អាជ្ញាធររុញច្រាន និងរំលោភបំពានគ្រួសារសមាជិកអតីតគណបក្សជំទាស់ដែលជាប់ឃុំខ្លួន
ចេញផ្សាយ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១អាជ្ញាធរជាច្រើននាក់ បានរុញច្រានស្ត្រីអ្នកតវ៉ាមួយចំនួនឱ្យដួល ហើយរឹបអូសយកបដាជាច្រើនសន្លឹក ពីក្រុមស្ត្រីតវ៉ាទាំងនោះ ដែលមានសមាជិកចំនួនប្រហែល ២០នាក់ នៅពេលដែលអ្នកទាំងនោះ ប្រមូលផ្តុំគ្នានៅមុខស្ថានទូតបារាំងនាព្រឹកនេះ ។ នគរបាល និងកងសន្តិសុខ ដែលមានចំនួនច្រើនលើសលប់ធៀបនឹងចំនួនស្ត្រីតវ៉ា បានប្រើប្រាស់កំលាំងលើសលប់ ដើម្បីបំបែកអ្នកតវ៉ាទាំងនោះ ដោយមិនឱ្យក្រុមស្ត្រីទាំងនោះកាន់បដា និងនិយាយជាមួយអ្នកសារព័ត៌មាននោះទេ ។
ក្រុមអ្នកតវ៉ាជាស្ត្រីទាំងនោះ ដែលតែងហៅក្រុមខ្លួនឯងថាជា “ក្រុមស្ត្រីថ្ងៃសុក្រ” បានប្រមូលផ្តុំគ្នាអស់ជាច្រើនខែមកហើយនៅមុខស្ថានទូតនានា និងស្ថាប័នរដ្ឋជាច្រើននៅក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យមានការដោះលែងសមាជិកគ្រួសាររបស់អ្នកទាំងនោះ ដែលត្រូវបានចាប់ឃុំខ្លួន ។ សមាជិកគ្រួសារដែលបានចាប់ឃុំខ្លួនទាំងនោះ គឺជាអតីតសមាជិក ឬមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្រុមស្ត្រីតវ៉ាទាំងនោះ តែងតែត្រូវបានកងសន្តិសុខរុញច្រាន និងរំលោភបំពាន នៅពេលដែលអ្នកទាំងនោះប្រមូលផ្តុំតវ៉ាដោយអហិង្សា ។
នៅថ្ងៃនេះ ស្ត្រីតវ៉ាចំនួនបីនាក់ ដែលរួមមានអ្នកស្រី ព្រំ ចន្ថា បានចូលទៅក្នុងស្ថានទូតបារាំង ដើម្បីដាក់ញត្តិរបស់អ្នកទាំងនោះ ។ អ្នកស្រី ព្រំ ចន្ថា គឺជាម្តាយរបស់កុមារាអាយុ ១៦ឆ្នាំ ដែលមានជំងឺអូទីស្សឹម និងត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ។ កូនប្រុសរបស់អ្នកស្រី ត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ និងចោទពីបទញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ រីឯស្វាមីរបស់អ្នកស្រី លោក កាក់ កុម្ភា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានជាប់ឃុំខ្លួនក្នុងពន្ធនាគារតាំងពីខែមិថុនា ឆ្នាំ២០២០ ពីបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ។ សមាជិកស្ត្រីតវ៉ាពីរនាក់ទៀតមាន៖ ១) អ្នកស្រី សេង ចាន់ថន ជាភរិយារបស់លោកស៊ុន ធន់ ដែលជាអតីតសកម្មជនគណបក្សជំទាស់ ជាគ្រូបង្រៀនវិទ្យាល័យ និងជាមេដឹកនាំសហជីព ហើយត្រូវបានចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២០ ២) អ្នកស្រី អ៊ុត ចន្ធី ជាភរិយារបស់លោក យឹម សារ៉េត ដែលជាអតីតក្រុមប្រឹក្សាឃុំជាប់ឆ្នោតនៅរាជធានីភ្នំពេញមកពីគណបក្សជំទាស់ និងត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ។
អតីតសកម្មជន និងសមាជិកគណបក្សសង្គ្រោះជាតិ ជាង ៥០ នាក់ កំពុងជាប់ក្នុងពន្ធនាគារ ហើយជាច្រើនរយនាក់ផ្សេងទៀត បានរងនូវការចោទប្រកាន់ពីបទល្មើសជាច្រើន ដែលមានលក្ខណៈនយោបាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិស្ត្រី