អត្ថបទខ្លីៗ

យុវជនសកម្មជន ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ដែល​អាជ្ញាធរ​រារាំង​ព្រះ​សង្ឃ​សូត្រ​ធម៌​ឧទ្ទិស​ដល់​បណ្ឌិត កែម ឡី

ចេញផ្សាយ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២០
F T M
កងសន្តិសុខជាច្រើននាក់ បានស្រាក់ដៃគ្នា​ ដើម្បី​រារាំង​ព្រះ​សង្ឃ និង​​យុវជន​ ដោយ​មិន​ឲ្យ​ចូល​ទៅ​សូត្រ​ធម៌​ឧទ្ទិស​កុសល​​នៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ ជាកន្លែង​ដែល​លោក​បណ្ឌិត ត្រូវ​បាន​គេ​បាញ់​សម្លាប់កាល​ពី​បួន​ឆ្នាំ​មុន ។

យុវជនជាសកម្មជនម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ពេល​ដែល​ព្យាយាម​ចូល​ទៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់​តិច បូក​គោ ដើម្បី​ចូលរួម​រំលឹក​ខួប ៤ឆ្នាំ នៃ​ការ​ធ្វើ​ឃាត​លើ​លោក​បណ្ឌិត កែម ឡី ។ ការ​ឃាត់​ខ្លួន ត្រូវ​បាន​ធ្វើ​ឡើង នៅ​ខណៈ​ដែល​សកម្មជន និង​ព្រះ​សង្ឃ​មួយ​ក្រុម ត្រូវ​បាន​កង​កម្លាំង​ចម្រុះ ដែល​មាន នគរ​បាល និង​កង​សន្តិសុខ រារាំង ដោយ​មិន​ឱ្យ​ចូល​ទៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ កាល់​តិច ដែល​ជា​កន្លែង​លោក​បណ្ឌិត ត្រូវ​បាន​គេ​បាញ់​សម្លាប់ ។

សកម្មជន​ម្នាក់ ដែល​មាន​ពាក់​អាវ​យឺត​​មាន​រូប​លោក កែម ឡី ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​នគរបាល​ ភ្លាម​ៗ​នៅ​ពេល​ដែល​លោក​មក​ដល់​ទីតាំង​រំលឹក​ខួប ។ លោក ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ ។

កងកម្លាំងចម្រុះ បានស្រាក់ដៃគ្នា ដើម្បី​រារាំង​សកម្មជន និង​ព្រះ​សង្ឃ​ទាំង​នោះ ដោយ​មិន​ឱ្យ​ចូល​ទៅ​ស្ថានីយ ដែល​ជា​កន្លែង​លោក​បណ្ឌិត ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​ដែល​លោក​កំពុង​ទទួល​ទាន​កាហ្វេ​នៅ​ព្រឹក​មួយ​កាល​ពីថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ​២០១៦ ។

ក្រុមយុវជន ដែលរួមមាន​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក្រុម​យុវជន Not1More និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវ័ន្ត​ខ្មែរ និង​ក្រុម​ព្រះ​សង្ឃ បាន​បង្ខំ​ចិត្ត​សូត្រ​ធម៌​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត ពី​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​ទី​តាំង​ស្ថានីយ​ប្រេង​ឥន្ធនៈ ជា​កន្លែង​ដែល​លោក ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ។

កាលពីឆ្នាំមុន អាជ្ញាធរ បានឃាត់ខ្លួន​ពលរដ្ឋ ៧​នាក់ អស់​រយៈពេល​ពីរ​ថ្ងៃ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ព្យាយាម​ចូល​ទៅ​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត។ អ្នក​ទាំង​នោះ​រួម​មាន លោក គង់ រ៉ៃយ៉ា និង​លោក សួង នាគព័ន្ធ ដែល​អ្នក​ទាំង​ពីរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ។ លោក រ៉ៃយ៉ា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ ហើយ​ទោស​ត្រូវ​តុលាការ​ព្យួរ​កាល​ពី​ខែ​មិថុនា ឆ្នាំ២០២០ ។

ទោះបី លោក អឿត អាង ដែល​​​ជា​អតីត​ទាហាន​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត ក្នុង​ករណី​ឃាត​កម្ម​លោក​បណ្ឌិត កាលពី​ឆ្នាំ ២០១៧ ក៏​ដោយ ក៏ការ​ស៊ើប​អង្កេត​ត្រូវ​បាន​សាធារណ​ជន​ជាតិ និង​អន្តរ​ជាតិ​អះអាង​ថា​មាន​ភាព​មិន​ប្រក្រតី និង​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ ។ អ្នក​គាំទ្រ​លោក​បណ្ឌិត ក៏​ដូចជា​ក្រុម​សិទិ្ធ​មនុស្ស​ជាតិ និង​អន្តរជាតិ នៅតែ​អំពាវនាវ សូម​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ទៅ​លើ​ករណី​ឃាតកម្ម​នេះ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា