អត្ថបទខ្លីៗ

អាជ្ញាធររុញច្រាន និងរំលោភបំពាន​គ្រួសារ​សមាជិក​អតីត​គណបក្ស​ជំទាស់​ដែល​ជាប់ឃុំ​ខ្លួន

ចេញផ្សាយ ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០២១
F T M

អាជ្ញាធរជាច្រើននាក់ បាន​រុញ​ច្រាន​ស្ត្រី​អ្នក​តវ៉ា​មួយ​ចំនួន​ឱ្យ​ដួល ហើយ​រឹប​អូស​យក​បដា​ជា​ច្រើន​សន្លឹក ពី​ក្រុម​ស្ត្រី​តវ៉ា​ទាំង​នោះ ដែល​មាន​សមាជិក​ចំនួន​​ប្រហែល ២០នាក់ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ស្ថានទូត​បារាំង​នា​ព្រឹក​នេះ ។ នគរ​បាល និង​កង​សន្តិសុខ ដែល​មាន​ចំនួន​ច្រើន​លើស​លប់​ធៀប​នឹង​ចំនួន​ស្ត្រី​តវ៉ា បាន​ប្រើប្រាស់​កំលាំង​លើស​លប់ ដើម្បី​បំបែក​អ្នក​តវ៉ា​ទាំង​នោះ ដោយ​មិន​ឱ្យ​ក្រុម​ស្ត្រី​ទាំង​នោះ​កាន់​បដា និង​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ​ទេ ។

ក្រុមអ្នកតវ៉ាជាស្ត្រីទាំង​នោះ ដែលតែង​ហៅ​ក្រុម​ខ្លួន​ឯង​ថា​ជា “ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ” បាន​ប្រមូល​ផ្តុំ​គ្នា​អស់​ជា​ច្រើន​ខែ​មក​ហើយ​នៅ​មុខ​ស្ថាន​ទូត​នានា និង​ស្ថាប័ន​រដ្ឋ​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ឱ្យ​មាន​ការ​ដោះលែង​សមាជិក​គ្រួសារ​របស់​អ្នក​ទាំង​នោះ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ។ សមាជិក​គ្រួសារ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​នោះ គឺជា​អតីត​សមាជិក ឬ​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។ ក្រុម​ស្ត្រី​តវ៉ា​ទាំង​នោះ តែង​តែ​ត្រូវ​បាន​កង​សន្តិសុខ​រុញ​ច្រាន និង​រំលោភ​បំពាន នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​អហិង្សា ។


មើល​វីដេអូ​នេះ
អាជ្ញាធររុញច្រាន និងរំលោភបំពាន​គ្រួសារ​សមាជិក​អតីត​គណបក្ស​ជំទាស់​ដែល​ជាប់ឃុំ​ខ្លួន

នៅថ្ងៃនេះ ស្ត្រីតវ៉ាចំនួនបីនាក់ ដែល​រួម​មាន​អ្នក​ស្រី ព្រំ ចន្ថា បាន​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​បារាំង ដើម្បី​ដាក់​ញត្តិ​របស់​អ្នក​ទាំង​នោះ ។ អ្នកស្រី ព្រំ ចន្ថា គឺ​ជា​ម្តាយ​របស់​កុមារា​អាយុ ១៦ឆ្នាំ ដែល​មាន​ជំងឺ​អូទីស្សឹម និង​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន ។ កូន​ប្រុស​របស់​អ្នក​ស្រី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីខែ​​មិថុនា ឆ្នាំ​២០២១ និង​ចោទ​ពី​បទ​ញុះញង់ និង​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ រីឯ​ស្វាមី​របស់​អ្នកស្រី លោក កាក់ កុម្ភា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​តាំងពី​ខែ​មិថុនា ឆ្នាំ​២០២០ ពីបទចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ។ សមាជិក​ស្ត្រី​តវ៉ា​ពីរ​នាក់​ទៀត​មាន៖ ១) អ្នក​ស្រី សេង ចាន់ថន ជា​ភរិយា​របស់​លោក​ស៊ុន ធន់ ដែល​ជា​អតីត​សកម្មជន​គណបក្ស​ជំទាស់ ជាគ្រូ​បង្រៀន​វិទ្យាល័យ និង​ជា​មេ​ដឹកនាំ​សហជីព ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ ២) អ្នក​ស្រី អ៊ុត ចន្ធី ជា​ភរិយា​របស់​លោក យឹម សា​រ៉េត ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​នៅ​រាជ​ធានី​ភ្នំពេញ​មក​ពី​គណបក្ស​ជំទាស់ និង​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មីនា ឆ្នាំ២០២០ ។

អតីតសកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៥០ នាក់ កំពុង​ជាប់​ក្នុង​ពន្ធនាគារ ហើយ​ជាច្រើន​រយ​នាក់​ផ្សេង​ទៀត បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ជា​ច្រើន ដែល​មាន​លក្ខណៈ​នយោបាយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា