បុគ្គលិកសមាគមអាដហុក និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងរង់ចាំសាលក្រមលើសំណុំរឿងសូកប៉ាន់សាក្សី
ចេញផ្សាយ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨បុគ្គលិកចំនួនបួនរូបនៃអង្គការសិទិ្ធមនុស្ស និងអគ្គលេខាធិការរងមួយរូបនៃគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញជំនុំជម្រះ ពីបទសូកប៉ាន់សាក្សី ដែលជាប់ទាក់ទងនឹងករណីមួយដែលត្រូវបានចោទប្រកាន់មកលើមេដឹកនាំអតីតគណបក្សជំទាស់ ឯកឧត្តម កឹម សុខា។
បុគ្គលិកនៃសមាគមការពារសិទិ្ធមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) ដែលរួមមាន អ្នកស្រី លីម មុនី្ន លោក នី សុខា លោក យី សុខសាន្ត និងលោក ណៃ វង់ដា ហើយនិងអគ្គលេខាធិការរងនៃគណៈកម្មារធិការជាតិរៀបចំការបោះឆ្នោត លោក នី ចរិយា ត្រូវបានចៅក្រមសាកសួរអំពីរបៀបដែលអ្នកទាំងនោះ ទទួល និងចាត់ចែងពាក្យបណ្តឹងដែលត្រូវបានធ្វើឡើងដោយកញ្ញា ខុម ចាន់តារាទី នៅពេលដែលនាងបានប្តឹងទៅអង្គការសិទិ្ធមនុស្សមួយនេះ និងរបៀបដែលដើមចោទត្រូវបានអ្នកទាំងនោះផ្តល់ជំនួយផ្នែកថវិកា។
កញ្ញា ចាន់តារាទី ដែលជាសាក្សីចំបងនៅក្នុងសវនាការនេះ មិនមានវត្តមាននៅក្នុងបន្ទប់សវនាការទេនាព្រឹកនេះ។ សេចក្ដីថ្លែងការណ៍របស់សាក្សីពីររូបផ្សេងទៀតក្នុងចំនោមសាក្សីប្រាំពីរទៀតដែលអវត្តមាន ត្រូវបានអានដោយក្រឡាបញ្ជី ដែលធ្វើឲ្យពិបាកក្នុងការសួរឆ្លងរបស់មេធាវីហើយក៏មិនមានភស្តុតាងគួរឲ្យជឿទុកចិត្តណាមួយ ត្រូវបានបង្ហាញដោយព្រះរាជអាជ្ញាដែរ។
បុគ្គលិកសមាគមអាដហុកទាំងបួន ត្រូវបានចោទប្រកាន់តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ស្តីពី “អំពើសូកប៉ាន់សាក្សី”។ អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតបុគ្គលិកអង្គការសមាគមអាដហុក លោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទសមគំនិតនៅក្នុងបទល្មើសខាងលើ យោងតាមមាត្រា ៥៤៨ និង ២៩ នៃក្រមនេះ។
អ្នកការពារសិទិ្ធមនុស្សទាំងប្រាំនាក់ ដែលធ្លាប់បានជាប់ឃុំឃាំងបណ្តោះអាសន្នអស់រយៈពេល ១៤ខែ នៅក្នុងពន្ធនាគារនៅរាជធានីភ្នំពេញ មុនពេលមានការដោះលែងឲ្យនៅក្រៅឃុំកាលពីខែមិថុនា ឆ្នាំ ២០១៧ (ការឃុំខ្លួននេះ ត្រូវបានក្រុមការងារនៃអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមទំនើងចិត្ត ចាត់ទុកថាជាការឃុំខ្លួនដោយមិនត្រឹមត្រូវ)។ យោងតាមមតិជាតិ និងអន្តរជាតិ ការចាប់ខ្លួនអ្នកទាំងនោះ គឺជាផ្នែកមួយនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកំពុងតែកើតមានឡើងមកលើអង្គការសង្គមស៊ីវិល និងអ្នកការពារសិទិ្ធមនុស្សមួយចំនួន។
ប្រសិនបើអ្នកទាំងប្រាំ ត្រូវបានតុលាការផ្តន្ទាទោស នោះអ្នកទាំងនោះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។
សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នឹងត្រូវប្រកាសនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល។