អត្ថបទខ្លីៗ

យុវជនបរិស្ថានមាតាធម្មជាតិ​បីរូប​កំពុង​ជាប់​ពន្ធ​នាគារ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ព្យួរ​ទោស​សាក​ល្បង

ចេញផ្សាយ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ២០២១
F T M
យុវជនបរិស្ថាន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា មក​ដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នាព្រឹកនេះ បាន​សម្រេច​ព្យួរ​ទោស​លើ​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ បីរូប និង​ដាក់​អ្នក​ទាំង​បី​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​រយៈពេល​បីឆ្នាំ ។ ការ​សម្រេច​សេចក្តី​នេះ មាន​ន័យថា អ្នក​ទាំង​បី​ត្រូវ​ធ្វើ​ការ​រាយការណ៍​ទៅ​អាជ្ញាធរ​លើ​សកម្មភាព​ជាច្រើន​របស់​ខ្លួន ដើម្បី​អាច​រួច​ផុត​ពីការ​ចាប់​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ពន្ធនាគារ ទទួល​ទោស​ដែល​នៅ​សល់ ។

សកម្មជន​ជាយុវជនបរិស្ថាន​ទាំង​បី​រូប ដែល​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ពន្ធនាគារ​កាលពី​ខែ​ឧសភា ឆ្នាំ២០២១ ទៅ​លើ​បទ ញុះ​ញង់​ឱ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ដោយ​យោង​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​គម្រោង​យុទ្ធនាការ​ដើរ​តែ​ម្នាក់​ឯង​របស់​កញ្ញា ឡុង គន្ធា ទៅ​កាន់​គេហដ្ឋាន​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តាមោក នៅ​ភាគ​ខាង​ជើង​រាជធានី ។

រដ្ឋា ត្រូវបានសាលា​ដំបូងផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២០ ខែ ប៉ុន្តែ​សាលា​ឧទ្ធរណ៍​នា​ព្រឹក​នេះ បាន​សម្រេច​បន្ថយ​ទោស ដោយ​ព្យួរទោស​ចំនួន ៦ ខែ​ដែល​នៅ​សល់ ។ គន្ធា និង​រស្មី ត្រូវ​បាន​សាលា​ឧទ្ធរណ៍​រក្សា​ទោស​ពន្ធនាគារ​ចំនួន ១៨ ខែ​ដដែល ប៉ុន្តែ​ព្យួរទោស​ចំនួន ៤ ខែ​ដែល​នៅ​សល់ ។ អ្នកទាំងបី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ ។ សកម្មជន​បរិស្ថាន​ពីរ​រូប​ទៀត គឺ​កញ្ញា ជា គន្ធីន និង​លោក អាឡិច​សាន់​ដ្រូ ហ្គោដ​សា​ឡេស ដេវីដ​សុន ក៏ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​កំបាំង​មុខ​ទៅ​លើ​ករណី​នេះ​នៅ​សាលា​ដំបូង​ផង​ដែរ ។

យុវជនបរិស្ថានទាំងបីរូប នៅ​ជាប់​ចោទ​មួយ​ករណី​ទៀត​ពីបទ ក្បត់ជាតិ ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ។ ករណីនេះ ជាប់​ពាក់ព័ន្ធ​នឹង​យុវជន​បរិស្ថាន​មាតា​ធម្មជាតិ​បីរូប​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំខ្លួន​បណ្តោះ​អាសន្ន​ដែរ គឺ​កញ្ញា ស៊ុន រដ្ឋា លោក យឹម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត ។ សកម្មជន​បរិស្ថាន​មួយ​រូប​ទៀត គឺ​លោក អាឡិច​សាន់ដ្រូ ហ្គោដ​សា​ឡេស ដេវីដសុន ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ​ទៅ​លើ​ករណី​ទាំងពីរ​នេះ​ផង​ដែរ ។

រដ្ឋា គន្ធា និងរស្មី មាន​អាយុ​ត្រឹម​ចន្លោះ​ពី១៩ ដល់ ២៨ ឆ្នាំ ប៉ុណ្ណោះ នៅ​ពេល​ចាប់ខ្លួន ។ ក្រៅ​ពី​ការ​ព្យួរទោស ៦ ខែ និង​៤ ខែ អ្នក​ទាំង​បី ក៏​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​ចំនួន ៣ឆ្នាំ ផង​ដែរ ដោយ​យោង​តាម​មាត្រា ១១៩ និង ១២០ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​តម្រូវ​ឱ្យ​អ្នក​ទាំង​បី​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន ដែល​រួម​មាន​ត្រូវ​រាយការណ៍​ទៅ​ព្រះ​រាជ​អាជ្ញា​នៅ​ពេល​ផ្លាស់​ប្តូរ​ទី​លំនៅ ប្តូរ​មុខ​របរ ឬមាន​គោល​បំណង​ចាក​ចេញ​ពី​ប្រទេស និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត ។ អ្នក​ទាំង​បី ក៏​ត្រូវ​បាន​ហាម​ឃាត់ ដោយ​មិន​ទាក់ទង​នឹង​បុគ្គល​ដែល​ធ្លាប់​ត្រូវ​បាន​​ផ្តន្ទាទោស​ពី​បទល្មើស​ដូចគ្នា​នេះ​ផង​ដែរ ។ ប្រសិន​បើ​អ្នក​ទាំង​បី ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ល្មើស​ញុះញង់​នេះ​ម្តង​ទៀត ក្នុង​រយៈពេល​បីឆ្នាំ​នៃ​ការ​ព្យួរទោស​សាក​ល្បង អ្នក​ទាំង​នោះ​នឹង​ត្រូវ​ទទួល​ទោស​​ពន្ធនាគារ​ពេញ បន្ថែម​លើ​ទោស​នៃ​បទ​ល្មើស​ញុះញង់​ថ្មី ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា