អត្ថបទខ្លីៗ

សកម្ម​ជន​បឹង​កក់​ ត្រូវ​បាន​ផ្តន្ទា​ទោស​ពន្ធ​នាគារ ប៉ុន្តែ​ត្រូវ​ព្យួរ​ទោស​

ចេញផ្សាយ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៨
F T M
អ្នកស្រី ទេព វន្នី និង​ សមាជិក​សហគមន៍​បឹង​កក់​ផ្សេង​ទៀត​ កំពុង​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ អ្នក​កាសែត នៅ​ក្រៅ​តុលាការ​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៤ ខែ​សីហា ឆ្នាំ​២០១៨។

នាព្រឹកនេះ សកម្មជនតំបន់​បឹង​កក់ អ្នក​ស្រី ទេព វន្នី និង​សមាជិក​សហគមន៍​របស់​អ្នក​ស្រី​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពីបទ ធ្វើការ “គម្រាម​ថា​នឹង​សម្លាប់” ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយ​ដែល​ត្រូវ​បាន​ដាក់​ដោយ​អតីត​សមាជិក​សហគមន៍​បឹងកក់​ម្នាក់ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២។ អ្នក​ទាំង​នោះ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៦ខែ ប៉ុន្តែ​ទោស​ទាំង​អស់​ត្រូវ​ព្យួរ ហើយ​បទ​ចោទ​មួយ​ផ្សេង​ទៀត អំពី “ជេរ​ប្រមាថ​ជា​សាធារណៈ” ត្រូវ​បាន​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់។

សំណុំរឿងនេះ ត្រូវបាន​យក​មក​ពិនិត្យ​ឡើង​វិញ កាល​ពីចុង​ឆ្នាំ ២០១៦ ទោះ​បី​ជា​ដើម​បណ្តឹង​បាន​ដក​ពាក្យ​បណ្តឹង​តាំង​ពី​ខែតុលា ឆ្នាំ២០១៦។ ពលរដ្ឋ​បឹងកក់​ទាំង​ប្រាំ​មួយ​នាក់ រួម​មាន អ្នកស្រី ទេព វន្នី ង៉ែត ឃុន ឆេង លាភ គង់ ចន្ថា តុល ស្រីពៅ និងហេង មុំ។

សវនាការជំនុំជម្រះ ត្រូវបានបើក​តាំង​ពីខែ​កក្កដា ឆ្នាំ​២០១៧ ប៉ុន្តែ​ត្រូវ​បាន​ពន្យា​ពេល​ដោយ​ចៅក្រម​ជំនុំ​ជម្រះ ដោយ​មិន​កំណត់​ពេល​វេលា ព្រោះ​មិន​មាន​សាក្សី​ដាក់​បន្ទុក មាន​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ។ នៅថ្ងៃនេះ សវនាការ ត្រូវ​បាន​បន្ត ដោយ​មាន​វត្ត​មាន​ចុង​ចោទ​ចំនួន​បួននាក់ (អ្នកស្រី ទេព វន្នី ង៉ែត ឃុន គង់ ចន្ថា និង​ឆេង លាភ) ហើយ​ចុងចោទ​ពីរ​នាក់​ផ្សេង​ទៀត និង​សាក្សី​ប្រាំ​នាក់​អវត្តមាន។

នៅក្រៅពន្ធនាគារ ពលរដ្ឋប្រមាណ ២០នាក់ មក​ពី​សហគមន៍​ដីធ្លី និង​សង្គម​ស៊ីវិល បាន​ឈរ​យ៉ាង​ស្ងៀម​ស្ងាត់ នៅ​មុខ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​គាំទ្រ​ដល់​សមាជិក​សហគមន៍​នៅក្នុង​សវនាការ។

អ្នកទាំងនោះ ត្រូវបានតុលាការ​ចោទ​ពីបទ “គម្រាម​ថា​នឹង​សម្លាប់” យោង​តាម​មាត្រា ២៣៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ផ្តន្ទា​ទោស​ពន្ធនាគារ ចំនួន ៦ខែ ប៉ុន្តែ​ត្រូវ​ព្យួរ។ បទ​ចោទ​អំពី “ជេរ​ប្រមាថ​ជា​សាធារណៈ” តាម​មាត្រា ៣០៧ ត្រូវ​បាន​លើក​ចោល​តាម​សំណើរ​សុំ​របស់​ព្រះ​រាជ​អាជ្ញា។

អ្នកស្រី ទេព វន្នី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ កាល​ពីថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ទទួល​បាន​ព្រះ​រាជទាន​លើក​លែង​ទោស​ចំនួន​ពីរ​ករណី ពី​ព្រះ​មហាក្សត្រ (ករណី​មួយ មាន​រយៈ​ពេល ៣០ ខែ និង​ករណី​មួយ​ទៀត មាន​រយៈពេល ៦ខែ ដែល​អ្នកស្រី​បាន​ជាប់​ក្នុង​ពន្ធនាគារ ម២)។ ការដោះលែង​​អ្នកស្រី ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​មាន​ការដោះលែង​អ្នកវិភាគ​ផ្នែក​នយោបាយ លោក គឹម សុខ ដែល​បាន​ទទួល​ទោស​រួចរាល់កាលពីថ្ងៃសុក្រសប្តាហ៍មុន និង អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃ អង្គារ៍។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា