ្សាគ្នា ក្នុងការឆ្លើយតបទៅនឹងបទល្មើសព្រហ្មទណ្ឌ ដែលមានលក្ខណៈជាបទមជ្ឈិម "ស្រាល" បទលហុ និងអំពើហិង្សាផ្លូវចិត្ត ឬផ្នែកសេដ្ឋកិច្ច ជាដើម ។ យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទមជ្ឈិម រួមមានបទល្មើសដូចជា បទហិង្សាដោយចេតនា (មាត្រា២១៧ និងមាត្រា២២២) ការគំរាមកំហែងថានឹងសម្លាប់ (មាត្រា២៣៣) និងបទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ (មាត្រា២៥៣) ។
ប៉ុន្តែការចាត់ថ្នាក់ “បទមជ្ឈិមស្រាល” មិនត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់កម្ពុជាទេ ។ បទលហុជាច្រើននៅក្នុងក្រមព្រហ្មទណ្ឌ ក៏ត្រូវមិនបានកំណត់និយមន័យឱ្យបានច្បាស់ផងដែរ ដូចជាបទហិង្សាស្រាល (មាត្រា២២៨) ឬបទធ្វើឱ្យមានការខូចខាតស្រាល (មាត្រា៤១៨) ។ ដូច្នេះ អាជ្ញាធរមានឆន្ទានុសិទ្ធិ ក្នុងការសម្រេចចិត្តថាអំពើហិង្សាក្នុងគ្រួសារណាមួយ រួមទាំងករណីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ អាចត្រូវបានដោះស្រាយតាមរយៈ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។
លើសពីនេះ ព្រះរាជក្រិត្យថ្មីនេះ បានផ្តល់តម្លៃគតិយុត្តនៃកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលសម្រេចបានតាមរយៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចគ្នានឹងលិខិតយថាភូត និងមានអានុភាពអនុវត្តដូចគ្នានឹងសាលក្រមស្ថាពរតុលាការដែរ ។ ភាពដែលអាចទៅរួចនៃចំណងផ្លូវច្បាប់ទៅលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ សម្រាប់ការផ្សះផ្សាគ្នា គឺពោរពេញទៅដោយការព្រួយបារម្ភចំពោះសេរីភាព និងសុវត្ថិភាពរបស់អ្នកដែលជួបប្រទះអំពើហិង្សាក្នុងគ្រួសារ ។
គណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី បានផ្តល់អនុសាសន៍កាលពីឆ្នាំ២០១៩ ឱ្យប្រទេសកម្ពុជាពិនិត្យមើល និងធ្វើវិសោធនកម្មច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារឡើងវិញ ។ ជាច្រើនឆ្នាំមកនេះ អង្គការសង្គមស៊ីវិលជាតិ បានជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដាក់ទោសទណ្ឌរាល់អំពើហិង្សាក្នុងគ្រួសារទាំងអស់ និងដកចេញនូវបទប្បញ្ញត្តិដែលអនុញ្ញាត ឬឆ្លើយតបដោយការលើកទឹកចិត្តឱ្យមានការផ្សះផ្សាគ្នា ។ បច្ចុប្បន្ននេះគឺ ទាមទារឱ្យមានការត្រួតពិនិត្យឡើងវិញ និងការធ្វើវិសោធនកម្មឱ្យបានស៊ីជម្រៅជាបន្ទាន់ទៅលើក្របខ័ណ្ឌច្បាប់នៅកម្ពុជាដូចជា ច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ជាដើម ។
***
ដោយមើលឃើញពីការបន្តអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងតួអង្គអភិវឌ្ឍន៍សំខាន់ៗមួយចំនួន បានព្យាយាមធ្វើឱ្យប្រសើរឡើងនូវដំណើរការទាំងនេះដោយមានការកំណត់ និងកម្រិតការប្រើប្រាស់យន្តការនេះ ។ ប៉ុន្តែការណ៍នេះ បង្កើតឱ្យមានហានិភ័យ និងគ្រោះថ្នាក់បន្ថែមទៀត តាមរយៈការផ្ដល់ភាពស្របច្បាប់ចំពោះយន្តការទាំងនេះ ។
គោលការណ៍ណែនាំស្តីពីការកម្រិតការអនុវត្តលើការសម្រុះសម្រួល ដែលជាការឆ្លើយតបប្រឆាំងនឹងអំពើហិង្សាលើស្ត្រី ត្រូវបានចេញផ្សាយថ្មីៗនេះ ដោយក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីតួអង្គអភិវឌ្ឍន៍មួយចំនួនដូចជា អង្គការសហប្រជាជាតិដើម្បីស្ត្រី និងរដ្ឋាភិបាលអូស្ត្រាលី ។ គោលការណ៍ណែនាំនេះ ព្យាយាមកំណត់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការសម្រុះសម្រួល ជាជាង ការផ្សះផ្សាគ្នា ហើយធានាថា ការសម្រុះសម្រួល ត្រូវបានធ្វើឡើងតែក្នុងគោលបំណងឆ្លើយតបទៅនឹងសំណុំរឿងរដ្ឋប្បវេណី និងបទលហុ ជាជាងបទមជ្ឈិម ។
ប៉ុន្តែការដាក់បញ្ចូលនូវបទលហុនៅក្នុងគោលការណ៍ណែនាំនេះ បង្កហានិភ័យដល់ការបន្តដំណោះស្រាយក្រៅប្រព័ន្ធតុលាការដោយមិនសមស្រប ចំពោះករណីអំពើហិង្សាក្នុងគ្រួសារដែលជារឿងព្រហ្មទណ្ឌ ។ លើសពីនេះ លទ្ធភាពនៃការអនុវត្តគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវគឺមានតិចតួចប៉ុណ្ណោះដោយសារ ការផ្សះផ្សាគ្នាគឺបានអនុវត្តនាពេលបច្ចុប្បន្នរួចស្រាប់ទៅហើយ ហើយព្រះរាជក្រឹត្យខាងលើ បានបង្រួមន័យការសម្រុះសម្រួល និងការផ្សះផ្សាបន្ថែមទៀត ដែលជាសញ្ញាបញ្ជាក់ថា រាជរដ្ឋាភិបាលមានចេតនាតិចតួចប៉ុណ្ណោះក្នុងការបែងចែកពាក្យទាំងពីរនេះសម្រាប់អនុវត្ត ។
ទោះបីជាមានការបែកចែក ការវាយតម្លៃគម្រោងនាពេលថ្មីៗនេះ ទាក់ទិនទៅនឹងការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីទៅលើគោលការណ៍ណែនាំនោះ បានសន្និដ្ឋានថា "ការសម្រុះសម្រួលមិនបានផ្តោតសំខាន់លើតម្រូវការរបស់អ្នករស់រានមានជីវិត និងមិនចាត់ទុកអំពើហិង្សាជាបទល្មើសព្រហ្មទណ្ឌនោះទេ ដែលខុសពីគោលការណ៍អន្តរជាតិ" ។ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានឆ្លើយតបថា ខ្លួនឯកភាព និងមិនគាំទ្រដល់ការសម្រុះសម្រួល នៅក្នុងប្រទេសកម្ពុជា ជាបន្តទៀតនោះទេ ។
***
រាជរដ្ឋាភិបាលកម្ពុជា គួរតែមានការកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយទៅលើក្របខ័ណ្ឌច្បាប់ជាបន្ទាន់ ជាពិសេសច្បាប់ស្តីពីអំពើហិង្សាក្នុងគ្រួសារ ដើម្បីដាក់ទោសគ្រប់សកម្មភាពនៃអំពើហិង្សាក្នុងគ្រួសារទាំងអស់ ព្រមទាំងហាមឃាត់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជាការឆ្លើយតបទៅនឹងបទល្មើសព្រហ្មទណ្ឌណាមួយនៃអំពើហិង្សាក្នុងគ្រួសារ ។ ស្រ្តីដែលធ្លាប់រងគ្រោះក្នុងអំពើហិង្សា ត្រូវការ និងសមតែទទួលបាន ការដោះស្រាយតាមប្រព័ន្ធតុលាការ ដីការរក្សាការពារ និងសេវាគាំទ្រផ្សេងទៀត ។ អ្នកស្រី សុធី បានលើកឡើងថា “ខ្ញុំចង់ឱ្យប៉ូលីសធ្វើការឱ្យលឿនៗ ប្ដឹងភ្លាមមកភ្លាម ចង់ឱ្យមកភ្លាម” ។
រាជរដ្ឋាភិបាល និងតួអង្គអភិវឌ្ឍន៍ គួរតែបញ្ឈប់ការគាំទ្រ ចំពោះការអនុវត្តទាំងអស់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាការឆ្លើយតបចំពោះអំពើហិង្សាក្នុងគ្រួសារដែលជាបទល្មើសព្រហ្មទណ្ឌ ។ អ្នកទាំងនោះ គួរតែបង្វែរកិច្ចខិតខំប្រឹងប្រែងទាំងនោះ ដើម្បីបង្កើតតុលាការ ដែលមានប្រសិទ្ធភាព ព្រមទាំងបណ្តុះបណ្តាលអាជ្ញាធរឱ្យប្រើប្រាស់ និងអនុវត្តដីការក្សារការពារ និងការសម្រេចផ្នែករដ្ឋបាលនានា ។ ពួកគេ ត្រូវតែពង្រឹងកម្មវិធីទប់ស្កាត់ បង្កើតតុលាការជំនាញដូចជាតុលាការគ្រួសារ និងធានាឱ្យបានប្រសើរជាងមុននូវការទទួលបានការការពារផ្នែកច្បាប់ ជម្រកសុវត្ថិភាព ជំនួយហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ និងសេវាកម្មផ្សេងទៀត ។
អ្នកស្រី បុប្ផា លើកឡើងថា “កុំគិតថាការសម្រុះសម្រួលហ្នឹងបានសម្រេច ពេលវេលាខ្លះដូចជាខ្ញុំជាដើម មិនអាចបានសម្រេចទេ គ្រោះថ្នាក់ដល់អាយុជីវិត” ។
* ឈ្មោះពិតត្រូវបានផ្លាស់ប្តូរ
វិធីសាស្ត្រ
ដំបូងឡើយ អ្នកស្រី បុប្ផា និងអ្នកស្រី សុធី បានទទួលសេវាកម្មមួយចំនួនពីអង្គការលីកាដូ ក្រោយពីទទួលរងអំពើហិង្សាក្នុងគ្រួសារ ។ ក្រោយមក អ្នកទាំងពីរបានយល់ព្រមចូលរួមផ្ដល់បទសម្ភាសន៍ សម្រាប់ការតស៊ូមតិជាសាធារណៈក្នុងលក្ខខណ្ឌនៃអនាមិកភាព ដោយសារតែពួកគាត់នៅបន្តប្រឈមនឹងហានិភ័យនៃអំពើហិង្សា ។
អំឡុងពេលធ្វើបទសម្ភាសន៍ទាំងនេះ បុគ្គលិកអង្គការលីកាដូបានលើកទឹកចិត្តស្រ្តីរងគ្រោះឱ្យពណ៌នារឿងរ៉ាវរបស់ពួកគេតាមអ្វីដែលពួកគេបានជួបប្រទះ ដោយបានពន្យល់ថា ពួកគេមិនចាំបាច់រៀបរាប់ពីសកម្មភាពលម្អិតនៃអំពើហិង្សារបស់ពួកគេទេ ប៉ុន្តែបុគ្គលិកអង្គការលីកាដូ មិនហាមឃាត់ទេ ប្រសិនបើពួកគាត់ជ្រើសរើសបែបនោះ ។
អង្គការលីកាដូ បានថតសំឡេង និងកត់ត្រាអត្ថបទចម្លងជាលាយលក្ខអក្សរ (អត្ថបទចម្លង) តាមបទសម្ភាសន៍នីមួយៗ ។ អត្ថបទចម្លងទាំងនោះ ត្រូវបានរៀបចំឡើងវិញ ដើម្បីកំណត់ជាប្រធានបទរួមមួយ ដោយគិតទៅលើចំនួននាទីនៃសំឡេង ភាពច្បាស់លាស់ និងឯកជនភាពជនរងគ្រោះ ជាដើម ។ បុគ្គលិកអង្គការលីកាដូ បានយកចិត្តទុកដាក់ទៅលើការរក្សាអត្ថន័យ និងពាក្យពេចន៍ដើមរបស់ស្រ្តីរងគ្រោះ នៅក្នុងអត្ថបទចម្លងដែលបានកែសម្រួល ។ បុគ្គលិកអង្គការលីកាដូ ក៏បានអានអត្ថបទចម្លងដែលបានកែសម្រួលរួច ជូនស្ត្រីរងគ្រោះម្នាក់ៗ ហើយបានពិភាក្សាជាមួយពួកគាត់ឱ្យជួយកែសម្រួល បញ្ចេញមតិយោបល់ ឬកង្វល់ផ្សេងៗ ផងដែរ ។
បន្ទាប់ពីស្រ្តីរងគ្រោះបានផ្ទៀងផ្ទាត់ និងយល់ព្រម អត្ថបទចម្លងជាលាយលក្ខអក្សរទាំងនោះត្រូវបានអាន និងបង្ហាញដោយបុគ្គលិករបស់អង្គការលីកាដូ តាមរយៈខ្សែអាត់សំឡេងខាងលើនេះ ។ អង្គការលីកាដូ បានចែករំលែកអត្ថបទជាសំឡេងចុងក្រោយជាមួយស្ត្រីទាំងពីរនាក់ មុនពេលចេញផ្សាយ ដើម្បីឱ្យអ្នកទាំងពីរអាចបញ្ចេញមតិយោបល់ ផ្ទៀងផ្ទាត់ និងបង្ហាញការយល់ព្រម ។
យើងខ្ញុំសូមថ្លែងអំណរអរគុណចំពោះស្ត្រីរងគ្រោះទាំងពីរនាក់ សម្រាប់ភាពក្លាហាន និងការតស៊ូរបស់អ្នកទាំងពីរ ដើម្បីអនាគតមួយដែលស្ត្រីអាចបន្លឺសំឡេង និងរស់នៅដោយគ្មានអំពើហិង្សា ៕
គូររូបគំនូរដោយលោក Penkuro