សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងអ្នកស្រី យ៉ោម បុប្ផា បានចាប់ផ្តើម ហើយនឹងបន្តនៅថ្ងៃទី១៤ ខែមិថុនា
ចេញផ្សាយ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣សវនាការសាលាឧទ្ធរណ៍លើសំណុំរឿងសមាជិកសហគមន៍បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បានចាប់ផ្តើមនៅថ្ងៃនេះ នៅវេលាម៉ោងប្រហែល ២ និង ៤៥ នាទី នៅរាជធានីភ្នំពេញ ដោយមានអ្នកគាំទ្រអ្នកស្រី ធ្វើការប្រមូលផ្តុំគ្នានៅខាងក្រៅរបងតុលាការ។ សមាជិកនៃសមាគមម៉ូតូឌុបដែលគាំទ្រដោយអាជ្ញាធររដ្ឋប្រមាណ ៣០ ទៅ ៤០ នាក់ បានប្រមូលផ្តុំតវ៉ាប្រឆាំង ដោយអំពាវនាវសូមឲ្យធ្វើការបន្តឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា។ ក្រុមម៉ូតូឌុប មិនបានធ្វើការស្រែកតវ៉ានោះទេ ប៉ុន្តែបានប្រើប្រាស់សំលេងដែលបានថតទុក ដោយចាក់តាមមេក្រូ ក្នុងគោលបំណងរារាំងសំលេងតវ៉ារបស់អ្នកគាំទ្រអ្នកស្រី បុប្ផា។ យ៉ាងតិចណាស់ មានសមាជិកអ្នកម៉ូតូឌុបម្នាក់បានប្រាប់អ្នកឃ្លាំមើលសិទិ្ធមនុស្សថា លោកត្រូវបានគេផ្តល់ប្រាក់ ៣០,០០០ រៀល ដើម្បីមកធ្វើការតវ៉ានេះ។
នៅក្នុងបន្ទប់សវនាការ មានអ្នកចូលរួមស្តាប់ប្រហែល ៤០នាក់ ដែលមកពីបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គទូត អង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីធ្វើការតាមដាននូវសវនាការនេះ។ អ្នកស្រីបុប្ផា និងស្វាមីរបស់អ្នកស្រី បានផ្តល់សក្ខីកម្មនៅក្នុងសវនាការ។
បន្ទាប់ពីប្រព្រឹត្តិទៅអស់ពេល ៣ ម៉ោង សវនាការត្រូវបានពន្យាពេល ហើយនឹងត្រូវបន្តនៅថ្ងៃទី១៤ ខែមិថុនា នៅវេលាម៉ោង ២ ល្ងាច។
អ្នកស្រី បុប្ផា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ លើការចោទប្រកាន់ពីបទហិង្សាដោយចេតនា ទៅលើអ្នករត់ម៉ូតូឌុប។ មិនមានភស្តុតាងនៃការចូលរួមរបស់អ្នកស្រីនៅក្នុងករណីនេះទេ ហើយគ្រប់តម្រុយនៃការចោទប្រកាន់ទៅលើអ្នកស្រី គឺជាការតបតទៅលើភាពសកម្មនិយមរបស់អ្នកស្រី ក្នុងករណីជម្លោះដីធ្លីនៅតំបន់បឹងកក់។ អ្នកស្រី ត្រូវបានផ្តល់នាមជា អ្នកទោសមនសិការ ដោយអង្គការលើកលែងទោសអន្តរជាតិ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី