សហគមន៍បុរីកីឡាប្រារព្ធពិធីរំលឹកខួប៦ឆ្នាំនៃការបណ្ដេញចេញដោយបង្ខំ
ចេញផ្សាយ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នារសៀលនេះ សហគមន៍បុរីកីឡានៅរាជធានីភ្នំពេញ បានប្រារព្ធពិធីរំលឹកខួប៦ឆ្នាំនៃការឈូសឆាយកម្ទេចផ្ទះសំបែងរបស់ពួកគាត់ អំឡុងពេលបណ្ដេញចេញដោយបង្ខំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១២ ដើម្បីធ្វើការអភិវឌ្ឍន៍លំនៅដ្ឋានបែបអាគារខ្ពស់ៗ។ គ្រួសារដែលនៅសេសសល់ទីនោះ ទទួចចង់បានលំនៅដ្ឋាននៅក្នុងតំបន់បុរីកីឡាវិញ និងសំណងសមរម្យ។
នៅក្នុងពិធីនេះមានសកម្មភាពបែបសាសនា និងការសម្ដែងមតិនានាស្ដីពីស្ថានភាពលំបាកនៅក្នុងសហគមន៍ ការប្រឈមនឹងអំពើហិង្សា ការគំរាមកំហែង និងការចាប់ខ្លួនឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌ ចាប់តាំងពីការបណ្ដេញចេញទាំងបង្ខំលើកទី១ក្នុងឆ្នាំ២០០៩។
នៅឆ្នាំ២០០៣ ក្រុមហ៊ុន ផានអ៊ីមិច បានចុះកិច្ចសន្យាជាមួយអាជ្ញាធរក្នុងការពុះចែកដីសហគមន៍បុរីកីឡា ដើម្បីធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ដោយបានសន្យាថានឹងសាងសង់អាគារខ្ពស់ៗចំនួន១០ ដើម្បីជាសំណងដល់ប្រជាពលរដ្ឋប្រមាណជាង១៧០០គ្រួសារដែលត្រូវបានបណ្ដេញចេញ។ ប៉ុន្តែជាក់ស្ដែង ក្រុមហ៊ុនបានសាងសង់តែ៨អាគារប៉ុណ្ណោះ។
ប្រជាពលរដ្ឋរាប់រយគ្រួសារត្រូវបានជម្លៀសឱ្យទៅរស់នៅឆ្ងាយពីទីក្រុង ជាតំបន់ដែលខ្វះអនាម័យ និងសេវាសាធារណៈក៏ដូចជា សាលារៀន និងការប្រកបមុខរបរជាដើម។ អ្នកខ្លះទៀតបានត្រឡប់មកសហគមន៍បុរីកីឡាវិញ ហើយរស់នៅក្នុងជម្រកបណ្ដោះអាសន្នដែលមានលក្ខណៈទ្រុឌទ្រោម ដើម្បីរង់ចាំដំណោះស្រាយសមរម្យ។
- ឯកសារទាក់ទង