អត្ថបទខ្លីៗ

អាជ្ញាធរ​ខេត្ត​កោះកុង​ រារាំង​យុទ្ធនាការ​ជិះ​កង់​របស់​សកម្មជន​បរិស្ថាន

ចេញផ្សាយ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០
F T M
នគរបាលខេត្តកោះកុងជាច្រើន បាន​បិទ​ផ្លូវ ដោយ​មិន​អនុញ្ញត​ឱ្យ​យុវជន​មួយ​ក្រុម​ ដែល​ជា​សកម្មជន​បរិស្ថាន ជិះកង់​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ។

យុវជន ជាសកម្មជនបរិស្ថាន​មួយ​ក្រុម ត្រូវ​បាន​រំខាន និង​សាក​សួរ​រយៈ​ពេល​ជាង​មួយថ្ងៃ មុន​ពេល​ដែល​អ្នក​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​កាល​ពី​រសៀល​នេះ ។ សកម្មជន​ទាំង​នេះ ត្រូវ​បាន​នគរបាល​រារាំង ដោយ​មិន​ឱ្យ​បន្ត​ការ​ជិះ​កង់​ពី​ទីក្រុង​ខេមរភូមិន្ទ​នៃ​ខេត្ត​កោះកុង ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ ដែល​ការ​ជិះ​កង់​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ “សង្គ្រោះ​កោះកុង​ក្រៅ” របស់​អ្នក​ទាំង​នោះ ។ ការ​រារាំង និង​សាកសួរ​អស់​ជា​ច្រើន​ម៉ោង​នេះ គឺជា​ការ​បំភិត​បំភ័យ​មួយ​ដល់​យុវជន ដែល​ស្រលាញ់ និង​ចង់​ការពារ​ធនធាន​ធម្មជាតិ ។

ក្រុមយុវជន ដែលរួមមាន​សមាជិក​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​ជំទាស់ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ ។ នគរបាល នៅ​តែ​បដិសេធ ដោយ​មិន​ប្រគល់​កង់​របស់​យុវជន​ទាំង​នោះ​ត្រឡប់​មក​វិញ​ទេ ដោយ​នឹង​ប្រគល់​សង​វិញ នៅ​ក្រោយ​ថ្ងៃទី៥ ខែមិថុនា ដែល​ជា​ទិវា​បរិស្ថាន​ពិភពលោក ។ ការ​ឃាត់​ទុក​កង់​របស់​ក្រុម​យុវជន​នេះ ធ្វើឲ្យ​អាក​ខាន​ការ​ធ្វើ​យុទ្ធនា​ការ​ជិះកង់​ដោយ​អហិង្សា មក​កាន់​រាជធានី​ភ្នំពេញ ។

មន្ត្រីនគរបាលថ្នាក់ខេត្ត បានឃាត់ទុកកង់​របស់​ក្រុម​យុវជន កាល​ពី​ម្សិលមិញ ដើម្បី​រារាំង​ក្រុម​យុវជន​ពី​ការ​បន្ត​ជិះ​កង់​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​អំពាវ​នាវ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស ឬ​ឧទ្យាន​ជាតិ ។ នៅពេល​ដែល​ក្រុម​យុវជន​ព្យាយាម​បន្ត​ដំណើរ​ដោយ​ថ្មើ​ជើង អ្នក​ទាំង​នោះ ត្រូវបាន​អាជ្ញាធរ​រារាំង​នៅ​ពេល​យប់ ដោយ​ឱ្យ​យុវជន​ទាំង​នោះ​ប្រគល់​ញត្តិ​ជូន​អាជ្ញាធរ​ទាំង​ពាក់​កណ្តាល​យប់ ។

បន្ទាប់ពីបដិសេធ ដោយមិនប្រគល់ញត្តិ ក្រុមយុវជន​ជា​សកម្មជន​បរិស្ថាន​ទាំង​នោះ បាន​ត្រឡប់​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះកុង កាល​ពី​ព្រឹក​មិញ ដើម្បី​ទាមទារ​កង់​របស់​អ្នក​ទាំងនោះ​មក​វិញ ។ ក៏ប៉ុន្តែ​នៅ​អធិការ​ដ្ឋាន ក្រុម​យុវជន ត្រូវ​បាន​អាជ្ញាធរ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង ។ អាជ្ញាធរ នៅតែ​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ចង់​ដឹង​អំពី​អ្នក​ដែល​នៅពី​ក្រោយ​ការ​ធ្វើ​យុទ្ធនាការ មូលហេតុ​ដែល​អ្នក​ទាំងនោះ​ប្រើប្រាស់​ពាក្យ “សង្គ្រោះ” នៅ​ក្នុង​យុទ្ធនាការ និង​ប្រភព​ថវិកា​ដែល​អ្នក​ទាំងនោះ​យក​មក​ធ្វើ​យុទ្ធនាការ ។

ក្រោយពីធ្វើការសាកសួរ នគរបាលបានរឹប​អូស​យក​អាវយឺត​របស់​អ្នក​ទាំង​នោះ ដែល​មាន​សរសេរ​អក្សរ​ថា “សង្គ្រោះ​កោះ​កុង​ក្រៅ” ដោយ​លើក​មូល​ហេតុ​ថា​ពាក្យ “សង្គ្រោះ” គឺ​ដូច​ទៅ​នឹង​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​​តុលាការ​រំលាយ ។ សកម្មជន​ទាំងនោះ គ្រោង​នឹង​ត្រឡប់​មក​ភ្នំពេញ ដោយ​ជិះ​រថយន្ត ដើម្បី​មក​ដាក់​ញត្តិ ។

យុទ្ធនាការ “សង្គ្រោះកោះកុងក្រៅ” ត្រូវបាន​ចាប់​ផ្តើម​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​មុន ដើម្បី​អំពាវនាវ​ដល់​ក្រសួង​បរិស្ថាន ក្នុង​ការ​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​ឧទ្យាន​ជាតិ ។ សកម្មជន​បរិស្ថាន បាន​លើក​ឡើង​ពី​គុណវិបត្តិ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​អាច​ការពារ​តំបន់​នេះ​បាន ដោយ​អាច​នឹង​មាន​ការ​អន្តរាយ​ផ្នែក​បរិស្ថាន ប្រសិន​បើ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​នេះ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា